jump to navigation

អ្នកគ្រូ ភួង អ្នកគ្រូក្នុងមួយជិវិតខ្ញុំ 12/02/2011

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន.
Tags: , , ,
2 comments

វា​ជា ​ពេល​ដែល​ខ្ញុំ​ទំនេរ​ឈប់​សំរាក​ពី​ការងារ​ការិយាល័យ ការងារ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ប្រកួត​ប្រជែង​រហូត​ដល់​​មិន​អាច​ស្វែង​រក ​មិត្ត​ដែល​ជួយ​គ្នា​ទៅ​វិញ​ទៅមក បាន។ អស់​រយះ​ពេល​ពេញ​មួយ​ឆ្នាំ​ដែល​ខ្ញុំ បញ្ឈប់​លែង​នឹក​នា​ការងារ​ទាំង​នោះ ហើយ​ត្រលប់​មក​ធ្វើ​ជា​ស្រ្តី​ដ៏​សមញ្ញ​ម្នាក់​ជាមួយ​ការងារ​ផ្ទះ ជា​រយះ​ពេល​ដែល​ខ្ញុំ​តែង​តែ​រំលឹក រឿង​អតីតកាល ជា​ពិសេស​រឿង​តាំង​ពី​ខ្ញុំ​នៅ​តូច​ៗ អ្នក​ដឹង​ទេ​វា​ពិត ជា​មាន​សេចក្តី​សុខ​ខ្លាំង​ណាស់។

ខ្ញុំ ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ចូល​សាលារៀន​ថ្នាក់​មតេយ្យ​តាំង​ពី​អាយុ ៣ ឆ្នាំ​ជាមួយ​បង​ស្រី (បងភ័ណ្ឌ) កាល​នោះ​ខ្ញុំ​និយាយ​មិន​ទាំង​បាន​ច្បាស់​ស្រួល​បួល​ផង។ ក្រោយ​មក​ឆ្នាំ​បន្ទាប់​បង​ស្រី​ក៏​គ្រប់​អាយុ ៦ ឆ្នាំ​ហើយ​បាន​ផ្លាស់​ចូល​រៀន​បឋម​សិក្សា​ទៅ ហើយ​ខ្ញុំ​ត្រូវ​រៀន​តែ​ម្នាក់​ឯង។ កាល​ពី​ដំបូង​ពេល​ដែល​ខ្ញុំ​ចូល​រៀន​ថ្ងៃ​ណា​ក៏​យំ យំ​ព្រោះ​បាត់​ម៉ាក់ បាត់​ប៉ា ខ្ញុំ​ខ្លាច​ និង មិន​សុំា​ទៅ​នឹង​បរិយាកាស​ថ្មី ខ្ញុំ​មិ​ន​​ដឹង​​ច្បាស់​ទេ​ថា ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ទំរាំ​បាត់​យំ។

ក្រោយ ​ពេល​ដែល​បង​ភ័ណ្ឌ​ផ្លាស់​ចេញ​ទៅ ក្រុម​គ្រួសារ​របស់​ខ្ញុំ​មាន​ការ​បារម្ម​ម្តង​ទៀត ប៉ុន្តែ​ខ្ញុំ​មាន​ភាព​ក្លាហាន​ជាង​មុន​ច្រើន។ អ្នក​គ្រូ​របស់​ខ្ញុំ​ឈ្មោះ​ថា​អ្នកគ្រូ ភួង នៅ​ភូមិ​របស់​យើង​​នរណា​ក៏​ស្គាល់​គាត់​ដែរ គាត់​មាន​រាង​ខ្ពស់​ស្រលះ មាន​សក់​វែង​ខ្មៅ​ក្រិប ដែល​ជានិច្ច​​ជាកាល​​គាត់​​ចូលចិត្ត​ចង​វា​ទៅ​ក្រោយ ក្រៅ​ពី​សំបុរ​ស្រអែម​បែប​ជា​ស្រ្តី​ខ្មែរ អ្វី​ដែល​ខ្ញុំ​ចាំ​ច្បាស់​បំផុត​គឺ​គាត់​មាន​រោម​ភ្នែក​វែង​ៗ និង រោម​ចញ្ចើម​ដូច​គេ​គូ គាត់​នៅ​មាន​ធ្មេញ​ស​ស្អាត និង ញញឹម​ស្រស់។

នៅ​ ក្នុង​ថ្នាក់​រៀន​ខ្ញុំ​តូច​ជាង​គេ ដូច្នេះ​ហើយ​អ្នក​គ្រូ​ក៏​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ជាង​គេ​ដែរ ខ្ញុំ​មាន​ទំលាប់​ល្អ ដែល​អ្នក​គ្រូ​ចូលចិត្ត​គឺ​ខ្ញុំ​មិន​ដែល​ទំលាប់​ស្រែក​រំខាន​នរណា​ ហើយ​ខ្ញុំ​យក​ចិត្ត​ទុកដាក់​ពេល​ដែល​គាត់​ពន្យល់។ ជា​ការ​ពិត​មួយ​គឺ​ខ្ញុំ​ដូច​ជា​កំពុង​តែ​លង់​សេ្នហ៏ គាត់​អញ្ចឹង អ្វី​ដែល​គាត់​មាន​ខ្ញុំ​យក​ចិត្ត​តាម​កំណត់​ចំណាំ​ទាំង​អស់។

មាន​ ពេល​មួយ​ដែល​ខ្ញុំ​ចាំ​បាន អ្នក​គ្រូ​បាន​ចែក​ប្រដាប់​លេង​ដល់​ពួក​យើង ជា​ជ័រ​ដែល​ដាក់​តំរៀប​លើគ្នា ដើម្បី​ឲ្យ​ចេញ​ជា​រូប​ផ្សេង​ៗ ខ្ញុំ​មិន​សប្យាយ​ចិត្ត​នោះ​ទេ​ព្រោះ​ពួក​គេ​បាន​ដណ្តើម​របស់​ខ្ញុំ ម្នាក់​នេះ​ថា​ខ្ចី ម្នាក់​ខាង​នោះ​ក៏ខ្ចី មិន​ទាន់​ថា​ឲ្យ​ផង​ពួក​គេ​ឆក់​យក​អស់​ទៅ​ហើយ ដៃ​លឿន​ជាង​មាត់​ទៅ​ទៀត ខ្ចី​ចុះខ្ចី​ឡើង​សល់​តែ​ប៉ុន្មាន​គ្រាប់ លេង​អី​នឹង​កើត​​ អញ្ចឹង​ខ្ញុំ​អង្គុយ​មើល​ពូក​គេ​លេង។ អ្នក​គ្រូ​ឃើញ​ចឹង​ក៏​យក​ពីពួក​គេ​មក​ឲ្យ​ខ្ញុំ​វិញ លើក​នេះ​គាត់​នៅ​បន្ថែម​ឲ្យ​ខ្ញុំ​ច្រើន​ជាង​មុន​ទៅ​ទៀត ខ្ញុំ​អរ​ស្ទើរ​តែ​ហោះ​បុក ដំបូល​ទៅ​ហើយ លើក​នេះ​ប្រាកដ​ជា​លេង​ឲ្យ​សប្បាយ​ម្តង ហើយ​ពួក​គេ​មិន​ហ៊ាន​ដណ្តើម​ខ្ញុំ​ទៀត​ទេ។

ពេល​ ចេញ​ទៅ​ផ្ទះ​ពូក​គេ​លួង​ខ្ញុំ​ចេញ​ទៅ​ក្រៅ ហើយ​វ៉ៃ​ខ្ញុំ ខ្ញុំ​ឈឺ​ណាស់ គេ​ទាញ​អាវ​របស់​ខ្ញុំ​ឡើង​ដាច់​ឡេវ​អស់ មាន​ស្នាម​ឈាម​ដាច់​ដោយ​សារ​ក្រចក​ជា​ច្រើន​នៅ​លើ​ស្បែក របស់​ខ្ញុំ ថ្ពាល់​របស់​ខ្ញុំ​ឡើង​ក្រហម​អស់។ អត់​មាន​នរណា​ជួយ​ខ្ញុំ​ទេ​មាន​តែ​អ្នក​ឈរ​មើល វា​យឺត​ពេល​ទៅ ហើយ​ទំរាំ​មីង​របស់​ខ្ញុំ​មក​ដល់ ប៉ុន្តែ​ក្រោយ​ពី​រឿង​នេះ​កើត​ឡើង អ្នក​ដែល​មាន​ការ​សោក​ស្តាយ​ជាង​គេ​គឺ​អ្នក​គ្រូ​ភួង​របស់​ខ្ញុំ គាត់​ហាក់​ដូច​ជា​មាន​ការ​ឈឺ​ចិត្ត ចំលែក ជា​រឿយ​ៗ​គាត់​តែង​តែ​អោប​ខ្ញុំ បិច​ថ្ពាល់​ខ្ញុំ ហើយ​និយាយ ពាក្យ​លួងលោម​ជា​ច្រើន​ គាត់​កាន់​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​ច្រើន​ជាង​មុន​។

ខ្ញុំ ​ស្រលាញ់​អ្នក​គ្រូ​ណាស់ ខ្ញុំ​តែង​តែ​បេះ​ផ្កា​ពី​ផ្ទះ​ឲ្យ​គាត់​រាល់​ថ្ងៃ គាត់​សិត​សក់​ខ្ញុំ ចង​សក់​ឲ្យ​ខ្ញុំ ចំពោះ​ខ្ញុំ​​គាត់​ជា​មនុស្ស​ជា​ទី​ស្រលាញ់ ខ្ញុំ​ស្រលាញ់​គាត់​ដូច​សង្សារ​ម្នាក់ ជា​សេចក្តី​ស្រលាញ់​ដែល​មាន​ជា​លើក​ដំបូង។ អ្នក​គ្រូ​តែង​តែ​ជូត​ទឹកភ្នែក​ពេល​ខ្ញុំ​យំ គាត់​តែង​បោស​សំលៀក​បំពាក់​ឲ្យ​ខ្ញុំ​ពេល​ប្រលាក់​ដី គាត់​ឲ្យ​នំ​ចំណី​ពេល​ខ្ញុំ​ឃ្លាន គាត់​លួង​លោម​ខ្ញុំ​ពេល​ខ្ញុំ​មិន​សប្បាយ​ចិត្ត អ្នក​គ្រូ​ធ្វើ​បែប​នេះ​ចំពោះ​ខ្ញុំ​រយះ​ ពេល​បី​ឆ្នាំ គាត់​មិន​ដែល​បង្ហាញ​ពី​ភាព​ធុញទ្រាន់​នោះ​ទេ គាត់​ល្អ ល្អ​រហូត​ធ្វើ​ឲ្យ​ក្មេង​ម្នាក់​នេះ​មិន​អាច​បំភ្លេច​បាន ខ្ញុំ​ដឹង​ថា​គាត់​ស្រលាញ់​ខ្ញុំ​ជាង​សិស្ស​ណា​ទាំងអស់។

ពេល​ វេលា​ចេះ​តែ​កន្លង​ផុត​ទៅ គ្នាន​អ្នកគ្រូ​ណា​ជំនួស​គាត់​បាន​ទេ គាត់​ជា​មនុស្ស​គំរូ​ម្នាក់​ក្នុង​មួយ​ជិវិត​ខ្ញុំ ​បើ​ទោះ​ជា​ខ្ញុំ​បាន​ផ្លាស់​ចូល​បឋមសិក្សា​ក៏​ដោយ ខ្ញុំ​តែង​តែ​ទៅ​លេង​ផ្ទះ​គាត់​ជា​រឿយ​ៗ។ ខ្ញុំ​សំពះ​លា​​អ្នកគ្រូ​ទាំង​សោក​ស្តាយ​បំផុត​ពេល​ដែល គ្រួសារ​ខ្ញុំ​បាន​ផ្លាស់​មក​ភ្នំពេញ។ ពេល​ដែល​ចាកចេញ​មក ខ្ញុំ​អើត​មើល​អ្នកគ្រូ​តាម​បង្អួច​ឡាន​ខាង​ក្រោយ ខ្ញុំ​មើល​គាត់​ឈរ​បក់​ដៃ​ដោយ​អាឡោះ​អាឡៃ មើល​រហូត រហូត​ខ្ញុំ​មើល​គាត់ លែង​ឃើញ។

ចាប់​ ពី​ពេល​នោះ​មក​ដល់​អីឡូវ​ខ្ញុំ​មិន​ដែល​បាន​ជួប​គាត់​សូម្បី​តែ​ម្តង ខ្ញុំ​នឹក​គាត់​ណាស់ ខ្ញុំ​មាន​ការ​សោក​ស្តាយ​ពេល​លឺ​ថា​ម្តាយ​របស់​គាត់​បាន​ចែក​ឋាន​ទៅ កាល​នោះ​ខ្ញុំ​បាន​ផ្ញើ លុយ​ចូល​បុណ្យ​គាត់​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​បាន​មក​ព្រោះ​រវល់​ការងារ គាត់​តែង​តែ​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ខ្ញុំ​រហូត គាត់​សួរ​ម្តាយ​ខ្ញុំថា ចិន្តា​ធំ​ប៉ុណ្ណា​ហើយ នាង​ស្អាត​ដូច​កាល​នៅ​ពី​តូច​ទេ?

ខ្ញុំ ​បាន​ទៅ​លេង​ឯ​ស្រុក​កំណើត ប៉ុន្តែ​គាត់​បាន​ផ្លាស់​ចេញ​មក​នៅ​ភ្នំពេញ ជា​មួយ​ស្វាមី​របស់​គាត់ ហើយ​រឿង​ដែល​ខ្ញុំ​ឈឺ​ចាប់​បំផុត​នោះ​គឺ​អ្នក​ស្រុក​ភូមិ​បាន​ប្រាប់​ខ្ញុំ​ ថា​គាត់​ពិបាក​ណាស់​ព្រោះ​ប្តី​ធ្វើ​បាប ដោយសារ​ខ្មាស់​គេ​ពេក​គាត់​ក៏​សំរេច​ចិត្ត​ចាក​ចេញ​ទៅ។ ខ្ញុំ​សែន​ឈឺ​ចិត្ត ឈឺ​ខ្លាំង​បំផុត ហេតុ​អី​អ្នកគ្រូ​ដ៏​ល្អ​របស់​ខ្ញុំ​ជួប​រឿង​បែប​នេះ ខ្ញុំ​ចង់​ជួប​បុរស​ម្នាក់​នោះ​ទះ​គេ​ឲ្យ​ខ្លាំង ខ្លាំង​បំផុត​តាម​ដែល​អាច​ធ្វើ​បាន បើ​សិន​អ្វី​ដែល ពួក​គេ​ទាំង​នោះ​និយាយ​វា​ជា​ការ​ពិត។

ខ្ញុំ ​ចង់​ជួប​គាត់ ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា​នឹង​រក​គាត់​ឲ្យ​ឃើញ​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ ស្រុកកំណើត​លើក​នេះ ខ្ញុំ​នឹង​ព្យាយាម​រក​ព័តិមាន​ពី​គាត់ ខ្ញុំ​នៅ​តែ​ជឿ​ថា​ខ្ញុំ​អាច​ជួប​គាត់​ម្តង​ទៀត​នៅ​ពេល​ណាមួ​យ ខ្ញុំ​មិន​បញ្ឈប់​និស្ស័យ​រវាង​ខ្ញុំ និង គាត់​ត្រឹម​នេះ​ទេ។ ខ្ញុំ​​​ចង់​អោប​គាត់ អោប​ឲ្យ​ណែន អោប​ដោយ​ក្តី​ស្រលាញ់ និង គោរព អោប​ដូច​កាល​ដែល​គាត់​ធ្លាប់​អោប ខ្ញុំ​កាល​ពី​ជាង​ ២០ ឆ្នាំ​មុន។ អ្នក​គ្រូ​ខ្ញុំ​នឹក​អ្នក​គ្រូ​ណាស់ រហូត​មក​ដល់​ពេល​នេះ​គ្មាន​គ្រូ​ណា​ល្អ​ដូច​អ្នក​ទេ គ្នាន​សូម្បី​តែ​បន្តិច ភាគ​ច្រើន​ពួក​គាត់​ស្រលាញ់​សិស្ស​ដោយ​សារ​លុយ មិន​ដូច​អ្នក​គ្រូ​ស្រលាញ់​ខ្ញុំ​ទេ ទោះ​បី​ខ្ញុំ​គ្រាន់​តែ​ជា​ក្មេង​ដ៏​សមញ្ញ​ម្នាក់​ក៏​ដោយ។

ទោះ​ បី​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ​ក៏​ដោយ ខ្ញុំ​នៅ​ចាំ​ពាក្យ​គាត់​បាន​ច្បាស់​ណាស់ ជា​ពាក្យ​ទូន្មាន​ដែល​ខ្ញុំ​តែង​តែ​អនុវត្តន៏​កន្លង​មក គាត់​ប្រាប់​ខ្ញុំ​ថា​ “ចិន្តា ពេល​កូន​ធំ​ឡើង​កូន​ត្រូវ​ធ្វើ​ជា​មនុស្ស​ល្អ​ម្នា​ក់”។

“ខ្ញុំ​ចង់​ប្រាប់​គាត់​ថា គាត់​ជា​អ្នក​គ្រូ​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ និង ​ជា​អ្នក​គ្រូ​សំរាប់​ខ្ញុំ​រហូត​ក្នុង​មួយ​ជិវិត​នេះ “

%d bloggers like this: