jump to navigation

សុំទោស​សំរាប់​បេះ​ដូង​ និង​ អរគុណ​សំរាប់​មិត្ត 10/04/2011

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន.
Tags: ,
18 comments

ពេល​នេះ​ម៉ោង​១១​រំលង​អាធ្រាត​ទៅ​ហើយ​ ក្នុង​បន្ទប់​ខ្ញុំ​លឺ​តែ​សំឡេង​នាឡិកាដែល​កំពុង​តែ​ដើរ…​ ខ្ញុំ​មាន​អារម្មណ៏​ថា ​ពិភព​លោក​ពិត​ជាតូច​​ណាស់​សំរាប់​ខ្ញុំ តូច​ត្រឹម​តែ​អំពូល​ក្រហម​នៅ​លើ​ក្បាល​តំណេក ។​​ ខ្ញុំ​បាន​គិត​ដល់​​រឿង​មិន​សប្បាយ​ចិត្ត​ជា​ច្រើនរយះ​ពេល​​ប៉ុន្មាន​ថ្ងៃ​នេះ វា​​បាន​កើត​ឡើងទៅ​ហើយ​​បើ​ទោះ​ជា​ខ្ញុំ​ខំ​បញ្ជៀស​កុំ​ឲ្យ​មាន​ក៏​ដោយ​ ទី​បំផុត​ទើប​ខ្ញុំ​យល់​ថាមាន​​កិច្ចការ​ខ្លះ​មិនអាច​មាន​តែ​ខ្ញុំ​ម្នាក់​ឯង​ទើប​សំរេច​បាន​នោះ​ទេ​។ ខ្ញុំ​​មើល​ទៅ​ក្រៅ​បង្អួច​យ៉ាង​ស្ងៀម​ស្ងាត់​ ក្នុង​ដៃ​មាន​សៀវ​ភៅ​រឿង​មួយ​ក្បាល ដែល​មាន​ចំណង​ជើង​ថា រដូវ​រងារ ខ្ញុំ​បាន​អាន​បាន​ប៉ុន្មាន​ទំព័រ​ទៅ​ហើយ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៏​មិន​នៅ​នឹង​ខ្លួន​សោះទើប​សំរេច​ថាផ្អាក​ការ​អាន​ ។

ខ្ញុំ​បាន​ត្រលប់​មក​អាន​សារ​ជា​ច្រើន​ដង​ក្នុង​ហ្វេស​បុក​ដែល​មិត្ត​ភ័ក្ត​ខ្ញុំ​បានផ្ងើរ​មក ខ្ញុំ​ពិត​ជា​នឹក​ដល់​ពួក​គាត់ ។ ពួក​គាត់​បាន​បង្ហាញ​ការ​ភ្ងាក់​ផ្អើល​ពេល​បាន​អាន​អត្ថបទ​នៅ​ក្នុង​ប្លុក​របស់​ខ្ញុំ ពួកគាត់​​​​នឹក​មិនដល់​ថា​ខ្ញុំ​មាន​រឿង​រ៉ាវ​ជា​ ច្រើន​បែប​នេះ​​ ពួក​គេ​នៅ​និយាយ​ថា​វា​កំសត់​។ មិត្ត​ភ័ក្ត​ដែល​ធ្លាប់​រួមការងារ​របស់​ខ្ញុំ​ម្នាក់​ បាន​សរសេរ​មក​ខ្ញុំ​ថា គាត់​តែង​តែ​ឃើញ​ខ្ញុំ​សប្បាយ​ចិត្ត​ គាត់​គិត​ថា​ខ្ញុំ​ជា​មនុស្ស​មាន​សំណាងម្នាក់​ ព្រោះ​ខ្ញុំ​មាន​គ្រប់​យ៉ាង ការងារ​ល្អ​ មាន​ផ្ទះ​និង​ឡាន​ផ្ទាល់​ខ្លួន… ​។ ខ្ញុំ​ចូល​ចិត្ត​ញញឹម​ច្រើន​​អញ្ជឹង​ការ​ដែលបាន​គិត​និង​ឃើញ​​សំរាប់​ការ​ស្គាល់​ខ្ញុំ​រយះ​ពេលជាង​​២​ឆ្នាំ​នោះ គឺ​ជា​ការ​កុហក​មួយ​ អ្វីៗ​គ្រាន់​តែ​ជា​ឆាក​ល្ខោន​បំភាន់​ភ្នែក លើក​នេះ​ខ្ញុំត្រូវ​តែ​និយាយ​​អគុណ​គាត់​ អគុណ​ដែល​តាំង​ពី​ដើម​មក​គាត់​តែង​តែ​គិត​ថា​ខ្ញុំ​ជាមនុស្ស​ល្អម្នាក់ ។ ខ្ញុំ​ដឹង​ថា​គាត់​កំពុង​តែ​មាន​សេចក្តី​សុខ​និង​គ្រួសារមួយ​យ៉ាង​ពិត​ប្រាកដ​ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​លឺ​និង​ចង់​ឃើញ ។

ខ្ញុំ​គួរ​តែ​សប្បាយ​ចិត្ត​ព្រោះ​យ៉ាង​ហោច​ណាស់​ខ្ញុំ​នៅ​មាន​មនុស្ស​ជា​ច្រើន​ព្រួយ​បារម្ភ និង​យក​ចិត្ត​ទុក​ ​មិនគួណា​​មិន​សប្បាយ​ចិត្ត​ដោយ​សា​រមនុស្សតែ​ម្នាក់ រឺ​ពី​នាក់​នោះ​​ទេ។ រាល់​ពាក្យ​សំដី​​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទ្រាំ​ស្តាប់​លែង​បាន វា​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​… ខ្ញុំ​ពិត​ជា​អស់​តំលៃ​ហើយ​សូម្បី​តែ​បន្តិច​មែន​ទេ?​ ពិភព​លោក​នៅ​តែ​​ចង្អៀត​​ ដែល​ឲ្យ​ខ្ញុំ​​ជួប​គាត់​ ​មិនគួរ​ណា​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ដល់​ម្លឹង ប្រាប់​ខ្ញុំ​បាន​ទេ​ថាទាំងនោះ​​វា​ជា​ល្បែង​សំរាប់​អ្នក​លេង ?​​ ខ្ញុំ​តស៊ូ​លំបាក​តែ​ម្នាក់​ឯង​ច្រើន​ហើយ​ខ្ញុំ​មិន​ខ្លាច​ការ​ឈឺ​ចាប់​សំរាប់​លើក​នេះ​ទៀត​ទេ ខ្ញុំ​មាន​អារម្មណ៏​ថា​ខុស​ ខុស​នឹង​ខ្លួន​ឯង ខុស​ដែល​​ត្រូវ​រើស​ការ​ឈឺ​ចាប់​ដាក់​ក្នុង​បេះ​ដូង​មួយ​នេះ​ ។

ខ្ញុំ​មិនគប្បី​នឹង​បេះ​ដូង​​ដែល​បាន​កើត​មក​ជា​មួយ​ខ្ញុំអស់​រយះ​​២៩​ឆ្នាំ​កន្លង​ទៅ​​​ ម្តង​ហើយ​ម្តង​ទៀត​ ខ្ញុំ​បាន​ធ្វើ​ឲ្យ​វា​រង​ទុក្ខ​ជា​ច្រើន​ឆ្នាំ​ព្រោះ​តែ​ខ្ញុំ​ទន់​ជ្រាយ​ពេក ឆាប់​ទុក​ចិត្ត​មនុស្ស​ពេក​ និង​ខ្ញុំ​គិត​ចូល​ចិត្ត​គិត​អ្វីៗ​ក្នុង​ផ្លូវ​ល្អ​ ហើយ​នៅ​ពេល​វា​ប្រែ​ប្រួល​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​យក​មិនបាន ។ ចាប់​ពី​ពេល​នេះ​ត​ទៅ​ខ្ញុំ​នឹង​សង​គ្រប់​យ៉ាង​ឲ្យ​ទៅ​បេះ​ដូង​ជា​ទី​ស្រលាញ់​របស់​ខ្ញុំវិញ​ ខ្ញុំ​នឹង​សង​ឲ្យ​អស់​សំរាប់​រយះ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ខ្ញុំ​លែង​ធ្វើ​បានប​វា​ទៀត​ហើយ​ មាន​តែ​ខ្ញុំ​តែ​ម្នាក់​ឯង​លើ​លោក​នេះ​ដែល​អាច​ថែ​រក្សាវា​បាន​ល្អ​បំផុត​ ។

ជា​ចុង​ក្រោយ​ខ្ញុំ​នៅ​តែ​និយាយ​ពាក្យ​ថា​អគុណ​សំរាប់​មិត្ត​រាល់​គ្នា​ដែល​បាន​ចំណាយ​ពេល​អាន​រឿង​របស់​ខ្ញុំ អគុណ​សំរាប់​ការ​លើក​ចិត្ត​ អ្នក​គឺ​ជា​ផ្នែក​មួយ​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ងើប​ឡើង​វិញ អ្នក​គឺ​ជា​ផ្នែក​មួយ​ដែល​ឲ្យ​ខ្ញុំ​ដើរ​មួយ​ជំហាន​ទៀត​ ។

“សូម​សំណាង​ល្អ​សំរាប់​គ្រប់​គ្នា​ ទឹក​ចិត្ត​របស់​អ្នក​ខ្ញុំ​នឹង​រក្សា​ទុកជា​រាង​​រហូត”

យប់​ក្រោម​ពន្លឺ​ព្រះ​ច័ន្ទ​ 20/03/2011

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន.
Tags:
16 comments

ខ្ញុំ​បាន​តាំង​ចិត្ត​ថា​សរសេ​រឿង​នេះ​តាំង​ពី​ព្រលឹម​ ប៉ុ​ន្តែ​ខ្ញុំ​មាន​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ ដោយ​ Laptop របស់​ខ្ញុំ​មាន​បញ្ហា​ខ្លះ​ ខ្ញុំ​ក៏​យក​ឲ្យ​ជាង​ជួស​ជុលរហូត​ដល់​ពេល​រសៀល​ទើប​រួចរាល់ ។

កាល​ពី​យប់​មិញ​ខ្ញុំ​បាន​តាំង​ចិត្ត​ថា​នឹង​មើល​ព្រះច័ន្ទ​ វា​ជា​រាត្រី​ដ៏​អស្ចារ្យ​ព្រោះ​មនុស្ស​គ្រប់​គ្នា អាច​មើល​ព្រះច័ន្ទ​ដ៏​ធំ​ដែល​កំរ​​មាន​ពី​មុន​មក​ សំរាប់​ខ្ញុំ​វា​គ្រាន់​តែ​ជា​ព្រះច័ន្ទ​ពេញ​វង់ ធម្មតា​ប៉ុណ្ណោះ។ ខ្ញុំ​បាន​និយាយ​កុហក​ទៅ​មិត្ត​ជិត​សិទ្ធ​របស់​ខ្ញុំ​ម្នាក់​ក្នុង​ ហ្វេស​បុក ថា​ខ្ញុំ​នឹង​ចូល​គេង​ពី​ព្រលប់​ ប៉ុន្តែ​ខ្ញុំ​មិនបាន​ធ្វើ​បែប​នេះ​ទេ​ ខ្ញុំ​បាន​ទៅ​យក​ដប​ស្រា​មួយ​ពេញ​ចំណុះ​​១.៥ លីត្រ​​មក​ ខ្ញុំ​សួរ​ខ្លួន​ឯង​ថា​ តើ​ខ្ញុំនឹង​ផឹក​ស្រា​នេះ​ឲ្យ​អស់​មែន​ទេ​? មែន​! ខ្ញុំ​នឹង​ផឹក​វា​ ផឹក​ឲ្យ​អស់ ។​ ខ្ញុំ​ផឹក​វា​ជាមួយ​នឹង​បទ​ចំរៀង​ដែល​ខ្ញុំ​ស្រលាញ់​បំផុត​ “Tonight I Wanna Cry” ខ្ញុំ​បាន​បើក​វា​ក្នុង​ Laptop​ របស់​ខ្ញុំ​ វា​នៅ​តែ​ពិរោះ​ទោះ​ជា​ស្តាប់​វា​អស់​កាល​​ជាង​៣​ឆ្នាំ​មក​ហើយ​ វា​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​មិត្ត​ខ្ញុំ​ដែល​គាត់​ធ្លាប់​ឆ្លង​កាត់​អាម្មរណ៏​ឯកកោ​រ​ ក្នុង​រាត្រី​មួយ​នៅ​ សឹង្ហបូរី​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​កុហស​គាត់​ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​គាត់​និង​ បារម្មណ៏​ពី​ខ្ញុំ ។

អ្នក​អាច​គិត​ថា​ខ្ញុំ​ជា​មនុស្ស​កំសត់​ និង​ចូល​ចិត្ត​សរសេរ​រឿង​កំសត់​ ប៉ុន្តែ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​ និង​កំពុង​តែ​ជួប​ ប៉ុន្តែ​ក៏​ខ្ញុំ​ចូល​ចិត្ត​ញញឹម​ និង​និយាយ​ច្រើន​ពេល​មាន​មនុស្ស​អ៊ូ​អរ​ ហើយ​គ្នាន​នរណា​ម្នាក់​គិត​ថា​ខ្ញុំ​ជា​មនុស្ស​កំសត់​នោះទេ​ ។

នៅ​​យ៉​ជាន់​ទី​មួយខាង​​ក្រៅ​បន្ទប់​គេង​ គយ​គន​ពន្លឺ​ព្រះ​ច័ន្ទ​ វាពិត​ស្រស់​ស្អាត​ខ្លាំង​ណាស់​សំរាប់​ខ្ញុំ​​ នៅដៃ​ខ្ញុំ​កាន់​​កែវ​ស្រា​វា​ត្រជាក់​ស្រេប វា​ពិបាក​លេប​ណាស់​បើ​ទោះ​វាជា​ប្រភេទ​ស្រា​ទំពាំង​បាយ​ជូរ​ក៏​ដោយ​ វា​ងាយ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ស្រវឹង​ព្រោះ​ខ្ញុំ​មិន​ចេះ​ញុំា​ស្រា​ទេ​ វា​ពិបាក​លេប​ ។ យូរ​ៗ​ម្ត​ង​ខ្ញុំ​បាន​លឺ​សំលេង​សើច​ក្អាក​ក្អាយ វា​ជា​សំណើច​នៃ​វង់​ស៊ីផឹក​​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់​ខ្ញុំ​ ពួក​គេ​បាន​ធ្វើ​បែប​នេះ​ស្ទើរ​ជារាង​រាល់​ថ្ងៃ​ រហូត​ដល់​ខ្ញុំ​បាន​ដាក់​ឈ្មោះ​ថា​ជា​ ” ភូមិ​ រវល់ ” ។

ខ្ញុំ​ញុំា​ស្រា​បណ្តើរ​ នឹក​រឿង​រ៉ាវ​ជា​ច្រើន​ក្នុង​ជីវិត​ ខ្ញុំ​ពិត​ជា​ឈឺ​ចាប់​ និង​ឯកោរ​បំផុត​នា​យប់​នេះ​ ។ ខ្ញុំ​នឹក​ដល់​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​គិត​ថា​ជា​មនុស្ស​ល្អ​បំផុត​សំរាប់​ខ្ញុំ​ ដែល​បាន​ឲ្យ​តំលៃ​ដល់​មនុស្ស​ស្រី​ម្នាក់​នេះ​ស្មើ​នឹង​គ្រាប់​ពេជ្រ​មួយ​គ្រាប់​ ក្នុង​ខណះ​ពេល​ដែល​មនុស្ស​ម្នាក់​ផ្សេង ទៀត​ទុក​ខ្ញុំ​ត្រឹម​ថ្ម​កល់​ជើង​ក្រាន​ ។ ខ្ញុំ​មិន​អាច​ដើរ​ចេញ​ពី​ផ្លូវ​មួយ​នេះ​បាន​ទេ​ពេល​នេះ​ ទោះ​វា​ជា​ផ្លូវ​ពោពេញ​ដោយ​បន្លា​ ខ្ញុំ​មិន​អាច​ដាក់​អំរែក​ដ៏​ធ្ងន់​មួយ​នេះ​ពី​ស្មា​បាន​គឺ​ឪពុក​ចាស់​ និង​ ទារក​ដ៏​តូច និង​មនុស្ស​ជា​ច្រើន​ទៀត​ ពួក​គេ​ស្រលាញ់​ខ្ញុំ​ និង​ត្រូវ​ការ​ខ្ញុំ​សំរាប់ថែរក្សារ​​គ្រួសារ​មួយ​នេះ​ ខ្ញុំ​នឹង​ទ្រាំ​ធ្វើ​ជា​ថ្ម​កល់​ជើង​ក្រាន​នេះ​យូរ​ប៉ុណ្ណា​ទៀត​ ខ្ញុំ​ក៏​មិនដឹង​ដែរ ។ ខ្ញុំ​គួរ​ឲ្យ​ស្អប់​ និង​គួរ​ឲ្យ​ជេ​ណាស់ មែន​ទេ? អូន​​ចង់​ស្តាប់​លឺ​ការ​ជេ​រ​ របស់​បង​ ជេ​ឲ្យ​សម​នឹង​មនុស្ស​ស្រី​ឆ្កួត​ និង​ ល្ងង់​បែប​នេះ…. ឆ្កួត​ដែល​ត្រូវ​ទ្រាំ​ទ្រ​ការ​ឈឺ​ចាប់​ដ៏​ស្ងប់​ស្ងាត់រាប់​ឆ្នាំ​ ។

ខ្ញុំ​មិន​អាច​បន្ត​ឲ្យ​គាត់​​ចាំ​បាន​ព្រោះ​មិន​ចង់​ឃើញមនុស្ស​ល្អ​ម្នាក់​​ឈឺ​ចាប់ នឹង​ទ្រាំ​ឃើញ​ខ្ញុំ​​រស់​នៅ​ក្នុង​សភាព​តាន​តឹងរាល់​ថ្ងៃ​​​ មិន​គួរ​ណា​គាត់​​​មក​ស្រលាញ់​មនុស្ស​មិន​គួរ ស្រលាញ់ ​គាត់​​គួរ​ចាប់​ផ្តើម​និង​មនុស្ស​ម្នាក់​ដែល​​គួរ​តែ​ស្រលាញ់​ ។ លើក​នេះ​ខ្ញុំ​នៅ​តែពាក្យ​សុំទោស​ សុំទោស​ចំពោះ​បង​ និង​ប្អូន​ស្រី​ម្នាក់ វត្តមាន​របស់​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពី​ឈឺ​ចាប់ ខ្ញុំ​នឹង​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​ពាក្យ​សុំទោស​នេះ ។

ព្រះ​ច័ន្ទ​ពិត​ជា​ស្អាត​ ជា​មួយ​ទឹក​ភ្នែក​រាប់​រយ​ដំណក់​កំពុង​ស្រក់​ ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា​​ ខ្ញុំ​នឹង​យំ យំ​ឲ្យ​អស់​ចិត្ត​ យ៉​ឲ្យ​ឆ្អែត… យំ​ជា​មួយ​ដប​ស្រា​មួយ​ដប​នេះ ហើយ​ខ្ញុំ​នឹង​មិន​ផឹក​វា​នៅ​ថ្ងៃ​ស្អែក​ រឺ​ពេល​ណា​មួយ​ដូច​ពេល​នេះ​ម្តង​ទៀត​នោះ​ទេ ។ ​​ខ្ញុំ​ឈឺ​ចាប់​បំផុត​ ឈឺ​ជាង​កាល​ពី​៧​ឆ្នាំមុន ហើយ​ខ្ញុំ​​កំពុង​តែ​ឯកោរ​ជាមួយ​ផ្ទះ​ដ៏​ធំ ឯកោ​រ​​ជាមួយ​អ្វី​ដែល​គ្រប់​យ៉ាង​ដែល​មនុស្ស​រាល់​គ្នា​គិត​ថា​អស្ចារ្យ… ។

“អូន​នៅ​តែ​ជឿ​ថា​ពេល​វេលា​នឹង​ធ្វើ​ឲ្យ​បង​បំភ្លេច​មនុស្ស​ម្នាក់​នេះ​ នាង​គ្រាន់​តែ​ជា​មនុស្ស​លីលា​ម្នាក់​តែ​ប៉ុណ្ណោះ” សំរាប់​ខ្ញុំ​គាត់​នៅ​តែ​ជា​មនុស្ស​ចុង​ក្រោយ​បំផុត… អគុណ​សំរាប់​គ្រប់​យ៉ាង​ដែល​គាត់​បាន​ផ្តល់​ឲ្យ​ខ្ញុំ​ទោះ​ជា​ការ​ជួបម្តង​ទៀត​នេះ​មាន​​​រយះ​ពេល​ខ្លី​ក៏​ដោយ ។

លើក​នេះ​ខ្ញុំ​ដួល​ហើយ​ ខ្ញុំ​នឹង​ខំ​ក្រោក​ឈរ​ដោយ​ខ្លួនឯង  ខ្ញុំ​នឹង​ក្លាយ​ជា​មនុស្ស​រឹង​មុំា​​ម្នាក់​បើ​ខ្ញុំ​អាច​ឆ្លង​កាត់​រឿង​រ៉ាវ​នេះ​ តើ​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ខ្ញុំ​ក៏​មិន​អាច​ដឹង​ដែរ​ ។ ខ្ញុំ​ធ្លាប់​ដួល​កាល​ពី​៦​ឆ្នាំ​មុន តែ​ពេល​នោះ​ខ្ញុំ​មាន​មិត្ត​ភ័ក្ត​ មាន​ក្រុម​គ្រួសារ​នៅ​ចាំ​ជួយ​លើក​​ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​មិន​មាន​នរណា​សូម្បី​តែ​ម្នាក់ ។ ខ្ញុំមិនដឹង​ថា​ ខ្ញុំ​ផឹក​ស្រា​នេះ​អស់​ប៉ន្មាន​កែវ​មក​ទេ​ តែ​វា​អស់​ទៅ​ហើយ​… ទឹក​ភ្នែក​ខ្ញុំ​នៅ​តែ​ហូរ ហូរ​មិន​ដឹង​យូរ​ប៉ុណ្ណា​ទៀត​ បើ​ទោះ​ជា​ជូត​វា​ប៉ុន្មាន​ដង​មក​ហើយ​​… ខ្ញុំ​នៅ​តែ​មាន​អាម្មរណ៏​ថា​រងារ​ខ្លាំង​ណាស់​… បន្ទាប់​មក​ខ្ញុំ​ក៏​គេង​លក់​…ពេល​ដែល​ខ្ញុំ​ដឹង​ខ្លួន​ គឺ​ម៉ោង​ជាង​២​រំលង​អា​ធ្រាត​ទៅ​ហើយទឹក​ភ្នែក​​​ខ្ញុំ នៅ​ដក់​លើ​តុ​នៅ​ឡើយ វា​ជា​អនុស្សាវរីយ៏​ក្រោម​ពន្លឺ​ព្រះ​ច័ន្ទ​​ដ៏​អស្ចារ្យ​ ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​។

បាន​ការ​ពារ: រឿង​ផ្ទាល់ខ្លួន៖ សូកូឡាចាំ​បង​ 26/02/2011

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន.
Tags: , ,
បញ្ចូល ពាក្យសំងាត់ របស់អ្នក ដើម្បីមើល រាល់វិចារ។

មាតិកា​នេះ​ត្រូវ​បាន​ការពារ​ដោយ​ពាក្យ​សម្ងាត់។ ដើម្បី​មើល​វា សូម​បញ្ចូល​ពាក្យ​សម្ងាត់​នៅ​ខាង​ក្រោម៖

បាន​ការ​ពារ: ភូមិ​រវល់ 16/02/2011

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន.
Tags: , ,
បញ្ចូល ពាក្យសំងាត់ របស់អ្នក ដើម្បីមើល រាល់វិចារ។

មាតិកា​នេះ​ត្រូវ​បាន​ការពារ​ដោយ​ពាក្យ​សម្ងាត់។ ដើម្បី​មើល​វា សូម​បញ្ចូល​ពាក្យ​សម្ងាត់​នៅ​ខាង​ក្រោម៖

%d bloggers like this: