jump to navigation

កង់​ថ្មី​របស់​ប៉ា​ខ្ញុំ​ 19/04/2014

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន.
trackback

ចូល​ឆ្នាំ​ថ្មី​នេះ​ខ្ញុំ​និង​បង​ស្រី​បាន​សម្រេច​ទិញ​កង់​ថ្មី​មួយ​​ឲ្យ​ប៉ា​របស់​ខ្ញុំ​ទុក​ជា​កា​ដូរ វា​មិន​ថ្លៃ​នោះ​ទេ​ ប៉ុន្តែ​អ្នក​ក៏​ដឹង​ថា​ទឹក​ចិត្ត​គឺ​សំខាន់​ជាង ។ ក្រោយ​ពី​ជួប​​គ្រោះថ្នាក់​ចរាចរណ៍​មក ​ប៉ា​របស់​ខ្ញុំ​បាន​បាត់​បង់​ការ​ចងចាំ​មួយ​ចំនួន ហើយ​គាត់​បាន​ប្រែក្លាយ​ជា​មនុស្ស​ថ្មី​ទាំង​ស្រុង​គឺ​មិន​និយាយ​ស្ដី ដោយ​គាត់​ចំណាយ​ពេល​ញញឹម​ច្រើន​ជាង ប៉ុន្តែ​បើ​ពេល​គាត់​និយាយ​គឺ​ឃ្លា​អ៊ែ​តែ​ម្ដង ។​

ឆ្លងកាត់​ការ​គ្រោះ​ថ្នាក់​ដ៏​ធំ​ក្នុង​ជីវិត​របស់​គាត់ ប៉ា​ចូល​ចិត្ត​ស្ដាប់​​ច្រើន​ជាង​និយាយ ។ គាត់​លែង​មាន​ពាក្យ​ទូន្មាន​សម្រាប់​ពួក​ខ្ញុំ លែង​មាន​ការ​ផ្ដល់​យោបល់ ឬ​​អនុសាសន៍​​អ្វី​ផ្សេងៗ​… ដូច​ពេល​មុន​ ។​ អ្វី​ដែល​គាត់​មាន​គឺ​ការ​រស់​នៅ​ដ៏​ស្ងប់​ស្ងាត់ ។ ​ក្រោយ​ពេល​ចូល​និវត្តន៍​ ប៉ា​បាន​ចំណាយ​ពេល​ជា​មួយ​​ក្តា​​អុក​ ញាំ​​កាហ្វេ​ ជក់​បារី​ជា​មួយ​ចាស់ៗ​ស្របាល​គាត់…ជា​ប្រចាំ ។​ គាត់​ដូច​ជា​ព្រះអង្គ​​សម្រិត​ទៅ​ហើយ ដែល​ត្រជាក់​ល្ហឹម​គ្រប់​ពេល​ ។

មិន​តិច​ពេល​ទេ​ដែល​ពួក​យើង​បាន​លឺ​សំឡេង​​​ស្រែក​ហ៊ោ​របស់​គាត់​ចេញ​ពី​តូប​កាហ្វេ​តូច​មួយ​ក្បែរ​ភូមិ​ដែល​បង​ស្រី​ខ្ញុំ​រស់​នៅ ។ តើ​ជីវិត​ពិត​ជា​អស្ចារ្យ​បែប​នេះ? និយាយ​តាម​ត្រង់ ​ខ្ញុំ​ចង់ឲ្យ​គាត់​ស្ថិត​ក្នុង​ភាព​បែប​នេះ​។ ការ​មិន​ឈឺចាប់​ផ្នែក​ផ្លូវ​ចិត្ត​ ភាព​ស្ងប់​សុខ បរិភោគ​បាន​គ្រប់គ្រាន់ ​​សម្រាន្ត​​​​​លក់​ស្រួល​​… ។ ​គ្មាន​​ចិត្ត​​ព្យាបាទ មិន​ច្រណែន​ឈ្នានីស​ គ្មាន​ការ​ប្រកួត​ប្រជែង​ លែង​លោភលន់​ លែង​ចង់បាន​ជា​មួយ​កិលេស​​តណ្ហា​របស់​សត្វលោក​… ។

ម្តាយមីង​ខ្ញុំ​ជា​មួយ​កង់​ Miyata របស់​ប៉ា​ក្នុង​ឆ្នាំ​១៩៨០

​ ម្ដាយ​មីង​ខ្ញុំ​ថត​ជាមួយ​កង់​ Miyata របស់​ប៉ា​ក្នុង​ឆ្នាំ​១៩៨០

និយាយ​អំពី​ប្រវត្តិ​កង់​នេះ​ វា​ជា​កង់​ម៉ាក​ Miyata វិញ​ ។ វា​​​ត្រូវ​បាន​ពេញ​និយម​នៅ​កំឡុង​ទសវត្ស​​​​​ឆ្នាំ​៨០​ ។ កាល​នោះ​ប៉ា​ធ្លាប់​មាន​កង់​នេះ​មួយ​ដោយ​រដ្ឋ​បាន​បើក​ឲ្យ​សម្រាប់​មន្ត្រី​រាជការ​ថ្នាក់​ខ្ពស់​និង ​មាន​ស្នាដៃ​ ។ វា​ជា​អនុស្សាវរីយ៍​​ចាស់​សម្រាប់​គ្រួសារ​ខ្ញុំ ជា​ពិសេស​គឺ​សម្រាប់​គាត់… ថ្វី​បើ​ពេល​នេះ​គាត់​មិន​អាច​បើក​ម៉ូតូ ឬ​ឡាន​បាន ប៉ុន្តែ​គាត់​ញញឹមញញែម​ពេញ​ចិត្ត​នឹង​កង់​ថ្មី​នេះ​ណាស់ ។

បង​ស្រី​ទី​២​របស់​ខ្ញុំ បាន​ស្រាវ​ជ្រាវ​ស្គាល់​កន្លែង​ធ្វើ​កង់​នេះ ។ វា​ជា​កង់​ចាស់​ដែល​សល់​ពី​ជំនាន់​មុន ដែល​ត្រូវ​បាន​គេ​ប្រមូល​មក​ជួស​ជុល​ថែម​ថយ​ជា​ថ្មី… គ្មាន​នរណា​ដឹង​ថា​កង់​ដែល​ប៉ា​ខ្ញុំ​ជិះ​ពេល​នេះ​ធ្លាប់​ឆ្លងកាត់​រឿង​អ្វី​ខ្លះ​នោះ​ទេ? វា​ពិត​អស្ចារ្យ​ដែល​ខ្ញុំ​ស្រមៃ​ឃើញ​ថា ​លោកប៉ា​បាន​ដឹក​កូន​ស្រី​ខ្ញុំ​ចេញ​ពី​សាលា​ជា​មួយ​កង់​នេះ ​វា​កាន់​តែ​​បង្ហាញ​ពី​​ភាព​សង្ហា​របស់​គាត់​ក្នុង​វ័យ​ចំណាស់​ឲ្យ​កាន់​តែ​លេចធ្លោ​​ ។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​មែន​ទែន ។ ជា​ពិសេស​ទៅ​ទៀត​​នៅ​លើ​តួ​ខាងក្រោម​កង់​មាន​សរសេរ​ពាក្យ​ជា​ភាសា​អង់គ្លេស​ដែល​ខ្ញុំ​និង​បង​ស្រី​បាន​ជ្រើសរើស​ «Love From Your Daughters, Sophoin & Chenda» ដោយ​បូក​បញ្ចូល​ឈ្មោះ​របស់​ខ្ញុំ​និង​បង​ស្រី​ជា​មួយ​គ្នា ។​

«​សុំ​ទោស​លោកប៉ា​ដែល​ពួក​យើង​មិន​មាន​អ្វី​ច្រើន​ជូន​ប៉ា… ។ ​នេះ​គ្រាន់​តែ​ជា​អ្វី​ដែល​ពួក​ខ្ញុំ​ចង់​​ផ្ដល់​ឲ្យ​ប៉ា​…​​ ខ្ញុំ​ដឹង​វា​មិន​ហ៊ឺហា​ ខ្ញុំ​ដឹង​វា​មិន​មែន​ជា​​របស់​​ទំនើប​ស៊ី​​វីល័យ​ មិន​មែន​ជា​ឡាន​​សេរី​ថ្មី​ដែល​​មាន​តម្លៃ​ខ្ពស់ ហើយ​ប្រហែល​​មិន​មែន​ជា​អ្វី​ដែល​មនុស្ស​ចំណាស់​​គ្រប់​គ្នា​ស្រលាញ់​និង​ចង់បាន​… ។ ប៉ុន្តែ​នេះ​ជា​ទឹក​ចិត្ត​ដ៏​ស្មោះសរ​ដែល​ពួក​កូន​មាន ។»

វា​មិន​ច្រើន​ វា​មិន​លើស​លប់​ ប៉ុន្តែ​ពូក​ខ្ញុំ​គ្រាន់​តែ​ចង់​នាំ​គាត់​ទៅ​កាន់​អនុស្សាវរីយ៍​ដ៏​អស្ចារ្យ​មួយ​ គ្រាន់​តែ​ហៅ​ការ​ចងចាំ​ដែល​កន្លង​ផុត​ឲ្យ​វិល​​ត្រលប់​មក​ឲ្យ​គាត់​វិញ​ម្ដង​ទៀត​​ នោះ​គឺ​ជា​អនុស្សាវរីយ​កាល​ពី​ប៉ុន្មាន​ទសវត្ស​​​មុន ​ដែល​គាត់​ជា​វីរបុរស​ក្នុង​ ចិត្ត​ប្រជាជន ​​ជា​មន្ត្រី​រាជការ​ដ៏​ស្មោះត្រង់​និង ​ត្រឹមត្រូវ​សម្រាប់​ប្រទេស​ជាតិ​ ។ នេះ​ជា​សម្បត្តិ​ និង​កេរ្តិ៍​ឈ្មោះ​ក្នុង​នាម​​ ជា​គ្រូ​បង្រៀន​ផ្នែក​អក្សរសាស្ត្រ​​ម្នាក់ ជា​មន្ត្រី​​​អភិវឌ្ឍន៍​ម្នាក់ លោក​ប៉ា​​ជា​គំរូ​ឈាន​មុខ​សម្រាប់​ពួក​យើង​ជា​រាង​រហូត ។ ​

កង់​ Miyata

កង់​ Miyata

10151367_4296439745599_4964199152732510020_n

ឈ្មោះ​នឹង​ម៉ាក​របស់​កង់​

ឈ្មោះ​និង​ម៉ាក​របស់​កង់​

 

ប៉ា​និង​ម៉ាក់​រួម​ទាំង​កូន​ស្រី​ខ្ញុំ​

ប៉ា​និង​ម៉ាក់​រួម​ទាំង​កូន​ស្រី​ខ្ញុំ​

10151367_4296439745599_4964199152732510020_n

ខ្ញុំ​និង​បង​ស្រី​

ខ្ញុំ​និង​បង​ស្រី​

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: