ស្នាមញញឹមថ្មី ខ្ញុំនិងអ្នកគ្រូភួង 27/03/2011
Posted by មានសង្ឃឹម in ផ្ទាល់ខ្លួន.trackback
ជាថ្ងៃដែលខ្ញុំបានរំពឹងទុកបានមកដល់ ខ្ញុំបានក្រោកពីព្រលឹម មានការងារជាច្រើនត្រូវធ្វើនៅព្រឹកនេះ ខ្ញុំមានណាត់ជាមួយមនុស្សសំខាន់ម្នាក់ គឺអ្នកគ្រូភួងរបស់ខ្ញុំ ។ ទីបំផុតខ្ញុំបានរកគាត់ឃើញហើយ ខ្ញុំពិតជាសប្បាយចិត្តបំផុត វាបណ្តាលឲ្យថ្ងៃអាទិត្យធម្មតាទៅជាថ្ងៃពិសេសមួយសំរាប់រូបខ្ញុំ ។ ខ្ញុំបានប្រញាប់ទិញផ្លែឈើមួយចំនួន និង ទឹកដោះគោដើម្បីផ្ញើរទុកជូនគាត់ ។
ខ្ញុំទូស័ព្ទរកគាត់ជាច្រើនសារទំរាំរកផ្ទះគាត់ឃើញ ខ្ញុំបានជួបអ្នកគ្រូភួងក្នុងសំលៀក បំពាក់សមញ្ញតែសមរម្យ ខ្ញុំបានចុះពីរថយន្តនៅពេលដែលវាមិនទាំងបានពន្លត់ម៉ាស៊ីន ស្រួលបួល… ខ្ញុំលើកដៃសំពះសួរអ្នកគ្រូទាំងញញឹម អ្នកគ្រូមកចាប់ដៃខ្ញុំ ទាំងដៃខ្ញុំនៅសំពះគាត់នៅឡើយ ពួកយើងពិតជាមានការនឹករលឹកគ្នាទៅវិញទៅមក វាបានកន្លងផុតទៅ ២៦ ឆ្នាំមកហើយសំរាប់មនោសញ្ចេតនាមួយនេះ ។ អ្នកគ្រូធាត់ជាងមុន និង មានសំបុរជ្រះជាងមុន ប៉ុន្តែគាត់នៅតែមានសំលេងពិរោះ ទោះជាយ៉ាងណាសំរាប់ខ្ញុំគាត់នៅតែស្រស់ស្អាតរហូត ។
ចាំបានថាថ្ងៃដែលខ្ញុំបានលេខទូស័ព្ទរបស់គាត់ដំបូង ខ្ញុំបានចំណាយពេលនិយាយ ជាមួយគាត់យ៉ាងយូរ គាត់អួលដើមកពេលបានលឺខ្ញុំរៀបរ៉ាប់ ពីការនឹករលឹករបស់កូនសិស្សរបស់គាត់ម្នាក់នេះ ។ ខ្ញុំបានដើរតាមអ្នកគ្រូពីក្រោយឆ្លងកាត់ផ្លូវតូចចង្អៀតជាច្រើនគន្លាក់ វាបត់ចុះបត់ឡើង វាធ្វើឲ្យខ្ញុំពិបាកចាំ ខ្ញុំមិនសប្បាយចិត្តក្នុងការឃើញស្ថានភាពរស់នៅរបស់អ្នកគ្រូ ក្នុងការរស់នៅផ្ទះជួលដ៏តូចចង្អៀតបែបនេះ ។ គាត់មានកូនស្រីម្នាក់ឈ្មោះថា អមរា នាងជាក្មេងស្រីស្រស់ស្អាតម្នាក់ដែលគួរឲ្យស្រលាញ់ ខ្ញុំក៏បានជួបលោកយាយដែលមាន វ័យ ៨០ ឆ្នាំដែលខ្ញុំបានយល់ច្រលំថាគាត់បានលាចាកលោកតាមពិតមិនមែនជាគាត់នោះទេ ។ ខ្ញុំបានអោបអ្នកគ្រូ អោបដូចកាលពីជាង២០ឆ្នាំមុន អោបជាមួយក្តីស្រលាញ់ និង នឹករលឹកបំផុត… ខ្ញុំខំទប់ទឹកភ្នែកមិនឲ្យហូរ ទីបំផុតបំណងរបស់ខ្ញុំបានសំរេចហើយ ។
អ្នកគ្រូបានបង្រៀនភាសារខ្មែរតាមផ្ទះ ជាពិសេសឲ្យកូនជនជាតិផ្សេងៗដែលចង់ចេះ ភាសាខ្មែរ គាត់មានតែកង់ចាស់មូយសំរាប់ធ្វើដំណើរទៅបង្រៀន គាត់ត្រូវធ្វើដំណើរឆ្ងាយពីផ្ទះ ។ គាត់បានលែងលះជាយូរឆ្នាំមកហើយ ពេលគាត់និយាយដល់រឿងនេះខ្ញុំបានធ្លាក់ទឹកមុខ ហើយងាកទៅមើល អមរាដែលអង្គុយខាងស្តាំដៃខ្ញុំ ។ គាត់ត្រូវរស់នៅក្នុងសភាពជាស្រីម៉េម៉ាយ និងមានកូនស្រីក្នុងបន្ទុក ចំណែកលោកយាយនឹងវិលត្រលប់ទៅ ខេត្តកំពង់ធំវិញ ពេលជំងឺធូស្រាលព្រោះគាត់រស់នៅជាមួយកូនស្រីម្នាក់ទៀតនៅទីនោះ ។ អ្នកគ្រូបានបង្ហាញខ្ញុំ នៅភាពរឹងពឹង និងការសប្បាយចិត្តព្រោះគាត់មិនបាច់ពិបាកចិត្តដោយសារមនុស្សប្រុសម្នាក់នោះតទៅទៀតនោះទេ គាត់មាន សិទ្ធសេរីភាពពិតប្រាកដ ក្នុងការរស់នៅជាមួយក្តីសង្ឃឹមដែលមានអមរាកូនស្រីជាទី ស្រលាញ់នៅក្បែរគាត់ គ្រប់ពេល ។
ពួកយើងនិយាយពីនេះពីនោះ ជាពិសេសរឿងអតីតកាល… អ្នកគ្រូ និង លោកយាយចេះតែលួចមើលខ្ញុំ ហើយនិយាយថា បើគាត់បានជួបខ្ញុំតាមផ្លូវដោយចែដន្យគាត់ពិតជាមិនចំណាំខ្ញុំសូម្បីតែបន្តិច ។ អ្នកគ្រូថាខ្ញុំស្គម វាប្រហែលជាខុសគ្នាឆ្ងាយ ព្រោះកាលពីតូចខ្ញុំមានសំបុររាងស្រគាំជាងនេះ ហើយមានមាឌធំមុំាមួន ។ អ្នកគ្រូក៏បានរំលឹកថា ខ្ញុំចូលចិត្តយំ… ហើយគាត់ចំណាយពេលយូរដើម្បីលួង និងពរខ្ញុំ វាពិតជាគួរឲ្យចង់សើចដែរ ប៉ុន្តែកាលនោះខ្ញុំនៅតូចដែលមានអាយុជាង២ឆ្នាំ ហើយត្រូវចូលរៀនមតេ្តយ្យទាំងនិយាយមិនទាន់បានច្បាស់ស្រួលបួលផង ។
ក្រោយពីជួបនិង និយាយលេងជាមួយអ្នកគ្រូរួមទាំងក្រុមគ្រួសារមកខ្ញុំបានជំរាបលា អ្នកគ្រូ ខ្ញុំបានប្រាប់ពីទីលំនៅរបស់ខ្ញុំ និងផ្តាំថាបើគាត់ចង់ទៅលេងផ្ទះខ្ញុំ ខ្ញុំពិតជារីករាយណាស់ ហើយខ្ញុំនឹងមកទទួលគាត់ដល់ផ្ទះតែម្តង ខ្ញុំនៅបានសន្យាថានិងធ្វើម្ហូបឲ្យគាត់បានញុំាជុំគ្នា ជាមូយប៉ា ម៉ាក់ និងក្រុមគ្រួសាររបស់ខ្ញុំ ព្រោះគ្រប់គ្នាសុទ្ធតែស្គាល់គាត់ និង នឹករលឹកគាត់គ្រប់គ្នា ។
អ្នកដឹងទេវាធ្វើឲ្យខ្ញុំមានក្តីសង្ឃឹមច្រើនពេលជួបអ្នកគ្រូភួងម្តងទៀត គាត់បានប្រាប់ខ្ញុំថា គាត់មិនដែលអស់សង្ឃឹមទោះជាជួបការលំបាកនៅក្នុងជីវិត គាត់នៅតែជឿថា “ធ្វើល្អ នឹង ជួបមនុស្សល្អ ជួបផលល្អ ” ។ ចាប់ពីពេលនេះទៅ ខ្ញុំមានគាត់ ខ្ញុំនិងថែរក្សារមនុស្សជាទីស្រលាញ់ម្នាក់នេះរហូត ខ្ញុំនិងជួយគាត់តាមអ្វីដែលខ្ញុំអាចធ្វើបាន ។
“អ្នកគ្រូភួង ខ្ញុំនៅតែស្រលាញ់អ្នកគ្រូ ជាក្តីស្រលាញ់មួយនៅក្នុងជីវិតរបស់ខ្ញុំ ដែលមិនដែលប្រែប្រួល “
សួស្តីចិន្ដា
ក្រោយអានអត្ថបទនេះហើយ ខ្ញុំមានអារម្មណ៍រំភើបលាយឡំដោយក្តីនឹកស្រមៃដល់គ្រូចាស់ៗរបស់ខ្ញុំដែរ ។ ចិន្តាពិតជាកូនសិស្សកតញ្ញូមែន ។
ពិតមែនការនឹករលឹកដល់មនុស្សល្អម្នាក់ពិតជាសប្បាយចិត្តណាស់ អគុណដែលគិតថាខ្ញុំជាសិស្សកតញ្ញូម្នាក់ ។
សូមសរសើរនូវទឹកចិត្តរបស់បងស្រី! ខ្ញុំក៏រលឹកលោកគ្រូគីមីរបស់ខ្ញុំដែរ ដែលកាលនោះគាត់បានហៅខ្ញុំឲ្យរៀនគួរគីមីដោយអត់បង់ប្រាក់ ក្រោយពេលដែលមិត្តខ្ញុំប្រាប់គាត់ថា ខ្ញុំអត់មានលុយរៀន! ខ្ញុំដឹងគុណគាត់មិនភ្លេចទេ!
វាជាការពិតទឹកចិត្តរបស់ពួកគាត់គឺពិតជាល្អ សូមចងចាំរូបគាត់មានន័យថាអូនជាមនុស្សកត្តញ្ញូម្នាក់ ។
ជួយចូលរួមរីករាយផង។
អគុណបងចំពោះទឹកចិត្តដ៏ល្អនេះ ។
Again Congratulation hehe>>
New hope’s begun !
Thanks you again too.
ខ្ញុំជាគ្រូបង្រៀនសម័យថ្មីនៅវិទ្យាល័យមួយ ជូបជាមួយសិស្សសម័យថ្មី
មិនដែលមានការគិតដូចមានសង្ឃឹមទេ។ ការស្វះស្វែងរបស់អ្នក ពិតជា
សិស្សល្អណាស់។ សូម្បីខ្ញុំមិនដែលមានអនុស្សាវរីយ៍ផ្អែមល្ហែមដូចអ្នក
ឡើយ។
ជំរាបសួរលោកគ្រូ! ខ្ញុំចូលចិត្តសន្សំអនុស្សាវរីយ៏ល្អៗទុក ពេលនឹកដល់វាធ្វើឲ្យខ្ញុំមានសេចក្តីសុខ ។
ត្រឹមត្រូវហើយ។ អនុស្សាវរីយ៍វាជាកំរងនៃជីវិត ការចេះចងក្រងអនុស្សាវរីយ៍
ជាការឆ្លុះបញ្ចាំងអោយឃើញពីភាពរស់រវើកនៃជីវិតបន្ចុប្បន្នភាព។ មនុស្ស
គ្រប់រូបតែងតែមានអនុស្សាវរីយ៍ គ្រាន់តែអ្នកខ្លះទុកវាអោយនៅរាយប៉ាយ
អ្នកខ្លះចងក្រងវាឡើងអោយមានរបៀបរៀបរយ។
ចិន្តា ប្រហែលជាបពា្ចប់បរិ.អក្សរសាស្រ្តហើយមិនដឹង។ ចំពោះខ្ញុំវិញ មិនសូវ
ចេះចងក្រងនូវអនុស្សាវរីយ៍ទាំងអស់នោះទេ។ រឺមួយខ្ញុំជាមនុស្សប្រុស រឺក៏ខ្ញុំ
ជាអ្នករៀនទស្សនវិជ្ជា។ ខ្ញុំមានអនុស្សាវរីយ៍រាប់មិនអស់ ប៉ុន្តែវាត្រូវបានខ្ញុំ
ឈប់រាប់អានវានៅក្នុងចិត្ត។ ប៉ុន្តែមិនមែនមានន័យថា ជាមនុស្សសោះ
កក្រោះ រឺមនុស្សរស់នៅគ្មានមនោសញ្ចេតនានោះទេ។
ខ្ញុំមិនមែនបានបញ្ជប់ខាងអក្សសាស្រ្តអីនោះទេ ខ្ញុំគ្រាន់តែបញ្ជប់បរិញ្ញាប័ត្រខាង គ្រប់គ្រង ប៉ុន្តែកាលខ្ញុំនៅរៀនវិទ្យាល័យ ខ្ញុំជាសិស្សពូកែខ្មែរម្នាក់ ខ្ញុំចូលចិត្តអាននិងតែងសេចក្តី ។ ប្រហែលមកពីខ្ញុំមានឈាមជ័រដូចប៉ាខ្លះ ។
និយាយចឹង ធ្វើឲ្យខ្ញុំនឹកដល់គ្រូរបស់ខ្ញុំមួយចំនួនដែរ ជាពិសេសគ្រូៗកាលថ្នាក់បឋម!
មានន័យថាប្អូនគឺជាសិស្សល្អម្នាក់ ។
កាលពីមុន ជាសិស្សល្អ និងសិស្សពូកែ…
តែបច្ចុប្បន្ន ជាសិស្សកំហូច សិស្សកំជិល…
មិចចឹង?
ហេតុអីមិនសិក្សាអក្សរសាស្រ្ត ពិព្រោះចិន្តាពូកែភាសាខ្មែរនោះអី។ ចំពោះ
ខ្ញុំកាលនៅរៀនវិទ្យាល័យ ខ្ញុំចូលចិត្តវិភាគវែកញែក សូម្បីរឿងបន្តិចបន្ទួច
លុះចប់វិទ្យាល័យឆ្នាំ៩៩ ខ្ញុំប្រលងជាប់បានចូលរៀនទស្សនវិជ្ជានៅ រ៉ាប់
ប៉ុន្តែជាអកុសល ពេលនេះមិនមានទស្សនវិជ្ជាបង្រៀនទៀតទេ សំរាប់ថ្នាក់
វិទ្យាល័យ។ មានតែសីលធម៌-ពលរដ្ឋ ដែលមានលក្ខណៈធូរស្រាល វាគ្រាន់
តែជាមែកធាងមួយតូចរបស់ទស្សនវិជ្ជាប៉ុណ្ណោះ។
កាលនោះគ្រួសារខ្ញុំមិនមានប្រាក់គ្រប់គ្រាន់សំរាប់បញ្ជូនខ្ញុំទៅរៀនបន្ត ខ្ញុំក៏សំរេចចិត្តស្វែងរកការងារធ្វើ តាំងពីអាយុ១៧ឆ្នាំម្លេះ ។ ក្រោយពេលខ្ញុំបានសន្សំប្រាក់បានមួយចំនួនខ្ញុំក៏ចូលរៀនមហាវិទ្យាល័យផ្នែកគ្រប់គ្រង ពីឆ្នាំ២០០៣ ព្រោះវាការរៀនយកបរិញ្ញាប័ត្រជាក្តីស្រម័យតាំងពិខ្ញុំនៅតូចម្លេះ ។
:-))
អ្នកគ្រូនៅដល់ណាដែលបង?
នៅម្តុំបន្ទាយស្លឹក បងមិនសូវច្បាស់រឿងទីតាំងប៉ន្មានទេ នៅទីនោះឃើញមានបន្ទប់ជួលច្រើនគួរសមដែរ ។
ខ្ញុំអត់ស្គាល់ទេ បន្ទាយស្លឹកណឹងមិនដឹងបែរមុខទៅខាងណាផង !
បងក៏មិនចាំច្បាស់ដែរ ព្រោះកាលនោះអ្នកផ្ទះជាអ្នកជូនបងទៅទេ ។
ចប់បណ្ដោយ !
🙂