jump to navigation

២៥​ដុល្លា​ សំរាប់​ពេល​មួយ​ម៉ោង​ 04/05/2011

Posted by មាន​សង្ឃឹម in រឿង​និទាន.
16 comments

ខណះពេលដែលឪពុករបស់ខ្លួន​ត្រលប់មកផ្ទះវិញ ក្មេងប្រុសតូចអង្គុយចាំនៅ​មុខផ្ទះ ជារឿយ​ៗគេតែងតែធ្វើបែបនេះរហូតក្លាយជាទំលាប់មួយ ។ ឪពុករបស់កុមារតូច តែងតែមកយឺតពេល​ គេមិនដឹងថាមានរឿងអ្វីខ្លះដែលឪពុករបស់គេបានធ្វើនោះទេ តែអ្វីដែលគេដឹងគឺគ្រាន់តែចង់ញុំាបាយជាមួយឪពុក ចង់មានភាពកក់ក្តៅ ជាមួយក្រុម​គ្រួសារទាំងមូល។

– ក្មេងតូចបានសួរទៅប៉ារបស់គេថា ប៉ារវល់ទៀតហើយមែនទេ?

– មែនហើយ! បុរសតបទៅកូនប្រុស ។

– ប៉ារកបានប៉ុន្មានដុល្លាក្នុងមួយម៉ោង? កុមារសួរបន្ត

– គឺ ២៥ ដុល្លា(USD) កូនមានរឿងអីមែនទេ?

កូនប្រុសស្ងៀមមួយសន្ទុះក៏សួរថា ខ្ញុំសុំប៉ា៥ដុល្លា តើបានទេ? បុរសជាឪពុកមិន សប្បាយចិត្ត​សោះ ការហត់នឿយរបស់គាត់មិនទាន់បាត់នៅឡើយ គាត់ក៏តបខ្លាំងៗថា: កូនតែងតែសុំយកប្រាក់ទៅទិញនេះ ទិញនោះរបស់ទាំងអស់នឹង ពិតជាសំខាន់ណាស់ មែនទេ? ប៉ាពិតជាហត់ជាមួយរឿងឥតប្រយោជន៏ទាំងនេះណាស់ កូនគួរតែចេះ សន្សំសំចៃខ្លះទៅ។ ពេលលឺពាក្យឪពុកស្រែកដាក់បែបនេះ កុមារតូចរក៏​រត់ចូលក្នុង បន្ទប់បាត់។​ ខណះដែលបុរសជាឪពុកកំពុងបរិភោគអាហារពេលល្ងាច គាត់ក៏នឹក ស្តាយ​ពាក្យដែលបាននិយាយទៅកូន គាត់គួរតែសួរនាំកូនឲ្យបានច្បាស់លាស់ជាងនេះ គាត់នឹកដល់សៀវភៅមួយក្បាលដែលនិយាយថា “ពុកម៉ែល្អត្រូវបន្តស្តាប់កូននិយាយ” គិតរួចហើយគាត់ក៏សំរេចចិត្តទៅជានិយាយលួងលោមកូន។

ក្រោយពេលគាត់បើកទ្វា គាត់បាន​ឃើញកូនប្រុសតូចកំពុងអង្គុយលើគ្រែទាំង ស្រងូតស្រងាត់គាត់ក៏និយាយថា កូនមិនទាន់គេងទេ? សុំទោស​​ដែល​ប៉ានិយាយ​ខ្លាំងៗ​ដាក់កូនថ្ងៃនេះ តាមពិតកូនប្រាប់ប៉ាបានទេ កូនយកលុយទៅធ្វើអី? ក្មេងតូចឆ្លើយថា ប៉ាឲ្យប្រាក់កូនសិនមកចាំកូនប្រាប់ ។ ឪពុកបានហុចលុយ ៥ដុល្លាឲ្យទៅកូន។ កុមារាបានយកលុយទាំងអស់ពីក្នុងប្រអប់ មានលុយកាក់តូចៗជាច្រើនទៀត គេរាប់ចុះ រាប់ឡើងរួចនិយាយថា: ប៉ានេះលុយ ២៥ ដុល្លា កូនចង់ទិញពេលប៉ាមួយម៉ោង​ដើម្បីឲ្យ ប៉ាបានញុំាអាហាពេលល្ងាចជាមួយកូននិងម៉ាក់ នៅថ្ងៃស្អែកតើបានទេ? បុរសជា​​ឪពុក ពេលបានលឺហើយ គាត់សែនសង្វេគចិត្តណាស់ គាត់ភ្ងាក់ខ្លួនដូច គេដាស់។

ហេតុអី កន្លងមកគាត់នឹកមិនឃើញថាគាត់មិនបានផ្តល់ពេលវេលាឲ្យកូន និងគ្រួសារ មួយនេះ លុយដែលកូនគាត់ខំសន្សំទាំងប៉ុន្មាន គឺសំរាប់ពេលវាលា តែមួយម៉ោងរបស់ គាត់ប៉ុណ្ណោះ។ ទឹកភ្នែកគាត់ហូរចុះក្នុងខណះពេលដែលគាត់អោបកូនប្រុសក្នុងដើមទ្រូង “សុំទោស! សុំទោស កូនប៉ា ប៉ាសន្យាថាចាប់ពីពេលនេះតទៅប៉ានឹងមានពេលញុំាបាយ ពេលល្ងាច ជាមួយកូនរាល់ថ្ងៃ” ។

ជា​ការពិត​ដែល​មិន​អាច​ប្រកែក​បាន​ថា​ប្រាក់ពិតជាសំខាន់សំរាប់ជិវិតរស់នៅ យើងពិត​ជាពិបាករស់បើគ្នានវា ប៉ុន្តែមានរបស់ខ្លះ មានរឿងរ៉ាវខ្លះ​​ មិនកំណត់ថា​មានប្រាក់​អាច​ទិញបាននោះទេ។​​​ បើទោះជាអ្នករាល់គ្នារវល់យ៉ាងណា នៅទីណាសូមចំណាយ ពេលវេលាជាមួយមនុស្សជាទីស្រលាញ់ ផ្តល់ភាពកក់ក្តៅដល់ពួកគេ អ្នកអាចឃើញ ស្នាមញញឹមរបស់ពួកគេនៅក្នុងចិត្តទោះបីជាអ្នកមិនក្បែរគ្នាក៏ដោយ អ្នកនឹងអាចដឹងថា វាមានតំលៃប៉ុណ្ណាសំរាប់ជីវិត។

“សូមជូនពរគ្រប់គ្នាមានពេលវេលាដ៏កក់ក្តៅជាមួយមនុស្សជាទីស្រលាញ់ “

ពី​អ្នក​របាំ​មក​ជា​អ្នក​លក់​អេត​ចាយ​ 29/04/2011

Posted by មាន​សង្ឃឹម in រឿង​និទាន.
48 comments

វា​ជា​រឿង​របស់​បង​ស្រី​ម្នាក់ ​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩៩៨ ។​ គាត់​ជា​អ្ន​ក​លក់​អេត​ចាយ​ គាត់​​មាន​ផ្ទះ​នៅ​ជិត​ខ្ញុំ។ មើល​ទៅ​គាត់​ចូល​ចិត្ត​និយាយ​ជា​មួយ​ខ្ញុំ​ និង​មាន​ភាព​ស្និត​ស្នាល​ជាង​អ្នក​ជិត​ខាង​ផ្សេង​ទៀត​ បើ​ទោះ​ជា​ខ្ញុំ​ទើប​មក​រស់​នៅ​ទី​នេះ​ក៏​ដោយ ។​ ខ្ញុំ​អាចសង្កេត​​ដឹង​ថា​គាត់​ជាមនុស្ស​ស្រី​ស្អាត​បាត​ម្នាក់​បើ​ទោះ​ជា​គាត់​ស្ថិត​ក្នុង​សំលៀក​បំពាក់​ចាស់ៗ​​ក៏​ដោយ​ គាត់​មាន​រូប​សម្បតិ្ត​ជា​នារី​ខ្មែរ​ សូម្បីតែ​ស្នាម​ញញឹម ដែល​គេ​តែង​តែ​និយាយ​ថា​ល្អគន់​ ។ សំរាប់​ខ្ញុំ​ការ​ដែល​ចូល​ចិត្ត​គាត់​ព្រោះ​គាត់​មិន​ត្រឹម​ជា​មនុស្ស​ល្អម្នាក់​នោះ​ទេ គាត់​​ក៏​ជា​ស្រ្តី​​ម្នាក់​ដែល មាន​ការ​តស៊ូ​គួឲ្យ​​កោត​​​​សរសើរ ការ​រាប់​អាន​ស្មោះ​ត្រង់​គឺ​មិន​រើស​អើង​​​ពី​ឋានះមាន​ក្រ ចំណែក​ការ​រើស​អើង​អី​នោះ​សំរាប់​ខ្ញុំ​គឺ​ហួស​សម័យទៅ​​ហើយ ។

មាន​ពេល​មួយ​គាត់​បាន​ចំណាយ​ពេល​និយាយ​ជា​មួយ​ខ្ញុំ​យូរ​ជា​សព្វដង គាត់​បាន​រៀប រាប់​ពី​ជីវិត​ពិត​របស់​គាត់​ឲ្យ​ខ្ញុំ​បាន​ដឹង​ ហើយ​គាត់​ក៏​ចង់​ឲ្យ​ខ្ញុំ​សរសេរ​រឿង​មួយ​នេះ​ក្នុង​ប្លក របស់​ខ្ញុំ​ ដើម្បី​ទុក​ជា​បទ​ពិសោធន៏​ជីវិត​មួយ​សំរាប់​មនុស្ស​រាល់​គ្នា ។ ដំណើរ​រឿង​ពិត​របស់​គាត់​​មាន​ដូច​តទៅ​នេះ​ :

ខ្ញុំ​មាន​ឈ្មោះ​ថា​ មាលា (ឈ្មោះ​ដែល​ខ្ញុំ​បាន​ដាក់​ឲ្យ​គាត់) ​ខ្ញុំ​មិន​មាន​សំណាង​ដូច​ជា​ក្មេង​ស្រី​ដទៃ​ ដោយ​​​គ្រួសារខ្ញុំ​ជា​គ្រួសារ​​ក្រីក្រ​មួយ​នៅ​ភ្នំពេញ ។ ក្រៅ​ពី​រូប​រាង​ស្រស់​ស្អាត ​ខ្ញុំ​ចូល​ចិត្ត​របាំ​ដូច្នេះ​ ខ្ញុំ​ក៏​បាន​សុំ​ក្រុម​គ្រួសារ​​ចូល​រៀន​​រាំ​របាំ​នៅសាលា​វិចិត្រ​សិល្បះ​ ក្រោយ​មក​​ដោយ​​សារ​ខ្ញុំ​មាន​ទេពកោសល្យ​ពី​កំណើត​ទើប​ខ្ញុំ​និង​មិត្ត​ក្នុង​ក្រុម​ទទួល​ការ​គ្រាំទ្រ​ជា​ច្រើន ទាំង​ក្នុង​ និង​ ក្រៅប្រទេស​ ​ក្រុមខ្ញុំ​បាន​ចេញ​សំដែង​ក្រៅ​ប្រទេស​ជា​រឿយៗ​​ រហូត​ឈាន​ដល់​​​ចូល​រាំ​ថ្វាយ​ព្រះ​រាជា​ជា​ច្រើន​សារ​​ទៀត​ផង​ ។ នេះ​ជា​លទ្ធផល​ដែល​ខ្ញុំ​បាន​ខិត​ខំ​ជា​ច្រើន​ឆ្នាំ​ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​និង​មាន​មោទភាព​ចំពោះ​ខ្លួនឯង​​ នេះ​​ក៏​ជា​មុខ​មាត់​សំរាប់​ប្រទេស​ជាតិ​ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ដែរ ។ ប៉ុន្តែ​គ្នាន​នរណា​ម្នាក់​ដឹង​ថា​ភាពល្បី​ល្បាញ​នេះ​នាំ​មក​នៅ​ក្តី​វិនាស​ ដល់​ខ្ញុំ​និង​មិត្ត​ខ្ញុំ​​ឡើយ រឿង​នឹក​ស្មាន​មិន​ដល់​បាន​កើត​ឡើងជា​បន្ត​បន្ទាប់​​ ។មាន​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​បាន​ចាប់​ចិត្ត​មក​លើ​ខ្ញុំ​ ក្នុង​ខណះ​ពេល​ដែល​គាត់​មាន​ភរិយា​រួច ហើយ​ក្តី មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​គិត​ថា​វា​ជា​រឿង​ធម្មតា​ សំរាប់​ការ​ស្វែង​រក​ក្តី​សប្បាយ​ខាង​ក្រៅសំរាប់​ប្រុសៗ​នៅ​ស្រុក​ខ្មែរ​ ។ ខ្ញុំ​បាន​បដិសេធ​ការ​អញ្ជើញ​របស់​មន្រ្តី​ម្នាក់​នោះ​ម្តង​ហើយ​ម្តង​ទៀត​ ទី​បំផុត​ពេល​មួយ​អង្គ​រក្ស​របស់​គាត់​បាន​បោះ​សំដីមក​ខ្ញុំ​​ថា​ “គិត​មើល​ទៅ​ខ្ញុំ​គ្រាន់​តែ​ប្រាប់​ទេ​ប្រយ័ត្ន​ខ្លួន​ គេ​ជា​អ្នក​ធំ គាត់​ចង់​បាន​អី​ហើយ​គាត់​ត្រូវ​តែ​យក​ឲ្យ​បាន​ គេច​ក៏​គ្នាន​ប្រយោជន៏​ដែរ​”​ ។ ពាក្យ​នេះ​ជា​ការ​គំរាម​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ភ័យ​ខ្លាច​ ខ្ញុំ​ដឹង​ច្បាស់​ថា​ខ្ញុំ​កំពុង​តែ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ដែល​គេ​តែង​តែ​និយាយ​ថា​ “ទៅ​ក៏​ស្លាប់​មិន​ទៅ​ក៏​ស្លាប់” មាន​ន័យ​ថា​បើ​ទៅ​ពេល​ជំទាវ​របស់​​ឯក​ឧត្តម​នោះ​​ដឹង​ខ្ញុំ​ប្រាកដ​ជា​មាន​រឿង​ បើ​មិន​ទៅ​ក៏នៅ​តែ​​មាន​រឿង​ដូច​តែ​គ្នា​ ។ ខ្ញុំ​បាន​ពិភាក្សា​ជា​មួយ​មិត្ត​ជិត​សិទ្ធ​ក្នុង​ក្រុម​ជាមួយ​គ្នា​ម្នាក់​​ ហើយ​ខ្ញុំ​ក៏​សំរេចចិត្ត​ ​​ទៅ​ញុំា​អាហារ​ពេល​ល្ងាច​ជា​មួយ​បុរស​មាន​អំណាច​ម្នាក់​នោះ​​ជា​មូយ​មិត្ត​របស់​ខ្ញុំ មួយ​លើក​ជា​ពី​លើក​យើង​នៅ​តែ ធ្វើ​បែប​នេះ​ រហូត​ដល់​គាត់​ប្រាប់​ថា​ លើក​ក្រោយ​គួ​រតែ​មក​ម្នាក់​ឯង​បាន​ហើយ​ មែន​ទេ?។​ ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ​ក៏​មក​ដល់​ជា​ថ្មី មិត្ត​ខ្ញុំ​និង​ខ្ញុំ​​ធ្វើ​បែប​នេះ​គឺ​គ្រាន់​តែ​ចង់​ផ្តល់​ភាព​កក់ ក្តៅ​ឲ្យ​គ្នា​ និង​ចៀស​វាង​ការ​ធ្វើ​បាប​រាង​កាយ​ប៉ុណ្ណោះ​ ព្រោះ​នាង​ក៏​ដឹង​ថា​ខ្ញុំ​មាន​ការ​ភ័​យ​ខ្លាច​ច្រើន​។​ ​ខ្ញុំ​មិន​ចង់​បាន​ប្រាក់​របស់​គាត់​ទាំង​មិន​មាន​ការ​ស្រលាញ់​នោះ​ទេ វា​ជា​មនោ​សញ្ជេត​នា​បោក​ប្រាស់ តើ​​មិន​ខុសអី​​ពី​ការ​លក់​ខ្លួននោះ​ ទោះ​បី​ខ្ញុំ​ក្រ​​តែ​ខ្ញុំ​នៅ​មាន​ការគិត​ និង​មាន​កិត្តិយស​ជា​មនុស្ស​​ម្នាក់​ដែរ​ ហើយ​ខ្ញុំ​គិត​ថា​វា​ជា​ការ​មើល​ងាយ​ទៅ​វិញ​ចំពោះ ការ​​​បែប​នេះ​​ ទោះបី​មាន​មនុស្ស​មួយ​ចំនួន​អាច​គិត​ថា​ខ្ញុំ​ល្ងង់​ក៏​ដោយ ។ ខ្ញុំ​នឹង​មិត្ត​ភ័ក្ត​របស់​ខ្ញុំ​ពិបាក​ចិត្ត​ច្រើន​ទៅៗ​​ ខ្ញុំ​មិន​ចង់​ចាក​ចេញ​ពី​ជីវិត​សិល្បការី​នោះទេ​ ខ្ញុំ​និង​ក្រុម​គ្រួសារ​ពិបាក​ខ្លាំង​ណាស់​ទំរាំ​​អាច​ឈរ​បាន​ត្រង់ ចំនុចនេះ។  ការ​ណាត់​ជួប​ពេល​ក្រោយ​គឺ គាត់​ចង់​នាំ​ខ្ញុំ​ទៅ​ក្រៅ​ប្រទេស​ តាម​ពិត​គាត់​មិន​ត្រូវ​ការ​ក្តី​ស្រលាញ់​ទេ​ អ្វី​ដែល​គាត់​ចង់បាន​គឺ​គ្រាន់​តែ​រូប​រាង​កាយ​ដែល​គាត់​បាន​គិត​ថា​វា​ទន់​ភ្លន់​​និង​ស្រស់​ស្អាត​តែ​ប៉ុណ្ណោះ កាន់​តែ​គិត​គឺ​កាន់​តែ​ស្អប់​ តើ​ខ្ញុំ​អាច​គេច​បាន​យូរ​ប៉ុណ្ណា​? ការពិត​មួយ​គឺ​មន្រ្តី​ដ៏​មាន​អំណាច​ម្នាក់​នោះ​គាត់​ពិត​ជា​មិន​ដោះលែង​ និង​អត់​អោន​ឲ្យ​ខ្ញុំ​ទេ​ ព្រោះ​គេ​បាន​តាម​ខ្ញុំស្អិត ដូច​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ។

រឿង​ដែល​​នឹក​ស្មាន​មិន​ដល់​បាន​កើត​ឡើង​​ ទាំង​ខ្ញុំ​មិន​ទាន់​បាន​ឆ្លើយ​តបការ​​ទៅ​លេង ក្រៅប្រទេស​ជា​មួយ​បុរស​ម្នាក់​នោះ​ផង​ ស្រាប់​តែ​ពេលមួយ​ដែល​​ខ្ញុំ​​និង​មិត្ត​រួម​ក្រុម​ចេញ ពីសំដែង​​ មាន​មនុស្ស​ប្រុស​ ពី​​នាក់​បាន​ហៅ​មិត្ត​របស់​ខ្ញុំ​ចេញ​ពី​ឡាន ខ្ញុំ​បាន​សួរ​​នាង​ថា​ តើ​ពួក​គេជា​នរណា​?​ នាង​ថា​ នាង​ក៏​មិន​ដឹង​ដែរ​ ដោយ​គិត​ថា​ជា​មិត្ត​ភ័ក្ត​ នាង​ក៏​ចេញ​ទៅ​ក្រៅ​ឡាន​ជួប​មនុស្ស​ទាំង​នោះ​ បន្ទាប់​មក​អ្វី​ដែល​ខ្ញុំ​បាន​លឺ​ពាក្យ​ដែល​ពួក​គេ​បាន និយាយ​គឺ ​: នាង​ឯង​ហ៊ាន​លូក​ថ្លើម​​​​ជំទាវធំ​​ផង​ មាន​តែ​ផ្លូវ​ស្លាប់​ទេ។ ពេល​បាន​លឺ​បែប​នេះ​ខ្ញុំ​បាន​ស្ទុះ​ចេញ​ពី​ក្នុង​ឡាន រត់​ទៅ​រក​មិត្ត​របស់​ខ្ញុំ​ ប៉ុន្តែ​អ្វីៗ​បាន​ហួស​ពេល​ទៅ​ហើយ គ្រាប់​កាំភ្លើង​៣​គ្រាប់​បាន​បន្លឺ​ឡើង​ នាង​បាន​ដួល​នៅ​លើ​ដី​ក្នុ​ង​ខណះដែល​ពួក​គេ​បាន ជិះ​ម៉ូតូ​ចេញ​ដោយ​សុវត្ថិភាព ។ ហួស​​ពេល​​ហើយ​ពួក​គេ​បាន​យល់​ច្រលំ​​ថា​មិត្ត​ខ្ញុំ​ជា​រូប​ខ្ញុំ​ អ្វី​ខ្ញុំ​បាន​ឃើញ​ឈាម​នាង​ហូរ​ស្រោច​ប្រាណ នាង​បាន​យក​ដៃ​ស្ទាប​មុខ​របស់​ខ្ញុំ​ រួច​និយាយ​ទាំង​ដង្ហក់​ថា​​ “សន្យា​ជា​មួយ​ខ្ញុំ​ទៅ..​​ ឈប់​រាំ​ទៀត​.. ចេញ​ឲ្យ​កាន់​ឆ្ងាយ​គឺ​កាន់​តែ​ល្អ…” ​នាង​បាន​ដាច់​ខ្យល់​ស្លាប់​ក្នុង​រង្វង់​ដៃ​របស់​ខ្ញុំ ខ្ញុំ​យំ​និង​ស្រែក​ថា​ឲ្យ​នាង​ភ្ងាក់​ឡើង​ នាង​មិន​អាច​ទៅ​បាន​ទេ​ នាង​ត្រូវ​រៀបការ​នៅ​ពេល​ឆាប់​ៗ​នេះ​ហើយ​​ ។ ហេតុ​អី​ ហេតុអី​ព្រហ្មលិខិត​សាហាវ​ម៉្លេះ​ នាង​គ្រាន់​តែ​ជា​ក្មេង​កំព្រាម្នាក់​ដែល​ខំតស៊ូ​ក្នុង​ឆាក​ជីវិត​ នាង​ជា​មនុស្ស​តែ​ម្នាក់​តែងតែ​ជួយ​ខ្ញុំ​នឹង​នៅ​ក្បែ​រ​ខ្ញុំ​គ្រប់​ពេល​វេលា​ ហេតុ​អី​នាង​ត្រូវ​ស្លាប់​បែប​នេះ​អ្នក ដែលត្រូវ​​ស្លាប់​គឺ​ជា​ខ្ញុំ​​… មាន​អ្នក​សារព៌តមាន​បាន​មក​ថត​យក​រូប​ និង​សំភាសន៏​​ជា​ច្រើន​ ខ្ញុំ​និយាយ​ក៏​មិន​ចេញ​សូម្បី​តែ​១ម៉ាត់ ដឹង​តែ​ម៉្យាង​គឺ​យំ​ ។ តែ​ពួក​យើង​មិន​បាន​ឃើញ​សាព៌ត​មាន​ចុះ​អី​សូម្បី​តែ​បន្តិច​ ហើយ​ខ្ញុំ​ក៏​មិន​ឆ្ងល់​ដែរ​ថា​មក​ពី​ហេតុ​អី? នេះ​អ្វី​ដែល​យើង​ត្រូវ​ទទួល​មិន​អាច​ប្រកែក​បាន ។

ក្រោយ​ពី​ការ​ស្លាប់​របស់​​មិត្ត​ខ្ញុំ​​ ខ្ញុំ​គិត​​ច្រើន​ ច្រើន​រហូត​មិន​ដឹង​អ្វី​ជា​អ្វី​ ខ្ញុំ​នៅ​តែ​ក្នុង​បន្ទប់មិន​ទៅ​ណា ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ រូបភាព​នៃ​ឃាត​កម្ម​នេះ​តាម​លង​ខ្ញុំ​គ្រប់​ពេល​វេលា ពាក្យ​របស់​នាង​លាន់​លឺ​ពេញ​ក្នុង​ត្រចៀក​របស់​ខ្ញុំ… ខ្ញុំ​យំ យំ​ស្តាយ​នាង​ យំ​រហូត​ដល់​ភ្នែក​ខ្ញុំ​ស្រវាំង​ ។ ខ្ញុំ​​ក៏​បាន​សំរេច​ចិត្ត​ចាក​ចេញ​ពី​សិល្បះ​យ៉ាង​ស្ងៀម​ស្ងាត់​បំផុត​ ខ្ញុំ​មិន​អាច​ចេញ​មុខ​ទៀត​ទេ​ ពួក​បីសាច​ទាំង​នោះ​គិត​ថា​ខ្ញុំ​ស្លាប់​ហើយ នេះ​ជា​អ្វី​ដែល​ពួក​គេ​បាន​ធ្វើមក​លើ​មនុស្ស​ស្លូត​ត្រង់​​ជា​ច្រើន​ទៀត​ ទី​នេះ​ វេលា​នេះ​ពិត​ជា​មិន​អាច​ស្វែង​រក​យុត្តិ​ធម៌​បាន​សោះ​ឡើយ​ ផ្នែក​មួយ​នៃ​ពិភពលោក​គឺ អាក្រក់​ និង​សាហាវ​បែប​នេះ​​ ។

ក្រោយ​ពី​វិបិត្ត​ផ្លូវ​ចិត្ត​ជា​ច្រើន​ឆ្នាំ​ ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​​បុរស​ម្នាក់​ដែល​ជា​អ្នក​ជិត​ខាង របស់​ខ្ញុំ​​ ថ្វី​ត្បិត​តែ​ពួក​យើង​ក្រលំបាក​ ខ្ញុំ​នៅ​តែ​និយាយ​ថា​ខ្ញុំ​មាន​សេចក្តី​សុខ​ ខ្ញុំ​មិន​ខ្វល់​អ្វី​ទាំង​អស់​ គ្រាន់​តែ​ដឹង​ថា​ខ្ញុំ​ស្រលាញ់​គាត់ ថ្វី​បើ​គាត់​ក្រ​ប៉ុន្តែ​គាត់​បាន​ផ្តល់​ឲ្យ​ខ្ញុំ​បរិបូរណ៏​នូវ​ការ​ថ្នាក់​ថ្នម​ និង​យក​ចិត្ត​ទុក​ដាក់​ ពួក​យើង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ពេល​លំបាក យើង​បាន​រស់​នៅ​ជា​មួយ​គ្នា​រហូត​​មាន​កូន​៥​នាក់ ​ហើយ​ពួក​គេ​បាន​ចូល​រៀន​នៅ​អង្គការ មួយ​ជាប់​លាប់ ។

គាត់​បាន​ផ្តល់​ក្តី​សុខ​ដល់​ក្រុម​គ្រួសារ​មួយ​នេះ​យ៉ាង​ពេញលេញ​ថ្វី​បើ​ពេល​នេះ​ខ្ញុំ​ក្រ​ ប៉ុន្តែ ខ្ញុំយល់​ពី​ក្តី​សុខ​ដែល​មនុស្ស​ជា​ច្រើន​មិន​បាន​ដឹង​ ។ លា​ហើយ​របាំ​លួង​ លា​រហូត​……ខ្ញុំ​នៅ​តែ​នឹក​ដល់​មិត្ត​របស់​ខ្ញុំ​គ្រប់​ពេល​ នឹក​ពេញ​មួយ​ជីវិត​នេះ…… នេះ​ជា​បណ្តាំ​ នឹង​ជា​អ្វី​ដែល​នាង​ចង់​បាន​ ។

នេះ​ជា​រឿង​ពិត​មួយ​ហើយ​វា​បាន​រំលឹក​ដល់​ សិល្បះការី​ជា​ច្រើន​រូប​ដែល​បាន​រង​គ្រោះ ដូច​ជា​ អ្នក​នាង​ ពិសិដ្ឋ​ពី​លីការ កញ្ញា​ ម៉ារីណា កញ្ញា​ទូច​ស៊ុ​ននិច កញ្ញា ​ពៅ​បញ្ញា​ពេជ្រ​… និង​នារី​ជា​ច្រើន​រូប​ទៀត​ ពួក​គាត់​ម្នាក់ៗ​ ខ្លះ​បាន​ទទួល​មរណភាព​ ខ្លះ​ធ្លាក់​​ខ្លួនជា​ជន​​ពិការ​… តើ​ទំហំ​នៃ​ការ​ឈឺ​ចាប់​នេះ​​​អ្នក​ណា​អាច​ជួយ​រក​យុត្តធម៌​ឲ្យ​ពួក​គាត់​បាន​ ? មាន​នរណា​ម្នាក់​អាច​រក​ឃើញ​មុខ​ឃាតករ​ទេ​? មាន​នរណា​ម្នាក់​អាច​​ប្រាប់​ពី​មូល​ហេតុ​បាន ទេ? មាន​មនុស្ស​ខ្លះ​អាច​និយាយ​ថា​ សម​មុខ​ហើយ​ដែល​ដណ្តើម​របស់​គេ​ ហើយ​មាន​មនុស្ស​ខ្លះ​ទៀត​បាន​ត្រឹម​តែ​ដឹង ​តែ​ធ្វើ​អី​ក៏​មិន​កើត​ ។ ចុះ​មនុស្ស​ប្រុស​ទាំង​នោះ​​វិញយ៉ាង​មិច​ដែរ​? ពួក​គេ​នៅ​តែ​ដើរ​ហើរ​សប្បាយ​ និង​បន្ត​រឿង​ផិត​ក្បត់​ជា​បន្ត​ទៀត​​ ជា​មួយ​នឹង​អំណាច​ ដែល​អ្នក​ផង​សែន​កោត​ក្រែង​ ពួក​គេ​ចង់​បាន​អ្វី​ ចង់​ធ្វើ​អ្វី​ក៏​បាន​ តើ​នរណា​ម្នាក់​អាច​ធ្វើ​អី​ពួក​គេ​កើត​? ​នេះ​ជា​សង្គម​អី​ដែរ​ទៅ​?

តាម​ប្រវតិ្ត​សាស្រ្ត​ បុព្វ​បុរស​ខ្មែរ​ ពូជ​សាសន៏​ខ្មែរ​ ជា​ជាតិ​សាស្រ្ត​ផូផង់​ និង​ថ្លែ​ថ្នូរ​គួរ​ឲ្យ​កោត​សរសើរ​ ក្រៅ​ពី​​ចេះ​អត់​អោន​ឲ្យ​គ្នា​ នៅ​មាន​ការ​សាមគ្គី​ដ៏​មុត​មុំា​…… ប៉ុន្តែ​ពេល​វេលា​បាន​ក្រែ​ប្រែ​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ស្មាន​មិន​ដល់ សីលធម៌​ក្នុង​សង្គម​រស់​នៅ​​បាន ធ្លាក់​ចុះ​យ៉ាង​គំហុក​រហូត​មិន​គួ​រឲ្យ​ជឿ​។

ខ្ញុំ​ឈឺ​ចាប់​ពេល​បាន​ដឹង​ លឺ​ និង​ជួប​រឿង​អយុត្តិធម៌​ទាំង​អស់​នេះ​​ ព្រោះ​ខ្ញុំ​ក៏​ជា​កូន​ខ្មែរ ម្នាក់ ​ព្រោះ​ខ្ញុំ​ស្រលាញ់​ដែន​ដី​មួយ​នេះ ស្រលាញ់​ជាតិ​សាសន៏​មួយ​នេះណាស់​ ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា​ពួក​យើង​ទាំង​អស់​គ្នា​​​ដែល​ជា​ក្មេង​ជំនាន់​ក្រោយ​ នឹង​មិន​មាន​ចំណែក​ក្នុង សោក​នាដ​កម្ម​ទាំង​នេះ​ទេ និង​​​​​​មិនឲ្យ​​មា​ន​ជា​រាង​រហូត​​ ។​

អញ្ជើញ​ខ្ញុំ​រឺ​សំលៀក​បំពាក់​របស់​ខ្ញុំ? 19/04/2011

Posted by មាន​សង្ឃឹម in រឿង​និទាន, Uncategorized.
5 comments

មានរឿង​​ដំណាល​មួយ​ថា​​កាល​ពី​បុរាណ​​ក្នុង​ប្រទេស​អេស៊ីប​មាន​បុរស​ម្នាក់​ជា​ម្ជាស់​ចំការ​ និង​ មាន​ជីវភាព​ដ៏​សមរម្យ​​ គាត់​​ត្រូវ​បាន​មិត្ត​ភ័ក្ត​ដែល​ជា​អ្នក​ជិត​ខាង​អញ្ជើញ​ចូល​រួម​ពិធី​ជប់​លាង​មួយ​ ។ ក្រោយ​ពេល​ដែល​គាត់​បាន​ត្រលប់​មក​ពី​ចំការ​វិញ​ គាត់​បាន​ប្រញាប់​ប្រញាល់​ចូល​រួម​ពិធី​នោះ​ ព្រោះ​គាត់​គិត​ថា​វា​យឺត​ពេល​បន្តិច​ទៅ​ហើយ គាត់​មិន​បាន​ផ្លាស់​សំលៀក​បំពាក់​ រឺ​ ជំរះ​កាយ​ឡើយ​ដោយ​គាត់​បាន​គិត​ថា​ជា​អ្នក​ជិត​ខាង​ ហើយ​អ្វី​ដែល​សំខាន់​នោះ​វត្ត​មាន​របស់​គាត់​​​ បើ​ទោះ​ជា​ភរិយា​គាត់​បាន​ប្រាប់​គាត់​ក៏​ដោយ ។

ពេល​គាត់​ទៅ​ដល់​ គាត់​ឃើញ​ភ្ញៀវ​ជា​ច្រើន​ក្នុង​សំលៀក​បំពាក់​ស្អាត​បាត​ដែល​ត្រូវ​បាន​ទទួល​ដោយ​រាក់​ទាក់​ ចំលែក​តែ​គាត់​មិន​ត្រូវ​បាន​គេ​ចាប់​អាម្មរណ៏​សោះ​ គាត់​ត្រូវ​ចំណាយ​ពេល​ចាំ​យ៉ាង​យូរ​ទំរាំ​មាន​គេ​មក​ទទួល​ដោយ​មិន​សូវ​មាន​ភាព​រាក់​ទាក់​ដូច​ជា​អ្នក​ដទៃ​សោះ​ ។ ពេល​ចូល​បរិភោគ​អាហារ​ភ្ញៀវ​រួម​តុ​របស់​គាត់​ហាក់​មាន​ការ​រើស​អើង​ ដោយ​មិន​និយាយ​ជាមួយ​គាត់​បន្តិច​សោះ​ ពួក​គេ​មើល​​មក​គាត់ដោយ​ក្រសែរ​ភ្នែក​ចំលែក ។ គាត់​មាន​ការ​អាក់​អន់​​ចិត្ត​ និង​ខឹង​​សម្បា​យ៉ាង​ខ្លាំង​ ដូច្នេះ​គាត់​ក៏​បាន​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ លើក​នេះ​គាត់​បាន​ជំរះ​កាយ​ ស្លៀក​សំលៀក​បំពាក់​ដ៏ស្អាត​បាត​ និង​ ​មាន​តំលៃ​បំផុត​ដែល​កំរមាន រួច​គាត់​ក៏​ត្រលប់​ទៅ​ចូល​រួម​ពិធី​ម្តង​ទៀត​ ។

លើក​នេះ​ពួក​គេ​បាន​រត់​មក​ទទួល​គាត់​ ជា​មួយ​ការ​គោរព​ប្រតិបត្ត​យ៉ាង​​យក​​ចិត្ត​​ទុក​​ដាក់​ គ្នាន​នរណា​ម្នាក់​គិត​ថា​គាត់​ធ្លាប់​មក​ម្តង​ហើយ​នោះ​ទេ​ ព្រោះ​សំលៀក​បំពាក់​បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត​​។​ មាន​ភ្ញៀវ​រួម​តុ​ជា​ច្រើន​បាន​មក​និយាយ​​លេង​ និង​ សុំ​ស្គាល់​គាត់ ការ​ដែល​ពួក​ធ្វើ​បែប​នេះ​មិន​បាន​ឲ្យ​គាត់​សប្បាយ​ចិត្ត​នោះ​ទេ​ បន្ទាប់​មក​ពេល​កំពុង​ទទួល​ទាន​អាហា​រ​ដែល​ពោ​ពាស​លើស​តុ​នោះ​ គាត់​បាន​ក្រោក​ឈរ​និង​​​លើក​យក​ចាន​ម្ហូប​ចាក់​ចូល​ក្នុង​ហោ​ប៉ៅ​អាវ​និង​ខោ​​របស់​គាត់​ ដោយ​បាន​ស្រែក​ក្តែង​ៗ​ថា​ “ស៊ី​ទៅ​ខោ​អាវ​ ស៊ី​ទៅ… ឯង​ស៊ី​ឲ្យ​ឆ្អែត​ ព្រោះ​គេ​ហៅ​ឯង​ឲ្យ​មក​ស៊ី ស៊ី​ទៅ…” មាន​មនុស្ស​ជា​ច្រើន​សំលឹង​មើល​មក​គាត់​ បន្ទាប់​មក​មិត្ត​ដែល​ជា​អ្នក​ជិត​ខាង​នោះ​បាន​មក​សួ​រនាំ អ្វី​ដែល​គាត់​បាន​ឆ្លើយ​តប​គឺ​ “ឯង​មិន​បាន​ហៅ​ខ្ញុំ​មក​ចូល​រួម​ទេ​ ឯង​ហៅ​តែ​ខោអាវ​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ ។”ការពិត​សំលៀក​បំពាក់​​និង​ការ​តាក់​តែង​ខ្លួន​ចូល​ក្នុង​សង្គម​ពិត​ជា​សំខាន់ ការ​ដាក់​ខ្លួន​ខ្លាំង​ពេក​ធ្វើ​ឲ្យយើង​លែង​មាន​តំលៃ​ បើក្នុង​ករណី​អួត​ក្អេង​ក្អាង​​ខ្លាំង​ពេក​ធ្វើ​អ្នក​ផង​សើច​ចំអក​ពេប​ជ្រាយ​ ។ ការ​ដើរ​ផ្លូវ​កណ្តាល​ជា​រឿង​ល្អ​បំផុត​ ដូច​ពាក្យ​ចាស់​ពោល​ថា​ “ចូល​ស្ទឹង​តាម​បត់​ ចូល​ស្រុក​តាម​ទេស​ ​” វា​មិន​ខុស​ឆ្គង​ទេ​បើ​គ្រាន់​តែ​បង្ហាញ​ពី​ភាព​​ពិត​ដែល​យើង​មាន​​ដើម្បី​​សំរប​ខ្លួន​ចូល​ទៅ​ក្នុង​សង្គម​រស់​នៅ​មួយ​ ។​

មនុស្ស​ជា​ច្រើន​មិនថា​តំាង​ពី​បុរាណកាល​ទេ​ ការ​ដែល​ពួក​គេ​មើល​ឃើញ​ពី​សំបក​ខាង​ក្រៅ​​​​ គឺ​ជា​ចំនុច​​ចាប់​ផ្តើម​ដំបូង​​ ប៉ុន្តែ​យើង​​មិន​ត្រូវ​ឲ្យ​តំលៃ​ទៅ​លើ​​​វត្ថុ​​ដែល​មើល​ឃើញ​​នោះ​ពេក​ទេ​ ការ​​វាយ​តំលៃ​​មនុស្ស​​ត្រឹមរូប​រាង​​សំបក​ក្រៅ​​ រហូត​ភ្លេច​គិត​ពី​មនោ​សញ្ជេត​នា​​ ការ​ទទួល​ខុស​ត្រូវ​ និង​ភាព​ថ្លៃ​ថ្នូរ​ជា​មនុស្ស​ម្នាក់​ក្នុង​សង្គមជា​រឿង​ដែល​គួរ​តែ​ចៀស​វាង​​​​ ព្រោះ​ទាំង​នោះ​វា​គ្រាន់​តែ​ជា​ផ្នែក​មួយ​ក្នុង​ការ​រស់​នៅ​ វា​មិន​មែន​ជា​អ្វី​គ្រប់​យ៉ាង​ក្នុងជីវិត​នោះ​ទេ​ ។

ស្នេហា​ដូច​ជា​ចាំ​ឡាន​ក្រុង​ 07/04/2011

Posted by មាន​សង្ឃឹម in រឿង​និទាន.
27 comments

វា​ជា​រឿង​និទាន​មួយ​នេះ​​​គេ​និយាយ​តៗ​គ្នា​យូរ​មក​ហើយ ជា​រឿយៗ​ខ្ញុំ​តែង​តែ​យក​វា​មក​និយាយ​លេង​ជា​មួយ​មិត្ត​ភ័ក្ត​​ និង​អ្នក​ផ្ទះ​របស់​ខ្ញុំ។

គេ​និយាយ​ពី​ស្ត្រី​ម្នាក់​ដែល​គាត់​ត្រូវ​ជិះ​ឡាន​ក្រុង​ទៅ​ធ្វើការ គាត់​ជា​មនុស្ស​រិះ​រយ​ និង​រើស​ច្រើន​សូម្បី​តែ​ឡាន​ក្រុង​ ។ ថ្ងៃ​នេះ​គាត់​ចាំ​ឡាន​ក្រុង​ដូច​ធម្មតា​ ពេល​ឡាន​ក្រុង​ទី​១​មក​ដល់​ គាត់​គិត​ថា​ឡាន​នេះ​មាន​មនុស្ស​ជិះ​ច្រើន​បន្តិច​ហើយ អញ្ចឹង​គាត់​នឹង​ចាំ​ឡាន​ក្រោយ…… ពេល​ឡាន​ក្រុង​ទី​២​មក​ដល់​គាត់​គិត​ថា​ ឡាន​នេះ​តៃកុង​មុខ​មិន​សូវ​​ទុក​ចិត្ត​សោះ គាត់​ក៏​ចាំ​បន្ត​ទៀត​……ឡាន​ទី​៣​ក៏​មក​ដល់​គាត់​នៅ​តែ​​រិះរយ​​ថា​ ឡាន​នេះ​ចាស់​បន្តិច​……​អញ្ចឹង​ចាំ​ឡាន​ទី​៤​មក​……​គាត់​ចាំ​ដោយ​មិន​បាន​ដឹង​ថា​ពេល​វេលា​វា​មាន​តម្លៃ​សម្រាប់​គាត់​ប៉ុណ្ណា​ ។ គាត់​មើល​នាឡិកា ពុទ្ធោ​! វា​ហួស​ពេល​ទៅ​ហើយ គាត់​មិន​មាន​ពេល​សម្រាប់​ចាំ​ទៀត​នោះ​ទេ​ ដូច្នេះ​គាត់​ត្រូវ​តែ​ជិះ​ឡាន​ទី​បួន​ដែល​ជា​ឡាន​ចុង​ក្រោយ ទោះ​ជា​សភាព​បែក​ណា​ក៏​ដោយ​។

រឿង​និទាន​ខ្លី​មួយ​នេះ​ ចង់​មាន​ន័យ​ថា​ បើ​អ្នក​គិត​ថា​ស្រលាញ់​នរណា​ម្នាក់​ដែល​សក្ដិ​​សម​ហើយ គួរ​តែ​ផ្ដល់​​​ឱកាស​ដល់​ខ្លួនឯង​​ ។​ នៅ​លើ​លោក​នេះ គ្មាន​នរណា​ម្នាក់​ដែល​ឥត​ខ្ចោះ​​​​​ ហើយ​កុំ​គិត​ថា​នរណា​ម្នាក់​គឺ​ជា​មនុស្ស​ឥត​ខ្ចោះ​ឲ្យ​សោះ​​​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​នៅ​ពេល​ក្រោយ ​ ហើយ​អ្នក​ក៏​មិនមែន​ជា​មនុស្ស​ឥត​ខ្ចោះ​​ដូច​គ្នា​ដែរ​ ។ មនុស្ស​កើត​មក​តែង​តែ​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ មនុស្ស​ដែល​រាប់​ថា​ជា​មនុស្ស​ល្អ​ម្នាក់​គឺ​គាត់​មាន​គុណ​សម្បត្តិ​ច្រើន​ជាង​គុណ​វិបត្តិ​​ ។ ក្ដី​ស្នេហា​ មិន​ផ្ដោត​​លើ​ភាព​យុត្តិ​ធម៌​នោះ​ទេ​ វា​​ផ្ដោត​​ត្រង់​ថា​តើ​អ្នក​អាច​ទទួល​យក​បាន​ដែរ​រឺ​ក៏​អត់?​

កុំ​ចាំ​រហូត​ដល់​ហួស​ពេល​ដូច​ស្ត្រី​​ម្នាក់​ចាំ​ឡាន​ក្រុង​អី សូម​ផ្ដល់​​​ក្ដី​​ស្រលាញ់​​ឲ្យ​ទៅ​មនុស្ស​ម្នាក់​ ដែល​អ្នក​គិត​ថា​ជា​មនុស្ស​​ដែល​សក្ដិ​​សម​នឹង​ង​​ទទួល​វា​ទៅ​បាន​ហើយ​

%d bloggers like this: