jump to navigation

ថាមពល​ចិត្ត​ប្រច័ណ្ឌ 14/06/2016

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ.
trackback

តើនរណាម្នាក់ដែលកើតមកមិនមានចិត្តប្រច័ណ្ឌ? ទាំងខ្ញុំទាំងអ្នកសុទ្ធតែមាន ទោះមិនតិចក៏ច្រើនដែរ ហើយការសម្ដែងចេញមកក៏សុទ្ធតែខុសៗគ្នា។ ដោយសារភ្លើងប្រច័ណ្ឌបានធ្វើនៅក្នុងសង្គមខ្មែរយើងសព្វថ្ងៃ ពោរពេញដោយសោកនាដកម្ម។ មនុស្សមានកម្រិតយល់ដឹងទាបហ៊ានធ្វើទង្វើឆោតល្ងង់ដែលជាបទឧក្រិដ្ឋខុសនឹងច្បាប់ដែលមនុស្សជាតិស្អប់ខ្ពើម។ តើពួកយើងអាចយល់ពីចិត្តប្រច័ណ្ឌដោយវិធីណា? ការយល់ពីឫសគល់និងឲ្យស៊ីជម្រៅ វានឹងធ្វើឲ្យយើងមានការគិតដ៏ត្រឹមត្រូវមួយ។ នេះជាអត្ថបទដែលខ្ញុំពេញចិត្តបំផុតក្នុងចំណោមអត្ថបទជាច្រើនដែលខ្ញុំបានអាន បើអ្នកចង់យល់ដឹងឲ្យកាន់តែច្បាស់ពីការប្រច័ណ្ឌ ការគ្រប់គ្រង់អារម្មណ៍ប្រច័ណ្ឌ ការអនុវត្តន៍ឲ្យមានប្រសិទ្ធិភាពសូមអានដូចតទៅនេះ

១. តើការប្រច័ណ្ឌគឺជាអ្វី? ហើយចិត្តប្រច័ណ្ឌគឺជាអ្វី?

ការប្រច័ណ្ឌគឺជាការច្រណែនដែល កើតឡើងដោយសារភាពហួងហែងដ៏ល្ងង់ខ្លៅរបស់ចិត្តដែលទាមទារឲ្យមានភាពស្មើគ្នានៅពេលដែលមនុស្សស្រលាញ់មានទំនោរទៅអ្នកផ្សេងច្រើនជាង ឬធ្ងន់ជាង។ វាគឺជាអារម្មណ៍ធម្មជាតិរបស់មនុស្សគ្រប់រូបដែលតែងតែកើតមាន នៅពេលដែលខ្លួនយល់ ឬឃើញដៃគូស្នេហាមានទម្ងន់នៃសេចក្តីស្រលាញ់ទៅភាគីណាផ្សេង ដែលពេលខ្លះវាគ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួនប៉ុណ្ណោះ វាមិនមែនជាការពិតផង ប៉ុន្តែជូនកាលវាក៏ជាការពិតផងដែរ។

jealousy

២. តើនរណាដែលកើតមានចិត្តប្រច័ណ្ឌ?

វាមានច្រើនប្រភេទអាចជាមនុស្ស និងសត្វ ប៉ុន្តែនៅពេលនេះខ្ញុំនិយាយតែចំពោះចិត្តប្រច័ណ្ឌរវាងមនុស្សដែលត្រូវជាដៃគូស្នេហ៍រវាងគ្នានិងគ្នា ដូចជាបុរសប្រច័ណ្ឌនារីដែលត្រូវជាសង្សារ ឬភរិយារបស់ខ្លួន និង នារីប្រច័ណ្ឌបុរសដែលជាសង្សារ ឬប្តីរបស់នាង។ ចិត្តប្រច័ណ្ឌគឺជាអារម្មណ៍ធម្មជាតិម្យ៉ាងដែលកើតឡើងពីសេចក្តីស្រលាញ់ហើយហួងហែងចង់បានមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនផ្តាច់មុខតែម្នាក់ឯងដោយមិនចង់ឲ្យគូស្នេហ៍បើកចិត្តទៅចាប់អារម្មណ៍ ឬស្រលាញ់អ្នកផ្សេងចង់ឲ្យប្រើអារម្មណ៍មូលស្រលាញ់មកលើតែខ្លួនតែឯងមួយ មិនអាចចែករំលែកទៅឲ្យនរណាបានសូម្បីតែ១%។

ប៉ុន្តែមានគូស្នេហ៍ខ្លះគ្មានចិត្តប្រច័ណ្ឌ គេអាចបន្សាំចិត្តទោក្នុងស្ថានភាពដែលគូស្នេហ៍មានសេចក្តីស្រលាញ់ហើយចែករំលែកសេចក្តីស្នេហាទៅឲ្យអ្នកផ្សេង ឬក៏បន្ថែមសេចក្តីស្នេហាទោឲ្យអ្នកផ្សេង ហើយព្រឹត្តិការណ៍នេះវាអាចទៅរួចចំពោះបណ្តាប្រទេសមួយចំនួនដែលមានជំនឿទៅតាមលទ្ធិ ឬសាសនារបស់គេតែប៉ុណ្ណោះ ប៉ុន្តែទម្រាំតែបន្សាំចិត្តបាន វាមិនមែនជារឿងងាយស្រូលនោះដែរ។

៣. តើចិត្តប្រច័ណ្ឌមានកម្លាំងថាមពលយ៉ាងណា?

នៅពេលដែលបុរស ឬនារីមានចិត្តប្រច័ណ្ឌចំពោះគូសេ្នហ៍របស់គេគឺមានន័យថាភ្លើងចាប់ផ្តើមឆេះឡើង ហើយភ្លើងនោះមានអំណាចក្តៅយ៉ាងណាគឺអាស្រ័យទៅលើអំពើរបស់គូសេ្នហ៍ដែលធ្វើឲ្យដៃគូម្ខាងទៀងប្រច័ណ្ឌ និងអាស្រ័យផងដែរទៅលើកម្រិតនៃសេចក្តីស្នេហ៍របស់អ្នកប្រច័ណ្ឌ។ ភាគច្រើនគេសង្កេតឃើញថានារីប្រច័ណ្ឌច្រើនជាងបុរស ហើយបុរសប្រច័ណ្ឌខ្លាំងជាងនារី។ នារីនៅពេលដែលឃើញប្តីមានស្រីថ្មី នាងគ្រាន់តែខឹងញ៉ូងញុំាងបន្តិចបន្តួច ហើយក៏ស្ងប់ទៅវិញ។ ចំណែកបុរសវិញនៅពេលដែលឃើញនារីដែលខ្លួនស្រលាញ់មានប្រុសថ្មី ច្បាស់ជាឆេះដុំភ្លើងមិនខាងហើយអាចប្រព្រឹត្តអំពើល្មើសផ្សេងៗទៀតផង។

Fighting-Couple

នៅពេលដែលចិត្តប្រច័ណ្ឌកើតឡើងមានន័យថាកំហឹងកើតឡើង នៅពេលកំហឹងកើតឡើងមានន័យថាពួកគេកំពុងតែផលិតអាវុធបរមាណូ ឬអាវុធនុយក្លេអ៊ែរ។ អាចនិយាយបានថាអំណាចនៃភ្លើងកំហឹងមានឥទ្ធិពលខ្លាំងក្លាណាស់ ហើយអាចធ្វើឲ្យមនុស្សប្រព្រឹត្តអំពើអាក្រក់យ៉ាងសាហាវឃោរឃៅទៀតផងដូចជា៖
‍- កើតអំពើហិង្សាក្នុងគ្រួសារ
– កើតអំពើឃាតកម្មទៅលើគូប្រកួតប្រជែង ឬភាគីទីបី
– នារីហ៊ានកាត់លិង្គប្តីចោល បុរសហ៊ានកម្ទេច ឬបំផ្លាញប្រដាប់ភេទនារី
– ហ៊ានសម្រេចចិត្តលែងលះគ្នាទាំងដែលនៅស្រលាញ់

អំពើខាងលើនេះគឺជាអំពើខុសឆ្គងយ៉ាងធ្ងន់ធ្ងរបំផុត វាគឺជាអំពើដែលកើតឡើងទៅលើមនុស្សគិតខ្លី ខ្វះការពិចារណាដោយមានការប្រកាន់ហួងហែងច្រើនពេកផង ហើយវាបណ្តាលមកពីភាគីម្ខាងទៀតមានទំនោរចិត្តវិសមភាពខ្លាំងពេកដោយមិនគិតក្រែងចិត្តម្ចាស់ស្នេហ៍របស់ខ្លួន។

៤. បំប្លែងថាមពលចិត្តប្រច័ណ្ឌឲ្យមានប្រយោជន៍

យើងបានដឹងហើយចិត្តប្រច័ណ្ឌនាំឲ្យកើតកំហឹង ដូច្នេះអ្នកត្រូវគ្រប់គ្រងកំហឹងឲ្យបាន ហើយរកវិធីសាស្ត្រធ្វើយ៉ាងណាដើម្បីឈ្នះដៃគូប្រកួតប្រជែង។ នៅក្នុងចក្រភពសេរីត្រូវមានសេរីភាពក្នុងការប្រកួតប្រជែង ទោះជាមានច្បាប់ហាមប្រាមមិនឲ្យមានស្នេហាច្រើនក៏ដោយក៏ច្បាប់មិនអាចមើលឃើញចិត្តមនុស្សបានដែរ ដូច្នេះយើងត្រូវត្រៀមខ្លួនដើម្បីចូលរួមការប្រកួតប្រជែង។

ដើម្បីប្រកួតប្រជែងឈ្នះ អ្នកត្រូវធ្វើរឿងសំខាន់ពីរយ៉ាងគឺ៖ ទី១ «យកចិត្ត»ទៅប្រជែងគេត្រូវស្រលាញ់ឲ្យបានខ្លាំងអស់ពីចិត្ត ព្រោះសេចក្តីស្នេហាកើតមកពីចិត្ត គឺដោយសារតែការទាក់ចិត្ត គឺយកចិត្តទៅទាក់ចិត្ត។ ដូច្នេះអ្នកត្រូវដាក់ចិត្តស្រលាញ់គូស្នេហ៍ឲ្យបានច្រើនជាដៃគូម្ខាងទៀត។ ទី២គឺ«អំពើ» អ្នកត្រូវប្រព្រឹត្តតែអំពើល្អចំពោះគូស្នេហ៍ឲ្យបានច្រើនដូចជា ការយកចិត្តទុកដាក់គោរព ប្រតិបត្តិ ផ្តល់តម្លៃលើកតម្កើង និងជាពិសេសផ្តល់តម្លៃសេវាកម្មឲ្យបានល្អបំផុត។

ដើម្បីយកឈ្នះលើដៃគូប្រកួតប្រជែងបាន អ្នកត្រូវយកឈ្នះលើខ្លួនឯងឲ្យបានជាមុនសិន។ រាល់ចិត្តអាក្រក់ អារម្មណ៍អាក្រក់ និងអំពើអាក្រក់ត្រូវតែផ្លាស់ប្តូរនិងរលាស់ខ្លួនចេញឲ្យឆ្ងាយ ត្រូវប្រកាន់យកការគិតល្អ ចិត្តល្អ និយាយល្អ និងអំពើល្អជាប្រចាំគ្រប់ពេលវេលា ជាទម្លាប់ ជារឿយៗ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។ អំពើល្អមិនសាបសូន្យឡើយ គេតែងនឹកឃើញហើយត្រឡប់មកយកអ្នកវិញ នៅពេលណាមួយ អ្នកដែលប្រកាន់ធ្វើតែអំពើល្អឲ្យបានគ្រប់ពេលវេលា ទើបហៅថាយកឈ្នះលើខ្លួនឯងបាន។

A2G2186

កុំ កុំ កុំ បំផ្លាញអ្នកដទៃឲ្យសោះ ព្រោះជាអំពើល្មើសដែលនាំទទួលបាបកម្មធ្ងន់ធ្ងរជាងមុន។ អ្នកអាចបំផ្លាញគេបាន តែមិនអាចដណ្តើមគេបានឡើយ អ្នកអាចដណ្តើមយកបានតែរូបរាងកាយ តែមិនអាចដណ្តើមយកចិត្តគំនិតបេះដូង និងសេចក្តីស្រលាញ់ពីគេបាននោះទេ។ មានតែការប្រព្រឹត្តអំពើល្អមួយគត់ដើម្បីឆក់យកបេះដូងពីគូស្នេហ៍បណ្ដូលចិត្តអ្នកបាន។កំហឹងដែលកើតចេញពីការប្រច័ណ្ឌ ចូរយកវារក្សាទុកក្នុងចិត្តរបស់អ្នកចុះ ហើយបំប្លែងឲ្យទៅជាថាមពលដែលមានប្រយោជន៍ជុំវិញខ្លួនឯងឲ្យរួសរាន់ប្រព្រឹត្តអំពើលើស ឬឈានមុខដៃគូប្រកួតប្រជែង។ អ្នកគួរតែហ៊ានទទួលស្គាល់ខ្លួនឯងថា មានចំណុចខ្សោយនៅត្រង់ចំណុចណាហើយ ទើបបានជាគេមានទំនោរចិត្តទៅរកអ្នកផ្សេង ដូច្នេះគួរអភិវឌ្ឍខ្លួនដើម្បីបំពេញចំណុចខ្វះខាតទាំងអស់នោះ ហើយអរគុណចំពោះការបង្កើតឲ្យមានដៃគូប្រកួតប្រជែង។

អ្នកខ្លះបានសម្រេចចិត្តចុះចាញ់ការប្រណាំងប្រជែង ហើយថាស្នេហាមិនមែនជាការប្រណាំងប្រជែងដូចកីឡា ឬការធ្វើជំនួញទេ។ ការយល់បែបនេះខុសហើយពៅ នៅលើលោកនេះអ្វីៗគ្រប់យ៉ាងសុទ្ធតែមានការប្រកួតប្រជែងទាំងអស់។ ព្រះពុទ្ធបានមានព្រះបន្ទូលថា «កម្លាំងណាខ្លាំងនិងជំរុញឈ្នះកម្លាំងខ្សោយ» មិនថាកម្លាំងអ្វីនោះទេ កម្លាំងណាខ្លាំងនឹងទាញឈ្នះកម្លាំងខ្សោយដូចជាកម្លាំងទាញព្រ័ត្រ កម្លាំងទឹកហូរ កម្លាំងខ្យល់បក់ កម្លាំងទ័ព កម្លាំងមនុស្ស កម្លាំងនៃក្តីស្រឡាញ់ កម្លាំងនៃអំពើ… កម្លាំងណាខ្លាំងនឹងឈ្នះកម្លាំងដែលខ្សោយ។

អ្នកមិនត្រូវបំផ្លាញ ឬធ្វើឲ្យគេខ្សោយដោយអំពើស្មោកគ្រោកឡើយ តែអ្នកត្រូវខិតខំកសាងកម្លាំងខ្លួនឯងឲ្យខ្លាំងជាងគេ ទើបជាបុគ្គលឆ្នើមនិងពូកែអស្ចារ្យ ហើយអ្នកជាជើងខ្លាំងក្នុងចំណោមជើងខ្លាំង។ កុំធ្វើអ្នកខ្លាំងក្នុងចំណោមអ្នកខ្សោយឲ្យសោះ អត់ល្បីឈ្មោះទេ បានត្រឹមតែខ្មាសគេប៉ុណ្ណោះ។

៥. ថាមពលនៃចិត្តស្រឡាញ់ និងចិត្តប្រច័ណ្ឌ

អ្នកប្រច័ណ្ឌគេមកពីអ្នកស្រលាញ់គេ អ្នកប្រច័ណ្ឌទើបនាំឲ្យអ្នកខឹងនឹងគេ នាំឲ្យប្រច័ណ្ឌព្រោះស្រឡាញ់ ព្រោះស្រឡាញ់ នឹងខឹងព្រោះស្រឡាញ់។ ដូច្នេះវាមានថាមពលពីរយ៉ាងកើតឡើង គឺថាមពលនៃចិត្តស្រឡាញ់ផង និងថាមពលនៃចិត្តខឹងផង វាមានអំណាចខ្លាំងទ្វេដង។
អ្នកត្រូវយកវាមកធ្វើជាកម្លាំងជំរុញចិត្តដើម្បីឲ្យអ្នកមានការខិតខំប្រឹងប្រែងឲ្យខ្លាំងក្លា និងពុះកញ្ជ្រោលបំផុតដែលអាចដុតបំផ្លាញនូវខ្លាញ់នៃភាពខ្ជិលច្រអូស និងភាពទន់ខ្សោយ ហើយបំប៉នឲ្យក្លាយទៅជារឹងមាំ និងខ្លាំងពូកែ។ ថាមពលនៃចិត្តស្រឡាញ់ និងចិត្តប្រច័ណ្ឌអាចជំរុញមនុស្សឲ្យមានការខិតខំប្រឹងប្រែងកសាងកិត្តិយស កិត្តិនាម និងភាពថ្កុំថ្កើងរុងរឿងដើម្បីបង្កើតនូវភាពទាក់ទាញផ្ទាល់ខ្លួនបាន។

itm_couple-love-photos-for-facebook-and-google-plus2014-03-19_04-00-20_1

បើសិនជាអ្នកគឺជាបុគ្គលពូកែអស្ចារ្យមិនចាំបាច់ប្រឹងទៅស្រឡាញ់គេនោះទេ ប្រាកដជាគេមកស្រឡាញ់អ្នកវិញជាមិនខាន ហើយមិនមែនតែម្នាក់ទេគឺអាចមានច្រើនអ្នកទៀតផង។ ដូច្នេះពីមុនអ្នកធ្លាប់តែប្រច័ណ្ឌគេ ពេលនេះគេនឹងងាកមកប្រច័ណ្ឌអ្នកវិញជាមិនខាន ធ្វើដូច្នេះទើបទាន់សម័យ ឬដែលគេហៅថាឡូយ។ កុំកើតមកដើម្បីតែប្រច័ណ្ឌគេ ត្រូវធ្វើយ៉ាងណាឲ្យគេប្រច័ណ្ឌអ្នកវិញ។ អារឿងដែលថាធ្វើយ៉ាងណាឲ្យគេប្រច័ណ្ឌអ្នកនោះមិនមែនទៅស្រលាញ់អ្នកទី៣ អ្នកទី៤ ឬបង្កើតស្នេហាជាមួយគូស្នេហ៍ថ្មីឲ្យគេប្រច័ណ្ឌនោះទេ គឺត្រូវកសាងខ្លួនឲ្យបានល្អ ដើម្បីគេស្រលាញ់ហួងហែងនិងប្រច័ណ្ឌអ្នកវិញ។ OK!!

អត្ថបទនេះនាងខ្ញុំបានដកស្រង់ចេញដោយផ្ទាល់ពីសៀវភៅដែលមានចំណងជើងថា «អំណាចដួងចិត្ត» The Power Of Mind
ដោយចងក្រងនិងរៀបរាងឡើងដោយលោក អួន សារ៉ាត់។
សូមអរគុណសម្រាប់ការចូលរួមចំណាយពេលអានតាំងពីដើមរហូតដល់ចប់។
ជូនពរសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច!!

មតិ»

1. សុផាត - 21/11/2016

រាល់ថ្ងៃខ្ញុំមានសំនួរមួយទាក់ទងនឹងការប្រច័ណ្ឌ មនុស្សស្រឡាញ់គ្នា តើអាចទេដែលគេមិនចេះប្រច័ណ្ឌ?

មាន​សង្ឃឹម - 25/11/2016

សេចក្តីប្រច័ណ្ឌអាចនឹងមានគ្រាន់តែតិចនិងច្រើន ដោយមនុស្សម្នាក់ចេះលាក់ទុក។ មានពេលខ្លះដោយសារសេចក្តីទុកចិត្តទើបឲ្យការប្រច័ណ្ឌស្ទើតែគ្មាន ប៉ុន្តែមិនមែនមានន័យថាគេមិនស្រលាញ់យើងនោះទេ។


បញ្ចេញមតិ