jump to navigation

រង្វាន់​នៃ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ 24/12/2014

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, រឿង​ខ្លី​របស់​ខ្ញុំ​.
add a comment

រដូវ​រងា​បាន​វិល​ត្រលប់​ម្ដង​ទៀត​ហើយ​… ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​កាល​​១៨​ឆ្នាំ​មុន កាល​ដែល​រៀន​វិទ្យាល័យ​ ។ ស្រទាប់​ផ្កា​ត្របែក​ព្រៃ​បាន​រុះរោយ​លើ​​ដី​ទៅ​តាម​ការ​បោយ​បក់​នៃ​​ខ្យល់​រដូវ​…វា​ពិត​ជា​ត្រជាក់​។ ជំហាន​របស់​ខ្ញុំ​បាន​បោះ​មួយ​ៗ​… ស្មា​ស្ដាំ​​ខ្ញុំ​ស្ពាយ​កាបូប កន្សែង​បង់​ក​ពណ៌​ក្រហម​… ​ត្រចៀក​ខ្ញុំ​​ដាក់​កាស​ស្ដាប់​​បទ​ចម្រៀង​​… អូន​ចាំ​បង​នៅ​ទី​នេះ​ ចាំ​កាន់​តែ​យូរ​អូន​យល់​ថា​កាន់​តែ​រងា​ កាន់​តែ​ត្រជាក់​… ចម្រៀង​​«ខ្យល់​រដូវ»​លឺ​រងំ​ក្នុង​សោតា​របស់​អូន​​… ។​
ដៃ​មនុស្ស​ម្នាក់​អង្អែល​ក្បាល​​​ថ្នម​ៗ​… នេះ​ជា​ទម្លាប់​របស់​បង​រាល់​ពេល​ដែល​មក​ជួប​អូន​​ ។ បង​បាន​ហុច​កា​ដូ​រ​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល​មក​អូន ។ ស្នាម​ញញឹម​ដែល​បង​ស្រលាញ់​ផុស​ចេញ​លើ​ផ្ទៃ​មុខ​របស់​អូន​ម្តង​ទៀត​​… អូន​បាន​បើក​មើល​ វា​ជា​ស្ករ​​សូកូឡា​ដែល​អូន​ចូល​ចិត្ត​ញុំា​បំផុត​ ។

taprum_2013323002625
បង​ប្រាប់​អូន​ឲ្យ​បើក​មើល​ Post Card មួយ​សន្លឹក​នោះ… មិន​នឹក​ស្មាន​ថា​ខណៈ​​កំពុង​តែ​អាន​​វា​ធ្វើ​ឲ្យ​​ទឹក​មុខ​អូន​បាន​ប្រែ​ប្រួល «​សុំទោស​មនុស្ស​ជា​ទី​ស្រលាញ់!! សុំទោស​ក្មេង​តូច សុំ​ទោស​ព្រះនាង​ម្ចាស់​បង… បង​ត្រូវ​ទៅ​ហើយ សោកស្ដាយ​ដែល​ពួក​យើង​ជួប​គ្នា​ត្រឹម​តែ​ពេល​ដ៏​​ខ្លី​​ សោក​ស្ដាយ​ដែល​បង​ត្រូវ​​ចាក​ចេញ​ពី​អូន​លឿន​បែប​នេះ​… »។
ទឹក​ភ្នែក​អូន​ស្រក់​… វា​ជា​កាដូ​រ​ដ៏​សែន​ឈឺ​ចាប់​សម្រាប់​រដូវ​រងា​​​ឆ្នាំ​នោះ​ ។ បង​បាន​ផ្លាស់​ប្ដូរ​​ទី​លំនៅ​​ទៅ​ទី​មួយ​ដែល​​ឆ្ងាយ​… ប៉ុន្តែ​អូន​បាន​គិត​ថា​បង​មាន​គេ​ថ្មី​ហើយ ។ តើ​នាង​ល្អ​ជាង​អូន​មែន​ទេ?
បង​អោប​អូន​យ៉ាង​យូរ ហើយ​ណែន​… បង​ថើប​ថ្ងាស​អូន បង​ថើប​ភ្នែក​របស់​អូន​ដែល​ដិត​ដាម​ដោយ​ទឹក​ភ្នែក​ជោកជាំ​… ។ បង​យក​ដៃ​ជូត​ទឹក​ភ្នែក​អូន… ក្នុង​ខណៈ​ពេល​ដែល​អូន​បាន​បេះ​យក​ស្ករ​សូកូឡា​ដាក់​ក្នុង​មាត់​ ។ បង​សម្លាញ់!! រស​ជាតិ​ស្ករ​​នៅ​តែ​ផ្អែម​… នៅ​តែ​ឆ្ងាញ់​… ប៉ុន្តែ​ក្ដី​​ស្រលាញ់​ដែល​បង​ឲ្យ​អូន​គឺ​វា​មិន​ផ្អែម​ល្ហែម​​ដូច​គ្រា​មុន​ទៀត​​ទេ ។ បើ​ការ​​ចាក​ចេញ​ទៅ​របស់​បង​លើក​នេះ​អាច​ធ្វើ​ឲ្យ​បង​រីករាយ​ ការ​ឈឺ​ចាប់​រាប់​រយ​លាន​ក្នុង​ចិត្ត​អូន​ទាំង​ប៉ុន្មាន​អូន​​សុខ​ចិត្ត​ទទួល​តែ​ម្នាក់​ឯង​ ។
ពាក្យ​ចុង​ក្រោយ​ដែល​បង​និយាយ​ប្រាប់​អូន «​ថែ​ខ្លួន​ផង​ ក្មេង​តូច​របស់​បង» ។ជំហាន​របស់​បង​បាន​រុញ​ច្រាន​រូប​រាង​កាយ​បង​ចេញ​ពី​អូន ។ បង​ដឹង​ទេ​ថា​អូន​ឈឺ​ប៉ុណ្ណា អូន​ចង់​ស្រែក​ហៅ​បង ហៅ​ឲ្យ​បង​វិល​ត្រលប់ ប៉ុន្តែ​អូន​​ត្រូវ​ខាំ​មាត់​បង្ហូរ​ទឹក​ភ្នែក មើល​បង​ទៅ ។ អូន​ដឹង​ថា​ទោះ​អូន​ស្រែក​មួយ​លាន​ដង​ក៏​បង​មិន​អាច​វិល​ត្រលប់​ ហេតុអ្វី​បង​ចិត្ត​ដាច់​យ៉ាង​នេះ? ហេតុអ្វី​?

អូន​សម្លឹង​មើល​​បង​ដើរ​កាត់​ស្រទាប់​ផ្កា​ត្របែក​ព្រៃ​ដែល​រាយ​ពាស​ពេញ​ដី​​… បន្តិចៗ​ម្ដង​ៗ​រហូត​បាត់​រូប​បង​ទៅ​… ។ ផ្កា​ត្របែក​ព្រៃ​!!! មាន​តែ​អ្នក​ទេ​ដែល​ដឹង​ថា​ក្នុង​ចិត្ត​ខ្ញុំ​ឈឺ​ប៉ុណ្ណា​ មិន​នឹក​ស្មាន​ថា​រដូវ​រងា​លើក​នេះ ​បាន​ផ្ដល់​​រង្វាន់​​ឲ្យ​ខ្ញុំ​​​មិន​អាច​បំភ្លេច​​បាន​មួយ​ជីវិត ។

អូន​ត្រូវ​រស់​នៅ​ដោយ​គ្មាន​បង វា​ពិបាក​… ពិបាក​បំផុត​ដែល​អូន​ត្រូវ​បំភ្លេច​អនុស្សាវរីយ​របស់​យើង​ទាំង​ពីរ​ ។ ក្ដី​ស្រលាញ់​រវាង​បង​និង​អូន​ ដូច​ជា​សៀវ​ភៅ​​មួយ​ក្បាល សរសេរ​កាន់​តែ​ច្រើន​គឺ​កាន់​តែ​ពិបាក​លុប សរសេរ​កាន់​តែ​ច្រើន​អូន​ត្រូវ​ចំណាយ​ពេល​កាន់​តែ​យូរ​ដើម្បី​កាត់​ចិត្ត​ ។ ស្រលាញ់​មនុស្ស​ម្នាក់​គឺ​ងាយ​ណាស់ ប៉ុន្តែ​វា​ជា​រឿង​លំបាក​បំផុត​ដែល​​ត្រូវ​បំភ្លេច​មនុស្ស​ម្នាក់​ដែល​ផ្ដល់​ការ​ចង​ចាំ​ជា​ច្រើន​ដល់​យើង​ ។​ បង​ប្រាប់​អូ​ន​មក​ថា​តើ​អូន​ត្រូវ​បំភ្លេច​បង​របៀប​ណា​ជា​មួយ​ការ​ចង់​ចាំ​ទាំង​នោះ?

hold_my_hand_by_aselatundra-d3ufiv2

ពេល​នេះ​១៨​ឆ្នាំ​ហើយ​… មិន​នឹក​ស្មាន​ថា​ពេល​វេលា​មួយ​ឲ្យ​អូន​បាន​ជួប​បង​ម្ដង​ទៀត ទោះ​បី​វា​ហួស​ពេល​ទៅ​ហើយ ទោះ​បី​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​អតីតកាល​ក៏​បង​នៅ​តែ​និយាយ​ពាក្យ​ដដែល​ «​សួ​ស្តី!​ក្មេង​តូច​របស់​បង» «​អរុណ​សួស្ដី​!! ព្រះ​នាង​ម្ចាស់​» មើល​ទៅ​ក្នុង​ចំណោម​មនុស្ស​រាប់​សិប​លាន​នាក់​ដែល​កំពុង​​រស់​នៅ​លើ​លោក​នេះ​ មាន​តែ​បង​ទេ​ដែល​ហៅ​អូន​បាន​ពីរោះ​​ជាង​គេ ។ ប៉ុន្តែ​ការ​ជួប​បង​ម្ដង​ទៀត​លើក​នេះ គ្រប់​យ៉ាង​វា​ហួស​ពេល​អស់​ទៅ​ហើយ​… ប៉ុន្តែ​អូន​នៅ តែ​ផ្ដល់​​ស្នាម​ញញឹម​ដែល​បង​ស្រលាញ់​ចូល​ចិត្ត​ ។ កុំ​បោះ​បង់​ក្មេង​តូច​ម្នាក់​នេះ ទោះ​ក្នុង​លក្ខខណ្ឌ​ណាក៏​ដោយ​​ពួក​យើង​នៅ​តែ​ជា​មិត្ត​ល្អ​នឹង​គ្នា​ ។

រីករាយ​ជា​ថ្មី​​​រដូវ​រងា រដូវ​ស្លឹក​ឈើ​ជ្រុះ ​ឆ្នាំ​២០១៤ រដូវ​ដែល​អាច​ឲ្យ​អូន​ជួប​បង​ម្ដង​ទៀត ។ វា​ជា​ការ​ផ្ដល់​ឲ្យ​របស់​ព្រះ​ជា​ម្ចាស់​នូវ​រង្វាន់​លួង​ចិត្ត​ដើម្បី​លុប​លាង​ការ​ឈឺ​ចាប់​កាល​ពី​១៨​ឆ្នាំ​មុន ។ ញញិម​ឡើង​… ពួក​យើង​នឹង​ប្រើ​ខ្សែ​ជីវិត​ ការ​តស៊ូ​… ដើម្បី​ជីវិត​រស់​នៅ​ដែល​សេសសល់ ។

ស្នេហ៍ដែល​ហួស​ពេល​ 03/10/2012

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, រឿង​ខ្លី​របស់​ខ្ញុំ​.
4 comments

មិន​ដឹង​ថា​យូរ​ប៉ុណ្ណា​ហើយ…. ភ្លេច​ខ្លួន​តែ​បន្តិច​ជាង​ដប់​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ។ យុវភាព​ដែល​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​ មិន​ស្រស់​ត្រកាល​ដូច​ផ្កា​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​រឿង​ដិត​ដាម​ច្រើន​ណាស់​​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង​ចាំ​ ។ អាយុ​ច្រើន​ប៉ុននេះ​ហើយ… ខ្ញុំ​ក៏​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ​​ ប្រាកដ​ជា​ធ្លាប់​ឆ្លង​កាត់​ការ​ខក​បំណង​ក្នុង​រឿង​ស្នេហា​ ។ រហូត​ពេល​មួយ​….

បុរស​ទី​មួយ​បាន​វិល​មក​ខ្ញុំ​ ហើយ​ប្រាប់​ខ្ញុំ​ថា «​សូម​​ទោស​! បង​មិន​អាច​ភ្លេច​អូន​បាន​ទេ​ ទោះ​១៥​ឆ្នាំ​កន្លង​ផុត​ទៅ​ក៏​ដោយ នៅ​តែ​​គ្មាន​​នរណា​ម្នាក់​​ជំនួស​អូន​បាន​ ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ​ អូន​នៅ​​ជម្រើស​ទី​មួយ​របស់​បង​​» ។

ពេល​​​បន្ទាប់​មក​​ទៀត… ​បុរស​ទី​​២​​បាន​វិល​មក​​ប្រាប់​ខ្ញុំ​ថា «​សូម​ទោស​!​ ដែល​ឆ្នាំ​នោះ​បង​​មិន​បាន​រក្សា ចំណង​ស្នេហ៍​របស់​យើង​ឲ្យ​បាន​​ល្អ តើ​ពួក​យើង​អាច​ដូច​ដើម​បាន​ទេ?​ បង​ពិត​ជា​សោក​ស្ដាយ​ដែល​ធ្វើ​ឲ្យ​បាត់​បង់​​អូន​​»

ហើយ​រហូត​ថ្ងៃ​មួយ ខ្ញុំ​បាន​ជួប​​បុរស​ទី​៣​​ម្ដង​ទៀត​ដោយ​ចៃ​ដន្យ​ ក្រោយ​ពេល​លា​គ្នា​​…​​ គាត់​បាន​ផ្ញើ​​សារ​មក​ខ្ញុំ​ថា​  «​ខ្ញុំ​​មិន​សុំទោស​អ្នក​ទេ ​ព្រោះ​ខ្ញុំ​មិន​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត​សូម្បី​តែ​ម្ដង ព្រោះ​កាល​នោះ​ពួក​យើង​គ្រាន់​តែ​ជា​មិត្ត​ល្អ​នឹង​គ្នា ប៉ុន្តែ​ខ្ញុំ​​សុំទោស​ចំពោះ​ខ្លួន​ឯង​ដែល​មិន​បាន​ជ្រើស​រើស​អ្នក​ជា​ភរិយា​​» ។

រឿង​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រំជួល​ចិត្ត​ អគុណ​ទឹក​ចិត្ត​របស់​អ្នក។ នៅ​ក្នុង​ជីវិត​របស់​យើង​ ​មាន​រឿង​មួយ​ចំនួន​ដែល​បាន​បញ្ចប់​​​ទៅ​ហើយ​ពិត​ជា​មិន​អាច​ចាប់​ផ្ដើម​សារ​ជា​ថ្មី​បាន​ទេ ។ ខ្ញុំ​នៅ​តែ​សប្បាយ​ចិត្ត​ព្រោះ​យ៉ាង​ហោច​ណាស់​ ខ្ញុំ​ជា​មនុស្ស​ល្អ​គ្រប់​គ្រាន់​ ទោះ​បី​​ជា​ទំនាក់ទំនង​​របស់​យើង​បាន​បញ្ចប់​​​ទៅ​ហើយក្តី​។​ តាំង​ពី​ដើម​ដល់​ចប់​ខ្ញុំ​មិន​ដែល​មាន​វិប្បដិសារី​នោះ​​ទេ​ ព្រោះ​អ្នក​ទេ​ដែល​បាន​ចាកចេញ ​នឹង​គ្មានភាព​​ស្មោះ​ត្រង់​អោយ​​មក​ខ្ញុំ ទោះ​ការ​វិល​ត្រលប់​មួយ​ពាន់​ដង​ក៏​មិន​អាច​ប៉ះ​​ប៉ូវ​ភាព​ស្មោះ​ត្រង់​របស់​ខ្ញុំ​បាន​ឡើយ ប៉ុន្តែ​ត្រឹម​ទឹក​ចិត្ត​ដែល​អ្នក​មាន​អោយ​ខ្ញុំ​ ខ្ញុំ​នឹង​ទុក​ក្នុង​ចិត្ត​​ ។

រហូត​ដល់​ពេល​ខ្ញុំ​បាន​ត្រលប់​មក​អាន​សៀវភៅ​កំណត់​ហេតុ​ប៉ុន្មាន​ក្បាល​ចប់​ ទើប​ដឹង​ថា​ខ្លួន​ឯង​បាន​ក្លាយ​ជា​​​មនុស្ស​ចាស់​ទុំ​ម្នាក់​ ។ ពេល​ខ្ញុំ​អាន​ទើប​ដឹង​ថា កាល​នោះ​ហេតុអ្វី​បាន​ជា​ខ្ញុំ​អាច​ស្រលាញ់​ក្មេង​ប្រុស​ដូច​ជា​អ្នក? វា​ពិត​​ជា​ឈឺ​ចាប់​បើ​និយាយ​ចំពោះ​ក្មេង​ស្រី​ម្នាក់​កាល​នោះ​ ប៉ុន្តែ​វាក្លាយ​​ជា​​រឿង​កំប្លែង​ទៅ​វិញ​​ចំពោះ​មនុស្ស​ចាស់​ម្នាក់នា​​ពេល​នេះ​ ។ អញ្ចឹង​បុរស​ទាំង​បី​ដែល​ខ្ញុំ​ធ្លាប់​បាន​ជួប ​ក្នុង​ពេល​ខុស​គ្នា​ក្នុង​អតីតកាល​ខាង​លើ ​​ចាប់​ផ្ដើម​នឹក​ឃើញ​ពី​ខ្ញុំ ​ព្រោះ​តែ​ពួក​គេ​ក៏​ដូច​ជា​ខ្ញុំ​ដែរ​គឺបាន​​ក្លាយ​ជា​មនុស្ស​ចាស់ទុំទៅ​​ហើយ​។  ខ្ញុំ​ជឿ​ថា​ មាន​រឿង​ខ្លះ​ដែល​កប់​ទុក​ក្នុង​ចិត្ត​​ជា​យូរ​ត្រូវ​តែ​និយាយ​ដើម្បី​ឲ្យ​បាន​ធូ​ស្បើយ​​  ព្រោះ​វា​​មិន​យុត្តិធម៌ ចំពោះ​ជីវិត​​ទេ​ដែល​ត្រូវ​ស្លាប់​ទៅ​វិញ​ជា​មួយ​វា​។

នេះ​ចាត់​ទុក​ជា​រឿង​ខ្លី​មួយ​ដែល​ប្រាប់​អ្នក​ថា​ «​ធ្វើ​​ល្អ​តាម​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន​ ​ព្រោះ​មិន​ថា​មាន​រឿង​​អ្វី​ដែល​​​កើត​ឡើង​អ្នក​នឹង​មិន​មាន ​វិប្បដិសារី​​» ។​ ​សូម​ថែ​រក្សា​មនុស្ស​ដែល​អ្នក​ស្រលាញ់​ និង មនុស្ស​ដែល​ស្រលាញ់​អ្នក​អោយ​​បាន​ល្អ កុំ​ចាំ​រហូត​ដល់​ហួស​ពេល​ទើប​នឹក​​ស្ដាយ​​ក្រោយ​អោយ​សោះ​​ ។

ចុង​ក្រោយ​ខ្ញុំ​សូមជូន​ពរ​ដល់​គូស្នេហ៍​ទាំង​ឡាយ​ឲ្យ​ជួប​តែ​ក្ដី​សុខ​ និង សុភមង្គល អាច​ឆ្លង​ដល់​ត្រើយ​សុខសាន្ត​រហូត​តទៅ… ។

វង្វេង​ 26/04/2012

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន, រឿង​ខ្លី​របស់​ខ្ញុំ​.
Tags: , ,
6 comments

ខ្ញុំកំពុងតែវង្វេងក្នងព្រៃជ្រៅមួយដែលពោរពេញទៅដោយ ដើមឈើខ្ពស់ៗសន្លឹម… ដែល​ខ្ញុំមិនអាចឃើញ​​សូម្បីតែពន្លឺថ្ងៃ ។ តើខ្ញុំស្ថិតនៅទីនេះយូរប៉ុណ្ណាទៀត ? យប់ថ្ងៃចេះតែកន្លងទៅ…. ពេលវេលាពិតជាមិន​រង់​ចាំ​​នរណាម្នាក់នោះទេ។​ វា​ហាក់​ដូចជាទឹកជ្រោះដែលហូរទៅហើយគ្នានថ្ងៃត្រលប់…. នេះគឺ​ជាច្បាប់របស់​ធម្មជាតិ​​ដែលយើងត្រូវតែទទួល​។

ខ្ញុំបានក្រលេកមើលទៅអតីតកាលដែលនៅក្រោយខ្នង វានៅតែជាស្រមោលព្រាលៗ ដែលកំពុង​តែ​រ​សាត់​អណ្តែត​វិលវល់​តាមខ្ញុំគ្រប់ពេលវេលា ។ ខ្ញុំមិនចង់ឲ្យស្រមោលព្រាលៗទាំងនោះនៅរំខានខ្ញុំបន្ត​ទេ ខ្ញុំពិតជាខ្លាច​និងមិនអស់មន្ទិល ព្រោះមិនដឹងថាវាមានបង្កប់អ្វី​នៅក្នុងនោះ ជាអសុកាយ ជាសត្វសាហាវ ឬជាចោព្រៃ… ។ ខ្ញុំពិតជា​​វង្វេង ខ្ញុំមិនអាចរកផ្លូវឃើញទេ… ខ្ញុំយល់​ថា​វា​ពិតជារងារណាស់… ពេល​នេះ​អ្វី​ដែល​ខ្ញុំ​ចង់បាន​គឺ​ពន្លឺព្រះអាទិត្យដែលអាចផ្តល់កំដៅឧណ្ហៗដល់ស្បែក ដល់រាងកាយ ហើយអាច​ជ្រាប​ចូល​យ៉ាង​ជ្រៅក្នងបេះដូងរបស់ខ្ញុំ… ។

ខ្ញុំបោះជំហានត្រេតត្រូតមួយៗតាមជ្រកដ៏ចង្រៀតនៃ ចន្លោះដើមឈើទាំងឡាយ ធម្មជាតិហាក់បី​ដូចជា​កំពុង​តែសើចចំអកឲ្យមនុស្សដ៏ទន់ខ្សោយម្នាក់នេះ។​ ទីបំផុតខ្ញុំបានដួលដេកទៅលើដី… ទឹកភ្នែកខ្ញុំបាន​ហូរ​កាត់​ផែនថ្ពាល់​របស់ខ្ញុំស្រក់ទៅលើកំរាលស្លឹកឈើ… តើខ្ញុំនឹងស្លាប់នៅទីនេះមែនទេ? ខ្ញុំពិតជាមិនដឹង ។​ ក្នុង​ខណៈ​ដែលស្រមោលនៃផ្សែងព្រាលនៃ​អតី​ត​កាល​នោះកំពុងតែរសាត់មកគ្របដណ្តប់លើខ្ញុំ ខ្ញុំមិនអាច​រើ​រួច​ទេ ។ តើមាននរណាម្នាក់អាចជួយខ្ញុំបាន? ខ្ញុំ​ស្រម៉ៃ​ថា​នឹង​ដៃដ៏រឹងមុំាដែលអាចលើកបីខ្ញុំ ស្មាដ៏ធំទូលាយអាចឲ្យខ្ញុំកើយ មាន​កំដៅឧណ្ហៗចេញពីរាងកាយ និង ចង្វាក់បេះដូងដែលខ្ញុំអាចស្តាប់លឺ… តើពេល​នេះ​បាត់ទៅណា​អស់ហើយ? ហេតុអី…? ហេតុអី?​ ខ្ញុំគ្រាន់តែជាស្រីម្នាក់​ដែលមាន​រូបរាងតូចដ៏​ស្គាំង​ស្គម​មួយ​សោះ តែ​បែរ​ជា​ឲ្យខ្ញុំរាប់រ៉ងជីវិតដ៏លំបាកលំបិនមួយ​នេះ ឲ្យខ្ញុំទ្រទំងន់ដ៏ធ្ងន់ និង ចំណង​ចាក់ស្រេះ​ដែល​មិនអាចស្រាយបាន ?

មិនមាននរណាសូម្បីតែម្នាក់នៅលើលោកអាចជួយខ្ញុំបាន គឺមានតែមានខ្ញុំម្នាក់ឯង… ខ្ញុំប្រាប់ខ្លួនឯងថា ក្រោកឡើង ឯងត្រូវតែក្រោក… បើមិនដូច្នេះមានតែផ្លូវស្លាប់ប៉ុណ្ណោះ ។ ខ្ញុំបិតភ្នែកហើយស្រវា​ចាប់ដីមួយ​ក្តាប់យ៉ាងណែន ដើម្បីជាកំលាំងចុងក្រោយ​ដើម្បី​រត់​ចាកចេញពីទី​ដ៏​សែន​ងងឹត​មួយ​នេះ​ ។ ពេលនេះ នាទីនេះ… ខ្ញុំកំពុងតែរត់ទាំងសំលៀកបំពាក់ និង ស្បែកជើងចាស់ដែលដាច់ដោយកន្លែង… ដើម្បី​​ចាកចេញ​ពីព្រៃ និង ស្រមោលនៃភាពភ័យខ្លាច… ខ្ញុំត្រូវតែទៅ… ទៅមុខមិន​បកក្រោយ​ទោះបីជា​ខ្ញុំ​បាន​លឺសំលេង​អ្វីក៏ដោយ… ។

ខ្ញុំបានរត់ រត់រហូត មិនដឹងថាយូរប៉ុណ្ណា ហត់ប៉ុណ្ណា ឆ្ងាយប៉ុណ្ណានោះទេ? ខ្ញុំគ្រាន់តែសង្ឃឹមថា​ខ្ញុំអាចចេញពីពិភពដ៏ឈឺ​ចាប់​ ដ៏​តូចចង្រៀតនិងពោពេញ​ទៅ​ដោយ​គ្រោះថ្នាក់…។  ទីបំផុតខ្ញុំបានមើលឃើញ​ពន្លឺតូចមួយ​នៅចំពោះមុខខ្ញុំ នោះជាពន្លឺព្រះអាទិត្យដែលខ្ញុំត្រូវការ…. ពន្លឺនោះកាន់តែរីកធំទៅៗ​នៅក្នុង​កែវភ្នែក​…  ទី​បំផុត​ជំហាន​ចុង​ក្រោយ​បាន​រុញ​​ខ្លួន​ខ្ញុំបានមកដល់ទីវាលមួយដែលមានស្មៅដ៏ខៀវ​ស្រងាត់​​​មាន​សត្វស្លាបហោះហើរលើមេឃ… ឯ​នាយមានទឹកជ្រោះធ្លាក់​ស​ក្បុស​ មាន​ផ្កាដុះចំរុះគ្រប់ពណ៌ ខ្យល់បក់មកត្រសៀក ដែល​នាំមកនូវ​ក្លឹនក្រអូបប្រហើនៃរុក្ខជាតិទាំងឡាយ…នេះហើយ​ជាអ្វីដែល​ខ្ញុំប្រាថ្នា​ចង់​បាន ។

ខ្ញុំបានលាដៃខ្ញុំទាំង​ពីរ​ដែល​ពោពេញទៅដោយកំទេចស្លឹកឈើនិង​ដី ហើយ​បាច​វា​ទៅ​លើ​វេហា​… ខ្ញុំ​បាន​ងាក​ក្រឡេក​ក្រោយ ផ្សែងអាប់អ៊ួរ ភាពភ័យខ្លាច និង ការមន្ទិលទាំងឡាយ​បានរលាយ​សាបសូន្យ​អស់​ អ្វីដែល​ខ្ញុំ​ឃើញ​គ្រាន់​តែជាព្រៃឈើខ្ពស់ៗដែលមានពណ៌បែតងចាស់​ប៉ុណ្ណោះ​… ។ នៅមិនឆ្ងាយពីមុខ​ខ្ញុំគឹមាន​ផ្សែង​ហុយ​​ចេញពីដំបូលផ្ទះ នៅក្បែរនោះជាហ្វូងគោ ពពែរបស់អ្នកស្រុក។ ខ្ញុំ​បិតភ្នែក ងើប​មុខ​ទៅ​កាន់​​ផ្ទៃ​មេឃ​ដ៏​ធំទូលាយ​ រួច​​បង្វិលខ្លួនជាច្រើនជុំ… ហើយស្រែកថា«ខ្ញុំធ្វើបានហើយ» ។ ខ្ញុំ​ញញឹម​រីករាយ​ជាមួយ​គ្រប់យ៉ាង​ដែលនៅជុំវិញខ្លួន ​។ នៅ​ពេល​នេះ​ខ្ញុំ​អាច​ទទួល​យក​គ្រប់​យ៉ាង​ទាំង​អតីតកាល បច្ចុប្បន្ន​និង​អនាគត… ។

ខ្ញុំបានយកសំលៀកបំពាក់ និង ស្បែកជើងកញ្ជាស់មកមើល… ខ្ញុំមិនស្តាយក្រោយពី​ភាព​ឈឺ​ចាប់​នៅក្នុងអតីតកាលនោះ​ទេ​ ធាតុពិតវាបានបង្រៀនឲ្យខ្ញុំរឹងមុំា… ។ ជារឿយៗរាល់ពេលដែល​ខ្ញុំជួបឧប្បសគ្គ ​ខ្ញុំ​តែងតែ​​​ក្រឡេកមើលទៅ​ខាងក្រោយ ថាតើខ្ញុំត្រូវធ្វើបែបណាកុំឲ្យដួលម្តងទៀតនិង​​កុំឲ្យឈឺម្តងទៀត… ខ្ញុំនឹង​រក្សា​ទុករបស់ចាស់​នេះជារាងរហូតទៅ​ បើ​ទោះបីជា​ខ្ញុំមានរបស់ថ្មីក៏ដោយ វា​នៅ​តែ​ជា​វត្ថុ​ដ៏​មាន​តម្លៃ​ដែល​ធ្លាប់​នៅ​ជា​មួយ​ខ្ញុំ​មួយ​គ្រា​ក្នុង​គ្រា​អាសន្ន​។
ខ្ញុំលើកពែង​តែ​មក​ក្រេបរសជាតិ ហើយសំលឹងមើលទៅកូនៗរបស់ខ្ញុំដែលកំពុងតែរត់ លេងលើសួនច្បារ​ក្រោយផ្ទះយ៉ាងសប្បាយ ។

អត្ថបទ​មួយ​នេះ​ចង់​ប្រាប់​អ្នក​ថា​៖​
មនុស្សដែលរឹងមុំាម្នាក់មិនមានន័យថា មិនធ្លាប់ដួលនោះទេ ការពិតមនុស្សដែលរឹងមុំាម្នាក់ គឺដួលហើយ នៅ​តែ​អាចងើបវិញដោយខ្លួនឯងបាន។

មនុស្សល្អម្នាក់មិនមែនមានន័យថាមិនធ្លាប់ខុសនោះទេ មនុស្សល្អម្នាក់គឺដឹងខ្លួនខុស ហើយអាចកែប្រែវា​ដោយ​មិន​ឲ្យ​កំហុសនោះកើតឡើងម្តងទៀត។

មានពេលខ្លះអតីតកាលធ្វើឲ្យអ្នកឈឺចាប់ ភ័យខ្លាច… ប៉ុន្តែអ្នក​ត្រូវតែរៀននិងប្រឈមមុខនិងការពិត​។ ការត្រាំ​ខ្លួន​អ្នក​ក្នុង​ភាព​ឈឺចាប់​ក្នុង​អតីតកាល​វា​ធ្វើ​ឲ្យ​អ្នក​ភ្លេចគិតពីអ្វី​ដែល​​អ្នក​ប្រឈម​មុខ​ ដោះស្រាយ​ក្នុង​ពេល​បច្ចុប្បន្ន ។ កុំ​បណ្ដោយ​​ឲ្យ​វា​គ្រប​ដណ្តប់លើជីវិត​របស់​អ្នក​​ ផ្សែងនៃអតីតកាលនឹងធ្វើឲ្យ​អ្នកវង្វេង​ដូចជាស្ថិតក្នុងភាពងងឹត មិនដឹងខាងណាឆ្វេង ខាងណាស្តាំ… ហើយពេលនោះអ្នកនឹងដួល… ។ សូម​​រៀនពីវា ហើយ​ទាំងនោះ​​ជាអ្វីដែលព្រះជាម្ជាស់ផ្តល់ឲ្យអ្នក ដើម្បីសាកល្បងថាតើអ្នកមានភាពរឹងមុំា និង ក្លាហាន​ប៉ុណ្ណា​ក្នុង​ការតស៊ូក្នុងឆាកជីវិត?

 

បើសិន….. 05/04/2012

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, រឿង​ខ្លី​របស់​ខ្ញុំ​.
10 comments

ចេននី ជាក្មេងស្រីតូចនៅជិតផ្ទះរបស់ខ្ញុំ ជារឿយៗនាងតែងតែមកនិយាយលេង ឬឲ្យខ្ញុំនិទានរឿងឲ្យនាងស្តាប់ ។ ខ្ញុំចូលចិត្តនាងព្រោះនាងជាក្មេងស្តាប់បង្គាប់និងគួរឲ្យស្រលាញ់ម្នាក់ ។ ល្ងាចមួយនាងបានមកអង្គុយនិយាយលេងជាមួយខ្ញុំ នៅបង់មុនផ្ទះ ។ ខ្យល់ចាប់ផ្តើមបក់មកត្រសៀក… ឯនាយជើងមេឃសុរិយារៀបលិចទៅហើយ… ពួកយើងចាប់ផ្តើមនិយាយពីនេះពីនោះ… ដូចសព្វមួយដង ។ ខ្ញុំបានរៀបរ៉ាប់រឿងមួយដែលខ្ញុំធ្លាប់ឃើញនឹងភ្នែកប្រាប់ទៅនាង ។

«កាលពីបងនៅតូចបងចូលចិត្តទៅរត់លេងក្រោមដើមផ្ការាំងភ្នំ និង មាត់បឹងនៅឯសកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រោះទីនោះ មានទេសភាពស្អាត ទីធ្លាក៏ទូលាយ ហើយមានអាកាសធាតុល្អ… ។ មានពេលមួយបងបានចាប់អាម្មរណ៏ឃើញក្មេងស្រីដែលជាជនជាតិ ជប៉ុនម្នាក់ មិនដឹងថានាងមកចាំនរណាម្នាក់នោះទេ ។ បងបានឃើញក្រោយពេលដែលនាងញុំានំកញ្ជប់អស់ហើយ នាងរកធុងសំរាមមិនឃើញសោះ នាងដើររកទៅរកមក ក៏នៅតែមិនឃើញ ដោយអស់លទ្ធភាព ទីបំផុតនាងក៏សំរេចប្រមូលកំទេចសំរាមដែលសេសសល់បត់ចងយ៉ាងមានរៀបរយ រួចដាក់ចូលក្នុងកាបូបស្ពាយរបស់នាងវិញ ហើយនាងក៏បានធ្វើដំណើរចេញទៅ។
បងនឹកសរសើរដល់ទឹកចិត្តនាងណាស់ ហេតុអ្វីបានជានាងមានការគិតដ៏ម៉ត់ចត់មួយដែលមនុស្សភាគច្រើននៅទីនេះមិនយកចិត្ត ទុកដាក់ ។  សំនួរមួយបងបានរំលឹកឡើង តើនាងស្រលាញ់ទីនេះជាងពួកយើងទេ? ទាំងទីនេះមិនមែនជាប្រទេសរបស់នាង ។ »

002j051EHm1

មានមនុស្សជាច្រើនដែលនិយាយថា ស្រលាញ់នឹងចង់ថែរក្សា ក្រុមគ្រួសារ មិត្តភក្តិ ជនគ្រប់រូប និង ប្រទេសជាតិ…. ប៉ុន្តែមនុស្សមិនច្រើនទេដែលនិយាយថាស្រលាញ់ និងចង់ថែរក្សារពិភពលោកនេះឲ្យស្រស់ស្អាត ផូផង់… ។ មនុស្សទំរាំបានធំដឹងក្តី មិនដឹងថាតើម្នាក់ៗត្រូវប្រើប្រាស់ធនធាន និង បំពុលបរិស្ថានក្នុងលោកច្រើនប៉ុណ្ណា? តើពួកយើងធ្វើយ៉ាងណាដើម្បីប៉ះប៉ូវការខូចខាតទាំងនោះឡើងវិញ?

ក្រោយពីនិយាយចប់ ខ្ញុំមើលកែវភ្នែកធំៗរបស់ចេននី ខ្ញុំដឹងថានាងពិតជាយល់ពីអ្វីដែលខ្ញុំនិយាយ ព្រោះនាងជាក្មេងឆ្លាតម្នាក់ ។ នាងនិយាយថា បើសិនជាអាចនាងចង់ឲ្យពិភពលោកនេះមានមនុស្សដូចក្មេងស្រីជប៉ុនម្នាក់នោះ បើសិនជាអាចនាងចង់ឲ្យគ្រប់ទីកន្លែងនៅលើពិភពលោកទាំងមូលស្រស់ស្អាតដូចក្នុង ផ្ទាំងគំនូរ ។ នាងសួរខ្ញុំថា ចុះបងវិញ បើសិនជាអាច… បងចង់បានអ្វី?
ខ្ញុំតបទៅចេននី : បើសិនជាអាចបងនឹងសុំព្រះជាម្ជាស់ឲ្យក្តីប្រាថ្នារបស់ចេននីក្លាយជាការពិត ។ នាងញញឹមពោពេញដោយក្តីសង្ឃឹម  រួចក៏បានលាខ្ញុំត្រលប់ទៅផ្ទះវិញ ។ ខ្ញុំបានសំលឹងមើលចេននីរត់ត្រឹកៗតាមផ្លូវ…. រហូតដល់បាត់រូបនាង។ ពាក្យរបស់ចេននីបានរំលឹកដល់ខ្ញុំឡើងវិញ… ពាក្យប្រសិនបើគឺខ្ញុំធ្លាប់លឺ អ្នកនោយោបាយក្នុងស្រុកម្នាក់ធ្លាប់និយាយ «បើសិន…. បើសិនជា… វាស្មើនឹងអាចដាក់ទីក្រុងប៉ារីសចូលក្នងដប» តើវាអាចទេ? ខ្ញុំក៏ធ្លាប់រៀនភាសាអង់គ្លេសគេថា «If I could …. I would…. »។

សរុបទៅបើសិនមនុស្សគ្រប់គ្នាអាចយល់… បើសិនជាក្មេងម្នាក់ៗចាប់ផ្តើមមានគំនិតដូចជាចេននី… ហើយបើសិនមនុស្សទាំងឡាយអាចធ្វើដូចជាក្មេងស្រីជប៉ុន… នោះពួកយើងនឹងមានពិភពលោកដ៏ត្រកាលមួយ ។ គ្រប់យ៉ាងនឹងអាចក្លាយជាការពិត ដោយចាប់ផ្តើមពីខួរក្បាល ពីបេះដូង និង ពីបាតដៃរបស់យើងគ្រប់គ្នា… ។

អ្នកអាចប្រាប់ខ្ញុំបានទេ ឬ មួយវាគ្រាន់តែជាពាក្យ ប្រសិន……..។

%d bloggers like this: