jump to navigation

ដើម្បីមនុស្សម្នាក់…​ 16/11/2017

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន.
add a comment

ដើម្បីមនុស្ស​ម្នាក់ ខ្ញុំបានចំណាយពេលវេលានិងការលំបាកជាច្រើន។ វត្តីត្រូវចម្រើនវ័យជាមួយអ្នកម្តាយដូចជាខ្ញុំតែម្នាក់ឯង នាងធ្លាប់បានសួរសំនួរខ្លះដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក។ ខ្ញុំដឹងថា ការសម្រេចចិត្តរបស់ខ្ញុំគឺធ្វើឲ្យនាងឯកោ ប៉ុន្តែខ្ញុំក៏ដឹងថានាងនិងយល់នូវហេតុផលជាច្រើននៅពេលដែលនាងធំដឹងក្តី។

ដើម្បីមនុស្សម្នាក់ ខ្ញុំត្រូវតស៊ូ
ដើម្បីមនុស្សម្នាក់ ខ្ញុំត្រូវធ្វើដំណើរទៅមុខ
ដើម្បីមនុស្សម្នាក់ ខ្ញុំត្រូវរឹងមាំ
ដើម្បីមនុស្សម្នាក់ ខ្ញុំគ្មានសិទ្ធិស្លាប់ឬចាកចេញ
ដើម្បីមនុស្សម្នាក់ ខ្ញុំត្រូវធ្វើការនិងលះបង់…

ព្រោះគ្រប់យ៉ាងដើម្បីមនុស្សម្នាក់….។ អរគុណវត្តីដែលតែងតែនៅទីនេះជាមួយគ្នា នៅពេលនឹកដល់នាង ខ្ញុំតែងតែនឹកដល់ពាក្យមួយឃ្លា «ជីវិតដែលមានតម្លៃ គឺជីវិតរស់នៅដើម្បីអ្នកដទៃ»

ការចាកចេញឆ្ងាយរបស់ម៉ែ 15/09/2017

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន, សៀវ​ភៅ​កំណត់​ហេតុ​.
add a comment

គ្រួសារ​ជា​អថិរភាពដំបូងបំផុតរបស់ខ្ញុំ​ ៣៥​ឆ្នាំកន្លងមកនេះ​​ ខ្ញុំបាន​ចំណាយពេល​រស់នៅ​ជាមួយគ្រួសារ​មិន​ដែល​បែក​ចាកចេញ​ឆ្ងាយម្តងណាឡើយ។​​ ដោយ​សារ​តែហេតុនេះ​គ្រួសារ​បាន​ក្លាយ​ជា​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​មាន។ បន្ទាប់ពីការ​ចាក​ចេញ​ជាងមួយ​ឆ្នាំ​របស់​បងស្រី ការ​នឹករលឹក​នៅ​តែបន្ត​… ហើយ​ពេល​នេះ​ម៉ែ​របស់ខ្ញុំ​ក៏​ត្រូវចាកចេញ​ទៅរស់នៅ​លើទឹក​ដី​អាមេរិក​ជាមួយបង​ស្រី​ទៀត​។ ថា​ទៅ​ខ្ញុំមិន​ដែល​បែក​ម៉ែ​ឆ្ងាយ​និង​យូរ​យ៉ាង​នេះ​ទេ ទើប​ធ្វើ​ឲ្យ​ចិត្ត​ស្រងេះ​ស្រងោច​។ ផ្ទះ​ដែល​ធំទូលាយ​ ប៉ុន្តែ​មនុស្សចេះ​តែតិច​ទៅ​ៗ​ មាន​ពេល​ខ្លះ​ខ្ញុំ​ត្រលប់​ទៅ​ដល់​​ផ្ទះ​ ចេះ​តែ​យល់​ថា​ផ្ទះ​ដូច​ជា​ងងឹតៗ​និង​ខ្វះ​អ្វី​ម្យ៉ាង ខ្ញុំសម្លឹង​មើល​ផ្ទះបាយ​ដែល​ម៉ែធ្លាប់​ដាំ​ស្ល​ ហើយ​បន្តិច​ទៀត​នឹង​លែង​មាន​គាត់​។​


តាំង​ពី​តូច​មក​ខ្ញុំ​ជា​ក្មេង​ដែល​មាន​មនោសញ្ចេតនា​ច្រើន​។ ចាំបាន​ថា​ពេល​មួយកាល​ពី​១០ឆ្នាំ​មុន​នោះ​ មិត្តរួម​ការងារ​របស់ខ្ញុំ​ត្រូវ​បាន​បញ្ឈប់​ ខ្ញុំ​បាន​យំ​ឡើង​ហើម​ភ្នែក​ព្រោះតែ​ការ​បែក​គ្នា​លើកនោះ​ វា​ជា​រឿង​ចម្លែក​មួយ​ដែរ ព្រោះក្រៅ​ពី​ខ្ញុំ​គ្មាន​មិត្តភក្តិ​ណា​យំ​ទាល់​តែ​សោះ​។ ខ្ញុំ​មិន​ចូល​ចិត្ត​ជូន​ដំណើរ​គេ​ទេ ក៏​មិន​ចូល​ចិត្តការ​បែក​គ្នា​ដែរ ខ្ញុំ​ខ្លាច​ការបែក​បាក់ ព្រាត់​ប្រាស់ ចាកចេញ​ឆ្ងាយ​របស់មនុស្សជា​ទី​ស្រលាញ់ ប៉ុន្តែ​ទេវតា​ហាក់​ដូច​ជា​ចង់ឲ្យ​ខ្ញុំ​រៀន​មេរៀន​នេះ​ឲ្យចេះ ឲ្យចាំ ឲ្យ​រឹង​មាំ ដោយ​បាន​ដាក់​ មេរៀន​«បែក»​ឲ្យ​ខ្ញុំ​ជា​បន្ត​បន្ទាប់​សម្រាប់​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ វិថី​ដែល​ខ្ញុំ​បាន​ដើរ​កាន់​តែ​ទូលាយ​ កាន់​តែធំ ហើយ​មនុស្សដែល​នៅរួម​ដំណើរ​ជាមួយ​​ខ្ញុំ​កាន់​តែ​តិច… អំរែក​នៅ​លើ​ស្មា​ដែល​ធ្ងន់​ក៏​នៅ​តែ​មាន ពុកកាន់តែចាស់ ចំណែកកូនស្រីកាន់តែធំរាល់ថ្ងៃ​… ពួកគេត្រូវការម្ហូបអាហារនិងការមើលថែរាល់ថ្ងៃ​​​​។ ម៉ែ!! កូនពិតជា​ខ្លាច​ ខ្លាច​ថា​ថ្ងៃស្អែក​នឹង​មាន​មនុស្សចាកចេញពីកូនទៀត កូននៅតែខ្លាចព្រោះ​កូន​មិនទាន់​រៀន​ចេះ​មេរៀន​«បែក» ដែលទេវតាបានដាក់ឲ្យ​កូន កូន​នៅតែ​ខ្លាចព្រោះ​មនុស្សដែល​ចូល​មកជីវិត​របស់​កូនកាន់​តែ​តិច ហើយ​ចំនួន​មនុស្សដែល​ទៅក៏កាន់​តែច្រើន​…​។

ម៉ែ​ទៅ​ហើយ!!​ ប្រហែល​ជា​មួយ​ឆ្នាំ ពីរ​ឆ្នាំ​… ឬអាច​ច្រើន​ជាង​នេះ​។ ខ្ញុំ​ច្បាស់​ជា​នឹក​ម៉ែ​ខ្លាំង​ណាស់ នឹក​ម្ហូបម៉ែ​ដែល​កូនតែង​តែ​រអ៊ូ​ថាមានរសជាតិ​ចម្លែក​។ កូន​នឹក​ដល់​សំឡេង​ទូសព្ទ​ដែល​ម៉ែ​ខល​រក​កូន​ដើម្បី​ញុំាអាហារ​ពេល​ល្ងាច​ជាមួយ​គ្នារាល់ថ្ងៃ នឹកដល់​ពេល​ដែល​កូន​អូសកន្រ្តក​ជូន​ម៉ែ​ដើរ​ផ្សារ​ទិញ​ម្ហូប… នឹកឃើញ​រូបភាព​ម៉ែ​ស្រោចដំណាំនៅជុំវិញផ្ទះ​…នឹកម៉ែគ្រប់ពេល​…​។ កូន​សូម​ទោស​ដែល​តាំង​ពីដើម​មក​ កូន​មិន​ស្តាប់ម៉ែ ទើប​ធ្វើ​ឲ្យ​ផ្លូវ​ជីវិត​ត្រូវ​តែល​តោល​បែប​នេះ​ ប៉ុន្តែ​អ្វី​ក៏កូន​មិន​ស្តាយ​ដែរ​ព្រោះ​ត្រឹម​កើត​មក​ជា​កូន​ម៉ែ​ ក៏យល់​ថាគ្រប់​គ្រាន់។

សូម​ម៉ែ​ទៅ​រស់​នៅ​លើ​ទឹក​ដី​ថ្មី​ដែល​ម៉ែ​តែងតែ​ហៅ«ស្រុក​យក្ស»​ឲ្យ​បាន​សុខ​សប្បាយ​និង​រីករាយ​។

រីករាយថ្ងៃកំណើត ៣៥ឆ្នាំ 29/05/2017

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន.
2 comments

ទីបំផុតថ្ងៃនេះខ្ញុំបានរស់នៅលើភពផែនដីអស់រយៈកាល៣៥ឆ្នាំហើយ។ នៅពេលដែលខ្ញុំបានទទួលពាក្យជូនពរយ៉ាងច្រើន សម្រាប់ថ្ងៃកំណើត វាហាក់ដូចជាដាស់តឿនខ្ញុំចំពោះ​វ័យមួយដែលពោរពេញដោយការប្រកួតប្រជែង។ ជាមួយជីវភាពដ៏សាមញ្ញ ខ្ញុំមិន​មានបំណងប្រាថ្នាអ្វីធំដុំដូចជា​គេ, ជាលោកជំទាវ  ជាអគ្គនាយក ជាប្រធានក្រុមហ៊នឬ​ជាថៅកែធំ…. ។ មិនមែន​ទេ!! ការពិតតាំងពីតូចមក​ ខ្ញុំគ្រាន់តែចង់រស់នៅសប្បាយចិត្ត ជួបជុំបងប្អូន ក្រុមគ្រួសារ និងមិត្តភក្តិ ដែលខ្ញុំមានប៉ុណ្ណោះ។ ខ្ញុំ​ធ្លាប់បាន​គិត​ថា ភាពជោគជ័យរបស់ខ្ញុំ​បាន​រលាយ​ដូចជា​ផ្សែង​នៅពេល​ដែល​ជីវិត​អាពាហ៍ពិពាហ៍របស់ខ្ញុំត្រូវបរាជ័យ។ និយាយតាមត្រង់​ ខ្ញុំមិនមែនជាស្ត្រីរឹងមាំស្អីទេ ក៏មិនមែនជាស្ត្រីអស្ចារ្យស្អីដែរ… ខ្ញុំគ្រាន់​តែ​ធ្វើ​រឿង​ដែល​ចង់​ធ្វើ រឿង​ដែល​គិតថា​ត្រឹមត្រូវ ចង់ធ្វើការងារ​ដែល​ខ្លួន​ឯង​ស្រលាញ់​ប៉ុណ្ណោះ។

៣៥​ឆ្នាំ​ហើយ ខ្ញុំ​នៅ​តែ​យល់​ថា​នៅ​សល់​រឿង​រ៉ាវ​ជា​ច្រើន​ដែល​មិនទាន់​បាន​ធ្វើ​នៅឡើយ។ មាន​ពេលខ្លះ​គិតថា​ជីវិត​កាន់​តែ​ខើច​ ចាប់​នេះ​ក៏​មិន​ជាប់ ចាប់នោះ​ក៏មិនទាន់​បាន​ ដូច្នេះហើយ​ខ្ញុំ​តែង​តែ​បន្ទោស​ខ្លួន​ឯង​។ មាន​មិត្តភក្តិ​របស់​ខ្ញុំ​តែង​តែ​សួរ​ខ្ញុំ​ពី​រឿង​គូស្រករ​ជា​ថ្មី​ ប៉ុន្តែ​រាល់​ពេល​ដែល​ខ្ញុំ​នឹក​ដល់​រឿង​នេះ ខ្ញុំ​ពិត​ជា​គាំង​និយាយ​មិន​ចេញ តើ​វាគួរ​តែ​ចាប់​ផ្តើម​ពីចំនុច​ណា?
ហឹម!! រក​មនុស្ស​ដែល​ត្រូវ​ចិត្តសម្រាប់​វ័យ​របស់​ខ្ញុំ វា​ពិបាក​ ហើយ​វា​នឹង​ពិបាក​នៅ​ពេល​ដែល​គិត​ឲ្យស៊ីជម្រៅ…។ ខ្ញុំ​ខ្លាច ខ្លាច​ភាព​មិន​ចុះ​សម្រុង​និង​ទទួល​យក​គ្នា​ ខ្លាច​ភាព​ខុស​គ្នា​ ដែលអាច​​បែងចែង​ឲ្យ​មនុស្ស​នៅ​ក្នុង​ភព​ពីរ​ផ្សេងគ្នា​ផង​ដែរ។

ជា​រាង​រាល់​យប់​ មនុស្ស​តែ​ម្នាក់​ដែល​ខ្ញុំ​តែងតែ​គិត​ដល់​គឺ​កូន​ស្រី​តែមួយ​គត់​របស់ខ្ញុំ។ ជាមួយ​ភារកិច្ច​ជាម្តាយ​ផង ជា​ឪពុកផង វា​ហាក់​ដូច​ជា​មិន​មែន​ជារឿង​ស្រាលនិង​មិនងាយ​ពេកទេ ហើយ​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​មួយជីវិតនេះ​សម្រាប់​បំពេញ​រឿង​នេះ​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​សប្បាយ​ចិត្ត​ គឺ​ការ​លំបាក​របស់​ខ្ញុំ​ មិនមែន​ជា​បន្ទុក​របស់​នរណាម្នាក់។ មិនធ្វើ​ឲ្យ​គ្រប់​គ្នា​ខ្វាយ​ខ្វល់​នឹង​អំពល់ទុក្ខ​ដោយសារ​តែ​ខ្ញុំ។ គិត​ឲ្យ​វិជ្ជាមាន​គឺ​ខ្ញុំ​អាច​យក​រួច​ខ្លួន​​ ដោយ​ខ្លួន​ឯង​បាន​។​

រីករាយ​ថ្ងៃកំណើត​អាយុ៣៦​ឆ្នាំ រីករាយ​នឹង​ជីវភាព​ដ៏សាមញ្ញ​ដែល​ខ្ញុំ​មាន។ គិត​ឡើង​វិញ​ ខ្ញុំ​មិនមែន​ជា​មនុស្ស​បរាជ័យ​ទេ ខ្ញុំ​មាន​អ្វី​ជា​ច្រើន​ដែល​ខ្ញុំ​ពេញ​ចិត្ត ខ្ញុំមាន​ការងារ​ដ៏សមរម្យមួយ, មានម្តាយ មានឪពុក មាន​បង​ មាន​ប្អូន មាន​ពូ មាន​មីង មាន​ក្មួយៗ… មានមិត្តភក្តិ និង មាន​កូនស្រីជា​ទី​ស្រលាញ់។ ពួកគេ​ស្រលាញ់​ខ្ញុំ បារម្ភ​ពី​ខ្ញុំ យកចិត្ត​ទុកដាក់​ចំពោះខ្ញុំ, អ្នក​ថា​ទៅ​តើ​មាន​អ្វី​ដែល​ប្រសើរ​ជាង​នេះ​?
ខ្ញុំ​មិននៅ​ម្នាក់​ឯង​ឯណា តើនេះ​មិនមែន​ជា​ជីវភាព​ដែល​ខ្ញុំ​ចង់បានទេឬ​? ណ្ហើយ!! រឿង​គូស្រករ​ស្អីគេហ្នឹង មក​ក៏​បាន មិន​មក​ក៏បាន សូម​ឈប់​សួរនាំ​ខ្ញុំទៀត​ទៅ។

ជាថ្មី​ម្តង​ទៀត អរគុណ​គ្រប់​គ្នា​សម្រាប់​ពាក្យ​ជូនពរនិង​ក្តីអបអរទាំងឡាយ ខ្ញុំពិត​ជារីករាយនិងរំភើបចិត្ត​!!
ដោយ​សេចក្តី​គោរព​ស្រលាញ់ពីចម្ងាយ​

រដូវ​រងារ​ថ្មី​ 14/12/2016

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន.
2 comments

សួស្តីរដូវរងារ!! ខ្ញុំពិតជាចូលចិត្តសរសេរអត្ថបទនិយាយពីរដូវរងារ ហើយខ្ញុំបានសរសេរវាជារាងរាល់ឆ្នាំ។ ត្រូវហើយ!! រដូវរងារបានរម្លឹករឿងរ៉ាវនិងអនុស្សាវរីយ៍ចាស់ៗជាច្រើនដល់ខ្ញុំ។ ចាំបានថាកាលនៅរៀនវិទ្យាល័យថ្នាក់ទី១២ អាកាសធាតុពិតជាត្រជាក់នៅចុងឆ្នាំ។ ដោយសារគ្រួសាររបស់ខ្ញុំមិនសូវធូធារ ខ្ញុំមិនមានប្រាក់ទិញអាវរងារថ្មីនោះទេ។ កាលនោះបងស្រីរបស់ខ្ញុំទើបចេញធ្វើការ ហើយគាត់បានទិញអាវធំពណ៌ក្រហមមួយ ហើយពួកយើងតែងតែផ្លាស់ប្តូរគ្នាពាក់ម្នាក់ម្តង… នេះជាចែករំលែកដ៏មហិមារដែលបងស្រីផ្តល់ឲ្យខ្ញុំ ។ ភាពក្រលំបាកវាមិនអាចបញ្ឈប់សេចក្តីស្រលាញ់រវាងពួកយើងឡើយ ផ្ទុយទៅវិញពួកយើងយល់ពីតម្លែនៃការចែករំលែកឲ្យគ្នានៅពេលត្រូវការចាំបាច់មួយ។ 

ខ្ញុំជាក្មេងស្រីដែលពេញវ័យម្នាក់ត្រូវរស់នៅជាមួយភាពខ្វះខាត។ ម្តាយនិងឪពុកខ្ញុំ គ្រាន់តែជាអ្នកលក់ផ្លែឈើតូចតាចតាមចិញ្ចើមផ្លូវនៃផ្សារពោចិនតុងប៉ុណ្ណោះ គ្រប់មួយកាក់ មួយសេនគឺពិតជាពិបាករកនិងមានតម្លៃបំផុត។ ខ្ញុំមិនដែលមានសម្លៀកបំពាក់ថ្មី ទាន់សម័យ ដូចជាមិត្តភក្តិដទៃទៀតនោះទេ។ ខ្ញុំមិនដែលចំណាយពេលចេញលេង ក្រៅពីអង្គុយក្នុងបន្ទប់រៀនព្រោះខ្ញុំគ្មានប្រាក់ទិញនំ ចំណីដូចមិត្តរួមថ្នាក់ដទៃទៀត។ ខ្ញុំចាំបានថា មានមិត្តភក្តិម្នាក់បានខ្ញុំសួរពីមុខរបររបស់ពុកម៉ែខ្ញុំ ខ្ញុំប្រាប់គេថាពុកម៉ែខ្ញុំជាអ្នកលក់ផ្លែឈើមក វាពេបមាត់ហើយនិយាយថាមនុស្សប្រុសត្រូវមានការងារល្អ ចិញ្ចឹមគ្រួសារ ដូចជាពុករបស់វា… ហើយចាប់ពីពេលនោះមកវាមិនដែលនិយាយរកខ្ញុំទៀតនោះទេ មិនតែប៉ុណ្ណោះវាបានបបួលអ្នកផ្សេងទៀតឈប់និយាយជាមួយខ្ញុំថែមទៀតផង។ ខ្ញុំនៅតែឆ្ងល់ថាហេតុអ្វីបានជាវាធ្វើអញ្ចឹងនោះទេ? 

12400_1280x800

ជាទូទៅខ្ញុំចូលចិត្តមើលទៅក្រៅបង្អួចថ្នាក់រៀន នឹកដល់ពុកម៉ែខ្ញុំដែលកំពុងនៅតាមចិញ្ចើមផ្លូវ មានប៉ូលីសចាប់ផង មានឡានម៉ូតូច្រើនផង ហើយខ្ញុំពិតជាខ្វល់ចិត្តនៅរាល់ពេលមេឃភ្លៀងខ្លាំង។ ខ្ញុំដឹងថាវាពិបាកយ៉ាងណានៅពេលនោះ ព្រោះផ្លែឈើដែលដាក់នៅលើកញ្ចែងលក់ជាជីវិតរបស់ពួកយើង។ ម្តងម្កាលឆ័ត្រនឹងហើរទៅតាមខ្យល់ ហើយវាធ្វើឲ្យរលំចង្អេរផ្លែឈើជារឿយៗ…។ 
ម្តាយខ្ញុំត្រូវងើបតាំងពីព្រហាមម៉ោង៤ ដើម្បីទៅរៀបចំលក់ដូរនិងទៅយកផ្លែឈើបន្ថែមនៅស្តង់… គាត់ត្រូវអង្គុយអោបចង្អេរផ្លែឈើពីក្រោយយ៉ាងប្រផិតប្រផើយលើម៉ូតូឌុប ហើយរូបភាពនោះវាតែងតែស្ថិតក្នុងការចងចាំជានិច្ច។ រាល់ថ្ងៃសម្រាក ខ្ញុំតែងតែទៅជួយលក់ម៉ែ ខ្ញុំគ្មានពេលដើរលេងឬជប់លាងសប្បាយជួបជុំមិត្តភក្តិអីនោះទេ។ មានម្តងនោះ មិត្តភក្តិដែលជាកូនអ្នកមានម្នាក់បានហៅខ្ញុំចូលរួមកម្មវិធីជប់លាង ប៉ុន្តែដោយគ្មានប្រាក់ចូលជាមួយគេនិងគ្មានសម្លៀកបំពាក់ផង ខ្ញុំក៏បដិសេធដោយជំនួសមកជាការដុតដៃ ដុតជើង ជួយលក់ដូរម្តាយវិញ។ ក្រោយមកពួកគេក៏ឈប់និយាយរកខ្ញុំទៀត រហូតដល់ពួកយើងបែកគ្នាតែម្តង។ ខ្ញុំនៅតែចង់ពន្យល់ពីហេតុផលលំបាកដែលខ្ញុំមានឲ្យពួកគេដឹង ប៉ុន្តែខ្ញុំនៅតែមិនអាចនិយាយបាន… ហើយតបស្នងនឹងអ្វីដែលខ្ញុំមិនអាចនិយាយបានទាំងនោះ ខ្ញុំត្រូវប្រើដៃរបស់ខ្ញុំ លើកកេស ឡាំង និងចង្អេរផ្លែឈើជាច្រើនគីឡូជំនួសវិញ នេះជាចំណែកសំខាន់ដែលខ្ញុំអាចជួយគ្រួសារបាន។ មនុស្សគ្មានសិទ្ធជ្រើសរើសទីកន្លែងដែលត្រូវកើតនោះទេ ខ្ញុំកើតមកក្រក៏មិនមែនជាកំហុស ទោះបីជាភាពក្រីក្រធ្វើឲ្យតែងតោលក៏ពិតមែន ប៉ុន្តែខ្ញុំនៅតែមានមិត្តជិតសិ្នតពីរ បីនាក់ដែរ។ ពួកគេចូលមកជីវិតខ្ញុំជាមួយភាពជាក់លាក់និងមិនមែនជារឿងចៃដន្យ។ 

6950858-girl-in-snow

មានពេលមួយនោះពេលចេញពីថ្នាក់រៀន ស្បែកជើងដ៏ចាស់របស់ខ្ញុំបានដាច់ ហើយខ្ញុំត្រូវសម្រេចដើរអូសជើងរហូតមកដល់ផ្ទះ។ មនុស្សម្នានិងមិត្តភក្តិចាប់ផ្តើមមើលមកខ្ញុំដោយក្រសែភ្នែកចម្លែក… ពីរបីថ្ងៃក្រោយមក មានក្មេងប្រុសម្នាក់ដែលរៀនថ្នាក់ជាមួយខ្ញុំបានទិញស្បែកជើងថ្មីមកឲ្យខ្ញុំ វាស្អាតនិងមានតម្លៃ… នេះជាលើកទីមួយហើយដែលខ្ញុំមានរបស់ល្អនៅក្នុងដៃ។ ក្មេងស្រីៗនៅក្នុងថ្នាក់ចាប់ផ្តើមមើលមកខ្ញុំក្នុងន័យស្អប់ខ្ពើម ពួកនិយាយឲ្យខ្ញុំថា ខ្លួនទាបកុំតោង ដៃខ្លីកុំឈោងស្រវាអោបភ្នំ ។ ពួកគេថាខ្ញុំចង់តោងគេកូនអ្នកមាន ចង់បានរបស់ល្អៗយកមកប្រើដោយដោះដូរនឹងស្នេហាយុវវ័យ។ ពួកគេពេបជ្រាយឲ្យខ្ញុំស្ទើគ្រប់ពេល… ត្រូវហើយប្រហែលជើងដែលធុំក្លិនដីនិងភក់នៅផ្សារត្រីដូចខ្ញុំ មិនសមនឹងពាក់វាទេ។ 
ទីបំផុត ខ្ញុំមិនបានពាក់វាសូម្បីតែម្តង ហើយរក្សាវាទុកយ៉ាងល្អ…។ ក្រោមក្រសែភ្នែកនិងពាក្យស្តីថា វាធ្វើឲ្យខ្ញុំឈឺចាប់ ហើយខ្ញុំតែងតែលួចហូរទឹកភ្នែកម្នាក់ឯងនៅលើដំបូលផ្ទះជារឿយៗ…។ នេះជារឿងនិទាននៃជីវិតពិតរបស់ខ្ញុំ ទោះយ៉ាងណាខ្ញុំនៅតែអរគុណដល់ទឹកចិត្តក្មេងប្រុសម្នាក់ ខ្ញុំចាំក្នុងចិត្តរហូត…  រហូតដល់ពេលមួយដែលពួកយើងបានប្រលងចេញនិងបែកគ្នាទៅ។ 
យូរឆ្នាំក្រោយមក ខ្ញុំបានសម្រេចយកស្បែកជើងមួយគូនោះឲ្យទៅក្មេងស្រីម្នាក់ដែលដើរសុំទានតាមផ្លូវជាមួយជើងទទេរ ហើយនេះជាសេចក្តីសុខចុងក្រោយដែលខ្ញុំមានសម្រាប់អំណោយចុងក្រោយនៃរដូវរងារ។ 

ឆ្លងកាត់ការមើលងាយពីសំណាក់មិត្តរួមថ្នាក់និងអ្នកជិតខាង ឆ្លងកាត់ភាពគ្រោតគ្រាតនៃជីវិត ខ្ញុំបានខិតខំធ្វើការដោយប្រើកម្លាំងញើសឈាមខ្លួនឯង។ ខ្ញុំធ្វើការដូចជាលាងកែវ បូមដី ជូតតុ លើកទឹក ទទួលភ្ងៀវ…. ខ្ញុំខំតាមដែលអាចធ្វើបាន ព្រោះខ្ញុំមិនចង់ឲ្យនរណាម្នាក់មើលងាយខ្ញុំនិងមើលងាយគ្រួសារខ្ញុំទៀតទេ ហើយខ្ញុំតាំងចិត្តថានឹងទិញសម្លៀកបំពាក់ ស្បែកជើង… ថ្មីៗដោយខ្លួនឯងនៅពេលដែលខ្ញុំមានប្រាក់គ្រប់គ្រាន់។ នេះជាហេតុផលពីក្រោយរឿងស្បែកជើងមួយគូកាលពីឆ្នាំនោះ ទើបខ្ញុំមានស្បែកជើងពេញមួយទូនៅឆ្នាំនេះ ការពិតទៅវាជាកាប៉ះប៉ូវសម្រាប់ខ្ញុំខ្លួនឯង។

ខ្ញុំនិទានរឿងនេះឡើងវិញដើម្បីរំលឹកខ្លួនឯងចំពោះអ្វីដែលខ្លួនបានឆ្លងកាត់។ ខ្ញុំសូមរំលឹកទឹកចិត្តនេះដល់មនុស្សគ្រប់គ្នា ដល់ពុកម៉ែដែលបានខិតខំចិញ្ចឹមកូនៗដោយការតស៊ូ រំលឹកដល់មិត្តភក្តិ បងប្អូនទាំងអស់ដែលបានចូលមកជីវិតខ្ញុំ។ 
រីករាយរដូវរងារ សូមតស៊ូជាមួយក្តីសង្ឃឹមនិងគោលដៅដ៏ពិតប្រាកដមួយ!!

%d bloggers like this: