បញ្ញា ក្មេងស្រីអូទីសឹម 12/03/2020
Posted by មានសង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន, សៀវភៅកំណត់ហេតុ.add a comment
នៅពេលដែលខ្ញុំបានអានសៀវភៅមួយក្បាលដែលមានចំណងជើងថា «ស្នេហានិងការពិត» ធ្វើឱ្យខ្ញុំនឹកដល់រឿងចាស់ៗនៅក្នុងអតីតកាល ។ ខ្ញុំអានដល់រឿង៤ ដែលមានចំណងជើងថា «ស្ត្រីជួសកៅអីចំបើង» ធ្វើឱ្យខ្ញុំនឹកដល់ក្មេងស្រីម្នាក់(មិនចាំឈ្មោះ)នៅក្បែរផ្ទះរបស់ខ្ញុំកាលពីកំឡុងទសវត្សរ៍ឆ្នាំ៩០ ។ ខ្ញុំអានរឿងនេះ ត្រឹមពាក់កណ្តាលប៉ុណ្ណោះក៏ស្រាប់តែនឹកដល់នាង ហើយចាប់ផ្តើមសរសេរនៅទីនេះ ។ បញ្ញា (ឈ្មោះដែលខ្ញុំដាក់ឱ្យនាង) គឺជាក្មេងស្រីដែលកើតជំងឺ អូទីសឹម ពួកយើងមិនដឹងថានាងកើតជំងឺអ្វីទេ ព្រោះកាលជំនាន់នោះ យើងមិនទាន់ស្គាល់ជំងឺនេះនៅឡើយ។
បញ្ញា ជាក្មេងស្រីដែលមានអាយុស្របាលខ្ញុំ នាងមានចរិតស្លូតបូត នាងមិនដែលវាយធ្វើបាបឬរករឿងនរណាម្នាក់ឡើយ ។ នាងចូលចិត្តលេងជាមួយក្មេងៗដទៃទៀត ប៉ុន្តែរឿងដែលអាក្រក់បំផុត ក្មេងៗនៅម្តុំខ្ញុំ គ្មាននរណាលេងជាមួយនាងនោះទេ មិនតែប៉ុណ្ណោះ ជារឿយៗនាងត្រូវបានគេវាយធ្វើបាប ។ នាងនិយាយមិនច្បាស់ និងចូលចិត្តចិត្តសើចដោយបានឃើញគេឯងលេងល្បែងកំសាន្តផ្សេងៗ ដូចជាលោតមឹក គប់វង់ លេងបាយឡុកបាយឡ ផ្ទាត់កៅស៊ូ…។ បញ្ញាមិនដែលបានចូលសាលារៀនទេ ជារឿយៗ នាងដើរលេងម្តុំៗជិតផ្ទះប៉ុណ្ណោះ…។ ពេលខ្ញុំរើមករស់នៅទីនេះ ខ្ញុំឃើញនាងរួចទៅហើយ ។ ជារឿយៗខ្ញុំបានឃើញក្មេងៗ លួចវាយនិងក្តិចនាង នៅលើដៃនិងមុខនាង មានស្នាមក្រចកស្ទើរសុះសាច់… ហើយសូម្បីតែមិត្តភក្តិខ្ញុំក៏ធ្លាប់វាយនាងដែរ ទោះបីនាងអង្គុយតែឯងមិនរំខាននរណាក៏ដោយ ។ ខ្ញុំយល់ថា ពួកគេទាំងនោះដូចជាខ្នាញ់នាងដោយអារម្មណ៍រើសអើង…។
ចំពោះខ្ញុំ ខ្ញុំគ្មានចំណែកណាមួយនៃហិង្សាលើរាងកាយនាងសូម្បីតែម្តង ជារឿយៗខ្ញុំតែងតែពនិត្យលើដៃជើងនាងជាមួយស្លាកស្នាមទាំងនោះ ។ ម្តងម្កាល នាងអង្គុយយំដោយមិនព្រមងើបទៅណា ដោយសុខចិត្តឱ្យពួកគេព្រួតវាយ ក្តិចតាមចិត្ត ។ ដោយសារខ្ញុំជាក្មេងដែលធ្លាប់រស់នៅជនបទ ខ្ញុំមិនធ្លាប់ស្គាល់ការរើសអើងនោះទេ ព្រោះតាមរបៀបក្មេងជនបទការស្មើរជារឿងធម្មតា ។ បងស្រីនិងខ្ញុំ តែងតែដេញនាងឱ្យត្រឡប់ទៅផ្ទះវិញ ដោយបន្លាចថាប៉ានាងនឹងមករកនាង មូលហេតុដោយសារនាងខ្លាចប៉ានាងជាងគេ ។ ពួកយើងមិនដឹងទេថា ហេតុអ្វីបានជានាងចូលចិត្តនៅខាងក្រៅ ដោយមិនដែលនឹកនាផ្ទះសោះ នេះអាចដោយសារតែភាពឯកោ…។
ផ្ទះរបស់បញ្ញាស្ថិតនៅឆៀងខាងកើតក្រោយផ្ទះរបស់ខ្ញុំ ។ ដោយសារផ្ទះរបស់ខ្ញុំស្ថិតនៅជាន់ទីពីរ ទើបស្រឡះអាចមើលឃើញផ្ទះនាងបានច្បាស់ ។ ការពិតផ្ទះនាងធំស្អាតជាងផ្ទះរបស់ពួកយើងឆ្ងាយណាស់ ហើយឪពុកម្តាយរបស់នាងក៏ជាអ្នកមានមុខមាត់ ។ ជាប្រភេទផ្ទះវីឡាបែបជំនាន់បារាំងកាត់ ដែលសង់ខ្ពស់និងមានពីរជាន់ ដោយមានបង្អួតចំហៀងបែរមកចំទ្វាក្រោយផ្ទះរបស់ខ្ញុំ ។ ពេលខ្លះខ្ញុំឃើញនាងអើតតាមបង្អួច ហើយនាងស្រែកហៅពួកខ្ញុំ(បែបមិនច្បាស់) ហើយបក់ដៃចុះឡើង ។ បញ្ញាមានបងប្រុសម្នាក់ ហើយជារឿយៗគាត់តែងតែជិះម៉ូតូមកយកនាងពីមុខផ្ទះពួកយើងត្រឡប់ទៅវិញ ឬ ពេលខ្លះគាត់ជិះម៉ូតូក្រោយនាង។ នាងចូលចិត្តមកលេងម្តុំផ្ទះពួកយើង ព្រោះម្តុំនេះសំបូរក្មេងៗច្រើន មានក្មេងប្រុស ក្មេងស្រីស្របាលៗគ្នា ហើយតែងតែជួបជុំលេងល្បែងកំសាន្តផ្សេងៗជាប្រចាំ។
មានពេលមួយ… មេឃភ្លៀងខ្លាំង នាងអង្គុយនៅក្រោយយ៉ខាងក្រោមផ្ទះរបស់ខ្ញុំតែឯង ។ ដោយមេឃជិតងងឹត ខ្ញុំក៏ប្រាប់នាងឱ្យទៅផ្ទះ ។ តែដូចជារាល់ដងគឺនាងមិនខ្វល់ពីពាក្យថាផ្ទះទេ នាងនៅតែចចេសនៅទីនេះ។ ខ្ញុំនិងបងស្រីក៏សម្រេចអូសដៃនាងទៅដល់ផ្ទះក្រោមដំណក់ទឹកភ្លៀងរិចៗ…។ ខ្ញុំក៏បានជួបបងប្រុសនាង ហើយគាត់ក៏និយាយថា អរគុណ មកពួកខ្ញុំជាគួរសម។ ដោយអាការៈនេះយើងដឹងថា បងប្រុសនាងជាមនុស្សមានការអប់រំនិងចរិយាមារយាទខុសពីពួកក្មេងដទៃទៀតឆ្ងាយ។
ពេលវេលាកន្លងមក… ពួកយើងកាន់តែរីកធំធាត់ ។ ក្មេងៗនៅទីនេះក៏កាន់តែយល់ដឹងពីឪពុកម្តាយបន្ថែម ពួកគេលែងលួចវាយធ្វើបានបញ្ញាដូចមុនទៀតហើយ ជារឿយៗពួកយើងតែងចែកចំណីខ្លះឱ្យនាងញុំា ។ នាងមិនអាចលែងជាមួយយើងទេ នាងគ្រាន់តែឈរមើលហើយសើចប៉ុណ្ណោះ ។ បើលេងលោតកៅស៊ូ ពួកគេឱ្យបញ្ញាជាអ្នកកាន់កៅស៊ូ ព្រោះនាងមិនចេះលោត… បញ្ញាដូចជាសប្បាយចិត្តនឹងការចូលរួមលេងបែបនេះ។
ថ្ងៃមួយ ខ្ញុំនឹងមិត្តភក្តិបានឃើញមានឈាមហូរប្រលាក់សំពត់ និង ដាមតាមជើងរបស់នាង…។ យើងពិតជាភ័យខ្លាំងណាស់ ហើយយើងបានរត់ទៅប្រាប់អ្នកផ្ទះរបស់នាង ហើយពួកគេបានយកនាងត្រឡប់ទៅផ្ទះវិញ….។
មួយថ្ងៃទៅមួយថ្ងៃ… យើងលែងសូវបានឃើញនាងដូចមុន ។ ពួកគេបានខ្សឹបប្រាប់ខ្ញុំថា បញ្ញាពេញវ័យហើយ ហើយគ្រួសាររបស់នាងលែងឱ្យនាងចេញមកខាងក្រៅដូចមុនទៀត។
ឆ្នាំបន្តបន្ទាប់… ខ្ញុំក៏លែងចំណាយពេលជួបជុំជាមួយក្មេងៗដូចមុន ។ ពួកយើងធំៗរៀងខ្លួន ហើយខ្ញុំចំណាយពេលអង្គុយអានសៀវភៅនៅយ៉ក្រោយផ្ទះច្រើនជាងហក់កៅស៊ូឬលោតមឹក…។ មានម្តង ខ្ញុំឃើញបញ្ញាស្រែកហៅខ្ញុំតាមបង្អួចខ្វើយៗ…។ នាងដូចជាសប្បាយដូចចង់ហោះចេញពីបង្អួច… តែបងប្រុសនាងក៏ទាញនាងចូលក្នុងផ្ទះវិញ ។ ក្រោយមក តើមានរឿងអ្វីកើតឡើង? គឺជំនួសវត្តមានបញ្ញាក្បែរបង្អួច គឺជាបងប្រុសរបស់នាង ដែលតែងតែលួចមើលខ្ញុំជារឿយៗ…។ ដំបូងខ្ញុំមិនចាប់អារម្មណ៍ទេ តែពេលក្រោយខ្ញុំក៏លែងសូវនៅយ៉ក្រោយផ្ទះ ទោះជាមានអាកាសធាតុល្អយ៉ាងណាក៏ដោយ លុះណាតែមានវត្តមានបងប្អូនខ្ញុំជួបជុំគ្នាប៉ុណ្ណោះ។
បើអ្នកសួរខ្ញុំ តើខ្ញុំសរសេរអត្ថបទនេះដើម្បីអ្វី?
ខ្ញុំនឹងប្រាប់អ្នកថា ខ្ញុំចង់និយាយពីក្មេងស្រីអូទីសឹមម្នាក់ ដែលកើតមកជាមួយជំងឺដែលពិបាកព្យាបាល នាងគមិនអាចនិយាយបាន…។ ជាងកាលដែលយើងរើសអើងគ្នា យើងគួរតែផ្តល់ក្តីស្រឡាញ់និងយកចិត្តទុកដាក់ឱ្យគ្នា នេះជាអ្វីដែលយើងហៅថា «ភាពជាមនុស្ស» ។ យើងពិតជាសំណាងខ្លាំងណាស់ដែលកើតមកជាមួយកាយសម្បទាមាំមួន និងអវៈយវៈគ្រប់គ្រាន់ ។ យើងអាចមិនពេញចិត្តផ្នែកខ្លះនៃរាងកាយដែលយើងមាន ប៉ុន្តែមនុស្សជាច្រើនបានត្រឹមតែចំណាយពេលស្រម៉ៃចង់បានអ្វីដែលយើងស្អប់ខ្ពើមប៉ុណ្ណោះ ។
ថ្ងៃចុងក្រោយដែលខ្ញុំមើលពីលើផ្ទះ គឺពួកគេបានជញ្ជូនឥវ៉ាន់និងសម្ភារៈដាក់លើឡានទំនិញធំមួយ ។ ត្រូវហើយ!! គ្រួសារបញ្ញាបានចាកចេញពីទីនេះ ហើយយើងក៏បាត់ដំណឹងរបស់នាងសូន្យឈឹង…។
អត្ថបទនេះ ខ្ញុំចង់រំលឹកដល់នាងទុកជាការចងចាំមួយ ដោយចាត់ទុកថានាងជាមិត្តល្អម្នាក់!!!
ខ្សែភាពយន្តរឿង Joker 2019 17/12/2019
Posted by មានសង្ឃឹម in ចំណេះដឹងទូទៅ, សៀវភៅកំណត់ហេតុ.add a comment
ជាភាពយន្តហូលីវូតខ្នាតធំដែលត្រូវបានដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តក្នុងក្រុងភ្នំពេញ តាំងពីខែតុលា ។ ខ្ញុំពិតជាចង់មើលរឿងនេះ តែគួរឱ្យស្តាយដោយកូនស្រីខ្ញុំមិនត្រូវបានអនុញាតិឱ្យចូលមើលនោះឡើយ ដូច្នេះខ្ញុំពន្យាពេលរហូតភាពយន្តនេះដកចេញពីរោងបាត់ បន្ទាប់ពីក្មួយស្រីរបស់ខ្ញុំបានមើល នាងក៏បានណែនាំខ្ញុំម្តងទៀត…។
ខ្ញុំបានចូលមើលJokerក្នុង Website មួយ… ការចាប់ផ្តើមប៉ុន្មាននាទីដំបូងខ្ញុំដូចជាអារម្មណ៍តានតឹង ខ្ញុំយល់ពីអារម្មណ៍ដ៏គួរឱ្យខ្លាចមួយដែលធ្លាប់ឆ្លងកាត់ ប៉ុន្តែខ្ញុំនៅតែជឿថា ស្ថានភាពខ្ញុំមិនទាន់ធ្ងន់ធ្ងរដូចជា Arthur នោះទេ។
Arthur ជាឈ្មោះឯករបស់រឿង Joker ។ គាត់បានសម្តែងឥតខ្ចោះរហូតដល់មនុស្សជាច្រើនបានកោតសរសើរថាជារឿងល្អបំផុតប្រចាំឆ្នាំ។
រឿងនេះបានរៀបរាប់ពីមនុស្សដែលមានបញ្ហាផ្លូវចិត្តក្នុងកំឡុងទស្សវត្សន៍ឆ្នាំ៦០ តាមដែលខ្ញុំគិត។
សេចក្តីសង្ខេប៖
– Joker មានជំងឺផ្លូវចិត្ត ហើយគាត់តែងតែសើចខុសពេល ទោះជាគាត់មិនចង់ (ភាគច្រើនគាត់សើចពេលដែលគាត់នៅជាមួយមនុស្សឬស្ថានភាពដែលធ្វើឱ្យគាត់តានតឹងផ្លូវចិត្ត)។
– ដោយសារតែការសើចខុសពេលវេលារបស់គាត់ គាត់ត្រូវបានគេបញ្ជាក់ជាកាតមួយភ្ជាប់ខ្លួនសម្រាប់គាត់បង្ហាញទៅអ្នកដទៃ ប៉ុន្តែពេលខ្លះវាយឺតយ៉ាវសម្រាប់បង្ហាញកាតនេះទៅពួកគេ ព្រោះតែមនុស្សទាំងនោះមិនបានទុកពេលនិងយល់យោគគាត់នោះទេ ។ កាលដែលគាត់សើច វាធ្វើឱ្យគាត់ឈឺចាប់ជាងពេលដែលស្ងាត់ស្ងៀម…។
– គាត់ទទួលរងអំពើហិង្សានិងអយុត្តិធម៌ជាច្រើនលើកពីមនុស្សម្នានៅក្នុងសង្គម។
– គាត់ត្រូវចិញ្ចឹមនិងមើលថែម្តាយចាស់ដែលមានជំងឺរាំរ៉ៃជាយូរឆ្នាំមកហើយ ផ្នែកមួយនៃបញ្ហាផ្លូវចិត្តរបស់គាត់គឺជះឥទ្ធិពលពីម្តាយរបស់គាត់ ហើយម្តាយរបស់គាត់កុហកគាត់គ្រប់យ៉ាង… ម្តាយរបស់គាត់ជាអ្នកបង្កើតមេរោគនេះ។
– គាត់គ្រាន់តែជាក្មេងកំព្រាដែលម្តាយរបស់គាត់សុំយកមកចិញ្ចឹម ហើយនៅពេលដែលគាត់ដឹងគឺវាជាការវាយប្រហារមួយដ៏ធំ ។ ម្តាយរបស់គាត់មានជំងឺផ្នែកស្មារតី ហើយបានឱ្យមិត្តប្រុស រំលោភបំពាន លើរូបរាងកាយ និងប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរមកលើគាត់ ។ គេបានសរសេរក្នុងកំណត់ហេតុម្តាយគាត់ថា គាត់មានរបួសនៅក្បាលជាច្រើនកន្លែងនិងមានស្នាមជាំពេញខ្លួន… ក្រៅពីនោះគាត់ខ្វះអាហារូបត្ថម្ភនិងរងសម្ពាធពីជាតិវិទ្យុសកម្មពេលដែលគាត់នៅតូច។ ការពិតទៅម្តាយរបស់គាត់ យកគាត់មកចិញ្ចឹមគឺដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ… គាត់មិនបានត្រូវមើលថែនោះទេ…។
– គាត់សម្លាប់មនុស្សដែលជាចំណែកនៃភាពឈឺចាប់ខ្លោចផ្សារនៃជីវិតរបស់គាត់ ហើយមនុស្សដែលយើងគិតថាត្រឹមត្រូវនិងមានប្រយោជន៍ក្នុងសង្គម វាគ្រាន់តែជាលាមកដែលស្ថិតនៅក្នុងលូក្រោមដីប៉ុណ្ណោះ។
– ខ្ញុំគិតថាគាត់មានស្នេហានិងមានអ្នកយល់ចិត្តដែលជាស្ត្រីម៉េម៉ាយរស់នៅអាគារជាមួយគាត់ តែការពិតនោះគ្រាន់តែជាក្តីស្រម៉ៃមួយរបស់គាត់តែម្នាក់ឯងប៉ុណ្ណោះ។
– គាត់មិនសម្លាប់មនុស្សដែលធ្វើល្អជាមួយគាត់នោះទេ ហើយគាត់មិនវាយប្រហារនរណាម្នាក់ពីក្រោយខ្នងដែរ ។
រឿងដែលធ្វើឱ្យខ្ញុំស្ញប់ស្ញែងមួយគឺ Joker បានទៅទាត់សំរាមនៅច្រកផ្លូវដើម្បីបន្ធូរកំហឹងនិងភាពសោកសៅ ខណៈដែលមនុស្សគិតថាត្រឹមត្រូវនិងចេះដឹងបែរជាទាត់ធាក់គាត់នៅពេលដែលពួកគេមិនសប្បាយចិត្ត។ សរុបសេចក្តីមក ការឈឺចាប់របស់គាត់គឺគាត់ទទួលខុសត្រូវដោយខ្លួនឯង មិនឱ្យប៉ះពាល់ដល់អ្នកដទៃឡើយ ។ គ្រប់កាយវិកា ទឹកមុខ និង ដំណើរ… គឺបង្ហាញថាជីវិតគាត់ពិតជាត្រូវការសង្គ្រោះបន្ទាន់ ប៉ុន្តែវាជារឿងដែលគួរឱ្យសោកស្តាយបំផុតដែលជនរងគ្រោះជាអ្នកជំងឺ ជាមនុស្សទន់ខ្សោយ ក្រខ្សត់ និង ជាអ្នកទទួលខុសត្រូវម្នាក់ ត្រូវទទួលរងការប្រមាថ ធ្វើបាបជាបន្តបន្ទាប់ ។
គាត់ដឹងថាគាត់មានជំងឺនេះ គាត់ចង់ព្យាបាលវា គាត់ចង់ឱ្យជិវិតនិងទឹកចិត្តរបស់គាត់ប្រសើរឡើង តែវាជារឿងដ៏លំបាកមួយដែលពួកគេមិនដឹងថា តើត្រូវព្យាបាលដោយរបៀបណា? ក្រៅពីសួរសំនួរដដែលៗនិងផ្តល់ត្រឹមជាថ្នាំលេប… ។ អ្នកព្យាបាលដែលគួរឱ្យធុញទ្រាន់ គេត្រូវការឱ្យគាត់ស្តាប់ដំបូន្មានទាំងនោះ ទាំងដែលគេមិនដែលព្យាយាមស្តាប់និងស្វែងយល់ពីអ្វីដែលគាត់បាននិយាយទាល់តែសោះ។
សង្គមដែលបក្សពួក អាត្មានិយម ប្រកាន់វណ្ណៈ កម្សោយនៃការដឹកនាំពិតជះឥទ្ធិពលដល់ផ្លូវចិត្តរបស់មនុស្ស…។ ឈុតដែលខ្ញុំសង្វេគគឺរាល់ពេលដែលគាត់ត្រូវបានគេវាយធ្វើបាប ហើយឈុតដែលធ្វើឱ្យខ្ញុំរីករាយជាងគេគឺនៅពេលដែលរាំ… ប្រហែលជាពេលដែលគាត់រកឃើញថា តើគាត់នឹងធ្វើអ្វីបន្តទៀត?
ខ្ញុំរកឃើញស្នាមញញឹមពិតប្រាកដនៅប៉ុន្មានវិនាទី ពេលដែលគាត់បានឃើញបុរសពាក់មុខម្នាក់ជិះក្នុងរថយន្តតាក់ស៊ីឆ្លងកាត់ផ្លូវ ។
ខ្ញុំបានមើលរឿងនេះពីរលើក ហើយខ្ញុំហាក់ដូចជាចូលជ្រៅទៅក្នុងសាច់រឿងនិងតួអង្គ ។ ខ្ញុំពិតជាស្រឡាញ់រឿងមួយនេះខ្លាំង ហើយខ្ញុំនឹងរក្សាវាទុកជាឯកសារដែលជាផ្នែកមួយនៃប្លក់របស់ខ្ញុំ។
សម្រាប់ខ្ញុំ ជំងឺផ្លូវចិត្តជាជំងឺដែលកាចសាហាវបំផុត ។ វាជាបិសាចដែលផ្តល់ការឈឺចាប់ឱ្យអ្នករៀងរាល់វិនាទី បន្តិចម្តងៗ… គ្មានសំឡេង គ្មានពណ៌ គ្មានឈ្មោះមេរោគ គ្មានទំហំ… ហើយទីបំផុតវាក៏បញ្ចប់គ្រប់យ៉ាងជាយើងដោយស្ងៀមស្ងាត់ ។ បរិយាកាស មនុស្សជុំវិញខ្លួន សុទ្ធតែជាចំណែកមួយនៃវិបិត្តផ្លូវចិត្ត…. ហើយសម្រាប់ពួកគេ «ជីវិតគឺគ្រាន់តែជាសោកនាដកម្ម» ប៉ុណ្ណោះ!!!
ការចាកចេញឆ្ងាយរបស់ម៉ែ 15/09/2017
Posted by មានសង្ឃឹម in ផ្ទាល់ខ្លួន, សៀវភៅកំណត់ហេតុ.add a comment
គ្រួសារជាអថិរភាពដំបូងបំផុតរបស់ខ្ញុំ ៣៥ឆ្នាំកន្លងមកនេះ ខ្ញុំបានចំណាយពេលរស់នៅជាមួយគ្រួសារមិនដែលបែកចាកចេញឆ្ងាយម្តងណាឡើយ។ ដោយសារតែហេតុនេះគ្រួសារបានក្លាយជាអ្វីគ្រប់យ៉ាងដែលខ្ញុំមាន។ បន្ទាប់ពីការចាកចេញជាងមួយឆ្នាំរបស់បងស្រី ការនឹករលឹកនៅតែបន្ត… ហើយពេលនេះម៉ែរបស់ខ្ញុំក៏ត្រូវចាកចេញទៅរស់នៅលើទឹកដីអាមេរិកជាមួយបងស្រីទៀត។ ថាទៅខ្ញុំមិនដែលបែកម៉ែឆ្ងាយនិងយូរយ៉ាងនេះទេ ទើបធ្វើឲ្យចិត្តស្រងេះស្រងោច។ ផ្ទះដែលធំទូលាយ ប៉ុន្តែមនុស្សចេះតែតិចទៅៗ មានពេលខ្លះខ្ញុំត្រលប់ទៅដល់ផ្ទះ ចេះតែយល់ថាផ្ទះដូចជាងងឹតៗនិងខ្វះអ្វីម្យ៉ាង ខ្ញុំសម្លឹងមើលផ្ទះបាយដែលម៉ែធ្លាប់ដាំស្ល ហើយបន្តិចទៀតនឹងលែងមានគាត់។
តាំងពីតូចមកខ្ញុំជាក្មេងដែលមានមនោសញ្ចេតនាច្រើន។ ចាំបានថាពេលមួយកាលពី១០ឆ្នាំមុននោះ មិត្តរួមការងាររបស់ខ្ញុំត្រូវបានបញ្ឈប់ ខ្ញុំបានយំឡើងហើមភ្នែកព្រោះតែការបែកគ្នាលើកនោះ វាជារឿងចម្លែកមួយដែរ ព្រោះក្រៅពីខ្ញុំគ្មានមិត្តភក្តិណាយំទាល់តែសោះ។ ខ្ញុំមិនចូលចិត្តជូនដំណើរគេទេ ក៏មិនចូលចិត្តការបែកគ្នាដែរ ខ្ញុំខ្លាចការបែកបាក់ ព្រាត់ប្រាស់ ចាកចេញឆ្ងាយរបស់មនុស្សជាទីស្រលាញ់ ប៉ុន្តែទេវតាហាក់ដូចជាចង់ឲ្យខ្ញុំរៀនមេរៀននេះឲ្យចេះ ឲ្យចាំ ឲ្យរឹងមាំ ដោយបានដាក់ មេរៀន«បែក»ឲ្យខ្ញុំជាបន្តបន្ទាប់សម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ។ វិថីដែលខ្ញុំបានដើរកាន់តែទូលាយ កាន់តែធំ ហើយមនុស្សដែលនៅរួមដំណើរជាមួយខ្ញុំកាន់តែតិច… អំរែកនៅលើស្មាដែលធ្ងន់ក៏នៅតែមាន ពុកកាន់តែចាស់ ចំណែកកូនស្រីកាន់តែធំរាល់ថ្ងៃ… ពួកគេត្រូវការម្ហូបអាហារនិងការមើលថែរាល់ថ្ងៃ។ ម៉ែ!! កូនពិតជាខ្លាច ខ្លាចថាថ្ងៃស្អែកនឹងមានមនុស្សចាកចេញពីកូនទៀត កូននៅតែខ្លាចព្រោះកូនមិនទាន់រៀនចេះមេរៀន«បែក» ដែលទេវតាបានដាក់ឲ្យកូន កូននៅតែខ្លាចព្រោះមនុស្សដែលចូលមកជីវិតរបស់កូនកាន់តែតិច ហើយចំនួនមនុស្សដែលទៅក៏កាន់តែច្រើន…។
ម៉ែទៅហើយ!! ប្រហែលជាមួយឆ្នាំ ពីរឆ្នាំ… ឬអាចច្រើនជាងនេះ។ ខ្ញុំច្បាស់ជានឹកម៉ែខ្លាំងណាស់ នឹកម្ហូបម៉ែដែលកូនតែងតែរអ៊ូថាមានរសជាតិចម្លែក។ កូននឹកដល់សំឡេងទូសព្ទដែលម៉ែខលរកកូនដើម្បីញុំាអាហារពេលល្ងាចជាមួយគ្នារាល់ថ្ងៃ នឹកដល់ពេលដែលកូនអូសកន្រ្តកជូនម៉ែដើរផ្សារទិញម្ហូប… នឹកឃើញរូបភាពម៉ែស្រោចដំណាំនៅជុំវិញផ្ទះ…នឹកម៉ែគ្រប់ពេល…។ កូនសូមទោសដែលតាំងពីដើមមក កូនមិនស្តាប់ម៉ែ ទើបធ្វើឲ្យផ្លូវជីវិតត្រូវតែលតោលបែបនេះ ប៉ុន្តែអ្វីក៏កូនមិនស្តាយដែរព្រោះត្រឹមកើតមកជាកូនម៉ែ ក៏យល់ថាគ្រប់គ្រាន់។
សូមម៉ែទៅរស់នៅលើទឹកដីថ្មីដែលម៉ែតែងតែហៅ«ស្រុកយក្ស»ឲ្យបានសុខសប្បាយនិងរីករាយ។
ការឃ្លាតឆ្ងាយរបស់បងស្រី 30/01/2016
Posted by មានសង្ឃឹម in ផ្ទាល់ខ្លួន, សៀវភៅកំណត់ហេតុ.add a comment
តាំងពីខ្ញុំកើតមកខ្ញុំបានឃើញគាត់រួចទៅហើយ គាត់ជាក្មេងស្រីម្នាក់ដែលមានអាយុលើសខ្ញុំបីឆ្នាំ គាត់មានសម្បុរសស្គមស្តើងនិងខ្ពស់ខុសពីក្មេងដទៃនៅក្នុងភូមិ។ គ្រប់ពេលគឺយើងតែងតែនៅជាមួយគ្នា គាត់ធ្លាប់កាប់អំពៅឲ្យខ្ញុំយកទៅរៀន តែងតែចែកចំណីអាហារមកឲ្យខ្ញុំញាំ ធ្លាប់គេងខ្នើយមួយជាមួួយគ្នា ធ្លាប់ឡើងដើមឈើជាមួយគ្នា ធ្លាប់ញាំបាយចានជាមួយគ្នា… គ្រប់យ៉ាងគឺមានច្រើនរាប់មិនអស់ដែលយើង«ធ្លាប់»រួមសុខទុក្ខជាមួយគ្នា។ គាត់គឺជាបងស្រីទីពីររបស់ខ្ញុំ ដោយសារវ័យនិងការគិតប្រហាក់ប្រហែលគ្នា ធ្វើឲ្យពួកយើងលើសពីបងប្អូនគឺជាមិត្តជិតស្និទ្ធ។
រាល់ពេលគាត់ទន្ទេញមេរៀននៅលើដើមត្របែកមុខផ្ទះ ខ្ញុំគឺនៅលើមែកត្របែកស្តាប់គាត់ដែរ… អស់កាលជាង៣០ឆ្នាំបើរៀបរាប់ពីអនុស្សាវរីយ៍គឺមានច្រើនរាប់មិនអស់។
«បងស្រី» មិនត្រឹមតែជាចំណែកនៃភាពរឹងមាំរបស់ខ្ញុំប៉ុន្តែគឺជាចំណែកដ៏សំខាន់នៃព្រលឹងនិងស្មារតី គាត់ជាស្ត្រីគំរូនៅក្នុងចិត្តដែលខ្ញុំមាន។ គាត់ក្លាហាន ឈ្លាសវៃ ពូកែតស៊ូអត់ធ្មត់និងជាស្ត្រីដែលអាចប្រើជីវិតនៅលើវិថីដ៏ជោគជ័យ។ ខ្ញុំតែងតែសម្លឹងមើលដានជើងរបស់គាត់ ខ្ញុំតែងតែសម្លឹងមើលភាពជោគជ័យរបស់គាត់ដោយមោនទភាព… បងស្រីបានកាន់ដៃខ្ញុំដើរឆ្លងអណ្តាតភ្លើង ភាពអត់ឃ្លាន ការឈឺចាប់… និងបង្រៀនខ្ញុំឲ្យក្លាយជាស្ត្រីរឹងមាំម្នាក់ដែលអាចរស់ដោយខ្លួនឯងនៅថ្ងៃនេះ។ពួកយើងទាំងពីរមានជំហរជាមេគ្រួសារ ស្វែងរកប្រាក់ដើម្បីផ្គត់ផ្គង់ឪពុកម្តាយដែលមានវ័យចំណាស់និងគ្រួសារទាំងមូល… ។ ដំណើរដែលដើរគឺមានរអិលខ្លះ ដួលខ្លះ របួសជាហូរហែរ… យើងជួយគ្នាក្នុងការព្យាបាលរបួល ជួយលើកគ្នាពេលដែលដួល…។
ការចែករំលែកគឺច្រើនមហិមាដែលខ្ញុំមិនអាចរាប់បាន យើងតែងតែពិភាក្សាគ្នានិងចែករំលែករឿងស្មុគស្មាញ ការឈឺចាប់ជាមួយគ្នា…។
រហូតមកដល់ពេលនេះបងស្រីបានរៀបការហើយត្រូវទៅរស់នៅបរទេស នេះជាពេលវេលាដែលយើងត្រូវបែកគ្នា។ ខ្ញុំហាក់ដូចជាបាត់បង់ដៃម្ខាងហើយយល់ថាហេលហាល។
នៅពេលវ័យពួកយើងកាន់តែច្រើន ពួកយើងមានពេលរីករាយក៏កាន់តែតិច ការចំណាយពេលលើភារកិច្ចនិងការទទួលខុសត្រូវកាន់តែច្រើន។ មនុស្សចាកចេញក៏កាន់តែកើនក្នុងពេលដែលមិនមាននរណាម្នាក់ដើរចូលមកក្នុងជីវិតបន្តទៀត ហេតុផលមកពីពួកយើងផ្តោតលើគុណភាពច្រើនជាងបរិមាណ។
បងស្រីបានចាកចេញទៅ ហើយខ្ញុំគឺជាមនុស្សតែម្នាក់នឹងឈរនៅទីតាំងរបស់គាត់បន្ត។
បងស្រី មានពាក្យជាច្រើនដែលនិយាយចេញមកយល់ថាខ្មាសនិងអៀនមាត់ ប៉ុន្តែបើសិនជាបងបានអានអត្ថបទដែលបងចេះតែជេរខ្ញុំថាសរសេរវ៉ល់ៗនេះ សង្ឃឹមថាបងអាចចំណាយពេលរំលឹកអនុស្សាវរីយ៍ដែលពួកយើងធ្លាប់កម្សត់កម្រជាមួយគ្នា ហើយយើងគ្រប់គ្នានឹងនឹកដល់បងគ្រប់ពេល ជាពិសេសគឺវត្តី។
ក្តីរំពឹងមួយរបស់ខ្ញុំគឺពួកយើងអាចមានពេលមើលព្រិលធ្លាក់ជាមួយគ្នានៅលោកខាងលិច ដែលឆ្ងាយរាប់លានយោជន៍នៅថ្ងៃមួយ។
សោកស្តាយដែលខ្ញុំមិនពូកែដូចបង សោកស្តាយដែលតែងតែធ្វើឲ្យបងខកបំណង សោកស្តាយដែលខ្ញុំមិនអាចសាងគ្រួសារមួយដ៏ល្អដូចជាបង… ប៉ុន្តែរឿងដែលខ្ញុំមានសប្បាយរីករាយនិងអស្ចារ្យគឺមានបងជាបងស្រីបង្កើត ដែលរួមពោះម្តាយជាមួយគ្នា។
ចុងក្រោយ ជូនពរបងនិងបងថ្លៃក្មេង មានក្តីសុខភាពល្អ សំណាងល្អ ទទួលជោគជ័យគ្រប់ភារកិច្ចនិងរីករាយស្រស់ស្រាយរាងរាល់ថ្ងៃ។