ថ្ងៃចុងក្រោយនៃឆ្នាំ២០១៩ 31/12/2019
Posted by មានសង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន.trackback
សួស្តីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។ នៅក្នុងអាកាសធាតុ២៦អង្សានាព្រឹកនេះ ធ្វើឱ្យចុះអាប់ដោយកន្លែង ខ្ញុំបានឃើញស្រមោលព្រាលៗនៃអាគារខ្ពស់ៗដែលកំពុងឈរប្រជែងគ្នានៅក្នុងទីក្រុងភ្នំពេញ។ ឆ្លងកាត់៣៦៥ថ្ងៃ នេះជាថ្ងៃចុងក្រោយនៃឆ្នាំ២០១៩ តាមការកំណត់របស់មនុស្សជាតិ។ ខ្ញុំចាប់ផ្តើមរំភើបចិត្តនឹងថ្ងៃនេះជាងរាល់ឆ្នាំ ព្រោះខ្ញុំហាក់ដូចជាចង់ឱ្យគ្រប់យ៉ាងចាប់ផ្តើមជាថ្មីឆាប់ៗ…។
ពេញមួយឆ្នាំ តើយើងឆ្លងកាត់ភាពរីករាយ ជោគជ័យ ការឈឺចាប់និងហត់នឿយអ្វីខ្លះ? មានតែយើងទេដែលដឹង…។ សម្រាប់ខ្ញុំ នេះជាឆ្នាំដែលពោរពេញដោយបញ្ហានិងឧបហេតុជាច្រើន… ខ្ញុំសើច សើច… ព្រោះខ្ញុំមិននឹកថា តើខ្លួនឯងអាចឆ្លងកាត់និងទទួលយកវាដោយវិធីណា? ដែលអាចបន្តរហូតដល់ថ្ងៃនេះ។ ខ្ញុំសើច ព្រោះខ្ញុំលែងយំជាមួយបញ្ហាទៀតហើយ… ដូចជាពាក្យមួយឃ្លាដែលគេនិយាយថា «កាលពីតូចយើងយំដើម្បីបង្ហាញភាពសោកសង្រេង ប៉ុន្តែនៅពេលដែលយើងធំដឹងក្តីយើងសើចដើម្បីទទួលយកភាពសោកសង្រេងទៅវិញ»។
ខ្ញុំបានប្រើភាពស្ងៀមស្ងាត់ដើម្បីចាក់ទម្លុះឧបសគ្គជាច្រើនដើម្បីរស់នៅ។ ខ្ញុំមិនដឹងទេថា ខ្ញុំក្លាយជាមនុស្សចាស់ទុំតាំងពីពេលណានោះទេ ប៉ុន្តែការជ្រើសរើសភាពស្ងៀមស្ងាត់និងអត់ធ្មត់គឺជាជម្រើសទីមួយរបស់ខ្ញុំ ។ ពេលសប្បាយក៏ប៉ុណ្ណឹង កើតទុក្ខក៏ប៉ុណ្ណឹង… យ៉ាងណាក៏ជីវិតនេះវានៅតែធម្មតា មិនអស្ចារ្យលើសពីនេះ ។ នៅពេលដែលស្ងៀមស្ងាត់ គឺជាពេលដែលខ្ញុំរកឃើញចម្លើយជាច្រើនដែលមនុស្សម្នាមិនបានប្រាប់ខ្ញុំ ។ នៅពេលដែលខ្ញុំស្ងៀមស្ងាត់ ខ្ញុំអាចវិភាគនិងឃើញពណ៌ពិតប្រាកដនៃបេះដូងរបស់មនុស្ស… ហើយក៏ឃើញពិតប្រាកដនៃពណ៌របស់ខ្លួនឯង។ តើវាមានអ្វីកើតឡើង? ចម្លើយគឺៈ គ្មានទេ គ្មានអ្វីកើតឡើងនោះទេ ត្រឹមតែខ្ញុំអាចទទួលយកការពិតនៃជីវិតនៅលើលោកនេះ ដោយភាពខុសគ្នាមិនជ្រួលច្របល់…។
ពេញមួយឆ្នាំ… នៅពេលដែលបញ្ហាច្រើនជាងមុន យើងចេះច្រើនជាងមុន យល់ដឹងច្រើនជាងមុន ដូច្នេះមិនថាយើងមានរឿងអ្វីកើតឡើង យើងគ្មានអ្វីត្រូវបាត់បង់ទាល់តែសោះ ។ គ្រប់បញ្ហាសុទ្ធតែមានអ្វីដែលចង់ប្រាប់យើង និងបង្រៀនយើង ។
ខ្ញុំលែងសំពះព្រះសុំឱ្យជីវិតងាយស្រួលជាងមុន មិនធ្វើបុណ្យសុំផ្សងការមានបាននិងក្តីសុខ មិនសុំឱ្យខ្លួនឯងមានសុខភាពល្អ ជួបមនុស្សល្អឬជោគជ័យ… អ្វីក៏គ្មានដែរ។ រហូតដល់ពេលនេះរាល់ពេលដែលខ្ញុំអុជធូប ខ្ញុំនឹកលែងឃើញអ្វីទាំងអស់… ។ ព្រោះមានតែការប្រើបញ្ញារបស់ខ្លួនឯងតែមួយគត់ដើម្បីរំលត់ឧបសគ្គនិងទទួលបានអ្វីដែលយើងចង់បាន…។
មួយឆ្នាំកន្លងផុតទៅ វាមិនមែនជារឿងឥតប្រយោជន៍ ព្រោះពួកយើងបានរៀនពីបញ្ហាដូចគ្នា ។ ជាមួយការទទួលខុសត្រូវ វាធ្វើឱ្យយើងហត់នឿយ ហើយក្នុងនាមជាមនុស្សចាស់ទុំ ការទម្លាក់អំរែងលើស្មាចោល ស្មើនឹងជនចោលម្សៀតម្នាក់…។ ផ្ទុយទៅវិញអំរែកនៅស្មា វាធ្វើឱ្យយើងមានអារម្មណ៍នឹងធឹងនិងធ្វើឱ្យយើងរឹងមាំជាងមុន…។
រឿងមួយដែលខ្ញុំបានរៀនពីឆ្នាំនេះ គឺការគ្រប់គ្រងចិត្តរបស់ខ្លួនឯង មិនឆេវឆាវ និង ត្រិះរិះដោយសុភវិនិច្ឆ័យ…។ ដោយយល់ពីហេតុផល យល់ពីមនុស្ស យល់ពីបញ្ហា យល់ពីសច្ចភាព… ខ្ញុំបានឈរនៅត្រង់ចំនុចមួយផ្សេងទៀតខុសពីមុន គឺការរស់នៅដោយមិនរំពឹងការជួយជ្រោមជ្រែងពីនរណាម្នាក់ ។
សូមអ្នកយកថ្ងៃនេះពិចារណាដោយស្ងប់ស្ងៀម ដើម្បីរកឱ្យឃើញថា តើពេញមួយឆ្នាំនេះយើងបានរៀនអ្វីខ្លះ? ហើយសូមអរគុណនិងលើកទឹកចិត្តរបស់ខ្លួនយើងដែលអាចឆ្លងផុតដំណាក់កាលលំបាកៗជាច្រើន…។ បើអ្នកហត់ បើអ្នកឈឺចាប់ សូមបង្ហូរទឹកភ្នែកចេញមក ហូរឱ្យអស់ ឱ្យបានធូរ… ព្រោះប្រហែលជាពួកយើងលាក់ទុក្ខវាយូរពេក យើងរស់នៅក្នុងភាពលាក់បាំងច្រើនពេក ទើបធ្វើឱ្យផ្លូវចិត្តនេះទទួលរងសម្ពាធធ្ងន់ធ្ងរ។ ក្រោយយំហើយ ត្រូវប្រាប់ថានឹងមិនយំរឿងដដែល ព្រោះបើយើងនៅតែយំរឿងដដែល មានន័យថាយើងមិនឡើងថ្នាក់សោះ។ ខ្ញុំអាចនិយាយយ៉ាងខ្លីប្រាប់អ្នកថា «នេះជាជីវិត» វាគ្មានអ្វីអស្ចារ្យទេ… ជីវិតសំខាន់លើការគិត បើគិតឱ្យវាធ្ងន់ វាទៅជាធ្ងន់ បើគិតឱ្យវាស្រាល វានឹងស្រាល ។ សំខាន់លើការគិតនិងចិត្តនេះ បើយើងចង់ផ្លាស់ប្តូរលទ្ធផលថ្ងៃនេះ ត្រូវប្តូរគំនិតចាស់ចោល… ។
ជាថ្ងៃចុងក្រោយនៃឆ្នាំចាស់ ខ្ញុំមិនសុំឱ្យឆ្នាំថ្មីឱ្យល្អប្រសើរជាងនេះទេ ខ្ញុំគ្រាន់តែរៀបចំខ្លួនដើម្បីប្រយុទ្ធជាបញ្ហាជាច្រើននៅឆ្នាំថ្មីបន្ត ព្រោះខ្ញុំដឹងច្បាស់ថា ខ្ញុំកំពុងឈរនៅទីតាំងណា? ហើយខ្ញុំមើលឃើញបញ្ហាដែលត្រូវប្រឈមរួចទៅហើយ។
អរគុណគ្រប់គ្នាដែលតែងតែអានអត្ថបទនៅក្នុងប្លុកនិងផេកមានសង្ឃឹម មានអត្ថបទជាច្រើនដែលខ្ញុំបានចែករំលែកពេញមួយឆ្នាំនេះ ហើយសង្ឃឹមថាវាជាទុនតិចតួចសម្រាប់គ្រប់គ្នាក្នុងដំណើរជីវិត។
ដោយក្តីគោរពស្រឡាញ់!!
រីករាយឆ្នាំថ្មី
សុ ចិន្តា
មតិ»
No comments yet — be the first.