រដូវរងារថ្មី 14/12/2016
Posted by មានសង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន.trackback
សួស្តីរដូវរងារ!! ខ្ញុំពិតជាចូលចិត្តសរសេរអត្ថបទនិយាយពីរដូវរងារ ហើយខ្ញុំបានសរសេរវាជារាងរាល់ឆ្នាំ។ ត្រូវហើយ!! រដូវរងារបានរម្លឹករឿងរ៉ាវនិងអនុស្សាវរីយ៍ចាស់ៗជាច្រើនដល់ខ្ញុំ។ ចាំបានថាកាលនៅរៀនវិទ្យាល័យថ្នាក់ទី១២ អាកាសធាតុពិតជាត្រជាក់នៅចុងឆ្នាំ។ ដោយសារគ្រួសាររបស់ខ្ញុំមិនសូវធូធារ ខ្ញុំមិនមានប្រាក់ទិញអាវរងារថ្មីនោះទេ។ កាលនោះបងស្រីរបស់ខ្ញុំទើបចេញធ្វើការ ហើយគាត់បានទិញអាវធំពណ៌ក្រហមមួយ ហើយពួកយើងតែងតែផ្លាស់ប្តូរគ្នាពាក់ម្នាក់ម្តង… នេះជាចែករំលែកដ៏មហិមារដែលបងស្រីផ្តល់ឲ្យខ្ញុំ ។ ភាពក្រលំបាកវាមិនអាចបញ្ឈប់សេចក្តីស្រលាញ់រវាងពួកយើងឡើយ ផ្ទុយទៅវិញពួកយើងយល់ពីតម្លែនៃការចែករំលែកឲ្យគ្នានៅពេលត្រូវការចាំបាច់មួយ។
ខ្ញុំជាក្មេងស្រីដែលពេញវ័យម្នាក់ត្រូវរស់នៅជាមួយភាពខ្វះខាត។ ម្តាយនិងឪពុកខ្ញុំ គ្រាន់តែជាអ្នកលក់ផ្លែឈើតូចតាចតាមចិញ្ចើមផ្លូវនៃផ្សារពោចិនតុងប៉ុណ្ណោះ គ្រប់មួយកាក់ មួយសេនគឺពិតជាពិបាករកនិងមានតម្លៃបំផុត។ ខ្ញុំមិនដែលមានសម្លៀកបំពាក់ថ្មី ទាន់សម័យ ដូចជាមិត្តភក្តិដទៃទៀតនោះទេ។ ខ្ញុំមិនដែលចំណាយពេលចេញលេង ក្រៅពីអង្គុយក្នុងបន្ទប់រៀនព្រោះខ្ញុំគ្មានប្រាក់ទិញនំ ចំណីដូចមិត្តរួមថ្នាក់ដទៃទៀត។ ខ្ញុំចាំបានថា មានមិត្តភក្តិម្នាក់បានខ្ញុំសួរពីមុខរបររបស់ពុកម៉ែខ្ញុំ ខ្ញុំប្រាប់គេថាពុកម៉ែខ្ញុំជាអ្នកលក់ផ្លែឈើមក វាពេបមាត់ហើយនិយាយថាមនុស្សប្រុសត្រូវមានការងារល្អ ចិញ្ចឹមគ្រួសារ ដូចជាពុករបស់វា… ហើយចាប់ពីពេលនោះមកវាមិនដែលនិយាយរកខ្ញុំទៀតនោះទេ មិនតែប៉ុណ្ណោះវាបានបបួលអ្នកផ្សេងទៀតឈប់និយាយជាមួយខ្ញុំថែមទៀតផង។ ខ្ញុំនៅតែឆ្ងល់ថាហេតុអ្វីបានជាវាធ្វើអញ្ចឹងនោះទេ?
ជាទូទៅខ្ញុំចូលចិត្តមើលទៅក្រៅបង្អួចថ្នាក់រៀន នឹកដល់ពុកម៉ែខ្ញុំដែលកំពុងនៅតាមចិញ្ចើមផ្លូវ មានប៉ូលីសចាប់ផង មានឡានម៉ូតូច្រើនផង ហើយខ្ញុំពិតជាខ្វល់ចិត្តនៅរាល់ពេលមេឃភ្លៀងខ្លាំង។ ខ្ញុំដឹងថាវាពិបាកយ៉ាងណានៅពេលនោះ ព្រោះផ្លែឈើដែលដាក់នៅលើកញ្ចែងលក់ជាជីវិតរបស់ពួកយើង។ ម្តងម្កាលឆ័ត្រនឹងហើរទៅតាមខ្យល់ ហើយវាធ្វើឲ្យរលំចង្អេរផ្លែឈើជារឿយៗ…។
ម្តាយខ្ញុំត្រូវងើបតាំងពីព្រហាមម៉ោង៤ ដើម្បីទៅរៀបចំលក់ដូរនិងទៅយកផ្លែឈើបន្ថែមនៅស្តង់… គាត់ត្រូវអង្គុយអោបចង្អេរផ្លែឈើពីក្រោយយ៉ាងប្រផិតប្រផើយលើម៉ូតូឌុប ហើយរូបភាពនោះវាតែងតែស្ថិតក្នុងការចងចាំជានិច្ច។ រាល់ថ្ងៃសម្រាក ខ្ញុំតែងតែទៅជួយលក់ម៉ែ ខ្ញុំគ្មានពេលដើរលេងឬជប់លាងសប្បាយជួបជុំមិត្តភក្តិអីនោះទេ។ មានម្តងនោះ មិត្តភក្តិដែលជាកូនអ្នកមានម្នាក់បានហៅខ្ញុំចូលរួមកម្មវិធីជប់លាង ប៉ុន្តែដោយគ្មានប្រាក់ចូលជាមួយគេនិងគ្មានសម្លៀកបំពាក់ផង ខ្ញុំក៏បដិសេធដោយជំនួសមកជាការដុតដៃ ដុតជើង ជួយលក់ដូរម្តាយវិញ។ ក្រោយមកពួកគេក៏ឈប់និយាយរកខ្ញុំទៀត រហូតដល់ពួកយើងបែកគ្នាតែម្តង។ ខ្ញុំនៅតែចង់ពន្យល់ពីហេតុផលលំបាកដែលខ្ញុំមានឲ្យពួកគេដឹង ប៉ុន្តែខ្ញុំនៅតែមិនអាចនិយាយបាន… ហើយតបស្នងនឹងអ្វីដែលខ្ញុំមិនអាចនិយាយបានទាំងនោះ ខ្ញុំត្រូវប្រើដៃរបស់ខ្ញុំ លើកកេស ឡាំង និងចង្អេរផ្លែឈើជាច្រើនគីឡូជំនួសវិញ នេះជាចំណែកសំខាន់ដែលខ្ញុំអាចជួយគ្រួសារបាន។ មនុស្សគ្មានសិទ្ធជ្រើសរើសទីកន្លែងដែលត្រូវកើតនោះទេ ខ្ញុំកើតមកក្រក៏មិនមែនជាកំហុស ទោះបីជាភាពក្រីក្រធ្វើឲ្យតែងតោលក៏ពិតមែន ប៉ុន្តែខ្ញុំនៅតែមានមិត្តជិតសិ្នតពីរ បីនាក់ដែរ។ ពួកគេចូលមកជីវិតខ្ញុំជាមួយភាពជាក់លាក់និងមិនមែនជារឿងចៃដន្យ។
មានពេលមួយនោះពេលចេញពីថ្នាក់រៀន ស្បែកជើងដ៏ចាស់របស់ខ្ញុំបានដាច់ ហើយខ្ញុំត្រូវសម្រេចដើរអូសជើងរហូតមកដល់ផ្ទះ។ មនុស្សម្នានិងមិត្តភក្តិចាប់ផ្តើមមើលមកខ្ញុំដោយក្រសែភ្នែកចម្លែក… ពីរបីថ្ងៃក្រោយមក មានក្មេងប្រុសម្នាក់ដែលរៀនថ្នាក់ជាមួយខ្ញុំបានទិញស្បែកជើងថ្មីមកឲ្យខ្ញុំ វាស្អាតនិងមានតម្លៃ… នេះជាលើកទីមួយហើយដែលខ្ញុំមានរបស់ល្អនៅក្នុងដៃ។ ក្មេងស្រីៗនៅក្នុងថ្នាក់ចាប់ផ្តើមមើលមកខ្ញុំក្នុងន័យស្អប់ខ្ពើម ពួកនិយាយឲ្យខ្ញុំថា ខ្លួនទាបកុំតោង ដៃខ្លីកុំឈោងស្រវាអោបភ្នំ ។ ពួកគេថាខ្ញុំចង់តោងគេកូនអ្នកមាន ចង់បានរបស់ល្អៗយកមកប្រើដោយដោះដូរនឹងស្នេហាយុវវ័យ។ ពួកគេពេបជ្រាយឲ្យខ្ញុំស្ទើគ្រប់ពេល… ត្រូវហើយប្រហែលជើងដែលធុំក្លិនដីនិងភក់នៅផ្សារត្រីដូចខ្ញុំ មិនសមនឹងពាក់វាទេ។
ទីបំផុត ខ្ញុំមិនបានពាក់វាសូម្បីតែម្តង ហើយរក្សាវាទុកយ៉ាងល្អ…។ ក្រោមក្រសែភ្នែកនិងពាក្យស្តីថា វាធ្វើឲ្យខ្ញុំឈឺចាប់ ហើយខ្ញុំតែងតែលួចហូរទឹកភ្នែកម្នាក់ឯងនៅលើដំបូលផ្ទះជារឿយៗ…។ នេះជារឿងនិទាននៃជីវិតពិតរបស់ខ្ញុំ ទោះយ៉ាងណាខ្ញុំនៅតែអរគុណដល់ទឹកចិត្តក្មេងប្រុសម្នាក់ ខ្ញុំចាំក្នុងចិត្តរហូត… រហូតដល់ពេលមួយដែលពួកយើងបានប្រលងចេញនិងបែកគ្នាទៅ។
យូរឆ្នាំក្រោយមក ខ្ញុំបានសម្រេចយកស្បែកជើងមួយគូនោះឲ្យទៅក្មេងស្រីម្នាក់ដែលដើរសុំទានតាមផ្លូវជាមួយជើងទទេរ ហើយនេះជាសេចក្តីសុខចុងក្រោយដែលខ្ញុំមានសម្រាប់អំណោយចុងក្រោយនៃរដូវរងារ។
ឆ្លងកាត់ការមើលងាយពីសំណាក់មិត្តរួមថ្នាក់និងអ្នកជិតខាង ឆ្លងកាត់ភាពគ្រោតគ្រាតនៃជីវិត ខ្ញុំបានខិតខំធ្វើការដោយប្រើកម្លាំងញើសឈាមខ្លួនឯង។ ខ្ញុំធ្វើការដូចជាលាងកែវ បូមដី ជូតតុ លើកទឹក ទទួលភ្ងៀវ…. ខ្ញុំខំតាមដែលអាចធ្វើបាន ព្រោះខ្ញុំមិនចង់ឲ្យនរណាម្នាក់មើលងាយខ្ញុំនិងមើលងាយគ្រួសារខ្ញុំទៀតទេ ហើយខ្ញុំតាំងចិត្តថានឹងទិញសម្លៀកបំពាក់ ស្បែកជើង… ថ្មីៗដោយខ្លួនឯងនៅពេលដែលខ្ញុំមានប្រាក់គ្រប់គ្រាន់។ នេះជាហេតុផលពីក្រោយរឿងស្បែកជើងមួយគូកាលពីឆ្នាំនោះ ទើបខ្ញុំមានស្បែកជើងពេញមួយទូនៅឆ្នាំនេះ ការពិតទៅវាជាកាប៉ះប៉ូវសម្រាប់ខ្ញុំខ្លួនឯង។
ខ្ញុំនិទានរឿងនេះឡើងវិញដើម្បីរំលឹកខ្លួនឯងចំពោះអ្វីដែលខ្លួនបានឆ្លងកាត់។ ខ្ញុំសូមរំលឹកទឹកចិត្តនេះដល់មនុស្សគ្រប់គ្នា ដល់ពុកម៉ែដែលបានខិតខំចិញ្ចឹមកូនៗដោយការតស៊ូ រំលឹកដល់មិត្តភក្តិ បងប្អូនទាំងអស់ដែលបានចូលមកជីវិតខ្ញុំ។
រីករាយរដូវរងារ សូមតស៊ូជាមួយក្តីសង្ឃឹមនិងគោលដៅដ៏ពិតប្រាកដមួយ!!
កំណត់ហេតុមួយនេះ ជួយឲ្យអ្នកអាន បាន កក់ក្តៅពេញមួយរដូវរងា 😉😉😉
អរគុណច្រើន!!