រឿងខ្លី «ប៉ាភ្លេចឈឹង» 03/04/2020
Posted by មានសង្ឃឹម in ចំណេះដឹងទូទៅ, រឿងនិទាន.add a comment
ស្តាប់ប៉ាណាកូន… ខណៈដែលប៉ាកំពុងនិយាយ កូនគេងលក់បាត់ហើយ ដៃដ៏តូចល្អិតត្រូវសង្កត់ដោយថ្ពាល់កូន សក់រួញពណ៌ទង់ដែងទទឹកជោកដិតដាមនៅលើថ្ងាសរបស់កូន… ប៉ាលួចចូលមកក្នុងបន្ទប់កូនយ៉ាងស្ងៀមស្ងាត់… ត្រឹមតែប៉ុន្មាននាទីមុននេះបន្តិច ខណៈប៉ាកំពុងពិនិត្យឯកសារនៅក្នុងបណ្ណាល័យ អារម្មណ៍សោកស្តាយរហូតក្លាយជាភាពតានតឹងបានចូលមកដាស់អង្រួនចិត្តប៉ា បង្ខំប៉ាឱ្យដើរសំដៅមករកគ្រែរបស់កូន។
មានរឿងជាច្រើនដែលប៉ាកំពុងតែគិត កូន… ប៉ាបានបញ្ចេញកំហឹងដាក់កូន ប៉ាស្តីបន្ទោសកូននៅពេលកូនកំពុងស្លៀកពាក់បម្រុងទៅសាលា គ្រាន់តែកូនយកក្រណាត់មកជូនខ្លួនជូតមុខ ប៉ាបន្ទោសកូនថាម៉េចមិនព្រមជូតជើងផង… ប៉ាស្រែកទាំងកំហឹងនៅពេលកូនទម្លាក់របស់ផ្សេងៗទៅលើក្តារ។
ពេលបរិភោគអាហារពេលព្រឹក ប៉ាក៏នៅតែរកឃើញកំហុសកូនទៀត… កូនធ្វើឱ្យកំពប់ប្រឡាក់ប្រឡូស កូនញុំាអាហារបន្ទីបន្ទាន់គ្មានរបៀប ដាក់កែងដៃលើតុ កូនដាក់ប៊័រលើនំប័ុងក្រាស់ហួសពេក។ ពេលកូនកំពុងរត់លេង ប៉ាកំពុងរៀបចំចេញដំណើរទៅឡើងរថភ្លើង កូនងាកបក់ដៃហើយនិយាយថា «បាយៗប៉ាៗ» តែប៉ាចងចញ្ចើមគំហកទៅវិញថា «លាងដៃឱ្យធឹងបន្តិចមើល៍»
ហើយរឿងទាំងអស់ក៏ចាប់ផ្តើមម្តងទៀតនៅពេលរសៀល ខណៈពេលប៉ាដើរតាមថ្នល់ចូលទៅជិតកូន កូនកំពុងលុតជង្គង់លេងដុំថ្ម ស្រោមជើងកវែងរបស់កូនរហែកធ្លុះធ្លាយជាច្រើនកន្លែង ប៉ាធ្វើឱ្យកូនអាម៉ាស់នៅចំពោះមិត្តប្រុសៗដោយបង្គាប់ឱ្យកូនដើរពីមុខប៉ាត្រឡប់ទៅផ្ទះវិញ… ស្រោមជើងនេះថ្លៃណាស់ ទាល់តែយកលុយខ្លួនឯងទៅទិញទើបកូនឯងចេះប្រយ័ត្នជាងនេះ គិតមើលចុះ… ប៉ាចេះនិយាយបែបនេះទៅរកកូនកើតដែរហ្ន៎?
បន្ទាប់ពីនោះមក កូនចាំដែរទេថា ពេលប៉ាកំពុងពិនិត្យឯកសារនៅក្នុងបណ្ណាល័យ កូនចូលមករកប៉ាដោយភ័យខ្លាច ដោយក្រសែភ្នែកពិបាកចិត្ត ពេលប៉ាងើបមុខចេញពីឯកសារ ងាកសម្លឹងទៅរកកូនដោយក្តីធុញទ្រាន់ដែលចូលមកកាត់ចង្វាក់ កូនឈរទាំងញញើតញញើមនៅនឹងមាត់ទ្វារ ប៉ាក៏សួរសន្ធាប់ថា «កូនឯងចូលមករកអី?»
កូនមិននិយាយអ្វី តែរត់ចូលមករកយ៉ាងលឿន ដៃរបស់កូនឱបកប៉ាដោយថើបប៉ា ដៃដ៏តូចរបស់កូនឱបប៉ាដោយក្តីស្រឡាញ់ដែលព្រះជាម្ចាស់ប្រទានឱ្យវារីកស្គុះស្គាយក្នុងចិត្តរបស់កូន ដែលសូម្បីតែការណ៍ត្រូវបំភ្លេចចោលក៏មិនអាចធ្វើឱ្យក្តីស្រឡាញ់នេះស្វិតស្រពោនឡើយ… បន្ទាប់ពីនោះមក កូនក៏រត់ឡើងជណ្តើរយ៉ាងលឿនបាត់ទៅ ។
កូនសម្លាញ់… បន្ទាប់ពីនោះបន្តិច ក្រដាសឯកសាររបស់ប៉ាដែលកំពុងតែកាន់ក៏របូតចេញពីដៃ… អារម្មណ៍មិនល្អក៏ផុសឡើងក្នុងចិត្តប៉ា… តើចរិតអ្វីទៅដែលធ្វើឱ្យប៉ាទៅជាបែបនេះ? ទម្លាប់ចាំតែចាប់កំហុស ដៀលត្មះស្តីបន្ទោសនេះជាអ្វីដែលប៉ាផ្តល់ឱ្យកូនក្នុងឋានៈជាកូនប្រុស… នេះមិនមែនមានន័យថា ប៉ាមិនស្រឡាញ់កូននោះទេ វាជាការរំពឹងជ្រុលហួសហេតុពីក្មេងម្នាក់ ប៉ាបង្វឹកកូនទៅតាមមាត្រដ្ឋានរបស់ប៉ា។
ប៉ុន្តែក្នុងរូបកូនក៏មានអ្វីល្អៗជាច្រើនគួរឱ្យកោតស្ញប់ស្ញែង ស្មោះសបរិសុទ្ធបេះដូងរបស់កូនក៏ធំទូលាយប្រៀបដូចរស្មីព្រះអាទិត្យដែលបំភ្លឺអស់សព្វភ្នំធំៗទាំងឡាយ ដែលបង្ហាញឱ្យឃើញតាមរយៈទឹកចិត្តដែលស្តែងចេញដោយធម្មជាតិខណៈពេលកូនរត់មកឱ្យក្រសោបប៉ា ថើបប៉ាមុនពេលចូលគេង… យប់នេះកូនមិនចាំបាច់ព្រួយបារម្ភអ្វីទៀតទេ ប៉ានឹងមកនៅក្បែរកូនក្នុងទីងងឹត ប៉ានឹងលុតជង្គង់នៅត្រង់នេះដោយទឹកចិត្តបរិសុទ្ធ។
វាជាការតបស្នងដែលមិនសូវសក្តិសមគ្នាប៉ុន្មានទេ ប៉ាដឹងថាកូនមុខជាមិនយល់ទេបើប៉ានិយាយប្រាប់ពេលកូនដឹងខ្លួន… ប៉ុន្តែថ្ងៃស្អែកនេះប៉ានឹងក្លាយជាប៉ាដ៏ពិតប្រាកដរបស់កូន ប៉ានឹងធ្វើជាមិត្តដ៏ល្អរបស់កូន ឈឺចាប់ពេលកូនឈឺ សើចពេលកូនសើចសប្បាយ ប៉ានឹងកាត់អណ្តាតរបស់ប៉ាចោលប្រសិនបើសម្តីទាំងឡាយដែលពុំមានក្តីអត់ធ្មត់របស់ប៉ាវារបូតចេញមក… ប៉ានឹងទន្ទេញពាក្យដដែលៗជាបន្តបន្ទាប់ ប្រៀបដូចការងារប្រចាំថ្ងៃថា «កូនគ្រាន់តែជាក្មេងតូចច្រមក់ម្នាក់ ជាក្មេងដ៏តូចល្អិតម្នាក់ប៉ុណ្ណោះ…»
ប៉ាបារម្ភថា ខ្លាចប៉ាមើលទៅកូនប្រៀបដូចជាមនុស្សចាស់ម្នាក់ សូម្បីតែខណៈដែលប៉ាឃើញកូននៅពេលនេះ កូនក្រាបខ្លួនដ៏ទន់រងៀកនៅលើគ្រែ… ប៉ាមើលឃើញហើយថា កូននៅតូចនៅឡើយ ម្សិលមិញកូននៅក្រោមរង្វង់ដៃម្តាយ ក្បាលកូនផ្តេកលើស្មាម្តាយ… ប៉ាធ្វើជ្រុលពេកហើយ… ជ្រុលពេកហើយកូន….។
~~~~~~~~~~~~~~~~~~~~~~
ទន្ទឹមនឹងត្រូវដៀលត្មះស្តីបន្ទោសអ្នកដទៃសូមឱ្យព្យាយាមស្វែងយល់ចិត្តពួកគេ សូមព្យាយាមរកឱ្យឃើញថា ហេតុអ្វីទើបគេធ្វើបែបហ្នឹង នោះវានឹងផ្តល់ប្រយោជន៍ដល់អ្នកហើយបង្កផលជាវិជ្ជមានជាជាងការរិះគន់ស្តីបន្ទោស ហើយវានឹងបង្កឱ្យមានការយល់ចិត្តយល់ថ្លើម ការអត់ធ្មត់ និងក្តីមេត្តា។ ហើយបើលោកអ្នកអាចស្វែងយល់ពីពួកគេបាន លោកអ្នកអាចអភ័យទោសឱ្យពួកគេបានគ្រប់ៗគ្នា។
រឿងខ្លីនេះត្រូវបាននិពន្ធដោយលោក W. Livingston Larned និងដកស្រង់ចេញពីសៀវភៅរបស់លោក Dale Carnegie ដែលមានចំណងជើងថា សិល្បៈចងមិត្ត បន្ទន់ចិត្តអ្នកដទៃ
រឿងនិទាន ផ្ទុយពីរឿងខ្ញុំ 22/11/2011
Posted by មានសង្ឃឹម in ផ្ទាល់ខ្លួន, រឿងខ្លីរបស់ខ្ញុំ, រឿងនិទាន, សៀវភៅកំណត់ហេតុ.4 comments
នេះជារឿងនិទានខ្លីមួយដែលបានដំណាលថា កាលដើមឡើយមានស្រ្តីចំណាស់ម្នាក់កំពុងអង្គុយលេងនៅមុខផ្ទះរបស់គាត់ ។ ស្រាប់តែមានអ្នកជិតខាងម្នាក់រត់មកប្រាប់គាត់ថា កូនប្រុសគាត់បានសំលាប់មនុស្ស គាត់គិតថាមិនមែនទេគឺជាការយល់ច្រលំ កូនគាត់ជាមនុស្សល្អ ស្លូតបូត មិនអាចសំលាប់មនុស្សបានទេ ។ លុះបន្ទាប់មកទៀតមានមនុស្សមកប្រាប់គាត់ថា កូនប្រុសគាត់ជាឃាតករសំលាប់មនុស្ស គាត់នៅតែមិនជឿ… លុះមានជនទីបីបានមកនិយាយដដែល គាត់បានវេចបង្វិចគេចខ្លួនបាត់ព្រោះតែភ័យខ្លាច ។ ការពិតកូនប្រុសគាត់អត់បានសំលាប់មនុស្សទេ វាគ្រាន់តែជាការយល់ច្រលំប៉ុណ្ណោះ ដោយហេតុតែមិនទុកចិត្ត នឹងមិនបានស្វែងរកការពិតឲ្យបានច្បាស់លាស់ គាត់ក៏រត់ចោលស្រុកទៅ ។
និយាយត្រលប់មកវិញ មានពេលមួយមានគេមកប្រាប់ខ្ញុំថា អ្នកជាមនុស្សអាក្រក់ម្នាក់ ប៉ុន្តែខ្ញុំនៅតែឈរខាងអ្នក ខ្ញុំជឿអ្នក ។ រហូតមានពេលមួយទៀត មានមនុស្សមកប្រាប់ខ្ញុំថាអ្នកមិនអាចសេពគប់បាន ខ្ញុំក៏នៅតែឈរខាងអ្នក ជឿលើអ្នក… រហូតមានពេលនេះមនុស្សជុំវិញខ្លួនខ្ញុំមិនចូលចិត្តអ្នក គេប្រាប់ថាអ្នកជាមនុស្សអាក្រក់ម្នាក់ ហើយខ្ញុំក៏នៅតែឈរខាងអ្នក នៅជឿជាក់លើអ្នក ។
ឆ្លងកាត់រឿងរ៉ាវជាច្រើន ពេលវេលាមួយបានប្រាប់ខ្ញុំថា ខ្ញុំគួរតែចាកចេញពីអ្នក ខ្ញុំបាត់បង់ជំនឿចិត្តដែលធ្លាប់មានចំពោះអ្នកនិងអស់សង្ឃឹមលើអ្នកខ្លាំងណាស់ ទាំងនេះជាបច្ច័យអាក្រក់បំផុតក្នុងទំនាក់ទំនងរបស់មនុស្ស ។ ខ្ញុំមិនដូចជាអ៊ុំស្រីខាងលើទេ ហើយខ្ញុំក៏មិនបានជឿលើពាក្យនរណាម្នាក់ដែរ ប៉ុន្តែខ្ញុំមានការពិចារណាគ្រប់គ្រាន់ ដើម្បីស្វែងរកឲ្យឃើញហេតុផលជាច្រើនដែលបានកើតឡើងសម្រាប់ធ្វើការសម្រេចចិត្ត… ទង្វើអ្នក គ្រប់យ៉ាងរបស់អ្នក គឺជាធាតុពិតដែលមិនអាចក្រែប្រែ និងទទួលយកបាន ។
អ្វីចុងក្រោយដែលខ្ញុំចង់ឲ្យអ្នកដឹងគឺ ទោះបីយ៉ាងណាក៏ដោយ ខ្ញុំមិនបាននៅក្បែរអ្នក ខ្ញុំបានសម្រេចដើរចាកចេញទៅ ប៉ុន្តែទឹកចិត្តរបស់មនុស្សម្នាក់នេះនៅតែឈរខាងអ្នកដដែល សូមបន្តស្នាមញញឹម បន្តក្ដីសង្ឃឹមរបស់អ្នក នឹងថែរក្សាខ្លួនឲ្យបានល្អ ។
រឿងនិទានរបស់ប៉ា 06/10/2011
Posted by មានសង្ឃឹម in រឿងនិទាន.7 comments
ពេលល្ងាចមួយក្រោយពេលអាហារពេលល្ងាចគ្រួសារខ្ញុំ បានជួបជុំគ្នានៅយ៉ក្រោយផ្ទះនៅឯស្រុកកំណើត ។ ប៉ាបាននិទានរឿងមួយឲ្យខ្ញុំស្តាប់ កាលនោះតាមចាំបានខ្ញុំមានអាយុទើបតែ ៦ ទៅ ៧ ឆ្នាំប៉ុណ្ណោះ ខ្ញុំនៅចាំបានយ៉ាងច្បាស់ពីអ្វីដែលប៉ាបានប្រាប់ ខ្ញុំចូលចិត្តរឿងនិទានហើយជារឿយៗខ្ញុំតែងតែ សុំឲ្យចាស់ៗនិយាយឲ្យខ្ញុំស្តាប់នៅពេលទំនេរ ហើយទំលាប់នេះនៅតែមកដល់សព្វថ្ងៃ ។
ប៉ាបាននិទានថា ៖ កាលពីដើមឡើយមានបុរសខ្វាក់ភ្នែក ៤នាក់បាននិយាយគ្នាអំពីសត្វដំរី ។ បុរសទី១ ស្ទាបចំជើងដំរីរួចនិយាយថា ដំរីការពិតមានរាងមូលនិងវែង ។ បុរសទី២ស្ទាបចំកន្ទុយ ហើយប្រាប់ថា ដំរីមានរាងតូចនិងមានរោមដូចជាអំបោស ។ បុរសទីបីស្ទាបចំត្រចៀករួចនិយាយថា ដំរីមានរាងដូចជាថាសដាក់បាយ ។ បុរសទីបួនបកស្រាយថា កាពិតដំរីមានរាងមូលធំវែង អាចបត់បែនបានព្រោះគាត់ស្ទាបប៉ះប្រមោយដំរី ។ បុរសទាំងបួននាក់នោះ បានឲ្យនិយមន័យសត្វដំរីខុសៗគ្នាទាំងអស់ ធ្វើឲ្យមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។ ប៉ាបានសួរថា តើកូនដឹងថារឿងដ៏ខ្លីនេះនិយាយពីអីទេ? ខ្ញុំក៏ឆ្លើយទៅវិញថាគឺពីសត្វដំរី តែដំរីដែលពួកគាត់និយាយ ការពិតមិនមែនមានរូបរាងចឹងទេ ។
ប៉ាបានបន្ត : ការពិតរឿងនេះចង់ប្រាប់កូនថា រឿងតែមួយប៉ុន្តែមានការមើលឃើញ វិនិច្ឆ័យខុសគ្នា បើកូនមិនបានស្គាល់សត្វដំរីទេ កូននឹងមានការយល់ច្រលំ កូននឹងជឿបុរសទីមួយថាដំរីមានរាងមូលដូចសសរផ្ទះ រឺក៏កូនគិតថាដំរីមានរាងដូចជាអំបោសដែលបុរសទី២ បានប្រាប់ ។ កូននឹងជឿថា វានឹងមានរាងដូចជាថាស ដូចបុរសទី៣បានបកស្រាយ…. ។
បើធ្វើការប្រៀបធៀប ទៅនឹងជីវិតរបស់មនុស្សវិញ កូនមិនអាចស្តាប់រឺជឿរាល់អ្វីដែលកូនត្រឹមតែបានលឺនោះទេ ត្រូវប្រមូលទិន្នន័យ និងវិភាគឲ្យបានគ្រប់ជ្រុងជ្រោយ នោះកូនអាចនឹងដឹងថា តើការពិតរបស់រឿងវាយ៉ាងណា ។ របស់តែមួយគឺអាចនឹងមានសភាព និង ការវិភាគខុសគ្នា ។ ផ្ទះមួយខ្នង បើមើលពីមុខ មើលពីឆ្វេង ពីស្តាំ ពីក្រោយគឺសុទ្ធតែមានរូបរាងខុសគ្នា ចឹងហើយបានជាទូទៅមនុស្សតែងតែឈ្លោះប្រកែក និងមានការវិវាទផ្សេងៗ ព្រោះតែពួកគេមានការយល់ឃើញខុសគ្នា ទោះបីជាសាច់រឿងតែមួយក្តី ។ កូនត្រូវចាំ រាល់ពេលកូនត្រូវនៅគ្រប់ជ្រុងនៃសាច់រឿង ចឹងកូនអាចដឹងថា ការពិតវាយ៉ាងមិចវិញ កុំព្យាយាមនៅតែមួយផ្នែកនៃបញ្ហា ។
ខ្ញុំនិយាយទៅប៉ាវិញក្រោយពេលសាច់រឿងបានបញ្ជប់ : កូនមិនសូវយល់ពីន័យចុងក្រោយរបស់ប៉ាទេ ខ្ញុំគ្រាន់តែដឹងថា លើកក្រោយខ្ញុំនឹងដើរជុំវិញសត្វ វត្ថុ រឺត្រូវលើកមើលគ្រប់ជ្រុងរាល់របស់ផ្សេងៗ… ដែលពួកគេនិយាយប៉ុណ្ណោះ ចឹងខ្ញុំអាចដឹងថាវាដូចអ្វីដែលគេបានប្រាប់ដែរឬទេ។
ប៉ាបានសើចនិងបន្តថា : កូននឹងយល់ពីអ្វីដែលប៉ាបាននិយាយប្រាប់កូន នៅពេលដែលកូនធំដឹងក្តី ។ កាលនោះខ្ញុំគ្រាន់តែដឹងថា អ្វីដែលខ្ញុំត្រូវធ្វើគឺចងចាំរឿងមួយនេះទុករហូត ដើម្បីឲ្យច្បាស់ថា ខ្ញុំនឹងយល់ពីអ្វីដែលប៉ាបាននិយាយទេ ពេលដែលខ្ញុំធំឡើង ។ ពេលនេះខ្ញុំពិតជាយល់ពីអ្វីដែលប៉ាបានពន្យល់ ។ រាល់ពេលណាដែលមនុស្សម្នាក់និយាយប្រាប់ខ្ញុំថា គេមិនអាចជឿខ្ញុំបានទាំងស្រុង ខ្ញុំនឹងមិនខឹងគេ ព្រោះខ្ញុំនឹងនិយាយពាក្យនេះទៅគេវិញដូចគ្នា ។
រឿងរបស់ប៉ាឲ្យខ្ញុំចាំថា៖ កូនអាចមើលឃើញ ផ្ទះមួយមានភាព ស្រស់ស្អាតឬខ្វះខាតនៅពេលដែលកូន បានមើលគ្រប់ទិសទី ពីមុខ ពីឆ្វេង ពីស្តាំ និងពីក្រោយ… ។ កូនអាចដឹងថា ដំរីមានរូបរាងយ៉ាងណា ពេលដែលកូនយកសំដីរបស់បុរសទាំងបួនមកផ្គុំបញ្ជូល គ្នា ។
ពីរនាក់ឪពុកកូន និង សត្វលាមួយក្បាល 28/07/2011
Posted by មានសង្ឃឹម in រឿងនិទាន.19 comments
រឿងមួយនេះគឺបងស្រីខ្ញុំបាននិយាយឲ្យស្តាប់កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំមិនដឹងច្បាស់ទេថាគាត់ដឹងមកពីសៀវភៅណា ។ គួរតែជាសៀវភៅរឿងខ្លី ជាភាសាអង់គ្លេសតាមខ្ញុំគិត ហើយខ្ញុំសរសេរនេះតាមការដែលខ្ញុំចាំពីគាត់ប៉ុណ្ណោះ ។
កាលពីដើមឡើយ មានពីរនាក់ឪពុកនិងកូនបានចាកចេញពីភូមិមកទិញសត្វលាមួយក្បាលនៅឯផ្សារ។ ក្រោយពេលដែលបានទិញរួចរាល់ហើយ គាត់ក៏នាំកូនប្រុសនិងសត្វលាត្រលប់មកផ្ទះវិញ ។ ពេលត្រលប់មកតាមផ្លូវ គាត់ក៏ឲ្យកូនប្រុសជិះសត្វលានោះ លុះធ្វើដំណើរបានបន្តិចស្រាប់តែមានគេនិយាយថា «កូនប្រុសនេះ ម្តេចក៏អាក្រក់ម៉្លេះ សុខចិត្តឲ្យឪពុកដើរ យកស្រួលតែខ្លួនឯង» ។ ពេលបានលឺដូច្នេះពួកគេក៏សំរេចថា ទុកឲ្យឪពុកជាអ្នកជិះសត្វលាម្តង ។ ដល់ពេលគាត់បានឆ្លងកាត់ភូមិមួយគាត់ក៏បានលឺអ្នកស្រុកនិយាយថា «ឪពុកនេះមិចក៏មិនឲ្យកូនជិះផង មិនគិតដល់កូនប្រុសដែលនៅតូចសោះ» ។ ក្រោយមកពួកគេទាំងពីរនាក់ក៏សំរេចជិះលាទាំងពីរនាក់ កំពុងតែធ្វើដំណើរ ពួកគេក៏បានលឺពាក្យគេរិះគន់ទៀតថា «មើលចុះ ពីរនាក់ឪពុកនិងកូននេះ ចេះធ្វើបាបសត្វទៅកើត គ្នាមិនទាំងធំស្រួលបួលផងក៏ទុកគ្នាជាទាសករទៅហើយ គ្នានចិត្តអាណិតដល់សត្វសូម្បីបន្តិច» ។ លើកនេះពួកគេក៏ពិភាក្សាគ្នាម្តងទៀត ទីបំផុតពួកគេក៏មិនសំរេចចិត្តមិនជិះសត្វលានេះ រហូតដល់ភូមិគាត់ ក៏មានអ្នកជិតខាងគាត់ស្រែកថា «អើយ! ពីរនាក់ឪពុកកូននេះ ល្ងង់អីក៏ល្ងង់ ទៅទិញសត្វលាអស់ប្រាក់ម៉ាគគោក សុខចិត្តបណ្តើរមិនព្រមជិះ» ។
ការពិតជីវិតមនុស្សមានខុសអី ពីឪពុកនិងកូនពីរនាក់នេះទៅ យើងតែងតែចង់ធ្វើរឿងល្អសំរាប់មនុស្សជុំវិញខ្លួន ប៉ុន្តែវាជារឿងពិបាកមួយ ។ ខ្លួនយើងតែម្នាក់មិនអាចបំពេញចិត្តមនុស្សរាល់គ្នាបាន ទោះជាពេលខ្លះខំប្រឹងយ៉ាងណាក៏ដោយ មនុស្សមានការគិត និងការចង់បានខុសគ្នា តើចាំបាច់ឲ្យពួកគេសប្បាយចិត្តដោយសារតែយើងម្នាក់ ? ល្អបំផុតគឺធ្វើរឿងដែលយើងគិតថាត្រឹមត្រូវ គិតថាល្អ ការប៉ះពាល់ខ្លះវាមិនមែនជាបញ្ហា មនុស្សដែលយល់ពីជិវិត ក៏អាចយល់ពីអ្នកច្រើន ។ កុំព្យាយាមកែប្រែខ្លួនយើងដើម្បីនរណាម្នាក់ តែត្រូវកែប្រែខ្លួនយើងដើម្បីយើងក្លាយជាមនុស្សល្អ ។ អ្នកដឹកនាំប្រទេស សិល្បះករ សិល្បះការរនី អ្នកនិពន្ធ …… សុទ្ធតែមិនអាចធ្វើឲ្យមនុស្សម្នាពេញចិត្តទាំងអស់បាន ។ ចុះទំរាំតែយើងជាមនុស្សធម្មតាម្នាក់? អញ្ជឹងធ្វើអ្វីដែលឲ្យខ្លួនយើងសប្បាយចិត្ត មានសុភមង្គល ហើយចូលរួមរីករាយនឹងជីវិតគឺជារឿងល្អបំផុត ។