jump to navigation

យប់​មួយ​នៅ​ក្លឹប​កម្សាន្ត​ 23/02/2015

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន, សៀវ​ភៅ​កំណត់​ហេតុ​.
trackback

តាម​ការ​ស្លៀក​ពាក់​របស់​ខ្ញុំ​រាល់​ថ្ងៃ​មើល​ទៅ​ដូច​ជា​ស្អាត​បាត​និង​​ហំ ហាន​​ខ្លាំង​​ណាស់ ប៉ុន្តែ​នរណា​ហ៊ាន​និយាយ​ថា​សំលៀក​បំពាក់​គឺ​ជា​អ្វី​គ្រប់​យ៉ាង​របស់​មនុស្ស​? ភាគ​​ច្រើន​ដែល​ពួកគេ​​មើល​ខ្ញុំ​ខុស​ ខុស​ព្រោះ​តែ​សម្បក​ក្រៅ​នេះ​ឯង ។​
ការពិត​ពេល​ដែល​ណាត់​គ្នា​ម្ដង​ៗ ខ្ញុំ​ដូច​ជា​អ្នក​ស្រែ​ចូល​​ក្រុង មិន​ដឹង​ផ្លូវ​ណា​ជា​ផ្លូវ​ណា​ទេ មាន​ពេល​ខ្លះ​មិត្ត​ភក្តិ​ខ្ញុំ​និយាយ​ពន្យល់​ទី​តាំង​ស្ទើរ​តែ​អស់​មួយ​កំណាត់​ថ្ងៃ​ក៏​ខ្ញុំ​នៅ​តែ​មិន​ដឹង​ ស្ដាប់​មិន​យល់ ។ គិត​ទៅ​ដូច​ជា​រឿង​ដែល​គួរ​ឲ្យ​ចង់​សើច​ អាយុ​ប៉ុណ្ណេះ​ហើយ​ នៅ​ទី​ក្រុង​យូរ​រាប់​ឆ្នាំ​នឹង​គេ​ដែរ ប៉ុន្តែ​ដូច​ជា​ភាំង​ៗ​។
និយាយ​តាម​ត្រង់​ឡាន​ដែល​ខ្ញុំ​ជិះ​រាល់​ថ្ងៃ​ ក្រៅ​ពី​កន្លែង​ធ្វើការ​ទៅ​ផ្ទះ ពី​​ផ្ទះ​ទៅ​កន្លែង​ធ្វើការ រាប់​តែ​ផ្លូវ​បន្តិច​ក៏​ខ្ញុំ​វង្វេង​បាត់​ទៅ​​ហើយ ។

យប់​ថ្ងៃ​សៅរ៍​មួយ ​បង​ប្អូន​ខ្ញុំ​បាន​បបួល​គ្នា​ទៅ​ក្លឹប​កម្សាន្ត​មួយ​ ជា​កន្លែង​រាំ​រែង ។ គេ​ប្រាប់​ថា​កន្លែង​នោះ​ «​កាលីប» ណាស់ សុទ្ធ​តែ​អភិជន​ចូល​ទៅ​​ហើយ​វា​សប្បាយ​… ។
ពាក់​កណ្ដាល​ជីវិត​ហើយ ពាក្យ​ដែល​ខ្ញុំ​សួរ​ខ្លួន​ឯង​គឺ «ដប់​ឆ្នាំ​មាន​ពេល​សប្បាយ​បែប​នេះ​ប៉ុន្មាន​ដង​?» ព្រោះ​វា​មិន​មែន​ជា​ចំណូល​ចិត្ត​ខ្ញុំ ។ ណ្ហើយ! ចាត់​ទុក​ថា​បើក​ចិត្ត​ បើក​ភ្នែក​ឲ្យ​ទូលាយ​រៀន​ចូល​សង្គម​គេ​ខ្លះ​ចុះ ។
ពួក​យើង​បាន​ចូល​ទៅ​កាន់​ក្លឹប​កម្សាន្ត​មួយ​កន្លែង​ដែល​ល្បី​ឈ្មោះ​គួរ​សម (​សូម​មិន​បង្ហាញ​ឈ្មោះ​) ។ វា​មិន​មែន​ជា​កន្លែង​អាស​អាភាស​ស្អី​នោះ​ទេ គ្រាន់​តែ​ជា​ក្លឹប​រាំ​លេង​បែប​សប្បាយ​ៗ​ធម្មតា​តែ​ប៉ុណ្ណោះ​ ។
ខ្ញុំ​ខំ​តែង​ខ្លួន​ ស្លៀក​ពាក់​ស្អាតបាត​​​ ។ មើល​ទៅ​ខ្លួន​ឯង​យប់​នេះ​គឺ​ពិត​ជា​ស្រស់​ស្អាត​ខុស​ពី​សព្វ​ដង​​​ ប៉ុន្តែ​ពេល​ចូល​ទៅ​ដល់​ទី​នោះ​​ទើប​យល់​ថា​ខ្ញុំ​ចម្លែក​ខុស​គេ​ ខ្ញុំ​ទ្រាំ​ទប់​សើច​នឹង​ខ្លួន​ឯង​មិន​ចង់​បាន​។ ស្រី​ៗ​ក្មេង​ៗ​ទាំង​នោះ​មួយ​ណា​ដែល​មិន​ស្លៀក​ពាក់​ខ្លី អាវ​វាល​ក​បញ្ចេញ​សាច់​ទ្រលុក​ទ្រលន់​មួយ​ទំហឹង សាច់​គេ​​ស​ខ្ចី​ដូច​សាច់​ដូង ខ្លួន​ប្រាណ​សែន​​ឈ្ងុយ​​ឈ្ងប់ គ្រាន់​តែ​ដើរ​ជិត ​ខ្ញុំ​ឯ​ណេះ​ចង់​ឈ្លក់​… ។

night-club

នៅ​ទី​នោះ​មាន​បុគ្គលិក​មើល​ទៅ​មាន​អំណាច​ច្រើន​នាក់ ស្លៀក​ពាក់​ពណ៌​ខ្មៅ… ឈរ​ត្រៀម​ត្រា​ជា​ពិសេស​គេ​ឈរ​ជិត​អ្នក​ដែល​ស្រវឹង​រាំ​ច្រងេងច្រងាង​​ ។ ពួក​យើង​បាន​ហៅ​ស្រា​ក្រហម​មក​ផឹក​ ឆ្លង​កាត់​ការ​ស្រវឹង​ប៉ុន្មាន​ដង​មក​ ខ្ញុំ​ចាប់​ផ្ដើម​ឆ្លាត គឺ​ចេះ​ធ្វើ​ផឹក​កុហក​គេ​ កែវ​ជុល​រហូត​… ជល់​ប៉ុន្មាន​ដង​ក៏​នៅ​តែ​ប៉ុណ្ណឹង ។ សម្រាប់​ខ្ញុំ​ស្រា​ប្រភេទ​ណា​​ក៏​យល់​ថា​មិន​ឆ្ងាញ់ ហើយ​ពេល​ស្រវឹង​គឺ​​មហា​សែន​ពិបាក​ ។
ខ្ញុំ​ចាប់​ផ្ដើម​ឆ្កួត​ទៀត​ហើយ យល់​ថា​មនុស្ស​យើង​គឺ​ដូច​ជា​មិន​សូវ​គ្រប់​ ។ ស្រា​ល្វីង​ក៏​ទ្រាំ​លេប ពេល​លេប​យូរ​ៗ​​ទៅ​ក៏​​ប្ដូរ​និស្ស័យ ខ្លះ​និយាយ​ឡែ ខ្លះ​ទៀត​បន្លំ​ស្ទាប​ស្រី​ៗ​​ ខ្លះ​ចេញ​ក្បាច់​កាប់​ចាក់​គ្នា បោក​កែវ​ចាន​ឆ្នាំង… ។ ដឹង​ថា​ផឹក​ប្រពន្ធ​ជេរ​ក៏​នៅ​តែ​ផឹក ដឹង​ថា​ផឹក​ប្រពន្ធ​លែង​ក៏​នៅ​តែ​ផឹក ដឹង​ថា​ផឹក​ឈឺ​ហើយ​អស់​លុយ​ក៏​នៅ​តែ​ផឹក​… ។ ខ្ញុំ​គិត​ថា​មនុស្ស​ប្រភេទ​នេះ​ជា​មនុស្ស​ល្ងង់​បំផុត មនុស្ស​ដែល​ចេះ​ផឹក​ពិត​ប្រាកដ​គឺ​​ផឹក​ឲ្យ​មាន​កម្រិត​ ផឹក​ពោរពេញ​​ដោយ​ការ​ទទួល​ខុស​ត្រូវ ផឹក​មិន​អំពល់​ទុក្ខ​ដល់​ខ្លួន ដល់​អ្នក​ដទៃ​និង​សង្គម​… ។​

ចំពោះ​ខ្ញុំ​មិន​ពិបាក​ទេ​ក្នុង​សម្រប​ខ្លួន​ក្នុង​សង្គម បើ​ទៅ​រាំ​ក៏​រាំ​បាន បើ​ទៅ​ច្រៀង​ក៏​ច្រៀង​បាន​ តែ​រាំ​មិន​ស្អាត​ច្រៀង​មិន​ពីរោះ​​គឺ​មិន​ដឹង ប៉ុន្តែ​​នរណា​ខ្វល់?​
នៅ​ក្នុង​ក្លឹប​ដ៏​ងងឹត​មាន​តែ​ភ្លើង​ភ្លឹប​ភ្លែត បាញ់​ចុះ​បាញ់​ឡើង ឆ្វេក​​ឆ្វាច​ ខ្ញុំ​មិន​បាន​យល់​ថា​ខ្លួន​ឯង​ស្រវឹង​ស្រា​ក្រហម​ប៉ុន្មាន​កែវ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​យល់​ថា​ខ្លួន​ឯង​​​ស្រវឹង​ពុល​នឹង​ភ្លើង​ទាំង​នោះ​ទៅវិញ​ ។ ខ្ញុំ​​​សម្លឹង​​មើល​លើ​ជញ្ជាំង​ដែល​មាន​បាញ់​ផ្សែង​ពណ៌​សរ​ដូចជា​ពពក ។ ចេះ​តែ​នឹក​ឆ្ងល់​ថា​គេ​បាញ់​ផ្សែង​ហ្នឹង​ចេញ​មក​ធ្វើ​អី​? ក៏​មិន​ហ៊ាន​សួរ​គេ​ព្រោះ​ខ្លាច​គេ​ចំអក​ឲ្យ ។
យប់​កាន់​តែ​ជ្រៅ​មនុស្ស​កាន់​តែ​ច្រើន​ ច្រើន​ឡើង​ណែន​រក​ច្រក​ដើរ​មិន​ឃើញ រក​កន្លែង​ឈរ​មិន​ចង់​បាន​។ សព្វថ្ងៃ​​ដោយ​សារ​បរិយាកាស​សង្គម​ ការ​ធ្វើការ​ បង្កើត​មុខរបរ​រក​ស៊ី​ផ្សេង​ៗ… ​ពោរពេញ​ដោយ​ការ​ប្រកួត​ប្រជែង​ខ្លាំង ទើប​បណ្ដាល​​ឲ្យ​​​ផ្លូវ​ចិត្ត​មនុស្ស​ដូច​ជា​រង​គំនាប​មួយ​ ដូច្នេះ​ពួក​គេ​ត្រូវ​ការ​ការ​សម្រាក​និង​ស្វែង​រក​ការ​សប្បាយ​មជ្ឈដ្ឋាន​ខាង​ក្រៅ​​​​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ប៉ះប៉ូវ​និង​កាត់​បន្ថយ​ភាព​តានតឹង​ផ្នែក​ផ្លូវ​ចិត្ត​ទាំង​នោះ​ ។ បើ​ប្រៀប​ធៀប​ប៉ុន្មាន​ឆ្នាំ​មុន មនុស្ស​រក​លុយ​សម្រាប់​ទុក​ក្នុង​ផ្ទះ​ដើម្បី​ត្រៀម​ក្នុង​ពេល​មាន​អាសន្ន​ប៉ុណ្ណោះ ។

មើល​ឃើញ​មាន​មនុស្ស​ស្ត្រី​ប្រុស​ជា​ច្រើន ​ពួក​គេ​ដូច​ជា​មនុស្ស​ក្រៅ​ភព​ព្រោះ​លក្ខណៈ​ពួក​គេ​គឺ​ចម្លែក​ៗ ។ ខ្ញុំ​ចាប់​ផ្ដើម​ធុញ​ថប់​នៅ​​ទី​នោះ ក្នុង​ខណៈ​ដែល​ភ្លេង​កាន់​តែ​ញាប់​ បេះ​ដូង​កាន់​តែ​លោត​រក​តែ​សម្រាក​ដក​ដង្ហើម​ឲ្យ​ស្រួល​មិន​បាន​។ ខ្ញុំ​ចាប់​ផ្ដើម​គិត​​ឆ្កួត​ៗ​​​ទៀត​ហើយ ចេះ​តែ​នឹក​ថា​បើ​ចាក់​ភ្លេង​នៅ​ផ្ទះ​រាំ​ប្រហែល​ជា​ស្រួល​ជាង មនុស្ស​ចាំ​បាច់​មក​​ប្រជ្រៀត​គ្នា​រាំ ដោយ​ក្បាល​ស្ទើរ​តែ​ទង្គិច​គ្នា​។ ស្រមៃ​មើល​ទៅ​មាន​ខុស​អី​​​ពី​ដង្កូវ​នៅ​ក្នុង​ក្រឡ​ប្រហុក​របស់​អ៊ុំ​ខ្ញុំ​នោះ​ទេ ហើយ​​​ក៏​មិន​ខុស​ពី​ដង្កូវ​ក្នុង​បង្គន់​ជំនាន់​មុន​ដែរ ។

កន្លែង​ហ្នឹង​ហើយ​ដែល​គេ​ហៅ​ថា​«ក្លឹប» ដែល​មនុស្ស​ជា​ច្រើន​ជា​ពិសេស​ក្មេង​ៗ​​​ចូល​ចិត្ត​​ ។ នឹក​ដល់​ពេល​ទូរស័ព្ទ​​កក់​កន្លែង​គេ​ថា​ពេញ​អស់​ហើយ កន្លែង​ពិសេស​ៗ​គេ​ទុក​ឲ្យ​ភ្ញៀវ​ប្រចាំ​របស់​គេ មាន​ភ្ញៀវ​ខ្លះ​មាន​ដល់​កាត​ វី អាយ​ ភី ដែល​គេ​មក​រាល់​ចុង​ថ្ងៃ​សម្រាក​​​  ។ ខ្ញុំ​គិត​ថា​សង្គម​ដែល​ខ្ញុំ​រស់​នៅ​គឺ​កាន់​តែ​ប្លែក​ ព្រោះ​កន្លែង​អាន​សៀវភៅ​ដូច​ជា​គ្មាន​មនុស្ស​ចូល​រួម​កកកុញ​បែប​នេះ​ទេ បើ​ទៅ​បណ្ណាគារ​រក​ទិញ​សៀវភៅ​វិញ ស្ទើរ​តែ​រក​មនុស្ស​មិន​ឃើញ ។
មើល​ទៅ​ខ្ញុំ​គិត​ខុស​ហើយ ​មិន​មែន​ពួក​គេ​ចម្លែក​ទេ គឺ​ខ្ញុំ​បាន​ជា​មនុស្ស​ចម្លែក​ ព្រោះ​បើ​ខ្ញុំ​និយាយ​ជា​មួយ​នរណា​ម្នាក់​ពី​រឿង​នេះ​គេ​នឹង​គិត​ថា​ខ្ញុំ​ជា​មនុស្ស​ចុះ​មក​ពី​ពិភព​​ផ្កាយ​មិន​ខាន​ ។

Miscellanea-photo-book-bokeh
​រឿង​ដែល​សប្បាយ​ចិត្ត​គឺ​ខ្ញុំ​មិន​ស្រវឹង​ហើយ​អាច​បើក​ឡាន​ជូន​បង​ប្អូន​ត្រលប់​​មក​ដល់​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព ។ ឆ្លងកាត់​យប់​នេះ​និង​យប់​ជា​ច្រើន​បន្ត​បន្ទាប់​កន្លង​មក​ ទើប​យល់​​ថា​ទី​កន្លែង​នោះ​មិន​សម​នឹង​ខ្ញុំ​ឡើយ ។ ប្រហែល​មួយ​ឆ្នាំ​អាច​ទៅ​បាន​ម្ដង​ឬ​ពីរ​ដង​​​​ ចាត់​ទុក​ថា​ការ​រាំ​នេះ​​ជា​ការ​ហាត់​ប្រាណ​ពេល​រាត្រី​ទៅ​ចុះ ។​
ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ចូល​រួម​រៀន​សូត្រ​​ ស្វែង​យល់​ពី​គ្រប់​យ៉ាង​ថ្មី​ៗ​ដែល​មាន​ក្នុង​សង្គម​ ។ ត្រូវ​ឬ​ខុស ស្រលាញ់​​ឬ​ស្អប់​នៅ​តែ​ជា​ជម្រើស​របស់​ខ្ញុំ ។​ មាន​រឿង​ខ្លះ​ទាល់​តែ​​យើង​ឆ្លង​កាត់​​ ទើប​ដឹង​ពី​ទីតាំង​ដែល​ខ្លួន​ឯង​កំពុង​ឈរ​និង​ដឹង​ច្បាស់​ថា​ខ្លួន​ឯង​ជា​នរណា​ឲ្យ​ប្រាកដ​​ ។ ​វា​មិន​ខុស​ពី​​ពាក្យ​ដែល​ឆាវឆាវ​ (ក្នុង​រឿង​សាម​កុក) បាន​និយាយ​នោះ​ទេ​​៖ «​ដើរ​កាត់​ផ្នូរ​ខ្មោច​ទើប​ដឹង​ថា​​​ខ្លួនឯង​​​នៅ​រស់​» ។​

ខ្ញុំ​នៅ​តែ​អាច​ស្វែង​រក​ការ​សប្បាយ​ដែល​ខ្លួន​ឯង​ត្រូវ​ការ និង​ជា​ចំណូល​ចិត្ត​ដ៏​ពិត​ប្រាកដ​ ក្រៅ​ពី​អាន​សៀវភៅ ធ្វើ​ម្ហូប ខ្ញុំ​នៅ​អាច​ញុំា​កាហ្វេ ញុំា​តែ… ​ស្ដាប់​ភ្លេង​ ជួប​ជុំ​មិត្តភ័ក្ដិ…​ ជជែក​ពី​សង្គម ពី​នេះ​ពី​នោះ​… ហើយ​ទទួលយក​​បទ​ពិសោធន៍​ថ្មី​ៗ​រវាង​គ្នា​និង​គ្នា​ ទាំង​នេះ​ជា​ការ​សម្រាក​និង​ការ​ជួប​ជុំ​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ ដោយ​​ខ្ញុំ​​ក៏​មិន​ដែល​គិត​ថា​នឹង​​ផ្លាស់​ប្ដូរ​វា​​​ម្ដង​ណា​នោះ​ទេ​​ ។ 

មតិ»

1. jz4u - 24/02/2015

“តាម​ការ​ស្លៀក​ពាក់​របស់​ខ្ញុំ​រាល់​ថ្ងៃ​មើល​ទៅ​ដូច​ជា​ស្អាត​បាត​និង​​ហំ ហាន​​ខ្លាំង​​ណាស់ ប៉ុន្តែ​នរណា​ហ៊ាន​និយាយ​ថា​សំលៀក​បំពាក់​គឺ​ជា​អ្វី​គ្រប់​យ៉ាង​របស់​មនុស្ស​?” បងសំណាងហើយដែលបានស្លៀកពាក់ហំ​ មានឡានជិះរាល់ថ្ងៃនោះ អ្នកខ្លះ(រួមទាំងខ្ញុំ)​ មិនទាំងបានស្គាល់រស់ជាតិស្លៀកពាក់ស្អាតបាតរាល់ថ្ងៃចឹងទេ។
បើនិយាយពីក្លិបអស់នោះវិញ រស់ចង់ពាក់កណ្តាលជីវិតហើយ មិនដែលស្គាល់បានម្តងផង។ ក៏ប្រហែលមកពីខ្ញុំមិនចូលចិត្តមនុស្សកកកុញ ក៏មិនចូលចិត្តភ្លេងខ្លាំងៗដែលគ្រាន់តែលឺក៏ចង់គាំងបេះដូងនោះទេ។
អ្វីដែលខ្ញុំសំគាល់ឃើញពីចំនុចដូចគ្នារវាងយើង គឺខ្ញុំុំចូលចិត្តភាពស្ងប់សុខ ចូលចិត្តទេសភាពបែបធម្មជាតិ ដែលផ្តល់ភាពសុខស្រួលទាំងកាយទាំងចិត្ត។

មាន​សង្ឃឹម - 05/05/2015

ពួក​យើង​មាន​ជីវិត​តែ​មួយ​ប៉ុន្តែ​​វា​សនា​គឺ​មិន​ដូច​គ្នា ។ ខ្ញុំ​គួរ​តែ​អរគុណ​ចំពោះ​ខ្លួន​ឯង​ដែល​បាន​ប្រើ​ចំណាយ​ពេល​វេលា​ការ​លំបាក​ទម្រាំ​​តែ​រក​ឃើញ​ស្ថាន​ភាព​មួយ​ដ៏​ប្រសើរ​ ។ អ្នក​ក៏​ដូច​ជា​មនុស្ស​ផ្សេង​ទៀត​ពិត​ជា​មិន​ដឹង​ថា​តើ​ជីវិត​ខ្ញុំ​ឆ្លង​កាត់​រឿង​អ្វី​ខ្លះ​ ទម្រាំ​​បាន​ប៉ុណ្ណេះ ។ ក្រ​ឬ​មាន​មិន​សំខាន់​ សំខាន់​គឺ​សប្បាយ​ចិត្ត​មាន​មនុស្ស​មិន​តិច​ទេ​ដែល​គេ​អាច​រស់​ដោយ​រីករាយ​ជា​មួយ​អ្វី​ដែល​គេ​មាន ទោះ​ជា​បន្តិច​បន្តួច​ក្ដី​ ។ អរគុណ​ដែល​បាន​ចូល​រួម​ ជូន​ពរ​ប្អូន​សំណាង​ល្អ​!!​

2. Miss. Rosie - 29/05/2015

បងស្រីដូចខ្ញុំ ដូចខ្ញុំនោះគឺនៅត្រង់ចំនុចសង្គមណាយក្លប់នេះតែម្តង ខ្ញុំជាមនុស្សក្បាលមួយនៅទីក្រុងដ៏សែនអួរអាប់នេះ។ ណាយក្លប់ធ្លាប់ទៅច្រើនដងហើយ ទៅច្រើនដងដោយសារក្រុមការងារឬអាចនិយាយបានថាទៅដើម្បីទៅមើសសង្គមដែលខ្ញុំមិនធ្លាប់ដឹងមិនធ្លាប់ឃើញពីមុនមក ខ្ញុំអាចរាំអាចច្រៀងតែសួរថាស្អាតអត់ពីរោះអត់គឺអត់ទេ។ ខ្ញុំធ្លាប់ទៅណាយក្លប់ពាក់ខោអាវរបៀបធ្វើការទៅទៀតផង អាវយឺតស សំពត់ធម្មតា មានកន្សែងរុំកភ្ជាប់ជាមួយផង ទៅដល់ទីនោះខ្ញុំដូចអ្នកស្រែចូលក្រុង អ្នកណាក៏មើលហើយសើចដែរ តែបើសួរថាខ្ញុំខ្មាសអត់គឺអត់ទេ បើនិយាយរឿងផឹកគឺអត់សោះតែម្តង ស្រាក្រហម ឬបៀរអីនោះ កាន់តែអត់តែម្តង នៅទីនោះអីដែលខ្ញុំអាចកាន់បានគឺទឹកសុទ្ធមួយដប។​ ខ្ញុំពេញចិត្តជីវិតសៀវភៅច្រើនជាងទៅទីនោះ!!

មាន​សង្ឃឹម - 11/06/2015

បង​អាច​រក​ឃើញ​មនុស្ស​ដែល​ដូច​បង​ហើយ សប្បាយ​ចិត្ត​ណាស់ អរគុណ​ប្អូន​ស្រី​!!

3. បុរិន្ទ - 05/06/2015

ពេញចិត្ត @អាវ​វាល​ក​បញ្ចេញ​សាច់​ទ្រលុក​ទ្រលន់​មួយ​ទំហឹង

មាន​សង្ឃឹម - 11/06/2015

ថា​មែនៗ!!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: