ខ្ញុំចង់ងាប់ 22/03/2016
Posted by មានសង្ឃឹម in ចំណេះដឹងទូទៅ.trackback
រឿងនេះបានកើតឡើងចំពោះខ្ញុំកាលពីឆ្នាំ២០១៤ ។ កាលនោះខ្ញុំតែងតែក្រោកឡើងនៅម៉ោង៤ទៀបភ្លឺដើម្បីដាំស្ល សម្អាតផ្ទះ ស្រោចផ្កានិងរៀបចំខ្លួនទៅធ្វើការ រួមទាំងរៀបចំកូនស្រីនូវអាហារពេលព្រឹក រៀបចំខ្លួនឱ្យនាងនិងជូននាងដាក់សាលារៀន។ ជារៀងរាល់ពេលដែលនាឡិការទូរស័ព្ទដៃរោទ៍ ខ្ញុំឆាប់ចុចវាបិទចោលព្រោះខ្លាចភ្ញាក់អ្នកផ្ទះ។ ខ្ញុំស្ទើរតែលើកជើងដើរមិនរួច ខ្ញុំគ្មានសូម្បីកម្លាំងដើរទៅមុខ…។ ខ្ញុំមានជំងឺគ្រប់មុខ ក្រពះ ពោះវៀន បេះដូង រលាកច្រមុះនិងឈឺសសៃ… ។ ខ្ញុំក្លាយជាជនបរាជ័យនៅពេលដែលគិតដល់គ្រាមួយដែលខ្ញុំត្រូវបែកបាក់គ្រួសារ។ ខ្ញុំកើតវិបត្តិផ្លូវចិត្តដ៏ធ្ងន់ធ្ងរព្រោះរយៈពេល៧ឆ្នាំចុងក្រោយនេះ ខ្ញុំបៀមទុក្ខព្រួយនេះតែម្នាក់ឯង។ ខ្ញុំនៅតែឈឺចាប់ បើទោះណាជាខ្ញុំបានដឹងជាមុនថា ខ្ញុំត្រូវបាត់បង់មនុស្សម្នាក់ដែលធ្លាប់រួមរស់ជាមួយគ្នាជាយូរមកហើយក៏ដោយ។ ខ្ញុំនៅតែឈឺចិត្តបើទោះជាការបែកបាក់នេះចេញពីភាគីខ្ញុំតែម្ខាងនិងបានត្រៀមទុកជាមុនក៏ដោយ។
រាល់ពេលចូលបន្ទប់ទឹក ខ្ញុំតែងតែសម្លឹងមើលទឹកមុខដ៏ស្លេកស្លាំងរបស់ខ្ញុំ ភ្នែកដែលមានពណ៌ល្អក់ស្រអាប់និងរូបរាងដ៏ស្គមកំព្រឹងនៅក្នុងកញ្ចក់។ រូបរាងមួយនេះដែលព្រលឹងខ្ញុំស្ថិតនៅជាងបីទសវត្សរ៍មកហើយ… ដោយសារតែខ្ញុំមើលថែវាមិនបានល្អទើបទីបំផុតវាបានក្លាយជាគ្រោងឆ្អឹង។
ពាក្យទីមួយដែលខ្ញុំចង់និយាយបំផុតនៅពេលនោះគឺ«ខ្ញុំចង់ងាប់» ខ្ញុំចង់ងាប់ៗ… ។ តើទុក្ខលំបាករបស់ខ្ញុំ ភាពហត់នឿយរបស់ខ្ញុំ នរណាអាចជួយខ្ញុំបាន? តើខ្ញុំអាចរស់បែបនេះបានយូរប៉ុណ្ណា?
មានពេលមិនតិចទេដែលខ្ញុំអង្គុយបង្ហូរទឹកភ្នែកក្រោមទឹកផ្កាឈូកនៅក្នុងបន្ទប់ទឹកដ៏ស្ងៀមស្ងាត់តែម្នាក់ឯងនៅពេលយប់។ ខ្ញុំខ្លាចភាពងងឹតនៃស្បៃរាត្រី ព្រោះវាជាពេលដែលខ្ញុំមិនអាចបិទភ្នែកគេងលក់ ខ្ញុំមិនអាចសម្រាកខួរក្បាលនិងការគិត…។ ខ្ញុំទទួលអារម្មណ៍ថា ខ្ញុំកំពុងតែរស់នៅក្នុងលោកតែម្នាក់ឯង ខ្ញុំហេងហាងខ្លាំងណាស់ហើយជីវិតនេះគឺគ្មានអ្វីទាំងអស់។ រាល់ថ្ងៃខ្ញុំធ្វើការម្នាក់ឯង ញុំាបាយម្នាក់ឯង គិតម្នាក់ឯង គ្រប់យ៉ាងគឺតែម្នាក់ឯង រហូតដល់ពេលខ្ញុំគេងសម្រាកនៅពេទ្យក៏នៅតែម្នាក់ឯង… ។ និយាយដល់ចំណុចនេះខ្ញុំនឹកដល់ពាក្យមិត្តម្នាក់បានស្តីឱ្យខ្ញុំថា៖ ហេតុអ្វីចូលចិត្តធ្វើខ្លួនឯកកោម្ល៉េះ? ចូលចិត្តធ្វើខ្លួនហ្នឹងអស្ចារ្យម្ល៉េះ? ចង់ធ្វើជាHeroមែនទេ? ខ្ញុំបានត្រឹមតែបិទទូរស័ព្ទចោលមិនតបអ្វីសូម្បីតែមួយម៉ាត់។
អត់ទេ! ខ្ញុំពិតជាខ្លាច ខ្លាចភាពឯកាណាស់…។ ខ្ញុំពិតជាត្រូវការមនុស្សម្នាក់ដែលមានស្មាដ៏រឹងមាំដែលអាចឱ្យខ្ញុំផ្អែក អាចឱ្យខ្ញុំបិទភ្នែកសម្រាក… ខ្ញុំត្រូវការដៃដ៏កក់ក្តៅមួយចាប់ខ្ញុំនាពេលនេាះ ពេលដែលខ្ញុំលែងចង់ងើប ហើយប្រាប់ខ្ញុំថា«គ្រប់យ៉ាងគឺនឹងប្រសើរឡើង» ប៉ុន្តែសោកស្តាយមិនមាននរណាម្នាក់ដែលនៅទីនេះអាចជួយរែកអម្រែកដែលខ្ញុំកំពុងរែក និងទូលទម្ងន់ដ៏ធ្ងន់នៅលើក្បាលរបស់ខ្ញុំ មិនមានសូម្បីតែមនុស្សម្នាក់ដែលអាចជួយយួរសម្ពាយដែលនៅលើខ្នងរបស់ខ្ញុំ មិនមាននរណាម្នាក់អាចជួយពរកូនស្រីខ្ញុំ ហើយក៏មិនមានរណាម្នាក់ពេញចិត្តនឹងដឹកដៃពុកម៉ែចាស់ៗរបស់ខ្ញុំដែរ… នឹងមិនមានសូម្បីតែមនុស្សម្នាក់អង្គុយកំដរខ្ញុំពេលដែលគេងសម្រាកនៅលើគ្រែពេទ្យ។ អ្នកអាចឆ្លើយប្រាប់ខ្ញុំបានទេថារសជាតិបែបនេះ តើនរណានៅលើលោកនេះចង់ភ្លក់? គ្មានទេ មែនទេ?
ខ្ញុំបានចំណាយពេលពីរម៉ោងក្នុងមួយថ្ងៃនៅក្នុងឡានដើម្បីធ្វើដំណើរនៅក្នុងទីក្រុងពីផ្ទះទៅកន្លែងធ្វើការ ពីកន្លែងធ្វើការមកផ្ទះ។ នៅក្នុងប្រអប់ដែកដ៏តូចចង្អៀតនោះគឺមានតែចម្រៀងដែលខ្ញុំពេញចិត្តប៉ុន្មានបទដើម្បីកំដរអារម្មណ៍ដ៏តានតឹង ។ ខ្ញុំសើចនិងញញឹមពេលជួបមនុស្សម្នា ប៉ុន្តែរាល់ពេលដែលខ្ញុំបែកពីពួកគេគឺប្រៀបដូចជាខ្ញុំដើរចូលព្រៃជ្រៅដែលពោរពេញដោយភាពងងឹត សោកសង្រេងម្នាក់ឯង។ ជាបន្តបន្ទាប់ការងាររបស់ខ្ញុំបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។
រហូតដល់ព្រឹកមួយខ្ញុំបានឈរនៅមុខកញ្ចក់ក្នុងបន្ទប់ទឹក ខ្ញុំដឹងថា ខ្ញុំមិនអាចកែប្រែអ្វីៗបានទាំងអស់។ ស្ត្រីម្នាក់ដែលនៅក្នុងកញ្ចក់បាននិយាយថា «ខ្ញុំចង់ស្លាប់» តើអាចស្លាប់ជាមួយខ្ញុំទេ? ខណៈនោះទឹកភ្នែករបស់ខ្ញុំបានស្រក់ចុះមក ដៃដែលមុតកាំបិតពីការធ្វើម្ហូបកំពុងតែហូរសស្រាក់ ហើយខ្ញុំមិនបានរុំរបួសអ្វីទាំងអស់។ ត្រូវហើយខ្ញុំអាចបង្ហូរឈាមខ្ញុំឲ្យអស់ពីខ្លួនហើយខ្ញុំអាចដេកស្លាប់នៅទីនេះបាន។ សំណួរបន្ទាប់ដែលផុសឡើងក្នុងខួរក្បាលរបស់ខ្ញុំ បើខ្ញុំស្លាប់បាត់កូនស្រីខ្ញុំ ឪពុកម្តាយខ្ញុំនរណាចិញ្ចឹមនិងមើលថែពួកគេ? តើខ្ញុំម៉េចនឹងអាចជ្រើសរើសការស្លាប់ដ៏សួនតួរនេះ? ខ្ញុំអាចបិទភ្នែកលែងដកដង្ហើម លែងដឹង លែងឃើញ លែងលឺអ្វីគ្រប់យ៉ាង ចុះពួកគាត់ តើគាត់នឹងឈឺចាប់បែបណាទៅ? ចុះកូនស្រីខ្ញុំ? នាងនៅតូចណាស់ នាងត្រូវការខ្ញុំជាម្តាយជាងនរណាៗទាំងអស់។ នាងមិនដឹងអ្វីទាំងអស់ ខ្ញុំទេដែលសម្រេចចិត្តបង្កើតនាងមក ។ ខ្ញុំស្លាប់ពេលនេះគឺមានន័យថា ខ្ញុំបោះបង់ភាពជាម្តាយម្នាក់។ នេះជាជម្រើសអាត្មានិយមនិងគ្មានការទទួលខុសត្រូវទាល់តែសេាះ។ តើខ្ញុំធ្វើម៉េចនឹងអាចទម្លាក់បន្ទុកនេះឱ្យបងស្រីខ្ញុំតែឯងទៅ? ចុះកូនខ្ញុំនរណាមើលថែនាង? អ្នកណាផ្គត់ផ្គង់ការសិក្សានិងទទួលខុសត្រូវលើអនាគតរបស់នាង? ទុកឱ្យខ្ញុំប្រាប់អ្នកចុះ អារម្មណ៍ដែលចង់ស្លាប់គឺពិតជាឈឺចាប់ ប៉ុន្តែអារម្មណ៍ដែលអ្នកដឹងថាខ្លួនឯងមិនអាចស្លាប់បានគឺវាឈឺជាងនេះឆ្ងាយណាស់។ ខ្ញុំបានសួរសំណួរទីពីរមកខ្លួនឯងថា បើខ្ញុំមិនអាចស្លាប់បាន តើខ្ញុំអាចរស់ដោយក្តីរីករាយបានទេ?
ត្រូវហើយ! ប្រហែលជាមានពេលមួយអ្នកធ្លាប់គិតដល់ការស្លាប់ មានមនុស្សជាច្រើនក៏បានសម្រេចិត្តធ្វើវារហូតបានសម្រេចផងដែរដូចជា ចងក អាដៃ លេបថ្នាំ លោតទឹក… ប៉ុន្តែមនុស្សរាប់សិបលាននាក់ទៀតនៅតែនៅរស់ បើទោះជាពួកគេត្រូវរស់ដោយក្តីលំបាកវេទនាយ៉ាងណាក៏ដោយ។ អ្នកសុំទាន អ្នកគ្មានការងារ អ្នកគ្មានផ្ទះសម្បែង ក្មេងរើសសំរាមនិងអ្នកមានវិបត្តិ….ដែលពួកគេនៅតែបន្តមានជីវិតលើលោកដល់ថ្ងៃនេះ។ ខ្ញុំអាចនិយាយពាក្យថា«ខ្ញុំចង់ងាប់» រាប់លានដងឱ្យតែបានធូរចិត្ត ហើយសូមអរគុណចំពោះយើងគ្រប់គ្នាដែលនៅតែជ្រើសរើសការ«រស់» បើទោះជាយើងចង់«ស្លាប់»។
ទីបំផុតខ្ញុំនៅតែមានហេតុផលជាច្រើនដើម្បីបន្តជីវិតមកដល់ពេលនេះ ទោះបីខ្ញុំបានជួបព្យុះភ្លៀង ឧបសគ្គជាច្រើនរាប់មិនអស់ក៏ដោយ។ ក្លាយជាពីមនុស្សដែលចង់ស្លាប់ ខ្ញុំបានក្លាយជាមនុស្សដែលរឹងមាំជាងពេលមុន។ មួយភាគខ្ញុំជឿលើព្រេងវាសនា នៅពេលដែលខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពដែលមានទៅហើយ លទ្ធផលរបស់ខ្ញុំគឺទុកឱ្យទេវតាជាអ្នកសម្រេច។ ការពិតនៅពេលដែលយើងជួយខ្លួនឯងបាន យើងបានធ្វើល្អបំផុតនោះយើងលែងខ្វាយខ្វល់ពីលទ្ធផលហើយសេចក្តីទុក្ខក៏រលាយបាត់ដោយឯកឯង។ ខ្ញុំមិនអាចស្លាប់ ហើយខ្ញុំនៅតែនៅរស់ជាមួយក្តីស្រលាញ់ដ៏ធំធេងដែលខ្ញុំមានចំពោះមនុស្សគ្រប់គ្នា។ បើខ្ញុំសម្រេចចិត្តស្លាប់គ្រានោះមែន ប្រហែលអ្នករាល់គ្នាមិនអាចអានអត្ថបទរបស់ខ្ញុំនាពេលនេះទេ ហើយខ្ញុំក៏គួរតែប្តូរឈ្មោះផេករបស់ខ្ញុំដាក់ថា «អស់សង្ឃឹម» ផងដែរ។ ខ្ញុំបានប្រើពាក្យមួយឃ្លាភ្ជាប់នៅនឹងកញ្ចក់ «ជីវិតដែលអស្ចារ្យគឺជីវិតរស់នៅដើម្បីអ្នកដទៃ» ព្រោះតែពាក្យនេះខ្ញុំនៅតែប្រើជីវិតរស់ គឺរស់ដើម្បីមនុស្សដែលត្រូវការខ្ញុំ ស្រលាញ់ខ្ញុំ ខ្វល់ខ្វាយពីខ្ញុំ… បើទោះបីជាពួកគេមិនអាចជួយចែករំលែកក្តីលំបាកដែលខ្ញុំមានក៏ដោយ។
ចាប់ពេលព្រឹកនោះមកខ្ញុំលែងគិតថាខ្ញុំចង់ស្លាប់ទៀតហើយ។ ខ្ញុំនៅតែឆ្លុះកញ្ចក់នៅពេលព្រឹកបើទោះបីជាខ្ញុំមិនមានកម្លាំងគ្រប់គ្រាន់ក្តី ខ្ញុំនៅតែប្រាប់ខ្លួនឯងថា ការកើតទុក្ខមិនអាចដោះស្រាយបញ្ហាបានទេ ដូច្នេះខ្ញុំត្រូវតែញញិម។ ការប្រើកំហឹង ម៉ួម៉ៅក្តៅក្រហាយមិនអាចធ្វើឲ្យអ្វីៗប្រសើរជាងនេះទេ ដូច្នេះខ្ញុំត្រូវតែញញឹម…។ ខ្ញុំបានចំណាយពេលអានសៀវភៅនិងធ្វើអ្វីដែលមានប្រយោជន៍និងមិនទុកឱ្យខ្លួនឯងមានពេលទំនេរខ្វល់ខ្វាយរឿងទុក្ខព្រួយទៀតទេ…។ ខ្ញុំចាប់ផ្តើមបែកចែកពេលវេលាចំពោះខ្លួនឯង ក្រុមគ្រួសារ មិត្តភក្តិ រួមទាំងមនុស្សគ្រប់គ្នា…។ ខ្ញុំបានកែប្រែទម្លាប់រស់នៅ ខ្ញុំធ្វើកំណត់ត្រាការចំណាយប្រចាំថ្ងៃនិងសរុបចំណាយប្រចាំខែ។ ខ្ញុំបានសរសេរកំណត់ហេតុការងារជារៀងរាល់ថ្ងៃ និងបែងចែកការងារដែលខ្ញុំត្រូវធ្វើមុន ការងារដែលត្រូវធ្វើក្រោយ ហើយខ្ញុំនឹងគូសបញ្ជាក់នៅពេលដែលខ្ញុំបានធ្វើវារួចហើយ។ ខ្ញុំនៅសរុបលទ្ធផលដែលបានធ្វើរាល់ពេលបញ្ជប់ម៉ោងធ្វើការនៃថ្ងៃនីមួយៗ។ ខ្ញុំចាប់ផ្តើមចែករំលែកគំនិតថ្មីៗទៅក្នុងបណ្តាញសង្គម Facebook ខ្ញុំបន្ថែមការស្រលាញ់ដល់មនុស្សគ្រប់គ្នានៅក្នុងសង្គម ចូលរួមបរិច្ចាកថវិកាទៅមន្ទីរពេទ្យ កុមារនិងជនក្រីក្រតាមលទ្ធភាពដែលខ្ញុំមាន…។ អ្នកនឹងសួរខ្ញុំថាតើទាំងនេះវាមានអ្វីទាក់ទងនឹងការចង់ស្លាប់?
មែន! គឺទាក់ទង បើយើងមិនអាចកែប្រែស្ថានភាពបាន យើងត្រូវកែប្រែការគិតនិង ការកែប្រែទម្លាប់រស់នៅឱ្យមានបែបផែនដ៏ច្បាស់លាស់ ឱ្យមានសណ្តាប់ធ្នាប់ គឺយើងច្បាស់ជាទទួលលទ្ធផល។ ការងារ ការរវល់ ការគិតវិជ្ជមាន ការចែករំលែកសេចក្តីស្រលាញ់និងសេចក្តីល្អ ធ្វើចិត្តឱ្យយើងរីករាយ វាច្បាស់ណាស់ថាជួយឱ្យខ្ញុំរឹងមាំជាងមុន ព្រោះនៅពេលដែលការរៀបចំគម្រោងច្បាស់លាស់និងខិតខំប្រឹងប្រែង… ខ្ញុំច្បាស់ជាទទួលលទ្ធផលល្អ។ មនុស្សដែលមានលទ្ធផលល្អច្បាស់ជាមិនចង់ស្លាប់នោះទេ។
ខ្ញុំបានទៅពិនិត្យសុខភាពទូទៅដោយបានទៅជួបជាមួយវិជ្ជបណ្ឌិតផ្នែកក្រពះ ពោះវៀននិងវិជ្ជបណ្ឌិតខាងច្រមុះ… ។ ការពិតខ្ញុំមិនមានជំងឺអ្វីទាំងអស់ ក្រពះពោះវៀននិងច្រមុះខ្ញុំត្រឹមតែខ្សោយ ចំណែកការឈឺសសៃនិងសាច់ដុំនោះ សុទ្ធតែចេញពីភាពតានតឹងផ្លូវចិត្តនោះឯង។ លោកគ្រូពេទ្យបានប្រាប់ថា មនុស្សត្រូវចេះគ្រប់គ្រងការគិត គ្រប់គ្រងការស្រមៃ… ព្រោះបើយើងចេះតែប្រមូលមកគិតដោយមិនអនុវត្តន៍ គិតបានត្រឹមតែគិតមិនទទួលជោគជ័យ គិតឱ្យកាន់តែច្របូលច្របល់ គិតត្រឹមតែបន្ថែមទុក្ខឥតប្រយោជន៍។ បើខ្ញុំគ្មានជម្រើសក្នុងការស្លាប់ទេ ខ្ញុំត្រូវគ្រប់គ្រងចិត្តគំនិតនិងការគិតរបស់ខ្ញុំជាចាំបាច់។ ខ្ញុំអាចនឹងមិនស្លាប់ដោយការធ្វើអត្តឃាតប៉ុន្តែខ្ញុំអាចនឹងស្លាប់ដោយការគិតពីរឿងទុក្ខព្រួយនោះឯង។ ទីបំផុតការងាររបស់ខ្ញុំបានរីកចម្រើននិងសម្រេចលទ្ធផលគួរជាទីគាប់ចិត្តដល់ថ្នាក់ដឹកនាំគ្រប់រូប ហើយខ្ញុំតែងតែត្រឡប់ទៅផ្ទះដោយថាមពលនិងរីករាយជានិច្ច។ មានន័យថាកាលពីពេលមុនខ្ញុំមិនបានធ្វើឱ្យអស់លទ្ធភាពនិងល្អបំផុតនោះទេ ព្រោះរវល់តែកើតទុក្ខរីងរៃនឹងជីវិតតែលតោល បើសិនជាខ្ញុំស្លាប់ពេលនោះមែន ខ្ញុំច្បាស់ក្លាយជាខ្មោចដែលស្លាប់ដោយបិទភ្នែកមិនជិតជាមិនខាន។
រហូតមកដល់ពេលនេះខ្ញុំនៅតែហត់នឿយ ខ្ញុំនៅតែតានតឹងម្តងម្កាល ប៉ុន្តែរាល់ពេលដែលខ្ញុំនិយាយទៅកាន់មិត្តភក្តិខ្ញុំថា «អញចង់ងាប់» វាបែរជាធ្វើឱ្យខ្ញុំអស់សំណើចក្អាកក្អាយនិងរីករាយទៅវិញ។ អ្នកដឹងថាមិត្តភក្តិខ្ញុំតបយ៉ាងម៉េចទេ? ខ្លះឆ្លើយថា «តោះ!ទៅងាប់ទាំងអស់គ្នា» ហើយមិត្តខ្ញុំម្នាក់ទៀតវានិយាយថា «អើ! ទៅងាប់ទៅល្អហើយ ព្រោះអញមិនបាច់សងលុយដែលជំពាក់ហ្អែងទេ»។ គ្មានអីសប្បាយជាងម្ចាស់បំណុលងាប់បាត់នោះទេ ហើយ«រឿងដែលចង់ងាប់»ក្លាយជារឿងកំប្លែងសម្រាប់ពួកយើងទៅវិញ។ ខ្ញុំបែរជាផ្ទុះសំណើចអស់ពីពោះរាល់ពេលខ្ញុំនិយាយថា«អញចង់ងាប់»មិនដូចជាពេលមុនដែលត្រូវហូរទឹកភ្នែករហេមរហាម…។
ការផ្លាស់ប្តូរការគិតគឺជារឿងសំខាន់ណាស់ ចំណុចចាប់ផ្តើមដំបូងបង្អស់គឺចេញពីខ្លួនយើង។ ខ្ញុំចាំពាក្យបងប្រុសម្នាក់ប្រាប់ខ្ញុំថា«ការលំបាកវេទនា សប្បាយឬរីករាយ… គ្រប់យ៉ាងគឺមកពីការគិតរបស់យើង»។
បើយើងនិយាយថា«អាចម៍គោស្អីទេហ្អា! លំបាកអីតែឯង មនុស្សរាប់លាននាក់គេលំបាកគ្រប់តែគ្នា។ ខ្លះក្រខ្វះសូម្បីតែទឹកផឹក នាំគ្នាទៅផឹកទឹកនោមគោផង ពួកគេនៅតែចង់រស់»។ ពាក្យខ្លះអ្នកត្រូវតែនិយាយឱ្យវាកំប្លែង ហើយកុំខ្លាចនិយាយចេញមក សំខាន់វាធ្វើឱ្យយើងធូរស្រាល ដូចជាពាក្យអង់គ្លេសនិយាយថា «Make it fun»។
នេះជាបទពិសោធន៍ជីវិតដែលខ្ញុំបានចែករំលែក សង្ឃឹមថាវាជាមេរៀនតូចមួយក្នុងហោប៉ៅរបស់អ្នកគ្រប់គ្នាដើម្បីឆ្លងកាត់អារម្មណ៍ដ៏តានតឹងមួយក្នុងជីវិត។ កុំស្លាប់អី បើស្លាប់ពិតជាអាចដោះស្រាយបញ្ហាបាន តើមនុស្សគ្រប់គ្នាចង់រស់នៅដើម្បីអ្វីទៅ?
ជូនពរសំណាងល្អ សុខភាពល្អ ទទួលជោគជ័យគ្រប់ភារកិច្ច
ដោយក្តីគោរពស្រលាញ់
សុ ចិន្តា
ជីវិតគឺវាអញ្ចឹង គ្រប់វិនាទីមនុស្សនិមួយៗតែងតែជួបរឿងខកចិត្ត តែជីវិតគឺវាបែបហ្នឹង អញ្ចឹងមិនត្រូវគិតតូចចិត្តទេ រឿងរ៉ាវនៃមនុស្សវាតែងតែកើតបែបនេះបែបនោះគ្រប់វិនាទីដែលកំពុងតែឆ្លងកាត់ជីវិតពួកយើង រឿងល្អ រឿងមិនល្អ។