jump to navigation

មន្តអាគម​ 19/07/2018

Posted by មាន​សង្ឃឹម in Uncategorized.
add a comment

តើ​អ្នក​ជឿ​លើ​អំពើ​អាប​ធ្មប់​ទេ​? តើ​អ្នក​ជឿ​លើ​មន្ត​អាគម មន្ត​គាថា​ស្នេហ៍ឬ​ទេ​?  ទោះ​បី​ជា​​អ្នក​បាន​ឮ​នរណា​ម្នាក់​នៅ​សួរ​សំនួរ​នេះ​ អ្នក​ក៏​​មិន​យល់​ថា​ចម្លែក​ដែរ​​។ ប្រទេស​យើង​មាន​ជំនឿ​បែប​នេះ​តាំង​បី​បូរាណកាល​​ជា​ច្រើន​ជំនាន់​មក​ហើយ​ ទោះ​បី​ជា​បច្ចេក​វិទ្យា​បាន​ដើរ​លឿន​ទៅ​មុខ​ ខ្ញុំ​នៅ​តែ​ជឿ​ថា​មាន​មនុស្ស​មិន​តិច​ទេ​ដែល​នៅ​បន្ត​ជឿ​រឿង​ទាំង​នេះ​។ បើ​សំនួរ​នេះ​ធ្លាក់​មក​លើ​ខ្ញុំ​ ខ្ញុំ​ក៏​មិន​ដឹង​ថា​នឹង​មាន​ចម្លើយ​បែប​ណា​ដែរ​។ ការ​ពិត​គួរ​តែ​និយាយ​ថា​ ហាសិប ហាសិប ជឿ​ខ្លះ​ មិន​ជឿ​ខ្លះ បើយើង​ជឿ​សូម​ជឿ​ដោយ​មាន​ហេតុផល ជឿ​ដោយ​ប្រើ​បញ្ញា​។

ខ្ញុំ​​ធ្លាប់​បាន​ឃើញ​និង​កាន់​យន្ត​ក្រណាត់​ក្រហម​ ដែល​មាន​រូប​ក្រវេម​ក្រវាម​និង​មាន​ភ្ជាប់​ដោយ​ម្ជុល​ជាង​សែ​សិប​។ មិត្តភក្តិ​​របស់​ខ្ញុំ​បាន​រក​ឃើញ​គេ​ដាក់​បង្កប់​នៅ​មុខ​ផ្ទះគាត់​ ហើយ​បាន​យក​ឱ្យ​ខ្ញុំ​មើល​ ថា​វា​ជា​យ័​ន្ត​ស្អី​ឱ្យ​ប្រាកដ​។ គ្រាន់​តែ​ខ្ញុំ​កាន់​ភ្លាម​ អារម្មណ៍​ដំបួូង​របស់​ខ្ញុំ​គឺ​ខ្លាច​ គួរ​តែ​និយាយ​ថា​មិន​មែន​ជា​របស់​​មង្គល​នោះ​ទេ​។ មាន​មនុស្ស​ជា​ច្រើន​បាន​ប្រាប់​គាត់​ពី​អត្ថន័​យ​យ័​ន្ត​នោះ ផ្សេងៗ​គ្នា​… ហើយ​នៅ​ទី​បំផុត​គាត់​ក៏​យក​វា​​​ទម្លាក់​ក្នុង​លូ​ចោល​ទៅ​។​

z2

មាន​​ពេល​ខ្លះ​ ខ្ញុំ​ធ្លាប់​ឮ​ថា​មាន​គេ​ធ្វើ​អំពើ​អាប​ធ្មប់ ដោយ​មាន​ចេញ​ដែក​កូល​តាម​មាត់ តាម​សាច់ មាន​របស់​ចម្លែក​ចេញ​ឬ​នៅ​ក្នុង​ខ្លួន​មនុស្ស។ កាល​ពី​នៅ​តូច​ខ្ញុំ​ខ្លាច ខ្លាច​ពេល​ដែល​ដឹង​រឿង​ទាំង​នេះ​។ គេ​ជឿ​ថា​វា​អាច​ទៅ​រួច​ នៅ​ពេល​ដែល​មនុស្ស​ស្អប់​គ្នា​ គេ​យក​រូប​ថត ចំណែក​ណា​មួយ​របស់​មនុស្ស​នោះ​យក​ទៅធ្វើ​មន្ត​អាគម​តាម​ដែល​គេ​នឹក​ចង់​បាន​ ប៉ុន្តែ​បើ​យើង​ចង់​ឱ្យ​នរណា​ម្នាក់​ស្រឡាញ់​យើង​បាត់​មុខ​មិនបាន​ក៏​អាច​ប្រើ​វិធី​នេះ​ផង​ដែរ​។ ដោយ​គេ​ជឿ​ថា​គ្រូចាម គឺ​មាន​មន្ត​ពូកែ​ជាង​គេ​។

រហូត​ដល់​ពេល​មួយ យប់​មួយកាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​​… ខ្ញុំ​បាន​យល់សប្ត​ឃើញ​មាន​ស្រមោល​ខ្មៅ​មួយ​ធំ​បាន​លូន​ចេញ​ពី​ក្រោម​គ្រែ​របស់​ខ្ញុំ​ ហើយ​បានព្យាយាម​​មក​គ្រប​សង្កត់​ពី​លើ​ខ្ញុំ​។ ខ្ញុំ​ភ័យ​ណាស់ បាន​ត្រឹម​លើក​ដៃ​សំពះ​បួង​សួង​នឹក​គុណ​ដល់​ព្រះ​ពុទ្ធ ព្រះ​ធម៌​ ព្រះសង្ឃ​… ទី​បំផុត​ស្រមោល​ខ្មៅ​នោះ​មិន​អាច​ធ្វើ​អ្វី​បាន​ក៏​រលាយ​បាត់​ ហើយ​ខ្ញុំ​ក៏​ស្ទុះ​ដឹង​ខ្លួន​ទាំងបែក​ញើស​ជោគ​។ លុះ​ព្រឹក​ស្អែក ខ្ញុំ​បាន​រើ​គ្រែ​របស់​ខ្ញុំ​ ខ្ញុំ​មិន​បាន​ឃើញ​អ្វី​ក្រៅ​សាប៊ូដុំ​​ដែល​អ្នក​នៅ​ជា​មួយ​ខ្ញុំ​បាន​ដាក់​ដើម្បី​ឱ្យ​​ក្រអូប​និង​ដេញ​សត្វ​ល្អិត​នោះ​ឡើយ​។​ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ខ្ញុំ​បាន​រក​ឃើញ​ថា​មាន​ដែល​គោល​វែង​មួយ​ដើម​ត្រូវ​គេ​បាន​យក​ទៅ​ដំ​នៅ​ចំ​ពី​មុខ​មាត់​ទ្វា​ចូល​ផ្ទះ​របស់​ខ្ញុំ​។ លើក​នេះ​ខ្ញុំ​ច្បាស់​ណា​ស់​ថា មាន​អ្វី​ដែលខុស​ពី​ធម្មតា​ព្រោះ​ខ្ញុំ​ឡើង​បោស​ជូត​ស្ទើ​រាល់​ពេល​គឺ​មិន​ដែល​មាន​ទេ ហើយ​អ្នក​ផ្ទះ​ខ្ញុំ​ក៏​មិន​មាន​នរណា​យក​ដែក​គោល​ទៅ​ដំ​ចោល​បែប​នេះ​ដែរ​។ ខ្ញុំ​ចាប់​ផ្តើម​សង្ស័យ​អ្នក​ជិត​ខាង​របស់​ខ្ញុំ ព្រោះ​តាម​ដែល​ខ្ញុំ​ធ្លាប់​និយាយ​ជាមួយ​គាត់​ពី​មុន​មក​គាត់​ជា​អ្នក​ដែល​ពូកែ​រក​គ្រូ ផ្ទះរបស់​គាត់​សំបូរ​ដោយ​របស់​ចម្លែក​និង​យ័ន្ត​ផ្សេង​ៗ​។​

ក្រោយ​មក​ខ្ញុំ​ក៏​បានលក់​ផ្ទះ​ហើយ​បាន​ចាក​ចេញ​ពី​ទី​នោះ​ទៅ​។ រហូត​ដល់​ពេល​នេះ​ខ្ញុំ​តែងតែ​ស្តាប់​ឱវាទ​របស់​ព្រះ​សង្ឃ​ដែល​លោក​បាន​សម្តែង​ធម៌​ទេសនា​រាល់​ថ្ងៃ​។ ខ្ញុំ​ចាប់​ផ្តើម​យល់​ពី​ដំណើរ​ជីវិត​ច្រើន​ជាង​មុន យល់​ពី​ហេតុ ពីផល​ដែល​ខ្ញុំ​មិន​ដែល​ដឹងពីមុន​​។ ការ​គិត​របស់​ខ្ញុំ​អាច​នឹង​ត្រូវ អ្នកជិត​ខាង​របស់​ខ្ញុំ​អាច​នឹង​មាន​បំណង​អាក្រក់​មក​លើ​ខ្ញុំ ហើយ​គេ​ព្យាយាម​ធ្វើ​បែបនេះ​មែន​។ តើ​វា​យ៉ាង​ម៉េច​?
នៅ​ពេល​នរណា​ម្នាក់​គិត​អាក្រក់​មក​ឬធ្វើ​អាក្រក់​មក​លើ​យើង​ សុំ​​តែ​ម៉្យាង​គឺ​កុំ​ទទួល​ កុំ​ប្រើ​កំហឹង​ដើម្បី​ពន្លត់​កំហឹង​ ព្រោះ​វា​ពិត​ជា​គ្មាន​ប្រយោជន៍​អ្វី​ទាល់​តែ​សោះ​។

645232

កុំ​ខ្លាច​នរណា​ម្នាក់​​ស្អប់​​យើង មនុស្ស​គឺ​បែបនេះ​។ សូម្បី​អរិយបុគ្គល​ដូច​ជា​ព្រពុទ្ធ​ជា​ម្ចាស់​ក៏​នៅតែ​មានមនុស្ស​​ស្អប់​ តាម​ជ្រៀត​ជ្រែក​ តាម​រំខាន​មិន​ចេះ​ចប់​ ចុះ​ទម្រាំ​តែ​យើង​ជា​សាមញ្ញ​ជន​។
ក្រោយ​ផ្លាស់​ប្តូរ​ទីលំនៅ ឥឡូវ​ខ្ញុំ​មាន​សេចក្តី​សុខ​ច្រើន ខ្ញុំ​មិនដែល​មាន​ទំនាស់​ជាមួយ​អ្នក​ជិត​ខាង ខ្ញុំ​ចាប់​ផ្តើម​មើល​មនុស្ស​ក្នុង​ផ្លូវ​វិជ្ជមាន​ ខ្ញុំ​រក​ឃើញ​ថា​អ្នក​ជិត​ខាង​ថ្មី​ដែល​ខ្ញុំ​បាន​រស់នៅ​ជាង​បី​ឆ្នាំ​មក​នេះ ពួក​គេ​មាន​ទឹក​ចិត្ត​ល្អ បើ​ទោះ​ជា​ពួក​គេ​មានជីវភាព​ខ្វះខាត​ក្តី។​ ខ្ញុំ​ត្រឡប់​គិត​ថា​ អ្វី​ដែល​ខ្ញុំ​បាន​គិតកាល​ពី​មុន គឺ​ជា​ការ​យល់​ច្រឡំ​មួយ ហើយ​សុបិន​អាក្រក់​នៅ​យប់​មួយ​នោះ គ្រាន់​តែ​ជា​សុបិន​ វា​មិន​អាច​ជា​អ្វី​ដូច​ដែល​ខ្ញុំ​បាន​សង្ស័​យ​និង​ដាក់​បន្ទុក​ទៅ​អ្នកដទៃ​។​
ខ្ញុំ​ឈប់​គិត​ថា ការចាក​ចេញ​នៅ​គ្រានោះ​ដោយ​សារ​តែ​ទង្វើ​មន្តអាគម​របស់​អ្នក​ជិត​ខាង ប៉ុន្តែ​វា​ជា​ជម្រើស​​ដ៏​ត្រឹម​ត្រូវ ព្រោះ​មនុស្ស​ភាគ​ច្រើន​ដែល​រស់​នៅ​ក្នុង​ភូមិនោះ​ជា​ស្រ្តី​មេ​​ផ្ទះ ពួក​គេ​មាន​ពេល​ទំនេរ​ច្រើនពេក គឺ​បង្កជា​បក្សពួក និយាយ​ដើម​គ្នា ឈ្លោះ​គ្នា ដៀមដាម​គញនា ​លេង​បៀរ ចាក់​កន្ទុយ​លេខ​…។ បរិយាកាស​បែបនេះ​គឺ​អាច​ជះ​ឥទ្ធិពល​ដល់​ក្មេង​ជំនាន់​ក្រោយជា​ពិសេស​គឺ​កូន​ស្រី​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​បំភ្លេច​រឿង​មន្ត​អាគម​គាថា​នោះ​ចោល​ ដោយ​ទទួល​យក​ការពិត​បែបនេះ គឺ​ខ្ញុំ​មិន​បាន​រស់​នៅ​ចុះ​សម្រុង​ជាមួយ​ពួក​គេ​។​

​គិត​ត្រឡប់​មក​វិញ កុំ​មាន​ជំនឿ​ឬ​ផ្តោត​លើ​រឿង​មន្តអាគម​ផ្តេសផ្តាស​​ ត្រឹម​តែ​ជឿ​លើ​ខ្លួន​ឯង ហើយ​របង​ការពារ​ល្អ​បំផុត​គឺ​​អំពើ​ល្អ  ភាព​ស្មោះ​ត្រង់ នោះ​គ្មាន​នរណា​ម្នាក់​បៀត​បៀន​អ្នក​បាន​ឡើយ​។ អំណោយ​ដែល​គេ​ឱ្យ​មក​យើង​ បើ​យើង​មិន​ទទួល​គឺ​គេ​ទទួល​ទុក​ដោយ​ខ្លួន​ឯង​។
រឿង​ដែល​អស្ចារ្យ​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​គិត​យល់ ហើយ​វា​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​រីករាយ​ក្នុង​ចិត្ត​។ ខ្ញុំ​មាន​ពេល​វេលា​ច្រើន​សម្រាប់​គ្រួសារ​ សម្រាប់​ការងារ​ សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់​ជុំ​វិញ​ខ្លួន​។ ខ្ញុំ​មិន​ចំណាយ​ពេល​រក​គ្រូ​ទាយ ទៅ​ស្រោច​ទឹក ទៅ​កាត់​គ្រោះឬ​ពីធី​ផ្សេង​ៗ​ដោយ​ចំណាយ​ពេល​និង​ប្រាក់​ឥត​ប្រយោជន៍។

ត្រឹម​តែ​រស់​​ជា​មួយ​អ្វី​ដែល​យើង​មាន ត្រឹម​តែ​គិត​ត្រូវ ធ្វើ​ត្រូវ​គឺ​គ្រប់​គ្រាន់​

ផ្លូវ​ជីវិត​ 15/12/2017

Posted by មាន​សង្ឃឹម in Uncategorized.
add a comment

ជា​រឿយ​ៗ​នៅ​ក្នុង​ខួរ​ក្បាល​ដ៏​តឹង​ចង្អៀត​របស់ខ្ញុំ​ មួយថ្ងៃ​ៗ​ចេះ​តែ​មាន​ច្រើន​ដែល​ត្រូវ​គិត​។ ទេ! ប្រហែល​វា​គ្រាន់​តែ​ជា​អារម្មណ៍​ដែល​យើង​យល់​ដឹង​តែ​ម្នាក់​ឯង​។ ខ្ញុំ​កើត​និង​ធំ​លូត​លាស់​ជា​មួយ​មនោសញ្ចេតនា​ដែល​ហូរហៀរ​បរិបូរណ៌​ពេក​ណាស់ ខ្ញុំ​មាន​ចិត្ត​អាណិត​តាំង​ពី​តូច​មក អាណិត​សេះ គោ ក្របី​ ឆ្កែ​ ឆ្មា​… ខ្ញុំ​អាណិត​ពេល​ត្រឹម​តែ​ឃើញ​ក្មេង​យំ​ដោយ​គ្មាន​មូល​ហេតុ​។ ​ខ្ញុំ​មាន​ចិត្ត​ស្រឡាញ់​ ស្រឡាញ់​មិត្តភក្តិ ស្រឡាញ់​បងប្អូន ស្រឡាញ់​មនុស្ស​ជុំ​វិញ​ខ្លួន​ ហើយ​ក៏​ចេះ​តែ​លះ​បង់​និង​ចែក​រំលែក​ជា​របស់​ ជា​ម្ហូប ជា​ប្រាក់​កាស​ តាម​អ្វី​ដែល​ខ្លួន​មាន​ព្រោះ​តែ​ក្តី​អាណិត​ស្រឡាញ់​។​ដោយ​សារ​តែ​ហេតុ​ផល​បែបនេះ​ទើប​ខ្ញុំ​មិន​ដែល​គិត​ថា​នឹង​ធ្វើ​ឲ្យ​នរណា​ម្នាក់​ឈឺ​ចាប់​និង​មិន​គិត​ថា​នឹង​ចាក​ចេញ​ពី​នរណា​ម្នាក់​​។ នៅ​ពេល​វ័យ​កាន់​តែ​ប្រែ​ប្រួល​ទើប​ដឹង​ថា​ លើ​លោក​នេះ​គ្មាន​អ្វី​ដែល​ស្ថិតស្ថេរ​ដូច​ការណ៍​ដែល​យើង​គិត​។​

នៅ​ពេល​ដែល​មនុស្ស​រីករាយ​ ស្រឡាញ់​គ្នា មាន​គូ​ មាន​អ្នកយល់​ចិត្ត​ ក៏​គិត​ថា​នេះ​ជា​ពិភព​លោក​ដែល​ស្រស់​ស្អាត​។ ស្រស់ស្អាត​? ខ្ញុំ​មិនគិត​អ៊ីចឹង​ទេ ទោះ​ខ្ញុំ​មាន​នរណា​ឬ​អត់​នរណា​ក៏​ខ្ញុំ​មិន​ដែល​គិត​ថា​ពិភពលោកនេះ​ស្រស់​ស្អាត​ម្តង​ដែរ​។ បើក​ភ្នែក​ឡើង​ មុខ​ផ្ទះ​សុទ្ធ​តែ​អាចម៍​ឆ្កែ​និង​គំនរ​សម្រាម​ បើក​ភ្នែក​ឡើង​ត្រូវ​ខឹង​ម្ចាស់​ឆ្កែ​ នេះ​មិនរាប់​តាំងពី​ស្ទះ​ចរាចរណ៍ ការបើក​ប្រជែង​គ្នា ឆ្វាត់​ឆ្វែង​ដូច​ខ្លែង​ឆាប​កូន​មាន់​… វិល​មុខ​ពេញ​ទំហឹង​។​
ខ្ញុំ​លែង​ត្រេក​ត្រអាល​ ហើយ​អារម្មណ៍​ដែល​រំភើប​ញាប់​ញ័រ​នឹង​អ្វី​ដែល​ថ្មី​ ប្លែក​ៗ​ កាល​ពី​នៅ​ក្មេង​នោះ វា​រលាយ​ខ្សុល​ដូច​អំបិល​ត្រូវ​ទឹក​​។

AAEAAQAAAAAAAAg-AAAAJDI1MDUxMGI2LTdmMGUtNDY0Mi1hNWQ3LTU1NmZlYjhhNTQ5NQ

ខ្ញុំ​បាន​អាន​រឿង​ ជីវិត​ឥត​ន័យ​ របស់​លោក ​សុទ្ធ​ ប៉ូលីន។ នឹក​ឡើង​ក៏​ផ្ទុះ​សំណើច​សើច​តែ​ឯង​ ព្រោះ​ថា​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ត្រូវ​បាន​រៀប​រាប់​ក្នុង​សៀវភៅ​នោះ​ទាំង​អស់​។ មនុស្ស​ភាគ​ច្រើន​គឺ​រស់នៅ​ចាញ់​បោក​ជីវិត​ ចេះ​តែ​អួត​ខ្លួន​ថា​ពូកែ​ អាន​ច្រើន​ ដឹង​ច្រើន ឆ្លាត​វៃ ស្លូត​បូត​ ស្មោះ​ត្រង់ សុភាព​រាបសារ​​… ប៉ុន្តែ​សារធាតុ​ពិត​ សៀវភៅ​ដែល​បាន​នោះ​ អាន​ហើយ​ចប់​គឺ​ចប់ រួច​តាំង​យក​ចរិត​ដើម​មក​អនុវត្តន៍​ក្នុង​ជីវិត​រស់​នៅ​។ ធុញ​គ្នា​ ឈ្លោះ​គ្នា​ បែក​បាក់​គ្នា​ជា​ហូរហែរ​រៀង​មក​…. ។
ខ្ញុំ​ចាប់​ផ្តើម​ដឹង​ថា​អារម្មណ៍​ដែល​ជីវិត​គ្មាន​អ្វី​អស្ចារ្យ​ គឺ​ប្រហែល​ជា​៥​ឆ្នាំ​មក​ហើយ​។ ខ្ញុំ​មិន​រីករាយ​ជា​មួយ​ជីវិត​ រហូត​ក្លាយ​ជា​ទម្លាប់​ ចង់​នរណា​ធ្វើ​អី​ក៏ធ្វើទៅ​ ទៅ​ក៏​ទៅ​ នៅ​ក៏​នៅ​​…។ វា​បាន​ធ្វើ​ឲ្យ​សម្ល​ដែល​ខ្ញុំ​ញុំា​រាល់​ថ្ងៃ​ហ្នឹង​សាប​ៗ​ គ្មានរសជាតិ​ គ្មាន​សម្រស់​…។ នេះ​ជា​បញ្ហា​ផ្លូវ​ចិត្ត​មួយ ដែល​ខ្ញុំ​ស៊ូ​ទ្រាំ​ៗ​យូរៗ​ពេក​ទៅ​ក៏​ប្រែ​ក្លាយ​ជា​បែបនេះ​ ការមិនពេញ​ចិត្ត​ជីវិត​គូស្រករ ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​រៀងរាល់​ថ្ងៃ​ វាក៏​បណ្តាល​ឲ្យ​វា​យ៉ាង​នេះ​ឯង​។

ផ្លូវ​ជីវិត​គឺ​បែប​នេះ បើ​មិនជួប​គឺ ព្រាត់​។ មនុស្ស​ណា​ដែល​មិនព្រាត់គ្នា ទោះជា​ស្រឡាញ់​គ្នា​ដល់​ចាស់​ក៏​ស្លាប់​ទៅ​ក៏​នៅ​តែ​បែក​គ្នា​ដែរ គ្មាននរណា​នៅ​លើ​លោកនេះ​​ហ៊ាន​អះ​អាង​ថា​​មនុស្ស​ពេល​ស្លាប់​ទៅ​អាច​ជួប​គ្នា​បាន​ទេ​​។ ផ្លូវ​ជីវិត​ដែល​រវាង​អ្នក​និង​ខ្ញុំ​ក៏​ដូច​គ្នា​ដែរ ប្រាប់​ខ្ញុំ​បាន​ទេ​ថា​តើ​ពួក​យើង​អាច​ដើរ​ដល់​គោល​ដៅ​ដែល​ចង់​បាន​ទេ​នៅ​ថ្ងៃ​អនាគត​? ចម្លើយ​គឺ​«​គ្មាន​ទេ​» មែន​ទេ​? ខ្ញុំ​មិន​មែន​ជា​គ្រូទាយ​អ្វី​ទេ ប៉ុន្តែ​ពឹង​ផ្អែក​លើ​ទិន្នន័យ​ដែល​ពួក​យើង​មាន គឺ​គ្មាន​ទេ​ក្តីសង្ឃឹម​។ អ្នក​និង​ខ្ញុំ​ អាច​និយាយ​ថា​ពេញ​ចិត្ត​លើ​ផ្លូវ​នេះ​ ហើយ​នៅ​តែ​បន្ត​ដើរ​យឺតៗ​… ទាំង​កណ្តាល​ថ្ងៃ​ក្តៅ ព្យុះ​ភ្លៀង​នៃ​ធម្មជាតិ​។
ខ្ញុំ​ជា​មនុស្ស​ចូល​ចិត្ត​គិត​វិជ្ជមាន​ច្រើន ហេតុអ្វី​មិនអាច​គិត​រឿង​វិជ្ជមាន​រវាង​យើង​ទាំង​ពីរ? អ្នក​ជឿ​ទេ​ថា អារម្មណ៍​ដែល​អ្នក​ទទួល​បាន​គឺ​ពេល​ខ្លះ​វា​ផ្តល់​ភាព​ស័ក្តិសិទ្ធិ​បែប​នេះ វា​នៅ​តែ​ដូច​ទ្រនិច​នាឡិការ​ដែល​ខូច​ហើយ​ទោះ​ជា​ដាក់​ថ្ម​ឬជួស​ជុល​ក៏​នៅ​តែ​ទ្រឹង​មួយកន្លែង​។

12814-fog-mist-walking-journey-path-road-sun-in-text

ខ្ញុំ​ក៏​ចាប់​ផ្តើម​អាន​ទៀត អានសៀវភៅ អំណាច​ដួង​ចិត្ត ដែល​និយាយពី​ថាមពល​ស្រូប​ទាញ​។ ខ្ញុំ​ចង់​គិត​អ្វី​ល្អ​ៗ​សម្រាប់​យើង​ទាំងពីរ​នាក់ ក៏​នៅ​តែ​មិនអាច​។ ខ្ញុំចង់​គិត​រហូត​ដល់​ពេល​មួយ​គ្រប់យ៉ាង​ផ្លាស់ប្តូរ​ តាម​ការ​គិត​និង​ការ​ស្រូបទាញ​របស់​ខ្ញុំ​។​ «​ថ្ងៃ​ណាមួយ​ ខ្ញុំ​នឹង​បែក​ពីអ្នក​» វា​បាន​ក្លាយជា​ទម្លាប់នៅ​ក្នុង​ខួរក្បាល​និង​ជ្រាប​ពេញ​ក្រអៅ​បេះ​ដូង​របស់​ខ្ញុំ​ ហើយ​វា​បែរ​ជា​​រុញ​ខ្ញុំ​ឲ្យ​ត្រៀម​ចិត្ត​សម្រាប់​ការ​បាត់​បង់​អ្នក​ទៅ​វិញ​។ ខ្ញុំ​ឈឺ ហើយ​កាន់តែ​ឈឺ​ខ្លាំង​នៅ​ពេល​ដែល​ខ្ញុំ​ដឹង​ថា ថ្ងៃណា​មួយ​អ្នក​នឹង​លែង​មាន​វត្តមាន​អ្នក​ក្នុង​ជីវិត​របស់​ខ្ញុំ​។ ផ្លូវ​ជីវិតនេះ​ ​ត្រូវ​ឲ្យ​ខ្ញុំ​ដើរ​ដោយ​គ្មាន​អ្នក​ជាថ្មី​ម្តង​ទៀត​។
ខ្ញុំ​ចាប់​ផ្តើម​ស្អប់​ជីវិត ហើយ​វា​លែង​មាន​អ្វី​អស្ចារ្យ​នៅ​ពេល​ដែល​ខ្ញុំ​ត្រូវ​ទទួល​បរាជ័យ​ម្តង​ហើយ​ម្តងទៀត​។ ខ្ញុំ​ចង់​កាន់​ដៃ​អ្នក​ឲ្យ​ជាប់ ឲ្យ​ណែន ប៉ុន្តែ​សតិ​សម្បជញ្ញៈ​ចេះ​តែ​ជេរ​ស្តី​ថា ជា​រឿង​មិន​គប្បី​និង​ជា​កំហុស​ឆ្គង​មួយ​។ វា​លោត​ដូច​ជា​កណ្តឹង​រោទ៍​​នៅ​ពេល​ព្រឹក វា​មាន​សម្លេង​ដូច​ទឹក​ស្រក់​នៅ​ពេល​រាត្រី​ស្ងាត់ វា​ពិត​ជា​គួរ​ឲ្យ​ខ្លាច​រអា​…។​

ផ្លូវ​ជីវិត​… ចេះ​តែ​រដិប​រដុបទៅ​​ ហើយ​ខ្ញុំ​ត្រូវ​ត្រៀម​ចិត្ត​​ថ្មី​​សម្រាប់​ការបែកបាក់​។ ពាក្យ​ដែល​ខ្ញុំ​តែង​តែ​និយាយ​និង​ដាស់​តឿន​ខ្លួន​​ឯង​គឺ​៖​ «​តស៊ូ​ឡើង!! ជីវិត​នៅ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ​»​ ខ្ញុំ​នៅ​តែ​និយាយ​ដដែល​បែប​នេះ​ទោះ​បី​ជា​ខ្ញុំ​រស់​បាន​ពាក់​កណ្តាល​ជីវិត​ទៅ​ហើយ នៅ​តែ​ជា​ការ​ចាប់​ផ្តើម​ វា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ពេក​ហើយ​។ វា​មិន​ហួស​ហេតុ​ពេក​ទេ សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​គ្រប់យ៉ាង​នឹង​ប្រសើរ​ឡើង​។ ទៅ​ឬ​នៅ​ប្រហែល​វា​លែង​សំខាន់ សំខាន់​អ្នក​អាច​រស់​នៅ​ដោយ​រីករាយ​និង​ជោគ​ជ័យ​ទោះ​បី​ជា​គ្មាន​វត្តមាន​ខ្ញុំ​ក៏​ដោយ​ចុះ​។

នេះ​ហើយ​ផ្លូវ​ជីវិត​…

 

បទចម្រៀង​ខ្មែរ ៖ ជីវិត​គ្រួសារ 22/06/2015

Posted by មាន​សង្ឃឹម in Uncategorized.
add a comment

ក្នុងនាមខ្ញុំជាស្ត្រីម្នាក់ ក្នងនាមខ្ញុំធ្លាប់ឆ្លងកាត់ការពិតមួយ នាងខ្ញុំសូមផ្ញើបទចម្រៀងមួយបទនេះជូនទៅបុរសដែលជាស្វាមីគ្រប់គ្នា ។
តើស្ត្រីជាភរិយា ជាម្តាយប៉ុន្មាននាក់ដែលយល់និងឆ្លងកាត់ពីអារម្មណ៏មួយនេះ? សូមគិតដល់ពីចិត្តមនុស្សស្រីម្នាក់ដែលបានលះបង់ អត់ធ្មត់ តស៊ូគ្រប់បែបយ៉ាង ដើម្បីរួមដំណើរជីវិតជាមួយអ្នកខ្លះផង ទោះជាមិនច្រើនលើសលប់ក៏សុំត្រឹមបន្តិចបន្តួចក៏គ្រប់គ្រាន់ ។

មេរៀន​ជីវិត​ 05/05/2015

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, Uncategorized.
5 comments

«​មេរៀន​ជីវិត​» គឺ​ខុស​ពី​មេរៀន​ដែល​ពួក​យើង​ធ្លាប់​រៀន​នៅ​សាលា​ ។ មួយ​បូក​មួយ​ស្មើ​ពីរ គ្រប់​យ៉ាង​គឺ​មាន​រូប​មន្ត​ គ្រប់​យ៉ាង​ត្រូវ​ទន្ទេញ​ ទន្ទេញ​ឡើង​រោយ​ថ្គាម​ ស្អក​ក​ ទន្ទេញ​រហូត​ដល់​ផ្អើល​អ្នក​ជិត​ខាង… នេះ​បើ​រាប់​ពី​ការ​រៀន​របស់​ខ្ញុំ​នៅ​សាលា… ។​ ក្រោយ​ពេល​ដែល​ការ​សិក្សា​​ត្រូវ​បាន​បញ្ចប់​ពួក​យើង​ត្រូវ​ចេញ​ប្រលូក​ក្នុង​សង្គម ហើយ​រៀន​ពី​«មេរៀន​ជីវិត» វិញ​ម្ដង​​ ។
ជា​ការពិត​ដំណើរ​​រាប់​ពាន់​យោជន៍​​ប្រាកដ​​ជា​ត្រូវ​ចាប់​ផ្តើម​ពី​មួយ​ជំហាន​ ។ នៅ​លើ​វិថី​ជីវិត​​ដ៏​សែន​វែង​ឆ្ងាយ​គឺ​យើង​ត្រូវ​រៀន​និង​ជួប​ប្រទះ​រឿង​រ៉ាវ​ជា​ច្រើន​ន​ ។ ខ្ញុំ​ក៏​ដូច​ជា​អ្នក​ អ្នក​ក៏​ដូច​ជា​ខ្ញុំ ម្ដង​សើច​ម្ដង​យំ ជា​រឿង​ធម្មតា​​ ។

o-WOMAN-READING-BOOK-facebook

រាល់​ថ្ងៃ​​យើង​បាន​រៀន​ពី​មនុស្ស​នៅ​ក្នុង​សង្គម ប៉ុន្តែ​ត្រូវ​រៀន​ពី​អ្វី​ដែល​ហៅ​ថា​ផ្ទុយ​ ។ រៀន​ពី​មនុស្ស​អាត្មា​និយម​មក​ជា​មនុស្ស​ចិត្ត​ទូលាយ រៀន​ពី​មនុស្ស​សោះ​អង្គើយ​ឲ្យ​ក្លាយ​ជា​មនុស្ស​ផ្អែម​ល្ហែម រៀន​ពី​មនុស្ស​កុហក​​​ដើម្បី​ក្លាយ​ជា​មនុស្ស​ស្មោះ​ត្រង់ រៀន​ពី​មនុស្ស​អួត​ក្អេង​ក្អាង​ដើម្បី​ក្លាយ​ជា​មនុស្ស​សាមញ្ញ​ រៀន​ពី​មនុស្ស​ឆេវ​ឆាវ​ដើម្បី​ក្លាយ​ជា​មនុស្ស​ចិត្ត​ធ្ងន់​… ។ មាន​ពេល​មិន​តិច​ទេ​ដែល​ពួក​យើង​ខក​បំណង​ ពួក​យើង​ឈឺ​ចាប់​និង​ហត់​នឿយ​… ជួប​មនុស្ស​ដែល​យើង​មិន​គួរ​ជួប ស្រលាញ់​មនុស្ស​ដែល​យើង​មិន​គួរ​ស្រលាញ់ លះ​បង់​ចំពោះ​មនុស្ស​ដែល​មិន​គួរ​លះ​បង់​​… ​គ្រប់​យ៉ាង​អាច​ជា​ការ​​បរាជ័យ​និង​ភាព​ជា​សោក​សៅ​ ប៉ុន្តែ​​យើង​ត្រូវ​​ស្វែង​​រក​ចំនុច«​វិជ្ជមាន​​»ពី​ពួក​គេ ។ សំនួរ​នៅ​ត្រង់​ថា​តើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ប្រភេទ​បែប​នោះ​ដែរ​ឬ​​ទេ​? អ្នក​នឹង​ខ្ញុំ​ច្បាស់​ជា​មាន​ចម្លើយ​តែ​មួយ​គឺ​«​មិន​ចង់» ។ ហេតុ​ផល​ដែល​យើង​មិន​ចង់​ព្រោះ​យើង​យល់​ពី​អារម្មណ៍​ដែល​ប៉ះ​ទង្គិច​​ ថា​តើ​វា​មាន​រសជាតិ​ពិបាក​លេប​ប៉ុណ្ណា​? ដូច្នេះ​ក្នុង​នាម​ជា​មនុស្ស​មាន​មនសិការ​ម្នាក់​ យើង​ច្បាស់​ជា​មិន​បញ្ច្រក​ឲ្យ​នរណា​ម្នាក់​នូវ​រស​ជាតិ​អាក្រក់​បែប​នេះ។ ខ្ញុំ​នៅ​ទី​នេះ​កំពុង​តែ​ញញិម​និង​រីក​រាយ​ក្នុង​ចិត្ត​ប្រសិន​បើ​អ្ន​ក​ជ្រើស​យក​ចម្លើយ​«​មិន​អាច​ឬ​មិន​ចង់​» ។

រៀន​ពី​«ភាព​អវិជ្ជមាន​​ដើម្បី​ភាព​​វិជ្ជមាន» រៀន​ពី​មនុស្ស​អាក្រក់​ដើម្បី​ខ្លួន​យើង​ក្លាយ​ជា​មនុស្ស​ល្អ រៀន​ពី​មនុស្ស​ដែល​ខ្វះ​ខាត​ដើម្បី​ខ្លួន​យើង​ពេញ​លក្ខណៈ ។ ខ្ញុំ​ជឿ​ថា​មនុស្ស​ដែល​ចេះ​រៀន​និង​រៀន​ចេះ​ពី​«មេរៀន​ជីវិត​» គឺ​ជា​មនុស្ស​ដែល​ពេញ​លក្ខណៈ ដូចជា​ពាក្យ​ដែល​ខ្ញុំ​ធ្លាប់​​បាន​និយាយ​ពី​មុន​គឺ​«​ចេះ​ធ្វើ​មនុស្ស​» ចេះ​រស់​ ចេះ​ចុះ​សម្រុង​ ចេះ​បែង​ចែក ចេះ​​វិភាគ​និង​ចេះ​អនុវត្តន៍​​​។
ពួក​យើង​កើត​មក​គឺ​មាន​ជីវិត​តែ​មួយ​ដូច​គ្នា បើ​យើង​អាច​​​ប្រើ​ជីវិត​ក្នុង​ផ្លូវ​ដ៏​ត្រឹម​ត្រូវ «​មួយ​» គឺ​គ្រប់​គ្រាន់ ។ កុំ​អស់​សង្ឃឹម កុំ​ទម្លាក់​​ចោល​ការ​ព្យាយាម កុំ​បាត់​បង់​ជំនឿ​​ចិត្ត​និង​ការ​តស៊ូ… ។ ការ​ធ្វើ​អំពើ​អាក្រក់​វា​ស្រួល​ដូច​កាល​ដែល​អ្នក​យក​ជើង​ឈូស​ដុំ​ថ្ម​តូច​មួយ​ឲ្យ​ធ្លាក់​ពី​លើ​កំពូល​ភ្នំ ក្នុង​ខណៈ​ដែល​ការ​ធ្វើ​អំពើ​ល្អ​វា​ពិបាក​ដូច​ជា​ការ​ដែល​អ្នក​លើក​ដុំ​ថ្ម​ដ៏​ធំ​ឡើង​លើ​កំពូល​ភ្នំ ប៉ុន្តែ​អ្នក​ពិត​ជា​មិន​បោះ​បង់​វា​នោះ​ទេ​មែន​ទេ?

%d bloggers like this: