កាបូប 12/05/2015
Posted by មានសង្ឃឹម in ចំណេះដឹងទូទៅ.trackback
មានពេលមួយកាលពីប៉ុន្មានឆ្នាំមុន ខ្ញុំនឹកដល់កាបូបមួយដែលត្រូវបានគេដាក់តាំងក្នុងហាងទំនើបមួយ ។ វាពិតជាត្រូវចិត្តរបស់ខ្ញុំមែនទែន ទាំងគុណភាព រូបរាង ពណ៌និងម៉ូត ។ ដោយសារតែតម្លៃវាថ្លៃពេកខ្ញុំបានសម្រេចចិត្តមិនទិញវាយកមកប្រើនោះទេ ។
មកដល់ផ្ទះខ្ញុំចេះតែគេងនឹកស្រមៃកាបូបនោះមិនភ្លេចសោះ កាលនោះខ្ញុំចំណាយពេលគិត គិតហើយគិតទៀត ។ ទីបំផុតបីថ្ងៃបន្ទាប់ខ្ញុំបានប្រមូលប្រាក់ដែលខ្ញុំសន្សំទៅទិញវា ។ មុនដំបូងខ្ញុំយល់ថាវាល្អនិងស្អាតខ្លាំងណាស់ នរណាក៏សរសើរដែរ… ដល់ប្រើយូរៗទៅទើបដឹងថាវាមិនខុសពីកាបូបដែលខ្ញុំធ្លាប់ប្រើ ហើយវាពិបាកក្នុងការថែទាំ ។ ថ្ងៃមួយខ្ញុំបានសម្រេចបោះវាចោលដោយសារពេលមួយនោះខ្ញុំបានស្ពាយវាកាត់ភ្លៀងហើយធ្វើឲ្យស្បែកវាបានរួញក្រញង់ ។
ក្រោយមកថ្មីៗនេះខ្ញុំបានទៅលេងប្រទេសថៃ ហើយក៏បានពេញចិត្តកាបូបដៃមួយបំផុត ប៉ុន្តែលើកនេះខ្ញុំទប់អារម្មណ៍គឺបានដើរចេញ ដោយខ្ញុំបានសម្រេចចិត្តទិញកាបូបដៃមួយដែលមានតម្លៃខុសគ្នារហូតដល់សាមសិបដង ។ ថ្វីបើបែបនេះក្ដីខ្ញុំនៅតែនឹកស្រមៃនិងស្រលាញ់កាបូបនោះរហូតមិនភ្លេច ។
អ្នកប្រាកដជានឹកឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំនិយាយពីរឿងកាបូបនេះទៅវិញ? មនុស្សភាគច្រើនគឺបែបនេះ តែងតែឲ្យតម្លៃទៅលើរបស់ដែលខ្លួនមិនមាន របស់ដែលខ្លួនយកមិនបាន របស់ដែលមានតម្លៃខ្ពស់… វានឹងកាន់តែអស្ចារ្យនូវរបស់ដែលគ្រប់គ្នាចង់បាន ។
ដោយសារតែយើងមើលរំលងភាពសមញ្ញា មើលរំលងរបស់ដែលនៅក្នុងដៃ ទើបពេលខ្លះបានបង្កឲ្យមានវិប្បដិសារី ។ ខ្ញុំបានរៀនពីរឿងកាបូបប្រាក់ដោយយកវាមកប្រៀបធៀបនឹងជីវិតមនុស្ស ។ ចាប់ពីពេលនោះមកខ្ញុំចាប់ផ្តើមចេះប្រើរបស់ មិនថាតម្លៃថ្លៃឬថោក អន់ឬល្អ… សំខាន់គឺខ្ញុំចេះប្រើវាឲ្យអស់លទ្ធភាព ប្រើវាឲ្យចំគោលដៅនិងថែរក្សាវាឲ្យបានល្អ ។
មានរបស់ខ្លះដែលល្អមិនកំណត់ថាត្រូវតែជារបស់យើងនោះទេ បើវាអាចជួបម្ចាស់ល្អនិងចេះថែរក្សាគឺគ្រប់គ្រាន់ ។ រីករាយនូវអ្វីដែលយើងកំពុងមាន គ្រប់យ៉ាងវាមិនឥតខ្ចោះ សូមគិតថារបស់ដែលអ្នកកំពុងប្រាថ្នាចង់បាននាពេលនេះអាចនឹងមិនមានអ្វីដែលអស្ចារ្យដូចដែលអ្នកធ្លាប់គិត ហើយប្រហែលជាអ្នកងាយនឹងបោះវាចោលពេលណាមួយក៏ថាបាន ។
មតិ»
No comments yet — be the first.