jump to navigation

បាន​ការ​ពារ: រឿង​ផ្ទាល់ខ្លួន៖ សូកូឡាចាំ​បង​ 26/02/2011

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន.
Tags: , ,
បញ្ចូល ពាក្យសំងាត់ របស់អ្នក ដើម្បីមើល រាល់វិចារ។

មាតិកា​នេះ​ត្រូវ​បាន​ការពារ​ដោយ​ពាក្យ​សម្ងាត់។ ដើម្បី​មើល​វា សូម​បញ្ចូល​ពាក្យ​សម្ងាត់​នៅ​ខាង​ក្រោម៖

បងប្រុស​ និង​ បងស្រីធំ​ 15/02/2011

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន.
Tags: , , ,
add a comment

ក្នុង​គ្រួសារ​ខ្ញុំ​មាន​បង​ប្អូន​៤​នាក់​ បង​ស្រី​ធំ​ឈ្មោះ​ថា​ ជឿង​ ច័ន្ទ​ម៉ុណ្ណា​ បងប្រុស​ទី២​ឈ្មោះ ជឿង ច័ន្ទ​ប្រសិទ្ធ បង​ស្រី​ទី​៣ ឈ្មោះជឿង​ សុខ​សោ​ភណ្ឌ័ ចុង​ក្រោយ​គេ​គឺ​ខ្ញុំ​​​។ ប៉ុន្តែ​គួ​ឲ្យ​សោក​ស្តាយ​បង​ប្រុស​ទី២​របស់​ខ្ញុំ​បាន​ស្លាប់​​កាលពី​ ជំនាន់​ប៉ុល​ពត​ ដោយ​សារ​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ​ ហេតុ​ដូច​នេះ​ហើយ​ខ្ញុំតែង​ចង​គំនុំ​នឹង ​ស្វែង​យល់ពី​របប​មួយ​នេះ​ វា​បន្សល់ការ​ឈឺ​ចាប់​និង​ការ​សោក​ស្តាយ​ដែល​មិន​អាច​បំភ្លេច បាន​សំរាប់​គ្រួសារ​របស់ ខ្ញុំ។

ខ្ញុំ​នឹក​បង​ប្រុស​ណាស់​ទោះ​បី​ជា​ខ្ញុំ​មិន​ដែល​ស្គាល់​គាត់​ មិន​ដែល​បាន​លេង​ជាមួយ​គ្នាក៏ ដោយ​​ ទោះ​បី​ជា​យ៉ាង​ណា​គាត់​នៅ​តែ​ជា​បង​ប្រុស​របស់​ខ្ញុំ​ជា​រៀង​រហូត​ ខ្ញុំ​បាន​​ថែ​រក្សា​រូប​ថត​គាត់​ កាល​ពី​នៅ​តូច​បាន​យ៉ាង​ល្អ​ វា​ជា​អ្វី​ដែល​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ធ្វើ​ចំពោះ​គាត់​ ។​ទោះ​បី​ជា​គាត់​មិន​មាន​នៅ​លើ​លោក​នេះ​ក៏ដោយ គាត់​នៅ​តែ​ជា​បង​ប្រុស​តែ​មួយ​របស់​ខ្ញុំ រហូត​​​ ។

បងស្រីធំ​ (ជឿង​ ច័ន្ទ​ម៉ុណ្ណា) ដែល​ខ្ញុំ​តែងហៅ​ថា​ ចែ​ណា​ គាត់​មាន​អាយុ​ជាង​ ៤០ ​ឆ្នាំ​ហើយ​ ប៉ុន្តែ​គាត់​មើល​ទៅ​នៅ​ក្មេង​ បង​ស្រី​មិន​ខ្ពស់​ដូច​ខ្ញុំ​ទេ​ គាត់​មាន​សម្បុរ​​ស​ គាត់​ចូល​ចិត្ត​និយាយ​ ភាពរួស​រាយ​រាក់​ទាក់​នេះ មាន​ពេល​ខ្លះ​មិត្ត​របស់​ខ្ញុំ​ក៏​បាន​ក្លាយ​ជា​មិត្ត​របស់​គាត់​ដែរ​ រាល់​ការ​និយាយ​របស់​គាត់​សុទ្ធ​តែ​មាន​ហេតុ​ផល​ ។​ បងស្រី​មាន​ប្រវត្តិ​តស៊ូ​លំបាក​ជា​ច្រើន​កាល​ជំនាន់​ប៉ុល​ពត ជា​ទូទៅគាត់​និយាយ​ថា​ពួក​ខ្ញុំ​ជា​ក្មេង​មាន​សំណាង ។ កាលនៅពី​ក្រមុំ​បងស្រី​មាន​សំរស់​ស្អាត​ជាង​គេ​ក្នុង​ភូមិ មាន​ប្រុសៗ ជាច្រើនតាម​ស្រលាញ់​គាត់​ ពួកគេ​ទាំង​នោះ​តែងតែ​មក​ជួយ​ការងារ​ផ្សេងៗ​នៅ​ផ្ទះ កាប់អុស​ ដងទឹក​​​ កាប់ឆ្កា….  ផ្ទះរបស់​ខ្ញុំ​ជា​រឿយៗ​មិន​សូវ​ស្ងាត់​ទេ​ព្រោះ​គាត់​មាន​មិត្ត​ភក្តិច្រើន​មក​លេង​។

ឥឡូវ​គាត់​ជា​គ្រូ​បង្រៀន​ម្នាក់​នៅ​សាលា​រៀន​ទួល​ស្វាយ​ព្រៃ​ គាត់​មាន​ជំនាញ​ខាង ប្រវត្តិវិទ្យា​ ប៉ុន្តែ​អ្នក​ដឹង​ទេ​វា​ជា​រឿង​ដែល​គួ​ឲ្យ​ចង់​សើច​ ព្រោះ​គេ​បែ​ជា​ចាត់​តាំង​ឲ្យ​គាត់​បង្រៀន​ ភូមិ​វិទ្យា​ ទៅ​វិញ​ ។​ គាត់​ចូល​ចិត្ត​ជួយ​ និង​មាន​ចិត្ត​អាណិត​អាសូរ​ច្រើន​ ទោះ​បី​ជា​គាត់​ជា​មនុស្ស​កាក់​ល្អិត​ក៏​ដោយ​ គាត់​តែង​តែ​បបួល​គេ​ឯង​ឲ្យ​បរិច្ចាក​ ខ្ញុំ​ចាំបាន​ថា​គាត់​បាន​យក​សំលៀក​បំពាក់​​ និ​ង​របស់​របរ​ផ្សេង… របស់​ខ្ញុំ​និង​បង​ភ័ណ្ឌ​ទៅ​ចែក​ឲ្យ​កូន​សិស្ស​ក្រីក្រ​នៅ​ខេត្ត​កំពង់​ឆ្នាំង​ ពេល​ដែល​គាត់​ចេញ​បង្រៀន​ដំបូង ពេលនេះ​គាត់​មាន​កូន​ស្រីពីនាក់​ដែល​គួ​រ​ឲ្យ​ស្រលាញ់​ ពួកគេ​ទាំង​ពី​រៀន​ពូកែណាស់​​ ។

គាត់​ជា​មនុស្ស​មាន​សំណាង​ក្រៅ​ពី​កូន​ដ៏​ឆ្លាត​ហើយ​ គាត់មាន​ស្វាមី​ដ៏​ល្អ​ម្នាក់​ បង​ប្រុស​ជា​មនុស្ស​ស្លូត​បូត​មិន​ចេះ​ដើរ​ចោល​ប្រពន្ធ​កូន​ មិន​ញុំា​ស្រា​​ មិនមាន​ស្រី​ញី​ខាង​ក្រៅ​ផ្តេស​ផ្តាស​ឲ្យ​គាត់​ពិបាក​ចិត្ត​ទេ​ គាត់​ស្រលាញ់​ប្រពន្ធ​និង​ កូន​គាត់​បំផុត ។

ចំពោះ​ខ្ញុំ​គាត់​ជា​បង​ស្រី​ដ៏​ល្អ​និង​ មាន​ការ​យក​ចិត្តទុក​ដាក់​ ពេល​ខ្ញុំ​មាន​ការ​លំ​បាក ។ គាត់​ធ្លាប់​សិត​សក់​និង​ ងូត​ទឹក​ឲ្យ​ខ្ញុំ​កាល​នៅ​តូច​ៗ​ ពេល​នៅ​ពី​តូ​ច​ថ្ងៃ​ណា​ក៏​ខ្ញុំយំ​តាម​គាត់​ដែរ​មិនថា​​​គាត់​ទៅ​រៀន​ គាត់​ដើរ​លេង​…..​ គាត់​ដូច​ជា​ម្តាយ​ម្នាក់​​​ ។ បងស្រី​ជា​មនុស្ស​ដំបូង​ដែល​ដាក់​ឈ្មោះ​ឲ្យ​ខ្ញុំ​ថា​ “អា​ពៅ” ​គាត់​តែង​តែ​ហៅ​ឈ្មោះ​នេះ​រហូត​ ខ្ញុំ​ស្រលាញ់​ឈ្មោះ​នេះ​ណាស់ ខ្ញុំ​ចង់​ឲ្យ​គាត់​ហៅ​ខ្ញុំ​រហូត​ ទោះ​បី​ជា​ខ្ញុំ​ចាស់​កាន់​ឈើ​ច្រត់​ក៏​ដោយ​ ។ ខ្ញុំ​និង​បង​ភ័ណ្ឌ​ចូល​ចិត្ត​និយាយ​ញ៉ោះគាត់​ វា​ធ្វើ​ឲ្យពួកខ្ញុំ​សប្យាយ​ចិត្ត​ ក៏ជា​ពេល​ដ៏​មាន​សេចក្តី​សុខ​ពេល​ដែល​ពួក​យើង​ជុំ​គ្នា ទោះ​បី​ដូច​ជា​ចេច​ចាច​បន្តិច​ក៏​ដោយ ។

ចាំបាន​គាត់​ចូល​ចិត្ត​រក​ចៃខ្លាំង​ណាស់កាល​ខ្ញុំ​នៅ​តូចៗ​ គាត់​ពូកែ​រក​ចៃ​បំផុត​ ក្នុង​ខណះ​ពេល​ដែល​ខ្ញុំ​ធុញទ្រាន់​ បើ​ចង់​រក​ចៃ​ឲ្យ​ខ្ញុំ​ត្រូវ​ដោះ​ដូរ​ជា​នំ​ចំ​ណី វា​ជា​ពេល​ដែល​ខ្ញុំ​ទំពារ​ចំណីពេញមាត់​ នៅ​ពេល ដែល​គាត់​កំពុងរកចៃ​ឲ្យ ស្តាប់​ទៅ​ដូច​ជា​រឿង​កំប្លែង​ចឹង​​ ។ ចំណែកពេល​ដែល​គាត់​ខឹង​ខ្ញុំ​គាត់​ចូល​ចិត្ត​ខោក​ក្បាល​ខ្ញុំ​បំផុត​ ហើយទំលាប់​នេះ​បាន ចំលង​ទៅ​បងទី២របស់ខ្ញុំ (បង​ភ័ណ្ឌ) ហើយអ្នកដែលជាជន​រងគ្រោះ​ គឺ​ជា​​អាពៅ​ម្នាក់​នេះ​ ។

ខ្ញុំ​ស្រលាញ់បងស្រី​​ ខ្ញុំ​ចង់​ដូច​ពី​តូច​ចឹង​ឲ្យ​គាត់​សិត​សក់​ និង​ចង​សក់​ឲ្យ​ម្តង​ទៀត​ ហើយ​ខ្ញុំ​នឹង​សុំ​ឲ្យ​គាត់​ធ្វើ​បែប​នេះ​នៅ​ថ្ងៃ​ណា​មួយ​ ខ្ញុំ​ពិតជាចង់​ឲ្យ​ពេល​មួយក្នុង​អតីតកាល​វិល មក​វិញ​ម្តង​ទៀត​ ជា​មួយ ស្នាម​ញញឹម​ជា​ថ្មី​ ។

បងស្រី​ខ្ញុំ​ស្រលាញ់បង​ សូម​ឲ្យ​បង​មាន​សេចក្តីសុខ​និង​ជីវិត​នេះ ខ្ញុំចង់​ឲ្យ​បង​ញញឹម​ជា​រៀង​រហូត​ ។

អ្នកគ្រូ ភួង អ្នកគ្រូក្នុងមួយជិវិតខ្ញុំ 12/02/2011

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន.
Tags: , , ,
2 comments

វា​ជា ​ពេល​ដែល​ខ្ញុំ​ទំនេរ​ឈប់​សំរាក​ពី​ការងារ​ការិយាល័យ ការងារ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ប្រកួត​ប្រជែង​រហូត​ដល់​​មិន​អាច​ស្វែង​រក ​មិត្ត​ដែល​ជួយ​គ្នា​ទៅ​វិញ​ទៅមក បាន។ អស់​រយះ​ពេល​ពេញ​មួយ​ឆ្នាំ​ដែល​ខ្ញុំ បញ្ឈប់​លែង​នឹក​នា​ការងារ​ទាំង​នោះ ហើយ​ត្រលប់​មក​ធ្វើ​ជា​ស្រ្តី​ដ៏​សមញ្ញ​ម្នាក់​ជាមួយ​ការងារ​ផ្ទះ ជា​រយះ​ពេល​ដែល​ខ្ញុំ​តែង​តែ​រំលឹក រឿង​អតីតកាល ជា​ពិសេស​រឿង​តាំង​ពី​ខ្ញុំ​នៅ​តូច​ៗ អ្នក​ដឹង​ទេ​វា​ពិត ជា​មាន​សេចក្តី​សុខ​ខ្លាំង​ណាស់។

ខ្ញុំ ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ចូល​សាលារៀន​ថ្នាក់​មតេយ្យ​តាំង​ពី​អាយុ ៣ ឆ្នាំ​ជាមួយ​បង​ស្រី (បងភ័ណ្ឌ) កាល​នោះ​ខ្ញុំ​និយាយ​មិន​ទាំង​បាន​ច្បាស់​ស្រួល​បួល​ផង។ ក្រោយ​មក​ឆ្នាំ​បន្ទាប់​បង​ស្រី​ក៏​គ្រប់​អាយុ ៦ ឆ្នាំ​ហើយ​បាន​ផ្លាស់​ចូល​រៀន​បឋម​សិក្សា​ទៅ ហើយ​ខ្ញុំ​ត្រូវ​រៀន​តែ​ម្នាក់​ឯង។ កាល​ពី​ដំបូង​ពេល​ដែល​ខ្ញុំ​ចូល​រៀន​ថ្ងៃ​ណា​ក៏​យំ យំ​ព្រោះ​បាត់​ម៉ាក់ បាត់​ប៉ា ខ្ញុំ​ខ្លាច​ និង មិន​សុំា​ទៅ​នឹង​បរិយាកាស​ថ្មី ខ្ញុំ​មិ​ន​​ដឹង​​ច្បាស់​ទេ​ថា ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ទំរាំ​បាត់​យំ។

ក្រោយ ​ពេល​ដែល​បង​ភ័ណ្ឌ​ផ្លាស់​ចេញ​ទៅ ក្រុម​គ្រួសារ​របស់​ខ្ញុំ​មាន​ការ​បារម្ម​ម្តង​ទៀត ប៉ុន្តែ​ខ្ញុំ​មាន​ភាព​ក្លាហាន​ជាង​មុន​ច្រើន។ អ្នក​គ្រូ​របស់​ខ្ញុំ​ឈ្មោះ​ថា​អ្នកគ្រូ ភួង នៅ​ភូមិ​របស់​យើង​​នរណា​ក៏​ស្គាល់​គាត់​ដែរ គាត់​មាន​រាង​ខ្ពស់​ស្រលះ មាន​សក់​វែង​ខ្មៅ​ក្រិប ដែល​ជានិច្ច​​ជាកាល​​គាត់​​ចូលចិត្ត​ចង​វា​ទៅ​ក្រោយ ក្រៅ​ពី​សំបុរ​ស្រអែម​បែប​ជា​ស្រ្តី​ខ្មែរ អ្វី​ដែល​ខ្ញុំ​ចាំ​ច្បាស់​បំផុត​គឺ​គាត់​មាន​រោម​ភ្នែក​វែង​ៗ និង រោម​ចញ្ចើម​ដូច​គេ​គូ គាត់​នៅ​មាន​ធ្មេញ​ស​ស្អាត និង ញញឹម​ស្រស់។

នៅ​ ក្នុង​ថ្នាក់​រៀន​ខ្ញុំ​តូច​ជាង​គេ ដូច្នេះ​ហើយ​អ្នក​គ្រូ​ក៏​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ជាង​គេ​ដែរ ខ្ញុំ​មាន​ទំលាប់​ល្អ ដែល​អ្នក​គ្រូ​ចូលចិត្ត​គឺ​ខ្ញុំ​មិន​ដែល​ទំលាប់​ស្រែក​រំខាន​នរណា​ ហើយ​ខ្ញុំ​យក​ចិត្ត​ទុកដាក់​ពេល​ដែល​គាត់​ពន្យល់។ ជា​ការ​ពិត​មួយ​គឺ​ខ្ញុំ​ដូច​ជា​កំពុង​តែ​លង់​សេ្នហ៏ គាត់​អញ្ចឹង អ្វី​ដែល​គាត់​មាន​ខ្ញុំ​យក​ចិត្ត​តាម​កំណត់​ចំណាំ​ទាំង​អស់។

មាន​ ពេល​មួយ​ដែល​ខ្ញុំ​ចាំ​បាន អ្នក​គ្រូ​បាន​ចែក​ប្រដាប់​លេង​ដល់​ពួក​យើង ជា​ជ័រ​ដែល​ដាក់​តំរៀប​លើគ្នា ដើម្បី​ឲ្យ​ចេញ​ជា​រូប​ផ្សេង​ៗ ខ្ញុំ​មិន​សប្យាយ​ចិត្ត​នោះ​ទេ​ព្រោះ​ពួក​គេ​បាន​ដណ្តើម​របស់​ខ្ញុំ ម្នាក់​នេះ​ថា​ខ្ចី ម្នាក់​ខាង​នោះ​ក៏ខ្ចី មិន​ទាន់​ថា​ឲ្យ​ផង​ពួក​គេ​ឆក់​យក​អស់​ទៅ​ហើយ ដៃ​លឿន​ជាង​មាត់​ទៅ​ទៀត ខ្ចី​ចុះខ្ចី​ឡើង​សល់​តែ​ប៉ុន្មាន​គ្រាប់ លេង​អី​នឹង​កើត​​ អញ្ចឹង​ខ្ញុំ​អង្គុយ​មើល​ពូក​គេ​លេង។ អ្នក​គ្រូ​ឃើញ​ចឹង​ក៏​យក​ពីពួក​គេ​មក​ឲ្យ​ខ្ញុំ​វិញ លើក​នេះ​គាត់​នៅ​បន្ថែម​ឲ្យ​ខ្ញុំ​ច្រើន​ជាង​មុន​ទៅ​ទៀត ខ្ញុំ​អរ​ស្ទើរ​តែ​ហោះ​បុក ដំបូល​ទៅ​ហើយ លើក​នេះ​ប្រាកដ​ជា​លេង​ឲ្យ​សប្បាយ​ម្តង ហើយ​ពួក​គេ​មិន​ហ៊ាន​ដណ្តើម​ខ្ញុំ​ទៀត​ទេ។

ពេល​ ចេញ​ទៅ​ផ្ទះ​ពូក​គេ​លួង​ខ្ញុំ​ចេញ​ទៅ​ក្រៅ ហើយ​វ៉ៃ​ខ្ញុំ ខ្ញុំ​ឈឺ​ណាស់ គេ​ទាញ​អាវ​របស់​ខ្ញុំ​ឡើង​ដាច់​ឡេវ​អស់ មាន​ស្នាម​ឈាម​ដាច់​ដោយ​សារ​ក្រចក​ជា​ច្រើន​នៅ​លើ​ស្បែក របស់​ខ្ញុំ ថ្ពាល់​របស់​ខ្ញុំ​ឡើង​ក្រហម​អស់។ អត់​មាន​នរណា​ជួយ​ខ្ញុំ​ទេ​មាន​តែ​អ្នក​ឈរ​មើល វា​យឺត​ពេល​ទៅ ហើយ​ទំរាំ​មីង​របស់​ខ្ញុំ​មក​ដល់ ប៉ុន្តែ​ក្រោយ​ពី​រឿង​នេះ​កើត​ឡើង អ្នក​ដែល​មាន​ការ​សោក​ស្តាយ​ជាង​គេ​គឺ​អ្នក​គ្រូ​ភួង​របស់​ខ្ញុំ គាត់​ហាក់​ដូច​ជា​មាន​ការ​ឈឺ​ចិត្ត ចំលែក ជា​រឿយ​ៗ​គាត់​តែង​តែ​អោប​ខ្ញុំ បិច​ថ្ពាល់​ខ្ញុំ ហើយ​និយាយ ពាក្យ​លួងលោម​ជា​ច្រើន​ គាត់​កាន់​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​ច្រើន​ជាង​មុន​។

ខ្ញុំ ​ស្រលាញ់​អ្នក​គ្រូ​ណាស់ ខ្ញុំ​តែង​តែ​បេះ​ផ្កា​ពី​ផ្ទះ​ឲ្យ​គាត់​រាល់​ថ្ងៃ គាត់​សិត​សក់​ខ្ញុំ ចង​សក់​ឲ្យ​ខ្ញុំ ចំពោះ​ខ្ញុំ​​គាត់​ជា​មនុស្ស​ជា​ទី​ស្រលាញ់ ខ្ញុំ​ស្រលាញ់​គាត់​ដូច​សង្សារ​ម្នាក់ ជា​សេចក្តី​ស្រលាញ់​ដែល​មាន​ជា​លើក​ដំបូង។ អ្នក​គ្រូ​តែង​តែ​ជូត​ទឹកភ្នែក​ពេល​ខ្ញុំ​យំ គាត់​តែង​បោស​សំលៀក​បំពាក់​ឲ្យ​ខ្ញុំ​ពេល​ប្រលាក់​ដី គាត់​ឲ្យ​នំ​ចំណី​ពេល​ខ្ញុំ​ឃ្លាន គាត់​លួង​លោម​ខ្ញុំ​ពេល​ខ្ញុំ​មិន​សប្បាយ​ចិត្ត អ្នក​គ្រូ​ធ្វើ​បែប​នេះ​ចំពោះ​ខ្ញុំ​រយះ​ ពេល​បី​ឆ្នាំ គាត់​មិន​ដែល​បង្ហាញ​ពី​ភាព​ធុញទ្រាន់​នោះ​ទេ គាត់​ល្អ ល្អ​រហូត​ធ្វើ​ឲ្យ​ក្មេង​ម្នាក់​នេះ​មិន​អាច​បំភ្លេច​បាន ខ្ញុំ​ដឹង​ថា​គាត់​ស្រលាញ់​ខ្ញុំ​ជាង​សិស្ស​ណា​ទាំងអស់។

ពេល​ វេលា​ចេះ​តែ​កន្លង​ផុត​ទៅ គ្នាន​អ្នកគ្រូ​ណា​ជំនួស​គាត់​បាន​ទេ គាត់​ជា​មនុស្ស​គំរូ​ម្នាក់​ក្នុង​មួយ​ជិវិត​ខ្ញុំ ​បើ​ទោះ​ជា​ខ្ញុំ​បាន​ផ្លាស់​ចូល​បឋមសិក្សា​ក៏​ដោយ ខ្ញុំ​តែង​តែ​ទៅ​លេង​ផ្ទះ​គាត់​ជា​រឿយ​ៗ។ ខ្ញុំ​សំពះ​លា​​អ្នកគ្រូ​ទាំង​សោក​ស្តាយ​បំផុត​ពេល​ដែល គ្រួសារ​ខ្ញុំ​បាន​ផ្លាស់​មក​ភ្នំពេញ។ ពេល​ដែល​ចាកចេញ​មក ខ្ញុំ​អើត​មើល​អ្នកគ្រូ​តាម​បង្អួច​ឡាន​ខាង​ក្រោយ ខ្ញុំ​មើល​គាត់​ឈរ​បក់​ដៃ​ដោយ​អាឡោះ​អាឡៃ មើល​រហូត រហូត​ខ្ញុំ​មើល​គាត់ លែង​ឃើញ។

ចាប់​ ពី​ពេល​នោះ​មក​ដល់​អីឡូវ​ខ្ញុំ​មិន​ដែល​បាន​ជួប​គាត់​សូម្បី​តែ​ម្តង ខ្ញុំ​នឹក​គាត់​ណាស់ ខ្ញុំ​មាន​ការ​សោក​ស្តាយ​ពេល​លឺ​ថា​ម្តាយ​របស់​គាត់​បាន​ចែក​ឋាន​ទៅ កាល​នោះ​ខ្ញុំ​បាន​ផ្ញើ លុយ​ចូល​បុណ្យ​គាត់​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​បាន​មក​ព្រោះ​រវល់​ការងារ គាត់​តែង​តែ​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ខ្ញុំ​រហូត គាត់​សួរ​ម្តាយ​ខ្ញុំថា ចិន្តា​ធំ​ប៉ុណ្ណា​ហើយ នាង​ស្អាត​ដូច​កាល​នៅ​ពី​តូច​ទេ?

ខ្ញុំ ​បាន​ទៅ​លេង​ឯ​ស្រុក​កំណើត ប៉ុន្តែ​គាត់​បាន​ផ្លាស់​ចេញ​មក​នៅ​ភ្នំពេញ ជា​មួយ​ស្វាមី​របស់​គាត់ ហើយ​រឿង​ដែល​ខ្ញុំ​ឈឺ​ចាប់​បំផុត​នោះ​គឺ​អ្នក​ស្រុក​ភូមិ​បាន​ប្រាប់​ខ្ញុំ​ ថា​គាត់​ពិបាក​ណាស់​ព្រោះ​ប្តី​ធ្វើ​បាប ដោយសារ​ខ្មាស់​គេ​ពេក​គាត់​ក៏​សំរេច​ចិត្ត​ចាក​ចេញ​ទៅ។ ខ្ញុំ​សែន​ឈឺ​ចិត្ត ឈឺ​ខ្លាំង​បំផុត ហេតុ​អី​អ្នកគ្រូ​ដ៏​ល្អ​របស់​ខ្ញុំ​ជួប​រឿង​បែប​នេះ ខ្ញុំ​ចង់​ជួប​បុរស​ម្នាក់​នោះ​ទះ​គេ​ឲ្យ​ខ្លាំង ខ្លាំង​បំផុត​តាម​ដែល​អាច​ធ្វើ​បាន បើ​សិន​អ្វី​ដែល ពួក​គេ​ទាំង​នោះ​និយាយ​វា​ជា​ការ​ពិត។

ខ្ញុំ ​ចង់​ជួប​គាត់ ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា​នឹង​រក​គាត់​ឲ្យ​ឃើញ​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ ស្រុកកំណើត​លើក​នេះ ខ្ញុំ​នឹង​ព្យាយាម​រក​ព័តិមាន​ពី​គាត់ ខ្ញុំ​នៅ​តែ​ជឿ​ថា​ខ្ញុំ​អាច​ជួប​គាត់​ម្តង​ទៀត​នៅ​ពេល​ណាមួ​យ ខ្ញុំ​មិន​បញ្ឈប់​និស្ស័យ​រវាង​ខ្ញុំ និង គាត់​ត្រឹម​នេះ​ទេ។ ខ្ញុំ​​​ចង់​អោប​គាត់ អោប​ឲ្យ​ណែន អោប​ដោយ​ក្តី​ស្រលាញ់ និង គោរព អោប​ដូច​កាល​ដែល​គាត់​ធ្លាប់​អោប ខ្ញុំ​កាល​ពី​ជាង​ ២០ ឆ្នាំ​មុន។ អ្នក​គ្រូ​ខ្ញុំ​នឹក​អ្នក​គ្រូ​ណាស់ រហូត​មក​ដល់​ពេល​នេះ​គ្មាន​គ្រូ​ណា​ល្អ​ដូច​អ្នក​ទេ គ្នាន​សូម្បី​តែ​បន្តិច ភាគ​ច្រើន​ពួក​គាត់​ស្រលាញ់​សិស្ស​ដោយ​សារ​លុយ មិន​ដូច​អ្នក​គ្រូ​ស្រលាញ់​ខ្ញុំ​ទេ ទោះ​បី​ខ្ញុំ​គ្រាន់​តែ​ជា​ក្មេង​ដ៏​សមញ្ញ​ម្នាក់​ក៏​ដោយ។

ទោះ​ បី​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ​ក៏​ដោយ ខ្ញុំ​នៅ​ចាំ​ពាក្យ​គាត់​បាន​ច្បាស់​ណាស់ ជា​ពាក្យ​ទូន្មាន​ដែល​ខ្ញុំ​តែង​តែ​អនុវត្តន៏​កន្លង​មក គាត់​ប្រាប់​ខ្ញុំ​ថា​ “ចិន្តា ពេល​កូន​ធំ​ឡើង​កូន​ត្រូវ​ធ្វើ​ជា​មនុស្ស​ល្អ​ម្នា​ក់”។

“ខ្ញុំ​ចង់​ប្រាប់​គាត់​ថា គាត់​ជា​អ្នក​គ្រូ​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ និង ​ជា​អ្នក​គ្រូ​សំរាប់​ខ្ញុំ​រហូត​ក្នុង​មួយ​ជិវិត​នេះ “

អាគី​ឆ្កែ​ខ្ញុំ 11/02/2011

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន.
Tags: , , , ,
add a comment

អាគីឆ្កែខ្ញុំ

តាំង​ពី​កើត​មក​ខ្ញុំ​បាន​ឃើញ​វា​បាត់​ទៅ​ហើយ វា​អាយុ​បង​ខ្ញុំ វា​ជា​កាដូ​របស់​បង​ស្រី​ធំ (បង ម៉ុណ្ណា) របស់​ខ្ញុំ គាត់​​បី​វា​ធ្វើ​ដំណើរ​កាត់​ទូក និង រថយន្ត​ដើម្បី​យក​មក​ផ្ទះ។ រហូត​មក​ដល់​ពេល​នេះ​គ្មាន​ឆ្កែ​ណា​អាច​ជំនួស​​វា​ក្នុង​ចិត្ត​ខ្ញុំ​នោះ​ទេ ខ្ញុំ​នៅ​តែ​នឹក​វា​នឹក​រហូត………។ អាគី​ជា​ឆ្កែ​ឈ្មោល វា​មាន​សំបុរ​ពណ៌​មាស​ភ្លឺ រោម​វា​មិន​វែង​មិន​ខ្លី វា​មាន​កន្ទុយ​ស្អាត​បំផុត វា​ជា​ប្រភេទ​ពូជ​ឆ្កែ​​កូន​កាត់។

អាគី​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​គ្រួសារ​យើង ពួក​យើង​ស្រលាញ់​វា​ណាស់ វា​មិន​សូវ​ដើរ​ឆ្ងាយ​ពី​ផ្ទះ​ទេ ហើយ​ពួក​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​វត្តមាន​វា​ណាស់​ដែរ ព្រោះ​តាម​ខ្ញុំ​ចាំ​បាន​កាលណោះ​មាន​បន្ទាយ​ទាហ៊ាន​យួន​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ប៉ុន្មាន​ ហើយ​ពួក យើង​ជឿ​ថា​ពួក​គេ​ទាំង​នោះ​ចូលចិត្ត​បរិភោគ​​សាច់​ឆ្កែ​ណាស់ ជា​រឿយ​ៗ​ពួក​យើង​តែង​តែ​លឺ​អ្នក​ក្នុង​ ភូមិ​ប្រាប់​ថា​បាត់​ឆ្កែ​។

អាគី​វា​ជា​ឆ្កែ​ឆ្លាត វា​តែង​តែ​នៅ​ក្បែរ​ខ្ញុំ ពេល​លេង​មឹក ពេល​គូ​រូប ពេល​ខ្ញុំ​ដើរ​លេង​……​ជា​ពិសេស​វា​រត់​ប្រណាំង​​ជាមួយ​ខ្ញុំ និង បង​ភ័ណ្ឌ​នៅ​ពេល​ព្រឹក “ ហេតុអី​ខ្ញុំ​រត់​មិន​ដែល​ឈ្នះ​អាគី​ចឹង?” ខ្ញុំ​សួរ​បង​ភ័ណ្ឌ។ គាត់​​ប្រាប់​ខ្ញុំ​យ៉ាង Logic ថា​មក​ពី​វា​មាន​ជើង​បួន មែន​ក៏​អី? ខ្ញុំ​នឹក​ដល់​សត្វ​គោ ហេតុអី​វា​ដើរ​មួយ​ៗ ក្នុង​ខណះ​ពេល​វា​មាន​ជើង​បួន​ដែរ? ខ្ញុំ​ពិត​ជា​ចង់​សួរ​គាត់​ត​ទៅ​ទៀត ប៉ុន្តែ​ជា​ទូទៅ​ក្នុង​ករណី​សួរ​ដេញ​ដោល​ច្រើន​គឺ​ត្រូវ​គាត់​ខោក​ក្បាល ខ្ញុំ​ជា​រឿយ​ៗ វា​ឈឺ​បើ​ទោះ​ជា​ខ្ញុំ​មាន​សក់​ក្រាស់​ជួយ​ទប់ក៏​​ដោយ។

អាគី​ជា​ឆ្កែ​ឧស្សាហ៏ និង រវាស​រវៃ វា​ដេញ​ព្រូស​ចំពោះ​អ្នក​ជិត​ខាង និង​ បង​ប្អូន​ជីដូន​មួយ​ខ្ញុំ​ដែល​មក​លួច​​បេះ​ផ្កា​នៅ​ពេល​ព្រលឹម ប៉ុន្តែ​វា​មិន​ដែល​ខាំ​នរណា​សូម្បី​តែ​ម្នាក់។ វា​ស្រលាញ់​ខ្ញុំ​ណាស់ វា​ជូន​ដំណើរ​ខ្ញុំ​ពេល​ខ្ញុំ​ទៅ​រៀន​ និង ចាំ​ទទួល​ខ្ញុំ​ពេល​មក​ដល់​ផ្ទះ​ វា​លួងលោម​ខ្ញុំ​ពេល​ខ្ញុំ​យំ រឺ មិន​សប្បាយចិត្ត។ ពួក​យើង​មាន​អ្វី​ជាមួយ​គ្នា​ជា​ច្រើន ខ្ញុំ​មិន​សប្បាយ​ចិត្ត​ពេល​លឺ​ពួក​គេ​ប្រាប់​ខ្ញុំ​ថា​ឆ្កែ​​អាច​មើល​ឃើញ​ខ្មោច ខ្ញុំ​យំ​ព្រោះ​អាណិត​វា វា​នឹង​ខ្លាច​ដូច​ដែល​ខ្ញុំ​ខ្លាច​ចឹង។

ប៉ា​ក៏​សួរ​មក​ខ្ញុំ​ថា​ “កូន​ធ្លាប់​ឃើញ​ខ្មោច​ទេ​?” ខ្ញុំ​គ្រវី​ក្បាល​ហើយ​ប្រាប់​គាត់​ថា “ អត់​ទេ ” ចឹង​កូន​មិន​ត្រូវ​ជឿ​នូវ​​អ្វី​ដែល​កូន​មិន​បាន​ឃើញ​ផ្ទាល់​ភ្នែក​នោះ​ទេ វា​គ្រាន់​តែ​ជា​រឿង កុហក​ប៉ុណ្ណោះក្នុង​លោក​អត់​មាន​ខ្មោច​នោះ​ទេ។

មែន​ហើយ! ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ចឹង អាគី​ប្រាកដ​ជា​មិន​ខ្លាច​ដូច​ខ្ញុំ​បាន​គិត​ទេ​ ប៉ា​ខ្ញុំ​សើច។ សំរាប់​ខ្ញុំ​ អាគី វា​មិន​ត្រឹម​តែ​ជា​ឆ្កែ​មួយ​ក្បាល វា​មាន​តំលៃ​ខ្លាំង​ណាស់​សំរាប់​ខ្ញុំ យើង​មាន​អនុស្សាវរីយ៏​ជា​ច្រើន​ជាមួយ​គ្នា។ មាន​ពេល​មួយ​ខ្ញុំ​ទៅ​ជិះ​ទូក​លេង​ជាមួយ​អ្នក​ភូមិ​របស់​ខ្ញុំ ពួក​គេ​ចែវ​មិន​ទាន់​ឆ្ងាយ​បាន​ប៉ុន្មាន​ផង​ខ្ញុំ​ក៏​ស្រែ​កយំ ខ្ញុំ​ពិ​ត​ជា​ខ្លាច ព្រោះ​ខ្ញុំ​ធ្លាប់​លង់​ទឹក ពេល​នោះ​មាន​តែ​អាគី​ទេ​ដែល​ហែល​មក​រក​ខ្ញុំ​វា​​ដឹង​ថា​ខ្ញុំ​ខ្លាច វា​ហែល​យ៉ាង​លឿន​មក​រក​ខ្ញុំ វា​ហក់​មក​លើ​ទូក ខ្ញុំ​បាន​អោប​វា​អោប​យ៉ាង​ណែន។

ថ្ងៃ​មួយ​ពេល​ត្រលប់​មក​ផ្ទះ​វិញ ខ្ញុំ​អត់​ឃើញ​អាគី​ដូច​សព្វ​មួយ​ដង “វា​ទៅ​ណា​បាត់​ហើយ?” ខ្ញុំ​សួរ​ម៉ាក់ សួរ​បង​ស្រី តែ​ពួក​គាត់​អត់​នរណា​ដឹង​សោះ សួរ​អ្នក​ជិត​ខាង​ក៏​មិន​ឃើញ ខ្ញុំ​ដើរ​រក​វា​រហូត​ដល់​យប់ ខ្ញុំ​មិន​ញុំា​បាយ ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ា​មិន​សប្បាយចិត្ត ប៉ា​ប្រាប់​ខ្ញុំ​ថា​វា​ធំ​ហើយ វា​នឹង​ត្រលប់​មក​ផ្ទះ​វិញ ព្រោះ​វា​ស្គាល់​ផ្លូវ​ច្បាស់​ជាង​ខ្ញុំ​ទៅ​ទៀត។

ពួក​យើង​បាន​ដើរ​រក​វា​ជា​ច្រើន​ថ្ងៃ មាន​គេ​ប្រាប់​ថា​គេ​ឃើញ​ទាហាន​យួន​យក​វា​ទៅ ខ្ញុំ​ចាប់​ផ្តើម​ខ្លាច​ម្តង​ទៀត ព្រោះ​មាន​ទាហាន​យួន​ម្នាក់​ធ្លាប់​លេង​សើច​ជាមួយ​ខ្ញុំ គេ​ជា​រឿយ​ៗ​អង្គុយ​នៅ​តូប​នៅ​ដើម​ផ្លូវ រាល់​ពេល​ដែល​គេ​ឃើញ​ខ្ញុំ គេ​ចាប់​បិច​ថ្ពាល់ បិច​ច្រមុះ អង្អែល​សក់​ខ្ញុំ អោប​ខ្ញុំ គេ​ប្រាប់​ថា​ខ្ញុំ​ស្អាត ទោះ​គេ​និយាយ​ប៉ៃឡាំ​ក៏​ដោយ​ខ្ញុំ​អាច​ស្តាប់​បាន គាត់​ធ្វើ​ដាក់​ខ្ញុំ​ជា​រៀងរាល់​ពេល​ដែល​ឃើញ​ខ្ញុំ។ ពេល​នោះ​ខ្ញុំ​មិន​ហ៊ាន​កំរើក​ខ្លួន​ទេ ដក​ដង្ហើម​ក៏​មិន​ចង់​ហ៊ាន​ដកដែរ ខ្ញុំខ្លាច ខ្លាចណាស់ រហូត​មិន​ហ៊ាន​ដើរ​ពេល​ឃើញ​គាត់។

ទី​បំផុត​បង​ប្អូន​របស់​ខ្ញុំ​បាន​ដឹង​ហើយ​បាន​ទៅ​និយាយ​ជាមួយ​គាត់​ ខ្ញុំ​មិន​ដឹង​ថា​ពួក​គាត់ និយាយ​យ៉ាង​ណា​ទេ តែ​ចាប់​ពី​ពេល​នោះ​មក​ខ្ញុំ​មិន​ដែល​ឃើញ​មុខ​គាត់​ទៀត​ឡើយ ខ្ញុំ​នឹក​ឃើញ​ថា​ប្រហែល​ជា​គាត់​ចង់​សង​សឹង​នឹង​ខ្ញុំ​​ហើយ​ចាប់​អាគី​ទៅ​ធ្វើ​ម្ហូប​បាត់​ហើយ ខ្ញុំ យំ យំ​រាល់​យប់​ពេល​នឹក​ឃើញ​អាគី ខ្ញុំ​ដឹ​ង​ថា​វា​ប្រាកដ​ជា​ខ្លាច ដូច​ជា​ខ្ញុំ​ពេល​នោះ​ដែរ។ ខ្ញុំ​​អង្គុយ​ចាំ​វា​នៅ​កាំ​ជណ្តើរ​រាល់​ថ្ងែ ជា​កន្លែង​ដែល​វា​ចូលចិត្ត​ដេក ខ្ញុំ​ប្រាប់​ខ្លួន​អែង​ថា​ វា​នឹង​វិល​មក​វិញ​ ហើយ​ខ្ញុំ​នឹង​ចាំ​វា​ទីនេះ​រហូត……។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ចាំ​បាត់​ ចាំបាត់ ខ្ញុំ​មិន​ដឹង​ថា​ចាំ​យូរ​ប៉ុណ្ណា​ទេ តែ​នៅ​តែ​ចាំ​រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​បាន​​ចាកចេញ​ពី​ស្រុកកំណើត ខ្ញុំ​តែង​តែ​លួច​សំលឹង​មើល​ចាន​បាយ​របស់ អាគី​នៅ​ក្រោម​ផ្ទះ ខ្ញុំ​នឹក​វា​ណាស់ “អាគី​តើ​អែង​ទៅ​ណា​ហើយ អែង​ធ្វើ​អី…?” ទី​បំផុត​ទើប​ខ្ញុំ​ដឹង​ច្បាស់​ថា​វា​មិន​មក​វិញ​ទេ វា​ទៅ​ហើយ ទៅ​ឆ្ងាយ​សែន​ឆ្ងាយ​ពី​ខ្ញុំ​……។

ឥឡូវ​ខ្ញុំ​ចាប់​ផ្តើម​គិត​ត្រលប់​មក​វិញ ខ្ញុំ​មិន​គួរ​បន្ទោស​ទៅ​លើ​ទាហាន​យួន​ម្នាក់​នោះ​ទេ ហេតុផល​​ដែល​ប៉ា​ដែល​​បាន​ប្រាប់​ខ្ញុំ​ជា​ហេតុផល​ល្អ​បំផុត ខ្ញុំ​មិន​បាន​ឃើញ​នឹង​ភ្នែក ខ្ញុំ​មិន​គួរ​ដាក់​កំហុស​ទៅ​លើ​គាត់​ឡើយ​គាត់​ស្រលាញ់​ខ្ញុំ បិច​ថ្ពាល់​ខ្ញុំ បិច​ច្រមុះ​ខ្ញុំ…… ព្រោះ​ប្រហែល​ជា​គាត់​កំពុង​តែ​នឹក​កូន​គាត់​នៅ​ស្រុក​កំណើត ខ្ញុំ​ចង់​ជួប​គាត់​ម្តង​ទៀត ចង់​ឲ្យ​គាត់​ប្រាប់​ពី​អារម្មណ៏៏​គាត់​ឲ្យ​ខ្ញុំ​ដឹង ហើយ​ខ្ញុំ​ពេញចិត្ត​នឹង សុំទោស​គាត់​បើ​សិន​ជា​ការ​គិត​ខ្ញុំ​ជា​ការពិត តែ​គាត់​បាន​បាត់​សូន្យ​ដូច​ជា​ការ​បាត់​របស់​អាគី​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​នៅ​តែ​នឹក​វា ខ្ញុំ​បាន​ចំណាយ​ពេល​ដើរ​មើល​ឆ្កែ​​ដែល​គេ​លក់ ប៉ុន្តែ​គ្មាន​ឆ្កែ​ណា​ដូច​វា​ទេ ហើយ​ខ្ញុំ​ក៏​សំរេចចិត្ត​ថា​ឈប់​ចិញ្ចឹម​ឆ្កែ​រហូត​មួយ​ជីវិត​របស់​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​អាគី​ជា​ឆ្កែ​ដំបូង​ និង ចុងក្រោយ​បង្អស់​របស់​ខ្ញុំ​ជាង​រាង​រហូត។