ប៉ាដ៏អស្ចារ្យ 31/03/2011
Posted by មានសង្ឃឹម in ផ្ទាល់ខ្លួន.trackback
កាលពីជំនាន់សង្គមរាស្រ្តនិយម ប៉ាមានមុខងារជាសាស្រ្តាចារ្យអក្សរសាស្រ្តខ្មែរម្នាក់ នៅវិទ្យាល័យស៊ីសុវត្ថិ ។ ក្រោយមកប៉ារបស់ខ្ញុំជាបុគ្គលិកស្នូលរបស់បដិវត្តន៏ គាត់ជាមនុស្សមានឈ្មោះល្បីកាលពីជំនាន់ ប្រជាមានិតកម្ពុជាប្រចាំខេត្តកំពង់ធំ នរណាក៏គោរពនិងស្រឡាញ់គាត់ដែរ ព្រោះគាត់ជាមនុស្សស្អាតស្អំក្នុងការកសាងជាតិមាតុភូមិ រួមទាំងជាមួយប្រជាជន ។ គាត់រីករាយនិងសប្បាយចិត្តបើទោះបីជាផ្ទះដែលរស់នៅប្រក់ស្បូវនិងធ្លុះដោយកន្លែងក៏ដោយ។ ខ្ញុំនៅចាំបានថាពេលមានភ្លៀងធំម្តងៗពួកយើងតែងតែយកស្បោង ទៅបិទរុន្ធទាំងនោះឲ្យជិត ។
ម៉ាក់ជារឿងៗនិយាយរអ៊ូប្រាប់ពួកខ្ញុំថា ប៉ាខ្ញុំមិនចេះស៊ីសំណូក មិនចេះពុករលួយ មានមនុស្សជាច្រើនគេលួចយកប៊ិច និងសៀវភៅដែលជាជំនួយរបស់អង្គការយូនីសេសទៅលក់បានលុយមួយគំនរ មិនបាច់ឲ្យប្រពន្ធកូនពិបាក ។ ថ្វីបើប៉ាមានមុខតំណែងជាគណៈស្រុកទៅក្តី។ គាត់មានតែអាម៉ូឡែតកញ្ចាស់មួយសំរាប់ជិះទៅធ្វើការ កាលនោះខ្ញុំនៅតូចអ្វីក៏មិនសូវដឹងក្តី ប៉ុន្តែរឿងមួយដែលខ្ញុំដឹងច្បាស់នោះគឺគាត់សប្បាយចិត្តនិងអ្វីដែលគាត់មាន។
ប៉ាមានកូនសិស្សជាច្រើន និងមានមនុស្សជាច្រើនដែលគាត់បានជួយ ហើយពួកគេភាគមានមុខតំណែងនិងបុណ្យសក្តិធំៗក្ក្នុងជួរមន្រ្តីរាជការពេលឥឡូវនេះ ខុសពីប៉ាខ្ញុំដែល គ្រាន់តែមានមុខតំណែងត្រឹមតែជា មន្រ្តីអភិវឌ្ឈន៏ខេត្តតែប៉ុណ្ណោះ ដែលមានប្រាក់ខែត្រឹមតែ៧៥ដុល្លារអាមរិក ។ ខ្ញុំនៅតែជឿថាពូកគេបានមុខតំណែងដោយសារចេះបត់បែនតាមសង្គម ចេះអែបអប ចេះសូកប្រាន់… ប៉ានៅតែនិយាយត្រូវ ” មនុស្សអ្វីក៏បង្រៀនបាន តែភាពស្មោះត្រង់គឺបង្រៀនមិនបាន ” ពួកគេអាចគិតថាជាសំណាងដែលរៀនមេរៀនពីប៉ាមួយនេះមិនចេះ បើមិនចឹងទេពួកគេមិចនឹងអាចអង្គុយតំណែងដ៏ស្អុយរលួយដែល មនុស្សគ្រប់គ្នាខ្វាករចង់បានមិចនឹងកើត។
ការរស់នៅរបស់គ្រួសារខ្ញុំគឺមិនធូធារដូចគេឯងនោះទេ ចំណោមបងប្អូនទាំងអស់គឺ គ្រួសារខ្ញុំមានជីវភាពលំបាកជាងគេ ប៉ុន្តែវាជាការរស់នៅដ៏មានមុខមាត់ព្រោះមាន ប្រជាជនជាច្រើនសុទ្ធតែគោរពស្រលាញ់ប៉ាគ្រប់គ្នា ។ កាលពេលតូចខ្ញុំចេះតែតូចចិត្តថាហេតុអីបានជាខ្ញុំមិនសំបូរសប្បាយដូចក្មេងដទៃដែល ខ្ញុំមិនមានលុយសូម្បីទៅរៀន មិនដែលមានលុយទិញនំចំណីញុំានៅសាលាដូចមិត្តភ័ក្ត ខ្ញុំបានគិតថាខ្លួនឯងគឺចាប់ កំណើតខុសកន្លែងដូចអ្វីដែលមិត្តភ័ក្ត បានប្រាប់ ។
ពេលវេលាចេះតែកន្លងផុតទៅ បរិយាកាសសង្គមនិងរឿងរ៉ាវជីវិតបានបង្រៀនខ្ញុំ បង្ហាញឲ្យខ្ញុំកាន់តែយល់ច្បាស់ ។ ដូចប៉ាបានប្រាប់ខ្ញុំ “ធ្វើមនុស្សល្អពិបាកដូចជាលីធំថ្មដ៏ធំឡើងលើកំពូលភ្នំ ធ្វើមនុស្សអាក្រក់ងាយដូចជាគ្រាន់តែយកជើងឈ្នូសដុំថ្មឲ្យថ្លាក់ ពីកំពូលភ្នំ” ស្តាប់ទៅវាពិតជាខុសគ្នាស្រលះ ។ប៉ាជាមនុស្សតឹងរឹងនិងមានរបៀបរបប ដូចនេះការរស់នៅរបស់ពួកខ្ញុំក៏ដូចគ្នាដែរ តាំងពីការញុំា ការរៀន ការដើរ… តាំងពីក្នុងផ្ទះរហូតដល់ការប្រស្រ័យទាក់ទងខាងក្រៅសុទ្ធតែត្រូវបង្រៀន និងត្រូវឲ្យមានរបៀប ។ ថ្វីបើប៉ាមិនដែលផ្តល់ភាពសំបូរហូរហៀដល់ខ្ញុំ ប៉ុន្តែការយកចិត្តទុកដាក់ និងការណែនាំមានពេញលេញ គាត់មិនបាននាំខ្ញុំហោះហើរលើមេឃដ៏៏ធំ ប៉ុន្តែគាត់បង្រៀនខ្ញុំឲ្យចេះហើរដោយខ្លួនឯង ហើយប្រាប់ខ្ញុំថាតើពេលហើរកូននឹងជួបអ្វីខ្លះ? តើកូនត្រូវធ្វើយ៉ាងណានៅពេលមានឧបគ្គស គាត់នៅតែចាំជួយខ្ញុំពេលដែលខ្ញុំធ្លាក់ សំរាប់ខ្ញុំទាំងអស់នេះគឺវាគ្រប់គ្រាន់ជាង លុយ ឡាន វីឡា… ទៅទៀត ។
ក្រោយពីឆ្លងកាត់រឿងជាច្រើនមក ខ្ញុំចាប់ផ្តើមគិតសាជាថ្មី ខ្ញុំមានកំហុសដោយធ្លាប់គិតថា ខ្លួនឯងចាប់កំណើតខុសកន្លែង ខ្ញុំមិនគួរជឿពាក្យក្មេងៗទាំងនោះឡើយ ។ ខ្ញុំសោកស្តាយចំពោះការគិតបែបនេះ ប៉ាខ្ញុំជាមនុស្សដ៏ល្អម្នាក់ ជាមនុស្សស្មោះត្រង់ជាមួយជាតិ ជាមួយប្រជាជន ជាម្ួយក្រុមគ្រួសារ និងជាមួយខ្លួនឯង សម័យនេះមនុស្សដូចគាត់មានតិចបំផុត ។ មនុស្សភាគច្រើនគឺសួនតួ ជាពិសេសមន្រ្តីរាជការ ពួកគេអាចធ្វើរឿងមិនគប្បីជាច្រើនដើម្បីប្រាក់និងអំណាច មានប៉ុណ្ណឹហើយ នៅតែចឹងមានទៀត ពួកគេមិនខ្វល់ពីការឈឺចាប់ និងការលំបាករបស់មនុស្សជាច្រើនដែលសូម្បីតែគិតក៏មិនដែល វាមិនខុសពីសុភាសិត មួយនិយាយថា ” មនុស្សគិតតែពីប្រយោជន៏៏ផ្ទាល់ខ្លួន អាចដុតផ្ទះយើងដើម្បីតែស្ងោរពងមាន់មួយគ្រាប់ ” ។
គិតត្រលប់មកវិញប៉ាគឺជាមនុស្សតែម្នាក់ដែលបង្រៀនមេរៀនមួយនេះដល់ខ្ញុំ ទាំងគាត់ មិនបានប្រាប់អ្វីដល់ខ្ញុំបន្តិច ។ ខ្ញុំនៅតែចាំពាក្យដែលគាត់ឧស្សាហ៏និយាយជាមួយខ្ញុំពេលខ្ញុំសួរសំនួរខ្លះទៅគាត់ ” ពេលកូនធំកូននឹងដឹងដោយខ្លួនឯង ” មែន!ខ្ញុំដឹង ដឹងច្រើនពីសង្គមមួយនេះ មិនមែនតែខ្ញុំទេដែលជួបការលំបាក និងឈឺចាប់ ភាពអយុត្តិធម៌មានស្ទើរតែគ្រប់ទីកន្លែង ខ្ញុំក៏ជាជនរងគ្រោះ និងមានមនុស្សជាច្រើនរាប់មិនអស់ក៏បាន និងកំពុងក្លាយជាជនរងគ្រោះដូចគ្នា ។
ខ្ញុំទទួលស្គាល់ការពិតថាខ្លួនឯងជាមនុស្សមានសំណាងម្នាក់ ដែលមានប៉ាជាមនុស្សដ៏ ល្អពិបាករក បែបនេះ ខ្ញុំមានមោទភាពចំពោះគាត់ មោទភាពដែលកើតមកជាកូនគាត់ ។ គាត់សុខចិត្តធ្វើការទាំងលំបាកជាមួយភាពស្មោះត្រង់អស់មួយជីវិត ដើម្បីប្រទេសជាទីស្រលាញ់… ខ្ញុំដឹងថាទោះបីជាគាត់ជួបរឿងលំបាក និងអយុត្តធម៌ច្រើនប៉ុណ្ណាក៏គាត់មិនស្តាយក្រោយដែរ ព្រោះគាត់នឹងមិនរស់នៅជាមួយក្លិនឆ្អេះឆ្អាបនៃអំពីពុករលួយ និងមិនបិទភ្នែកទៅវិញជាមួយឈ្មោះជាជនក្បត់ជាតិ វាគ្រប់គ្រាន់សំរាប់ការរស់នៅគ្នានវិប្បដិសារីក្នុង មួយឆាកជិវិត ។ ពួកគេទាំងនោះនឹងមិនឲ្យតំលៃដល់រឿងមួយនេះ ព្រោះពួកគេមិនមានការគិតជាដូចមនុស្ស ការពិតពួកគេកើតមកគ្រាន់តែមានរូបរាងដូចជា មនុស្សប៉ុណ្ណោះ ។
ខ្ញុំនឹងធ្វើរឿងមួយចំពោះប៉ារបស់ខ្ញុំ គឺខ្ញុំនឹងសុំទោសគាត់ ខ្ញុំនឹងនិយាយរឿងរ៉ាវពិតនៅក្នុងចិត្តរបស់ខ្ញុំឲ្យគាត់បានដឹង ហើយខ្ញុំនឹងប្រាប់គាត់ថា “ប៉ាគឺជាប៉ាដ៏ល្អម្នាក់ និងជាវីរបុរសរបស់កូនស្រីម្នាក់នេះជារាងរហូត” ។ គាត់នឹងមិនអស់សង្ឃឹមចំពោះកូនរបស់គាត់ម្នាក់នេះ វាដូចអ្វីដែលគាត់បានប្រាប់ “ខ្ញុំនឹងសុខចិត្តដើរតាមគំរូគាត់ ខ្ញុំសប្បាយចិត្តលីថ្មមួយដុំធំឡើងទៅលើភ្នំជាមួយគាត់ គឺធ្វើជាមនុស្សពិតប្រាកដម្នាក់សំរាប់ខ្លួនឯង ក្រុមគ្រួសារ សំរាប់មនុស្សគ្រប់គ្នា… និងសំរាប់សង្គមជាតិរបស់ខ្ញុំ ។
It reminds me when first time we were on the phone heheh. Wow!
Really good, keep it my friend!
it’s look like a novel…. it’s wonderful Pa Pa…
Yes, I think so.
ហឹម ប្រហែលជាធ្លាប់ដឹង ជំនាន់ប៉ាខ្ញុំដែរ មន្រ្តីរាជការជំនាន់ប៉ាខ្ញុំដែរ នៅខេត្តដូចគ្នា សង្ស័យស្គាល់គ្នាផងមិនដឹង កុំមុយនីសមិនចេះស៊ីលុយ ឥលូវគាត់ Retired ហើយ តែខ្ញុំស្រល័យប៉ាខ្ញុំនឹងម៉ាក់ខ្ញុំ បើកុំពួកគាត់ប្រហែលជាខ្ញុំមិនមានសំណាងដល់ថ្ងៃនេះទេ ។
អូរសុំសួមួយតើអ៊ំប្រុសគាត់ឈ្មោះអីដែ ខ្ញុំនឹងសួប៉ាខ្ញុំប្រហែលជាដឹង ហើយ ។ ប៉ាខ្ញុំគាត់ជាអតីត ប្រធានការិយាល័យក្សេតសាស្រ្ត ខេត្តកំពង់ធំ ។
អុ! ខ្ញុំក៏គិតចឹងដែរ ប៉ារបស់ខ្ញុំមានឈ្មោះ ជឿង សឹង ។ ចុះប៉ារបស់អ្នកវិញ? ជំនាន់នោះគឺមានមនុស្សស្មោះត្រង់ច្រើនបើធៀបនឹងជំនាន់នេះ ។
ជំនាន់នោះ ជំនាន់នោះជិះម៉ូតូក៏គេថាឡូយ, ជំនាន់នេះជិះឡានសេរីកៅហើយនៅគេថាស្រែទៀត ។ ជំនាន់នោះ បារ, បៀប៉ោ, ល្បែងបន ក៏នៅមានតិច បើមនុស្សបុកទៅគ្រប់គ្នា ក៏ចូលប្រជ្រៀតគ្នាមិនចុះដែរ ។ សូមសរសើរលោកឪពុកអ្នកម្ចាស់ប្លុកមែនទែន!
ក្មេងស្រែ សុំទោសខ្ញុំមិនយល់ពីអ្វីដែលអ្នកបាននិយាយនេះទេ ។
ចឹងបានតាថា! ញ៉ុមយាយអីយល់តាឯង! អាង៉ាស់ង៉ាស់ង៉ាស់!
គួតែសរសេរឲ្យគេយល់ផងណា យល់តែម្នាក់ឯងមិនមែនជាលក្ខខណ្ឌត្រឹមត្រូវសំរាប់អ្នកសរសេរទេ ។
ប៉ារបស់ខ្ញុំក៏ជាមនុស្សមានឋានៈបុណ្យសក្តិគួរសមដែរ ប៉ុន្តែគាត់បានស្លាប់តាំងពីខ្ញុំនៅក្មេងម្លេះ
សូមចូលរួមសោកស្តាយផងណា Samady ខ្ញុំដឹងថាគាត់ពិតជាសប្បាយចិត្តព្រោះមានកូនដ៏ល្អដូចជាអ្នក ។
គំរូល្អមែន!
បងគិតថា អូនក៏ដូចគ្នាដែរ ។