ស្នេហារវាងបេះដូងនិងខួរក្បាល 12/07/2015
Posted by មានសង្ឃឹម in ចំណេះដឹងទូទៅ.trackback
ខ្ញុំធ្លាប់សន្យាថានឹងសរសេរអត្ថបទមួយនិយាយពី «សេ្នហាចេញពីបេះដូងនិងខួរក្បាល» ក្រោយពេលមាន Laptop ផ្ទាល់ខ្លួន ។ ទោះជាពេលនេះវាមានការពិបាកប្រើជាមួយក្តាវាយ Unicode ក្តី មិនអាច Install tool ជំនួយក្នុងកែរអក្ខរាវិរុទ្ធក្តី ក៏ខ្ញុំតាំងចិត្តថាសរសេរឲ្យបានរួចរាល់នៅយប់នេះ ។
បើនិយាយពីអត្ថបទនេះខ្ញុំនឹកដល់ពាក្យមួយឃ្លាបានលើកឡើងថា «មនុស្សបង្កើតមកដើម្បីស្រលាញ់ របស់បង្កើតមកដើម្បីប្រើប្រាស់» ។ ជាការពិតមួយគ្មាននរណាម្នាក់ដែលកើតមកមិនធ្លាប់ឆ្លងកាត់ «មនោសញ្ចេតនា» ចេញពីទឹកចិត្តស្រលាញ់នោះទេ វាគ្រាន់តែតិចឬច្រេីនប៉ុណ្ណោះ ។ សម្រាប់ខ្ញុំសេចក្តីស្រលាញ់ចំពោះក្រុមគ្រួសារ ឪពុកម្តាយ បងប្អូន សាច់ញាតិ រាប់ទុកថាជាសេចក្តីស្រាលាញ់ដែលពោរពេញដោយសុវត្ថិភាពមួយទៅហើយ ។ ចំពោះសេចក្តីស្រលាញ់រវាងបុគ្គល «ប្រុសនិងស្រី» គឺពិតជាមានលក្ខណៈខុសគ្នាស្រលះ ។ តើអ្នកធ្លាប់គិតថា អ្នក«ស្រលាញ់មនុស្សដែលមិនគួរស្រលាញ់»ដែរទេ?
នៅក្នុងរាងកាយរបស់មនុស្ស គ្រប់អាវយវៈត្រូវធ្វើការស្របគ្នាដូចជាគ្រឿងចក្រមួយ ។ វានឹងធ្វើឲ្យមនុស្សពិបាកប្រសិនបើវាមានផ្នែកណាមួយផ្ទុយគ្នា ដូចជាអ្នកឃ្លាន អ្នកត្រូវការអាហារប៉ុន្តែមាត់ឬធ្មេញរបស់អ្នកបែរជាឈឺមិនអាចទំពាបាន ។ អ្វីដែលពិបាកបំផុតគឺការទាក់ទងនិងអារម្មណ៍ បេះដូងនិងខួរក្បាល ។ អ្នកចង់ទៅប៉ុន្តែគំនិតអ្នកថាទៅមិនបាន ពេលដែលអ្នកស្រលាញ់ប៉ុន្តែខួរក្បាលអ្នកប្រាប់ថាត្រូវឈប់ ។
«បេះដូង» វាធ្វើការតាម «អារម្មណ៍» ដែលមិនបានបែងចែករវាង «ខុសនិងត្រូវ» គួរឬមិនគួរនោះទេ ។ នរណាក៏ដឹងថាតម្រូវការបេះដូងគឺវាទាក់ទងនិងសេចក្តី«ស្រលាញ់»ដែរ ។ បេះដូងទទួលមុខងារដ៏សំខាន់ជាងគេក្នុងខ្លួនមនុស្ស បើវាលែងធ្វើការមានន័យថាអ្នកត្រូវតែស្លាប់ ។ វាធ្វើការពេញមួយជីវិតរបស់មនុស្ស វាគ្មានសិទ្ធឈប់សម្រាកសូម្បីតែមួយវិនាទី បើទោះបីជាអ្នកគេងលក់ជាមួយនិងអវយវៈផ្សេងៗទៀតក៏ដោយ ។ ដូច្នេះគ្រប់គ្នាតែងតែយល់ថា «តម្រូវការបេះដូងគឺសំខាន់បំផុត» ។
ចំណែកខួរក្បាលវិញ វាធ្វើការសម្រាប់ការវិភាគ វែកញែក គិតគូរ ល្អិតល្អន់បំផុត… អ្នកមានខួរក្បាលល្អជាមនុស្សឆ្លាតលំដាប់ខ្ពស់ ។ វាជួយឲ្យអ្នកក្លាយជាមនុស្សជោគជ័យម្នាក់ក្នុងឆាកជីវិត ។ ហេតុអ្វីបានជាខ្ញុំលើកឡើងពីបេះដូងនិងខួរក្បាល? ត្រឹមត្រូវណាស់វានឹងមានបញ្ហាធំនៅពេលដែលអវយវៈទាំងពីរនេះមិនស្របគ្នា ប្រែក្លាយជាសត្រូវនិងធ្វើសង្គ្រាមជាមួយគ្នា ។ មានពេលមួយនោះបេះដូងអ្នក«ត្រូវការ» ប៉ុន្តែឆ្លងកាត់ទិន្នន័យ… ខួរក្បាលរបស់អ្នកប្រាប់ថា«ខុស» ដាច់ខាតអ្នកមិនអាចបន្តទៅទៀតបាន ។ ខួរក្បាលធ្វើការដើម្បីបែងចែកច្បាស់លាស់ «រវាងខុសនិងត្រូវ»។ អ្នកមិនអាចស្រលាញ់មនុស្សអាក្រក់ម្នាក់ដែលជាចោរនោះទេ ក៏មិនអាចស្រលាញ់និងរស់នៅជាមួយមនុស្សប្រមឹក ស្រី ស្រាល្បែង មនុស្សដែលអសម្ថភាពឬមនុស្សដែលមានគូគាប់… ប្រិសនបើអ្នកនៅតែមានៈ ហើយបណ្តោយឲ្យបេះដូងធ្វើការខុសពីខួរក្បាលមិនដឹងស មិនដឹងខ្មៅ លទ្ធផលចុងក្រោយគឺ«ឈឺចាប់» ។
ការស្រលាញ់តាមបេះដូងមានន័យថាអ្នកជាវីរជនក្នុងស្នេហា វាធ្វើឲ្យអ្នកអង់អាចក្លាហានហ៊ានលះបង់និងប្រឈមមុខគ្រប់យ៉ាង ។ ខ្ញុំនឹងរាប់ជាមនុស្សដែលមានសំណាងប្រសិនទទួលបានការស្រលាញ់ពីអ្នក ។ ផ្ទុយទៅវិញអ្នកបានក្លាយជាមនុស្សល្ងង់ម្នាក់ក្នុងសង្គម ដោយក្រៅពីបន្ថែមលើការឈឺចាប់ អ្នកអាចនឹងបាត់បង់គ្រប់យ៉ាងក្នុងជីវិត ។ ប្រសិនបើអ្នកជ្រើសរើសក្តីស្រលាញ់ដែលឆ្លងកាត់ការវែកញែករបស់ខួរក្បាល អ្នកគឺជាមនុស្សឆ្លាត ដោយអាត្រាប្រឈមមុខនឹងការឈឺចាប់មានចំនួនតិចតួច ។ ខ្ញុំក៏ដូចជាមនុស្សគ្រប់គ្នាដាច់ខាតមិនចង់បានស្នេហាបែបនេះពីអ្នកឡើយ ព្រោះអ្នកគ្រាន់តែជាមនុស្សអាត្មានិយមនិងចង់បានត្រឹមការដោះដូរប៉ុណ្ណោះ អ្នកមិនមែនជាវីរជនក្នុងស្នេហានោះទេ ។
វាធ្វើឲ្យខ្ញុំនឹកដល់រឿងទុំទាវ ខ្ញុំក៏យល់ថាបើពួកគេប្រើការគិតនិងបែកចែកចេញពីខួរក្បាលតែបន្តិចពួកគេគឺអាចរួមរស់ជាមួយគ្នាដោយមិនស្លាប់បាត់បង់ជីវិតនោះទេ នេះមកពីពួកគេបានប្រើអារម្មណ៍នៃក្តីស្រលាញ់ដ៏លើសលប់របស់បេះដូងរហូតបិតខួរក្បាលចោលមួយកន្លែង ។ ពួកយើងរៀនពីមេរៀនស្នេហារបស់ពួកគេដើម្បីស្វែងរកជោគជ័យរួមទាំងចំនុចរួមមួយ។ ព្រះពុទ្ធបង្រៀននិងទូន្មានដល់មនុស្សទាំងពួងឲ្យដើរផ្លូវកណ្តាល មិនឆ្វេងពេក មិនស្តាំពេក ។ ដូច្នេះបើពួកយើងអាចប្រើខួរក្បាលពាក់កណ្តាល បេះដូងពាក់កណ្តាលគឺល្អបំផុត បើទោះជាយើងឈឺចាប់ប៉ុន្តែវាក៏ស្ថិតនៅក្នុងកម្រិតមួយនិងអាចគ្រប់គ្រងបាន ។ ខ្ញុំយល់ថាវាមិនទាន់ជ្រុលពេលទេបើអ្នកយកខួរក្បាលដើម្បីគិតវែកញែកមកហាមឃាត់បេះដូងនៅពេលនេះ ចៀសវាងការបណ្តោយឲ្យវាធ្វើការតាមទំនើងគ្មានបែបផែនត្រឹមត្រូវច្បាស់លាស់ នេះជាការហុចលទ្ធផលវិជ្ជមាននិងជារនាំងការពារការឈឺចាប់របស់បេះដូងនៅថ្ងៃក្រោយ ។
ដូច្នេះយើងអាចស្វែងរកចំនុចមួយសម្រាប់ដើរទៅមុខ ដើម្បីអាចបន្តផ្លូវជីវិតដែលសមប្រកប ។ បើអ្នកមិនប្រើការវិភាគចេញពីខួរក្បាលទេ អ្នកមិនត្រឹមតែបាត់បង់ស្នេហានោះទេ នៅក្លាយជាមនុស្សល្ងង់ដែលប្រើពេលវេលានិងទឹកចិត្តអត់ប្រយោជន៍ ។ ក្នុងការគិតរបស់ខ្ញុំ «ខួរក្បាលគឺស្ថិតនៅទីតាំងខ្ពស់និងដំបូងគេនៃរាងកាយ ដូច្នេះគ្រប់ពេលវេលាត្រូវប្រើវាមកគ្រប់គ្រងគ្រប់យ៉ាងដែលយើងមាន ក្នុងរង្វាស់ដ៏ត្រឹមត្រូវ» បើដឹងថាខុសត្រូវឈប់ បើដឹងថាជ្រុលហួសត្រូវចេះការពារ ។
នាងខ្ញុំសុំរក្សាសិទ្ធក្នុងការកែប្រែលើអត្ថបទនេះ សម្រាប់ការខ្វះខាតណាមួយនាពេលក្រោយដោយក្តីអនុគ្រោះ។ សូមអរគុណសម្រាប់ការចំណាយពេលអាននិងចូលរួម! ជូនពរគ្រប់គ្នាជួបតែសំណាងល្អ សុខភាពល្អ ជោគជ័យទាំងស្នេហានិងភារកិច្ច ។ ដោយសេក្តីគោរពស្រលាញ់ពីចម្ងាយ ។
អរគុណបងសម្រាប់អត្ថបទដ៏ល្អមួយនេះ :)
អរគុណដែលបានចំណាយពេលវេលាចូលរួមអាននិងគាំទ្ររបស់ប្អូនស្រី ។
អរគុណប្អូនស្រីដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួមអានអត្ថបទរបស់បង ។
អរគុណសម្រាប់ការចំណាយពេលអានរបស់ប្អូន
អត្ថបទមានន័យ ក៏ជាបទពិសោធន៍ដែលគួរយល់ដឹង អំពីរឿងស្នេហា គួរត្រិះរិះតាមអត្ថបទនេះ អរគុណសម្រាប់ការចែករំលែកណាបង
អរគុណសម្រាប់ការចំណាយពេលអាននិងចូលរួមរបស់ប្អូន