រីករាយថ្ងៃកំណើត ៣៥ឆ្នាំ 29/05/2017
Posted by មានសង្ឃឹម in ផ្ទាល់ខ្លួន.trackback
ទីបំផុតថ្ងៃនេះខ្ញុំបានរស់នៅលើភពផែនដីអស់រយៈកាល៣៥ឆ្នាំហើយ។ នៅពេលដែលខ្ញុំបានទទួលពាក្យជូនពរយ៉ាងច្រើន សម្រាប់ថ្ងៃកំណើត វាហាក់ដូចជាដាស់តឿនខ្ញុំចំពោះវ័យមួយដែលពោរពេញដោយការប្រកួតប្រជែង។ ជាមួយជីវភាពដ៏សាមញ្ញ ខ្ញុំមិនមានបំណងប្រាថ្នាអ្វីធំដុំដូចជាគេ, ជាលោកជំទាវ ជាអគ្គនាយក ជាប្រធានក្រុមហ៊នឬជាថៅកែធំ…. ។ មិនមែនទេ!! ការពិតតាំងពីតូចមក ខ្ញុំគ្រាន់តែចង់រស់នៅសប្បាយចិត្ត ជួបជុំបងប្អូន ក្រុមគ្រួសារ និងមិត្តភក្តិ ដែលខ្ញុំមានប៉ុណ្ណោះ។ ខ្ញុំធ្លាប់បានគិតថា ភាពជោគជ័យរបស់ខ្ញុំបានរលាយដូចជាផ្សែងនៅពេលដែលជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំត្រូវបរាជ័យ។ និយាយតាមត្រង់ ខ្ញុំមិនមែនជាស្ត្រីរឹងមាំស្អីទេ ក៏មិនមែនជាស្ត្រីអស្ចារ្យស្អីដែរ… ខ្ញុំគ្រាន់តែធ្វើរឿងដែលចង់ធ្វើ រឿងដែលគិតថាត្រឹមត្រូវ ចង់ធ្វើការងារដែលខ្លួនឯងស្រលាញ់ប៉ុណ្ណោះ។
៣៥ឆ្នាំហើយ ខ្ញុំនៅតែយល់ថានៅសល់រឿងរ៉ាវជាច្រើនដែលមិនទាន់បានធ្វើនៅឡើយ។ មានពេលខ្លះគិតថាជីវិតកាន់តែខើច ចាប់នេះក៏មិនជាប់ ចាប់នោះក៏មិនទាន់បាន ដូច្នេះហើយខ្ញុំតែងតែបន្ទោសខ្លួនឯង។ មានមិត្តភក្តិរបស់ខ្ញុំតែងតែសួរខ្ញុំពីរឿងគូស្រករជាថ្មី ប៉ុន្តែរាល់ពេលដែលខ្ញុំនឹកដល់រឿងនេះ ខ្ញុំពិតជាគាំងនិយាយមិនចេញ តើវាគួរតែចាប់ផ្តើមពីចំនុចណា?
ហឹម!! រកមនុស្សដែលត្រូវចិត្តសម្រាប់វ័យរបស់ខ្ញុំ វាពិបាក ហើយវានឹងពិបាកនៅពេលដែលគិតឲ្យស៊ីជម្រៅ…។ ខ្ញុំខ្លាច ខ្លាចភាពមិនចុះសម្រុងនិងទទួលយកគ្នា ខ្លាចភាពខុសគ្នា ដែលអាចបែងចែងឲ្យមនុស្សនៅក្នុងភពពីរផ្សេងគ្នាផងដែរ។
ជារាងរាល់យប់ មនុស្សតែម្នាក់ដែលខ្ញុំតែងតែគិតដល់គឺកូនស្រីតែមួយគត់របស់ខ្ញុំ។ ជាមួយភារកិច្ចជាម្តាយផង ជាឪពុកផង វាហាក់ដូចជាមិនមែនជារឿងស្រាលនិងមិនងាយពេកទេ ហើយខ្ញុំត្រូវចំណាយពេលមួយជីវិតនេះសម្រាប់បំពេញរឿងនេះ ប៉ុន្តែអ្វីដែលខ្ញុំសប្បាយចិត្ត គឺការលំបាករបស់ខ្ញុំ មិនមែនជាបន្ទុករបស់នរណាម្នាក់។ មិនធ្វើឲ្យគ្រប់គ្នាខ្វាយខ្វល់នឹងអំពល់ទុក្ខដោយសារតែខ្ញុំ។ គិតឲ្យវិជ្ជាមានគឺខ្ញុំអាចយករួចខ្លួន ដោយខ្លួនឯងបាន។
រីករាយថ្ងៃកំណើតអាយុ៣៦ឆ្នាំ រីករាយនឹងជីវភាពដ៏សាមញ្ញដែលខ្ញុំមាន។ គិតឡើងវិញ ខ្ញុំមិនមែនជាមនុស្សបរាជ័យទេ ខ្ញុំមានអ្វីជាច្រើនដែលខ្ញុំពេញចិត្ត ខ្ញុំមានការងារដ៏សមរម្យមួយ, មានម្តាយ មានឪពុក មានបង មានប្អូន មានពូ មានមីង មានក្មួយៗ… មានមិត្តភក្តិ និង មានកូនស្រីជាទីស្រលាញ់។ ពួកគេស្រលាញ់ខ្ញុំ បារម្ភពីខ្ញុំ យកចិត្តទុកដាក់ចំពោះខ្ញុំ, អ្នកថាទៅតើមានអ្វីដែលប្រសើរជាងនេះ?
ខ្ញុំមិននៅម្នាក់ឯងឯណា តើនេះមិនមែនជាជីវភាពដែលខ្ញុំចង់បានទេឬ? ណ្ហើយ!! រឿងគូស្រករស្អីគេហ្នឹង មកក៏បាន មិនមកក៏បាន សូមឈប់សួរនាំខ្ញុំទៀតទៅ។
ជាថ្មីម្តងទៀត អរគុណគ្រប់គ្នាសម្រាប់ពាក្យជូនពរនិងក្តីអបអរទាំងឡាយ ខ្ញុំពិតជារីករាយនិងរំភើបចិត្ត!!
ដោយសេចក្តីគោរពស្រលាញ់ពីចម្ងាយ
ប្អូនខ្ញុំ២ឆ្នាំ 😀
ខ្ញុំរាប់ឆ្នាំខុស ការពិតខ្ញុំទើបមានអាយុ៣៥ឆ្នាំតើ ខិខិ