ការចាកចេញឆ្ងាយរបស់ម៉ែ 15/09/2017
Posted by មានសង្ឃឹម in ផ្ទាល់ខ្លួន, សៀវភៅកំណត់ហេតុ.trackback
គ្រួសារជាអថិរភាពដំបូងបំផុតរបស់ខ្ញុំ ៣៥ឆ្នាំកន្លងមកនេះ ខ្ញុំបានចំណាយពេលរស់នៅជាមួយគ្រួសារមិនដែលបែកចាកចេញឆ្ងាយម្តងណាឡើយ។ ដោយសារតែហេតុនេះគ្រួសារបានក្លាយជាអ្វីគ្រប់យ៉ាងដែលខ្ញុំមាន។ បន្ទាប់ពីការចាកចេញជាងមួយឆ្នាំរបស់បងស្រី ការនឹករលឹកនៅតែបន្ត… ហើយពេលនេះម៉ែរបស់ខ្ញុំក៏ត្រូវចាកចេញទៅរស់នៅលើទឹកដីអាមេរិកជាមួយបងស្រីទៀត។ ថាទៅខ្ញុំមិនដែលបែកម៉ែឆ្ងាយនិងយូរយ៉ាងនេះទេ ទើបធ្វើឲ្យចិត្តស្រងេះស្រងោច។ ផ្ទះដែលធំទូលាយ ប៉ុន្តែមនុស្សចេះតែតិចទៅៗ មានពេលខ្លះខ្ញុំត្រលប់ទៅដល់ផ្ទះ ចេះតែយល់ថាផ្ទះដូចជាងងឹតៗនិងខ្វះអ្វីម្យ៉ាង ខ្ញុំសម្លឹងមើលផ្ទះបាយដែលម៉ែធ្លាប់ដាំស្ល ហើយបន្តិចទៀតនឹងលែងមានគាត់។
តាំងពីតូចមកខ្ញុំជាក្មេងដែលមានមនោសញ្ចេតនាច្រើន។ ចាំបានថាពេលមួយកាលពី១០ឆ្នាំមុននោះ មិត្តរួមការងាររបស់ខ្ញុំត្រូវបានបញ្ឈប់ ខ្ញុំបានយំឡើងហើមភ្នែកព្រោះតែការបែកគ្នាលើកនោះ វាជារឿងចម្លែកមួយដែរ ព្រោះក្រៅពីខ្ញុំគ្មានមិត្តភក្តិណាយំទាល់តែសោះ។ ខ្ញុំមិនចូលចិត្តជូនដំណើរគេទេ ក៏មិនចូលចិត្តការបែកគ្នាដែរ ខ្ញុំខ្លាចការបែកបាក់ ព្រាត់ប្រាស់ ចាកចេញឆ្ងាយរបស់មនុស្សជាទីស្រលាញ់ ប៉ុន្តែទេវតាហាក់ដូចជាចង់ឲ្យខ្ញុំរៀនមេរៀននេះឲ្យចេះ ឲ្យចាំ ឲ្យរឹងមាំ ដោយបានដាក់ មេរៀន«បែក»ឲ្យខ្ញុំជាបន្តបន្ទាប់សម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ។ វិថីដែលខ្ញុំបានដើរកាន់តែទូលាយ កាន់តែធំ ហើយមនុស្សដែលនៅរួមដំណើរជាមួយខ្ញុំកាន់តែតិច… អំរែកនៅលើស្មាដែលធ្ងន់ក៏នៅតែមាន ពុកកាន់តែចាស់ ចំណែកកូនស្រីកាន់តែធំរាល់ថ្ងៃ… ពួកគេត្រូវការម្ហូបអាហារនិងការមើលថែរាល់ថ្ងៃ។ ម៉ែ!! កូនពិតជាខ្លាច ខ្លាចថាថ្ងៃស្អែកនឹងមានមនុស្សចាកចេញពីកូនទៀត កូននៅតែខ្លាចព្រោះកូនមិនទាន់រៀនចេះមេរៀន«បែក» ដែលទេវតាបានដាក់ឲ្យកូន កូននៅតែខ្លាចព្រោះមនុស្សដែលចូលមកជីវិតរបស់កូនកាន់តែតិច ហើយចំនួនមនុស្សដែលទៅក៏កាន់តែច្រើន…។
ម៉ែទៅហើយ!! ប្រហែលជាមួយឆ្នាំ ពីរឆ្នាំ… ឬអាចច្រើនជាងនេះ។ ខ្ញុំច្បាស់ជានឹកម៉ែខ្លាំងណាស់ នឹកម្ហូបម៉ែដែលកូនតែងតែរអ៊ូថាមានរសជាតិចម្លែក។ កូននឹកដល់សំឡេងទូសព្ទដែលម៉ែខលរកកូនដើម្បីញុំាអាហារពេលល្ងាចជាមួយគ្នារាល់ថ្ងៃ នឹកដល់ពេលដែលកូនអូសកន្រ្តកជូនម៉ែដើរផ្សារទិញម្ហូប… នឹកឃើញរូបភាពម៉ែស្រោចដំណាំនៅជុំវិញផ្ទះ…នឹកម៉ែគ្រប់ពេល…។ កូនសូមទោសដែលតាំងពីដើមមក កូនមិនស្តាប់ម៉ែ ទើបធ្វើឲ្យផ្លូវជីវិតត្រូវតែលតោលបែបនេះ ប៉ុន្តែអ្វីក៏កូនមិនស្តាយដែរព្រោះត្រឹមកើតមកជាកូនម៉ែ ក៏យល់ថាគ្រប់គ្រាន់។
សូមម៉ែទៅរស់នៅលើទឹកដីថ្មីដែលម៉ែតែងតែហៅ«ស្រុកយក្ស»ឲ្យបានសុខសប្បាយនិងរីករាយ។
មតិ»
No comments yet — be the first.