jump to navigation

ចំណង​គ្រួសារ​ 20/02/2015

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ.
trackback

ក្នុង​ខណៈ​​ខ្ញុំ​បាន​រុញ​ទ្វា​កញ្ចក់​ដើរ​ចូល​ក្នុង​​ការិយាល័យ កុង​ម្នាក់​​ស្រលាញ់​រាប់​អាន​ខ្ញុំ​ដូច​ជា​ចៅ​ដែល​បាន​ស្នាក់​នៅ​ទី​នេះ មិន​ដឹង​ថា​គាត់​មាន​រឿង​អី​ ឃើញ​ខ្ញុំ​ភ្លាម​គាត់​បាន​និយាយ​ថា ៖ «​​ចាវ​អាន​(​ពាក្យ​ចិន​ដែល​ប្រែ​ថា​ អរុណ​សួស្ដី​) រឿង​ដែល​ពិបាក​ដោះ​ស្រាយ​បំផុត​គឺ​រឿង​គ្រួសារ​នេះ​ឯង​ ។ អា​ចៅ​ស្អាត​ឯង​ចាំ​ពាក្យ​កុង​ទុក​មិន​ខុស​ទេ​» ។ ខ្ញុំ​ញញឹម​ពព្រាយ​ដូច​រាល់​ដង ហើយ​តប​វិញ «​ចាវ​អាន​កុង​!! ខ្ញុំ​ដឹង ប៉ុន្តែ​រឿង​ដែល​សប្បាយ​ចិត្ត​គឺ​នៅ​​មាន​ជីវិត​អាច​ឃើញ​កុង​មាន​សុខភាព​ល្អ​រាល់​ថ្ងៃ​​» ។
គាត់​លើក​មេ​ដៃ​ដាក់​ខ្ញុំ «​ល្អ​ហើយ! អា​ចៅ​ឯង​ឆ្លាត​ចេះ​និយាយ​ឲ្យ​មនុស្ស​ចាស់​សប្បាយ​ចិត្ត​ ទៅ​ណា​មក​ណា​ច្បាស់​​ជា​មាន​គេ​ស្រលាញ់​រាប់​អាន​ច្រើន​​​ ជា​មនុស្ស​មាន​ហុង​ស៊ុយ​» ។ បញ្ចប់​ការ​សន្ទនា​​ដ៏​ខ្លី​ខ្ញុំ​ក៏​បែក​ពី​គាត់​ ​ដោយ​បាន​​ចូល​ធ្វើការដូច​ធម្មតា… ។

ជា​ការពិត​គាត់​និយាយ​ត្រូវ​ រឿង​ដែល​ពិបាក​បំផុត​គឺ​ចំណង​គ្រួសារ ដែល​ពេល​ខ្លះ​មើល​ទៅ​វា​មិន​ស្មុគស្មាញ​​ប៉ុន្តែ​វា​ពិបាក​ដោះ​ស្រាយ​ទៅ​វិញ​ ។ អ្នក​ជិត​ខាង​របស់​​ខ្ញុំ​បាន​លែងលះ​ព្រោះ​តែ​គ្មាន​ប្រាក់ ព្រោះ​តែ​ភាព​ក្រីក្រ ប្រពន្ធ​បន្ទោស​ប្ដី ប្ដី​បន្ទោស​ប្រពន្ធ… ។ មិត្ត​ភក្តិ​ជិត​ស្និត​របស់​ខ្ញុំ​ប្រឈម​មុខ​និង​ការ​លែង​លះ​ព្រោះ​តែ​គ្មាន​ការ​យល់​ចិត្ត​រវាង​គ្នា​​និង​គ្នា​ក្នុង​ខណៈ​ដែល​ពូក​គេ​មាន​ប្រាក់​ចាយ​មិន​អស់​​​… ។
និយាយ​ត្រលប់​ទៅ​វិញ​មិន​ខុស​ពី​អត្ថបទ​មុន​ដែល​ខ្ញុំ​បាន​សរសេរ​គឺ «​រៀន​ស្រលាញ់​» នោះ​ទេ​ បើ​មនុស្ស​ទាំង​ពីរ​នាក់​រៀន​មិន​ចេះ​មេរៀន​មួយ​នេះ​ អ្នក​នឹង​ដើរ​ដល់​ផ្លូវ​បំបែក​ចៀស​មិន​ផុត​។ មេធាវី​ម្នាក់​​ដែល​​បាន​លួច​ខ្សឹប​ប្រាប់​ខ្ញុំ​ថា «​ចិន្ដា​ឯង​ដឹង​ទេ​? ថ្វី​បើ​គ្រប់​យ៉ាង​ដូច​ជា​ស្ងប់​ស្ងាត់​ ប៉ុន្តែ​អត្រា​​នៃ​ការ​លែង​លះ​គឺ​មាន​កម្រិត​​ខ្ពស់​ខ្លាំង​ណាស់​​ពេល​នេះ» ។

stretched-thin.best_​នឹក​ដល់​ពាក្យ​ថា «​អស់​ស្រលាញ់​» ខ្ញុំ​ដូច​ជា​ឆ្កួត ដោយ​យល់​ថា​មនុស្ស​ក្នុង​លោក​គឺ​គួរ​ឲ្យ​ធុញ​ទ្រាន់ ។ ចុះ​ពេល​​ស្រលាញ់​គ្នា​ដំបូង​ៗ​​ម៉េច​ក៏​ល្អ​គ្រប់​យ៉ាង ស្ម័គ្រ​ចិត្ត​ស្ម័គ្រ​កាយ​ទទួល​រឿង​សព្វ​បែប​​ដោយ​ឥត​ខ្ចោះ​របស់​ដៃ​គូរ​ រហូត​ដល់​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​គ្មាន​ស្ដាយ​ស្រណោះ​អ្វី​បន្តិច​សោះ ប៉ុន្តែ​បែរ​​ដល់​ពេល​មួយ… ដូច​ជា​ឆ្អែត ព្រោះ​គ្រប់​យ៉ាង​បាន​ផ្លាស់​ប្ដូរ​ ។ សាក​គិត​បន្តិច​មើល «ថា​អ្នក​​ប្រែ​ប្រួល​ឬ ​ខ្ញុំ​​ប្រែ​ប្រួល?​​» ។
មនុស្ស​ដែល​មិន​បាន​ជួប​គ្នា ​ខិតខំ​តស៊ូ​ជាមួយ​គ្នា​​ទោះ​ជា​មាន​​ឧបសគ្គ​ សុខ​ចិត្ត​ប្រឆាំង​ធម្មជាតិ ប្រឆាំង​ប្រពៃ​ណី​ ប្រឆាំង​នឹង​ជាតិ​​ជាតិ​សាសនា រនាំង​គ្រួសារ​​… ប៉ុន្តែ​​​អ្នក​ដែល​បាន​​រស់​នៅ​ជួបជុំ​គ្នា​បែរ​ជា​ព្យាយាម​រុញ​គ្នា​ចេញ​ពី​ម្ខាង​ទៅ​ម្ខាង​ទៅ​វិញ​ ។​

មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា​ដូច​ជា​អាន​សៀវភៅ​មួយ​ក្បាល «​អាន​ចប់​គឺ​ចប់​ ក៏​ស្វែង​រក​សៀវភៅ​ថ្មី​សម្រាប់​អាន​បន្ត​» ។ ពេល​ខ្លះ​ការ​ស្គាល់​គ្នា​អស់​ពី​ពោះ​ពី​ពង់​ពេក​ដូច​ជា​លែង​មាន​ន័យ ដូច​ជា​គ្មាន​អ្វី​ដែល​អស្ចារ្យ​និង​គួរ​ឲ្យ​ស្វែង​យល់​ទាល់​តែ​សោះ ។ ប្រែ​ពី​មនុស្ស​ស្រលាញ់​គ្នា​ ពី«​បង​និង​អូន» មក​ជា​មនុស្ស​រាប់អាន​គ្នា​ដូច​ជា​បង​និង​ប្អូន​ ​«ឯង​និង​អញ» ។
ប្រែ​ពី​ការ​ស្រលាញ់​ចេញ​ពី​បេះដូង​​ «មក​ជា​​ការ​ស្រលាញ់​ដើម្បី​ស្រលាញ់» គ្រប់​យ៉ាង​ដែល​បំពេញ​ឲ្យ​គ្នា​ប្រែ​​ទៅ​ជា​«​កាតព្វកិច្ច» ។
«​មនុស្ស​ទី​បី​»​ ​អាច​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​មនុស្ស​ចាប់​ផ្ដើម​​នឿយ​ណាយ​អស់​ក្ដី​​ស្រលាញ់ ។ ​ពេល​ដែល​មាន​វត្តមាន​អ្នក​ទីបីដើរកាត់​ផ្លូវ​ជីវិត​របស់​អ្នក​ អ្នក​អាច​នឹង​​គិត​ថា​មនុស្ស​ថ្មី​ល្អ​ជាង​ស្វាមី​​ភរិយា​ឬ​គូរ​ស្នេហ៍​​របស់​អ្នក ។ ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​មួយ​ទៀត​គឺ​អ្នក​ពិត​ជា​ចង់​ចាក​ចេញ​ដោយ​គ្មាន​នរណា​ម្នាក់​ចូល​ក្នុង​បេះ​ដូង​អ្នក​ទាល់​តែ​​សោះ ។

ខ្ញុំ​នៅ​តែ​ឆ្កួត​ ព្រោះ​គិត​ថា​ការ​ស្រលាញ់​បែប​កាតព្វកិច្ច​​ខុស​ពី​ការ​ស្រលាញ់​ចេញ​ពី​បេះ​ដូង ហើយ​ខ្ញុំ​នៅ​គិត​ទៀត​ថា​គ្មាន​នរណា​ម្នាក់​ចង់​បាន​ការ​រស់​នៅ​ក្នុង​សភាព​ស្រលាញ់​បែប​នេះ​ទេ ។ វា​ដូច​ជា​​ជំពាក់ជំពិន​… ដូច​ជា​ចំណង​បិត​​មុខ​​ដែល​ពិបាក​ស្រាយ​​… ។​
មនុស្ស​​ចាប់​ផ្ដើម​គិត​ដល់​ការ​បែក​បាក់​ព្រោះ​មិន​យល់​ចិត្ត​គ្នា ព្រោះ​តែ​ការ​​យល់​ឃើញ​​ខុស​គ្នា ។ ចុះ​ម៉េច​ក៏​ពេល​មុន​ពួក​យើង​ត្រូវ​គ្នា​ម្ល៉េះ​​? នេះ​មិន​មែន​ព្រោះ​តែ​«ឆ្អែត​និង​អស់​ស្រលាញ់»​ទេ​ឬ​?
ម្នាក់​ចង់​បាន​ពណ៌​ស ម្នាក់​ចង់​បាន​ក្រហម ​រក​ចំនុច​កណ្ដាល​មិន​ឃើញ​ ​បណ្ដាល​ឲ្យ​ការ​លាប​ពណ៌​ផ្ទះ​ទៅ​ជា​ក្រវេមក្រវាម​​មិន​គួរ​ឲ្យ​ទាក់​ភ្នែក ហើយ​​​វា​ដូច​ជា​ផ្ទះ​សម្រាប់​មនុស្ស​ឆ្កួត​រស់​នៅ ។

wedding-couple-holding-hands
ខ្ញុំ​នឹក​ពាក្យ​មួយ​ម៉ាត់​ដែល​ខ្ញុំ​បាន​ជួប​ «​កុំ​កាត់​ចំណង​ដែល​អាច​ស្រាយ​បាន​» ប្រហែល​វា​ជា​គន្លឹះ​ដល់​គូរ​ស្វាមី​ទាំងឡាយ​ដែល​ដើរ​ដល់​ផ្លូវ​បំបែក ។ ខ្ញុំ​ក៏​មាន​ពាក្យ​ពីរ​ឃ្លា​សម្រាប់​អ្នក​ត្រិះរិះ​ពិចារណា​ «​កុំ​បោះ​បង់​ខ្ញុំ​ចោល​បើ​អ្នក​នៅ​ត្រូវការ​ខ្ញុំ​» និង​ពាក្យ​មួយ​ឃ្លា​ចុង​ក្រោយ​ដែល​ចង់​ឲ្យ​អ្នក​​ប្រើ​គំនិត​ផ្ទាល់​ខ្លួន​សម្រាប់​គិត​បន្តិច​«​សុខ​ចិត្ត​បាត់​បង់​មនុស្ស​ដែល​យើង​ស្រលាញ់ កុំ​បាត់​បង់​មនុស្ស​ដែល​ស្រលាញ់​យើង​» ។
ខ្ញុំ​ចំណាយ​ពេល​គិត​ខ្លះ ហើយ​បេះ​ដូង​ខ្លួន​ឯង​ក៏​ចាប់​ផ្ដើម​រន្ធត់ ។ ខ្ញុំ​ស្អប់​ការ​បែក​បាក់… ខ្ញុំ​នៅ​តែ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​មនោសញ្ចេតនា​និង​ការ​អាណិត​អាសូរ​ដ៏​លើស​លប់​ម្នាក់ ។ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ជិត​ខាង និង​មិត្ត​ភក្តិ​ខ្ញុំ ​រួម​ទាំង​មនុស្ស​ទាំង​អស់​ដើរ​ដល់​ចំនុច​នៃ​ការចែក​ផ្លូវ​នោះ​ទេ ព្រោះ​វា​​ជា​ចំនុច​កំពូល​នៃ​ការ​ឈឺចាប់​​ក្នុង​ជីវិត​មនុស្ស​។

សូម​កាន់​ដៃ​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ដើរ​ជាមួយ​អ្នក​ជា​យូរឆ្នាំ ផ្លូវ​ដែល​អ្នក​ដើរ​ជាមួយ​គ្នា​គឺ​វែង​ណាស់​មក​ហើយ ហេតុផល​ដែល​បោះ​បង់​​​ពាក់​កណ្ដាល​ទី​ គឺ​​ជា​ហេតុផល​បរាជ័យ​ក្នុង​ឆាក​​ជីវិត ។ តើ​យើង​ត្រូវ​ត្រួសត្រាយ​ផ្លូវ​តែ​ម្នាក់​ឯង​តើ​​ពិបាក​និង​ហេលហាល​​ប៉ុណ្ណា?​ មនុស្ស​មក​ថ្មី​ដែល​ដើរ​​ចូល​មក​ជីវិត​របស់​យើង​​មិន​កំណត់​ថា​អាច​ស្មោះ​ស្ម័គ្រ​រួម​ដំណើរ​ពេល​វេលា​ដែល​​នៅ​សល់​របស់​យើង​នោះ​ទេ ជួន​កាល​គេ​គ្រាន់​តែ​ដើរ​កាត់​ផ្លូវ​ជីវិត​របស់​យើង​ត្រឹម​តែ​មួយ​ពេល​ប៉ុណ្ណោះ​។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: