jump to navigation

ចំណង​ដែល​ដាច់​ 25/11/2016

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន.
add a comment

ពន្លឺព្រះអាទិត្យបានចាំងតាមបង្អួចនាព្រឹកនេះ វាមានកម្តៅឧណ្ឌៗដល់ស្បែកជាមួយការដាស់តឿនសម្រាប់ថ្ងៃថ្មី ខ្ញុំត្រូវចាប់ផ្តើមគ្រប់យ៉ាងឲ្យល្អសម្រាប់ជីវិតដែលសេសសល់។ ជាងមួយឆ្នាំដែលខ្ញុំបានទទួលយកការពិតជាមួយការបរាជ័យក្នុងជីវិតគូស្រករ។ នេះជាជីវិត វាមិនហួសហេតុពេកទេព្រោះមិនមែនតែខ្ញុំដែលត្រូវបែកបាក់គ្រួសារ នៅមានមនុស្សជាច្រើនទៀតដែលទទួលយកការបរាជ័យនេះ។ 
ត្រូវហើយ! វាឈឺខ្ញុំដឹង… ហើយវាឈឺខ្លាំងទៀតផង វាឈឺរហូតដល់ខ្ញុំមិនចង់ឲ្យនរណាម្នាក់ទទួលអារម្មណ៍ឈឺបែបនេះទាល់តែសោះ។ ចំណងដប់ឆ្នាំមកនេះត្រូវបានដាច់ ព្រោះតែមនុស្សពីរនាក់មិនអាចស្រាយវាបាន។ 
women-empowerment-quotes-hd-wallpaper-17-1024x608
ជាមួយដំណើរលើវិថីថ្មីដែលមានតែម្នាក់ឯង វាជារសជាតិដែលខ្ញុំបានតាំងចិត្តថានឹងទទួលយកជាយូរណាស់មកហើយ។ កម្លាំងបន្តិចបន្តួចដែលខ្ញុំមាន ខ្ញុំនៅតែអាចតស៊ូទៅមុខទៀតបានដោយមិនចាំបាច់អំពុលទុក្ខដល់នរណាម្នាក់។ 
នៅក្នុងផ្សែងដ៏អ៊ួអាប់នៃអតីតកាល នេះជាបច្ចុប្បន្នកាលថ្មីមួយ។ ស្នាមដិតដាមនៅក្នុងបេះដូងកំពុងតែរលុបបន្តិចម្តងៗ ហើយនៅទីបំផុតពួកយើងបានក្លាយជាអ្នកដទៃដោយភាពស្ងប់ស្ងាត់។ អ្វីដែលខ្ញុំតែងតែដាស់តឿនខ្លួនឯងគឺ គ្មាននរណាម្នាក់អាចជួយខ្ញុំបានក្រៅពីខ្ញុំខ្លួនឯង។

សូមញញិមទទួលវាចុះ!!

ការឃ្លាតឆ្ងាយរបស់បងស្រី 30/01/2016

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន, សៀវ​ភៅ​កំណត់​ហេតុ​.
add a comment

តាំងពីខ្ញុំកើតមកខ្ញុំបានឃើញគាត់រួចទៅហើយ គាត់ជាក្មេងស្រីម្នាក់ដែលមានអាយុលើសខ្ញុំបីឆ្នាំ​ គាត់មានសម្បុរសស្គមស្តើងនិងខ្ពស់​ខុសពីក្មេងដទៃនៅក្នុងភូមិ។ គ្រប់ពេលគឺយើងតែងតែនៅជាមួយគ្នា គាត់ធ្លាប់កាប់អំពៅឲ្យខ្ញុំយកទៅរៀន តែងតែចែកចំណីអាហារមកឲ្យខ្ញុំញាំ ធ្លាប់គេងខ្នើយមួយជាមួួយគ្នា ធ្លាប់ឡើងដើមឈើជាមួយគ្នា ធ្លាប់ញាំបាយចានជាមួយគ្នា… គ្រប់យ៉ាងគឺមានច្រើនរាប់មិនអស់ដែលយើង«ធ្លាប់»រួមសុខទុក្ខជាមួយគ្នា។ គាត់គឺជាបងស្រីទីពីររបស់ខ្ញុំ ដោយសារវ័យនិងការគិតប្រហាក់ប្រហែលគ្នា ធ្វើឲ្យពួកយើងលើសពីបងប្អូនគឺជាមិត្តជិតស្និទ្ធ។
រាល់ពេលគាត់ទន្ទេញមេរៀននៅលើដើមត្របែកមុខផ្ទះ ខ្ញុំគឺនៅលើមែកត្របែកស្តាប់គាត់ដែរ… អស់កាលជាង៣០ឆ្នាំបើរៀបរាប់ពីអនុស្សាវរីយ៍គឺមានច្រើនរាប់មិនអស់។

«បងស្រី» មិនត្រឹមតែជាចំណែកនៃភាពរឹងមាំរបស់ខ្ញុំប៉ុន្តែគឺជាចំណែកដ៏សំខាន់នៃព្រលឹងនិងស្មារតី គាត់ជាស្ត្រីគំរូនៅក្នុងចិត្តដែលខ្ញុំមាន។ គាត់ក្លាហាន ឈ្លាសវៃ ពូកែតស៊ូអត់ធ្មត់និងជាស្ត្រីដែលអាចប្រើជីវិតនៅលើវិថីដ៏ជោគជ័យ។ ខ្ញុំតែងតែសម្លឹងមើលដានជើងរបស់គាត់ ខ្ញុំតែងតែសម្លឹងមើលភាពជោគជ័យរបស់គាត់ដោយមោនទភាព… បងស្រីបានកាន់ដៃខ្ញុំដើរឆ្លងអណ្តាតភ្លើង ភាពអត់ឃ្លាន ការឈឺចាប់… និងបង្រៀនខ្ញុំឲ្យក្លាយជាស្ត្រីរឹងមាំម្នាក់ដែលអាចរស់ដោយខ្លួនឯងនៅថ្ងៃនេះ។ពួកយើងទាំងពីរមានជំហរជាមេគ្រួសារ ស្វែងរកប្រាក់ដើម្បីផ្គត់ផ្គង់ឪពុកម្តាយដែលមានវ័យចំណាស់និងគ្រួសារទាំងមូល… ។ ដំណើរដែលដើរគឺមានរអិលខ្លះ ដួលខ្លះ របួសជាហូរហែរ… យើងជួយគ្នាក្នុងការព្យាបាលរបួល ជួយលើកគ្នាពេលដែលដួល…។
ការចែករំលែកគឺច្រើនមហិមាដែលខ្ញុំមិនអាចរាប់បាន យើងតែងតែពិភាក្សាគ្នានិងចែករំលែករឿងស្មុគស្មាញ ការឈឺចាប់ជាមួយគ្នា…។
រហូតមកដល់ពេលនេះបងស្រីបានរៀបការហើយត្រូវទៅរស់នៅបរទេស នេះជាពេលវេលាដែលយើងត្រូវបែកគ្នា។ ខ្ញុំហាក់ដូចជាបាត់បង់ដៃម្ខាងហើយយល់ថាហេលហាល។

12507301_10201445115206195_7198653270797138093_n

នៅពេលវ័យពួកយើងកាន់តែច្រើន ពួកយើងមានពេលរីករាយក៏កាន់តែតិច ការចំណាយពេលលើភារកិច្ចនិងការទទួលខុសត្រូវកាន់តែច្រើន។ មនុស្សចាកចេញក៏កាន់តែកើនក្នុងពេលដែលមិនមាននរណាម្នាក់ដើរចូលមកក្នុងជីវិតបន្តទៀត ហេតុផលមកពីពួកយើងផ្តោតលើគុណភាពច្រើនជាងបរិមាណ។
បងស្រីបានចាកចេញទៅ ហើយខ្ញុំ​គឺជាមនុស្សតែម្នាក់នឹងឈរនៅទីតាំងរបស់គាត់បន្ត។
បងស្រី មានពាក្យជាច្រើនដែលនិយាយចេញមកយល់ថាខ្មាសនិងអៀនមាត់ ប៉ុន្តែបើសិនជាបងបានអានអត្ថបទដែលបងចេះតែជេរខ្ញុំថាសរសេរវ៉ល់ៗនេះ សង្ឃឹមថាបងអាចចំណាយពេលរំលឹកអនុស្សាវរីយ៍ដែលពួកយើងធ្លាប់កម្សត់កម្រជាមួយគ្នា​ ហើយយើងគ្រប់គ្នានឹងនឹកដល់បងគ្រប់ពេល ជាពិសេសគឺវត្តី។
ក្តីរំពឹងមួយរបស់ខ្ញុំគឺពួកយើងអាចមានពេលមើលព្រិលធ្លាក់ជាមួយគ្នានៅលោកខាងលិច ដែលឆ្ងាយរាប់លានយោជន៍នៅថ្ងៃមួយ។
សោកស្តាយដែលខ្ញុំមិនពូកែដូចបង សោកស្តាយដែលតែងតែធ្វើឲ្យបងខកបំណង​ សោកស្តាយដែលខ្ញុំមិនអាចសាងគ្រួសារមួយដ៏ល្អដូចជាបង… ប៉ុន្តែរឿងដែលខ្ញុំមានសប្បាយរីករាយនិងអស្ចារ្យគឺមានបងជាបងស្រីបង្កើត ដែលរួមពោះម្តាយជាមួយគ្នា។
ចុងក្រោយ ជូនពរបងនិងបងថ្លៃក្មេង មានក្តីសុខភាពល្អ សំណាងល្អ ទទួលជោគជ័យគ្រប់ភារកិច្ចនិងរីករាយស្រស់ស្រាយរាងរាល់ថ្ងៃ។

សួស្តីឆ្នាំថ្មី២០១៦ 31/12/2015

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន.
add a comment

មួយឆ្នាំមាន៣៦៥ថ្ងៃ ហើយមួយឆ្នាំបានកន្លងផុតទៅយ៉ាងលឿន។ រាត្រីនេះមនុស្សម្នាជាច្រើនកំពុងទន្ទឹងរង់ចាំការរាប់ត្រលប់ក្រោយដើម្បីទទួលឆ្នាំថ្មី ឆ្នាំ២០១៦។​
សម្រាប់ខ្ញុំ ឆ្នាំ២០១៥ គឺជាឆ្នាំដែលពោរពេញទៅដោយការចងចាំ ឆ្នាំដែលខ្ញុំបានសម្រេចចិត្តធ្វើបដិវត្តន៍លើជីវិតរបស់ខ្លួនឯង នេះជាការកែប្រែដ៏ធំសម្បើមក្នុងកំឡុងបីទសវត្សរ៍ដែលខ្ញុំបានរស់នៅ។ គឺជាឆ្នាំដែលពោរពេញទៅដោយក្តីឈឺចាប់និងពោរពេញដោយឧបសគ្គស្អេកស្អះ ហើយក៏ជាឆ្នាំដែលពោរពេញដោយមនោសញ្ចេនាដ៏ធំធេង…។

Happy-New-Year-wishes-messages

ឆ្នាំចាស់បានកើនរំលឹកដល់ការប្រឹងប្រែងបំផុតរបស់ខ្ញុំ វាអស្ចារ្យសម្រាប់ស្ត្រីក្នុងវ័យ៣៣ឆ្នាំដ៏សមញ្ញម្នាក់។​ ខ្ញុំនៅតែអរគុណដល់ឆ្នាំចាស់ដែលបានផ្តល់វិថីជីវិតថ្មីឲ្យខ្ញុំដើរ អរគុណឆ្នាំចាស់ដែលបានបង្ហាញថាខ្ញុំជានរណា? ខ្ញុំមានមោទភាពចំពេាះកិច្ចការទាំងឡាយដែលខ្ញុំបានធ្វើ ទេាះជាមិនទាន់រាប់ថាល្អបំផុត។​

រាត្រីនេះខ្ញុំនឹងគេងឲ្យលង់លក់ ស្កប់ស្កល់… បន្ទាប់មកខ្ញុំនឹងចាប់ផ្តើមបើកភ្នែកឃើញព្រះអាទិត្យថ្មីនៅថ្ងៃស្អែក។ ខ្ញុំនឹងធ្វើការសម្រេចចិត្តនិងធ្វើកិច្ចការដែលនៅសល់ បើសិនជាអាចខ្ញុំនឹងធ្វើបដិវត្តន៍ថ្មីមួយទៀតសម្រាប់ឆ្នាំថ្មី ដើម្បីឈានមួយជំហានឲ្យកាន់តែប្រសើរសម្រាប់ខ្ញុំនិងវត្តី។​ ខ្ញុំនឹងរឹងមាំជាងមុនហើយចាកចេញពីសេចក្តីទុក្ខព្រួយទាំងពួង។​ ដល់ពេលដែលខ្ញុំគិតពីខ្លួនឯងឲ្យច្រើនជាងនរណាទាំងអស់ ដល់ពេលដែលខ្ញុំស្រលាញ់ខ្លួនឯងឲ្យបានច្រើននិងដល់ពេលដែលខ្ញុំស្វែងរកសេចក្តីសុខដោយមិនចាំបាច់រំពឹងការផ្តល់ឲ្យពីនរណាម្នាក់នេាះទេ ព្រេាះសេចក្តីសុខបែបនេះគ្រាន់តែជាសេចក្តីសុខដែលបង្ហាញពីកម្សោយរបស់ខ្ញុំតែប៉ុណ្ណេាះហើយវាក៏មិនឋិតឋេរផងដែរ។

ជាចុងក្រោយ ជូនពរឆ្នាំថ្មី ឆ្នាំ២០១៦ ជូនពរដល់គ្រប់គ្នា សូមជួបតែសំណាងល្អ សុខភាពល្អ មានសុភមង្គលគ្រប់ក្រុមគ្រួសារនិងទទួលជោគជ័យគ្រប់ភារកិច្ច។
ដោយសេចក្តីស្រលាញ់និងនឹករលឹកពីចម្ងាយ
សុ​ ចិន្តា

ពេលវេលាសម្រាប់មនុស្សពីរនាក់… 05/12/2015

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន, សៀវ​ភៅ​កំណត់​ហេតុ​.
5 comments

មួយឆ្នាំហើយ…​ មួយឆ្នាំដែលយើងទាំងពីរនាក់បានកាន់ដៃគឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នា។​ ពេលសប្បាយ រីករាយ ទុក្ខសោក… វាមិនតិចទេសម្រាប់មនុស្សពីរនាក់។ ពិភពលោកបានវិលជាច្រើនជុំទម្រាំតែអាចឲ្យខ្ញុំនិងគាត់បានជួបគ្នាជាថ្មី។​
៣៦៥ថ្ងៃ ដែលខ្ញុំអាចកាន់ដៃមនុស្សដែលនៅក្នុងក្តីស្រម៉ៃ ទេាះបីជានិស្ស័យបានត្រឹមតែជួបក្នុងលក្ខខណ្ឌដ៏តឹងតែងមួយក៏ដោយ។ ខ្ញុំពិតជាមិនដឹងថាតើអាចមានមួយឆ្នាំបែបនេះប៉ុន្មានដងក្នុងមួួយឆាកជីវិត?

អរគុណសម្រាប់ចំណាយពេលវេលាកន្លងមកជាមួយគ្នា ទេាះបីក្នុងចិត្តរបស់បងមានអូនតិចក្តី មិនច្រើនលើសលប់ក្តី… អូនបានទទួលយករួចហើយ។ សេចក្តីស្រលាញ់មួយនេះមិនមានពាក្យថាស្តាយក្រោយ ព្រេាះអ្វីដែលអូនធ្វើបានគឺអូនធ្វើអស់ទៅហើយ ក៏បានធ្វើអស់លទ្ធភាពនិងល្អបំផុត។
សេចក្តីស្រលាញ់និងការលះបង់ដ៏ធំធេងក្នុងមួយជីវិត ជាមួយភក្តីភាពនិងការព្រួយបារម្ភរបស់អូនមានតែប៉ុណ្ណេះជូនបង។ សុំទោសមនុស្សជាទីស្រលាញ់ដែលអូនមិនអាចផ្តល់ឲ្យបងច្រើនជាងនេះ។

maxresdefault

សុរិយារៀបលិចហើយ បន្សល់នៅពន្លឺពណ៌មាសដ៏សែនស្រស់ស្អាតនៅលើផ្ទៃទឹកនិងរុក្ខជាតិទាំងឡាយ។ ទីបំផុតមួយថ្ងៃក៏កន្លងផុតទៅ សង្ឃឹមថាបងនឹងមានសេចក្តីសុខ សុភមង្គលនៅលើវិថីជីវិតដ៏ជោគជ័យមួយ។​ បើមិនហួសហេតុពេកទេអូនសង្ឃឹមថា១៨ឆ្នាំក្រោយពួកយើងអាចជួបគ្នាម្តងទៀត។​
ប្រសិនបើពេលនេះទេវតាអាចប្រទានពរឲ្យអូន អូននឹងសុំឲ្យអូនអាចកាន់ដៃបងរៀងរាល់ថ្ងៃសម្រាប់ពេលវេលាដែលសេសសល់ពេញមួយជីវិត…។

%d bloggers like this: