មន្តអាគម 19/07/2018
Posted by មានសង្ឃឹម in Uncategorized.trackback
តើអ្នកជឿលើអំពើអាបធ្មប់ទេ? តើអ្នកជឿលើមន្តអាគម មន្តគាថាស្នេហ៍ឬទេ? ទោះបីជាអ្នកបានឮនរណាម្នាក់នៅសួរសំនួរនេះ អ្នកក៏មិនយល់ថាចម្លែកដែរ។ ប្រទេសយើងមានជំនឿបែបនេះតាំងបីបូរាណកាលជាច្រើនជំនាន់មកហើយ ទោះបីជាបច្ចេកវិទ្យាបានដើរលឿនទៅមុខ ខ្ញុំនៅតែជឿថាមានមនុស្សមិនតិចទេដែលនៅបន្តជឿរឿងទាំងនេះ។ បើសំនួរនេះធ្លាក់មកលើខ្ញុំ ខ្ញុំក៏មិនដឹងថានឹងមានចម្លើយបែបណាដែរ។ ការពិតគួរតែនិយាយថា ហាសិប ហាសិប ជឿខ្លះ មិនជឿខ្លះ បើយើងជឿសូមជឿដោយមានហេតុផល ជឿដោយប្រើបញ្ញា។
ខ្ញុំធ្លាប់បានឃើញនិងកាន់យន្តក្រណាត់ក្រហម ដែលមានរូបក្រវេមក្រវាមនិងមានភ្ជាប់ដោយម្ជុលជាងសែសិប។ មិត្តភក្តិរបស់ខ្ញុំបានរកឃើញគេដាក់បង្កប់នៅមុខផ្ទះគាត់ ហើយបានយកឱ្យខ្ញុំមើល ថាវាជាយ័ន្តស្អីឱ្យប្រាកដ។ គ្រាន់តែខ្ញុំកាន់ភ្លាម អារម្មណ៍ដំបួូងរបស់ខ្ញុំគឺខ្លាច គួរតែនិយាយថាមិនមែនជារបស់មង្គលនោះទេ។ មានមនុស្សជាច្រើនបានប្រាប់គាត់ពីអត្ថន័យយ័ន្តនោះ ផ្សេងៗគ្នា… ហើយនៅទីបំផុតគាត់ក៏យកវាទម្លាក់ក្នុងលូចោលទៅ។
មានពេលខ្លះ ខ្ញុំធ្លាប់ឮថាមានគេធ្វើអំពើអាបធ្មប់ ដោយមានចេញដែកកូលតាមមាត់ តាមសាច់ មានរបស់ចម្លែកចេញឬនៅក្នុងខ្លួនមនុស្ស។ កាលពីនៅតូចខ្ញុំខ្លាច ខ្លាចពេលដែលដឹងរឿងទាំងនេះ។ គេជឿថាវាអាចទៅរួច នៅពេលដែលមនុស្សស្អប់គ្នា គេយករូបថត ចំណែកណាមួយរបស់មនុស្សនោះយកទៅធ្វើមន្តអាគមតាមដែលគេនឹកចង់បាន ប៉ុន្តែបើយើងចង់ឱ្យនរណាម្នាក់ស្រឡាញ់យើងបាត់មុខមិនបានក៏អាចប្រើវិធីនេះផងដែរ។ ដោយគេជឿថាគ្រូចាម គឺមានមន្តពូកែជាងគេ។
រហូតដល់ពេលមួយ យប់មួយកាលពីប៉ុន្មានឆ្នាំមុន… ខ្ញុំបានយល់សប្តឃើញមានស្រមោលខ្មៅមួយធំបានលូនចេញពីក្រោមគ្រែរបស់ខ្ញុំ ហើយបានព្យាយាមមកគ្របសង្កត់ពីលើខ្ញុំ។ ខ្ញុំភ័យណាស់ បានត្រឹមលើកដៃសំពះបួងសួងនឹកគុណដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ… ទីបំផុតស្រមោលខ្មៅនោះមិនអាចធ្វើអ្វីបានក៏រលាយបាត់ ហើយខ្ញុំក៏ស្ទុះដឹងខ្លួនទាំងបែកញើសជោគ។ លុះព្រឹកស្អែក ខ្ញុំបានរើគ្រែរបស់ខ្ញុំ ខ្ញុំមិនបានឃើញអ្វីក្រៅសាប៊ូដុំដែលអ្នកនៅជាមួយខ្ញុំបានដាក់ដើម្បីឱ្យក្រអូបនិងដេញសត្វល្អិតនោះឡើយ។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានរកឃើញថាមានដែលគោលវែងមួយដើមត្រូវគេបានយកទៅដំនៅចំពីមុខមាត់ទ្វាចូលផ្ទះរបស់ខ្ញុំ។ លើកនេះខ្ញុំច្បាស់ណាស់ថា មានអ្វីដែលខុសពីធម្មតាព្រោះខ្ញុំឡើងបោសជូតស្ទើរាល់ពេលគឺមិនដែលមានទេ ហើយអ្នកផ្ទះខ្ញុំក៏មិនមាននរណាយកដែកគោលទៅដំចោលបែបនេះដែរ។ ខ្ញុំចាប់ផ្តើមសង្ស័យអ្នកជិតខាងរបស់ខ្ញុំ ព្រោះតាមដែលខ្ញុំធ្លាប់និយាយជាមួយគាត់ពីមុនមកគាត់ជាអ្នកដែលពូកែរកគ្រូ ផ្ទះរបស់គាត់សំបូរដោយរបស់ចម្លែកនិងយ័ន្តផ្សេងៗ។
ក្រោយមកខ្ញុំក៏បានលក់ផ្ទះហើយបានចាកចេញពីទីនោះទៅ។ រហូតដល់ពេលនេះខ្ញុំតែងតែស្តាប់ឱវាទរបស់ព្រះសង្ឃដែលលោកបានសម្តែងធម៌ទេសនារាល់ថ្ងៃ។ ខ្ញុំចាប់ផ្តើមយល់ពីដំណើរជីវិតច្រើនជាងមុន យល់ពីហេតុ ពីផលដែលខ្ញុំមិនដែលដឹងពីមុន។ ការគិតរបស់ខ្ញុំអាចនឹងត្រូវ អ្នកជិតខាងរបស់ខ្ញុំអាចនឹងមានបំណងអាក្រក់មកលើខ្ញុំ ហើយគេព្យាយាមធ្វើបែបនេះមែន។ តើវាយ៉ាងម៉េច?
នៅពេលនរណាម្នាក់គិតអាក្រក់មកឬធ្វើអាក្រក់មកលើយើង សុំតែម៉្យាងគឺកុំទទួល កុំប្រើកំហឹងដើម្បីពន្លត់កំហឹង ព្រោះវាពិតជាគ្មានប្រយោជន៍អ្វីទាល់តែសោះ។
កុំខ្លាចនរណាម្នាក់ស្អប់យើង មនុស្សគឺបែបនេះ។ សូម្បីអរិយបុគ្គលដូចជាព្រពុទ្ធជាម្ចាស់ក៏នៅតែមានមនុស្សស្អប់ តាមជ្រៀតជ្រែក តាមរំខានមិនចេះចប់ ចុះទម្រាំតែយើងជាសាមញ្ញជន។
ក្រោយផ្លាស់ប្តូរទីលំនៅ ឥឡូវខ្ញុំមានសេចក្តីសុខច្រើន ខ្ញុំមិនដែលមានទំនាស់ជាមួយអ្នកជិតខាង ខ្ញុំចាប់ផ្តើមមើលមនុស្សក្នុងផ្លូវវិជ្ជមាន ខ្ញុំរកឃើញថាអ្នកជិតខាងថ្មីដែលខ្ញុំបានរស់នៅជាងបីឆ្នាំមកនេះ ពួកគេមានទឹកចិត្តល្អ បើទោះជាពួកគេមានជីវភាពខ្វះខាតក្តី។ ខ្ញុំត្រឡប់គិតថា អ្វីដែលខ្ញុំបានគិតកាលពីមុន គឺជាការយល់ច្រឡំមួយ ហើយសុបិនអាក្រក់នៅយប់មួយនោះ គ្រាន់តែជាសុបិន វាមិនអាចជាអ្វីដូចដែលខ្ញុំបានសង្ស័យនិងដាក់បន្ទុកទៅអ្នកដទៃ។
ខ្ញុំឈប់គិតថា ការចាកចេញនៅគ្រានោះដោយសារតែទង្វើមន្តអាគមរបស់អ្នកជិតខាង ប៉ុន្តែវាជាជម្រើសដ៏ត្រឹមត្រូវ ព្រោះមនុស្សភាគច្រើនដែលរស់នៅក្នុងភូមិនោះជាស្រ្តីមេផ្ទះ ពួកគេមានពេលទំនេរច្រើនពេក គឺបង្កជាបក្សពួក និយាយដើមគ្នា ឈ្លោះគ្នា ដៀមដាមគញនា លេងបៀរ ចាក់កន្ទុយលេខ…។ បរិយាកាសបែបនេះគឺអាចជះឥទ្ធិពលដល់ក្មេងជំនាន់ក្រោយជាពិសេសគឺកូនស្រីរបស់ខ្ញុំ ហើយខ្ញុំក៏បំភ្លេចរឿងមន្តអាគមគាថានោះចោល ដោយទទួលយកការពិតបែបនេះ គឺខ្ញុំមិនបានរស់នៅចុះសម្រុងជាមួយពួកគេ។
គិតត្រឡប់មកវិញ កុំមានជំនឿឬផ្តោតលើរឿងមន្តអាគមផ្តេសផ្តាស ត្រឹមតែជឿលើខ្លួនឯង ហើយរបងការពារល្អបំផុតគឺអំពើល្អ ភាពស្មោះត្រង់ នោះគ្មាននរណាម្នាក់បៀតបៀនអ្នកបានឡើយ។ អំណោយដែលគេឱ្យមកយើង បើយើងមិនទទួលគឺគេទទួលទុកដោយខ្លួនឯង។
រឿងដែលអស្ចារ្យសម្រាប់ខ្ញុំ គឺខ្ញុំគិតយល់ ហើយវាធ្វើឱ្យខ្ញុំសប្បាយរីករាយក្នុងចិត្ត។ ខ្ញុំមានពេលវេលាច្រើនសម្រាប់គ្រួសារ សម្រាប់ការងារ សម្រាប់មនុស្សជាទីស្រឡាញ់ជុំវិញខ្លួន។ ខ្ញុំមិនចំណាយពេលរកគ្រូទាយ ទៅស្រោចទឹក ទៅកាត់គ្រោះឬពីធីផ្សេងៗដោយចំណាយពេលនិងប្រាក់ឥតប្រយោជន៍។
ត្រឹមតែរស់ជាមួយអ្វីដែលយើងមាន ត្រឹមតែគិតត្រូវ ធ្វើត្រូវគឺគ្រប់គ្រាន់
មតិ»
No comments yet — be the first.