jump to navigation

ពេលវេលាសម្រាប់មនុស្សពីរនាក់… 05/12/2015

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន, សៀវ​ភៅ​កំណត់​ហេតុ​.
5 comments

មួយឆ្នាំហើយ…​ មួយឆ្នាំដែលយើងទាំងពីរនាក់បានកាន់ដៃគឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នា។​ ពេលសប្បាយ រីករាយ ទុក្ខសោក… វាមិនតិចទេសម្រាប់មនុស្សពីរនាក់។ ពិភពលោកបានវិលជាច្រើនជុំទម្រាំតែអាចឲ្យខ្ញុំនិងគាត់បានជួបគ្នាជាថ្មី។​
៣៦៥ថ្ងៃ ដែលខ្ញុំអាចកាន់ដៃមនុស្សដែលនៅក្នុងក្តីស្រម៉ៃ ទេាះបីជានិស្ស័យបានត្រឹមតែជួបក្នុងលក្ខខណ្ឌដ៏តឹងតែងមួយក៏ដោយ។ ខ្ញុំពិតជាមិនដឹងថាតើអាចមានមួយឆ្នាំបែបនេះប៉ុន្មានដងក្នុងមួួយឆាកជីវិត?

អរគុណសម្រាប់ចំណាយពេលវេលាកន្លងមកជាមួយគ្នា ទេាះបីក្នុងចិត្តរបស់បងមានអូនតិចក្តី មិនច្រើនលើសលប់ក្តី… អូនបានទទួលយករួចហើយ។ សេចក្តីស្រលាញ់មួយនេះមិនមានពាក្យថាស្តាយក្រោយ ព្រេាះអ្វីដែលអូនធ្វើបានគឺអូនធ្វើអស់ទៅហើយ ក៏បានធ្វើអស់លទ្ធភាពនិងល្អបំផុត។
សេចក្តីស្រលាញ់និងការលះបង់ដ៏ធំធេងក្នុងមួយជីវិត ជាមួយភក្តីភាពនិងការព្រួយបារម្ភរបស់អូនមានតែប៉ុណ្ណេះជូនបង។ សុំទោសមនុស្សជាទីស្រលាញ់ដែលអូនមិនអាចផ្តល់ឲ្យបងច្រើនជាងនេះ។

maxresdefault

សុរិយារៀបលិចហើយ បន្សល់នៅពន្លឺពណ៌មាសដ៏សែនស្រស់ស្អាតនៅលើផ្ទៃទឹកនិងរុក្ខជាតិទាំងឡាយ។ ទីបំផុតមួយថ្ងៃក៏កន្លងផុតទៅ សង្ឃឹមថាបងនឹងមានសេចក្តីសុខ សុភមង្គលនៅលើវិថីជីវិតដ៏ជោគជ័យមួយ។​ បើមិនហួសហេតុពេកទេអូនសង្ឃឹមថា១៨ឆ្នាំក្រោយពួកយើងអាចជួបគ្នាម្តងទៀត។​
ប្រសិនបើពេលនេះទេវតាអាចប្រទានពរឲ្យអូន អូននឹងសុំឲ្យអូនអាចកាន់ដៃបងរៀងរាល់ថ្ងៃសម្រាប់ពេលវេលាដែលសេសសល់ពេញមួយជីវិត…។

ចេះហត់ 15/08/2015

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន, សៀវ​ភៅ​កំណត់​ហេតុ​.
1 comment so far

ខ្ញុំកើតមកមានជិវិតតែមួយ វាគ្រាន់តែជាបំណែកដ៏សែនតូចក្នុងចក្រករវាលនេះ។ រស់នៅបានយូរប៉ុណ្ណា ល្អប៉ុណ្ណា…? ផ្លូវងងឹត បន្លា ឈឺចាប់ ពិបាក សប្បាយច្រើនប៉ុណ្ណា? មានតែខ្ញុំទេដែលដឹងច្បាស់ ។ ភាគច្រើនខ្ញុំធ្វើការ ទៅណាមកណា និងសូម្បីតែពេលបរិភោគអាហារគឺម្នាក់ឯង មើលមកខ្ញុំដូចជាមនុស្សដែលស្ងប់ស្ងាត់បន្តិចមែន ។ រាល់ថ្ងៃខ្ញុំចូលចិត្តដាក់សំនួរនិងរកចម្លើយតែម្នាក់ឯង ។ ឆ្លងកាត់រសជាតិជីវិតល្វីងជូរចត់និងពោពេញដោយឧបសគ្គស្អេកស្កះ ធ្វើឲ្យខ្ញុំលែងទុកចិត្តមនុស្ស លែងទុកចិត្តអ្នកនៅជុំវិញខ្លួន ។ ខ្ញុំចូលចិត្តប្រើខួរក្បាលធ្វើការវាស់វែងនិងវិភាគបញ្ហា បែកជាអូរហូរជាស្ទឹង វែងនិងឆ្ងាយជាប្រចាំ ។ ខ្ញុំបានរកឃើញថាវាស្មុគស្មាញនិងមិនស្រណុកក្នុងចិត្ត ប៉ុន្តែខ្ញុំក៏រកឃើញថាឆ្លងកាត់អ្វីដែលខ្ញុំបានគិតនិងគូសវាសទុកមុននេាះភាគច្រើនគឺជាការពិត ហើយថ្ងៃមួយលទ្ធផលក៏លេចឡើងជាក់ច្បាស់ ។ 

សំនួរដែលខ្ញុំដាក់ចំពេាះខ្លួនឯងនាពេលនេះគឺជាសំនួរដែលមនុស្សគ្រប់គ្នាតែងតែលើកឡើងថា តើនៅលើលោកនេះមានអ្វីដែលជាឋិតថេរ?
អ្នកប្រាដកជាឆ្លើយយ៉ាងខ្លីប្រាប់ខ្ញុំថា «គ្មានទេ» ។ «គ្មាន» ក៏ព្រេាះតែពួកយើងយល់ពីពាក្យ«ទទេស្អាត»ដូចគ្នា ។ ពួកយើងកើតមកប្រៀបដូចជាក្រដាសសមួយសន្លឹក ហើយក៏ស្លាប់ទៅវិញក្លាយជាផេះផង់ ។ ក្នុងកំឡុងពេលដែលនៅមានជិវីតរស់នៅ ពួកយើងបានបង្កើតក៏ដូចជាជួបរឿងរ៉ាវជាច្រើនមិនថាសប្បាយឬកើតទុក្ខ សើចឬយំ… ។
សព្វថ្ងៃមនុស្សបានប្រញាយដណ្តើមគ្នាគ្រប់យ៉ាងទាំងលុយកាក់ កិត្តិយស មុខមាត់ ភាពល្បីល្បាញ… ដើម្បីសម្ញែង គឺរាប់តាំងពីរបស់បន្តិចបន្តួចដល់ធំដំុ… និងរហូតដល់ដណ្តើមមនុស្ស ដណ្តើមក្តីស្រលាញ់ ដណ្តើមបេះដូង ដណ្តើមខ្លួនប្រាណ ចង់ឈ្នះមិនចង់ចាញ់ ។ នេះក៏ជារបស់អញ នេាះក៏ជារបស់អញ មួយនេះឯងប៉ះមិនបាន មួយនេាះឯងយកមិនកើត… នេះមិនដោយសារការចង់បានហួងហែង ហើយចំណង់តណ្ហាបានធ្វើឲ្យអ្នកនិងខ្ញុំភ្លេចអ្វីដែលហៅថា «ហត់» ។ អ្នកខ្លះចាប់ផ្តើមច្រណែនមួម៉ៅ ឈ្លេាះប្រកែក តវ៉ាប៉ោងសសៃក… តើនេះមិនមែនជាការបង្កាត់ភ្លើងដុតខ្លួនឯងទេ? ដុតចុះដុតឡើង ដុតឲ្យកាន់តែក្តៅ កាន់តែឆេះរោលរាល កាន់តែខ្លោច ចំណែកនៅទីបញ្ចប់លទ្ធផលចុងក្រោយដែលទទួលបានគឺគ្រាន់តែជាធ្យូងនិងផេះ ។ ឈ្ងៀមឡប់!!!

033

និយាយតាមត្រង់មិនមានលាក់បាំងទេ ហែលឆ្លងរលកជីវិតជាច្រើនមក ខ្ញុំនៅតែនិយាយពាក្យដដែល ខ្ញុំគ្រាន់តែជាមនុស្សបរាជ័យម្នាក់ ។ បើខ្ញុំចង់សប្បាយចិត្តបន្តិចខ្ញុំអាចនិយាយថា ខ្ញុំគ្រាន់តែមិនទាន់ក្លាយជាមនុស្សជោគជ័យម្នាក់ប៉ុណ្ណេាះ ។ ខ្ញុំចេះតែយល់ថាជីវិតខ្ញុំទទេស្អាត មិនមានគ្រប់យ៉ាង សូម្បីតែក្តីស្រលាញ់ដែលគង់វង្សនឹងធឹងពិតប្រាដកមួយនៅក្នុងចិត្ត ។ ខ្ញុំចេះតែគិតម្នាក់ឯង ធ្វើម្នាក់ឯង លះបង់ម្នាក់ឯង… ព្រេាះខ្ញុំជឿថាថ្ងៃណាមួយសុបិនរបស់ខ្ញុំនឹងកើតឡើងប្រាដកមែន ប៉ុន្តែ… ប៉ុន្តែការពិត… ជាច្រើនដង អ្វីក៏មិនមែន អ្វីក៏មិនដូច ។ ការចង់សម្រេចក្តីប្រាថ្នាបានធ្វើឲ្យខ្ញុំភ្លេច«ហត់» ភ្លេច«នឿយ» ភ្លេច«លំបាក» ភ្លេច«ឈឺ»… រហូតដល់«ភ្លេច»ថា គ្រប់យ៉ាងជារឿង«កុហក» ។ កាន់តែប្រឹងទើបដឹងថាកាន់តែឆ្ងាយ ឆ្ងាយដាច់កន្ទុយភ្នែក ឆ្ងាយដូចជាជើងមេឃ មិនដូចជាជើងមុង។

រហូតដល់ម៉ោងនេះ ពេលនេះ ខ្ញុំអង្គុយសញ្ជឹងមើលជីងចក់នៅលើជញ្ជាំងផ្ទះតែម្នាក់ឯង… ហើយខ្ញុំរកឃើញថាលទ្ធផលដែលខ្ញុំទទួលបានគឺសូន្យ ហើយក្តីរំពឹងនេាះត្រូវបានរលាយដូចអំបិលត្រូវទឹក ។ ព្រេាះតែភាពទទេស្អាតបានវិលមករកខ្ញុំម្តងទៀត ទើបដឹងខ្លួនច្បាស់ថា ខ្ញុំពិតជា«ហត់»ណាស់ ។ ជាការពិតមួយ… អ្វីគ្រប់យ៉ាងសុទ្ធតែមិនមែនជារបស់យើង កាបូបរបស់អ្នកក៏អាចបាត់  ទូរស័ព្ទក៏អាចខូច ចានក៏អាចបែក ឯសក់ក៏អាចជ្រុះ សាច់ក៏អាចដាច់ចេញឈាម ភ្នែកក៏អាចខ្វាក់ ធ្មេញក៏អាចជ្រុះ… បេះដូងក៏អាចនឹងលែងលោត យើងក៏អាចស្លាប់ ។ មានតែគ្រប់គ្រងនិងថែរក្សាខ្លួនឲ្យបានល្អ ខ្ញុំគួរតែដាក់អម្រែកនេះចុះបើយល់ថាធ្ងន់ ខ្ញុំគួរតែកាត់ចំណងនេះចេញបើយល់ថាតឹង ។ ខ្ញុំគួរតែ«ហត់»និងសម្រាកឲ្យបានច្រើន ចំណែកខ្លួនគេ ខួរក្បាលគេ បេះដូងគេ ជីវិតគេ…  គេចេះចាត់ចែងហើយ ។ មើលចុះជំងឺពេញប្រាណ ស្គមសល់តែស្បែកនិងឆ្អឹង… ដើររកកលតែនឹងដួលសេាះ បើមិនទាំងចេះមើលថែខ្លួនបៀបនេះ សួរថាទៅបារម្ភនិងមើលថែគេឯងម្តេចបាន?

លើកមុនៗខ្ញុំចេះតែឃាត់ខ្លួនឯងថាមិនអាចហត់ មិនមានសិទ្ធិសម្រាក មិនមានសិទ្ធិឈឺ គឺពិតជាខុសស្រលះ ។ ខ្ញុំគឺគ្រាន់តែជាមនុស្សម្នាក់ បើទេាះគ្រឿងយន្តក៏ត្រូវមានពេលបញ្ឈប់ ចំណែកគោក៏ត្រូវមានពេលសម្រាកសីុស្មៅ… ។ ខ្ញុំត្រូវចេះទទួលយកការពិត ចេះលះបង់ ចេះដើរចេញ ចេះបញ្ចប់ ចេះអារចេះកាត់បំណែកដែលស្អុយរលួយ… ទាំងនេះទើបជាថ្នាំព្យាបាលភាពហត់នឿយឲ្យជាសះស្បើយបាន ។ មនុស្សដែលយល់ថាអាក្រក់ត្រូវតែព្រលែងគេទៅ បើយល់ថាគេល្អរក្សាទុក បើមិនទុកចិត្តកុំនៅក្បែរ គិតងាយធ្វើងាយ ឲ្យតែខ្ញុំនៅតែង៉ាងម៉ាស៊ីនបែបនេះបើមិនក្តៅម៉ាស៊ីនឆេះហុយផ្សែងស្លាប់ ទើបជារឿងចម្លែក ។

សុំទោសមិត្តអ្នកអានផង អ្នកអាចនឹងមើលមិនយល់ពីអ្វីដែលខ្ញុំសរសេរ ។ អត្ថបទនេះខ្ញុំសសេរឡើងដើម្បីទុកជាការខោកក្បាលខ្លួនឯងមួយដើម្បីឲ្យឈឺនិងចាំ ខ្ញុំចង់សរសេរតាំងពីប៉ុន្មានថ្ងៃមុន ប៉ុន្តែទើបតែរកពេលបានយប់នេះ ។
អរគុណដែលបានចំណាយពេលចូលរួមអាន សូមជូនពរអ្នកគ្រប់គ្នា សំណាងល្អ សុខភាពល្អ ។
ដោយក្តីស្រលាញ់ពីចម្ងាយ

សុ ចិន្តា

រីករាយ​ថ្ងៃ​កំណើត​«៣៣»ឆ្នាំ​ 29/05/2015

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន, សៀវ​ភៅ​កំណត់​ហេតុ​.
4 comments

«​រីករាយ​ថ្ងៃ​ខួប​កំណើត​» ស្ដាប់​ទៅ​ដូច​ជា​ឆ្គង​ ព្រោះ​តាំង​ពី​អាយុ​កាន់​តែ​ច្រើន វ័យ​កាន់​តែ​ជ្រេ​ ខ្ញុំ​ចេះ​តែ​យល់​ថា​ពាក្យ​នេះ​គឺ​សម្រាប់​ក្មេង​ៗ​ប្រើ​ទៅ​វិញ ។​ ជាង​បី​ទសវត្ស​ហើយ​ដែល​ខ្ញុំ​បាន​ផ្ញើ​ដួង​ព្រលឹង​នៅ​ក្នុង​ខ្លួន​ប្រាណ​ដែល​មាន​រូប​រាង​បែប​នេះ ហើយ​អស់​រយៈ​ពេល​សាមសិប​បី​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​បាន​ដណ្ដើម​គេ​ឯង​ដក​ដង្ហើម​រស់​នៅ​លើ​លោក​សន្និវាស ។ បើ​និយាយ​ឲ្យ​លំអិត​ខ្ញុំ​មាន​ជីវិត​ដោយ​ឆ្លង​កាត់​១២,០៥២ (ដប់​ពី​ពាន់​ហា​សិប​ពីរ)​ថ្ងៃ និង​មាន​ចំនួន​ ១,៧២១.៧ (មួយ​ពាន់​ប្រាំ​ពីរ​រយ​ម្ភៃ​មួយ​និង​ប្រាំពីរ) សប្ដាហ៍ ។ អ្វី​ដែល​ខ្ញុំ​ត្រូវ​ចាំ​គឺ​មាន​មនុស្ស​ដែល​កើត​ក្នុង​ថ្ងៃ​ជា​មួយ​ខ្ញុំ​គឺ​មាន​រហូត​ដល់​ ៣៩៧,០០០ (​បី​រយ​កៅ​សិប​ប្រាំ​ពីរ​ពាន់​)​នាក់​ក្នុង​ពិភព​លោក​ ហើយ​បើ​​គិត​ជា​ម៉ោង​និង​នាទី​វិញ​គឺ​ខ្ញុំ​មិន​ចាំ​បាច់​រៀប​រាប់​ពី​អ្វី​ផ្សេង​នោះ​ទេ ​ប្រហែល​ជា​អាច​​ធ្វើ​ឲ្យ​អ្នក​អាន​លើក​កុំ​កុំព្យូទ័រ​​បោះ​ទៅ​ដី​បាត់​ក៏​ថា​បាន ។​
មាន​អ៊ុំ​ស្រី​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា លេខ​«៣»​នៅ​ក្នុង​ក្បួន​ចិន​គឺ​ជា​លេខ«​ប្រឹង» ដូច្នេះ​ខ្ញុំ​ត្រូវ​ប្រឹងប្រែង​​ពីរ​ដង​ប្រើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន ដើម្បី​ជោគ​ជ័យ​មួយ​ ។ ខ្ញុំ​ចេះ​តែ​នឹក​ពាក្យ​របស់​គាត់​ហើយ​សើច​តែ​ម្នាក់​ឯង ទ្រឹស្ដី​បែប​នេះ​ខ្ញុំ​និង​អ្នក​ក៏​ចេះ​និយាយ​ដែរ បើ​មិន​ប្រឹង​សួរ​ថា​តើ​មាន​ជោគជ័យ​ដោយ​វិធី​ណា?

dada1

ឆ្លងកាត់​ជា​ច្រើន​ឆ្នាំ​ទី​បំផុត​ខ្ញុំ​បាន​ទទួល​យក​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ពេល​វេលា​ក្នុង​ការ​ទទួល​យក​ភាព​ជា​ «ស្ត្រី​» មួយ​រូប ។ អរគុណ​សម្រាប់​គ្រប់​គ្នា​ដែល​បាន​ដើរ​ចូល​ជីវិត​ខ្ញុំ បើ​ទោះ​បី​ផ្ដល់​ភាព​អវិជ្ជមាន​ឬ​វិជ្ជមាន​ក្ដី​ខ្ញុំ​នៅ​តែ​នៅ​ទី​នេះ​រីករាយ​ចាំ​ទទួល​និង​រៀន​សូត្រ​បន្ត​ ។ ថ្ងៃ​នេះ​ខ្ញុំ​សូម​បង្ហាញ​មុខ​ខ្លួន​ឯង​ក្នុង​នាម​ជា​ម្ចាស់​ប្លក់​និង​ជា​ម្ចាស់​អត្ថបទ​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​​អាន ហើយ​អត្ថបទ​ដ៏​សង្ខេប​មួយ​នេះ​​ក៏​ចាត់​ទុក​ជា​ការ​រំលឹក​អនុស្សាវរីយ៍​​​​សម្រាប់​ថ្ងៃ​កំណើត​​អាយុ​​​សាម​សិប​បី​ឆ្នាំ​របស់​ខ្ញុំ ។

យប់​មួយ​នៅ​ក្លឹប​កម្សាន្ត​ 23/02/2015

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន, សៀវ​ភៅ​កំណត់​ហេតុ​.
6 comments

តាម​ការ​ស្លៀក​ពាក់​របស់​ខ្ញុំ​រាល់​ថ្ងៃ​មើល​ទៅ​ដូច​ជា​ស្អាត​បាត​និង​​ហំ ហាន​​ខ្លាំង​​ណាស់ ប៉ុន្តែ​នរណា​ហ៊ាន​និយាយ​ថា​សំលៀក​បំពាក់​គឺ​ជា​អ្វី​គ្រប់​យ៉ាង​របស់​មនុស្ស​? ភាគ​​ច្រើន​ដែល​ពួកគេ​​មើល​ខ្ញុំ​ខុស​ ខុស​ព្រោះ​តែ​សម្បក​ក្រៅ​នេះ​ឯង ។​
ការពិត​ពេល​ដែល​ណាត់​គ្នា​ម្ដង​ៗ ខ្ញុំ​ដូច​ជា​អ្នក​ស្រែ​ចូល​​ក្រុង មិន​ដឹង​ផ្លូវ​ណា​ជា​ផ្លូវ​ណា​ទេ មាន​ពេល​ខ្លះ​មិត្ត​ភក្តិ​ខ្ញុំ​និយាយ​ពន្យល់​ទី​តាំង​ស្ទើរ​តែ​អស់​មួយ​កំណាត់​ថ្ងៃ​ក៏​ខ្ញុំ​នៅ​តែ​មិន​ដឹង​ ស្ដាប់​មិន​យល់ ។ គិត​ទៅ​ដូច​ជា​រឿង​ដែល​គួរ​ឲ្យ​ចង់​សើច​ អាយុ​ប៉ុណ្ណេះ​ហើយ​ នៅ​ទី​ក្រុង​យូរ​រាប់​ឆ្នាំ​នឹង​គេ​ដែរ ប៉ុន្តែ​ដូច​ជា​ភាំង​ៗ​។
និយាយ​តាម​ត្រង់​ឡាន​ដែល​ខ្ញុំ​ជិះ​រាល់​ថ្ងៃ​ ក្រៅ​ពី​កន្លែង​ធ្វើការ​ទៅ​ផ្ទះ ពី​​ផ្ទះ​ទៅ​កន្លែង​ធ្វើការ រាប់​តែ​ផ្លូវ​បន្តិច​ក៏​ខ្ញុំ​វង្វេង​បាត់​ទៅ​​ហើយ ។

យប់​ថ្ងៃ​សៅរ៍​មួយ ​បង​ប្អូន​ខ្ញុំ​បាន​បបួល​គ្នា​ទៅ​ក្លឹប​កម្សាន្ត​មួយ​ ជា​កន្លែង​រាំ​រែង ។ គេ​ប្រាប់​ថា​កន្លែង​នោះ​ «​កាលីប» ណាស់ សុទ្ធ​តែ​អភិជន​ចូល​ទៅ​​ហើយ​វា​សប្បាយ​… ។
ពាក់​កណ្ដាល​ជីវិត​ហើយ ពាក្យ​ដែល​ខ្ញុំ​សួរ​ខ្លួន​ឯង​គឺ «ដប់​ឆ្នាំ​មាន​ពេល​សប្បាយ​បែប​នេះ​ប៉ុន្មាន​ដង​?» ព្រោះ​វា​មិន​មែន​ជា​ចំណូល​ចិត្ត​ខ្ញុំ ។ ណ្ហើយ! ចាត់​ទុក​ថា​បើក​ចិត្ត​ បើក​ភ្នែក​ឲ្យ​ទូលាយ​រៀន​ចូល​សង្គម​គេ​ខ្លះ​ចុះ ។
ពួក​យើង​បាន​ចូល​ទៅ​កាន់​ក្លឹប​កម្សាន្ត​មួយ​កន្លែង​ដែល​ល្បី​ឈ្មោះ​គួរ​សម (​សូម​មិន​បង្ហាញ​ឈ្មោះ​) ។ វា​មិន​មែន​ជា​កន្លែង​អាស​អាភាស​ស្អី​នោះ​ទេ គ្រាន់​តែ​ជា​ក្លឹប​រាំ​លេង​បែប​សប្បាយ​ៗ​ធម្មតា​តែ​ប៉ុណ្ណោះ​ ។
ខ្ញុំ​ខំ​តែង​ខ្លួន​ ស្លៀក​ពាក់​ស្អាតបាត​​​ ។ មើល​ទៅ​ខ្លួន​ឯង​យប់​នេះ​គឺ​ពិត​ជា​ស្រស់​ស្អាត​ខុស​ពី​សព្វ​ដង​​​ ប៉ុន្តែ​ពេល​ចូល​ទៅ​ដល់​ទី​នោះ​​ទើប​យល់​ថា​ខ្ញុំ​ចម្លែក​ខុស​គេ​ ខ្ញុំ​ទ្រាំ​ទប់​សើច​នឹង​ខ្លួន​ឯង​មិន​ចង់​បាន​។ ស្រី​ៗ​ក្មេង​ៗ​ទាំង​នោះ​មួយ​ណា​ដែល​មិន​ស្លៀក​ពាក់​ខ្លី អាវ​វាល​ក​បញ្ចេញ​សាច់​ទ្រលុក​ទ្រលន់​មួយ​ទំហឹង សាច់​គេ​​ស​ខ្ចី​ដូច​សាច់​ដូង ខ្លួន​ប្រាណ​សែន​​ឈ្ងុយ​​ឈ្ងប់ គ្រាន់​តែ​ដើរ​ជិត ​ខ្ញុំ​ឯ​ណេះ​ចង់​ឈ្លក់​… ។

night-club

នៅ​ទី​នោះ​មាន​បុគ្គលិក​មើល​ទៅ​មាន​អំណាច​ច្រើន​នាក់ ស្លៀក​ពាក់​ពណ៌​ខ្មៅ… ឈរ​ត្រៀម​ត្រា​ជា​ពិសេស​គេ​ឈរ​ជិត​អ្នក​ដែល​ស្រវឹង​រាំ​ច្រងេងច្រងាង​​ ។ ពួក​យើង​បាន​ហៅ​ស្រា​ក្រហម​មក​ផឹក​ ឆ្លង​កាត់​ការ​ស្រវឹង​ប៉ុន្មាន​ដង​មក​ ខ្ញុំ​ចាប់​ផ្ដើម​ឆ្លាត គឺ​ចេះ​ធ្វើ​ផឹក​កុហក​គេ​ កែវ​ជុល​រហូត​… ជល់​ប៉ុន្មាន​ដង​ក៏​នៅ​តែ​ប៉ុណ្ណឹង ។ សម្រាប់​ខ្ញុំ​ស្រា​ប្រភេទ​ណា​​ក៏​យល់​ថា​មិន​ឆ្ងាញ់ ហើយ​ពេល​ស្រវឹង​គឺ​​មហា​សែន​ពិបាក​ ។
ខ្ញុំ​ចាប់​ផ្ដើម​ឆ្កួត​ទៀត​ហើយ យល់​ថា​មនុស្ស​យើង​គឺ​ដូច​ជា​មិន​សូវ​គ្រប់​ ។ ស្រា​ល្វីង​ក៏​ទ្រាំ​លេប ពេល​លេប​យូរ​ៗ​​ទៅ​ក៏​​ប្ដូរ​និស្ស័យ ខ្លះ​និយាយ​ឡែ ខ្លះ​ទៀត​បន្លំ​ស្ទាប​ស្រី​ៗ​​ ខ្លះ​ចេញ​ក្បាច់​កាប់​ចាក់​គ្នា បោក​កែវ​ចាន​ឆ្នាំង… ។ ដឹង​ថា​ផឹក​ប្រពន្ធ​ជេរ​ក៏​នៅ​តែ​ផឹក ដឹង​ថា​ផឹក​ប្រពន្ធ​លែង​ក៏​នៅ​តែ​ផឹក ដឹង​ថា​ផឹក​ឈឺ​ហើយ​អស់​លុយ​ក៏​នៅ​តែ​ផឹក​… ។ ខ្ញុំ​គិត​ថា​មនុស្ស​ប្រភេទ​នេះ​ជា​មនុស្ស​ល្ងង់​បំផុត មនុស្ស​ដែល​ចេះ​ផឹក​ពិត​ប្រាកដ​គឺ​​ផឹក​ឲ្យ​មាន​កម្រិត​ ផឹក​ពោរពេញ​​ដោយ​ការ​ទទួល​ខុស​ត្រូវ ផឹក​មិន​អំពល់​ទុក្ខ​ដល់​ខ្លួន ដល់​អ្នក​ដទៃ​និង​សង្គម​… ។​

ចំពោះ​ខ្ញុំ​មិន​ពិបាក​ទេ​ក្នុង​សម្រប​ខ្លួន​ក្នុង​សង្គម បើ​ទៅ​រាំ​ក៏​រាំ​បាន បើ​ទៅ​ច្រៀង​ក៏​ច្រៀង​បាន​ តែ​រាំ​មិន​ស្អាត​ច្រៀង​មិន​ពីរោះ​​គឺ​មិន​ដឹង ប៉ុន្តែ​​នរណា​ខ្វល់?​
នៅ​ក្នុង​ក្លឹប​ដ៏​ងងឹត​មាន​តែ​ភ្លើង​ភ្លឹប​ភ្លែត បាញ់​ចុះ​បាញ់​ឡើង ឆ្វេក​​ឆ្វាច​ ខ្ញុំ​មិន​បាន​យល់​ថា​ខ្លួន​ឯង​ស្រវឹង​ស្រា​ក្រហម​ប៉ុន្មាន​កែវ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​យល់​ថា​ខ្លួន​ឯង​​​ស្រវឹង​ពុល​នឹង​ភ្លើង​ទាំង​នោះ​ទៅវិញ​ ។ ខ្ញុំ​​​សម្លឹង​​មើល​លើ​ជញ្ជាំង​ដែល​មាន​បាញ់​ផ្សែង​ពណ៌​សរ​ដូចជា​ពពក ។ ចេះ​តែ​នឹក​ឆ្ងល់​ថា​គេ​បាញ់​ផ្សែង​ហ្នឹង​ចេញ​មក​ធ្វើ​អី​? ក៏​មិន​ហ៊ាន​សួរ​គេ​ព្រោះ​ខ្លាច​គេ​ចំអក​ឲ្យ ។
យប់​កាន់​តែ​ជ្រៅ​មនុស្ស​កាន់​តែ​ច្រើន​ ច្រើន​ឡើង​ណែន​រក​ច្រក​ដើរ​មិន​ឃើញ រក​កន្លែង​ឈរ​មិន​ចង់​បាន​។ សព្វថ្ងៃ​​ដោយ​សារ​បរិយាកាស​សង្គម​ ការ​ធ្វើការ​ បង្កើត​មុខរបរ​រក​ស៊ី​ផ្សេង​ៗ… ​ពោរពេញ​ដោយ​ការ​ប្រកួត​ប្រជែង​ខ្លាំង ទើប​បណ្ដាល​​ឲ្យ​​​ផ្លូវ​ចិត្ត​មនុស្ស​ដូច​ជា​រង​គំនាប​មួយ​ ដូច្នេះ​ពួក​គេ​ត្រូវ​ការ​ការ​សម្រាក​និង​ស្វែង​រក​ការ​សប្បាយ​មជ្ឈដ្ឋាន​ខាង​ក្រៅ​​​​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ប៉ះប៉ូវ​និង​កាត់​បន្ថយ​ភាព​តានតឹង​ផ្នែក​ផ្លូវ​ចិត្ត​ទាំង​នោះ​ ។ បើ​ប្រៀប​ធៀប​ប៉ុន្មាន​ឆ្នាំ​មុន មនុស្ស​រក​លុយ​សម្រាប់​ទុក​ក្នុង​ផ្ទះ​ដើម្បី​ត្រៀម​ក្នុង​ពេល​មាន​អាសន្ន​ប៉ុណ្ណោះ ។

មើល​ឃើញ​មាន​មនុស្ស​ស្ត្រី​ប្រុស​ជា​ច្រើន ​ពួក​គេ​ដូច​ជា​មនុស្ស​ក្រៅ​ភព​ព្រោះ​លក្ខណៈ​ពួក​គេ​គឺ​ចម្លែក​ៗ ។ ខ្ញុំ​ចាប់​ផ្ដើម​ធុញ​ថប់​នៅ​​ទី​នោះ ក្នុង​ខណៈ​ដែល​ភ្លេង​កាន់​តែ​ញាប់​ បេះ​ដូង​កាន់​តែ​លោត​រក​តែ​សម្រាក​ដក​ដង្ហើម​ឲ្យ​ស្រួល​មិន​បាន​។ ខ្ញុំ​ចាប់​ផ្ដើម​គិត​​ឆ្កួត​ៗ​​​ទៀត​ហើយ ចេះ​តែ​នឹក​ថា​បើ​ចាក់​ភ្លេង​នៅ​ផ្ទះ​រាំ​ប្រហែល​ជា​ស្រួល​ជាង មនុស្ស​ចាំ​បាច់​មក​​ប្រជ្រៀត​គ្នា​រាំ ដោយ​ក្បាល​ស្ទើរ​តែ​ទង្គិច​គ្នា​។ ស្រមៃ​មើល​ទៅ​មាន​ខុស​អី​​​ពី​ដង្កូវ​នៅ​ក្នុង​ក្រឡ​ប្រហុក​របស់​អ៊ុំ​ខ្ញុំ​នោះ​ទេ ហើយ​​​ក៏​មិន​ខុស​ពី​ដង្កូវ​ក្នុង​បង្គន់​ជំនាន់​មុន​ដែរ ។

កន្លែង​ហ្នឹង​ហើយ​ដែល​គេ​ហៅ​ថា​«ក្លឹប» ដែល​មនុស្ស​ជា​ច្រើន​ជា​ពិសេស​ក្មេង​ៗ​​​ចូល​ចិត្ត​​ ។ នឹក​ដល់​ពេល​ទូរស័ព្ទ​​កក់​កន្លែង​គេ​ថា​ពេញ​អស់​ហើយ កន្លែង​ពិសេស​ៗ​គេ​ទុក​ឲ្យ​ភ្ញៀវ​ប្រចាំ​របស់​គេ មាន​ភ្ញៀវ​ខ្លះ​មាន​ដល់​កាត​ វី អាយ​ ភី ដែល​គេ​មក​រាល់​ចុង​ថ្ងៃ​សម្រាក​​​  ។ ខ្ញុំ​គិត​ថា​សង្គម​ដែល​ខ្ញុំ​រស់​នៅ​គឺ​កាន់​តែ​ប្លែក​ ព្រោះ​កន្លែង​អាន​សៀវភៅ​ដូច​ជា​គ្មាន​មនុស្ស​ចូល​រួម​កកកុញ​បែប​នេះ​ទេ បើ​ទៅ​បណ្ណាគារ​រក​ទិញ​សៀវភៅ​វិញ ស្ទើរ​តែ​រក​មនុស្ស​មិន​ឃើញ ។
មើល​ទៅ​ខ្ញុំ​គិត​ខុស​ហើយ ​មិន​មែន​ពួក​គេ​ចម្លែក​ទេ គឺ​ខ្ញុំ​បាន​ជា​មនុស្ស​ចម្លែក​ ព្រោះ​បើ​ខ្ញុំ​និយាយ​ជា​មួយ​នរណា​ម្នាក់​ពី​រឿង​នេះ​គេ​នឹង​គិត​ថា​ខ្ញុំ​ជា​មនុស្ស​ចុះ​មក​ពី​ពិភព​​ផ្កាយ​មិន​ខាន​ ។

Miscellanea-photo-book-bokeh
​រឿង​ដែល​សប្បាយ​ចិត្ត​គឺ​ខ្ញុំ​មិន​ស្រវឹង​ហើយ​អាច​បើក​ឡាន​ជូន​បង​ប្អូន​ត្រលប់​​មក​ដល់​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព ។ ឆ្លងកាត់​យប់​នេះ​និង​យប់​ជា​ច្រើន​បន្ត​បន្ទាប់​កន្លង​មក​ ទើប​យល់​​ថា​ទី​កន្លែង​នោះ​មិន​សម​នឹង​ខ្ញុំ​ឡើយ ។ ប្រហែល​មួយ​ឆ្នាំ​អាច​ទៅ​បាន​ម្ដង​ឬ​ពីរ​ដង​​​​ ចាត់​ទុក​ថា​ការ​រាំ​នេះ​​ជា​ការ​ហាត់​ប្រាណ​ពេល​រាត្រី​ទៅ​ចុះ ។​
ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ចូល​រួម​រៀន​សូត្រ​​ ស្វែង​យល់​ពី​គ្រប់​យ៉ាង​ថ្មី​ៗ​ដែល​មាន​ក្នុង​សង្គម​ ។ ត្រូវ​ឬ​ខុស ស្រលាញ់​​ឬ​ស្អប់​នៅ​តែ​ជា​ជម្រើស​របស់​ខ្ញុំ ។​ មាន​រឿង​ខ្លះ​ទាល់​តែ​​យើង​ឆ្លង​កាត់​​ ទើប​ដឹង​ពី​ទីតាំង​ដែល​ខ្លួន​ឯង​កំពុង​ឈរ​និង​ដឹង​ច្បាស់​ថា​ខ្លួន​ឯង​ជា​នរណា​ឲ្យ​ប្រាកដ​​ ។ ​វា​មិន​ខុស​ពី​​ពាក្យ​ដែល​ឆាវឆាវ​ (ក្នុង​រឿង​សាម​កុក) បាន​និយាយ​នោះ​ទេ​​៖ «​ដើរ​កាត់​ផ្នូរ​ខ្មោច​ទើប​ដឹង​ថា​​​ខ្លួនឯង​​​នៅ​រស់​» ។​

ខ្ញុំ​នៅ​តែ​អាច​ស្វែង​រក​ការ​សប្បាយ​ដែល​ខ្លួន​ឯង​ត្រូវ​ការ និង​ជា​ចំណូល​ចិត្ត​ដ៏​ពិត​ប្រាកដ​ ក្រៅ​ពី​អាន​សៀវភៅ ធ្វើ​ម្ហូប ខ្ញុំ​នៅ​អាច​ញុំា​កាហ្វេ ញុំា​តែ… ​ស្ដាប់​ភ្លេង​ ជួប​ជុំ​មិត្តភ័ក្ដិ…​ ជជែក​ពី​សង្គម ពី​នេះ​ពី​នោះ​… ហើយ​ទទួលយក​​បទ​ពិសោធន៍​ថ្មី​ៗ​រវាង​គ្នា​និង​គ្នា​ ទាំង​នេះ​ជា​ការ​សម្រាក​និង​ការ​ជួប​ជុំ​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ ដោយ​​ខ្ញុំ​​ក៏​មិន​ដែល​គិត​ថា​នឹង​​ផ្លាស់​ប្ដូរ​វា​​​ម្ដង​ណា​នោះ​ទេ​​ ។ 

%d bloggers like this: