jump to navigation

រំពាត់​ 24/07/2018

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន.
2 comments

កាល​ពី​នៅ​តូច ខ្ញុំ​និង​គ្រួសារ​រស់​នៅ​ភូមិ​តូចមួយ​នា​ខេត្ត​កំពង់​ធំ​។ និយាយ​ដោយ​ស្មោះ​ តាំងពី​តូច​មក​ខ្ញុំ​មិន​មែន​ជា​ក្មេង​ពូកែ​គណិត​វិទ្យា​នោះ​ទេ អ្វី​ដែល​ទាក់​ទង​ទៅ​នឹង​តួលេខ​គឺ​ធ្វើ​ឱ្យខ្ញុំ​ល្ងី​ល្ងើ​អស់​។ ជាកូនពៅក្នុង​ចំណោម​កូន​ស្រី​បី​នាក់ ខ្ញុំ​រៀន​ខ្សោយ​ជាង​គេ​បើ​ប្រៀប​ធៀប​នឹង​បង​ៗ។​ អ្វី​ដែល​ខ្ញុំ​ពូកែ​គឺ​ត្រឹម​តែ​ចូល​ចិត្ត​អាន​សៀវភៅ​​និង​អត្ថបទ​ផ្សេង​ៗ​។ ខ្ញុំ​ចូល​ចិត្ត​អាន​សៀវភៅ​រឿង​និទាន ហើយ​អាននិងសរសេរបាន​យ៉ាង​ល្អ​ក្នុង​ចំណោម​ក្មេង​ដទៃ​ទៀត​។
នៅ​ក្នុង​ចិត្ត​របស់​លោក​ពុក​​ ពូកែ​អាន ពូកែ​សរសេរ​នៅមិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ​។ ស្ទើ​តែ​ជា​រៀង​រាល់​យប់ គាត់​តែង​តែ​ឱ្យ​ខ្ញុំ​យក​លំហាត់​ ប្រមាណ​វិធី​​​មក​ធ្វើ​បន្ថែម​​។ កាល​នោះ​ខ្ញុំ​ត្រូវ​រង​រំពាត់​មិន​លោះ​ថ្ងៃ​ រំពាត់​ដែលលោក​​ពុក​បាន​សក​យ៉ាង​វែង​និង​ស្អាត​។​ នៅ​ចាំ​បាន​ថា​កាល​នោះ​រាល់​ពេល​ដែល​បង្រៀនលោក​​ពុក​តែងតែ​ប្រើ​ខ្ញុំ​ឱ្យ​ទៅ​យក​រំពាត់​ដែល​គាត់​​បាន​ទុក​នៅ​កៀន​ជញ្ជាំង​ក្នុង​បន្ទប់​គេងរបស់គាត់ ។​ រាល់​ពេល​ខ្ញុំ​ទៅ​យក​រំពាត់ គឺ​ខ្ញុំ​ឈឺ​និង​ខ្លាច​បាត់រួច​ទៅ​ហើយ ខ្ញុំបាត់បង់សតិ សួរអ្វីក៏មិនហ៊ានឆ្លើយ​​ វិលវល់លែងដឹងខុស លែងដឹងត្រូវ ដឹងតែម៉្យាងគឺខ្ញុំខ្លាចរងរំពាត់​។​ ដូច្នេះអ្វីដែលលោកពុកបានផ្តាំ គ្រូបានបង្រៀន​ ខ្ញុំភ្លេចទាំងអស់ ។​ វា​ដូច​ជា​ហួសចិត្ត​ដែរ ដែល​ខ្ញុំ​ជា​អ្នក​ថែ​រក្សា​រំពាត់​នោះ​ឱ្យ​បាន​ល្អ ត្រូវ​យក​វា​ឱ្យ​គាត់​វាយ​និង​យក​វា​មក​ទុក​វិញ​​នៅ​ពេល​គាត់​​វាយ​រួច​ហើយ​។ វា​មិន​ខុស​ពី​ការកាត់ទោស ជនល្មើសនៅប្រទេសចិន ក្រុមគ្រួសារ​ជនល្មើសត្រូវ​ចេញ​ថ្លៃ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ដែលបាន​​បាញ់​ត្រូវ​ក្បាល​សាច់​ញាតិរបស់​ខ្លួន​ដែល​​មាន​ទោស​ប្រហារ​ជីវិតនោះទេ​​។

មាន​យប់​មួយ​ ខ្ញុំ​ចាំ​បាន​កាល​នោះ​ខ្ញុំ​មាន​អាយុ​ប្រហែល​ប្រាំពីរ ប្រាំ​បី​ឆ្នាំ​។ ខ្ញុំ​គិត​លេខ​មិន​ចេះ​ ហើយ​ដោយ​ងងុយពេក​​ ខ្ញុំ​ក៏​ងោក​ចុះ​…។ លោក​ពុក​របស់​ខ្ញុំ​គាត់​ឃើញ​បែបនោះ​ គាត់​ក៏​បាន​ទាញ​កន្ទាស់​បង្អួច​ដែល​ខ្ទាស់​បង្អួចក្បែរ​ដៃ​ មក​រុញ​ថ្ងាស​របស់​ខ្ញុំ​ឱ្យ​ងើយ​ឡើយ​។​ បន្ទាប់​មក​ទៀត…​ ខ្ញុំ​បាន​ដឹង​ថា​មាន​វត្ថុរាវម្យ៉ាង​ស្រក់​ហូរ​ចេញ​តាម​ប្រលោះ​ចិញ្ចើម​ធ្លាក់​មក​លើ​ច្រមុះ​និង​មាត់​របស់​ខ្ញុំ។ នោះ​ជា​ឈាម​របស់​ខ្ញុំ… ត្រូវហើយ!! ក្នុង​ខណៈ​ពេល​ដែល​លោក​ពុក​យក​កន្ទាស់​បង្អួច​មក​ឈូស​ថ្ងាស​របស់​ខ្ញុំ​ងើយ​ឡើង គាត់​ភ្លេច​គិត​ថា​នៅ​ចុង​កន្ទាស់​បង្អួច​តែ​ងតែ​ដំ​ដែក​គោល​មួយ​ ទុក​សម្រាប់ទ្រ​បង្អួច​​…​។
អាធ្រាតយប់​នោះ​ ដោយខ្ញុំឈឺមុខរបួស ខ្ញុំបានភ្ញាក់ ក្រោមពន្លឺភ្លើងចង្រ្កៀនផ្លុងៗ ខ្ញុំបានឃើញ​ស្រមោល​លោកពុក​កំពុងអង្គុយនៅមាត់ទ្វាជក់បារី គាត់អង្គុយយូរណាស់ រហូតខ្ញុំគេងលក់…។

ល្ងាច​មួយ​ ខ្ញុំ​បាន​ទៅ​លេង​ផ្ទះ​មេ​ភូមិ​ដែល​ជាប់​ផ្ទះ​របស់​ខ្ញុំ ខ្ញុំ​ស្តាប់​ល្ខោន​និយាយ​ជក់​ពេក​រហូត​ភ្លេច​មក​ងូត​ទឹក​។ ខ្ញុំ​ក៏​មិន​ដឹង​ថា​ហេតុអ្វី​បាន​ជាលោក​​ពុក​មិន​ឱ្យ​ពួក​ខ្ញុំ​ស្តាប់​ល្ខោន​បាសាក់ ល្ខោន​និយាយ​នោះ​ឡើយ ព្រោះសូម្បី​តែ​បងស្រី​ធំ​របស់​ខ្ញុំ​ក៏​គាត់​មិន​ដែល​ហ៊ាន​ស្តាប់​ដែរ គាត់លួចស្តាប់នៅពេលដែលលោកពុកមិននៅតែប៉ុណ្ណោះ ។ ថ្ងៃ​នោះ​ខ្ញុំ​ត្រូវ​រំពាត់​ កន្ទួល​ពេញ​ខ្លួន​មុន​ពេល​ញុំា​បាយ​ល្ងាច​។​ រហូតមកដល់ពេលនេះ ខ្ញុំមិនដឹងពីមូលហេតុដែល​លោកពុក​មិនឱ្យ​យើងស្តាប់ល្ខោននិយាយនិងល្ខោនបាសាក់នោះទេ ប៉ុន្តែពេលនេះពួកយើងអាចមើល ស្តាប់អ្វីៗតាមដែលយើងចង់។

il_fullxfull.586807569_ingv

ខ្ញុំ​ត្រូវ​រំពាត់​ជា​រៀង​រាល់​ថ្ងៃ​ គ្រូ​វាយ​​ផង​ លោក​ពុក​វាយ​ផង​ ថ្ងៃខ្លះដៃខ្ញុំត្រូវហើមប៉ោងរហូតកាន់អ្វីមិនបាន ។ ខ្ញុំ​ពិត​ជា​ចង់​រក​នរណា​ម្នាក់​ដែល​អាច​ជួយ​ខ្ញុំ​បាន​ ប៉ុន្តែ​មិនមានទាល់តែសោះ សូម្បី​តែ​ម៉ែ​និង​យាយ​។ ព្រោះ​ពួក​គាត់ម្នាក់​ៗ​​ជឿ​ថា លោក​ពុក​ធ្វើ​បែប​នេះ​ព្រោះ​ចង់​ឱ្យ​ខ្ញុំ​ចេះ ហើយ​ប្រហែល​មាន​តែ​វិធី​ប្រើ​   ហិង្សា​បែប​នេះ​ទើប​ខ្ញុំ​អាច​ចេះ​បាន​។​ លោក​ពុក​ជា​មន្ត្រី​មាន​មុខ​មាត់​នៅ​ក្នុង​ខេត្ត​ គាត់​​ធ្លាប់​ជា​សាស្ត្រាចារ្យ គាត់​ត្រូវ​បាន​មនុស្ស​ទាំង​អស់​គោរព​កោត​ខ្លាច​ដោយ​​ភាព​ម៉ឺង​ម៉ាត់​​​និង​ភាព​ស្មោះ​ត្រង់​របស់​គាត់​។​ ខ្ញុំ​ក្លាយ​ជា​ក្មេង​បាក់​ស្មារតី ខ្ញុំ​ខ្លាច​សូម្បី​តែ​និយាយ​ជាមួយលោក​​ពុក ខ្លាច​មិន​ហ៊ាន​សូម្បី​មើល​មុខ​គាត់​ រាល់​ពេល​ខ្ញុំ​និយាយ​ជា​មួយ​គាត់​ គឺ​ខ្ញុំ​ត្រូវ​ឱន​មុខ​ចុះ​។ ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជា​មួយ​លោក​ពុកទាល់​តែ​សោះ​​ ព្រោះដោយ​សារ​តែ​រំពាត់​និង​ការ​វាយ​របស់​គាត់​បាន​សង់​ជា​ជញ្ជាំង​មួយ​យ៉ាងធំ​​រវាងលោក​​ពុក​និង​ខ្ញុំ​…។ ដោយ​សារ​តែ​បែប​នេះ​ ទើប​ខ្ញុំ​គិត​ថា​ ខ្ញុំ​បាន​ចាប់​កំណើត​ខុស​កន្លែង ហើយ​ប្រហែល​ជា​ខ្ញុំ​មិន​មែន​ជា​កូន​លោក​ពុក​ក៏​ថា​បាន​ ព្រោះ​ខ្ញុំ​មិន​ដែល​បាន​ទទួល​អារម្មណ៍​ឬ​ភាព​កក់​ក្តៅ​ណា​មួយ​ពី​គាត់​នោះ​ទេ​។​ ទៅ​សាលា​គ្រូ​វាយ មក​ផ្ទះលោក​​ពុក​វាយ។ ខ្ញុំ​ក្លាយ​ជា​ក្មេង​ខ្លាច​សាលា ខ្លាច​ផ្ទះ​ ហើយ​​កន្លែង​ដែលផ្តល់​ភាព​កក់​ក្តៅ​ឱ្យ​ខ្ញុំ​គឺ​ដើម​ឈើទៅវិញ​ ខ្ញុំ​ចំណាយ​ពេល​ច្រើន​លើ​ដើម​ឈើ​ សូម្បី​តែ​អាន​សៀវភៅ​​។

ព្រឹកមួយ ខ្ញុំ​​បាន​ចុះ​ពី​លើ​ម៉ូតូ​ដែលលោក​​ពុក​ជូន​ទៅ​រៀន ដោយខ្ញុំ​អង្គុយ​នៅ​ខាង​មុខគាត់​​ ពេល​ចុះ​មិន​ប្រយ័ត្ន​បាន​ធ្វើ​ឱ្យ​កំភួន​​ជើង​របស់​ខ្ញុំ​បាន​ប៉ះ​បំពង់​សីុមាំុង​ដែល​កំពុង​តែពេញ​កម្តៅ​។ ខ្ញុំឈឺ ឈឺខ្លាំង ឈឺ​ស្ទើតែដើរមិនរួច ខ្ញុំ​ទ្រាំ​រហូត​ចេញពីរៀន​ ហើយ​សាច់​ជើង​របស់​ខ្ញុំ​បាន​ឆ្អិន​និង​ចាប់​ផ្តើម​រលួយ​របក​ចេញខ្លាញ់ហូរ​មក​ខាង​ក្រៅ​​​ ​ពេលខ្ញុំមក​ដល់​ផ្ទះ​វិញ ។ ម៉ែ​សួរ​ខ្ញុំ​ថា​ ហេតុអ្វី​ខ្ញុំ​មិន​និយាយ​ប្រាប់លោក​​ពុក​ភ្លាម​ៗ? ចម្លើយ​គឺ​មក​ពី​ខ្ញុំ​«ខ្លាច​»។ ខ្ញុំ​ពិតជាគួរ​ឱ្យ​អាណិត​ ខ្ញុំខ្លាច​សូម្បី​តែ​រឿង​មិនគួរ​ខ្លាច​ ខ្ញុំ​ក្លាយ​ជា​ក្មេង​ខ្លាច​ដោយ​គ្មាន​ហេតុផល​… ខ្ញុំ​ខ្លាចលោក​​ពុក​​រហូត​មិន​ចង់​និយាយ​អ្វី​ទាំង​អស់​ជា​មួយ​គាត់​។

លោក​ពុក​នៅ​តែ​បន្ត​វាយ​ខ្ញុំ​រហូតដល់​​ខ្ញុំ​អាយុ​ជាង​ដប់​ឆ្នាំ នៅ​ពេលដែលពួកយើងបានមករស់នៅភ្នំពេញ។​ ថ្ងៃ​ចុង​ក្រោយ​ដែល​គាត់​​វាយ​ខ្ញុំ​គឺ​ខ្ញុំ​មិនបាន​ទៅ​រៀន​គួរ​ចិន​ប៉ុន្មាន​ថ្ងៃ​ ហើយ​គាត់​​វាយ​ខ្ញុំ​ខ្លាំង​បំផុត​រហូត​ខ្នង​របស់​ខ្ញុំ​ជាំ​កក​ឈាម​ទាំង​ផ្ទាំង​ ហើយ​ខ្ញុំ​ត្រូវ​តែ​គេង​ផ្កាប់​មុខ​ជា​ច្រើន​យប់​ទម្រាំ​របួស​ខ្ញុំ​ជា​។​ រាល់ពេលដែលពុកវាយខ្ញុំ គាត់ហាម​មិន​ឱ្យ​ខ្ញុំយំចេញសម្លេង បើខ្ញុំហ៊ានស្រែក គាត់នឹងវាយខ្ញុំកាន់តែខ្លាំង ។​ អ្វីដែលខ្ញុំត្រូវធ្វើគឺត្រូវអង្គុយ​ដោយឥរិយាបទ​សមសួន​ មិនរើ មិនទាញ មិនអូស… និយាយ​រួម​គឺ​ខ្ញុំ​គ្មាន​សិទ្ធិ​សូម្បី​បង្ហាញ​ការ​ឈឺ​ចាប់​ ខ្ញុំ​ត្រូវ​សម្តែង​ថា​ខ្ញុំ​រីករាយ​នឹង​ទទួល​​ទណ្ឌ​កម្ម​បែប​នេះ​។ លោកពុកសួរ​ខ្ញុំ​ថា​ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​ទៅ​រៀន? ខ្ញុំ​ថា៖ ខ្ញុំ​ចាំ​ទៅ​ជា​មួយ​មិត្ត​ភក្តិ ជិះ​កង់​ទៅ​ជា​មួយ​គ្នា​ ហើយ​គេ​មិន​បាន​ទៅ​ ខ្ញុំ​ក៏​មិន​ទៅ​ដែរ​…។ លោក​ពុក​ថា​គាត់​នឹង​ទៅ​ទិញ​កង់​ឱ្យ​ខ្ញុំ​ទៅ​រៀនបន្ទាប់​ពី​វាយ​ខ្ញុំ​ហើយ ប៉ុន្តែ​​គាត់​​មិនបាន​ទិញ​ឱ្យ​ខ្ញុំ​ទេ ។ ខ្ញុំក៏មិនសួរនាំ មិននិយាយអ្វីទាំងអស់​ ព្រោះ​ខ្ញុំ​ដឹង​ថា​លោកពុកគ្មាន​លុយ​ទេ គ្រួសារយើងក្រលំបាករកតែអង្ក​ច្រកឆ្នាំងមិនបានផង ។​ ជាទម្លាប់រាល់​ពេល​ដែល​លោក​ពុក​វាយ​ខ្ញុំ​ហើយ​ គាត់​​តែង​តែ​អង្គុយ​សំកុក​ជក់​បារី​… ខ្ញុំ​ពិត​ជា​ចង់​ដឹង​ថា​តើ​លោក​ពុក​កំពុង​គិត​ពី​អ្វី​?​

វេលា​កន្លង​ផុត​ទៅ​… ខ្ញុំ​បាន​គិត​ឡើង​វិញ​។ ខ្ញុំ​នៅ​តែ​រៀន​មិន​ចេះ​ទោះ​បី​ជា​គ្រូ​និងលោក​​ពុក​វាយ​ខ្ញុំ​យ៉ាង​ណា​ក៏​ដោយ​។ រហូត​ដល់​ពេល​នេះ​… ខ្ញុំ​ត្រូវ​ធ្វើ​ការ​ជា​មួយ​តួលេខ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ជា​រៀង​រាល់​ថ្ងៃ​ ហើយ​ខ្ញុំ​នៅ​តែ​អាចធ្វើ​បាន​។​
ខ្ញុំ​ត្រូវ​នៅ​ជា​មួយ​លោក​ពុក​ ហើយ​មើល​ថែ​ទាំ​គាត់​ពេល​ដែល​គាត់​ចាស់​ទៅ​។ មាន​ពេល​មិន​តិច​ទេ​ដែល​ខ្ញុំ​លួច​មើល​គាត់​​ទំពាបាយ​។ លោក​ពុក​ចាស់​ហើយ លោក​ពុក​មិនរឹងមាំ​ដូច​កាល​ពី​មុន គាត់​​មិនអាច​បង្រៀន​និង​វាយ​ខ្ញុំ​បាន​ទៀត​ទេ​…។ លោក​ពុក​បាន​បណ្តុះ​បណ្តាល​មនុស្ស​ជា​ច្រើន​ឱ្យ​មាន​ឈ្មោះ​ជា​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋា​ភិបាល​ មាន​លុយ​ មាន​ឡាន​ជិះ​… ក្នុង​ខណៈ​ដែល​គាត់​​មាន​ត្រឹម​តែកង់​​មួយ រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​និង​ការ​ចិញ្ចឹម​របស់​កូន​តែ​ប៉ុណ្ណោះ​។

father-preschool-daughter-bike-ride-sunset

ដោយ​សារ​តែ​ខ្ញុំ​មិន​សូវ​ស្និទ្ធ​ស្នាល​ជាមួយលោក​ពុក រាល់​ថ្ងៃ​ខ្ញុំ​​និយាយ​ជាមួយ​គាត់​តិច​បំផុត​។ ត្រឹម​តែ​ជា​អ្នក​ផ្តល់​ឱ្យ​ គម្លាត​រវាង​ខ្ញុំ​និងគាត់​​នៅ​តែ​មាន​ដដែល​ ជញ្ជាំង​ដែល​គាត់​បាន​សង់​ គឺ​មិន​បាន​រលាយ​បាត់​នោះ​ទេ​ ។ ខ្ញុំ​បាន​ធ្វើ​បដិវត្ត​មួយ​ក្នុង​នាម​ជា​ម្តាយ​ ខ្ញុំ​មិន​បាន​វាយ​ដំ​កូន​ពេល​ដែល​កូន​រៀន​មិន​ចេះនោះ​ទេ​។​ ខ្ញុំ​យល់​ពី​អារម្មណ៍នៃភាពភ័យ​ខ្លាច​ វាពិបាកខ្លាំងណាស់ ហើយខ្ញុំ​ក៏មិន​ចង់​សាង​ជញ្ជាំង​រវាង​កូន​និង​ខ្ញុំ​ដែរ​។ ខ្ញុំ​បង្រៀន​ឱ្យ​កូន​ស្រឡាញ់​សាលា មិត្តភក្តិ​ គ្រូ​បង្រៀន​…។ ខ្ញុំ​មើល​ឃើញ​ថា គ្រូ​បង្រៀនឥឡូវ​បាន​ផ្លាស់​ប្តូរ​ថ្មី​ ដោយ​មិន​ប្រើ​ហិង្សា​លើ​កុមារ​បើ​ទោះ​ពួក​គេ​រៀន​មិន​ចេះ​។ ខ្ញុំ​ចង់​ក្លាយ​ជា​មិត្ត​ភក្តិ​កូន​ អាច​ឱ្យ​កូន​និយាយ​ប្រាប់​ខ្ញុំ​បាន​គ្រប់​រឿង​ដែល​នាង​ចង់​និយាយ​ ហើយ​នាង​​និយាយ​ច្រើន​ណាស់​រាល់​ថ្ងៃ​។ ថ្វី​បើ​ខ្ញុំ​មិន​ដាក់​សម្ពាធ​ឱ្យ​កូន​ ប៉ុន្តែ​បើ​ប្រៀប​ធៀបកាល​ខ្ញុំ​មាន​​វ័យ​​ប៉ុន​នាង​ នាង​ពូកែ​ជាង​ខ្ញុំ​ឆ្ងាយ​ណាស់​ ដូច្នេះ​ខ្ញុំ​រីករាយ​ជាមួយ​​អ្វី​ដែល​នាង​បាន​ធ្វើ​។​

ទី​បំផុត​ ខ្ញុំ​កែ​ប្រែ​ការគិត​របស់​ខ្ញុំ​ចំពោះ​គ្រួសារ​ទាំង​មូល។ ខ្ញុំ​រីករាយ​ច្រើន​ ព្រោះ​តែ​រឿង​ទាំង​នោះ​បាន​បង្រៀន​ខ្ញុំ​ ឱ្យ​ខ្ញុំ​ត្រូវ​រស់​នៅ​ដោយ​វិធី​ណា? នៅ​ពេលល​ដែល​លំបាក ​យើង​អាច​រក​ឃើញ​ខ្លួន​ឯង​ នៅ​ពេល​ដែល​លំបាក ​យើង​កាន់​តែ​រឹងមាំ​ជាង​មុន​។ លោក​ពុក​របស់​ខ្ញុំ​​នៅ​តែ​ជា​មនុស្ស​ដែល​នៅ​ក្បែរ​ខ្ញុំ​ច្រើន​ ហើយ​បង្រៀន​ឱ្យ​ខ្ញុំ​ទទួល​យក​ការពិត​មួយ​។
គ្មាន​ឱពុក​ម្តាយ​ណា​ដែល​មិន​ស្រឡាញ់​កូន​ វាយ​កូន​គឺ​ឈឺ​ចិត្ត​ខ្លួន​ឯង​។  កាល​ពី​តូច​ ខ្ញុំ​​មិន​ល្អ​នឹង​អាចផ្តល់​មោទនភាព​ទៅលោកពុក​បាន​ ប៉ុន្តែពេលនេះខ្ញុំជឿថាលោកពុកប្រាកដជាយល់ផ្សេង ។ ខ្ញុំ​លែង​ឆ្ងល់​ថា​ហេតុ​អ្វី​​លោកពុក​​អង្គុយ​សំកុក​ជក់​បារី​ទៀត​ទេ គាត់​​ប្រាកដ​ជា​ឈឺ​ចិត្ត​ណាស់​ដែល​បាន​​វាយ​មក​លើ​ខ្ញុំ​…។​

អត្ថបទ​មួយ​នេះ ចាត់​ទុក​ជា​មេរៀន​មួយ​ដែល​ពួកយើង​ត្រូវ​រៀន​។ ​ព្រោះ​ខ្ញុំ​ជឿ​ថា​មនុស្ស​ចាស់​ភាគ​ច្រើនកាល​ពីមុន​​ គឺ​បាន​ប្រើ​រំពាត់​នេះ​ដើម្បី​ឱ្យ​កូន​បាន​ចេះ ប្រើរំពាត់ដើម្បីបង្ហាត់កូន… រំពាត់ត្រូវបានជំនួសដោយពាក្យ​សម្តីនិងក្តី​ស្រឡាញ់​ដែលពួកគាត់មាន ហើយ​ក្មេង​ជា​ច្រើន​សុទ្ធ​តែ​បាន​ឆ្លង​កាត់​រសជាតិ​​បែប​នេះ​។ សូមរៀន​ពី​ពួក​គាត់​ដើម្បី​ឱ្យ​ខ្លួន​យើង​កាន់​តែ​ប្រសើរ​ឡើង​។

ត្រឹម​តែ​ជា​អ្នក​ដទៃ​ 16/07/2018

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន.
add a comment

សម្រាប់​ធម្មជាតិ នៅ​ពេល​ដែល​ខ្យល់​បក់​ខ្លាំង​ ទើប​ដឹង​ថា​ដើម​ឈើ​ទន់ទោរ​ទៅ​ទិស​ខាង​ណា​?​ សម្រាប់​មនុស្ស​ នៅ​ពេល​ដែល​មាន​បញ្ហា​ ទើប​ដឹង​ថា​អ្នក​នៅ​ជុំ​វិញ​ខ្លួន​អ្នក​កំពុង​ឈរ​នៅ​ចំនុច​ណា​? ខ្ញុំ​មិន​បន្ទោស​អ្នក​ទេ​ ទោះ​បី​ជា​អ្នក​មិន​អាច​ពើង​ទ្រូង​ការពារ​គ្រាប់​ជំនួស​ខ្ញុំ​ ទោះ​បី​ជា​អ្នក​មិន​អាច​ជា​ដើមឈើ​ឲ្យ​ខ្ញុំ​ជ្រក​ម្លប់​បាន ទោះ​បី​ជា​អ្នក​មិន​អាច​បាំង​ឲ្យដំណក់​ទឹក​ភ្លៀង​ធ្លាក់មក​មិន​អោយ​ទទឹក​ខ្ញុំ​…។ ហេតុ​ផល​ត្រឹម​តែ​ជា​អ្នក​ដទៃ​… គ្មាន​ចំណង​អ្វី​នឹង​គ្នា វា​ជា​ហេតុ​ផល​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​ល្ងង់​ដូច​ខ្ញុំ​ទទួល​យក​។
ខ្ញុំ​ហាក់​ដូច​ជា​អស់​ចិត្ត​នឹង​អ្វី​ដែល​បាន​លះ​បង់​កន្លង​មក​ ខ្ញុំ​ហាក់​ដូច​ជា​ស្កប់ស្កល់​នឹង​អ្វី​ដែល​ខ្លួន​បាន​ទទួល​។ ថ្ងៃ​នេះ​អ្នក​បាន​បង្រៀន​អោយ​ខ្ញុំ​ទទួល​យក​ការពិត​ថ្មី​មួយ​ទៀត​ វា​មិន​ហួស​ហេតុ​ពេកទេ​ ហើយ​ខ្ញុំ​ដឹង​ថា​ទាំង​នេះ​វា​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​តែ​ទទួល​។ កុំ​បារម្ភ! ខ្ញុំ​ត្រៀម​រួចរាល់​សម្រាប់​រឿង​ទាំង​នេះ​រួច​ហើយ​។

រដូវ​អាច​ផ្លាស់​ប្តូរ​ថ្មី​ ស្លឹក​ឈើ​ក៏​អាច​ជ្រុះ ស្រទាប់​ផ្កា​ក៏​អាច​រុះរោយ​។ ត្រឹម​តែ​ពេល​វេលា​ដែល​មនុស្ស​បាន​ផ្តល់​ឲ្យ​គ្នា​ក៏​គង់​កន្លង​ផុត​ទៅ​ ហើយ​នឹង​រលុប​បាត់​។ នៅ​លើ​លោកនេះ​គ្មានអ្វី​ដែល​គង់​វង្សស្ថិតស្ថេរ​នោះទេ​ ត្រឹម​តែ​ញញិម​និង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​សម្រាប់​ផ្លូវ​ខាង​មុខ​ក៏​គ្រប់​គ្រាន់​។ ខ្ញុំ​នៅ​តែ​អរគុណ​សម្រាប់​គ្រប់យ៉ាង​ដែល​អ្នក​បាន​ផ្តល់​ឲ្យ​ខ្ញុំ​ ថ្ងៃ​មួយ​នឹង​មក​ដល់ ​ហើយ​ខ្ញុំ​នឹង​មិនមាន​អារម្មណ៍​ថា​ស្តាយ​ក្រោយ​នោះ​ទេ​ បើ​ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ក៏ដោយ​។​
សូម​ចាក​ចេញ​ចុះ​ បើ​យល់​ថា​វា​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​សម្ពាធ​។ ការ​កាន់​របស់​យូរ​ពេក​វា​ធ្វើ​ឲ្យ​យើង​ថា​ធ្ងន់​និង​ជា​បន្ទុក​មួយ​ បើ​ទោះ​ជា​របស់​នោះ​ស្រាល​ក៏​ដោយ​ ព្រោះ​ដៃ​របស់​យើង​ត្រូវ​ធ្វើ​ការ​ងារ​ជា​ច្រើន​ទៀត​មិនមែន​ត្រឹម​តែ​យួរ​ឬ​កាន់​របស់​តែ​ប៉ុណ្ណឹង​នោះទេ​។

ព្រោះ​គ្រប់យ៉ាង​ជា​អ្នក​ដទៃ​… ជា​អ្វី​ដែល​យើ​ង​ត្រូវ​កាត់​ចិត្ត។

បទចម្រៀងដែលមានអត្ថន័យល្អ 05/06/2017

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, វីដេអូ​ចំរៀង​បរទេស.
add a comment

ខ្ញុំទើបតែបានស្តាប់បទថៃមួយបទ ក្រោយពីបានដឹងអត្ថន័យវាហើយ ខ្ញុំពិតជាស្រលាញ់ខ្លាំងណាស់។ សូមទោសផង! ខ្ញុំមិនមែនជាថៃនិយមអីទេ គ្រាន់តែចង់ចែករំលែកអ្វីដែលបានប្រយោជន៍ដល់អ្នកទាំងអស់គ្នាតែប៉ុណ្ណោះ។
នេះជាអត្ថន័យនៃបទទាំងមូលដែលត្រូវបានបកប្រែជាភាសារជាតិយើង ដោយអ្នកបកមិនបានដាក់ឈ្មោះ ទើបខ្ញុំមិនបានបញ្ជាក់នៅទីនេះ។ បើសិនជាម្ចាស់ដើមដែលបានបកបានឃើញហើយ នាងខ្ញុំសូមអធ្យាស្រ័យផងចុះដែលយកមកចែករំលែកព្រោះមិនដឹងប្រភព។

អ្នកណាគេឈ្នះ អ្នកណាគេស្អប់ ក៏ស្រេចតែគេទៅ គ្រាន់តែយើងស្គាល់ខ្លួនឯង ធៀបនឹងគេធ្វើអ្វី?
អ្នកណាគេថា អ្នកណាគេដាក់ទំនាយ អ្នកណាគេបន្លំ អ្នកណាគេមើលងាយ ក៏បណ្តោយទៅតាមចិត្តគេទៅ។

អ្នកណាគេសរសើរ អ្នកណាគេបញ្ជោរថាអស្ចារ្យ  តែយើងស្គាល់ខ្លួនឯង ក៏ឲ្យគេបញ្ជោរទៅ។
អ្នកណាគេស្រលាញ់ អ្នកណាគេស្អប់ គេលាបពណ៌យើង តែយើងស្គាល់ខ្លួនឯង ក៏បណ្តោយឲ្យគេធ្វើទៅ។

កើតជាមនុស្ស វាចប់ហើយត្រឹមស្លាប់ ចង់បានធ្វើអ្វី បើជារបស់អនត្តា។
តើលោភធ្វើអ្វី? ប្រឹងប្រកួតប្រជែង ចុងក្រោយនៅតែស្លាប់ ចូលប៉ាឆាដូចតែគ្នា។
នឹងយកអីទៅ បើគ្រាន់តែស្រលាញ់ លោភ ក្រោធខឹង មិនមានអ្វីស្ថិតស្ថេរ ដោយកិលេសតណ្ហា។

កើតចាស់ឈឺស្លាប់ ហេតុអ្វីត្រូវប្រកាន់មាំ គ្រប់យ៉ាងសុទ្ធតែជារបស់អនិច្ចា ដាក់ចុះទៅណា ទុក្ខោតិណ្ហា។
គេមើលអើពើ ឬគេសម្លក់សម្លឹង ហេតុអ្វីត្រូវខ្វាយខ្វល់ ឬត្រូវគេចោទយើង ហេតុអ្វីត្រូវចាប់អារម្មណ៍។
អ្នកណាគេល្អ អ្នកណាគេខូច ក៏ជារឿងរបស់គេ គេនិន្ទាយើង ហេតុអ្វីត្រូវកើតទុក្ខ?

គេចំអន់ គេនឹងជេរ រឿងអ្វីត្រូវតប គេមិនចាប់អារម្មណ៍ មិនចូលចិត្ត ហេតុអ្វីត្រូវចាប់អារម្មណ៍?
គេគិតចោទប្រកាន់ រឿងអ្វីត្រូវវេទនាចិត្ត បើយើងមិនធ្វើអ្វីខុសនោះ ទៅគិតធ្វើអ្វី?
កើតជាមនុស្ស វាចប់ត្រឹមស្លាប់ ដូចដើមឈើរលំលើផែនដី ដាច់ខ្យល់ពេលណា គឺរកប្រយោជន៍គ្មាន សុទ្ធតែត្រូវដុត ខ្លោចទាំងប៉ាឆា។

ជីវិតនៅមាន គួរធ្វើតែល្អណា! កុំឲ្យកើតមកខាត កុំឲ្យខ្មាសសត្វឆ្កែ!
រឿងការស្លាប់ សច្ចធម៌ថាទៀង គ្រប់ស័ព្ទសំនៀងស្អុយគគ្រុកចេញមក។
នឹងយកអ្វីទៅ? ម៉េចក៏ប្រឹងសាងបាបខ្លាំងម្ល៉េះ? (ធ្វើអំពើល្អ កុសល បានការស្រលាញ់ បាននូវអ្វីដែលលុយទិញមិនបាន! ធ្វើឲ្យពិភពលោកនេះស្រស់ស្អាតជាមុន)។

ហើយក្នងជីវិតរបស់អ្នក តើអ្នកប្រាថ្នាចង់បានអ្វីខ្លាំងជាងគេ?

អ្នកមិនមែនជាធុងសម្រាម 13/04/2017

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ.
add a comment

ធ្លាប់ទទួលអារម្មណ៍ថា ពេលខ្លះអ្នកតូចទាបហើយរងសម្ពាធពីអ្នកដទៃ? ធ្លាប់គិតទេថាអ្នកកំពុងទទួលរងការប្រមាថ? ធ្លាប់គិតទេថាអ្នកគ្រាន់តែជាធុងសម្រាម? ចំណែកខ្ញុំ ខ្ញុំពិតជាធ្លាប់ទទួលអារម្មណ៍បែបនេះ។ តើវាយ៉ាងម៉េច? 


ការពិតខ្ញុំជាមនុស្សដែលចូលចិត្តបន្ទោសខ្លួនឯងមុនអ្នកដទៃ ខ្ញុំតែងតែផ្តល់សម្ពាធដល់ខ្លួនឯង ការពិតទៅជាទង្វើដ៏ខុសឆ្គងមួយ។ មកដល់ពេលនេះខ្ញុំស្វែងយល់ថា ខ្ញុំគួរតែឈប់អន់ចិត្ត ឈប់បន្ទោសខ្លួនឯងហើយព្យាយាមកែប្រែរឿងរ៉ាវមួយចំនួន​។ ត្រូវហើយ!! នៅពេលដែលអ្នកដទៃអាចរំលងយើងបាន មកពីយើងដេកដួលនៅលើឥដ្ឋ នេះជាការពិត។ នៅពេលដែលយើងឈរនិងរឹងមាំ ទុកចិត្តចុះគ្មាននរណាម្នាក់អាចដើររំលងយើងបានទេ។ ការផ្លាស់ប្តូរការគិតគឺជារឿងដំបូងនិងសំខាន់បំផុត ការគិតខ្លះវាបានត្រឹមបង្អាក់យើងឲ្យស្មុគ ធ្វើមុខមិនរួច ធ្វើអ្វីក៏មិនកើត។

ឆ្នាំថ្មីហើយ ពួកយើងត្រូវផ្លាស់ប្តូរវា ដោយព្យាយាមអភិវឌ្ឈន៍ខ្លួនឯងឲ្យកាន់តែប្រសើរជាងពេលមុន។ ផ្លូវដែលយើងដើរ អាចមានមនុស្សដើរជាមួយយើង ប៉ុន្តែគ្មាននរណាម្នាក់អាចដើរជំនួសយើងបានទេ ព្រោះជើងមួយគូនេះមិនមែនជារបស់ពួកគេឡើយ។ កម្ចាត់ភាពភ័យខ្លាចហើយប្រាប់ខ្លួនឯងថា យើងអាចធ្វើបាន។ 

រីករាយឆ្នាំថ្មី ជូនពរបងប្អូនប្រុសស្រីរីករាយនិងមានសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ!!

%d bloggers like this: