jump to navigation

រឿងខ្លី «ប៉ាភ្លេចឈឹង» 03/04/2020

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, រឿង​និទាន.
add a comment

ស្តាប់​ប៉ា​ណាកូន​… ខណៈ​ដែល​ប៉ា​កំពុង​និយាយ​ កូន​គេង​លក់​បាត់​ហើយ ដៃដ៏​តូចល្អិត​ត្រូវ​សង្កត់​ដោយ​ថ្ពាល់​កូន សក់​រួញ​ពណ៌​ទង់ដែង​ទទឹក​ជោក​ដិតដាម​នៅ​លើ​ថ្ងាស​របស់កូន​… ប៉ាលួច​ចូល​មក​ក្នុង​បន្ទប់​កូន​យ៉ាង​ស្ងៀម​ស្ងាត់​… ត្រឹម​តែ​ប៉ុន្មាន​នាទី​មុន​នេះ​បន្តិច​ ខណៈ​ប៉ា​កំពុង​ពិនិត្យ​ឯកសារ​នៅ​ក្នុង​បណ្ណាល័យ​ អារម្មណ៍​សោកស្តាយ​រហូត​ក្លាយ​ជា​ភាព​តាន​តឹង​បាន​ចូល​មក​ដាស់​អង្រួន​ចិត្ត​ប៉ា​ បង្ខំ​ប៉ា​ឱ្យ​ដើរ​សំដៅ​មក​រក​គ្រែ​របស់​កូន​។​

មាន​រឿង​ជា​ច្រើន​ដែល​ប៉ា​កំពុង​តែគិត កូន… ប៉ា​បាន​បញ្ចេញ​កំហឹង​ដាក់​កូន ប៉ា​ស្តី​បន្ទោស​កូន​នៅ​ពេល​កូន​កំពុង​ស្លៀកពាក់​បម្រុង​ទៅ​សាលា គ្រាន់តែកូនយក​ក្រណាត់​មកជូន​ខ្លួន​ជូត​មុខ​ ប៉ា​បន្ទោស​កូន​ថាម៉េច​មិនព្រម​ជូតជើង​ផង​… ប៉ា​ស្រែក​ទាំង​កំហឹង​នៅ​ពេល​កូន​ទម្លាក់​របស់​ផ្សេងៗ​ទៅ​លើ​ក្តារ​។

ពេល​បរិភោគ​អាហារពេលព្រឹក​ ប៉ា​ក៏​នៅ​តែ​រកឃើញ​កំហុស​កូន​ទៀត​… កូន​ធ្វើ​ឱ្យ​កំពប់​ប្រឡាក់​ប្រឡូស​ កូន​ញុំា​អាហារ​បន្ទី​បន្ទាន់​គ្មាន​របៀប​ ដាក់​កែងដៃ​លើតុ​ កូន​ដាក់​ប៊័រ​​លើ​នំប័ុង​ក្រាស់​ហួស​ពេក​។ ពេល​កូន​កំពុង​រត់លេង​ ប៉ា​កំពុង​រៀប​ចំ​ចេញ​ដំណើរ​ទៅ​ឡើង​រថភ្លើង​ កូន​ងាក​បក់​ដៃ​ហើយ​និយាយថា «បាយៗប៉ាៗ» តែ​ប៉ា​ចង​ចញ្ចើម​គំហក​ទៅ​វិញ​ថា «​លាង​ដៃ​ឱ្យ​ធឹង​បន្តិច​មើល៍​»​

ហើយ​រឿង​ទាំង​អស់​ក៏​ចាប់​ផ្តើម​ម្តង​ទៀត​នៅ​ពេល​រសៀល ខណៈ​ពេល​ប៉ា​ដើរ​តាម​ថ្នល់​ចូល​ទៅ​ជិត​កូន កូន​កំពុង​លុត​ជង្គង់​លេង​ដុំ​ថ្ម ស្រោម​ជើង​កវែង​របស់កូន​រហែក​ធ្លុះ​ធ្លាយ​ជា​ច្រើន​កន្លែង​ ប៉ា​ធ្វើ​ឱ្យ​កូន​អាម៉ាស់​នៅ​ចំពោះ​មិត្ត​ប្រុសៗ​ដោយ​បង្គាប់​ឱ្យកូន​ដើរ​ពីមុខ​ប៉ា​ត្រឡប់​ទៅ​ផ្ទះ​វិញ… ស្រោម​ជើង​នេះ​ថ្លៃ​ណាស់ ទាល់​តែយក​លុយ​ខ្លួន​ឯង​ទៅ​ទិញ​ទើប​កូន​ឯង​ចេះ​ប្រយ័ត្ន​ជាងនេះ​ គិត​មើល​ចុះ​… ប៉ាចេះ​និយាយ​បែបនេះ​ទៅ​រក​កូន​កើត​ដែរ​ហ្ន៎?​

បន្ទាប់​ពី​នោះ​មក​ កូនចាំ​ដែរទេថា ពេល​ប៉ា​កំពុង​ពិនិត្យ​ឯកសារ​នៅ​ក្នុង​បណ្ណាល័យ​ កូន​ចូល​មក​រក​ប៉ា​ដោយ​ភ័យ​ខ្លាច ដោយ​ក្រសែ​ភ្នែក​ពិបាក​ចិត្ត​ ពេល​ប៉ា​ងើបមុខ​ចេញ​ពី​ឯកសារ ងាក​សម្លឹង​ទៅ​រក​កូន​ដោយ​ក្តី​ធុញ​ទ្រាន់​ដែល​ចូល​មក​កាត់​ចង្វាក់​ កូន​ឈរទាំង​ញញើត​ញញើម​នៅ​នឹង​មាត់​ទ្វារ ប៉ា​ក៏​សួរ​សន្ធាប់​ថា «កូន​ឯង​ចូល​មករក​អី​?»​

កូន​មិន​និយាយអ្វី​ តែ​រត់​ចូល​មក​រក​យ៉ាង​លឿន ដៃ​របស់កូន​ឱប​កប៉ា​ដោយ​ថើប​ប៉ា ដៃ​ដ៏​តូច​របស់កូន​ឱប​ប៉ា​ដោយ​ក្តី​ស្រឡាញ់​ដែល​ព្រះ​ជាម្ចាស់​ប្រទាន​ឱ្យ​វា​រីក​ស្គុះ​ស្គាយក្នុង​ចិត្ត​របស់​កូន ដែល​សូម្បី​តែ​ការណ៍​ត្រូវ​បំភ្លេច​ចោល​ក៏​មិន​អាច​ធ្វើ​ឱ្យ​ក្តី​ស្រឡាញ់​នេះ​ស្វិត​ស្រពោន​ឡើយ​… បន្ទាប់​ពី​នោះ​មក កូ​ន​ក៏​រត់​ឡើង​ជណ្តើរ​យ៉ាង​លឿន​បាត់​ទៅ​ ។

កូន​សម្លាញ់​… បន្ទាប់​ពី​នោះ​បន្តិច ក្រដាស​ឯកសារ​របស់​ប៉ា​ដែល​កំពុង​តែ​កាន់​ក៏​របូត​ចេញ​ពី​ដៃ​… អារម្មណ៍​មិន​ល្អ​ក៏​ផុស​ឡើង​ក្នុង​ចិត្តប៉ា​… តើ​ចរិត​អ្វី​ទៅ​ដែល​ធ្វើ​ឱ្យ​ប៉ា​ទៅ​ជា​បែបនេះ? ទម្លាប់​ចាំ​តែ​ចាប់​កំហុស​ ដៀល​ត្មះ​ស្តី​បន្ទោស​នេះ​ជា​អ្វី​ដែល​ប៉ា​ផ្តល់​ឱ្យ​កូន​ក្នុង​ឋានៈ​ជាកូន​ប្រុស​… នេះ​មិនមែន​មាន​ន័យ​ថា ប៉ា​មិន​ស្រឡាញ់​កូន​នោះទេ  វា​ជា​ការ​រំពឹង​ជ្រុល​ហួសហេតុ​ពីក្មេង​ម្នាក់​ ប៉ា​បង្វឹក​កូន​ទៅ​តាម​មាត្រ​ដ្ឋាន​របស់ប៉ា​។

ប៉ុន្តែ​ក្នុង​រូប​កូន​​ក៏មាន​អ្វី​ល្អៗ​ជាច្រើន​គួរ​ឱ្យ​កោត​ស្ញប់ស្ញែង ស្មោះ​ស​បរិសុទ្ធ​បេះដូង​របស់កូន​ក៏​ធំទូលាយ​ប្រៀប​ដូច​រស្មី​ព្រះ​អាទិត្យ​ដែល​បំភ្លឺ​អស់​សព្វភ្នំ​ធំៗទាំងឡាយ ដែល​បង្ហាញ​ឱ្យ​ឃើញ​តាម​រយៈ​ទឹក​ចិត្ត​ដែល​ស្តែង​ចេញ​ដោយ​ធម្មជាតិ​ខណៈ​ពេល​កូន​រត់​មក​ឱ្យ​ក្រសោប​ប៉ា ថើបប៉ា​មុន​ពេល​ចូល​គេង​… យប់​នេះ​កូន​មិនចាំបាច់​ព្រួយ​បារម្ភ​អ្វី​ទៀត​ទេ ប៉ានឹង​មក​នៅ​ក្បែរ​កូន​ក្នុង​ទី​ងងឹត ប៉ា​នឹង​លុត​ជង្គង់​នៅ​ត្រង់នេះ​ដោយ​ទឹក​ចិត្ត​បរិសុទ្ធ​។

វា​ជា​ការ​តបស្នង​ដែល​មិន​សូវ​សក្តិសម​គ្នា​ប៉ុន្មានទេ ប៉ា​ដឹងថា​កូន​មុខជា​មិនយល់​ទេ​បើ​ប៉ា​និយាយ​ប្រាប់​ពេល​កូន​ដឹង​ខ្លួន​… ប៉ុន្តែ​ថ្ងៃ​ស្អែក​នេះ​ប៉ា​នឹង​ក្លាយ​ជា​ប៉ា​ដ៏​ពិត​ប្រាកដ​របស់​កូន ប៉ា​នឹង​ធ្វើ​ជា​មិត្ត​ដ៏​ល្អ​របស់​កូន ឈឺចាប់​ពេល​កូនឈឺ សើច​ពេលកូន​សើច​សប្បាយ ប៉ា​នឹង​កាត់​អណ្តាត​របស់​ប៉ា​ចោល​ប្រសិន​បើ​សម្តីទាំងឡាយ​ដែល​ពុំមាន​ក្តី​អត់​ធ្មត់​របស់ប៉ា​វារបូត​ចេញ​មក​… ប៉ា​នឹង​ទន្ទេញ​ពាក្យ​ដដែលៗ​ជា​បន្តបន្ទាប់ ប្រៀប​ដូច​ការងារ​ប្រចាំ​ថ្ងៃ​ថា «​កូន​គ្រាន់​តែ​ជា​ក្មេង​តូច​ច្រមក់​ម្នាក់ ជាក្មេង​ដ៏​តូច​ល្អិត​ម្នាក់​ប៉ុណ្ណោះ​…»

ប៉ា​បារម្ភ​ថា ខ្លាចប៉ា​មើល​ទៅ​កូន​ប្រៀប​ដូច​ជាមនុស្ស​ចាស់​ម្នាក់ សូម្បី​តែ​ខណៈ​ដែល​ប៉ា​ឃើញ​កូន​នៅ​ពេល​នេះ កូនក្រាប​ខ្លួន​ដ៏​ទន់​រងៀក​នៅ​លើ​គ្រែ… ប៉ា​មើល​ឃើញ​ហើយថា កូន​នៅ​តូច​នៅឡើយ​ ម្សិលមិញ​កូន​នៅ​ក្រោម​រង្វង់ដៃ​ម្តាយ ​ក្បាល​កូន​ផ្តេក​លើ​ស្មា​ម្តាយ​… ប៉ា​ធ្វើ​ជ្រុល​ពេក​ហើយ​… ជ្រុល​ពេក​ហើយ​កូន​….​។

~~~~~~~~~~~~~~~~~~~~~~

ទន្ទឹម​នឹង​ត្រូវ​ដៀល​ត្មះស្តីបន្ទោស​អ្នក​ដទៃ​សូម​ឱ្យ​ព្យាយាម​ស្វែង​យល់ចិត្ត​ពួកគេ សូម​ព្យាយាម​រក​ឱ្យ​ឃើញ​ថា ហេតុអ្វី​ទើបគេ​ធ្វើបែប​ហ្នឹង នោះ​វា​នឹងផ្តល់​ប្រយោជន៍​ដល់​អ្នក​ហើយ​បង្ក​ផល​ជា​វិជ្ជមាន​ជាជាងការ​រិះគន់​ស្តី​បន្ទោស ហើយ​វា​នឹង​បង្ក​ឱ្យ​មាន​ការ​យល់​ចិត្ត​យល់​ថ្លើម​ ការ​អត់​ធ្មត់​ និង​ក្តី​មេត្តា។ ហើយ​បើ​លោក​អ្នក​អាច​ស្វែង​យល់​ពី​ពួកគេ​បាន លោក​អ្នក​អាច​អភ័យ​ទោស​ឱ្យ​ពួក​គេ​បាន​គ្រប់​ៗ​គ្នា​។​

 

រឿង​ខ្លី​នេះ​ត្រូវបាន​និពន្ធ​ដោយ​លោក W. Livingston Larned ​ និង​ដក​ស្រង់​ចេញ​ពី​សៀវភៅ​របស់​លោក Dale Carnegie ដែល​មាន​ចំណង​ជើង​ថា សិល្បៈ​ចងមិត្ត បន្ទន់​ចិត្ត​អ្នកដទៃ​
 

បញ្ញា​ ក្មេង​ស្រី​អូ​ទី​សឹម​ 12/03/2020

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន, សៀវ​ភៅ​កំណត់​ហេតុ​.
add a comment

នៅ​ពេល​ដែល​ខ្ញុំ​បាន​អាន​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា «ស្នេហា​និង​ការពិត» ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ដល់​រឿង​ចាស់​ៗ​នៅ​ក្នុង​អតីតកាល​ ។ ខ្ញុំ​អាន​ដល់​រឿង​៤ ដែល​មាន​ចំណង​ជើង​ថា «​ស្ត្រី​ជួស​កៅ​អី​ចំបើង​» ធ្វើ​ឱ្យ​ខ្ញុំ​នឹកដល់​ក្មេង​ស្រី​ម្នាក់​(មិនចាំ​ឈ្មោះ)នៅ​ក្បែរ​ផ្ទះ​របស់​ខ្ញុំកាល​ពី​កំឡុង​ទសវត្សរ៍​ឆ្នាំ​៩០​​ ។ ខ្ញុំ​អាន​រឿង​នេះ ត្រឹម​​​ពាក់​កណ្តាល​ប៉ុណ្ណោះក៏ស្រាប់​តែ​​នឹក​ដល់​នាង ហើយ​ចាប់​ផ្តើម​សរសេរ​នៅ​ទី​នេះ​ ។ បញ្ញា (ឈ្មោះ​ដែលខ្ញុំ​ដាក់​ឱ្យ​នាង​) គឺ​ជា​ក្មេង​ស្រី​ដែល​កើត​ជំងឺ អូទីសឹម ពួក​យើង​មិន​ដឹង​ថា​នាង​កើត​ជំងឺអ្វីទេ ព្រោះ​កាល​ជំនាន់​នោះ យើង​មិនទាន់​​ស្គាល់​ជំងឺ​នេះ​នៅ​ឡើយ​។

បញ្ញា ជា​ក្មេង​ស្រី​ដែល​មាន​អាយុ​ស្របាល​ខ្ញុំ នាង​មាន​ចរិត​ស្លូតបូត នាង​មិនដែល​វាយ​ធ្វើបាប​​ឬ​រករឿង​នរណាម្នាក់​ឡើយ ។ នាង​ចូល​ចិត្តលេង​ជាមួយ​ក្មេង​ៗ​ដទៃទៀត​ ប៉ុន្តែ​រឿង​ដែល​អាក្រក់​បំផុត ក្មេងៗ​នៅ​ម្តុំ​ខ្ញុំ ​គ្មាននរណា​លេង​ជាមួយ​នាង​នោះទេ មិន​តែ​ប៉ុណ្ណោះ ជា​រឿយៗ​នាង​ត្រូវ​បាន​គេ​វាយ​ធ្វើបាប ​។ នាង​និយាយ​មិនច្បាស់ និង​ចូល​ចិត្ត​ចិត្តសើច​ដោយ​បានឃើញ​​គេ​ឯង​លេង​ល្បែង​កំសាន្ត​ផ្សេងៗ​ ដូចជា​លោត​មឹក គប់វង់ លេងបាយ​ឡុកបាយ​ឡ ផ្ទាត់​កៅស៊ូ​…។ បញ្ញា​មិន​ដែល​បាន​ចូល​សាលា​រៀន​ទេ ជា​រឿយៗ​ នាង​ដើរ​លេង​ម្តុំៗ​ជិត​ផ្ទះប៉ុណ្ណោះ​​…។ ពេល​ខ្ញុំ​រើ​មក​រស់នៅ​ទី​នេះ​ ខ្ញុំ​ឃើញ​នាង​​រួច​ទៅ​ហើយ ។ ជា​រឿយ​ៗ​ខ្ញុំ​បាន​ឃើញ​ក្មេងៗ​ លួច​​វាយ​និង​ក្តិច​នាង នៅ​លើ​ដៃ​និង​មុខ​នាង មាន​ស្នាម​ក្រចក​ស្ទើរ​សុះសាច់​… ហើយ​សូម្បី​តែ​មិត្ត​ភក្តិ​ខ្ញុំ​ក៏​ធ្លាប់​វាយ​នាង​ដែរ ទោះ​បី​នាង​អង្គុយ​តែ​ឯង​មិន​រំខាន​នរណា​ក៏ដោយ ​។ ខ្ញុំ​យល់​ថា ពួក​គេទាំង​នោះ​​ដូច​ជា​ខ្នាញ់​នាង​ដោយ​អារម្មណ៍​រើស​អើង​…​។
ចំពោះ​ខ្ញុំ​ ខ្ញុំ​គ្មាន​ចំណែក​ណា​មួយ​នៃ​ហិង្សា​លើ​រាងកាយ​នាង​សូម្បីតែ​ម្តង​ ជារឿយៗ​​ខ្ញុំ​តែងតែ​ពនិត្យ​លើ​ដៃ​ជើង​នាង​ជា​មួ​យស្លាក​ស្នាម​ទាំង​នោះ​ ។ ម្តងម្កាល​ នាង​អង្គុយ​យំ​ដោយ​មិនព្រម​ងើប​ទៅ​ណា ដោយ​សុខ​ចិត្ត​ឱ្យ​ពួក​គេ​ព្រួត​វាយ​ ក្តិចតាម​ចិត្ត ​។ ដោយ​សារ​ខ្ញុំ​ជា​ក្មេង​ដែលធ្លាប់​​រស់​នៅ​ជនបទ ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ការរើស​អើង​នោះទេ ព្រោះតាម​របៀប​ក្មេង​ជនបទ​ការ​ស្មើរ​​ជា​រឿង​ធម្មតា​ ​។ បង​ស្រី​និង​ខ្ញុំ​ តែង​តែ​ដេញ​នាង​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​បន្លាច​ថា​ប៉ា​នាង​នឹង​មក​រក​នាង​ មូល​ហេតុ​ដោយ​សារ​នាង​ខ្លាច​ប៉ានាងជាងគេ​ ។ ពួក​យើង​មិន​ដឹង​ទេថា ហេតុអ្វី​បាន​ជា​នាង​ចូល​ចិត្ត​នៅ​ខាង​ក្រៅ ដោយមិន​ដែល​នឹកនា​ផ្ទះ​សោះ​ នេះ​អាច​ដោយ​សារ​តែ​ភាពឯកោ​…។


ផ្ទះ​របស់​បញ្ញា​ស្ថិត​នៅ​ឆៀង​​ខាងកើត​ក្រោយផ្ទះ​របស់​ខ្ញុំ ។ ដោយសារ​ផ្ទះ​របស់​ខ្ញុំ​ស្ថិត​នៅ​ជាន់​ទី​ពីរ ទើប​ស្រឡះ​អាច​មើល​ឃើញ​ផ្ទះនាងបាន​​ច្បាស់ ​។ ការពិត​ផ្ទះ​នាង​ធំ​ស្អាត​ជា​ង​ផ្ទះ​របស់​ពួក​យើង​ឆ្ងាយណាស់​ ហើយ​ឪពុកម្តាយ​របស់​នាង​ក៏​ជា​អ្នក​មាន​មុខ​មាត់​ ។ ​ជា​ប្រភេទ​ផ្ទះ​វីឡា​បែប​ជំនាន់បារាំងកាត់ ​ដែល​សង់​ខ្ពស់​និង​មាន​ពីរជាន់​ ដោយ​មាន​បង្អួត​ចំហៀង​បែរ​មក​ចំទ្វា​ក្រោយ​​ផ្ទះ​របស់​ខ្ញុំ​ ។ ពេល​ខ្លះ​ខ្ញុំ​ឃើញ​នាង​អើត​តាម​បង្អួច​ ហើយ​នាង​ស្រែកហៅ​ពួក​ខ្ញុំ​(បែប​មិនច្បាស់​) ហើយ​បក់​ដៃ​ចុះ​ឡើង​ ។​ បញ្ញា​​មាន​បងប្រុស​ម្នាក់ ហើយ​ជា​រឿយៗ​គាត់​តែ​ងតែ​ជិះ​ម៉ូតូ​មក​យក​នាង​​ពី​មុខ​ផ្ទះ​ពួក​យើង​ត្រឡប់​ទៅ​​​វិញ ឬ ពេលខ្លះ​គាត់​ជិះ​ម៉ូតូ​ក្រោយ​នាង​​។ នាង​ចូល​ចិត្ត​មក​លេង​ម្តុំ​ផ្ទះពួក​​យើង ព្រោះ​ម្តុំ​នេះ​សំបូរ​ក្មេង​ៗច្រើន មាន​ក្មេង​ប្រុស ក្មេង​ស្រីស្របាលៗគ្នា ហើយ​តែងតែជួប​ជុំ​លេង​ល្បែងកំសាន្ត​ផ្សេងៗ​​ជា​ប្រចាំ​។​
មាន​ពេល​មួយ​… មេឃភ្លៀង​ខ្លាំង​ នាង​អង្គុយ​នៅ​ក្រោយ​យ៉​​ខាងក្រោម​ផ្ទះរបស់​ខ្ញុំ​តែ​ឯង​ ។ ដោយ​មេឃ​ជិត​ងងឹត ខ្ញុំ​ក៏​ប្រាប់​នាង​ឱ្យ​ទៅ​ផ្ទះ ។ តែ​ដូច​ជា​រាល់​ដង​គឺ​នាង​មិន​ខ្វល់​ពី​ពាក្យ​ថា​ផ្ទះ​ទេ នាង​នៅ​តែ​ចចេស​នៅ​ទី​នេះ​។ ខ្ញុំ​និង​បងស្រីក៏​សម្រេច​អូស​ដៃ​នាង​ទៅ​ដល់​ផ្ទះ​ក្រោម​ដំណក់ទឹក​ភ្លៀង​រិចៗ​…។ ខ្ញុំ​ក៏​បាន​ជួប​បងប្រុស​នាង ហើយ​គាត់​ក៏​និយាយ​ថា​ អរគុណ ​មក​ពួក​ខ្ញុំ​ជា​គួរសម​។ ដោយ​អាការៈនេះយើង​ដឹង​ថា បងប្រុស​នាង​ជា​មនុស្ស​មាន​ការអប់រំនិង​ចរិយា​មារយាទ​ខុស​ពី​ពួក​ក្មេង​ដទៃ​ទៀត​ឆ្ងាយ​។

ពេល​វេលា​កន្លង​មក… ពួក​យើង​កាន់​តែរីក​ធំធាត់​ ។ ក្មេង​ៗ​នៅ​ទីនេះក៏​កាន់តែ​យល់​ដឹង​ពី​ឪពុកម្តាយ​បន្ថែម ពួក​គេ​លែង​លួច​វាយ​ធ្វើបាន​បញ្ញា​ដូចមុន​ទៀត​ហើយ ជា​រឿយៗ​ពួក​យើង​តែ​ងចែក​ចំណី​ខ្លះ​ឱ្យ​នាង​ញុំា​ ។ នាង​មិន​អាច​លែង​ជាមួយ​យើង​ទេ នាង​គ្រាន់​តែ​ឈរមើល​ហើយ​សើច​ប៉ុណ្ណោះ​ ។ បើ​លេង​លោត​កៅស៊ូ ពួក​គេ​ឱ្យ​បញ្ញា​ជា​អ្នក​កាន់​កៅស៊ូ​ ព្រោះ​នាង​មិនចេះ​លោត​… បញ្ញា​​ដូច​ជា​សប្បាយចិត្ត​នឹង​ការ​ចូល​រួមលេង​​បែប​នេះ​។
ថ្ងៃ​មួយ​ ខ្ញុំ​នឹង​មិត្តភក្តិ​បាន​ឃើញ​មាន​ឈាម​ហូរ​ប្រលាក់​សំពត់ និង ដាម​តាម​ជើង​របស់​នាង​​…។ យើង​ពិត​ជា​ភ័យ​ខ្លាំង​ណាស់ ហើយ​យើង​បាន​រត់​ទៅ​ប្រាប់​អ្នក​ផ្ទះរបស់​នាង ហើយ​ពួក​គេ​បាន​យក​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​​….។
មួយថ្ងៃ​ទៅ​មួយថ្ងៃ​… យើង​លែង​សូវ​បាន​ឃើញ​នាង​ដូចមុន​ ។ ពួក​គេ​បាន​ខ្សឹបប្រាប់​ខ្ញុំ​ថា បញ្ញា​ពេញ​វ័យ​ហើយ​ ហើយ​គ្រួសារ​របស់​នាង​លែង​ឱ្យ​នាង​ចេញ​មក​ខាង​ក្រៅ​ដូច​មុន​ទៀត​។

ឆ្នាំ​បន្ត​បន្ទាប់​…​ ខ្ញុំ​ក៏​លែង​ចំណាយ​ពេល​ជួប​ជុំ​ជាមួយ​ក្មេងៗដូចមុន​ ។ ពួក​យើង​ធំៗ​រៀង​ខ្លួន ហើយ​ខ្ញុំ​ចំណាយ​ពេល​អង្គុយ​អាន​សៀវភៅ​នៅ​យ៉​ក្រោយ​ផ្ទះ​ច្រើន​ជាង​ហក់កៅស៊ូ​ឬលោតមឹក​…​​។ មាន​ម្តង​ ខ្ញុំ​ឃើញ​បញ្ញា​ស្រែក​ហៅ​ខ្ញុំ​តាម​បង្អួច​ខ្វើយៗ…។ នាង​ដូច​ជា​សប្បាយ​ដូច​ចង់​ហោះចេញ​ពី​បង្អួច​​… តែ​បង​ប្រុស​នាង​ក៏​ទាញ​នាង​ចូល​ក្នុង​ផ្ទះ​វិញ ។ ក្រោយមក​ តើ​មាន​រឿង​អ្វី​កើត​ឡើង?​ គឺ​ជំនួស​វត្តមាន​បញ្ញា​ក្បែរ​បង្អួច គឺ​ជា​បងប្រុស​របស់​នាង ដែល​តែង​តែ​លួច​មើល​ខ្ញុំ​ជា​រឿយៗ​…។ ដំបូង​ខ្ញុំ​មិនចាប់​អារម្មណ៍​ទេ តែ​ពេល​ក្រោយ​ខ្ញុំ​ក៏​លែង​សូវ​នៅ​យ៉​ក្រោយ​ផ្ទះ ទោះជា​មាន​អាកាសធាតុល្អ​យ៉ាងណា​ក៏ដោយ លុះ​ណា​តែ​មាន​វត្តមាន​បងប្អូន​ខ្ញុំ​ជួប​​ជុំ​គ្នា​ប៉ុណ្ណោះ​។

បើ​អ្នក​សួរ​ខ្ញុំ​ តើ​ខ្ញុំ​សរសេរ​អត្ថបទ​នេះ​ដើម្បី​អ្វី?
ខ្ញុំ​នឹង​ប្រាប់​អ្នក​ថា ខ្ញុំ​ចង់​និយាយ​ពី​ក្មេង​ស្រី​អូទីសឹម​ម្នាក់ ដែល​កើត​មក​ជា​មួយ​ជំងឺ​ដែល​ពិបាក​ព្យាបាល​​ នាង​គ​មិន​អាច​និយាយបាន​…​។ ជាង​កាល​ដែលយើង​រើស​អើង​គ្នា យើង​គួរ​តែ​ផ្តល់​ក្តី​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ឱ្យ​គ្នា​ នេះ​ជា​អ្វី​ដែល​យើង​ហៅថា «​ភាពជា​មនុស្ស​» ។ យើង​ពិត​ជា​សំណាង​ខ្លាំង​ណាស់​ដែល​កើត​មក​ជាមួយ​កាយ​សម្បទា​មាំមួន និង​អវៈយវៈគ្រប់​គ្រាន់​ ។ យើង​អាច​មិន​ពេញ​ចិត្ត​​ផ្នែក​ខ្លះ​នៃ​រាងកាយដែលយើងមាន​ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បាន​ត្រឹម​តែ​ចំណាយ​ពេល​ស្រម៉ៃ​ចង់​បាន​អ្វី​ដែល​យើង​ស្អប់​ខ្ពើម​​ប៉ុណ្ណោះ​ ។

ថ្ងៃ​ចុងក្រោយដែល​​ខ្ញុំ​មើល​ពី​លើ​ផ្ទះ គឺ​ពួ​កគេ​បាន​ជញ្ជូន​ឥវ៉ាន់និង​សម្ភារៈ​ដាក់​លើ​ឡាន​ទំនិញ​ធំមួយ​ ។ ត្រូវហើយ!! គ្រួសារ​បញ្ញា​បាន​ចាក​ចេញ​ពី​ទី​នេះ ហើយ​យើង​ក៏​បាត់​ដំណឹង​របស់​នាង​សូន្យឈឹង…។​

អត្ថបទនេះ ខ្ញុំ​ចង់​រំលឹក​ដល់នាង​ទុក​ជាការចងចាំមួយ​ ដោយ​ចាត់​ទុក​ថា​នាង​ជាមិត្តល្អ​ម្នាក់!!!​

ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​២០១៩ 31/12/2019

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន.
add a comment

សួស្តី​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ ឆ្នាំ​២០១៩ ។ នៅ​ក្នុងអាកាសធាតុ​២៦​អង្សានា​ព្រឹក​នេះ ធ្វើ​ឱ្យ​ចុះ​អាប់​ដោយកន្លែង​ ខ្ញុំ​បាន​ឃើញ​ស្រមោល​ព្រាល​ៗ​នៃ​អាគារ​ខ្ពស់ៗ​ដែល​កំពុង​ឈរ​ប្រជែង​គ្នា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ឆ្លងកាត់​៣៦៥​ថ្ងៃ នេះ​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​២០១៩ តាម​ការកំណត់​របស់​មនុស្សជាតិ​​។ ខ្ញុំ​ចាប់​ផ្តើម​រំភើបចិត្ត​នឹង​ថ្ងៃ​នេះ​ជាង​រាល់​ឆ្នាំ​ ព្រោះ​ខ្ញុំ​ហាក់​ដូច​ជា​ចង់​ឱ្យ​គ្រប់​យ៉ាង​ចាប់ផ្តើម​ជា​ថ្មី​ឆាប់ៗ​…។
ពេញ​មួយ​ឆ្នាំ តើ​យើង​ឆ្លងកាត់​ភាព​រីករាយ ជោគជ័យ ការ​ឈឺចាប់​និង​ហត់​នឿយ​អ្វី​ខ្លះ​? មាន​តែ​យើង​ទេ​ដែល​ដឹង​…។ សម្រាប់​ខ្ញុំ​ នេះ​ជា​ឆ្នាំ​ដែល​ពោរពេញ​ដោយ​បញ្ហា​និង​ឧបហេតុ​ជាច្រើន​… ខ្ញុំ​​សើច​ សើច​… ព្រោះ​ខ្ញុំ​មិន​នឹក​ថា តើ​ខ្លួន​ឯង​អាច​ឆ្លងកាត់​និង​ទទួល​យក​វា​ដោយ​វិធី​ណា?​ ដែល​អាច​បន្ត​រហូត​ដល់​ថ្ងៃ​នេះ​។ ខ្ញុំ​សើច​ ព្រោះ​ខ្ញុំ​លែង​យំ​ជាមួយបញ្ហា​ទៀត​ហើយ​… ដូច​ជា​ពាក្យ​មួយ​ឃ្លា​ដែល​គេ​និយាយថា «កាល​ពីតូច​យើង​យំ​ដើម្បី​បង្ហាញ​ភាពសោកសង្រេង ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ធំដឹងក្តី​យើង​សើច​ដើម្បី​ទទួល​យក​ភាព​សោកសង្រេង​ទៅវិញ​»។

ខ្ញុំ​បាន​ប្រើ​ភាពស្ងៀមស្ងាត់​ដើម្បី​ចាក់ទម្លុះ​ឧបសគ្គ​ជា​ច្រើន​ដើម្បី​រស់​នៅ​។ ខ្ញុំ​មិនដឹង​ទេ​ថា ខ្ញុំ​ក្លាយជា​មនុស្ស​ចាស់​ទុំ​តាំងពីពេល​ណា​នោះទេ ប៉ុន្តែ​ការ​ជ្រើស​រើស​ភាព​ស្ងៀមស្ងាត់​និង​អត់​ធ្មត់​គឺ​ជា​ជម្រើស​ទី​មួយរបស់ខ្ញុំ​ ។ ពេល​សប្បាយ​ក៏​ប៉ុណ្ណឹង កើត​ទុក្ខ​ក៏​ប៉ុណ្ណឹង​…​ យ៉ាង​ណា​ក៏​ជីវិតនេះ​​វា​នៅ​តែ​ធម្មតា​ មិន​អស្ចារ្យ​លើស​ពី​នេះ​ ​។ នៅ​ពេល​ដែល​ស្ងៀមស្ងាត់ គឺ​ជា​ពេល​ដែល​ខ្ញុំ​រកឃើញ​ចម្លើយ​ជា​ច្រើន​ដែល​មនុស្ស​ម្នា​មិនបាន​ប្រាប់​ខ្ញុំ ។ នៅ​ពេល​ដែល​ខ្ញុំ​ស្ងៀមស្ងាត់​ ខ្ញុំ​អាច​វិភាគ​និង​ឃើញ​ពណ៌​ពិត​ប្រាកដ​នៃ​បេះ​ដូង​របស់មនុស្ស​​… ហើយ​ក៏​ឃើញ​ពិត​ប្រាកដ​នៃ​ពណ៌​របស់​ខ្លួន​ឯង​។ តើ​វា​មាន​អ្វី​កើត​ឡើង​? ចម្លើយ​គឺៈ គ្មាន​ទេ គ្មាន​អ្វី​កើត​ឡើង​នោះទេ ត្រឹម​តែខ្ញុំ​អាច​ទទួល​យក​ការពិត​នៃ​ជីវិត​នៅ​លើ​លោក​នេះ​ ដោយភាព​ខុសគ្នា​​មិន​ជ្រួល​ច្របល់​…។

ពេញ​មួយ​ឆ្នាំ​​… នៅ​ពេល​ដែល​បញ្ហា​ច្រើនជាង​មុន យើង​ចេះ​ច្រើន​ជាងមុន​ យល់​ដឹង​ច្រើនជាងមុន​ ដូច្នេះ​មិនថា​យើង​មានរឿង​អ្វីកើត​ឡើង​ យើង​គ្មាន​អ្វី​ត្រូវ​បាត់​បង់​ទាល់​តែ​សោះ​ ។ គ្រប់​បញ្ហា​សុទ្ធ​តែ​មាន​អ្វី​ដែល​ចង់​ប្រាប់​យើង និង​បង្រៀន​យើង ។
ខ្ញុំ​លែង​សំពះ​ព្រះ​សុំ​ឱ្យ​ជីវិត​ងាយ​ស្រួល​ជាងមុន មិន​ធ្វើបុណ្យ​សុំ​ផ្សង​ការមាន​បាន​និង​ក្តី​សុខ មិន​សុំ​ឱ្យ​ខ្លួន​ឯង​មាន​សុខភាព​ល្អ ជួប​មនុស្ស​ល្អឬជោគជ័យ​​… អ្វី​ក៏គ្មាន​ដែរ​។ រហូត​ដល់ពេល​នេះ​រាល់​ពេល​ដែល​ខ្ញុំ​អុជ​ធូប ខ្ញុំ​នឹក​លែង​ឃើញ​អ្វីទាំង​អស់… ។ ព្រោះ​មាន​តែ​ការ​ប្រើ​បញ្ញា​របស់​ខ្លួនឯង​តែ​មួយគត់​ដើម្បី​រំលត់​ឧបសគ្គ​និង​ទទួលបាន​អ្វី​ដែល​យើង​ចង់បាន​​​​…។​

មួយ​ឆ្នាំ​កន្លង​ផុត​ទៅ វា​មិនមែនជា​រឿង​ឥត​ប្រយោជន៍ ព្រោះ​ពួក​យើង​បាន​​រៀន​ពីបញ្ហា​ដូច​គ្នា ​។ ជាមួយ​ការទទួលខុសត្រូវ វា​ធ្វើ​ឱ្យ​យើង​ហត់នឿយ ហើយ​ក្នុងនា​មជាមនុស្ស​ចាស់​ទុំ ការទម្លាក់​​អំរែង​លើស្មាចោល​ ស្មើនឹង​ជនចោល​ម្សៀតម្នាក់​…។​ ផ្ទុយ​ទៅវិញ​អំរែក​នៅ​ស្មា វា​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​នឹងធឹង​និង​ធ្វើឱ្យ​យើង​រឹងមាំ​ជាង​មុន​​…​។
រឿង​មួយ​ដែល​ខ្ញុំ​បាន​រៀន​ពីឆ្នាំ​នេះ គឺ​ការ​គ្រប់គ្រងចិត្ត​របស់​ខ្លួនឯង មិន​ឆេវឆាវ និង ត្រិះរិះ​ដោយ​សុភវិនិច្ឆ័យ​…​។ ដោយ​យល់​ពី​ហេតុផល​ យល់​ពី​មនុស្ស​ យល់​ពីបញ្ហា​ យល់​ពី​សច្ចភាព​​… ខ្ញុំ​បាន​ឈរ​នៅ​ត្រង់​ចំនុច​មួយ​ផ្សេង​ទៀត​ខុសពី​មុន គឺ​ការ​រស់​នៅ​ដោយ​​មិន​រំពឹង​ការ​ជួយ​ជ្រោម​ជ្រែង​ពី​នរណា​ម្នាក់ ។

សូម​អ្នក​យក​ថ្ងៃ​នេះពិចារណា​ដោយ​ស្ងប់ស្ងៀម ដើម្បី​រក​ឱ្យ​ឃើញ​ថា​ តើ​ពេញ​មួយ​ឆ្នាំ​នេះ​យើង​បាន​រៀន​អ្វី​ខ្លះ​? ហើយ​សូម​អរគុណ​និង​លើក​ទឹក​ចិត្ត​របស់​ខ្លួន​យើង​ដែល​អាច​ឆ្លងផុត​ដំណាក់កាល​លំបាកៗ​​ជាច្រើន​…។ បើ​អ្នក​ហត់ បើ​អ្នក​ឈឺចាប់ សូម​បង្ហូរ​ទឹក​ភ្នែក​ចេញ​មក ហូរ​ឱ្យ​អស់​ ឱ្យ​បាន​ធូរ​… ព្រោះ​ប្រហែល​ជា​ពួក​យើង​លាក់ទុក្ខ​វា​យូរ​ពេក យើង​រស់​នៅ​ក្នុង​ភាព​លាក់បាំង​ច្រើនពេក ទើប​ធ្វើ​ឱ្យ​ផ្លូវ​ចិត្ត​នេះ​ទទួល​រង​សម្ពាធ​ធ្ងន់​ធ្ងរ​។ ក្រោយ​យំ​ហើយ ត្រូវប្រាប់​ថា​នឹង​មិនយំ​រឿង​ដដែល ព្រោះ​បើ​យើង​នៅ​តែ​យំ​រឿង​ដដែល មាន​ន័យថា​​យើង​មិន​ឡើង​ថ្នាក់​សោះ​​។ ខ្ញុំ​អាច​និយាយ​យ៉ាង​ខ្លី​ប្រាប់​អ្នកថា​ «នេះ​ជា​ជីវិត​» វា​គ្មាន​អ្វី​អស្ចារ្យ​ទេ​… ជីវិត​សំខាន់​លើការគិត បើ​គិត​​ឱ្យ​វា​ធ្ងន់ វា​ទៅ​ជាធ្ងន់ បើ​គិត​ឱ្យ​វា​ស្រាល​ វា​នឹង​ស្រាល ។ សំខាន់​លើការ​គិត​និង​ចិត្ត​នេះ​​ បើ​យើង​ចង់​ផ្លាស់​ប្តូរ​លទ្ធផល​ថ្ងៃ​នេះ ត្រូវ​ប្តូរ​គំនិត​ចាស់​ចោល​… ។

ជា​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​ចាស់ ខ្ញុំ​មិនសុំ​ឱ្យ​​ឆ្នាំ​ថ្មី​ឱ្យ​ល្អ​ប្រសើរ​ជាងនេះ​ទេ ខ្ញុំ​គ្រាន់តែ​រៀបចំខ្លួន​ដើម្បី​ប្រយុទ្ធ​ជាបញ្ហា​ជា​ច្រើន​នៅ​ឆ្នាំថ្មីបន្ត​ ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា ខ្ញុំ​កំពុង​ឈរនៅ​ទីតាំងណា?​​ ហើយ​ខ្ញុំ​មើល​ឃើញ​បញ្ហា​ដែល​ត្រូវ​ប្រឈម​រួចទៅហើយ​។
អរគុណ​គ្រប់​គ្នា​ដែល​តែងតែ​អាន​អត្ថបទ​នៅ​ក្នុង​ប្លុក​និង​ផេក​មាន​សង្ឃឹម​ មាន​អត្ថបទ​ជា​ច្រើនដែល​ខ្ញុំ​បាន​ចែក​រំលែក​ពេញមួយ​ឆ្នាំ​នេះ​ ហើយ​សង្ឃឹម​ថា​វាជា​ទុន​តិច​តួច​សម្រាប់​គ្រប់​គ្នា​ក្នុង​ដំណើរ​ជីវិត​។​
ដោយ​ក្តី​គោរពស្រឡាញ់​!!
រីករាយ​ឆ្នាំ​ថ្មី​

សុ ចិន្តា​

ខ្សែ​ភាព​យន្ត​រឿង Joker 2019 17/12/2019

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, សៀវ​ភៅ​កំណត់​ហេតុ​.
add a comment

ជា​ភាព​យន្ត​ហូលីវូត​ខ្នាត​ធំ​ដែល​ត្រូវបាន​ដាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាព​យន្ត​ក្នុង​ក្រុងភ្នំពេញ​ តាំងពី​ខែ​តុលា​ ។ ខ្ញុំ​ពិត​ជា​ចង់​មើល​រឿង​នេះ តែ​គួរ​ឱ្យ​ស្តាយ​ដោយ​កូនស្រី​ខ្ញុំ​មិនត្រូវ​បាន​អនុញាតិ​ឱ្យ​ចូល​មើលនោះ​​ឡើយ ដូច្នេះ​ខ្ញុំ​ពន្យា​ពេល​រហូត​ភាពយន្ត​នេះ​ដកចេញ​ពី​រោង​បាត់​ ​បន្ទាប់​ពី​ក្មួយស្រី​របស់​ខ្ញុំ​បាន​មើល នាង​ក៏បាន​ណែនាំ​ខ្ញុំម្តងទៀត​​…។

ខ្ញុំ​បាន​ចូល​មើលJoker​ក្នុង​ Website មួយ… ការចាប់ផ្តើម​ប៉ុន្មាន​នាទី​ដំបូង​ខ្ញុំ​ដូច​ជា​អារម្មណ៍​តាន​តឹង​ ខ្ញុំ​យល់​ពី​អារម្មណ៍​ដ៏​គួរ​ឱ្យ​ខ្លាច​មួយ​ដែល​ធ្លាប់​ឆ្លងកាត់​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ជឿ​ថា​ ស្ថានភាព​ខ្ញុំ​មិនទាន់​ធ្ងន់ធ្ងរ​ដូច​ជា​ Arthur នោះទេ។
Arthur ជា​ឈ្មោះឯក​​របស់​​រឿង Joker ។ គាត់​បាន​​សម្តែង​ឥតខ្ចោះ​រហូត​ដល់​មនុស្ស​ជា​ច្រើន​បាន​កោត​សរសើរ​ថា​ជា​រឿង​ល្អ​បំផុត​ប្រចាំឆ្នាំ​។

រឿង​នេះ​បាន​រៀប​រាប់​ពី​មនុស្ស​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​ក្នុង​កំឡុង​ទស្សវត្សន៍​ឆ្នាំ​៦០ តាម​ដែលខ្ញុំ​គិត​។

សេចក្តីសង្ខេប​៖​

– Joker មាន​ជំងឺ​ផ្លូវ​ចិត្ត​ ហើយ​គាត់​តែង​តែ​សើច​ខុសពេល ទោះជា​គាត់​មិនចង់​ (ភាគ​ច្រើនគាត់​សើច​ពេល​ដែល​គាត់​នៅ​ជាមួយ​មនុស្សឬស្ថាន​ភាព​​ដែល​ធ្វើ​ឱ្យ​គាត់​តាន​តឹង​ផ្លូវ​ចិត្ត​)​។

– ដោយសារ​តែ​ការ​សើច​ខុសពេល​វេលា​របស់​គាត់ គាត់​ត្រូវ​បាន​គេ​បញ្ជាក់​ជាកាតមួយ​ភ្ជាប់​ខ្លួន​សម្រាប់​គាត់​បង្ហាញទៅ​អ្នកដទៃ​ ប៉ុន្តែ​ពេល​ខ្លះ​វា​យឺតយ៉ាវ​​សម្រាប់​បង្ហាញ​កាត​នេះ​ទៅ​ពួកគេ ព្រោះ​តែ​មនុស្ស​ទាំងនោះ​មិន​បាន​ទុក​ពេល​និង​យល់យោគ​គាត់​នោះទេ ​។ កាល​ដែល​គាត់​សើច​ វា​ធ្វើ​ឱ្យ​គាត់​ឈឺចាប់​ជាង​ពេល​ដែល​ស្ងាត់ស្ងៀម…។

– គាត់​ទទួល​រង​អំពើហិង្សានិង​អយុត្តិធម៌​​ជា​ច្រើន​លើក​ពី​មនុស្ស​​ម្នា​នៅ​ក្នុង​សង្គម​។

– គាត់​ត្រូវ​ចិញ្ចឹម​និង​មើល​ថែ​ម្តាយ​ចាស់​ដែលមានជំងឺរាំរ៉ៃ​ជា​យូរឆ្នាំ​​មកហើយ ផ្នែក​មួយ​នៃ​បញ្ហា​ផ្លូវ​ចិត្ត​របស់​គាត់​គឺ​ជះឥទ្ធិពល​ពី​ម្តាយ​របស់​គាត់ ហើយ​ម្តាយ​របស់​គាត់​កុហក​គាត់​គ្រប់យ៉ាង​… ម្តាយ​របស់គាត់​ជាអ្នក​បង្កើត​មេរោគ​នេះ។​

– គាត់គ្រាន់​តែ​​ជា​ក្មេង​កំព្រា​ដែលម្តាយ​របស់គាត់​សុំ​យក​មក​ចិញ្ចឹម​​ ហើយ​នៅ​ពេល​ដែល​គាត់​ដឹង​គឺ​វា​ជា​ការ​វាយ​ប្រហារមួយ​ដ៏ធំ​​ ​​។​ ម្តាយ​របស់​គាត់​មាន​ជំងឺ​ផ្នែក​ស្មារតី​ ហើយ​បាន​​​ឱ្យ​មិត្តប្រុស​ រំលោភ​បំពាន លើរូបរាងកាយ និង​ប្រើអំពើហិង្សា​យ៉ាង​ធ្ងន់ធ្ងរ​មកលើ​គាត់​ ។ គេ​បាន​សរសេរក្នុងកំណត់​ហេតុ​ម្តាយគាត់​ថា គាត់​មាន​របួស​នៅ​​ក្បាល​ជាច្រើនកន្លែង​និងមាន​ស្នាម​ជាំពេញ​ខ្លួន… ក្រៅ​ពី​នោះ​គាត់​ខ្វះអាហារូបត្ថម្ភ​និង​រងសម្ពាធ​ពី​ជាតិ​វិទ្យុសកម្ម​ពេល​ដែល​គាត់​នៅ​តូច​។​ ការពិត​ទៅ​ម្តាយ​របស់​គាត់​ យក​គាត់​មកចិញ្ចឹម​គឺ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួនតែប៉ុណ្ណោះ​… គាត់​មិន​បាន​ត្រូវ​មើលថែ​នោះទេ​…។

– គាត់​សម្លាប់​មនុស្ស​ដែល​ជា​ចំណែក​នៃ​ភាព​ឈឺចាប់​ខ្លោចផ្សារ​នៃ​ជីវិត​របស់គាត់​ ហើយ​មនុស្ស​ដែល​យើង​គិតថា​ត្រឹមត្រូវ​និងមាន​ប្រយោជន៍​ក្នុង​សង្គម​ វា​គ្រាន់​តែ​ជាលាមក​ដែល​ស្ថិត​នៅ​ក្នុង​លូក្រោម​ដី​ប៉ុណ្ណោះ​។

– ខ្ញុំ​គិត​ថា​គាត់​មាន​ស្នេហា​និងមាន​អ្នក​យល់​ចិត្ត​ដែល​ជា​ស្ត្រីម៉េម៉ាយ​រស់​នៅ​អាគារ​ជាមួយ​គាត់ តែ​ការពិត​នោះ​គ្រាន់​តែ​ជាក្តី​ស្រម៉ៃ​មួយរបស់​គាត់​តែ​ម្នាក់​ឯង​​ប៉ុណ្ណោះ​។

– គាត់​មិន​សម្លាប់​មនុស្ស​ដែល​ធ្វើ​ល្អ​ជាមួយ​គាត់​នោះទេ​ ហើយ​គាត់​មិន​វាយប្រហារ​នរណាម្នាក់​ពីក្រោយខ្នង​ដែរ​ ។

រឿង​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ស្ញប់​ស្ញែង​មួយ​គឺ​ Joker បានទៅ​ទាត់​សំរាម​នៅច្រក​ផ្លូវ​ដើម្បី​បន្ធូរកំហឹង​និងភាពសោកសៅ​​ ខណៈ​ដែល​មនុស្ស​​​គិត​ថា​ត្រឹមត្រូវ​និង​ចេះ​ដឹង​បែរជា​ទាត់ធាក់​គាត់​នៅ​ពេល​ដែល​ពួក​គេ​មិនសប្បាយចិត្ត​។ សរុប​សេចក្តីមក​ ការឈឺចាប់​របស់​គាត់​គឺ​គាត់​ទទួល​ខុសត្រូវ​ដោយខ្លួនឯង​ មិន​ឱ្យ​ប៉ះពាល់​ដល់​អ្នកដទៃឡើយ ។​ គ្រប់​កាយ​វិកា ទឹក​មុខ​ និង ដំណើរ​… គឺ​បង្ហាញ​ថា​ជីវិត​គាត់​ពិត​ជា​ត្រូវការ​សង្គ្រោះ​បន្ទាន់​ ប៉ុន្តែ​វាជា​រឿង​ដែល​គួរ​ឱ្យ​សោកស្តាយ​បំផុត​ដែល​ជន​រងគ្រោះ​ជា​អ្នក​ជំងឺ ជាមនុស្ស​ទន់ខ្សោយ ក្រខ្សត់​ និង ជា​អ្នកទទួល​ខុសត្រូវម្នាក់ ​ត្រូវ​ទទួល​រងការប្រមាថ​ ធ្វើបាបជា​បន្តបន្ទាប់ ​។

គាត់​ដឹង​ថា​គាត់​មាន​ជំងឺនេះ គាត់​ចង់​ព្យាបាល​វា​ គាត់​ចង់​ឱ្យ​ជិវិត​និងទឹក​ចិត្ត​របស់​គាត់​ប្រសើរ​ឡើង តែ​វា​ជា​រឿង​ដ៏​លំបាក​មួយ​ដែល​ពួក​គេ​មិន​ដឹង​ថា​ តើ​ត្រូវ​ព្យាបាលដោយរបៀបណា​? ក្រៅ​ពីសួរ​សំនួរ​ដដែលៗ​និង​ផ្តល់​ត្រឹម​ជា​ថ្នាំលេប​… ។ អ្នក​ព្យាបាល​ដែល​គួរ​ឱ្យ​ធុញ​ទ្រាន់ គេ​ត្រូវការ​ឱ្យ​គាត់​ស្តាប់​ដំបូន្មាន​ទាំងនោះ​ ទាំង​ដែល​គេ​មិន​ដែល​ព្យាយាម​ស្តាប់​និង​ស្វែងយល់​ពី​អ្វី​ដែល​គាត់​បាន​និយាយ​ទាល់​តែសោះ​។

សង្គម​ដែល​បក្សពួក​ អាត្មានិយម ប្រកាន់វណ្ណៈ កម្សោយ​នៃការដឹកនាំ​ពិតជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​របស់​មនុស្ស​…។ ​ឈុត​ដែល​ខ្ញុំ​សង្វេគ​គឺ​រាល់​ពេល​ដែលគាត់​ត្រូវ​បាន​គេ​វាយធ្វើបាប​ ហើយ​ឈុត​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​រីករាយ​ជាងគេ​គឺ​នៅ​ពេល​ដែល​រាំ​… ប្រហែល​ជា​ពេល​ដែល​គាត់​រក​ឃើញ​ថា តើ​គាត់​នឹង​ធ្វើ​អ្វី​បន្ត​ទៀត​​​?​
ខ្ញុំ​រកឃើញ​ស្នាម​ញញឹម​ពិតប្រាកដ​នៅប៉ុន្មាន​វិនាទី​ ពេល​ដែល​គាត់​បាន​ឃើញ​បុរស​ពាក់មុខ​ម្នាក់​ជិះក្នុង​រថយន្ត​តាក់ស៊ី​ឆ្លងកាត់​ផ្លូវ​​​ ។

ខ្ញុំ​បាន​មើល​រឿង​នេះ​ពីរ​លើក ហើយ​ខ្ញុំ​ហាក់​ដូច​ជា​ចូល​ជ្រៅ​ទៅ​ក្នុង​សាច់រឿង​និង​តួអង្គ ។ ខ្ញុំ​ពិត​ជា​ស្រឡាញ់​រឿង​មួយ​នេះ​ខ្លាំង ហើយ​ខ្ញុំ​នឹង​រក្សាវា​ទុក​ជា​ឯកសារ​ដែល​ជា​ផ្នែក​មួយ​នៃ​ប្លក់​របស់​ខ្ញុំ​។

សម្រាប់​ខ្ញុំ ជំងឺ​ផ្លូវចិត្ត​ជា​ជំងឺ​ដែល​កាច​សាហាវ​បំផុត ។ វា​ជា​បិសាច​ដែល​ផ្តល់​ការ​ឈឺចាប់​ឱ្យ​អ្នក​​រៀងរាល់​វិនាទី បន្តិចម្តងៗ​… គ្មាន​សំឡេង គ្មាន​ពណ៌ គ្មាន​ឈ្មោះ​មេរោគ គ្មាន​ទំហំ​… ហើយ​ទី​បំផុត​វា​ក៏​បញ្ចប់​គ្រប់យ៉ាង​ជាយើង​ដោយ​ស្ងៀមស្ងាត់​ ។ បរិយាកាស មនុស្សជុំវិញ​ខ្លួន សុទ្ធ​តែ​ជា​ចំណែក​មួយ​នៃ​វិបិត្ត​ផ្លូវ​ចិត្ត​…. ហើយ​សម្រាប់​ពួកគេ «ជីវិត​គឺ​គ្រាន់តែ​ជា​សោកនាដកម្ម»​ ប៉ុណ្ណោះ!!!

ccbd65fa50aff7f2152ad119665caadeaf4ef698

<span>%d</span> bloggers like this: