អាពៅក្នុងវ័យ២១ឆ្នាំ 12/01/2012
Posted by មានសង្ឃឹម in ផ្ទាល់ខ្លួន, រឿងខ្លីរបស់ខ្ញុំ.trackback
ខ្ញុំបានបោះកាបូបរបស់ខ្ញុំទៅលើទូ រួចទម្លាក់ខ្លួនទៅលើកៅអីវែងនៅមុខទូរទស្សន៍ ។ ខ្ញុំមិនបាននឹកដល់ទូរសព្ទកញ្ចាស់និងកាបូបដែលគ្មានប្រាក់នោះទាល់តែសោះ ។ ខ្ញុំហត់នឿយជាមួយការងារការិយាល័យខ្លាំងណាស់ ភ្នែកខ្ញុំចាប់ផ្ដើមស្រវាំងព្រោះតែការចំណាយពេលនៅមុខកុំព្យូទ័រច្រើនពេក ។ ជាពិសេសខ្ញុំបានទទួលជួយវាយកុងត្រាផ្សេងៗទៀតពីមិត្តភក្តិ យប់ខ្លះនៅធ្វើបន្តរហូតដល់ម៉ោង២រំលងអាធ្រាត្រក៏មាន ។
ទូរទស្សន៍ចេះតែបន្តរូបភាពនិងសំឡេង… ចំណែកខ្ញុំចេះតែបន្តការគិតដ៏វែងឆ្ងាយ… ។ ខ្ញុំចាប់ផ្ដើមចេញធ្វើការពេលដែលខ្ញុំទើបតែប្រលងជាប់បាក់ឌុប គឺតាំងពីខ្លួនឯងមិនទាន់គ្រប់អាយុ១៨ឆ្នាំនៅឡើយ ។ ខ្ញុំចាំបានច្បាស់គឺនាយកក្រុមហ៊ុនសួរខ្ញុំថា «ហេតុអ្វីអ្នកមិនរៀនបន្ត ព្រោះអ្នកនៅក្មេងមិនទាន់គ្រប់អាយុធ្វើការនៅផង?» ។ ចម្លើយដ៏ស្មោះត្រង់របស់ខ្ញុំគឺ «គ្រួសាររបស់ខ្ញុំក្រ ខ្ញុំគ្មានប្រាក់រៀនបន្តនៅមហាវិទ្យាល័យ ដូច្នេះខ្ញុំត្រូវស្វែងរកការងារធ្វើ ដើម្បីផ្គត់ផ្គង់ការសិក្សាដោយខ្លួនឯង។ ពេលនោះគាត់មិនបាននិយាយអ្វីសោះ ដោយគាត់បានចំណាយពេលមើលទឹកមុខដ៏ស្រពោនរបស់ខ្ញុំ ហើយប្រាប់ខ្ញុំថា «ស្អែកអ្នកអាចមកធ្វើការបានហើយ» ។ គាត់ទទួលបុគ្គលិកម្នាក់ដូចជាខ្ញុំ គឺមិនមែនព្រោះតែមានចំណេះដឹង ក៏មិនមែនព្រោះតែមានបទពិសោធន៍នោះដែរ គឺដោយសារតែការអាណិតអាសូរតែប៉ុណ្ណោះ គាត់នៅតែផ្តល់ឱកាសឱ្យមកខ្ញុំក្នុងនាមជាបុគ្គលម្ចាស់ស្រុក ។ នេះជាចំណុចចាប់ផ្ដើមដំបូងបំផុតនៃជីវិតការងាររបស់ខ្ញុំដែលត្រូវចេញរកប្រាក់និងមើលថែខ្លួនឯង ។ ខ្ញុំត្រូវចំណាយលើអាហាររាល់ថ្ងៃ ចំណាយថ្លៃម៉ូតូឌុប ថ្លៃរៀនគួរពេលល្ងាច ថ្លៃភ្លើង ថ្លៃអាហារពេលល្ងាចឱ្យទៅបងស្រីធំ… និងត្រៀមប្រាក់ខ្លះសម្រាបពេលឈឺ រួចនៅឆ្លៀតលេងតុងទីនដើម្បីសន្សំលុយចូលរៀនមហាវិទ្យាល័យ។
អស់រយះកាល៥ ឆ្នាំហើយដែលខ្ញុំបានចំណាយយុវវ័យភាពជាមួយការងារការិយាល័យ ។ មានរឿងជាច្រើនដែលខ្ញុំត្រូវរៀន មានពាក្យជេរស្ដី និង ការសើចចំអកជាច្រើនដែលខ្ញុំបានឮ មានការលំបាក ការអត់ឃ្លានជាច្រើនដែលខ្ញុំបានជួប… មានទឹកភ្នែកជាច្រើនដែលបានហូរ….. ។ ជីវិតវាមិនហួសហេតុពេកទេ សម្រាប់ភាពក្រីក្រតោកយ៉ាកនៅក្នុងប្រទេសដែលកំពុងតែអភិវឌ្ឍន៍ដូចជាស្រុកយើង ពីព្រោះមិនមែនមានតែខ្ញុំម្នាក់ទេដែលត្រូវជួបប្រទះ ។ កាលនោះឪពុកម្តាយរបស់ខ្ញុំបានផ្លាស់ទីលំនៅទៅស្រុកកំណើតខ្ញុំវិញ ដោយសារតែឪពុកខ្ញុំបានផ្ទេរការងាររបស់គាត់នៅទីនោះ ដោយទុកផ្ទះជាន់ទីពីរតូចមួយឲ្យខ្ញុំរស់នៅជាបងស្រីទាំងពីរនាក់នៅទីក្រុងភ្នំពេញ ។ ដូច្នេះការមើលថែទាំខ្លួនឯងជាមួយពិភពខាងក្រៅក៏ត្រូវមានខ្ពស់ ព្រោះឲ្យតែខ្ញុំធ្វេសប្រហែសនិងថ្លោះធ្លោយតែបន្តិចនឹងធ្លាក់ចូលក្នុងអន្ទាក់មនុស្សអាក្រក់មិនខាន ។
និយាយតាមត្រង់ទៅកាលនោះ ខ្ញុំមិនបានចូលរួមតុបាយថ្ងៃត្រង់ជាមួយមិត្តរួមការងារនោះទេ ដោយខ្ញុំខ្វះលុយខ្លះគ្មានលុយទិញម្ហូបជុំគ្នាជាមួយពួកគេ។ កាលពីដើមខ្ញុំបានឈឺហើយត្រូវខ្ចីប្រាក់បងស្រីទិញថ្នាំ លុះបើកប្រាក់ខែមកខ្ញុំត្រូវសងគាត់វិញ។ ខ្ញុំត្រូវបង្ខំចិត្តវេចអង្ករយកពីផ្ទះទៅដាំបបរហូបជាមួយសៀង ពងទាប្រៃនិងឆៃពៅ ដោយខ្ញុំកុហកមិត្តរួមការងារថា ខ្ញុំគ្រុនពោះវៀនត្រូវហូបបរមួយរយ: ហើយពួកគេក៏ជឿខ្ញុំអ៊ីចឹងទៅ ការពិតខ្ញុំគ្មានឈឺពោះវៀនស្អីទេហើយឃ្លានគ្រប់តែមុខ។
ខ្ញុំហត់នឿយណាស់និងការលំបាកលំបិនក្នុងជីវិត ខ្ញុំមិនដែលមានសំលៀកបំពាក់ អាហារល្អៗ… និងមិនមានពេលដើរលេងសប្បាយដូចជាគេឯង។ ខ្ញុំក៏នឹកដល់កាលអាយុ១២ឆ្នាំ ខ្ញុំទៅជួយលាងចានគុយទាវឲ្យគេដើម្បីដូរយកប្រាក់បន្តិចបន្តួចដើម្បីទិញសៀវភៅនិងសំលៀកបំពាក់ ។ ខ្ញុំត្រូវលាងចានដល់យប់ជ្រៅ ពេលមកផ្ទះដើរផង រត់ផងព្រោះខ្លាច ។ កាលនោះខ្ញុំលាងចានបណ្តើរ លួចមើលមិត្តភក្តិរួមថ្នាក់បណ្តើរ ពួកគេមកញុំាគុយទាវជាមួយគ្រួសារគេ… ពួកគេអាចហូបគុយទាវបានយ៉ាងរីករាយដោយមិនចាំបាច់ដោះដូរនឹងការលាងចានដូចខ្ញុំនោះទេ។ ថាទៅមនុស្សយើងកើតមកក្នុងលោកតែមួយក៏ពិតមែន ប៉ុន្តែវាសនាពិតជាមិនដូចគ្នាទេ។
កំពុងតែគេងនឹកស្រមើស្រមៃនឹកអាណិតខ្លួន ខ្ញុំបានឮសំឡេងបងស្រីខ្ញុំហៅ «កាពៅ! នៅដេកដល់ថ្មើរណាទៀតមកជួយធ្វើម្ហូបឲ្យឆាប់ឡើង ។ មើលមុខវាចុះ ដូចទូលភ្នំមួយតែឯង!! » ហើយខ្ញុំក៏ងើបទៅជួយរៀបចំម្ហូបនៅក្នុងផ្ទះបាយជាមួយគាត់ដោយគ្នានតវ៉ាមួយម៉ាត់។
អស់កាលជាយូរឆ្នាំហើយសម្រាប់ការតស៊ូនៅក្នុងជីវិត ខ្ញុំពិតជាចង់រកភាពស្រណុកសុខស្រួល ។ ឥឡូវខ្ញុំមានអាយុ២១ឆ្នាំ ខ្ញុំពិតជាចង់ធ្វើបដិវត្តន៍មួយក្នុងជីវិត ។ ចំពេលដែលបងប្រុសជីដូនមួយរបស់ខ្ញុំបានណែនាំម៉ែខ្ញុំថា មានគេចង់បានប្រពន្ធហើយខ្ញុំក៏គួរតែអាចរៀបការបានហើយ ។ ម៉ែខ្ញុំបានឡើងមកភ្នំពេញ គាត់និងបងស្រីបាននិយាយបញ្ចុះបញ្ចូលខ្ញុំថា៖ គេជាមនុស្សប្រុស រាងខ្ពស់សង្ហា សក់រួញអង្គាដី មានសម្បុរសណ្ដែកបាយហើយនៅក្មេង មានការងារជាមន្ត្រីជលផលប្រចាំខេត្តធំមួយ គាត់ជាមនុស្សល្អណាស់ សុភាពរាបសារ នរណាក៏ចូលចិត្តរាប់អានគាត់ដែរ ។
មុនដំបូងខ្ញុំរារែង តែលុះម៉ែប្រាប់ថា ទុកពេលមើលគ្នាសិនទៅ ខ្ញុំក៏យល់ព្រម ។ អ្នកដឹងទេថាមានរឿងអ្វីពេលដែលខ្ញុំបានជួបបុរសម្នាក់នោះ? គាត់មិនមែនសម្បុរសណ្ដែកបាយទេ គឺខ្មៅ ហើយខ្មៅដូចជាដុំធ្យូងមួយដុំអញ្ចឹង ឯសក់វិញគឺមិនមែនរួញអង្គាដីទេ គឺរួញក្រញាញ់តែម្តង គាត់ក៏មិនមែនក្មេងដែរ អាយុតាមមើលរូបរាងគឺជាងសាបសិបយ៉ាងតិច អ្វីដែលសំខាន់គាត់មានផ្ទៃពោះទៀតផង ដែលយើងតែងតែនិយាយថាដុះក្បាលពោះដូចជាពាងទឹកនោះអី ។ ពេលបានជួបគាត់ហើយ ខ្ញុំហួសចិត្ត ខ្ញុំគិតថាគាត់មានកូនពីរយ៉ាងតិច ។ ពេលចេញវាចាមកគឺនិយាយគ្របលើពាក្យគេឯងតែម្ដង ។ មិនបាច់បន្តទៀតទេ សុំចប់ត្រឹមតង់ទីមួយហ្នឹងចុះ… ទោះបីជាគាត់និយាយលួងលោមខ្ញុំ ទិញរបស់របរឲ្យក៏ខ្ញុំប្រកែកដាច់ណាត់តែម្តង។ សំខាន់គឺចារឹតពួកយើងមិនត្រូវគ្នាទេ ហើយខ្ញុំសង្ស័យថាគាត់មានគ្រួសារហើយ ។ ខ្ញុំនឹកហួសចិត្តបងប្រុសខ្ញុំណាស់ និយាយរៀបរាប់រូបរាងបុរសនោះខុសស្រលះតែម្តង គឺផ្ទុយ១៨០ឌឺក្រេ ។ ស្រុកប្រាកដជាច្បាំងគ្នាមិនខានបើមានអ្នកបកប្រែដូចជាគាត់ ។
ខ្ញុំមិនអាចរៀបការនិងធ្វើបដិវត្តន៍នៅអាយុ២១បាន ព្រោះខ្ញុំមិនមានចិត្តស្រលាញ់គាត់បន្តិចសោះ។ មិនមែនព្រោះតែចង់បានភាពសុខស្រួលក្នុងជីវិត បោកប្រាស់មនោសញ្ចេតនារបស់ខ្លួនឯងនោះទេ នេះជាគំនិតដែលខ្ញុំមិនអាចកែប្រែបាន «ស្នេហាគឺមិនគិតដល់ប្រាក់កាក់និងលក្ខខណ្ឌ» ក្ដីស្រលាញ់បរិសុទ្ធគឺគ្មានការដោះដូរ។ ទីបំផុតទើបខ្ញុំស្វែងយល់ឃើញថា ជីវិតខ្ញុំរាល់ថ្ងៃគឺល្អបំផុតហើយ អាចប្រើដៃទាំងពី និងខួរក្បាលដែលឪពុកម្តាយផ្ដល់ឲ្យដើម្បីស្វែងរកប្រាក់ចិញ្ចឹមខ្លួនឯង មិននាំក្ដៅក្រហាយដល់អ្នកដទៃ ។ តើនេះមិនមែនជារឿងដែលល្អបំផុតនោះទេ?
ខ្ញុំបានមកដល់ផ្ទះ លើកនេះខ្ញុំឱបកាបូបខ្ញុំជាប់នឹងដើមទ្រូង ។ ខ្ញុំគួរតែសប្បាយចិត្តជាមួយអ្វីដែលខ្ញុំមាន ខ្ញុំសប្បាយចិត្តជាមួយអ្វីដែលរកបាន ទាំងអស់នេះជាកម្លាំងញើសឈាមរបស់ខ្ញុំ ។ ទូរសព្ទរបស់ ខ្ញុំថ្វីបើចាស់ ប៉ុន្តែមានតែវាទេដែលអាចនាំសំឡេងឪពុកម្តាយនិងមិត្តភក្តិឲ្យខ្ញុំបានឮ… ទូរសព្ទថ្វីបើចាស់ ប៉ុន្តែវានៅតែប្រាប់ខ្ញុំថា ខ្ញុំនៅមានមនុស្សជាច្រើនដែលចាំគ្រាំទ្រនិងបារម្ភ ហើយខ្ញុំមិនឯកោនោះទេ។ កាបូបខ្ញុំថ្វីបើមិនមានលុយដាក់ច្រើន ប៉ុន្តែមានតែវាទេដែលដឹងថាខ្ញុំគួរតែចាយលុយរបៀបណាដើម្បីឲ្យមានប្រយោជន៍… ។ គិតដល់ត្រឹមនេះទឹកភ្នែកខ្ញុំបានហូរ… ខ្ញុំនិយាយមកកាន់ខ្លួនឯងថា «កាពៅ! មានជីវិតត្រូវមានក្ដីសង្ឃឹម មានជីវិតគឺត្រូវមានការតស៊ូ» ឯងធ្វើបានល្អហើយ សល់តែបន្តិចទៀតឯងនឹងបានសម្រេចដល់គោលដៅដែលឯងចង់បាន។ ខំបន្តិចទៀតឯងនឹងឃើញពន្លឺនៃជីវិតមិនខាន» ។
ខ្ញុំបានរាប់លុយដែលខ្ញុំសន្សំពីលេងតុងទីនហើយសម្រេចថាបង់វាដើម្បីចូលរៀននៅមហាវិទ្យាល័យ នៅបំណាច់ឆ្នាំនេះព្រោះខ្ញុំនៅខ្វះប្រាក់ខ្លះតែប៉ុណ្ណោះ ។ ខ្ញុំប្រាជ្ញាថានឹងខំរៀន ព្យាយាមឆ្លងកាត់ តស៊ូរាល់ការលំបាកទាំងប៉ុន្មាននៅក្នុងជីវិត ដើម្បីទទួលយកបរិញ្ញាបត្រឲ្យទាល់តែបាន ព្រោះនេះជាក្ដីស្រមៃធំបំផុតក្នុងជីវិតខ្ញុំ ។
បងដូចមិនមែនអាយុ ២១ ទេ នរណាទៅណ៎!
អាពៅពីមុន ២១ឆ្នាំ ឥឡូវ30ឆ្នាំហើយ 🙂 អគុណដែលបានចំណាយពេលអានប្អូនកាម៉ាប់ ម៉ាប់!
អ៊ីចឹងគឺរូបបងណឹងតែម្តងឈ្មោះ ពៅ ។ អូយ៎ ហៅខ្ញុំពិរោះម៉្លេះ ហាហាហា
បងចូលចិត្តឈ្មោះ ម៉ាប់ៗនឹងណាស់ តែមើលរូបដូចជាមិនម៉ាប់អីផង ។
ប្រលោមលោក?
រឿងនិទានជីវិតពិត ។
ត្រូវការ១៣ ១៤ឆ្នាំ មានអត់?
រកមុខឃើញហើយតើនេះ ប្រយ័ត្នខ្លួនទៅ រកតែក្មេងមិនទាន់គ្រប់អាយុ ។
😀 រកតាំងពីថ្ងៃណា?
សុំទោសដែលឆ្លើយតបយឺតព្រោះរវល់ណាស់មួយរយះនេះ ។ នៅសួរឌឺទៀត! យ៉ាប់មែន! ។
ស្មានតែនិយាយដើមខ្ញុំតើ! ខ្ញុំឈ្មោះអាពៅដែរ ហើយឆ្នាំហ្នឹងត្រូវម៉ាច់ ២១ឆ្នាំ… ហាហាហា… និយាយរឿងគូស្រករអីហ្នឹងទៀត ឈឺក្បាលមិនទាន់បាត់ស្ពឹកផងខ្ញុំ!!!
មានរឿងប្រហែលគ្នាដែរណ៎ សូមជូនពរសំណាងល្អចុះណាអាពៅ ។
រឿងនេះតែងសំរាប់អាពៅមួយណា? អាពៅខាងលើត្រូវច្រើនជាង! 🙂
ទុកឲ្យទាយខ្លួនឯងចុះ 🙂
មានបាច់ចាំទាយអី បើប្រាប់អស់ទៅហើយ !
ដឹងហើយនៅសួរទៀត ។
How the best ideas you are!
🙂
ខ្ញុំស្មានទើបតែមានអាយុ២១? ខំអាណិតអស់ ម៉ា កា ន (មួយគំនរ) 😛
អញ្ជឹងទាល់តែអាយុ២១បានអាណិត? មានដែរ?
ខ្ញុំដឹងថានឹងមានចម្លើយមកយ៉ាងដូច្នេះហើយ! 😛 ប៉ុន្តែខ្ញុំអាណិតត្រង់កាលៈទេសៈរបស់អ្នកនិពន្ធនៅពេលនោះ 😆
សំណាងហើយកំសត់តែនៅមានជីវិត កុំអីអត់មានមុខសរសេររឿងនៅទីនេះទេ 🙂 សរុបសេចក្តីទៅអគុណចំពោះការអាណិតអាសូរ ។
ជីវិតត្រូវតែតស៊ូ ហើយត្រូវតែប្រឈមមុខជាមួយការពិត ការគេចវេសមិនមែនជាមធ្យោបាយដ៏ល្អនោះទេ គេចបានតែមួយពេលតែមិនអាចគេចបានមួយជីវិតនោះទេ ។
ពិតជាត្រឹមត្រូវណាស់ ប្រឈមមុខនឹងការពិត ហើយដោះស្រាយវាជារឿងល្អបំផុត ។
មានន័យណាស់ តែបើតាមខ្ញុំមើលទៅនៅមានអ្នកកំសត់ជាង ពៅ ច្រើនណាស់ យ៉ាងណាក៏ដោយក៏នៅតែសរសើរដែលមានឆន្ទ:តស៊ូរ ហើយយកបទពិសោធន៏ល្អៗមកចែករំលែក។
អគុណច្រើន ខ្ញុំដឹងថាមានមនុស្សជាច្រើនដែលរងការលំបាកជាងខ្ញុំ ។ សង្ឃឹមថាអត្ថបទមួយនេះអាចជួយជាកម្លាំងចិត្តដល់ពួកគេ ក្នុងការបន្តដំណើរទៅមុខ ក្នុងវិថីជីវិតដ៏វែងឆ្ងាយ ។
កំសត់តិចៗ
អរគុណ