jump to navigation

បញ្ញា​ ក្មេង​ស្រី​អូ​ទី​សឹម​ 12/03/2020

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន, សៀវ​ភៅ​កំណត់​ហេតុ​.
add a comment

នៅ​ពេល​ដែល​ខ្ញុំ​បាន​អាន​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា «ស្នេហា​និង​ការពិត» ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ដល់​រឿង​ចាស់​ៗ​នៅ​ក្នុង​អតីតកាល​ ។ ខ្ញុំ​អាន​ដល់​រឿង​៤ ដែល​មាន​ចំណង​ជើង​ថា «​ស្ត្រី​ជួស​កៅ​អី​ចំបើង​» ធ្វើ​ឱ្យ​ខ្ញុំ​នឹកដល់​ក្មេង​ស្រី​ម្នាក់​(មិនចាំ​ឈ្មោះ)នៅ​ក្បែរ​ផ្ទះ​របស់​ខ្ញុំកាល​ពី​កំឡុង​ទសវត្សរ៍​ឆ្នាំ​៩០​​ ។ ខ្ញុំ​អាន​រឿង​នេះ ត្រឹម​​​ពាក់​កណ្តាល​ប៉ុណ្ណោះក៏ស្រាប់​តែ​​នឹក​ដល់​នាង ហើយ​ចាប់​ផ្តើម​សរសេរ​នៅ​ទី​នេះ​ ។ បញ្ញា (ឈ្មោះ​ដែលខ្ញុំ​ដាក់​ឱ្យ​នាង​) គឺ​ជា​ក្មេង​ស្រី​ដែល​កើត​ជំងឺ អូទីសឹម ពួក​យើង​មិន​ដឹង​ថា​នាង​កើត​ជំងឺអ្វីទេ ព្រោះ​កាល​ជំនាន់​នោះ យើង​មិនទាន់​​ស្គាល់​ជំងឺ​នេះ​នៅ​ឡើយ​។

បញ្ញា ជា​ក្មេង​ស្រី​ដែល​មាន​អាយុ​ស្របាល​ខ្ញុំ នាង​មាន​ចរិត​ស្លូតបូត នាង​មិនដែល​វាយ​ធ្វើបាប​​ឬ​រករឿង​នរណាម្នាក់​ឡើយ ។ នាង​ចូល​ចិត្តលេង​ជាមួយ​ក្មេង​ៗ​ដទៃទៀត​ ប៉ុន្តែ​រឿង​ដែល​អាក្រក់​បំផុត ក្មេងៗ​នៅ​ម្តុំ​ខ្ញុំ ​គ្មាននរណា​លេង​ជាមួយ​នាង​នោះទេ មិន​តែ​ប៉ុណ្ណោះ ជា​រឿយៗ​នាង​ត្រូវ​បាន​គេ​វាយ​ធ្វើបាប ​។ នាង​និយាយ​មិនច្បាស់ និង​ចូល​ចិត្ត​ចិត្តសើច​ដោយ​បានឃើញ​​គេ​ឯង​លេង​ល្បែង​កំសាន្ត​ផ្សេងៗ​ ដូចជា​លោត​មឹក គប់វង់ លេងបាយ​ឡុកបាយ​ឡ ផ្ទាត់​កៅស៊ូ​…។ បញ្ញា​មិន​ដែល​បាន​ចូល​សាលា​រៀន​ទេ ជា​រឿយៗ​ នាង​ដើរ​លេង​ម្តុំៗ​ជិត​ផ្ទះប៉ុណ្ណោះ​​…។ ពេល​ខ្ញុំ​រើ​មក​រស់នៅ​ទី​នេះ​ ខ្ញុំ​ឃើញ​នាង​​រួច​ទៅ​ហើយ ។ ជា​រឿយ​ៗ​ខ្ញុំ​បាន​ឃើញ​ក្មេងៗ​ លួច​​វាយ​និង​ក្តិច​នាង នៅ​លើ​ដៃ​និង​មុខ​នាង មាន​ស្នាម​ក្រចក​ស្ទើរ​សុះសាច់​… ហើយ​សូម្បី​តែ​មិត្ត​ភក្តិ​ខ្ញុំ​ក៏​ធ្លាប់​វាយ​នាង​ដែរ ទោះ​បី​នាង​អង្គុយ​តែ​ឯង​មិន​រំខាន​នរណា​ក៏ដោយ ​។ ខ្ញុំ​យល់​ថា ពួក​គេទាំង​នោះ​​ដូច​ជា​ខ្នាញ់​នាង​ដោយ​អារម្មណ៍​រើស​អើង​…​។
ចំពោះ​ខ្ញុំ​ ខ្ញុំ​គ្មាន​ចំណែក​ណា​មួយ​នៃ​ហិង្សា​លើ​រាងកាយ​នាង​សូម្បីតែ​ម្តង​ ជារឿយៗ​​ខ្ញុំ​តែងតែ​ពនិត្យ​លើ​ដៃ​ជើង​នាង​ជា​មួ​យស្លាក​ស្នាម​ទាំង​នោះ​ ។ ម្តងម្កាល​ នាង​អង្គុយ​យំ​ដោយ​មិនព្រម​ងើប​ទៅ​ណា ដោយ​សុខ​ចិត្ត​ឱ្យ​ពួក​គេ​ព្រួត​វាយ​ ក្តិចតាម​ចិត្ត ​។ ដោយ​សារ​ខ្ញុំ​ជា​ក្មេង​ដែលធ្លាប់​​រស់​នៅ​ជនបទ ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ការរើស​អើង​នោះទេ ព្រោះតាម​របៀប​ក្មេង​ជនបទ​ការ​ស្មើរ​​ជា​រឿង​ធម្មតា​ ​។ បង​ស្រី​និង​ខ្ញុំ​ តែង​តែ​ដេញ​នាង​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​បន្លាច​ថា​ប៉ា​នាង​នឹង​មក​រក​នាង​ មូល​ហេតុ​ដោយ​សារ​នាង​ខ្លាច​ប៉ានាងជាងគេ​ ។ ពួក​យើង​មិន​ដឹង​ទេថា ហេតុអ្វី​បាន​ជា​នាង​ចូល​ចិត្ត​នៅ​ខាង​ក្រៅ ដោយមិន​ដែល​នឹកនា​ផ្ទះ​សោះ​ នេះ​អាច​ដោយ​សារ​តែ​ភាពឯកោ​…។


ផ្ទះ​របស់​បញ្ញា​ស្ថិត​នៅ​ឆៀង​​ខាងកើត​ក្រោយផ្ទះ​របស់​ខ្ញុំ ។ ដោយសារ​ផ្ទះ​របស់​ខ្ញុំ​ស្ថិត​នៅ​ជាន់​ទី​ពីរ ទើប​ស្រឡះ​អាច​មើល​ឃើញ​ផ្ទះនាងបាន​​ច្បាស់ ​។ ការពិត​ផ្ទះ​នាង​ធំ​ស្អាត​ជា​ង​ផ្ទះ​របស់​ពួក​យើង​ឆ្ងាយណាស់​ ហើយ​ឪពុកម្តាយ​របស់​នាង​ក៏​ជា​អ្នក​មាន​មុខ​មាត់​ ។ ​ជា​ប្រភេទ​ផ្ទះ​វីឡា​បែប​ជំនាន់បារាំងកាត់ ​ដែល​សង់​ខ្ពស់​និង​មាន​ពីរជាន់​ ដោយ​មាន​បង្អួត​ចំហៀង​បែរ​មក​ចំទ្វា​ក្រោយ​​ផ្ទះ​របស់​ខ្ញុំ​ ។ ពេល​ខ្លះ​ខ្ញុំ​ឃើញ​នាង​អើត​តាម​បង្អួច​ ហើយ​នាង​ស្រែកហៅ​ពួក​ខ្ញុំ​(បែប​មិនច្បាស់​) ហើយ​បក់​ដៃ​ចុះ​ឡើង​ ។​ បញ្ញា​​មាន​បងប្រុស​ម្នាក់ ហើយ​ជា​រឿយៗ​គាត់​តែ​ងតែ​ជិះ​ម៉ូតូ​មក​យក​នាង​​ពី​មុខ​ផ្ទះ​ពួក​យើង​ត្រឡប់​ទៅ​​​វិញ ឬ ពេលខ្លះ​គាត់​ជិះ​ម៉ូតូ​ក្រោយ​នាង​​។ នាង​ចូល​ចិត្ត​មក​លេង​ម្តុំ​ផ្ទះពួក​​យើង ព្រោះ​ម្តុំ​នេះ​សំបូរ​ក្មេង​ៗច្រើន មាន​ក្មេង​ប្រុស ក្មេង​ស្រីស្របាលៗគ្នា ហើយ​តែងតែជួប​ជុំ​លេង​ល្បែងកំសាន្ត​ផ្សេងៗ​​ជា​ប្រចាំ​។​
មាន​ពេល​មួយ​… មេឃភ្លៀង​ខ្លាំង​ នាង​អង្គុយ​នៅ​ក្រោយ​យ៉​​ខាងក្រោម​ផ្ទះរបស់​ខ្ញុំ​តែ​ឯង​ ។ ដោយ​មេឃ​ជិត​ងងឹត ខ្ញុំ​ក៏​ប្រាប់​នាង​ឱ្យ​ទៅ​ផ្ទះ ។ តែ​ដូច​ជា​រាល់​ដង​គឺ​នាង​មិន​ខ្វល់​ពី​ពាក្យ​ថា​ផ្ទះ​ទេ នាង​នៅ​តែ​ចចេស​នៅ​ទី​នេះ​។ ខ្ញុំ​និង​បងស្រីក៏​សម្រេច​អូស​ដៃ​នាង​ទៅ​ដល់​ផ្ទះ​ក្រោម​ដំណក់ទឹក​ភ្លៀង​រិចៗ​…។ ខ្ញុំ​ក៏​បាន​ជួប​បងប្រុស​នាង ហើយ​គាត់​ក៏​និយាយ​ថា​ អរគុណ ​មក​ពួក​ខ្ញុំ​ជា​គួរសម​។ ដោយ​អាការៈនេះយើង​ដឹង​ថា បងប្រុស​នាង​ជា​មនុស្ស​មាន​ការអប់រំនិង​ចរិយា​មារយាទ​ខុស​ពី​ពួក​ក្មេង​ដទៃ​ទៀត​ឆ្ងាយ​។

ពេល​វេលា​កន្លង​មក… ពួក​យើង​កាន់​តែរីក​ធំធាត់​ ។ ក្មេង​ៗ​នៅ​ទីនេះក៏​កាន់តែ​យល់​ដឹង​ពី​ឪពុកម្តាយ​បន្ថែម ពួក​គេ​លែង​លួច​វាយ​ធ្វើបាន​បញ្ញា​ដូចមុន​ទៀត​ហើយ ជា​រឿយៗ​ពួក​យើង​តែ​ងចែក​ចំណី​ខ្លះ​ឱ្យ​នាង​ញុំា​ ។ នាង​មិន​អាច​លែង​ជាមួយ​យើង​ទេ នាង​គ្រាន់​តែ​ឈរមើល​ហើយ​សើច​ប៉ុណ្ណោះ​ ។ បើ​លេង​លោត​កៅស៊ូ ពួក​គេ​ឱ្យ​បញ្ញា​ជា​អ្នក​កាន់​កៅស៊ូ​ ព្រោះ​នាង​មិនចេះ​លោត​… បញ្ញា​​ដូច​ជា​សប្បាយចិត្ត​នឹង​ការ​ចូល​រួមលេង​​បែប​នេះ​។
ថ្ងៃ​មួយ​ ខ្ញុំ​នឹង​មិត្តភក្តិ​បាន​ឃើញ​មាន​ឈាម​ហូរ​ប្រលាក់​សំពត់ និង ដាម​តាម​ជើង​របស់​នាង​​…។ យើង​ពិត​ជា​ភ័យ​ខ្លាំង​ណាស់ ហើយ​យើង​បាន​រត់​ទៅ​ប្រាប់​អ្នក​ផ្ទះរបស់​នាង ហើយ​ពួក​គេ​បាន​យក​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​​….។
មួយថ្ងៃ​ទៅ​មួយថ្ងៃ​… យើង​លែង​សូវ​បាន​ឃើញ​នាង​ដូចមុន​ ។ ពួក​គេ​បាន​ខ្សឹបប្រាប់​ខ្ញុំ​ថា បញ្ញា​ពេញ​វ័យ​ហើយ​ ហើយ​គ្រួសារ​របស់​នាង​លែង​ឱ្យ​នាង​ចេញ​មក​ខាង​ក្រៅ​ដូច​មុន​ទៀត​។

ឆ្នាំ​បន្ត​បន្ទាប់​…​ ខ្ញុំ​ក៏​លែង​ចំណាយ​ពេល​ជួប​ជុំ​ជាមួយ​ក្មេងៗដូចមុន​ ។ ពួក​យើង​ធំៗ​រៀង​ខ្លួន ហើយ​ខ្ញុំ​ចំណាយ​ពេល​អង្គុយ​អាន​សៀវភៅ​នៅ​យ៉​ក្រោយ​ផ្ទះ​ច្រើន​ជាង​ហក់កៅស៊ូ​ឬលោតមឹក​…​​។ មាន​ម្តង​ ខ្ញុំ​ឃើញ​បញ្ញា​ស្រែក​ហៅ​ខ្ញុំ​តាម​បង្អួច​ខ្វើយៗ…។ នាង​ដូច​ជា​សប្បាយ​ដូច​ចង់​ហោះចេញ​ពី​បង្អួច​​… តែ​បង​ប្រុស​នាង​ក៏​ទាញ​នាង​ចូល​ក្នុង​ផ្ទះ​វិញ ។ ក្រោយមក​ តើ​មាន​រឿង​អ្វី​កើត​ឡើង?​ គឺ​ជំនួស​វត្តមាន​បញ្ញា​ក្បែរ​បង្អួច គឺ​ជា​បងប្រុស​របស់​នាង ដែល​តែង​តែ​លួច​មើល​ខ្ញុំ​ជា​រឿយៗ​…។ ដំបូង​ខ្ញុំ​មិនចាប់​អារម្មណ៍​ទេ តែ​ពេល​ក្រោយ​ខ្ញុំ​ក៏​លែង​សូវ​នៅ​យ៉​ក្រោយ​ផ្ទះ ទោះជា​មាន​អាកាសធាតុល្អ​យ៉ាងណា​ក៏ដោយ លុះ​ណា​តែ​មាន​វត្តមាន​បងប្អូន​ខ្ញុំ​ជួប​​ជុំ​គ្នា​ប៉ុណ្ណោះ​។

បើ​អ្នក​សួរ​ខ្ញុំ​ តើ​ខ្ញុំ​សរសេរ​អត្ថបទ​នេះ​ដើម្បី​អ្វី?
ខ្ញុំ​នឹង​ប្រាប់​អ្នក​ថា ខ្ញុំ​ចង់​និយាយ​ពី​ក្មេង​ស្រី​អូទីសឹម​ម្នាក់ ដែល​កើត​មក​ជា​មួយ​ជំងឺ​ដែល​ពិបាក​ព្យាបាល​​ នាង​គ​មិន​អាច​និយាយបាន​…​។ ជាង​កាល​ដែលយើង​រើស​អើង​គ្នា យើង​គួរ​តែ​ផ្តល់​ក្តី​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ឱ្យ​គ្នា​ នេះ​ជា​អ្វី​ដែល​យើង​ហៅថា «​ភាពជា​មនុស្ស​» ។ យើង​ពិត​ជា​សំណាង​ខ្លាំង​ណាស់​ដែល​កើត​មក​ជាមួយ​កាយ​សម្បទា​មាំមួន និង​អវៈយវៈគ្រប់​គ្រាន់​ ។ យើង​អាច​មិន​ពេញ​ចិត្ត​​ផ្នែក​ខ្លះ​នៃ​រាងកាយដែលយើងមាន​ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បាន​ត្រឹម​តែ​ចំណាយ​ពេល​ស្រម៉ៃ​ចង់​បាន​អ្វី​ដែល​យើង​ស្អប់​ខ្ពើម​​ប៉ុណ្ណោះ​ ។

ថ្ងៃ​ចុងក្រោយដែល​​ខ្ញុំ​មើល​ពី​លើ​ផ្ទះ គឺ​ពួ​កគេ​បាន​ជញ្ជូន​ឥវ៉ាន់និង​សម្ភារៈ​ដាក់​លើ​ឡាន​ទំនិញ​ធំមួយ​ ។ ត្រូវហើយ!! គ្រួសារ​បញ្ញា​បាន​ចាក​ចេញ​ពី​ទី​នេះ ហើយ​យើង​ក៏​បាត់​ដំណឹង​របស់​នាង​សូន្យឈឹង…។​

អត្ថបទនេះ ខ្ញុំ​ចង់​រំលឹក​ដល់នាង​ទុក​ជាការចងចាំមួយ​ ដោយ​ចាត់​ទុក​ថា​នាង​ជាមិត្តល្អ​ម្នាក់!!!​

ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​២០១៩ 31/12/2019

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន.
add a comment

សួស្តី​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ ឆ្នាំ​២០១៩ ។ នៅ​ក្នុងអាកាសធាតុ​២៦​អង្សានា​ព្រឹក​នេះ ធ្វើ​ឱ្យ​ចុះ​អាប់​ដោយកន្លែង​ ខ្ញុំ​បាន​ឃើញ​ស្រមោល​ព្រាល​ៗ​នៃ​អាគារ​ខ្ពស់ៗ​ដែល​កំពុង​ឈរ​ប្រជែង​គ្នា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ឆ្លងកាត់​៣៦៥​ថ្ងៃ នេះ​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​២០១៩ តាម​ការកំណត់​របស់​មនុស្សជាតិ​​។ ខ្ញុំ​ចាប់​ផ្តើម​រំភើបចិត្ត​នឹង​ថ្ងៃ​នេះ​ជាង​រាល់​ឆ្នាំ​ ព្រោះ​ខ្ញុំ​ហាក់​ដូច​ជា​ចង់​ឱ្យ​គ្រប់​យ៉ាង​ចាប់ផ្តើម​ជា​ថ្មី​ឆាប់ៗ​…។
ពេញ​មួយ​ឆ្នាំ តើ​យើង​ឆ្លងកាត់​ភាព​រីករាយ ជោគជ័យ ការ​ឈឺចាប់​និង​ហត់​នឿយ​អ្វី​ខ្លះ​? មាន​តែ​យើង​ទេ​ដែល​ដឹង​…។ សម្រាប់​ខ្ញុំ​ នេះ​ជា​ឆ្នាំ​ដែល​ពោរពេញ​ដោយ​បញ្ហា​និង​ឧបហេតុ​ជាច្រើន​… ខ្ញុំ​​សើច​ សើច​… ព្រោះ​ខ្ញុំ​មិន​នឹក​ថា តើ​ខ្លួន​ឯង​អាច​ឆ្លងកាត់​និង​ទទួល​យក​វា​ដោយ​វិធី​ណា?​ ដែល​អាច​បន្ត​រហូត​ដល់​ថ្ងៃ​នេះ​។ ខ្ញុំ​សើច​ ព្រោះ​ខ្ញុំ​លែង​យំ​ជាមួយបញ្ហា​ទៀត​ហើយ​… ដូច​ជា​ពាក្យ​មួយ​ឃ្លា​ដែល​គេ​និយាយថា «កាល​ពីតូច​យើង​យំ​ដើម្បី​បង្ហាញ​ភាពសោកសង្រេង ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ធំដឹងក្តី​យើង​សើច​ដើម្បី​ទទួល​យក​ភាព​សោកសង្រេង​ទៅវិញ​»។

ខ្ញុំ​បាន​ប្រើ​ភាពស្ងៀមស្ងាត់​ដើម្បី​ចាក់ទម្លុះ​ឧបសគ្គ​ជា​ច្រើន​ដើម្បី​រស់​នៅ​។ ខ្ញុំ​មិនដឹង​ទេ​ថា ខ្ញុំ​ក្លាយជា​មនុស្ស​ចាស់​ទុំ​តាំងពីពេល​ណា​នោះទេ ប៉ុន្តែ​ការ​ជ្រើស​រើស​ភាព​ស្ងៀមស្ងាត់​និង​អត់​ធ្មត់​គឺ​ជា​ជម្រើស​ទី​មួយរបស់ខ្ញុំ​ ។ ពេល​សប្បាយ​ក៏​ប៉ុណ្ណឹង កើត​ទុក្ខ​ក៏​ប៉ុណ្ណឹង​…​ យ៉ាង​ណា​ក៏​ជីវិតនេះ​​វា​នៅ​តែ​ធម្មតា​ មិន​អស្ចារ្យ​លើស​ពី​នេះ​ ​។ នៅ​ពេល​ដែល​ស្ងៀមស្ងាត់ គឺ​ជា​ពេល​ដែល​ខ្ញុំ​រកឃើញ​ចម្លើយ​ជា​ច្រើន​ដែល​មនុស្ស​ម្នា​មិនបាន​ប្រាប់​ខ្ញុំ ។ នៅ​ពេល​ដែល​ខ្ញុំ​ស្ងៀមស្ងាត់​ ខ្ញុំ​អាច​វិភាគ​និង​ឃើញ​ពណ៌​ពិត​ប្រាកដ​នៃ​បេះ​ដូង​របស់មនុស្ស​​… ហើយ​ក៏​ឃើញ​ពិត​ប្រាកដ​នៃ​ពណ៌​របស់​ខ្លួន​ឯង​។ តើ​វា​មាន​អ្វី​កើត​ឡើង​? ចម្លើយ​គឺៈ គ្មាន​ទេ គ្មាន​អ្វី​កើត​ឡើង​នោះទេ ត្រឹម​តែខ្ញុំ​អាច​ទទួល​យក​ការពិត​នៃ​ជីវិត​នៅ​លើ​លោក​នេះ​ ដោយភាព​ខុសគ្នា​​មិន​ជ្រួល​ច្របល់​…។

ពេញ​មួយ​ឆ្នាំ​​… នៅ​ពេល​ដែល​បញ្ហា​ច្រើនជាង​មុន យើង​ចេះ​ច្រើន​ជាងមុន​ យល់​ដឹង​ច្រើនជាងមុន​ ដូច្នេះ​មិនថា​យើង​មានរឿង​អ្វីកើត​ឡើង​ យើង​គ្មាន​អ្វី​ត្រូវ​បាត់​បង់​ទាល់​តែ​សោះ​ ។ គ្រប់​បញ្ហា​សុទ្ធ​តែ​មាន​អ្វី​ដែល​ចង់​ប្រាប់​យើង និង​បង្រៀន​យើង ។
ខ្ញុំ​លែង​សំពះ​ព្រះ​សុំ​ឱ្យ​ជីវិត​ងាយ​ស្រួល​ជាងមុន មិន​ធ្វើបុណ្យ​សុំ​ផ្សង​ការមាន​បាន​និង​ក្តី​សុខ មិន​សុំ​ឱ្យ​ខ្លួន​ឯង​មាន​សុខភាព​ល្អ ជួប​មនុស្ស​ល្អឬជោគជ័យ​​… អ្វី​ក៏គ្មាន​ដែរ​។ រហូត​ដល់ពេល​នេះ​រាល់​ពេល​ដែល​ខ្ញុំ​អុជ​ធូប ខ្ញុំ​នឹក​លែង​ឃើញ​អ្វីទាំង​អស់… ។ ព្រោះ​មាន​តែ​ការ​ប្រើ​បញ្ញា​របស់​ខ្លួនឯង​តែ​មួយគត់​ដើម្បី​រំលត់​ឧបសគ្គ​និង​ទទួលបាន​អ្វី​ដែល​យើង​ចង់បាន​​​​…។​

មួយ​ឆ្នាំ​កន្លង​ផុត​ទៅ វា​មិនមែនជា​រឿង​ឥត​ប្រយោជន៍ ព្រោះ​ពួក​យើង​បាន​​រៀន​ពីបញ្ហា​ដូច​គ្នា ​។ ជាមួយ​ការទទួលខុសត្រូវ វា​ធ្វើ​ឱ្យ​យើង​ហត់នឿយ ហើយ​ក្នុងនា​មជាមនុស្ស​ចាស់​ទុំ ការទម្លាក់​​អំរែង​លើស្មាចោល​ ស្មើនឹង​ជនចោល​ម្សៀតម្នាក់​…។​ ផ្ទុយ​ទៅវិញ​អំរែក​នៅ​ស្មា វា​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​នឹងធឹង​និង​ធ្វើឱ្យ​យើង​រឹងមាំ​ជាង​មុន​​…​។
រឿង​មួយ​ដែល​ខ្ញុំ​បាន​រៀន​ពីឆ្នាំ​នេះ គឺ​ការ​គ្រប់គ្រងចិត្ត​របស់​ខ្លួនឯង មិន​ឆេវឆាវ និង ត្រិះរិះ​ដោយ​សុភវិនិច្ឆ័យ​…​។ ដោយ​យល់​ពី​ហេតុផល​ យល់​ពី​មនុស្ស​ យល់​ពីបញ្ហា​ យល់​ពី​សច្ចភាព​​… ខ្ញុំ​បាន​ឈរ​នៅ​ត្រង់​ចំនុច​មួយ​ផ្សេង​ទៀត​ខុសពី​មុន គឺ​ការ​រស់​នៅ​ដោយ​​មិន​រំពឹង​ការ​ជួយ​ជ្រោម​ជ្រែង​ពី​នរណា​ម្នាក់ ។

សូម​អ្នក​យក​ថ្ងៃ​នេះពិចារណា​ដោយ​ស្ងប់ស្ងៀម ដើម្បី​រក​ឱ្យ​ឃើញ​ថា​ តើ​ពេញ​មួយ​ឆ្នាំ​នេះ​យើង​បាន​រៀន​អ្វី​ខ្លះ​? ហើយ​សូម​អរគុណ​និង​លើក​ទឹក​ចិត្ត​របស់​ខ្លួន​យើង​ដែល​អាច​ឆ្លងផុត​ដំណាក់កាល​លំបាកៗ​​ជាច្រើន​…។ បើ​អ្នក​ហត់ បើ​អ្នក​ឈឺចាប់ សូម​បង្ហូរ​ទឹក​ភ្នែក​ចេញ​មក ហូរ​ឱ្យ​អស់​ ឱ្យ​បាន​ធូរ​… ព្រោះ​ប្រហែល​ជា​ពួក​យើង​លាក់ទុក្ខ​វា​យូរ​ពេក យើង​រស់​នៅ​ក្នុង​ភាព​លាក់បាំង​ច្រើនពេក ទើប​ធ្វើ​ឱ្យ​ផ្លូវ​ចិត្ត​នេះ​ទទួល​រង​សម្ពាធ​ធ្ងន់​ធ្ងរ​។ ក្រោយ​យំ​ហើយ ត្រូវប្រាប់​ថា​នឹង​មិនយំ​រឿង​ដដែល ព្រោះ​បើ​យើង​នៅ​តែ​យំ​រឿង​ដដែល មាន​ន័យថា​​យើង​មិន​ឡើង​ថ្នាក់​សោះ​​។ ខ្ញុំ​អាច​និយាយ​យ៉ាង​ខ្លី​ប្រាប់​អ្នកថា​ «នេះ​ជា​ជីវិត​» វា​គ្មាន​អ្វី​អស្ចារ្យ​ទេ​… ជីវិត​សំខាន់​លើការគិត បើ​គិត​​ឱ្យ​វា​ធ្ងន់ វា​ទៅ​ជាធ្ងន់ បើ​គិត​ឱ្យ​វា​ស្រាល​ វា​នឹង​ស្រាល ។ សំខាន់​លើការ​គិត​និង​ចិត្ត​នេះ​​ បើ​យើង​ចង់​ផ្លាស់​ប្តូរ​លទ្ធផល​ថ្ងៃ​នេះ ត្រូវ​ប្តូរ​គំនិត​ចាស់​ចោល​… ។

ជា​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​ចាស់ ខ្ញុំ​មិនសុំ​ឱ្យ​​ឆ្នាំ​ថ្មី​ឱ្យ​ល្អ​ប្រសើរ​ជាងនេះ​ទេ ខ្ញុំ​គ្រាន់តែ​រៀបចំខ្លួន​ដើម្បី​ប្រយុទ្ធ​ជាបញ្ហា​ជា​ច្រើន​នៅ​ឆ្នាំថ្មីបន្ត​ ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា ខ្ញុំ​កំពុង​ឈរនៅ​ទីតាំងណា?​​ ហើយ​ខ្ញុំ​មើល​ឃើញ​បញ្ហា​ដែល​ត្រូវ​ប្រឈម​រួចទៅហើយ​។
អរគុណ​គ្រប់​គ្នា​ដែល​តែងតែ​អាន​អត្ថបទ​នៅ​ក្នុង​ប្លុក​និង​ផេក​មាន​សង្ឃឹម​ មាន​អត្ថបទ​ជា​ច្រើនដែល​ខ្ញុំ​បាន​ចែក​រំលែក​ពេញមួយ​ឆ្នាំ​នេះ​ ហើយ​សង្ឃឹម​ថា​វាជា​ទុន​តិច​តួច​សម្រាប់​គ្រប់​គ្នា​ក្នុង​ដំណើរ​ជីវិត​។​
ដោយ​ក្តី​គោរពស្រឡាញ់​!!
រីករាយ​ឆ្នាំ​ថ្មី​

សុ ចិន្តា​

រំពាត់​ 24/07/2018

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន.
2 comments

កាល​ពី​នៅ​តូច ខ្ញុំ​និង​គ្រួសារ​រស់​នៅ​ភូមិ​តូចមួយ​នា​ខេត្ត​កំពង់​ធំ​។ និយាយ​ដោយ​ស្មោះ​ តាំងពី​តូច​មក​ខ្ញុំ​មិន​មែន​ជា​ក្មេង​ពូកែ​គណិត​វិទ្យា​នោះ​ទេ អ្វី​ដែល​ទាក់​ទង​ទៅ​នឹង​តួលេខ​គឺ​ធ្វើ​ឱ្យខ្ញុំ​ល្ងី​ល្ងើ​អស់​។ ជាកូនពៅក្នុង​ចំណោម​កូន​ស្រី​បី​នាក់ ខ្ញុំ​រៀន​ខ្សោយ​ជាង​គេ​បើ​ប្រៀប​ធៀប​នឹង​បង​ៗ។​ អ្វី​ដែល​ខ្ញុំ​ពូកែ​គឺ​ត្រឹម​តែ​ចូល​ចិត្ត​អាន​សៀវភៅ​​និង​អត្ថបទ​ផ្សេង​ៗ​។ ខ្ញុំ​ចូល​ចិត្ត​អាន​សៀវភៅ​រឿង​និទាន ហើយ​អាននិងសរសេរបាន​យ៉ាង​ល្អ​ក្នុង​ចំណោម​ក្មេង​ដទៃ​ទៀត​។
នៅ​ក្នុង​ចិត្ត​របស់​លោក​ពុក​​ ពូកែ​អាន ពូកែ​សរសេរ​នៅមិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ​។ ស្ទើ​តែ​ជា​រៀង​រាល់​យប់ គាត់​តែង​តែ​ឱ្យ​ខ្ញុំ​យក​លំហាត់​ ប្រមាណ​វិធី​​​មក​ធ្វើ​បន្ថែម​​។ កាល​នោះ​ខ្ញុំ​ត្រូវ​រង​រំពាត់​មិន​លោះ​ថ្ងៃ​ រំពាត់​ដែលលោក​​ពុក​បាន​សក​យ៉ាង​វែង​និង​ស្អាត​។​ នៅ​ចាំ​បាន​ថា​កាល​នោះ​រាល់​ពេល​ដែល​បង្រៀនលោក​​ពុក​តែងតែ​ប្រើ​ខ្ញុំ​ឱ្យ​ទៅ​យក​រំពាត់​ដែល​គាត់​​បាន​ទុក​នៅ​កៀន​ជញ្ជាំង​ក្នុង​បន្ទប់​គេងរបស់គាត់ ។​ រាល់​ពេល​ខ្ញុំ​ទៅ​យក​រំពាត់ គឺ​ខ្ញុំ​ឈឺ​និង​ខ្លាច​បាត់រួច​ទៅ​ហើយ ខ្ញុំបាត់បង់សតិ សួរអ្វីក៏មិនហ៊ានឆ្លើយ​​ វិលវល់លែងដឹងខុស លែងដឹងត្រូវ ដឹងតែម៉្យាងគឺខ្ញុំខ្លាចរងរំពាត់​។​ ដូច្នេះអ្វីដែលលោកពុកបានផ្តាំ គ្រូបានបង្រៀន​ ខ្ញុំភ្លេចទាំងអស់ ។​ វា​ដូច​ជា​ហួសចិត្ត​ដែរ ដែល​ខ្ញុំ​ជា​អ្នក​ថែ​រក្សា​រំពាត់​នោះ​ឱ្យ​បាន​ល្អ ត្រូវ​យក​វា​ឱ្យ​គាត់​វាយ​និង​យក​វា​មក​ទុក​វិញ​​នៅ​ពេល​គាត់​​វាយ​រួច​ហើយ​។ វា​មិន​ខុស​ពី​ការកាត់ទោស ជនល្មើសនៅប្រទេសចិន ក្រុមគ្រួសារ​ជនល្មើសត្រូវ​ចេញ​ថ្លៃ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ដែលបាន​​បាញ់​ត្រូវ​ក្បាល​សាច់​ញាតិរបស់​ខ្លួន​ដែល​​មាន​ទោស​ប្រហារ​ជីវិតនោះទេ​​។

មាន​យប់​មួយ​ ខ្ញុំ​ចាំ​បាន​កាល​នោះ​ខ្ញុំ​មាន​អាយុ​ប្រហែល​ប្រាំពីរ ប្រាំ​បី​ឆ្នាំ​។ ខ្ញុំ​គិត​លេខ​មិន​ចេះ​ ហើយ​ដោយ​ងងុយពេក​​ ខ្ញុំ​ក៏​ងោក​ចុះ​…។ លោក​ពុក​របស់​ខ្ញុំ​គាត់​ឃើញ​បែបនោះ​ គាត់​ក៏​បាន​ទាញ​កន្ទាស់​បង្អួច​ដែល​ខ្ទាស់​បង្អួចក្បែរ​ដៃ​ មក​រុញ​ថ្ងាស​របស់​ខ្ញុំ​ឱ្យ​ងើយ​ឡើយ​។​ បន្ទាប់​មក​ទៀត…​ ខ្ញុំ​បាន​ដឹង​ថា​មាន​វត្ថុរាវម្យ៉ាង​ស្រក់​ហូរ​ចេញ​តាម​ប្រលោះ​ចិញ្ចើម​ធ្លាក់​មក​លើ​ច្រមុះ​និង​មាត់​របស់​ខ្ញុំ។ នោះ​ជា​ឈាម​របស់​ខ្ញុំ… ត្រូវហើយ!! ក្នុង​ខណៈ​ពេល​ដែល​លោក​ពុក​យក​កន្ទាស់​បង្អួច​មក​ឈូស​ថ្ងាស​របស់​ខ្ញុំ​ងើយ​ឡើង គាត់​ភ្លេច​គិត​ថា​នៅ​ចុង​កន្ទាស់​បង្អួច​តែ​ងតែ​ដំ​ដែក​គោល​មួយ​ ទុក​សម្រាប់ទ្រ​បង្អួច​​…​។
អាធ្រាតយប់​នោះ​ ដោយខ្ញុំឈឺមុខរបួស ខ្ញុំបានភ្ញាក់ ក្រោមពន្លឺភ្លើងចង្រ្កៀនផ្លុងៗ ខ្ញុំបានឃើញ​ស្រមោល​លោកពុក​កំពុងអង្គុយនៅមាត់ទ្វាជក់បារី គាត់អង្គុយយូរណាស់ រហូតខ្ញុំគេងលក់…។

ល្ងាច​មួយ​ ខ្ញុំ​បាន​ទៅ​លេង​ផ្ទះ​មេ​ភូមិ​ដែល​ជាប់​ផ្ទះ​របស់​ខ្ញុំ ខ្ញុំ​ស្តាប់​ល្ខោន​និយាយ​ជក់​ពេក​រហូត​ភ្លេច​មក​ងូត​ទឹក​។ ខ្ញុំ​ក៏​មិន​ដឹង​ថា​ហេតុអ្វី​បាន​ជាលោក​​ពុក​មិន​ឱ្យ​ពួក​ខ្ញុំ​ស្តាប់​ល្ខោន​បាសាក់ ល្ខោន​និយាយ​នោះ​ឡើយ ព្រោះសូម្បី​តែ​បងស្រី​ធំ​របស់​ខ្ញុំ​ក៏​គាត់​មិន​ដែល​ហ៊ាន​ស្តាប់​ដែរ គាត់លួចស្តាប់នៅពេលដែលលោកពុកមិននៅតែប៉ុណ្ណោះ ។ ថ្ងៃ​នោះ​ខ្ញុំ​ត្រូវ​រំពាត់​ កន្ទួល​ពេញ​ខ្លួន​មុន​ពេល​ញុំា​បាយ​ល្ងាច​។​ រហូតមកដល់ពេលនេះ ខ្ញុំមិនដឹងពីមូលហេតុដែល​លោកពុក​មិនឱ្យ​យើងស្តាប់ល្ខោននិយាយនិងល្ខោនបាសាក់នោះទេ ប៉ុន្តែពេលនេះពួកយើងអាចមើល ស្តាប់អ្វីៗតាមដែលយើងចង់។

il_fullxfull.586807569_ingv

ខ្ញុំ​ត្រូវ​រំពាត់​ជា​រៀង​រាល់​ថ្ងៃ​ គ្រូ​វាយ​​ផង​ លោក​ពុក​វាយ​ផង​ ថ្ងៃខ្លះដៃខ្ញុំត្រូវហើមប៉ោងរហូតកាន់អ្វីមិនបាន ។ ខ្ញុំ​ពិត​ជា​ចង់​រក​នរណា​ម្នាក់​ដែល​អាច​ជួយ​ខ្ញុំ​បាន​ ប៉ុន្តែ​មិនមានទាល់តែសោះ សូម្បី​តែ​ម៉ែ​និង​យាយ​។ ព្រោះ​ពួក​គាត់ម្នាក់​ៗ​​ជឿ​ថា លោក​ពុក​ធ្វើ​បែប​នេះ​ព្រោះ​ចង់​ឱ្យ​ខ្ញុំ​ចេះ ហើយ​ប្រហែល​មាន​តែ​វិធី​ប្រើ​   ហិង្សា​បែប​នេះ​ទើប​ខ្ញុំ​អាច​ចេះ​បាន​។​ លោក​ពុក​ជា​មន្ត្រី​មាន​មុខ​មាត់​នៅ​ក្នុង​ខេត្ត​ គាត់​​ធ្លាប់​ជា​សាស្ត្រាចារ្យ គាត់​ត្រូវ​បាន​មនុស្ស​ទាំង​អស់​គោរព​កោត​ខ្លាច​ដោយ​​ភាព​ម៉ឺង​ម៉ាត់​​​និង​ភាព​ស្មោះ​ត្រង់​របស់​គាត់​។​ ខ្ញុំ​ក្លាយ​ជា​ក្មេង​បាក់​ស្មារតី ខ្ញុំ​ខ្លាច​សូម្បី​តែ​និយាយ​ជាមួយលោក​​ពុក ខ្លាច​មិន​ហ៊ាន​សូម្បី​មើល​មុខ​គាត់​ រាល់​ពេល​ខ្ញុំ​និយាយ​ជា​មួយ​គាត់​ គឺ​ខ្ញុំ​ត្រូវ​ឱន​មុខ​ចុះ​។ ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជា​មួយ​លោក​ពុកទាល់​តែ​សោះ​​ ព្រោះដោយ​សារ​តែ​រំពាត់​និង​ការ​វាយ​របស់​គាត់​បាន​សង់​ជា​ជញ្ជាំង​មួយ​យ៉ាងធំ​​រវាងលោក​​ពុក​និង​ខ្ញុំ​…។ ដោយ​សារ​តែ​បែប​នេះ​ ទើប​ខ្ញុំ​គិត​ថា​ ខ្ញុំ​បាន​ចាប់​កំណើត​ខុស​កន្លែង ហើយ​ប្រហែល​ជា​ខ្ញុំ​មិន​មែន​ជា​កូន​លោក​ពុក​ក៏​ថា​បាន​ ព្រោះ​ខ្ញុំ​មិន​ដែល​បាន​ទទួល​អារម្មណ៍​ឬ​ភាព​កក់​ក្តៅ​ណា​មួយ​ពី​គាត់​នោះ​ទេ​។​ ទៅ​សាលា​គ្រូ​វាយ មក​ផ្ទះលោក​​ពុក​វាយ។ ខ្ញុំ​ក្លាយ​ជា​ក្មេង​ខ្លាច​សាលា ខ្លាច​ផ្ទះ​ ហើយ​​កន្លែង​ដែលផ្តល់​ភាព​កក់​ក្តៅ​ឱ្យ​ខ្ញុំ​គឺ​ដើម​ឈើទៅវិញ​ ខ្ញុំ​ចំណាយ​ពេល​ច្រើន​លើ​ដើម​ឈើ​ សូម្បី​តែ​អាន​សៀវភៅ​​។

ព្រឹកមួយ ខ្ញុំ​​បាន​ចុះ​ពី​លើ​ម៉ូតូ​ដែលលោក​​ពុក​ជូន​ទៅ​រៀន ដោយខ្ញុំ​អង្គុយ​នៅ​ខាង​មុខគាត់​​ ពេល​ចុះ​មិន​ប្រយ័ត្ន​បាន​ធ្វើ​ឱ្យ​កំភួន​​ជើង​របស់​ខ្ញុំ​បាន​ប៉ះ​បំពង់​សីុមាំុង​ដែល​កំពុង​តែពេញ​កម្តៅ​។ ខ្ញុំឈឺ ឈឺខ្លាំង ឈឺ​ស្ទើតែដើរមិនរួច ខ្ញុំ​ទ្រាំ​រហូត​ចេញពីរៀន​ ហើយ​សាច់​ជើង​របស់​ខ្ញុំ​បាន​ឆ្អិន​និង​ចាប់​ផ្តើម​រលួយ​របក​ចេញខ្លាញ់ហូរ​មក​ខាង​ក្រៅ​​​ ​ពេលខ្ញុំមក​ដល់​ផ្ទះ​វិញ ។ ម៉ែ​សួរ​ខ្ញុំ​ថា​ ហេតុអ្វី​ខ្ញុំ​មិន​និយាយ​ប្រាប់លោក​​ពុក​ភ្លាម​ៗ? ចម្លើយ​គឺ​មក​ពី​ខ្ញុំ​«ខ្លាច​»។ ខ្ញុំ​ពិតជាគួរ​ឱ្យ​អាណិត​ ខ្ញុំខ្លាច​សូម្បី​តែ​រឿង​មិនគួរ​ខ្លាច​ ខ្ញុំ​ក្លាយ​ជា​ក្មេង​ខ្លាច​ដោយ​គ្មាន​ហេតុផល​… ខ្ញុំ​ខ្លាចលោក​​ពុក​​រហូត​មិន​ចង់​និយាយ​អ្វី​ទាំង​អស់​ជា​មួយ​គាត់​។

លោក​ពុក​នៅ​តែ​បន្ត​វាយ​ខ្ញុំ​រហូតដល់​​ខ្ញុំ​អាយុ​ជាង​ដប់​ឆ្នាំ នៅ​ពេលដែលពួកយើងបានមករស់នៅភ្នំពេញ។​ ថ្ងៃ​ចុង​ក្រោយ​ដែល​គាត់​​វាយ​ខ្ញុំ​គឺ​ខ្ញុំ​មិនបាន​ទៅ​រៀន​គួរ​ចិន​ប៉ុន្មាន​ថ្ងៃ​ ហើយ​គាត់​​វាយ​ខ្ញុំ​ខ្លាំង​បំផុត​រហូត​ខ្នង​របស់​ខ្ញុំ​ជាំ​កក​ឈាម​ទាំង​ផ្ទាំង​ ហើយ​ខ្ញុំ​ត្រូវ​តែ​គេង​ផ្កាប់​មុខ​ជា​ច្រើន​យប់​ទម្រាំ​របួស​ខ្ញុំ​ជា​។​ រាល់ពេលដែលពុកវាយខ្ញុំ គាត់ហាម​មិន​ឱ្យ​ខ្ញុំយំចេញសម្លេង បើខ្ញុំហ៊ានស្រែក គាត់នឹងវាយខ្ញុំកាន់តែខ្លាំង ។​ អ្វីដែលខ្ញុំត្រូវធ្វើគឺត្រូវអង្គុយ​ដោយឥរិយាបទ​សមសួន​ មិនរើ មិនទាញ មិនអូស… និយាយ​រួម​គឺ​ខ្ញុំ​គ្មាន​សិទ្ធិ​សូម្បី​បង្ហាញ​ការ​ឈឺ​ចាប់​ ខ្ញុំ​ត្រូវ​សម្តែង​ថា​ខ្ញុំ​រីករាយ​នឹង​ទទួល​​ទណ្ឌ​កម្ម​បែប​នេះ​។ លោកពុកសួរ​ខ្ញុំ​ថា​ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​ទៅ​រៀន? ខ្ញុំ​ថា៖ ខ្ញុំ​ចាំ​ទៅ​ជា​មួយ​មិត្ត​ភក្តិ ជិះ​កង់​ទៅ​ជា​មួយ​គ្នា​ ហើយ​គេ​មិន​បាន​ទៅ​ ខ្ញុំ​ក៏​មិន​ទៅ​ដែរ​…។ លោក​ពុក​ថា​គាត់​នឹង​ទៅ​ទិញ​កង់​ឱ្យ​ខ្ញុំ​ទៅ​រៀនបន្ទាប់​ពី​វាយ​ខ្ញុំ​ហើយ ប៉ុន្តែ​​គាត់​​មិនបាន​ទិញ​ឱ្យ​ខ្ញុំ​ទេ ។ ខ្ញុំក៏មិនសួរនាំ មិននិយាយអ្វីទាំងអស់​ ព្រោះ​ខ្ញុំ​ដឹង​ថា​លោកពុកគ្មាន​លុយ​ទេ គ្រួសារយើងក្រលំបាករកតែអង្ក​ច្រកឆ្នាំងមិនបានផង ។​ ជាទម្លាប់រាល់​ពេល​ដែល​លោក​ពុក​វាយ​ខ្ញុំ​ហើយ​ គាត់​​តែង​តែ​អង្គុយ​សំកុក​ជក់​បារី​… ខ្ញុំ​ពិត​ជា​ចង់​ដឹង​ថា​តើ​លោក​ពុក​កំពុង​គិត​ពី​អ្វី​?​

វេលា​កន្លង​ផុត​ទៅ​… ខ្ញុំ​បាន​គិត​ឡើង​វិញ​។ ខ្ញុំ​នៅ​តែ​រៀន​មិន​ចេះ​ទោះ​បី​ជា​គ្រូ​និងលោក​​ពុក​វាយ​ខ្ញុំ​យ៉ាង​ណា​ក៏​ដោយ​។ រហូត​ដល់​ពេល​នេះ​… ខ្ញុំ​ត្រូវ​ធ្វើ​ការ​ជា​មួយ​តួលេខ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ជា​រៀង​រាល់​ថ្ងៃ​ ហើយ​ខ្ញុំ​នៅ​តែ​អាចធ្វើ​បាន​។​
ខ្ញុំ​ត្រូវ​នៅ​ជា​មួយ​លោក​ពុក​ ហើយ​មើល​ថែ​ទាំ​គាត់​ពេល​ដែល​គាត់​ចាស់​ទៅ​។ មាន​ពេល​មិន​តិច​ទេ​ដែល​ខ្ញុំ​លួច​មើល​គាត់​​ទំពាបាយ​។ លោក​ពុក​ចាស់​ហើយ លោក​ពុក​មិនរឹងមាំ​ដូច​កាល​ពី​មុន គាត់​​មិនអាច​បង្រៀន​និង​វាយ​ខ្ញុំ​បាន​ទៀត​ទេ​…។ លោក​ពុក​បាន​បណ្តុះ​បណ្តាល​មនុស្ស​ជា​ច្រើន​ឱ្យ​មាន​ឈ្មោះ​ជា​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋា​ភិបាល​ មាន​លុយ​ មាន​ឡាន​ជិះ​… ក្នុង​ខណៈ​ដែល​គាត់​​មាន​ត្រឹម​តែកង់​​មួយ រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​និង​ការ​ចិញ្ចឹម​របស់​កូន​តែ​ប៉ុណ្ណោះ​។

father-preschool-daughter-bike-ride-sunset

ដោយ​សារ​តែ​ខ្ញុំ​មិន​សូវ​ស្និទ្ធ​ស្នាល​ជាមួយលោក​ពុក រាល់​ថ្ងៃ​ខ្ញុំ​​និយាយ​ជាមួយ​គាត់​តិច​បំផុត​។ ត្រឹម​តែ​ជា​អ្នក​ផ្តល់​ឱ្យ​ គម្លាត​រវាង​ខ្ញុំ​និងគាត់​​នៅ​តែ​មាន​ដដែល​ ជញ្ជាំង​ដែល​គាត់​បាន​សង់​ គឺ​មិន​បាន​រលាយ​បាត់​នោះ​ទេ​ ។ ខ្ញុំ​បាន​ធ្វើ​បដិវត្ត​មួយ​ក្នុង​នាម​ជា​ម្តាយ​ ខ្ញុំ​មិន​បាន​វាយ​ដំ​កូន​ពេល​ដែល​កូន​រៀន​មិន​ចេះនោះ​ទេ​។​ ខ្ញុំ​យល់​ពី​អារម្មណ៍នៃភាពភ័យ​ខ្លាច​ វាពិបាកខ្លាំងណាស់ ហើយខ្ញុំ​ក៏មិន​ចង់​សាង​ជញ្ជាំង​រវាង​កូន​និង​ខ្ញុំ​ដែរ​។ ខ្ញុំ​បង្រៀន​ឱ្យ​កូន​ស្រឡាញ់​សាលា មិត្តភក្តិ​ គ្រូ​បង្រៀន​…។ ខ្ញុំ​មើល​ឃើញ​ថា គ្រូ​បង្រៀនឥឡូវ​បាន​ផ្លាស់​ប្តូរ​ថ្មី​ ដោយ​មិន​ប្រើ​ហិង្សា​លើ​កុមារ​បើ​ទោះ​ពួក​គេ​រៀន​មិន​ចេះ​។ ខ្ញុំ​ចង់​ក្លាយ​ជា​មិត្ត​ភក្តិ​កូន​ អាច​ឱ្យ​កូន​និយាយ​ប្រាប់​ខ្ញុំ​បាន​គ្រប់​រឿង​ដែល​នាង​ចង់​និយាយ​ ហើយ​នាង​​និយាយ​ច្រើន​ណាស់​រាល់​ថ្ងៃ​។ ថ្វី​បើ​ខ្ញុំ​មិន​ដាក់​សម្ពាធ​ឱ្យ​កូន​ ប៉ុន្តែ​បើ​ប្រៀប​ធៀបកាល​ខ្ញុំ​មាន​​វ័យ​​ប៉ុន​នាង​ នាង​ពូកែ​ជាង​ខ្ញុំ​ឆ្ងាយ​ណាស់​ ដូច្នេះ​ខ្ញុំ​រីករាយ​ជាមួយ​​អ្វី​ដែល​នាង​បាន​ធ្វើ​។​

ទី​បំផុត​ ខ្ញុំ​កែ​ប្រែ​ការគិត​របស់​ខ្ញុំ​ចំពោះ​គ្រួសារ​ទាំង​មូល។ ខ្ញុំ​រីករាយ​ច្រើន​ ព្រោះ​តែ​រឿង​ទាំង​នោះ​បាន​បង្រៀន​ខ្ញុំ​ ឱ្យ​ខ្ញុំ​ត្រូវ​រស់​នៅ​ដោយ​វិធី​ណា? នៅ​ពេលល​ដែល​លំបាក ​យើង​អាច​រក​ឃើញ​ខ្លួន​ឯង​ នៅ​ពេល​ដែល​លំបាក ​យើង​កាន់​តែ​រឹងមាំ​ជាង​មុន​។ លោក​ពុក​របស់​ខ្ញុំ​​នៅ​តែ​ជា​មនុស្ស​ដែល​នៅ​ក្បែរ​ខ្ញុំ​ច្រើន​ ហើយ​បង្រៀន​ឱ្យ​ខ្ញុំ​ទទួល​យក​ការពិត​មួយ​។
គ្មាន​ឱពុក​ម្តាយ​ណា​ដែល​មិន​ស្រឡាញ់​កូន​ វាយ​កូន​គឺ​ឈឺ​ចិត្ត​ខ្លួន​ឯង​។  កាល​ពី​តូច​ ខ្ញុំ​​មិន​ល្អ​នឹង​អាចផ្តល់​មោទនភាព​ទៅលោកពុក​បាន​ ប៉ុន្តែពេលនេះខ្ញុំជឿថាលោកពុកប្រាកដជាយល់ផ្សេង ។ ខ្ញុំ​លែង​ឆ្ងល់​ថា​ហេតុ​អ្វី​​លោកពុក​​អង្គុយ​សំកុក​ជក់​បារី​ទៀត​ទេ គាត់​​ប្រាកដ​ជា​ឈឺ​ចិត្ត​ណាស់​ដែល​បាន​​វាយ​មក​លើ​ខ្ញុំ​…។​

អត្ថបទ​មួយ​នេះ ចាត់​ទុក​ជា​មេរៀន​មួយ​ដែល​ពួកយើង​ត្រូវ​រៀន​។ ​ព្រោះ​ខ្ញុំ​ជឿ​ថា​មនុស្ស​ចាស់​ភាគ​ច្រើនកាល​ពីមុន​​ គឺ​បាន​ប្រើ​រំពាត់​នេះ​ដើម្បី​ឱ្យ​កូន​បាន​ចេះ ប្រើរំពាត់ដើម្បីបង្ហាត់កូន… រំពាត់ត្រូវបានជំនួសដោយពាក្យ​សម្តីនិងក្តី​ស្រឡាញ់​ដែលពួកគាត់មាន ហើយ​ក្មេង​ជា​ច្រើន​សុទ្ធ​តែ​បាន​ឆ្លង​កាត់​រសជាតិ​​បែប​នេះ​។ សូមរៀន​ពី​ពួក​គាត់​ដើម្បី​ឱ្យ​ខ្លួន​យើង​កាន់​តែ​ប្រសើរ​ឡើង​។

ត្រឹម​តែ​ជា​អ្នក​ដទៃ​ 16/07/2018

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន.
add a comment

សម្រាប់​ធម្មជាតិ នៅ​ពេល​ដែល​ខ្យល់​បក់​ខ្លាំង​ ទើប​ដឹង​ថា​ដើម​ឈើ​ទន់ទោរ​ទៅ​ទិស​ខាង​ណា​?​ សម្រាប់​មនុស្ស​ នៅ​ពេល​ដែល​មាន​បញ្ហា​ ទើប​ដឹង​ថា​អ្នក​នៅ​ជុំ​វិញ​ខ្លួន​អ្នក​កំពុង​ឈរ​នៅ​ចំនុច​ណា​? ខ្ញុំ​មិន​បន្ទោស​អ្នក​ទេ​ ទោះ​បី​ជា​អ្នក​មិន​អាច​ពើង​ទ្រូង​ការពារ​គ្រាប់​ជំនួស​ខ្ញុំ​ ទោះ​បី​ជា​អ្នក​មិន​អាច​ជា​ដើមឈើ​ឲ្យ​ខ្ញុំ​ជ្រក​ម្លប់​បាន ទោះ​បី​ជា​អ្នក​មិន​អាច​បាំង​ឲ្យដំណក់​ទឹក​ភ្លៀង​ធ្លាក់មក​មិន​អោយ​ទទឹក​ខ្ញុំ​…។ ហេតុ​ផល​ត្រឹម​តែ​ជា​អ្នក​ដទៃ​… គ្មាន​ចំណង​អ្វី​នឹង​គ្នា វា​ជា​ហេតុ​ផល​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​ល្ងង់​ដូច​ខ្ញុំ​ទទួល​យក​។
ខ្ញុំ​ហាក់​ដូច​ជា​អស់​ចិត្ត​នឹង​អ្វី​ដែល​បាន​លះ​បង់​កន្លង​មក​ ខ្ញុំ​ហាក់​ដូច​ជា​ស្កប់ស្កល់​នឹង​អ្វី​ដែល​ខ្លួន​បាន​ទទួល​។ ថ្ងៃ​នេះ​អ្នក​បាន​បង្រៀន​អោយ​ខ្ញុំ​ទទួល​យក​ការពិត​ថ្មី​មួយ​ទៀត​ វា​មិន​ហួស​ហេតុ​ពេកទេ​ ហើយ​ខ្ញុំ​ដឹង​ថា​ទាំង​នេះ​វា​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​តែ​ទទួល​។ កុំ​បារម្ភ! ខ្ញុំ​ត្រៀម​រួចរាល់​សម្រាប់​រឿង​ទាំង​នេះ​រួច​ហើយ​។

រដូវ​អាច​ផ្លាស់​ប្តូរ​ថ្មី​ ស្លឹក​ឈើ​ក៏​អាច​ជ្រុះ ស្រទាប់​ផ្កា​ក៏​អាច​រុះរោយ​។ ត្រឹម​តែ​ពេល​វេលា​ដែល​មនុស្ស​បាន​ផ្តល់​ឲ្យ​គ្នា​ក៏​គង់​កន្លង​ផុត​ទៅ​ ហើយ​នឹង​រលុប​បាត់​។ នៅ​លើ​លោកនេះ​គ្មានអ្វី​ដែល​គង់​វង្សស្ថិតស្ថេរ​នោះទេ​ ត្រឹម​តែ​ញញិម​និង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​សម្រាប់​ផ្លូវ​ខាង​មុខ​ក៏​គ្រប់​គ្រាន់​។ ខ្ញុំ​នៅ​តែ​អរគុណ​សម្រាប់​គ្រប់យ៉ាង​ដែល​អ្នក​បាន​ផ្តល់​ឲ្យ​ខ្ញុំ​ ថ្ងៃ​មួយ​នឹង​មក​ដល់ ​ហើយ​ខ្ញុំ​នឹង​មិនមាន​អារម្មណ៍​ថា​ស្តាយ​ក្រោយ​នោះ​ទេ​ បើ​ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ក៏ដោយ​។​
សូម​ចាក​ចេញ​ចុះ​ បើ​យល់​ថា​វា​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​សម្ពាធ​។ ការ​កាន់​របស់​យូរ​ពេក​វា​ធ្វើ​ឲ្យ​យើង​ថា​ធ្ងន់​និង​ជា​បន្ទុក​មួយ​ បើ​ទោះ​ជា​របស់​នោះ​ស្រាល​ក៏​ដោយ​ ព្រោះ​ដៃ​របស់​យើង​ត្រូវ​ធ្វើ​ការ​ងារ​ជា​ច្រើន​ទៀត​មិនមែន​ត្រឹម​តែ​យួរ​ឬ​កាន់​របស់​តែ​ប៉ុណ្ណឹង​នោះទេ​។

ព្រោះ​គ្រប់យ៉ាង​ជា​អ្នក​ដទៃ​… ជា​អ្វី​ដែល​យើ​ង​ត្រូវ​កាត់​ចិត្ត។

%d bloggers like this: