jump to navigation

រំពាត់​ 24/07/2018

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន.
2 comments

កាល​ពី​នៅ​តូច ខ្ញុំ​និង​គ្រួសារ​រស់​នៅ​ភូមិ​តូចមួយ​នា​ខេត្ត​កំពង់​ធំ​។ និយាយ​ដោយ​ស្មោះ​ តាំងពី​តូច​មក​ខ្ញុំ​មិន​មែន​ជា​ក្មេង​ពូកែ​គណិត​វិទ្យា​នោះ​ទេ អ្វី​ដែល​ទាក់​ទង​ទៅ​នឹង​តួលេខ​គឺ​ធ្វើ​ឱ្យខ្ញុំ​ល្ងី​ល្ងើ​អស់​។ ជាកូនពៅក្នុង​ចំណោម​កូន​ស្រី​បី​នាក់ ខ្ញុំ​រៀន​ខ្សោយ​ជាង​គេ​បើ​ប្រៀប​ធៀប​នឹង​បង​ៗ។​ អ្វី​ដែល​ខ្ញុំ​ពូកែ​គឺ​ត្រឹម​តែ​ចូល​ចិត្ត​អាន​សៀវភៅ​​និង​អត្ថបទ​ផ្សេង​ៗ​។ ខ្ញុំ​ចូល​ចិត្ត​អាន​សៀវភៅ​រឿង​និទាន ហើយ​អាននិងសរសេរបាន​យ៉ាង​ល្អ​ក្នុង​ចំណោម​ក្មេង​ដទៃ​ទៀត​។
នៅ​ក្នុង​ចិត្ត​របស់​លោក​ពុក​​ ពូកែ​អាន ពូកែ​សរសេរ​នៅមិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ​។ ស្ទើ​តែ​ជា​រៀង​រាល់​យប់ គាត់​តែង​តែ​ឱ្យ​ខ្ញុំ​យក​លំហាត់​ ប្រមាណ​វិធី​​​មក​ធ្វើ​បន្ថែម​​។ កាល​នោះ​ខ្ញុំ​ត្រូវ​រង​រំពាត់​មិន​លោះ​ថ្ងៃ​ រំពាត់​ដែលលោក​​ពុក​បាន​សក​យ៉ាង​វែង​និង​ស្អាត​។​ នៅ​ចាំ​បាន​ថា​កាល​នោះ​រាល់​ពេល​ដែល​បង្រៀនលោក​​ពុក​តែងតែ​ប្រើ​ខ្ញុំ​ឱ្យ​ទៅ​យក​រំពាត់​ដែល​គាត់​​បាន​ទុក​នៅ​កៀន​ជញ្ជាំង​ក្នុង​បន្ទប់​គេងរបស់គាត់ ។​ រាល់​ពេល​ខ្ញុំ​ទៅ​យក​រំពាត់ គឺ​ខ្ញុំ​ឈឺ​និង​ខ្លាច​បាត់រួច​ទៅ​ហើយ ខ្ញុំបាត់បង់សតិ សួរអ្វីក៏មិនហ៊ានឆ្លើយ​​ វិលវល់លែងដឹងខុស លែងដឹងត្រូវ ដឹងតែម៉្យាងគឺខ្ញុំខ្លាចរងរំពាត់​។​ ដូច្នេះអ្វីដែលលោកពុកបានផ្តាំ គ្រូបានបង្រៀន​ ខ្ញុំភ្លេចទាំងអស់ ។​ វា​ដូច​ជា​ហួសចិត្ត​ដែរ ដែល​ខ្ញុំ​ជា​អ្នក​ថែ​រក្សា​រំពាត់​នោះ​ឱ្យ​បាន​ល្អ ត្រូវ​យក​វា​ឱ្យ​គាត់​វាយ​និង​យក​វា​មក​ទុក​វិញ​​នៅ​ពេល​គាត់​​វាយ​រួច​ហើយ​។ វា​មិន​ខុស​ពី​ការកាត់ទោស ជនល្មើសនៅប្រទេសចិន ក្រុមគ្រួសារ​ជនល្មើសត្រូវ​ចេញ​ថ្លៃ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ដែលបាន​​បាញ់​ត្រូវ​ក្បាល​សាច់​ញាតិរបស់​ខ្លួន​ដែល​​មាន​ទោស​ប្រហារ​ជីវិតនោះទេ​​។

មាន​យប់​មួយ​ ខ្ញុំ​ចាំ​បាន​កាល​នោះ​ខ្ញុំ​មាន​អាយុ​ប្រហែល​ប្រាំពីរ ប្រាំ​បី​ឆ្នាំ​។ ខ្ញុំ​គិត​លេខ​មិន​ចេះ​ ហើយ​ដោយ​ងងុយពេក​​ ខ្ញុំ​ក៏​ងោក​ចុះ​…។ លោក​ពុក​របស់​ខ្ញុំ​គាត់​ឃើញ​បែបនោះ​ គាត់​ក៏​បាន​ទាញ​កន្ទាស់​បង្អួច​ដែល​ខ្ទាស់​បង្អួចក្បែរ​ដៃ​ មក​រុញ​ថ្ងាស​របស់​ខ្ញុំ​ឱ្យ​ងើយ​ឡើយ​។​ បន្ទាប់​មក​ទៀត…​ ខ្ញុំ​បាន​ដឹង​ថា​មាន​វត្ថុរាវម្យ៉ាង​ស្រក់​ហូរ​ចេញ​តាម​ប្រលោះ​ចិញ្ចើម​ធ្លាក់​មក​លើ​ច្រមុះ​និង​មាត់​របស់​ខ្ញុំ។ នោះ​ជា​ឈាម​របស់​ខ្ញុំ… ត្រូវហើយ!! ក្នុង​ខណៈ​ពេល​ដែល​លោក​ពុក​យក​កន្ទាស់​បង្អួច​មក​ឈូស​ថ្ងាស​របស់​ខ្ញុំ​ងើយ​ឡើង គាត់​ភ្លេច​គិត​ថា​នៅ​ចុង​កន្ទាស់​បង្អួច​តែ​ងតែ​ដំ​ដែក​គោល​មួយ​ ទុក​សម្រាប់ទ្រ​បង្អួច​​…​។
អាធ្រាតយប់​នោះ​ ដោយខ្ញុំឈឺមុខរបួស ខ្ញុំបានភ្ញាក់ ក្រោមពន្លឺភ្លើងចង្រ្កៀនផ្លុងៗ ខ្ញុំបានឃើញ​ស្រមោល​លោកពុក​កំពុងអង្គុយនៅមាត់ទ្វាជក់បារី គាត់អង្គុយយូរណាស់ រហូតខ្ញុំគេងលក់…។

ល្ងាច​មួយ​ ខ្ញុំ​បាន​ទៅ​លេង​ផ្ទះ​មេ​ភូមិ​ដែល​ជាប់​ផ្ទះ​របស់​ខ្ញុំ ខ្ញុំ​ស្តាប់​ល្ខោន​និយាយ​ជក់​ពេក​រហូត​ភ្លេច​មក​ងូត​ទឹក​។ ខ្ញុំ​ក៏​មិន​ដឹង​ថា​ហេតុអ្វី​បាន​ជាលោក​​ពុក​មិន​ឱ្យ​ពួក​ខ្ញុំ​ស្តាប់​ល្ខោន​បាសាក់ ល្ខោន​និយាយ​នោះ​ឡើយ ព្រោះសូម្បី​តែ​បងស្រី​ធំ​របស់​ខ្ញុំ​ក៏​គាត់​មិន​ដែល​ហ៊ាន​ស្តាប់​ដែរ គាត់លួចស្តាប់នៅពេលដែលលោកពុកមិននៅតែប៉ុណ្ណោះ ។ ថ្ងៃ​នោះ​ខ្ញុំ​ត្រូវ​រំពាត់​ កន្ទួល​ពេញ​ខ្លួន​មុន​ពេល​ញុំា​បាយ​ល្ងាច​។​ រហូតមកដល់ពេលនេះ ខ្ញុំមិនដឹងពីមូលហេតុដែល​លោកពុក​មិនឱ្យ​យើងស្តាប់ល្ខោននិយាយនិងល្ខោនបាសាក់នោះទេ ប៉ុន្តែពេលនេះពួកយើងអាចមើល ស្តាប់អ្វីៗតាមដែលយើងចង់។

il_fullxfull.586807569_ingv

ខ្ញុំ​ត្រូវ​រំពាត់​ជា​រៀង​រាល់​ថ្ងៃ​ គ្រូ​វាយ​​ផង​ លោក​ពុក​វាយ​ផង​ ថ្ងៃខ្លះដៃខ្ញុំត្រូវហើមប៉ោងរហូតកាន់អ្វីមិនបាន ។ ខ្ញុំ​ពិត​ជា​ចង់​រក​នរណា​ម្នាក់​ដែល​អាច​ជួយ​ខ្ញុំ​បាន​ ប៉ុន្តែ​មិនមានទាល់តែសោះ សូម្បី​តែ​ម៉ែ​និង​យាយ​។ ព្រោះ​ពួក​គាត់ម្នាក់​ៗ​​ជឿ​ថា លោក​ពុក​ធ្វើ​បែប​នេះ​ព្រោះ​ចង់​ឱ្យ​ខ្ញុំ​ចេះ ហើយ​ប្រហែល​មាន​តែ​វិធី​ប្រើ​   ហិង្សា​បែប​នេះ​ទើប​ខ្ញុំ​អាច​ចេះ​បាន​។​ លោក​ពុក​ជា​មន្ត្រី​មាន​មុខ​មាត់​នៅ​ក្នុង​ខេត្ត​ គាត់​​ធ្លាប់​ជា​សាស្ត្រាចារ្យ គាត់​ត្រូវ​បាន​មនុស្ស​ទាំង​អស់​គោរព​កោត​ខ្លាច​ដោយ​​ភាព​ម៉ឺង​ម៉ាត់​​​និង​ភាព​ស្មោះ​ត្រង់​របស់​គាត់​។​ ខ្ញុំ​ក្លាយ​ជា​ក្មេង​បាក់​ស្មារតី ខ្ញុំ​ខ្លាច​សូម្បី​តែ​និយាយ​ជាមួយលោក​​ពុក ខ្លាច​មិន​ហ៊ាន​សូម្បី​មើល​មុខ​គាត់​ រាល់​ពេល​ខ្ញុំ​និយាយ​ជា​មួយ​គាត់​ គឺ​ខ្ញុំ​ត្រូវ​ឱន​មុខ​ចុះ​។ ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជា​មួយ​លោក​ពុកទាល់​តែ​សោះ​​ ព្រោះដោយ​សារ​តែ​រំពាត់​និង​ការ​វាយ​របស់​គាត់​បាន​សង់​ជា​ជញ្ជាំង​មួយ​យ៉ាងធំ​​រវាងលោក​​ពុក​និង​ខ្ញុំ​…។ ដោយ​សារ​តែ​បែប​នេះ​ ទើប​ខ្ញុំ​គិត​ថា​ ខ្ញុំ​បាន​ចាប់​កំណើត​ខុស​កន្លែង ហើយ​ប្រហែល​ជា​ខ្ញុំ​មិន​មែន​ជា​កូន​លោក​ពុក​ក៏​ថា​បាន​ ព្រោះ​ខ្ញុំ​មិន​ដែល​បាន​ទទួល​អារម្មណ៍​ឬ​ភាព​កក់​ក្តៅ​ណា​មួយ​ពី​គាត់​នោះ​ទេ​។​ ទៅ​សាលា​គ្រូ​វាយ មក​ផ្ទះលោក​​ពុក​វាយ។ ខ្ញុំ​ក្លាយ​ជា​ក្មេង​ខ្លាច​សាលា ខ្លាច​ផ្ទះ​ ហើយ​​កន្លែង​ដែលផ្តល់​ភាព​កក់​ក្តៅ​ឱ្យ​ខ្ញុំ​គឺ​ដើម​ឈើទៅវិញ​ ខ្ញុំ​ចំណាយ​ពេល​ច្រើន​លើ​ដើម​ឈើ​ សូម្បី​តែ​អាន​សៀវភៅ​​។

ព្រឹកមួយ ខ្ញុំ​​បាន​ចុះ​ពី​លើ​ម៉ូតូ​ដែលលោក​​ពុក​ជូន​ទៅ​រៀន ដោយខ្ញុំ​អង្គុយ​នៅ​ខាង​មុខគាត់​​ ពេល​ចុះ​មិន​ប្រយ័ត្ន​បាន​ធ្វើ​ឱ្យ​កំភួន​​ជើង​របស់​ខ្ញុំ​បាន​ប៉ះ​បំពង់​សីុមាំុង​ដែល​កំពុង​តែពេញ​កម្តៅ​។ ខ្ញុំឈឺ ឈឺខ្លាំង ឈឺ​ស្ទើតែដើរមិនរួច ខ្ញុំ​ទ្រាំ​រហូត​ចេញពីរៀន​ ហើយ​សាច់​ជើង​របស់​ខ្ញុំ​បាន​ឆ្អិន​និង​ចាប់​ផ្តើម​រលួយ​របក​ចេញខ្លាញ់ហូរ​មក​ខាង​ក្រៅ​​​ ​ពេលខ្ញុំមក​ដល់​ផ្ទះ​វិញ ។ ម៉ែ​សួរ​ខ្ញុំ​ថា​ ហេតុអ្វី​ខ្ញុំ​មិន​និយាយ​ប្រាប់លោក​​ពុក​ភ្លាម​ៗ? ចម្លើយ​គឺ​មក​ពី​ខ្ញុំ​«ខ្លាច​»។ ខ្ញុំ​ពិតជាគួរ​ឱ្យ​អាណិត​ ខ្ញុំខ្លាច​សូម្បី​តែ​រឿង​មិនគួរ​ខ្លាច​ ខ្ញុំ​ក្លាយ​ជា​ក្មេង​ខ្លាច​ដោយ​គ្មាន​ហេតុផល​… ខ្ញុំ​ខ្លាចលោក​​ពុក​​រហូត​មិន​ចង់​និយាយ​អ្វី​ទាំង​អស់​ជា​មួយ​គាត់​។

លោក​ពុក​នៅ​តែ​បន្ត​វាយ​ខ្ញុំ​រហូតដល់​​ខ្ញុំ​អាយុ​ជាង​ដប់​ឆ្នាំ នៅ​ពេលដែលពួកយើងបានមករស់នៅភ្នំពេញ។​ ថ្ងៃ​ចុង​ក្រោយ​ដែល​គាត់​​វាយ​ខ្ញុំ​គឺ​ខ្ញុំ​មិនបាន​ទៅ​រៀន​គួរ​ចិន​ប៉ុន្មាន​ថ្ងៃ​ ហើយ​គាត់​​វាយ​ខ្ញុំ​ខ្លាំង​បំផុត​រហូត​ខ្នង​របស់​ខ្ញុំ​ជាំ​កក​ឈាម​ទាំង​ផ្ទាំង​ ហើយ​ខ្ញុំ​ត្រូវ​តែ​គេង​ផ្កាប់​មុខ​ជា​ច្រើន​យប់​ទម្រាំ​របួស​ខ្ញុំ​ជា​។​ រាល់ពេលដែលពុកវាយខ្ញុំ គាត់ហាម​មិន​ឱ្យ​ខ្ញុំយំចេញសម្លេង បើខ្ញុំហ៊ានស្រែក គាត់នឹងវាយខ្ញុំកាន់តែខ្លាំង ។​ អ្វីដែលខ្ញុំត្រូវធ្វើគឺត្រូវអង្គុយ​ដោយឥរិយាបទ​សមសួន​ មិនរើ មិនទាញ មិនអូស… និយាយ​រួម​គឺ​ខ្ញុំ​គ្មាន​សិទ្ធិ​សូម្បី​បង្ហាញ​ការ​ឈឺ​ចាប់​ ខ្ញុំ​ត្រូវ​សម្តែង​ថា​ខ្ញុំ​រីករាយ​នឹង​ទទួល​​ទណ្ឌ​កម្ម​បែប​នេះ​។ លោកពុកសួរ​ខ្ញុំ​ថា​ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​ទៅ​រៀន? ខ្ញុំ​ថា៖ ខ្ញុំ​ចាំ​ទៅ​ជា​មួយ​មិត្ត​ភក្តិ ជិះ​កង់​ទៅ​ជា​មួយ​គ្នា​ ហើយ​គេ​មិន​បាន​ទៅ​ ខ្ញុំ​ក៏​មិន​ទៅ​ដែរ​…។ លោក​ពុក​ថា​គាត់​នឹង​ទៅ​ទិញ​កង់​ឱ្យ​ខ្ញុំ​ទៅ​រៀនបន្ទាប់​ពី​វាយ​ខ្ញុំ​ហើយ ប៉ុន្តែ​​គាត់​​មិនបាន​ទិញ​ឱ្យ​ខ្ញុំ​ទេ ។ ខ្ញុំក៏មិនសួរនាំ មិននិយាយអ្វីទាំងអស់​ ព្រោះ​ខ្ញុំ​ដឹង​ថា​លោកពុកគ្មាន​លុយ​ទេ គ្រួសារយើងក្រលំបាករកតែអង្ក​ច្រកឆ្នាំងមិនបានផង ។​ ជាទម្លាប់រាល់​ពេល​ដែល​លោក​ពុក​វាយ​ខ្ញុំ​ហើយ​ គាត់​​តែង​តែ​អង្គុយ​សំកុក​ជក់​បារី​… ខ្ញុំ​ពិត​ជា​ចង់​ដឹង​ថា​តើ​លោក​ពុក​កំពុង​គិត​ពី​អ្វី​?​

វេលា​កន្លង​ផុត​ទៅ​… ខ្ញុំ​បាន​គិត​ឡើង​វិញ​។ ខ្ញុំ​នៅ​តែ​រៀន​មិន​ចេះ​ទោះ​បី​ជា​គ្រូ​និងលោក​​ពុក​វាយ​ខ្ញុំ​យ៉ាង​ណា​ក៏​ដោយ​។ រហូត​ដល់​ពេល​នេះ​… ខ្ញុំ​ត្រូវ​ធ្វើ​ការ​ជា​មួយ​តួលេខ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ជា​រៀង​រាល់​ថ្ងៃ​ ហើយ​ខ្ញុំ​នៅ​តែ​អាចធ្វើ​បាន​។​
ខ្ញុំ​ត្រូវ​នៅ​ជា​មួយ​លោក​ពុក​ ហើយ​មើល​ថែ​ទាំ​គាត់​ពេល​ដែល​គាត់​ចាស់​ទៅ​។ មាន​ពេល​មិន​តិច​ទេ​ដែល​ខ្ញុំ​លួច​មើល​គាត់​​ទំពាបាយ​។ លោក​ពុក​ចាស់​ហើយ លោក​ពុក​មិនរឹងមាំ​ដូច​កាល​ពី​មុន គាត់​​មិនអាច​បង្រៀន​និង​វាយ​ខ្ញុំ​បាន​ទៀត​ទេ​…។ លោក​ពុក​បាន​បណ្តុះ​បណ្តាល​មនុស្ស​ជា​ច្រើន​ឱ្យ​មាន​ឈ្មោះ​ជា​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋា​ភិបាល​ មាន​លុយ​ មាន​ឡាន​ជិះ​… ក្នុង​ខណៈ​ដែល​គាត់​​មាន​ត្រឹម​តែកង់​​មួយ រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​និង​ការ​ចិញ្ចឹម​របស់​កូន​តែ​ប៉ុណ្ណោះ​។

father-preschool-daughter-bike-ride-sunset

ដោយ​សារ​តែ​ខ្ញុំ​មិន​សូវ​ស្និទ្ធ​ស្នាល​ជាមួយលោក​ពុក រាល់​ថ្ងៃ​ខ្ញុំ​​និយាយ​ជាមួយ​គាត់​តិច​បំផុត​។ ត្រឹម​តែ​ជា​អ្នក​ផ្តល់​ឱ្យ​ គម្លាត​រវាង​ខ្ញុំ​និងគាត់​​នៅ​តែ​មាន​ដដែល​ ជញ្ជាំង​ដែល​គាត់​បាន​សង់​ គឺ​មិន​បាន​រលាយ​បាត់​នោះ​ទេ​ ។ ខ្ញុំ​បាន​ធ្វើ​បដិវត្ត​មួយ​ក្នុង​នាម​ជា​ម្តាយ​ ខ្ញុំ​មិន​បាន​វាយ​ដំ​កូន​ពេល​ដែល​កូន​រៀន​មិន​ចេះនោះ​ទេ​។​ ខ្ញុំ​យល់​ពី​អារម្មណ៍នៃភាពភ័យ​ខ្លាច​ វាពិបាកខ្លាំងណាស់ ហើយខ្ញុំ​ក៏មិន​ចង់​សាង​ជញ្ជាំង​រវាង​កូន​និង​ខ្ញុំ​ដែរ​។ ខ្ញុំ​បង្រៀន​ឱ្យ​កូន​ស្រឡាញ់​សាលា មិត្តភក្តិ​ គ្រូ​បង្រៀន​…។ ខ្ញុំ​មើល​ឃើញ​ថា គ្រូ​បង្រៀនឥឡូវ​បាន​ផ្លាស់​ប្តូរ​ថ្មី​ ដោយ​មិន​ប្រើ​ហិង្សា​លើ​កុមារ​បើ​ទោះ​ពួក​គេ​រៀន​មិន​ចេះ​។ ខ្ញុំ​ចង់​ក្លាយ​ជា​មិត្ត​ភក្តិ​កូន​ អាច​ឱ្យ​កូន​និយាយ​ប្រាប់​ខ្ញុំ​បាន​គ្រប់​រឿង​ដែល​នាង​ចង់​និយាយ​ ហើយ​នាង​​និយាយ​ច្រើន​ណាស់​រាល់​ថ្ងៃ​។ ថ្វី​បើ​ខ្ញុំ​មិន​ដាក់​សម្ពាធ​ឱ្យ​កូន​ ប៉ុន្តែ​បើ​ប្រៀប​ធៀបកាល​ខ្ញុំ​មាន​​វ័យ​​ប៉ុន​នាង​ នាង​ពូកែ​ជាង​ខ្ញុំ​ឆ្ងាយ​ណាស់​ ដូច្នេះ​ខ្ញុំ​រីករាយ​ជាមួយ​​អ្វី​ដែល​នាង​បាន​ធ្វើ​។​

ទី​បំផុត​ ខ្ញុំ​កែ​ប្រែ​ការគិត​របស់​ខ្ញុំ​ចំពោះ​គ្រួសារ​ទាំង​មូល។ ខ្ញុំ​រីករាយ​ច្រើន​ ព្រោះ​តែ​រឿង​ទាំង​នោះ​បាន​បង្រៀន​ខ្ញុំ​ ឱ្យ​ខ្ញុំ​ត្រូវ​រស់​នៅ​ដោយ​វិធី​ណា? នៅ​ពេលល​ដែល​លំបាក ​យើង​អាច​រក​ឃើញ​ខ្លួន​ឯង​ នៅ​ពេល​ដែល​លំបាក ​យើង​កាន់​តែ​រឹងមាំ​ជាង​មុន​។ លោក​ពុក​របស់​ខ្ញុំ​​នៅ​តែ​ជា​មនុស្ស​ដែល​នៅ​ក្បែរ​ខ្ញុំ​ច្រើន​ ហើយ​បង្រៀន​ឱ្យ​ខ្ញុំ​ទទួល​យក​ការពិត​មួយ​។
គ្មាន​ឱពុក​ម្តាយ​ណា​ដែល​មិន​ស្រឡាញ់​កូន​ វាយ​កូន​គឺ​ឈឺ​ចិត្ត​ខ្លួន​ឯង​។  កាល​ពី​តូច​ ខ្ញុំ​​មិន​ល្អ​នឹង​អាចផ្តល់​មោទនភាព​ទៅលោកពុក​បាន​ ប៉ុន្តែពេលនេះខ្ញុំជឿថាលោកពុកប្រាកដជាយល់ផ្សេង ។ ខ្ញុំ​លែង​ឆ្ងល់​ថា​ហេតុ​អ្វី​​លោកពុក​​អង្គុយ​សំកុក​ជក់​បារី​ទៀត​ទេ គាត់​​ប្រាកដ​ជា​ឈឺ​ចិត្ត​ណាស់​ដែល​បាន​​វាយ​មក​លើ​ខ្ញុំ​…។​

អត្ថបទ​មួយ​នេះ ចាត់​ទុក​ជា​មេរៀន​មួយ​ដែល​ពួកយើង​ត្រូវ​រៀន​។ ​ព្រោះ​ខ្ញុំ​ជឿ​ថា​មនុស្ស​ចាស់​ភាគ​ច្រើនកាល​ពីមុន​​ គឺ​បាន​ប្រើ​រំពាត់​នេះ​ដើម្បី​ឱ្យ​កូន​បាន​ចេះ ប្រើរំពាត់ដើម្បីបង្ហាត់កូន… រំពាត់ត្រូវបានជំនួសដោយពាក្យ​សម្តីនិងក្តី​ស្រឡាញ់​ដែលពួកគាត់មាន ហើយ​ក្មេង​ជា​ច្រើន​សុទ្ធ​តែ​បាន​ឆ្លង​កាត់​រសជាតិ​​បែប​នេះ​។ សូមរៀន​ពី​ពួក​គាត់​ដើម្បី​ឱ្យ​ខ្លួន​យើង​កាន់​តែ​ប្រសើរ​ឡើង​។

មន្តអាគម​ 19/07/2018

Posted by មាន​សង្ឃឹម in Uncategorized.
add a comment

តើ​អ្នក​ជឿ​លើ​អំពើ​អាប​ធ្មប់​ទេ​? តើ​អ្នក​ជឿ​លើ​មន្ត​អាគម មន្ត​គាថា​ស្នេហ៍ឬ​ទេ​?  ទោះ​បី​ជា​​អ្នក​បាន​ឮ​នរណា​ម្នាក់​នៅ​សួរ​សំនួរ​នេះ​ អ្នក​ក៏​​មិន​យល់​ថា​ចម្លែក​ដែរ​​។ ប្រទេស​យើង​មាន​ជំនឿ​បែប​នេះ​តាំង​បី​បូរាណកាល​​ជា​ច្រើន​ជំនាន់​មក​ហើយ​ ទោះ​បី​ជា​បច្ចេក​វិទ្យា​បាន​ដើរ​លឿន​ទៅ​មុខ​ ខ្ញុំ​នៅ​តែ​ជឿ​ថា​មាន​មនុស្ស​មិន​តិច​ទេ​ដែល​នៅ​បន្ត​ជឿ​រឿង​ទាំង​នេះ​។ បើ​សំនួរ​នេះ​ធ្លាក់​មក​លើ​ខ្ញុំ​ ខ្ញុំ​ក៏​មិន​ដឹង​ថា​នឹង​មាន​ចម្លើយ​បែប​ណា​ដែរ​។ ការ​ពិត​គួរ​តែ​និយាយ​ថា​ ហាសិប ហាសិប ជឿ​ខ្លះ​ មិន​ជឿ​ខ្លះ បើយើង​ជឿ​សូម​ជឿ​ដោយ​មាន​ហេតុផល ជឿ​ដោយ​ប្រើ​បញ្ញា​។

ខ្ញុំ​​ធ្លាប់​បាន​ឃើញ​និង​កាន់​យន្ត​ក្រណាត់​ក្រហម​ ដែល​មាន​រូប​ក្រវេម​ក្រវាម​និង​មាន​ភ្ជាប់​ដោយ​ម្ជុល​ជាង​សែ​សិប​។ មិត្តភក្តិ​​របស់​ខ្ញុំ​បាន​រក​ឃើញ​គេ​ដាក់​បង្កប់​នៅ​មុខ​ផ្ទះគាត់​ ហើយ​បាន​យក​ឱ្យ​ខ្ញុំ​មើល​ ថា​វា​ជា​យ័​ន្ត​ស្អី​ឱ្យ​ប្រាកដ​។ គ្រាន់​តែ​ខ្ញុំ​កាន់​ភ្លាម​ អារម្មណ៍​ដំបួូង​របស់​ខ្ញុំ​គឺ​ខ្លាច​ គួរ​តែ​និយាយ​ថា​មិន​មែន​ជា​របស់​​មង្គល​នោះ​ទេ​។ មាន​មនុស្ស​ជា​ច្រើន​បាន​ប្រាប់​គាត់​ពី​អត្ថន័​យ​យ័​ន្ត​នោះ ផ្សេងៗ​គ្នា​… ហើយ​នៅ​ទី​បំផុត​គាត់​ក៏​យក​វា​​​ទម្លាក់​ក្នុង​លូ​ចោល​ទៅ​។​

z2

មាន​​ពេល​ខ្លះ​ ខ្ញុំ​ធ្លាប់​ឮ​ថា​មាន​គេ​ធ្វើ​អំពើ​អាប​ធ្មប់ ដោយ​មាន​ចេញ​ដែក​កូល​តាម​មាត់ តាម​សាច់ មាន​របស់​ចម្លែក​ចេញ​ឬ​នៅ​ក្នុង​ខ្លួន​មនុស្ស។ កាល​ពី​នៅ​តូច​ខ្ញុំ​ខ្លាច ខ្លាច​ពេល​ដែល​ដឹង​រឿង​ទាំង​នេះ​។ គេ​ជឿ​ថា​វា​អាច​ទៅ​រួច​ នៅ​ពេល​ដែល​មនុស្ស​ស្អប់​គ្នា​ គេ​យក​រូប​ថត ចំណែក​ណា​មួយ​របស់​មនុស្ស​នោះ​យក​ទៅធ្វើ​មន្ត​អាគម​តាម​ដែល​គេ​នឹក​ចង់​បាន​ ប៉ុន្តែ​បើ​យើង​ចង់​ឱ្យ​នរណា​ម្នាក់​ស្រឡាញ់​យើង​បាត់​មុខ​មិនបាន​ក៏​អាច​ប្រើ​វិធី​នេះ​ផង​ដែរ​។ ដោយ​គេ​ជឿ​ថា​គ្រូចាម គឺ​មាន​មន្ត​ពូកែ​ជាង​គេ​។

រហូត​ដល់​ពេល​មួយ យប់​មួយកាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​​… ខ្ញុំ​បាន​យល់សប្ត​ឃើញ​មាន​ស្រមោល​ខ្មៅ​មួយ​ធំ​បាន​លូន​ចេញ​ពី​ក្រោម​គ្រែ​របស់​ខ្ញុំ​ ហើយ​បានព្យាយាម​​មក​គ្រប​សង្កត់​ពី​លើ​ខ្ញុំ​។ ខ្ញុំ​ភ័យ​ណាស់ បាន​ត្រឹម​លើក​ដៃ​សំពះ​បួង​សួង​នឹក​គុណ​ដល់​ព្រះ​ពុទ្ធ ព្រះ​ធម៌​ ព្រះសង្ឃ​… ទី​បំផុត​ស្រមោល​ខ្មៅ​នោះ​មិន​អាច​ធ្វើ​អ្វី​បាន​ក៏​រលាយ​បាត់​ ហើយ​ខ្ញុំ​ក៏​ស្ទុះ​ដឹង​ខ្លួន​ទាំងបែក​ញើស​ជោគ​។ លុះ​ព្រឹក​ស្អែក ខ្ញុំ​បាន​រើ​គ្រែ​របស់​ខ្ញុំ​ ខ្ញុំ​មិន​បាន​ឃើញ​អ្វី​ក្រៅ​សាប៊ូដុំ​​ដែល​អ្នក​នៅ​ជា​មួយ​ខ្ញុំ​បាន​ដាក់​ដើម្បី​ឱ្យ​​ក្រអូប​និង​ដេញ​សត្វ​ល្អិត​នោះ​ឡើយ​។​ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ខ្ញុំ​បាន​រក​ឃើញ​ថា​មាន​ដែល​គោល​វែង​មួយ​ដើម​ត្រូវ​គេ​បាន​យក​ទៅ​ដំ​នៅ​ចំ​ពី​មុខ​មាត់​ទ្វា​ចូល​ផ្ទះ​របស់​ខ្ញុំ​។ លើក​នេះ​ខ្ញុំ​ច្បាស់​ណា​ស់​ថា មាន​អ្វី​ដែលខុស​ពី​ធម្មតា​ព្រោះ​ខ្ញុំ​ឡើង​បោស​ជូត​ស្ទើ​រាល់​ពេល​គឺ​មិន​ដែល​មាន​ទេ ហើយ​អ្នក​ផ្ទះ​ខ្ញុំ​ក៏​មិន​មាន​នរណា​យក​ដែក​គោល​ទៅ​ដំ​ចោល​បែប​នេះ​ដែរ​។ ខ្ញុំ​ចាប់​ផ្តើម​សង្ស័យ​អ្នក​ជិត​ខាង​របស់​ខ្ញុំ ព្រោះ​តាម​ដែល​ខ្ញុំ​ធ្លាប់​និយាយ​ជាមួយ​គាត់​ពី​មុន​មក​គាត់​ជា​អ្នក​ដែល​ពូកែ​រក​គ្រូ ផ្ទះរបស់​គាត់​សំបូរ​ដោយ​របស់​ចម្លែក​និង​យ័ន្ត​ផ្សេង​ៗ​។​

ក្រោយ​មក​ខ្ញុំ​ក៏​បានលក់​ផ្ទះ​ហើយ​បាន​ចាក​ចេញ​ពី​ទី​នោះ​ទៅ​។ រហូត​ដល់​ពេល​នេះ​ខ្ញុំ​តែងតែ​ស្តាប់​ឱវាទ​របស់​ព្រះ​សង្ឃ​ដែល​លោក​បាន​សម្តែង​ធម៌​ទេសនា​រាល់​ថ្ងៃ​។ ខ្ញុំ​ចាប់​ផ្តើម​យល់​ពី​ដំណើរ​ជីវិត​ច្រើន​ជាង​មុន យល់​ពី​ហេតុ ពីផល​ដែល​ខ្ញុំ​មិន​ដែល​ដឹងពីមុន​​។ ការ​គិត​របស់​ខ្ញុំ​អាច​នឹង​ត្រូវ អ្នកជិត​ខាង​របស់​ខ្ញុំ​អាច​នឹង​មាន​បំណង​អាក្រក់​មក​លើ​ខ្ញុំ ហើយ​គេ​ព្យាយាម​ធ្វើ​បែបនេះ​មែន​។ តើ​វា​យ៉ាង​ម៉េច​?
នៅ​ពេល​នរណា​ម្នាក់​គិត​អាក្រក់​មក​ឬធ្វើ​អាក្រក់​មក​លើ​យើង​ សុំ​​តែ​ម៉្យាង​គឺ​កុំ​ទទួល​ កុំ​ប្រើ​កំហឹង​ដើម្បី​ពន្លត់​កំហឹង​ ព្រោះ​វា​ពិត​ជា​គ្មាន​ប្រយោជន៍​អ្វី​ទាល់​តែ​សោះ​។

645232

កុំ​ខ្លាច​នរណា​ម្នាក់​​ស្អប់​​យើង មនុស្ស​គឺ​បែបនេះ​។ សូម្បី​អរិយបុគ្គល​ដូច​ជា​ព្រពុទ្ធ​ជា​ម្ចាស់​ក៏​នៅតែ​មានមនុស្ស​​ស្អប់​ តាម​ជ្រៀត​ជ្រែក​ តាម​រំខាន​មិន​ចេះ​ចប់​ ចុះ​ទម្រាំ​តែ​យើង​ជា​សាមញ្ញ​ជន​។
ក្រោយ​ផ្លាស់​ប្តូរ​ទីលំនៅ ឥឡូវ​ខ្ញុំ​មាន​សេចក្តី​សុខ​ច្រើន ខ្ញុំ​មិនដែល​មាន​ទំនាស់​ជាមួយ​អ្នក​ជិត​ខាង ខ្ញុំ​ចាប់​ផ្តើម​មើល​មនុស្ស​ក្នុង​ផ្លូវ​វិជ្ជមាន​ ខ្ញុំ​រក​ឃើញ​ថា​អ្នក​ជិត​ខាង​ថ្មី​ដែល​ខ្ញុំ​បាន​រស់នៅ​ជាង​បី​ឆ្នាំ​មក​នេះ ពួក​គេ​មាន​ទឹក​ចិត្ត​ល្អ បើ​ទោះ​ជា​ពួក​គេ​មានជីវភាព​ខ្វះខាត​ក្តី។​ ខ្ញុំ​ត្រឡប់​គិត​ថា​ អ្វី​ដែល​ខ្ញុំ​បាន​គិតកាល​ពី​មុន គឺ​ជា​ការ​យល់​ច្រឡំ​មួយ ហើយ​សុបិន​អាក្រក់​នៅ​យប់​មួយ​នោះ គ្រាន់​តែ​ជា​សុបិន​ វា​មិន​អាច​ជា​អ្វី​ដូច​ដែល​ខ្ញុំ​បាន​សង្ស័​យ​និង​ដាក់​បន្ទុក​ទៅ​អ្នកដទៃ​។​
ខ្ញុំ​ឈប់​គិត​ថា ការចាក​ចេញ​នៅ​គ្រានោះ​ដោយ​សារ​តែ​ទង្វើ​មន្តអាគម​របស់​អ្នក​ជិត​ខាង ប៉ុន្តែ​វា​ជា​ជម្រើស​​ដ៏​ត្រឹម​ត្រូវ ព្រោះ​មនុស្ស​ភាគ​ច្រើន​ដែល​រស់​នៅ​ក្នុង​ភូមិនោះ​ជា​ស្រ្តី​មេ​​ផ្ទះ ពួក​គេ​មាន​ពេល​ទំនេរ​ច្រើនពេក គឺ​បង្កជា​បក្សពួក និយាយ​ដើម​គ្នា ឈ្លោះ​គ្នា ដៀមដាម​គញនា ​លេង​បៀរ ចាក់​កន្ទុយ​លេខ​…។ បរិយាកាស​បែបនេះ​គឺ​អាច​ជះ​ឥទ្ធិពល​ដល់​ក្មេង​ជំនាន់​ក្រោយជា​ពិសេស​គឺ​កូន​ស្រី​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​បំភ្លេច​រឿង​មន្ត​អាគម​គាថា​នោះ​ចោល​ ដោយ​ទទួល​យក​ការពិត​បែបនេះ គឺ​ខ្ញុំ​មិន​បាន​រស់​នៅ​ចុះ​សម្រុង​ជាមួយ​ពួក​គេ​។​

​គិត​ត្រឡប់​មក​វិញ កុំ​មាន​ជំនឿ​ឬ​ផ្តោត​លើ​រឿង​មន្តអាគម​ផ្តេសផ្តាស​​ ត្រឹម​តែ​ជឿ​លើ​ខ្លួន​ឯង ហើយ​របង​ការពារ​ល្អ​បំផុត​គឺ​​អំពើ​ល្អ  ភាព​ស្មោះ​ត្រង់ នោះ​គ្មាន​នរណា​ម្នាក់​បៀត​បៀន​អ្នក​បាន​ឡើយ​។ អំណោយ​ដែល​គេ​ឱ្យ​មក​យើង​ បើ​យើង​មិន​ទទួល​គឺ​គេ​ទទួល​ទុក​ដោយ​ខ្លួន​ឯង​។
រឿង​ដែល​អស្ចារ្យ​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​គិត​យល់ ហើយ​វា​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​រីករាយ​ក្នុង​ចិត្ត​។ ខ្ញុំ​មាន​ពេល​វេលា​ច្រើន​សម្រាប់​គ្រួសារ​ សម្រាប់​ការងារ​ សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់​ជុំ​វិញ​ខ្លួន​។ ខ្ញុំ​មិន​ចំណាយ​ពេល​រក​គ្រូ​ទាយ ទៅ​ស្រោច​ទឹក ទៅ​កាត់​គ្រោះឬ​ពីធី​ផ្សេង​ៗ​ដោយ​ចំណាយ​ពេល​និង​ប្រាក់​ឥត​ប្រយោជន៍។

ត្រឹម​តែ​រស់​​ជា​មួយ​អ្វី​ដែល​យើង​មាន ត្រឹម​តែ​គិត​ត្រូវ ធ្វើ​ត្រូវ​គឺ​គ្រប់​គ្រាន់​

ត្រឹម​តែ​ជា​អ្នក​ដទៃ​ 16/07/2018

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន.
add a comment

សម្រាប់​ធម្មជាតិ នៅ​ពេល​ដែល​ខ្យល់​បក់​ខ្លាំង​ ទើប​ដឹង​ថា​ដើម​ឈើ​ទន់ទោរ​ទៅ​ទិស​ខាង​ណា​?​ សម្រាប់​មនុស្ស​ នៅ​ពេល​ដែល​មាន​បញ្ហា​ ទើប​ដឹង​ថា​អ្នក​នៅ​ជុំ​វិញ​ខ្លួន​អ្នក​កំពុង​ឈរ​នៅ​ចំនុច​ណា​? ខ្ញុំ​មិន​បន្ទោស​អ្នក​ទេ​ ទោះ​បី​ជា​អ្នក​មិន​អាច​ពើង​ទ្រូង​ការពារ​គ្រាប់​ជំនួស​ខ្ញុំ​ ទោះ​បី​ជា​អ្នក​មិន​អាច​ជា​ដើមឈើ​ឲ្យ​ខ្ញុំ​ជ្រក​ម្លប់​បាន ទោះ​បី​ជា​អ្នក​មិន​អាច​បាំង​ឲ្យដំណក់​ទឹក​ភ្លៀង​ធ្លាក់មក​មិន​អោយ​ទទឹក​ខ្ញុំ​…។ ហេតុ​ផល​ត្រឹម​តែ​ជា​អ្នក​ដទៃ​… គ្មាន​ចំណង​អ្វី​នឹង​គ្នា វា​ជា​ហេតុ​ផល​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​ល្ងង់​ដូច​ខ្ញុំ​ទទួល​យក​។
ខ្ញុំ​ហាក់​ដូច​ជា​អស់​ចិត្ត​នឹង​អ្វី​ដែល​បាន​លះ​បង់​កន្លង​មក​ ខ្ញុំ​ហាក់​ដូច​ជា​ស្កប់ស្កល់​នឹង​អ្វី​ដែល​ខ្លួន​បាន​ទទួល​។ ថ្ងៃ​នេះ​អ្នក​បាន​បង្រៀន​អោយ​ខ្ញុំ​ទទួល​យក​ការពិត​ថ្មី​មួយ​ទៀត​ វា​មិន​ហួស​ហេតុ​ពេកទេ​ ហើយ​ខ្ញុំ​ដឹង​ថា​ទាំង​នេះ​វា​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​តែ​ទទួល​។ កុំ​បារម្ភ! ខ្ញុំ​ត្រៀម​រួចរាល់​សម្រាប់​រឿង​ទាំង​នេះ​រួច​ហើយ​។

រដូវ​អាច​ផ្លាស់​ប្តូរ​ថ្មី​ ស្លឹក​ឈើ​ក៏​អាច​ជ្រុះ ស្រទាប់​ផ្កា​ក៏​អាច​រុះរោយ​។ ត្រឹម​តែ​ពេល​វេលា​ដែល​មនុស្ស​បាន​ផ្តល់​ឲ្យ​គ្នា​ក៏​គង់​កន្លង​ផុត​ទៅ​ ហើយ​នឹង​រលុប​បាត់​។ នៅ​លើ​លោកនេះ​គ្មានអ្វី​ដែល​គង់​វង្សស្ថិតស្ថេរ​នោះទេ​ ត្រឹម​តែ​ញញិម​និង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​សម្រាប់​ផ្លូវ​ខាង​មុខ​ក៏​គ្រប់​គ្រាន់​។ ខ្ញុំ​នៅ​តែ​អរគុណ​សម្រាប់​គ្រប់យ៉ាង​ដែល​អ្នក​បាន​ផ្តល់​ឲ្យ​ខ្ញុំ​ ថ្ងៃ​មួយ​នឹង​មក​ដល់ ​ហើយ​ខ្ញុំ​នឹង​មិនមាន​អារម្មណ៍​ថា​ស្តាយ​ក្រោយ​នោះ​ទេ​ បើ​ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ក៏ដោយ​។​
សូម​ចាក​ចេញ​ចុះ​ បើ​យល់​ថា​វា​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​សម្ពាធ​។ ការ​កាន់​របស់​យូរ​ពេក​វា​ធ្វើ​ឲ្យ​យើង​ថា​ធ្ងន់​និង​ជា​បន្ទុក​មួយ​ បើ​ទោះ​ជា​របស់​នោះ​ស្រាល​ក៏​ដោយ​ ព្រោះ​ដៃ​របស់​យើង​ត្រូវ​ធ្វើ​ការ​ងារ​ជា​ច្រើន​ទៀត​មិនមែន​ត្រឹម​តែ​យួរ​ឬ​កាន់​របស់​តែ​ប៉ុណ្ណឹង​នោះទេ​។

ព្រោះ​គ្រប់យ៉ាង​ជា​អ្នក​ដទៃ​… ជា​អ្វី​ដែល​យើ​ង​ត្រូវ​កាត់​ចិត្ត។

ផ្លូវ​ជីវិត​ 15/12/2017

Posted by មាន​សង្ឃឹម in Uncategorized.
add a comment

ជា​រឿយ​ៗ​នៅ​ក្នុង​ខួរ​ក្បាល​ដ៏​តឹង​ចង្អៀត​របស់ខ្ញុំ​ មួយថ្ងៃ​ៗ​ចេះ​តែ​មាន​ច្រើន​ដែល​ត្រូវ​គិត​។ ទេ! ប្រហែល​វា​គ្រាន់​តែ​ជា​អារម្មណ៍​ដែល​យើង​យល់​ដឹង​តែ​ម្នាក់​ឯង​។ ខ្ញុំ​កើត​និង​ធំ​លូត​លាស់​ជា​មួយ​មនោសញ្ចេតនា​ដែល​ហូរហៀរ​បរិបូរណ៌​ពេក​ណាស់ ខ្ញុំ​មាន​ចិត្ត​អាណិត​តាំង​ពី​តូច​មក អាណិត​សេះ គោ ក្របី​ ឆ្កែ​ ឆ្មា​… ខ្ញុំ​អាណិត​ពេល​ត្រឹម​តែ​ឃើញ​ក្មេង​យំ​ដោយ​គ្មាន​មូល​ហេតុ​។ ​ខ្ញុំ​មាន​ចិត្ត​ស្រឡាញ់​ ស្រឡាញ់​មិត្តភក្តិ ស្រឡាញ់​បងប្អូន ស្រឡាញ់​មនុស្ស​ជុំ​វិញ​ខ្លួន​ ហើយ​ក៏​ចេះ​តែ​លះ​បង់​និង​ចែក​រំលែក​ជា​របស់​ ជា​ម្ហូប ជា​ប្រាក់​កាស​ តាម​អ្វី​ដែល​ខ្លួន​មាន​ព្រោះ​តែ​ក្តី​អាណិត​ស្រឡាញ់​។​ដោយ​សារ​តែ​ហេតុ​ផល​បែបនេះ​ទើប​ខ្ញុំ​មិន​ដែល​គិត​ថា​នឹង​ធ្វើ​ឲ្យ​នរណា​ម្នាក់​ឈឺ​ចាប់​និង​មិន​គិត​ថា​នឹង​ចាក​ចេញ​ពី​នរណា​ម្នាក់​​។ នៅ​ពេល​វ័យ​កាន់​តែ​ប្រែ​ប្រួល​ទើប​ដឹង​ថា​ លើ​លោក​នេះ​គ្មាន​អ្វី​ដែល​ស្ថិតស្ថេរ​ដូច​ការណ៍​ដែល​យើង​គិត​។​

នៅ​ពេល​ដែល​មនុស្ស​រីករាយ​ ស្រឡាញ់​គ្នា មាន​គូ​ មាន​អ្នកយល់​ចិត្ត​ ក៏​គិត​ថា​នេះ​ជា​ពិភព​លោក​ដែល​ស្រស់​ស្អាត​។ ស្រស់ស្អាត​? ខ្ញុំ​មិនគិត​អ៊ីចឹង​ទេ ទោះ​ខ្ញុំ​មាន​នរណា​ឬ​អត់​នរណា​ក៏​ខ្ញុំ​មិន​ដែល​គិត​ថា​ពិភពលោកនេះ​ស្រស់​ស្អាត​ម្តង​ដែរ​។ បើក​ភ្នែក​ឡើង​ មុខ​ផ្ទះ​សុទ្ធ​តែ​អាចម៍​ឆ្កែ​និង​គំនរ​សម្រាម​ បើក​ភ្នែក​ឡើង​ត្រូវ​ខឹង​ម្ចាស់​ឆ្កែ​ នេះ​មិនរាប់​តាំងពី​ស្ទះ​ចរាចរណ៍ ការបើក​ប្រជែង​គ្នា ឆ្វាត់​ឆ្វែង​ដូច​ខ្លែង​ឆាប​កូន​មាន់​… វិល​មុខ​ពេញ​ទំហឹង​។​
ខ្ញុំ​លែង​ត្រេក​ត្រអាល​ ហើយ​អារម្មណ៍​ដែល​រំភើប​ញាប់​ញ័រ​នឹង​អ្វី​ដែល​ថ្មី​ ប្លែក​ៗ​ កាល​ពី​នៅ​ក្មេង​នោះ វា​រលាយ​ខ្សុល​ដូច​អំបិល​ត្រូវ​ទឹក​​។

AAEAAQAAAAAAAAg-AAAAJDI1MDUxMGI2LTdmMGUtNDY0Mi1hNWQ3LTU1NmZlYjhhNTQ5NQ

ខ្ញុំ​បាន​អាន​រឿង​ ជីវិត​ឥត​ន័យ​ របស់​លោក ​សុទ្ធ​ ប៉ូលីន។ នឹក​ឡើង​ក៏​ផ្ទុះ​សំណើច​សើច​តែ​ឯង​ ព្រោះ​ថា​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ត្រូវ​បាន​រៀប​រាប់​ក្នុង​សៀវភៅ​នោះ​ទាំង​អស់​។ មនុស្ស​ភាគ​ច្រើន​គឺ​រស់នៅ​ចាញ់​បោក​ជីវិត​ ចេះ​តែ​អួត​ខ្លួន​ថា​ពូកែ​ អាន​ច្រើន​ ដឹង​ច្រើន ឆ្លាត​វៃ ស្លូត​បូត​ ស្មោះ​ត្រង់ សុភាព​រាបសារ​​… ប៉ុន្តែ​សារធាតុ​ពិត​ សៀវភៅ​ដែល​បាន​នោះ​ អាន​ហើយ​ចប់​គឺ​ចប់ រួច​តាំង​យក​ចរិត​ដើម​មក​អនុវត្តន៍​ក្នុង​ជីវិត​រស់​នៅ​។ ធុញ​គ្នា​ ឈ្លោះ​គ្នា​ បែក​បាក់​គ្នា​ជា​ហូរហែរ​រៀង​មក​…. ។
ខ្ញុំ​ចាប់​ផ្តើម​ដឹង​ថា​អារម្មណ៍​ដែល​ជីវិត​គ្មាន​អ្វី​អស្ចារ្យ​ គឺ​ប្រហែល​ជា​៥​ឆ្នាំ​មក​ហើយ​។ ខ្ញុំ​មិន​រីករាយ​ជា​មួយ​ជីវិត​ រហូត​ក្លាយ​ជា​ទម្លាប់​ ចង់​នរណា​ធ្វើ​អី​ក៏ធ្វើទៅ​ ទៅ​ក៏​ទៅ​ នៅ​ក៏​នៅ​​…។ វា​បាន​ធ្វើ​ឲ្យ​សម្ល​ដែល​ខ្ញុំ​ញុំា​រាល់​ថ្ងៃ​ហ្នឹង​សាប​ៗ​ គ្មានរសជាតិ​ គ្មាន​សម្រស់​…។ នេះ​ជា​បញ្ហា​ផ្លូវ​ចិត្ត​មួយ ដែល​ខ្ញុំ​ស៊ូ​ទ្រាំ​ៗ​យូរៗ​ពេក​ទៅ​ក៏​ប្រែ​ក្លាយ​ជា​បែបនេះ​ ការមិនពេញ​ចិត្ត​ជីវិត​គូស្រករ ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​រៀងរាល់​ថ្ងៃ​ វាក៏​បណ្តាល​ឲ្យ​វា​យ៉ាង​នេះ​ឯង​។

ផ្លូវ​ជីវិត​គឺ​បែប​នេះ បើ​មិនជួប​គឺ ព្រាត់​។ មនុស្ស​ណា​ដែល​មិនព្រាត់គ្នា ទោះជា​ស្រឡាញ់​គ្នា​ដល់​ចាស់​ក៏​ស្លាប់​ទៅ​ក៏​នៅ​តែ​បែក​គ្នា​ដែរ គ្មាននរណា​នៅ​លើ​លោកនេះ​​ហ៊ាន​អះ​អាង​ថា​​មនុស្ស​ពេល​ស្លាប់​ទៅ​អាច​ជួប​គ្នា​បាន​ទេ​​។ ផ្លូវ​ជីវិត​ដែល​រវាង​អ្នក​និង​ខ្ញុំ​ក៏​ដូច​គ្នា​ដែរ ប្រាប់​ខ្ញុំ​បាន​ទេ​ថា​តើ​ពួក​យើង​អាច​ដើរ​ដល់​គោល​ដៅ​ដែល​ចង់​បាន​ទេ​នៅ​ថ្ងៃ​អនាគត​? ចម្លើយ​គឺ​«​គ្មាន​ទេ​» មែន​ទេ​? ខ្ញុំ​មិន​មែន​ជា​គ្រូទាយ​អ្វី​ទេ ប៉ុន្តែ​ពឹង​ផ្អែក​លើ​ទិន្នន័យ​ដែល​ពួក​យើង​មាន គឺ​គ្មាន​ទេ​ក្តីសង្ឃឹម​។ អ្នក​និង​ខ្ញុំ​ អាច​និយាយ​ថា​ពេញ​ចិត្ត​លើ​ផ្លូវ​នេះ​ ហើយ​នៅ​តែ​បន្ត​ដើរ​យឺតៗ​… ទាំង​កណ្តាល​ថ្ងៃ​ក្តៅ ព្យុះ​ភ្លៀង​នៃ​ធម្មជាតិ​។
ខ្ញុំ​ជា​មនុស្ស​ចូល​ចិត្ត​គិត​វិជ្ជមាន​ច្រើន ហេតុអ្វី​មិនអាច​គិត​រឿង​វិជ្ជមាន​រវាង​យើង​ទាំង​ពីរ? អ្នក​ជឿ​ទេ​ថា អារម្មណ៍​ដែល​អ្នក​ទទួល​បាន​គឺ​ពេល​ខ្លះ​វា​ផ្តល់​ភាព​ស័ក្តិសិទ្ធិ​បែប​នេះ វា​នៅ​តែ​ដូច​ទ្រនិច​នាឡិការ​ដែល​ខូច​ហើយ​ទោះ​ជា​ដាក់​ថ្ម​ឬជួស​ជុល​ក៏​នៅ​តែ​ទ្រឹង​មួយកន្លែង​។

12814-fog-mist-walking-journey-path-road-sun-in-text

ខ្ញុំ​ក៏​ចាប់​ផ្តើម​អាន​ទៀត អានសៀវភៅ អំណាច​ដួង​ចិត្ត ដែល​និយាយពី​ថាមពល​ស្រូប​ទាញ​។ ខ្ញុំ​ចង់​គិត​អ្វី​ល្អ​ៗ​សម្រាប់​យើង​ទាំងពីរ​នាក់ ក៏​នៅ​តែ​មិនអាច​។ ខ្ញុំចង់​គិត​រហូត​ដល់​ពេល​មួយ​គ្រប់យ៉ាង​ផ្លាស់ប្តូរ​ តាម​ការ​គិត​និង​ការ​ស្រូបទាញ​របស់​ខ្ញុំ​។​ «​ថ្ងៃ​ណាមួយ​ ខ្ញុំ​នឹង​បែក​ពីអ្នក​» វា​បាន​ក្លាយជា​ទម្លាប់នៅ​ក្នុង​ខួរក្បាល​និង​ជ្រាប​ពេញ​ក្រអៅ​បេះ​ដូង​របស់​ខ្ញុំ​ ហើយ​វា​បែរ​ជា​​រុញ​ខ្ញុំ​ឲ្យ​ត្រៀម​ចិត្ត​សម្រាប់​ការ​បាត់​បង់​អ្នក​ទៅ​វិញ​។ ខ្ញុំ​ឈឺ ហើយ​កាន់តែ​ឈឺ​ខ្លាំង​នៅ​ពេល​ដែល​ខ្ញុំ​ដឹង​ថា ថ្ងៃណា​មួយ​អ្នក​នឹង​លែង​មាន​វត្តមាន​អ្នក​ក្នុង​ជីវិត​របស់​ខ្ញុំ​។ ផ្លូវ​ជីវិតនេះ​ ​ត្រូវ​ឲ្យ​ខ្ញុំ​ដើរ​ដោយ​គ្មាន​អ្នក​ជាថ្មី​ម្តង​ទៀត​។
ខ្ញុំ​ចាប់​ផ្តើម​ស្អប់​ជីវិត ហើយ​វា​លែង​មាន​អ្វី​អស្ចារ្យ​នៅ​ពេល​ដែល​ខ្ញុំ​ត្រូវ​ទទួល​បរាជ័យ​ម្តង​ហើយ​ម្តងទៀត​។ ខ្ញុំ​ចង់​កាន់​ដៃ​អ្នក​ឲ្យ​ជាប់ ឲ្យ​ណែន ប៉ុន្តែ​សតិ​សម្បជញ្ញៈ​ចេះ​តែ​ជេរ​ស្តី​ថា ជា​រឿង​មិន​គប្បី​និង​ជា​កំហុស​ឆ្គង​មួយ​។ វា​លោត​ដូច​ជា​កណ្តឹង​រោទ៍​​នៅ​ពេល​ព្រឹក វា​មាន​សម្លេង​ដូច​ទឹក​ស្រក់​នៅ​ពេល​រាត្រី​ស្ងាត់ វា​ពិត​ជា​គួរ​ឲ្យ​ខ្លាច​រអា​…។​

ផ្លូវ​ជីវិត​… ចេះ​តែ​រដិប​រដុបទៅ​​ ហើយ​ខ្ញុំ​ត្រូវ​ត្រៀម​ចិត្ត​​ថ្មី​​សម្រាប់​ការបែកបាក់​។ ពាក្យ​ដែល​ខ្ញុំ​តែង​តែ​និយាយ​និង​ដាស់​តឿន​ខ្លួន​​ឯង​គឺ​៖​ «​តស៊ូ​ឡើង!! ជីវិត​នៅ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ​»​ ខ្ញុំ​នៅ​តែ​និយាយ​ដដែល​បែប​នេះ​ទោះ​បី​ជា​ខ្ញុំ​រស់​បាន​ពាក់​កណ្តាល​ជីវិត​ទៅ​ហើយ នៅ​តែ​ជា​ការ​ចាប់​ផ្តើម​ វា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ពេក​ហើយ​។ វា​មិន​ហួស​ហេតុ​ពេក​ទេ សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​គ្រប់យ៉ាង​នឹង​ប្រសើរ​ឡើង​។ ទៅ​ឬ​នៅ​ប្រហែល​វា​លែង​សំខាន់ សំខាន់​អ្នក​អាច​រស់​នៅ​ដោយ​រីករាយ​និង​ជោគ​ជ័យ​ទោះ​បី​ជា​គ្មាន​វត្តមាន​ខ្ញុំ​ក៏​ដោយ​ចុះ​។

នេះ​ហើយ​ផ្លូវ​ជីវិត​…

 

%d bloggers like this: