jump to navigation

ប្រវត្តិ​សៀម និង ថៃ រួម​ទាំង​មូល​ហេតុ​ធ្វើ​ឲ្យ​ខ្មែរ​ឱនភាព​​រហូត​ដល់​សព្វ​ថ្ងៃ​ 22/02/2013

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ.
trackback

លោក​សាស្ត្រាចារ្យ​​ បណ្ឌិត​ រស់ ចន្ត្រាបុត្រ អនុប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា និង​ ជា​អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​មាន​ប្រសាសន៍​​ថា​ សៀម​ជា​កុល​​សម្ព័ន្ធ​មួយ​ ដែល​ជា​អ្នក​បម្រើ និង ជា​កង​ទ័ព​ស្ដេច​​ខ្មែរ​ព្រះ​បាទ​សុរិយា​​វរ្ម័ន​​ទី​២ ដែល​បាន​សោយរាជ្យ​ពី​ឆ្នាំ១១១៣ ដល់ ឆ្នាំ​១១៥០ ។ លោក​បន្ត​ថា​ ការ​ស្គាល់​ជនជាតិ​នេះ​ច្បាស់​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​សិលា​ចារឹក​មួយ​នៅ​ប្រាសាទ​អង្គរ​តូច​ នៅ​ថែវទី២ ជ្រុង​ខាង​ត្បូង​ឆៀង​ខាងកើត​ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ​ សិលា​ចារឹក​នោះ​ត្រូវ​គេ​លួច​គាស់​យក​ទៅ​បាត់​កាល​ពី​ពេល​កន្លង​មក​ ។

លោក​បន្ត​ដោយ​គូស​បញ្ជាក់​ថា​ «​ក្នុង​អតីតកាល សៀម​ជា​ក្រុម​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​ព្រះមហាក្សត្រ​ខ្មែរ ពួក​គេ​ជា​អ្នក​បម្រើ​ អ្នក​រៀប​ចំ​អាហារ និង​ជា​កង​ទ័ព​ការពារ​ និង ជួយ​រៀបចំ​ទឹក​ដី​ចក្រភព​ខ្មែរ» ។ លោក​សាស្ត្រាចារ្យ​ បណ្ឌិត​ រស់ ចន្ត្រាបុត្រ​បាន​បន្ត​ឲ្យ​ដឹង​ថា​ ចំណែក​ពួក​ថៃ​ គឺ​ជា​កុល​​​សម្ព័ន្ធ មួយ​​ដែល​ចុះ​មក​ពី​ភាគ​ខាង​ត្បូង​ប្រទេស​ចិន នៅ​ពេល​ដែល​ពួក​ម៉ុងហ្គោល​វាយ​ប្រទេស​នេះ ហើយ​ជន​ជាតិ​នេះ​បាន​បែក​ជា​ពីរ​ក្រុម​ មួយ​ក្រុម​មក​កាន់​ទឹក​ដី​កម្ពុជា​ដែល​ជា​ប្រទេស​ថៃ​បច្ចុប្បន្ន​នេះ និង​មួយ​ក្រុម​ទៀត​ចុះ​ទៅ​ប្រទេស​ឡាវ ។

angkor_461

លោក​បន្ថែម​ថា «​ការ​​មក​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​ ជន​ជាតិ​នេះ​បាន​ទទួល​យក​ប្រពៃណី​ទំនៀម​ទម្លាប់​​ វប្បធម៌​ អរិយធម៌ ខ្មែរ​​ និង​មួយ​ចំណែក​ទទួល​ពី​វប្បធម៌​ចិន​» ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ នៅ​ពេល​ដែល​ជន​ជាតិ​ថៃ​ចុះ​​​ពី​ស្រុក​ចិន​មក ​បាន​រួបរួម​ជាមួយ​ជន​ជាតិ​សៀម​ដែល​នៅ​បម្រើ​ខ្មែរ ដោយ​បាន​ចាប់​ផ្ដើម​​កសាង​កម្លាំង​ទ័ព​នៅ​សតវត្ស​​ទី​៩ ទៅ​សតវត្ស​​ទី​១០ និង​ចាប់​ផ្ដើម​​វាយ​ជាមួយ​នគរ​ខ្មែរ​ដើម្បី​ដណ្ដើម​​ឯករាជ្យ​ពី​ខ្មែរ​ ដោយ​មាន​ការ​ចូល​រួម​ពី ​រា​មា​កំហែង​ ដែល​ជា​អ្នក​មាន​ឥទ្ធិពល​ក្នុង​នគរ​ខ្មែរ​ក្នុង​សម័យ​នោះ​ ដែល​មាន​បំណង​ចង់​ផ្ដាច់​​ទឹក​ដី ។ បន្ទាប់​ពី​ធ្វើ​​សង្គ្រាម​​ជា​មួយ​ខ្មែរ, ថៃ​បាន​បង្កើត​ឡើង​នូវ​ប្រទេស​ និង​រាជធានី​លើក​ដំបូង​ឈ្មោះ​សុខោទ័យ  ដែល​ជា​អរុណោទ័យ​ក្នុង​ការ​ចាប់​ផ្ដើម​​ភាព​ថ្កុំថ្កើង​​របស់​ប្រទេស​នេះ ។

បន្ទាប់​ពី​ការ​បែក​បាក់​សង្គម​ជាតិ​ខ្មែរ ប្រទេស​ថៃ​បាន​បង្កើន​ការ​វាយ​លុក​ចូល​ក្រុង​អង្គរ​នៅ​សតវត្ស​​ទី​១៣ និង​ទី១៤ រហូត​ដល់​កម្ពុជា​មាន​ស្ដេច​​មួយ​អង្គ​ព្រះនាម​ចៅ​ពញាយ៉ាត បាន​រើ​រាជធានី​មក​កាន់​ទួល​បាសាន ស្ថិត​ក្នុង​ស្រុក​ស៊ី​ធរ​​កណ្ដាល​ ខេត្ត​កណ្ដាល​​​សព្វ​ថ្ងៃនេះ​ មុន​បន្ត​មក​កាន់​រាជធានី​​ចតុ​មុខ​​​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។

អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ​ឆ្នើម​ម្នាក់​ទៀត លោក​បណ្ឌិត​មីសែល​ ត្រាណេ បាន​មាន​ប្រសាសន៍​ពី​ប្រវត្តិ​របស់​ជន​ជាតិ​សៀម​ថា សៀម​ឬ​ថៃ​ជា​ជន​ជាតិ​មួយ​ដែល​មាន​អម្បូរ​ចិន ដែល​រស់​ក្នុង​ទី​ក្រុង​របស់​ខ្លួន​មួយ​ឈ្មោះ​ «​ណាវ​ចាវ» ក្នុង​ខេត្ត​យូ​ណាន​ ប្រទេស​ចិន​ភាគ​ខាង​ត្បូង​ ប៉ុន្តែ​ក្រោយ​មក​ប្រទេស​ចិន​បាន​កម្ទេច​ក្រុង​របស់​ខ្លួន​ ហើយ​ពួក​គេ​បែក​ជា​បី​ក្រុម​ចុះ​មក​ទឹកដី​ខ្មែរ ឡាវ​និង​ភូមា​សព្វថ្ងៃ ។​

លោក​បាន​បន្ត​ថា​ «​នេះ​ជា​ប្រវត្តិ​មួយ​ដែល​ថៃ​មិន​អាច​ប្រកែក​បាន ហើយ​ ប្រវត្តិសាស្ត្រ​​ប្រាសាទ​ និង​ស្ថានីយ​​បុរេ​​ប្រវត្តិសាស្ត្រ​ក្នុង​ទឹក​ដី​ថៃ​​សព្វថ្ងៃ​ជា​របស់​នគរ​ខ្មែរ​» ។ លោក​បន្ថែម​ថា​«​អ្វី​ដែល​ថៃ​មាន​បច្ចុប្បន្ន​ជា​របស់​ខ្មែរ​ ទាំង​ទឹកដី ប្រពៃណី វប្បធម៌ អក្សរសាស្ត្រ​​រាប់​ពាន់​ពាក្យ​ជា​ពាក្យ​ខ្មែរ និង​អក្សរសិល្ប៍​​ ថៃ​មិន​​​គួរ​មាន​គំនិត​វាតទីនិយម​ខ្មែរ​ទេ​យើង​ជា​បង​ប្អូន​គ្នា​»។​

លោក​ហ្សក​ ហ្សឺដេស​ អ្នក​ស្រាវជ្រាវ​បារាំង​បាន​សរសេរ​ក្នុង​ឆ្នាំ​១៩៥៦ថា រាជធានី​របស់​សៀម​ស្ថិត​នៅ​លើ​ដី​ខ្មែរ​ផង​ដែរ ។​ លោក​បណ្ឌិត​មី​សែល​ ត្រាណេ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា «​សៀម​ ដូរ​ឈ្មោះ​រាជធានី​ពី​ស្យាម ឬ សៀម​មក​ជា​ឈ្មោះ​ប្រទេស​ថៃ​ឡង់ដ៏​ ដូច​សព្វថ្ងៃ​នេះ​ គឺ​នៅ​ក្នុង​ឆ្នាំ​១៩៤៧» ។

ការ​ដែល​ខ្មែរ​ឈាន​ដល់​កម្រិត​​​​ឱនភាព​ ដល់​សព្វ​ថ្ងៃ​នេះ​ បណ្ដាល​មក​ពី​មួល​ហេតុ​អ្វី ? លោក​បណ្ឌិត​មីសែល​ ត្រាណេ​ បាន​មាន​ប្រសាសន៍​​ដោយ​គូស​បញ្ជាក់​​ថា​«​ដោយ​សារ​ខ្មែរ​យើង​ធ្វេស​ប្រហែស គ្មាន​ឯកភាព​ជាតិ​ យើង​ចាញ់​យុទ្ធសាស្ត្រ​​គេ​ ដូច្នេះ​យើង​ត្រូវ​រៀន​បទ​ពិសោធន៍​​​ប្រវត្តិសាស្ត្រ​​នេះ​ទុក​ជា​មេរៀន» ។ លោក​បន្ថែម​ថា «​យើង​ត្រូវ​រួម​គ្នា​ជា​ធ្លុង​មួយ ហើយ​យើង​មិន​ត្រូវ​បន្ទោស​គេ​ទេ ។ ថៃ​ឆ្លើយ​មក​យើង​ថា​ដោយ​សារ​យើង​ធ្វេស​​ប្រហែស មិន​ឆ្លាត​ទើប​គេ​យក គេ​វាតទី​បែប​នេះ» ។

cambodia_map480

កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ចក្រភព​ខ្មែរ​ អន់​ថយ​ពី​ធ្លាប់​មាន​ដី​ជាង​ ១លានគីឡួម៉ែត្រ​ការ៉េ​មក​ដល់​ ១៨១,០៣៥គីឡូម៉ែត្រ​ការ៉េ​សព្វ​ថ្ងៃ​នេះ​ ?​លោក​សាស្ត្រាចារ្យ​​បណ្ឌិត​រស់​ ចន្ត្រា​បុត្រ​បាន​មាន​ប្រសាសន៍​​ដោយ​គូស​បញ្ជាក់​ថា​ ក្រោយ​ពេល​ជយ វរ្ម័ន​​ទី​៧​ និង ព្រះបាទ​ជយ​វរ្ម័ន​​ទី៨​ នគរ​ខ្មែរ​បាន​បែក​បាក់​ ក្នុង​នោះ​ការ​ដូរ​សាសនា​ពី​ព្រះពុទ្ធសាសនា​មហាយាន និង​ព្រហ្មញ្ញសាសនា មក​ជា​ព្រះពុទ្ធសាសនា​បែប​ថេរវាទ​ ប្រៀប​ដូចជា​កាំបិត​ចិត​ដង​ឯង​ ការ​ដែល​សៀម​ខ្ទប់​សេដ្ឋកិច្ច​ខ្មែរ ព្រោះ​បើ​យើង​មើល​ផែន​ទី​ប្រទេស​សៀម​ជាប់​ជា​មួយ​ប្រទេស​ម៉ា​ឡា​យូ (ម៉ាឡេស៊ី​ សព្វ​ថ្ងៃ) ធ្វើ​ឲ្យ​សៀម​រាំង​ខ្ទប់​ច្រក​សេដ្ឋកិច្ច​នា​ពេលនេះ ។

លោក​បន្ត​ថា​ ដោយសារ​ការ រាំង​ខ្ទប់​ច្រក​សេដ្ឋកិច្ច​ពី​ថៃ​ ខ្មែរ​ងាក​ទៅ​រក​ច្រក​សមុទ្រ​ ស្ថិត​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​ប៉ុន្តែ​នៅ​ពេល​ដែល​យួន​យក​ទឹក​ដី​កម្ពុជា​ក្រោម​ទៀត​ កាន់​តែ​បណ្ដាល​ឲ្យ​ខ្មែរ​ត្រូវ​កាត់​ផ្ដាច់​ពី​ពិភព​ខាង​ក្រៅ​ បាន​ធ្វើ​ឲ្យ​ប្រទេស​កាន់​តែ​ទន់​ខ្សោយ​ទៅៗ​រហូត​ដល់​សម័យ​ព្រះ​បាទ​អង្គ​ឌួង​ ព្រះ​អង្គ​បាន​រៀប​ចំ​ឲ្យ​មាន​ផែ​សមុទ្រ​ក្នុង​ខេត្ត​កំពត សព្វថ្ងៃ​នេះ ។

ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​ លោក​បណ្ឌិត​មេ សែល​ត្រាណេ​បាន​បន្ត​ដោយ​លើក​ឡើង​ថា​ «​ខ្មែរ​ទើប​ចប់​សង្គ្រាម​ ខ្ញុំ​ចង់​ឲ្យ​យើង​រួបរួម​គ្នា​ជា​ធ្លុង​មួយ ព្រោះ​យើង​ល្មម​រៀន​មេរៀន​ប្រវត្តិសាស្ត្រ​​គ្រប់​គ្រាន់​ហើយ​» ។ លោក​បន្ថែម​​ថា​«​បក្ស​អាច​ស្លាប់​នៅ​ថ្ងៃ​ណា​មួយ បាន ប៉ុន្តែ​ជាតិ​មិន​អាច​ស្លាប់​ មិន​អាច​រលាយ​បាន​ទេ​ដូច្នេះ​យើង​ត្រូវ​ការ​រួបរួម​ ត្រូវ​តែ​បក្ស​ទាំង​អស់​ចូល​រួម​គ្នា ត្រូវ​គិត​ដល់​ឧត្ដម​​ប្រយោជន៍​ជាតិ ។ គិត​បក្ស​គិត​ចុះ​ ព្រោះ​ជា​សិទ្ធិ​សេរីភាព ប៉ុន្តែ​គិត​ជាតិ​ជា​ធំ​» ។

លោក​បន្ត​ដោយ​សង្កត់​ធ្ងន់​ថា​«​បើ​យើង​បែក​បាក់ យើង​ត្រូវ​រៀន​តាម​ថៃ​ ដែល​គេ​បែក​បាក់​ដើម្បី​ផល​​​ប្រយោជន៍​​រួម​របស់​ជាតិ​គេ ប៉ុន្តែ​រៀន​តាម​ខាង​ត្រូវ កុំ​រៀន​តាម​ខាង​ខុស​» ។​​​

អត្ថបទ​ដក​ស្រង់​

មតិ»

1. Lovepeehs05 - 23/02/2013

ថៃក្តី សៀមក្តី ឬ យួនក្តី មិនមែនមានប្រទេស រាប់ពាន់ឆ្នាំមកហើយទេ ហើយក៏មិនមែនមកនៅទឹកដីសព្វថ្ងៃនេះ មុនពួកម៉ុងហ្គោលបានវាយលុក កាន់កាប់ប្រទេសចិនដែរ គឺបានមកកាន់ទឹកដីសព្វថ្ងៃនេះ បន្ទាប់ពីពួកម៉ុង ហ្គោលកាន់កាប់ប្រទេសចិន គ្មានថៃគ្មានយួនបានជួយធ្វើអង្គរវត្តទេ តែអ្នកជួយធ្វើជាជនជាតិខ្មែរពិត ៗ ដែលបានរស់នៅទឹកដីថៃសព្វថ្ងៃនេះ ពួកគាត់ជាជនរងគ្រោះ ដូចតែខ្មែរកម្ពុជាក្រោមដែរ ។ អ្នកសរសេរប្រវត្តិសាស្រ្ត អ្នកស្រាវជ្រាវ មានលំអៀង ទៅតាមចំណង់ ចំណូលរបស់ពួកគេរៀងៗខ្លួន មិនអាចយកជាការបានទេ !!

2. chea savean - 09/01/2014

អ្នកប្រវត្តិសាស្ត្រត្រូវមានសំអាង​​ដូចដែលlovepeehs05អោយយោបល់


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: