jump to navigation

ជា​ការពិត​មិន​មែន​ជា​សុបិន​​ របស់​លោក​ Kevin Carter 22/07/2011

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ.
trackback

រូប​ភាព​មួយ​នេះ​ខ្ញុំ​ចាំ​បាន​ច្បាស់​ថា​បាន​ជួប​ និង​អាន​ក្នុង​ទស្សនាវដ្ដី​ប្រជាប្រិយ​កាល​ពី​ជាង​១០ ឆ្នាំ​មុន​ វា​ជា​រូប​ភាព​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ក្តុក​​ក្តួល និង​ តែង​តែ​ស្ថិត​ក្នុង​​ការ​ចងចាំ​របស់​ខ្ញុំ​រហូត​ ។ ក្នុង​អត្ថបទ​ខ្លី​មួយ​​​បាន​សរសេរ​រៀប​រ៉ាប់​ថា​ ក្មេង​តូច​ម្នាក់​នេះ​បាន​វារ​ទៅ​កាន់​ជុំរុំ​​ស្បៀង​អាហារ របស់​អង្គការ​សហប្រជាជាតិ​​ ​កំឡុង​ពេល​​មាន​ការ​ខ្វះខាត​​ស្បៀង​អាហារ​នៅ​ប្រទេស​ ស៊ូដង់​​ ក្នុង​​ឆ្នាំ​១៩៩៤​ ដោយ​វា​នៅ​មាន​ចម្ងាយ​ច្រើន​គីឡូ​ម៉ែត​ពី​ទីតាំង​នេះ​។  រូបភាព​មួយ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ពិភពលោក​ទាំ​មូល​ គ្មាន​នរណា​ម្នាក់​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង ចំពោះ​ក្មេង​តូច​ម្នាក់​​នេះ​ឡើយ​ សូម្បី​តែ​អ្នក​ថត​រូប​ព្រោះ​​គាត់​បាន​ចាក​ចេញ​បន្ទាប់​ពី​គាត់ បាន​ថត​រូប​​​រួច​រាល់​ ។

អ្នក​ក៏​អាច​​ដឹង​ថា​​ក្មេង​នេះ​កំពុង​តែ​បាក់​​កម្លាំង​ និង ​ពោរពេញ​​ដោយ​ក្ដី​ស្រេក​ឃ្លាន​​ ​រហូត​ស្ទើរ​តែ​​ផុត​ជីវិត​ទៅ​ហើយ ។ មាន​សត្វ​ត្មាត​នៅ​ក្បែរ​នោះ​ ចាំ​ចឹក​ឆី​សាកសព​​​កុមារ​នេះ​​បើ​សិន​ជា​គេ​​មិន​អាច​គេច​ផុត​ពី​ចង្កូម​មច្ចុរាជ​នា​ពេល​នោះ ។ មាន​សំនួរ​ជា​ច្រើន​​​ផុស​ក្នុង​ខួរក្បាល​របស់​ខ្ញុំ​ តើ​​ខណៈ​ពេល​នេះ​ក្មេង​តូច​​​​​ម្នាក់​នេះ​​ទៅ​​ជា​យ៉ាង​ណា​​ទៅ​ហើយ ? តើ​មាន​រឿង​អ្វី​ខ្លះ​កើត​ឡើង​ពេល​បន្ទាប់​? តើ​គេ​មាន​ការ​​ពិបាក​យ៉ាង​​វេទនា​យ៉ាង​ណា​ទៅ​? តើ​កុមារ​នេះ​នឹង​ដឹង​ទេ​ថា​ ​គេ​​អាច​រស់​រឺ​ក៏​​ស្លាប់​?​ តើ​សត្វ​ត្មាត​នោះ​ពិត​ជា​មាន​សំណាង​បាន​ក្មេង នេះ​ជា​អាហារ​មែន​ទេ?​

អ្នក​អាច​គិត​បាន​ដោយ​ងាយ​ថា​ តើ​ជីវិត​ពួក​គេ​វេទនា​យ៉ាង​ណា​? បើ​ប្រៀប​ធៀប​ទៅ​នឹង​មនុស្ស​មាន​លុយ​ចាយ​ហ៊ឺហា​ មាន​របស់​ទំនើប​ អាច​ចំណាយ​ពេល​នៅ​ក្នុង​បន​ល្បែង​ ស្រីញី​អូន​បង​ ​ផឹក​ស្រា ​ចំណី​អាហារ​ពោរពាស​… អាហារ​ដែល​ចាក់​ធារ​ហូរ​ហៀ​ ក្នុង​ខណៈ​ពេល​ដែល​មនុស្ស​ជា​ច្រើន​លាន​​​នាក់​កំពុង​តែ​ដង្ហោយ​ហៅ​វា​។ ពិភពលោក​មិន​មែន​សុទ្ធ​តែ​ស្រស់​ស្អាត​ដូច​មនុស្ស​ពី​នាក់​ដែល​កំពុង​តែ​ស្រលាញ់​គ្នា​ មិន​​ផូរផង់​​ដូច​មនុស្ស​ដែល​កំពុង តែ​សោយ​សុខ​នោះ​ទេ ​ហើយ​មិនមែន​មើល​ឃើញ​តែ​ភាព​ស្រស់​ស្រាយ​ ​មាន​ធម្មជាតិ​ខៀវ​ស្រងាត់​​ មាន​ផ្កា​ ទឹក​ជ្រោះ​ខ្យល់​បរិសុទ្ធ​… ការ​រីករាយ​ សំឡេង​ក្អាក​ក្អាយ​… ហើយ​ក៏​មិន​មែន​មាន​តែ​ភ្លេង​សម្រាប់​រាំរែក​នោះ​ដែរ​​ ។

ពួក​​គេ​បាន​យក​ដប​ទឹក​សុទ្ធ​យក​មក​ចង​ខ្សែ​ធ្វើ​​ជា​ស្បែក​ជើង​ពាក់​ ក្នុង​ខណៈ​ដែល​មាន​មនុស្ស ទាមទារ​ទិញ​យក​ស្បែក​ជើង​ ម៉ាក​ល្បី​ៗ​​ដើម្បី​ពាក់​​បង្អួត​​គ្នា​ ។ ពួក​គេ​យក​ដី​ជា​​សៀវភៅ​សរសេរ​ ក្នុង​ខណៈ​ពេល​ដែល​មាន​មនុស្ស​​ត្រូវ​ការ​​ iPaid  ​យក​មក​ប្រើ​ ហើយ​ពួក​គេ​សុំ​ត្រឹម​តែ​កម្ទេច​អាហារ​រ​សម្រាប់​រស់​ត្រឹម​តែ​មួយ​ពេល​ ក្នុង​ខណៈ​ពេល​ដែល​មាន​មនុស្ស​ជា​ច្រើន​នាក់​ តម​ចំណី​​​ព្រោះ​ខ្លាច​ធាត់​ខូច រូប​​រាង​… ។ ពិត​ជា​​ខុស​គ្នា​ស្រលះ​ ខុស​គ្នា​ដូច​មេឃ​និង​ដី​ ។ យើង​គួរ​តែ​ចំណាយ​ពេល​ខ្លះ​​ក្នុង​ជីវិត​​សម្រាប់​​គិត​ដល់​ពួក​គេ តើ​វា​មិន​ហួស​ហេតុ​ពេក​ទេ​មែន​ទេ?​​ តើ​ពួក​យើង​ពិត​ជា​ត្រូវ​ការ​ការ​ហ៊ឺហា​ទាំង​នេះ​ជា​ចាំ​បាច់​? នៅ​ពេល​​ដែល​យើង​ធ្វើ​ការ​​ប្រៀប​ធៀប​នោះ​យើង​នឹង​អាច​​​រក​ឃើញ​​​ថា​ជីវិត​របស់​យើង​ប្រសើរ​​ប៉ុណ្ណា​? នេះ​ជា​តម្លៃ​ជីវិត​​ដែល​ពួក​គេ​មាន សេចក្ដី​សុខ​ទោះ​បាន​ត្រឹម​តែ​​ជា​ការ​ស្រមៃ​ ដែល​វា​មិន​ខុស​ពី​​​ពាក្យ​មួយ​ដែល​គេ​បាន​និយាយ​ថា៖

មាន​តែ​មនុស្ស​ ដែល​រស់​នៅ​ក្នុង​សង្គ្រាម​ទេ​ ដែល​យល់​ពី​តម្លៃ​​សន្តិភាព ។

មាន​តែ​មនុស្ស​ស្រេក​ឃ្លាន​ទេ​ ដែល​ដឹង​ពី​តម្លៃ​​នៃ​ការ​​​ឆ្អែត​​។

រូប​ភាព​​​​​ខាងលើ​​នេះ​ជា​របស់​លោក​ Kevin Carter ជា​អ្នក​ថត​រូប​​អាជីព​ម្នាក់​ គាត់​ជា​ជន​ជាតិ​ស្បែក​សរ​របស់​អាហ្វ្រិក​ខាង​ត្បូង ​ដែល​បាន​កើត​នៅ​ក្នុង​ឆ្នាំ១៩៦០។​ រូបថត​ក្មេង​​តូច​ម្នាក់​ខាង​លើ​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ឈ្នះ​ពាន​រង្វាន់​ Pulitzer Prize នៅ​ឆ្នាំ​ ១៩៩៤ ។ បន្ទាប់​ពី​គាត់​បាន​ទទួល​ពាន​រង្វាន់​នេះ​បាន​បី​ខែ​ (ឯកសារ​ខ្លះ​បាន​សរសេរ​ថា​២​ខែ​) គាត់​បាន​សម្រេច​ចិត្ត​សម្លាប់​ខ្លួន​​ក្នុង​​វ័យ​ត្រឹម​​តែ​៣៣​ឆ្នាំ​ ដោយ​គាត់​បាន​សរសេរ​ទុក​ក្នុង​សំបុត្រ​តូច​មួយ​ថា៖

​​“ I’m really, really sorry, the pain of life overrides the joy to the point that joy does not exist. ”

គេ​ក៏​​បាន​រក​ឃើញ​នៅ​អ្វី​ដែល​គាត់​បាន​សរសេរ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់៖​

Dear God, I promise I will never waste my food no matter how bad it can taste and how full I may be. I pray that He will protect this little boy, guide and deliver him away from his misery. I pray that we will be more sensitive towards the world around us and not be blinded by our own selfish nature and interests. I hope this picture will always serve as a reminder to us that how fortunate we are and that we must never ever take things for granted.​

ទាំង​នេះ​​មិន​មែន​ជា​រឿង​ប្រលោម​លោក​ដែល​ប្រឌិត​ឡើង​ មិន​មាន​ស្ថិត​តែ​​ក្នុង​ខ្សែភាពយន្ត​រឺ​បទ​ចម្រៀង​ ក៏​មិនមែន​ជា​ការ​ស្រមើ​ស្រមៃ​នោះ​ដែរ​…. ប៉ុន្តែ​​​​ជា​ការពិត​​​មិន​មែន​ជា​សុបិន​ ដែល​មនុស្ស​គ្រប់​គ្នា​គួរ​តែ​បាន​លឺ​ បាន​ដឹង​ បាន​ឃើញ​ និង​ ទទួល​ស្គាល់​​ ។​​ សូម​ចំណាយ​ពេល​ខ្លះ​គិត​ដល់​ភាព​ស្រេក​ឃ្លាន​ ក្ដី​ទុក្ខ​លំបាក​វេទនា​របស់​ពួក​គេ​  កុំ​ខ្ជះខ្ជាយ​ចំណី​អាហារ​ដែល​យើង​មាន ​និង​សូម​ផ្ញើ​​ក្ដី​អាណិត​អាសូរ​​​ ដោយ​ធ្វើ​​ការ​បរិច្ចាគ​ខ្លះ​បើ​អាច​ធ្វើ​ទៅ​បាន​នៅ​ពេល​ដែល​​អ្នក​​បាន​ជួប​ពួក​គេ​ ទោះ​បី​ជា​អ្នក​ស្ថិត​ក្នុង​ផ្នែក​ណា​មួយ​នែ​ពិភពលោក​នេះ​ក៏​ដោយ​ ។​

សូម​ផ្ញើ​អត្ថបទ​ និង បទ​ចម្រៀង​មួយ​បទ​នេះ​ដើម្បី​រំលឹក​ដល់​មនុស្ស​ទូ​ទាំង​សកល ។

មតិ»

1. Hak - 22/07/2011

បរិច្ចាកដល់អ្នកត្រូវការអ្នកជួយតាមលទ្ទភាពដែលអ្នកធ្វើទៅបាន
Least for self, more for others

2. harryhun - 22/07/2011

មិន​អាច​និយាយ​បាន!!! ពិត​ជា​អួល​ដើម​ក៏​និយាយ​មិន​ចេញ​មែន

3. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 22/07/2011

មនុស្ស​ជា​ច្រើន​មាន​សុបិន្ត​ចង់​ទៅ​ដើរ​កំសាន្ត​ទី​ក្រុង ញូយ៉ក ប៉ារីស ឡុង តែ​មនុស្ស​ជាច្រើន​ទៀត​សុបិន្ដ​គ្រាន់​តែ​កើត​នៅ​ក្នុង​ចង្ក្រាន​បាយ​តែ​ប៉ុណ្ណោះ។

4. ខេមរបក្សីសាស្ត្រិន - 22/07/2011

so sad!!!!!!!!!!!!

5. សុវណ្ណដារ៉ា - 22/07/2011

គ្រួសាររបស់ខ្ញុំមានទំលាប់មួយ គឺញុំាបាយមិនអោយសល់១គ្រាប់ទោះជាឆ្អែតយ៉ាងណាក៏ដោយ។

6. ពត៌មានទូរស័ព្ទ - 23/07/2011

មានតែមនុស្សចោលម្សៀតអាំគាំងទេដែលច្រាស ចោល ហើយមិនសូវគិតថាតើប្រទេស ខ្លះកំពុងត្រូវការស្បៀងអាហារ ទាំងនេះ (ខ្ញុំធ្វើការសណ្ឋគារនៅអាគាំងថ្ងៃណាក៍អង្គុយគិតដែរ ថាចុះបើម្ហូបទាំងនេះទៅស្រុកខ្ញុំ ដែលខ្លះមួយជីវិតមិនស្គាល់ បង្គង បង្គារ មិនដឹងជាយ៉ាងណាទេ) ពេលខ្លះវាដួសរួចហិត មិនឆ្ងាញ់វាយកមកចោល ហើយមិនដឹងប៉ុន្មានតោនទេ សាច់មាន់ សាច់គោ ​ទាំងឡានៗ ។ បើនិយាយពីការប្រើប្រាស់វិញ មហាខ្ចះខ្ចាយ សាំង ភ្លើង ។ល។

7. Khmerling - 24/07/2011

ฺសួស្ដីម្ចាស់ប្លក់! អរគុណដែលលើកយកគតិនេះចែកគ្នាពិចារណា!

ពិភពលោកនេះមិនមានគម្លាតរវាងអ្នកមានអ្នកក្រស្ថិតនៅឆ្ងាយពីគ្នាមួយប៉ូលម្នាក់ ។ អ្នកដែលមានគេចេះតែមានទៅ អ្នកក្រចេះតែក្រទៅ ។ អ្នក​មានខ្លះមិនបានឲ្យតម្លៃអ្នកក្រជាមនុស្សដូចខ្លួនទេ គេចាត់អ្នកក្រថា​ថោកទាបជាងខ្លួន ។ មិនបាច់ទាញថយក្រោយដល់ ១០ ទៅម្ភៃកន្លងផុត​ទៅ​ទេ នាថ្មីៗនេះមានការចុះកាសែតអំពីអុកញ៉ា (ឧកញា) ម្នាក់បាន​(គ្រវែង)អំណោយចែកដល់រាស្ត្រក្រីក្រតាមផ្លូវ ។ ហេតុអ្វីគេយកការចែក​អំណោយ​របៀបនេះមកធ្វើជាល្បែងលេងសើច ?
បើពិនិត្យនៅលើកំណាត់ផ្លូវមួយនឹងមានទិដ្ឋភាពក្រនិងមាននៅក្នុងនោះ៖ ក្មេងគ្មានជម្រក, អ្នករើសអេតចាយ, ឡានម៉ាកថ្លៃៗ, ផ្ទះថ្មវីឡាស្កឹមស្កៃ…

មាន​សង្ឃឹម - 24/07/2011

អគុណ​​ខ្ញុំ​គ្រាន់​តែ​លើក​ផ្នែក​មួយ​ដែល​ខ្ញុំ​ដឹង​ ទុក​គ្រាន់​ជា​ការ​ចែក​រំលែក​​ដល់​អ្នក​រាល់​គ្នា​ ។ ខ្ញុំ​ក៏​បាន​អាន​និង​ដឹង​ពី​ពត៌មាន​ពិ​លោក​មួយ​នេះ​ដែរ អគុណ​សំរាប់​ការ​ចែក​រំលែក​នៅ​ទី​នេះ​ដូចគ្នា ។
សូម​សំណាង​ល្អ

8. Lovepeehs05 - 25/07/2011

នេះហើយចំជាប្រទេសកាន់អំណាចផ្តាច់ការ គ្មានប្រជាធិបតេយ្យអ្វីបន្តិច សោះឡើយ អ្នកមានគឺមាន អ្នកក្រគឺក្ររហូតដល់ថ្នាក់ហ្នឹងឯង ចឹងហើយ បានជាមានបដិវត្តផ្កាម្លិះកើតឡើងនូវក្នុងទ្វីបអាហ្រ៊ិកហ្នឹងមុនគេនោះ! តើប្រទេសកម្ពុជាមានកើតហេតុ របៀបហ្នឹងដូចទ្វីបអាហ្រ៊ិកទេ? វាអាចនឹងមានហេតុការណ៍ចឹងកើតមាននៅកម្ពុជា បើសិនជាបណ្តោយ ឱ្យប្រទេសកម្ពុជាក្លាយទៅជា ប្រទេសកាន់អំណាចផ្តាច់ការនឹងគេនោះ!
តែប្រទេសកម្ពុជាមិនមែនអន់ឯណា! ៣ លាននៅក្រោមរបបខ្មែរក្រហម មិនទាន់បាត់ក្លិនឆ្អាបផងទេ មានបន្តរមកទៀត គឺព្រឹត្តិការណ៍ថ្ងៃ ៣០ មិនា ថ្ងៃ ៥-៦ កក្កដា ១៩៩៧ជាដើម ហើយប្រហែលជានៅមានតទៅទៀត បើសិនជាខ្មែរ មិនព្រមចងចាំទេ! បើសិនជាអនុញ្ញាតិឱ្យអ្នកកាន់ អំណាចផ្តាចការណ៍វត្តមានរបស់គេនៅកម្ពុជាតទៅទៀត!

9. Crazynas - 27/07/2011

អនិច្ចាណាស់! ពិតជាសោកស្ដាយណាស់ដែលខ្ញុំមិនអាចជួយពួកគេបាន!
សូមទាំងអស់គ្នារក្សាទុករូបទាំងនេះ ដើម្បីជាការដាស់តឿនសតិផងចុះ។

10. លី កល្យាណ - 27/07/2011

សួស្តីម្ចាស់ប្លក់ អរគុណណាស់ដែលបានរំលឹក។
ជិតម្ភៃឆ្នាំហើយទេដឹងដែលខ្ញុំបានឃើញរូបនេះល្បីនៅក្នុងទស្សនាវដ្តី (ប្រហែលជាប្រជាប្រិយ) ឃើញហើយស្រក់ទឹកភ្នែកអាណិត​ពួកគេ​ណាស់។ ក្នុងពេលដែលយើងមានបាយហូបឆ្អែតដើរទះពោះ មនុស្សនៅ​ម្ខាងលោកនៃយើងកំពុងតែត្រដរព្រោះគ្មានបាយហូប។ ក៏មិនចាំងាកទៅឆ្ងាយដែរ ម្តុំស្ទឹងមានជ័យក៏…ដូចគ្នាដែរ…

មាន​សង្ឃឹម - 28/07/2011

ដប់​ឆ្នាំ​ហើយ​រូប​ភាព​នេះ​នៅ​តែ​ស្ថិត​ក្នុង​ខួក្បាល​របស់​ខ្ញុំ ​ហើយ​មាន​រូបភាព​សង្វេគ និង​រឿង​រ៉ាវ​កំសត់​ជា​ច្រើន​ដែល​មិន​អាច​លុប​ចេញ​ពី​ការ​ចង​ចាំ ។ វា​ជា​បទ​ពិសោធន៏​ដ៏​ល្អ​សំរាប់​ជីវិត ការ​អាណិត​ អាសូរ​ និង កា​បរិច្ចាគ​គួរ​តែ​មាន​ឲ្យ​បាន​ច្រើន​សំរាប់​ពិភពលោក​នេះ​ទាំង​មូល យើង​មិន​គួ​កុំ​ចំណាយ​ពេល​ហ៊ឺហា ដើរ​សប្បាយ​​ឥត​ប្រយោជន៏​ច្រើន​ពេក​អី ។

11. គីមស៊្រុន - 29/07/2011

ពិតជាសរសេរបានល្អណាស់។ ខ្ញុំមានអារម្មណ៍ក្ដុកក្ដួលក្រោយពីអានអត្ថបទនេះរួច។

ខ្ញុំចូលចិត្តឃ្លាដែលសរសេរថា «មាន​តែ​មនុស្ស​ដែល​រស់​នៅ​ក្នុង​សង្រ្គាម​ទេ​ដែល​យល់​ពី​តំលៃ​​សន្តិភាព » «មាន​តែ​មនុស្ស​ស្រេក​ឃ្លាន​ទេ​ដែល​ដឹង​ពី​តំលៃ​​នៃ​ការ​​​ឆ្អែត​​»។

ខ្ញុំសូមបន្ថែមរឿងរ៉ាវអំពីរូបភាពនេះបន្តិច (តាមពិតរូបភាពនេះ​វាជាប់ក្នុងខួរក្បាលខ្ញុំ ហើយខ្ញុំមានបំណងសរសេរ​អំពីវា តែចេះតែរកពេលមិនបាន)។ ក្រោយពីរូបភាពនេះ​ត្រូវបោះផ្សាយតាមកាសែត ខេវីន ត្រូវរីះគន់ថា ហេតុអ្វីមិនជួយក្មេងនោះ បែរជាសប្បាយនឹង​ថតរូបនេះទៅវិញ។ ពិភពលោកទាំងមូល​បានចែកជា២ក្រុម គឺក្រុមរិះគន់ថាហេតុអ្វីគាត់មិនជួយ និងមួយក្រុមទៀត​ដែលគាំទ្រស្មារតីអ្នកថតរូបដើម្បី​បង្ហាញពីហេតុកាលពិត​កំពុងកើតឡើង។ តាមពិតដោយសាររូបភាពមួយសន្លឹកនេះ​ហើយ​ដែលធ្វើអោយពិភពលោក​ដឹងពីស្ថានភាពអត់ឃ្លាននៅស៊ូដង់នាពេលនោះ ហើយបានប្រមែប្រមូល​ប្រាក់ឧបត្ថម្ភ​ទៅជួយ។ ការជជែក (បើនិយាយចំថាឈ្លោះគ្នា) រវាង​បក្សពួកទាំង២ធ្វើ​អោយខេវីន​មានការខូចនិងខកចិត្ត (ហេតុអ្វីគេមិនព្រម​មើលសារដែលគាត់ចង់ប្រាប់​ដែលនៅក្រោយរូបភាព បែរជាផ្ដោតសំខាន់លើការរិះគន់គ្នាទៅវិញ។ គេនិយាយថាកត្តានេះហើយ​ជាកត្តចំបង​ដែលធ្វើអោយខេវីនសំលាប់ខ្លួន។

យើងគិតមើលទៅមើល តើខេវីនពិតជាមនុស្សដាច់ចិត្តឃើញស្លាប់មិនជួយឬ? តើគាត់គិតពីចង់បានកិត្តិនាម​មិនគិតពីមនុស្សធម៌ឬ។ ខ្ញុំមិនជឿដូចនេះទេ។ តាមពាក្យចចាមអារាមមិនផ្លូវការ (ខ្ញុំជឿលើរឿងនេះ) ថាក្រោយពីថតរូបនេះភ្លាម ខេវិនបាន​ទៅបីយក​ក្មេងនេះទៅអោយម្ដាយ។ តាមពិតរូបភាពនេះថតនៅក្បែរជំរុំចែកចំណីអាហារ ដែលម្ដាយក្មេងនេះបានតំរង់ជួរ។ ក្មេងនេះត្រូវម្ដាយទុកនៅនឹងដី ហើយចៃដន្យពេលនោះ សត្វត្មាតក៏មកទុំក្បែរនោះ។ ខេវីនមិនអាចរំលងឱកាសថតរូប​ដ៏ល្អមួយនេះទេ។ ខ្ញុំជឿថា​នៅពេលនោះ សត្វត្មាត​មិនបានស៊ីក្មេងនេះទេ។

នេះគ្រាន់តែជា«រូបភាព» ដែលខេវីនចង់បញ្ជាក់ថាភាពអត់ឃ្លាននៅ​ស៊ូដង់​នាពេលនោះមានកំរិតធ្ងន់ធ្ងរប៉ុណ្ណា ហើយ​មានតែរូបភាពបែបនេះទេ​ដែលអាចធ្វើអោយពិភពលោកមានចិត្ត​រំជើបរំជួល នាំគ្នាទៅជួយប្រជាជនស៊ូដង់នោះ។

រ៉ាយរ៉ាប់ដូចជាវែងជ្រុលហើយ ដេកលក់ពាក់កណ្ដាលផ្លូវបាត់ដឹង?

លី កល្យាណ - 30/07/2011

អត់ទេ កំពុងស្រក់ទឹកភ្នែកនិងចាំស្តាប់បន្តទៀត។

មាន​សង្ឃឹម - 31/07/2011

អគុណ​ចំពោះ​ការ​ចែក​រំលែក​របស់​ គីម​ស្រ៊ុន​ នៅ​ទី​នេះ​ ខ្ញុំ​មិន​បាន​គិត​ថា​វា​វែង​រឺ​ខ្លី​អី​ទេ សំខាន់​គឺ​វា​មាន​អត្ថន័យ និង​ប្រយោជន៏​សំរាប់​មនុស្ស​គ្រប់​គ្នា ។ ខ្ញុំ​នៅ​តែ​នឹក​មនុស្ស​ទាំង​ពី​អ្នក​នេះ គឺ​ក្មេង​តូច​ និង Kevin Carter ចំពោះ​ខ្ញុំ​គាត់​ទាំង​ពី​នាក់​គឺ​ជា​ជន​រង​គ្រោះ​ក្នុង​ការ​​អត់​ឃ្លាន​នេះ។

12. Crazynas - 31/07/2011

អរគុណគីមស្រ៊ុន! បានលឺបែបនេះ ធូរចិត្តបន្តិច។ សាធុ! សាធុ!

13. Theng Him - 29/08/2013

It is very great ideas Kim Srun, I am support you very much. From today onward i try my best to waste the food.

14. ពិសិដ្ឋ​ - 10/10/2019

បើសិនជាអាច
ខ្ញុំចង់បូជាការខិត្តខំប្រឹងប្រែងរបស់ខ្ញុំទាំងអស់ ដើម្បីឲ្យធនធានមនុស្សដូច្នេះដុះដាលមានកាន់តែច្រើនឡើងក្នុងពិភពលោកយើងនេះ!​

15. ពិសិដ្ឋ​ - 10/10/2019

បើសិនជាអាច
ខ្ញុំចង់បូជាការខិត្តខំប្រឹងប្រែងរបស់ខ្ញុំទាំងអស់ ដើម្បីឲ្យធនធានមនុស្សដូច្នេះដុះដាលមានកាន់តែច្រើនឡើងក្នុងពិភពលោកយើងនេះ!​

មាន​សង្ឃឹម - 11/10/2019

អរគុណ​សម្រាប់​ទឹក​ចិត្ត​របស់​ប្អូន​។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: