jump to navigation

អាគី​ឆ្កែ​ខ្ញុំ 11/02/2011

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន.
Tags: , , , ,
trackback

អាគីឆ្កែខ្ញុំ

តាំង​ពី​កើត​មក​ខ្ញុំ​បាន​ឃើញ​វា​បាត់​ទៅ​ហើយ វា​អាយុ​បង​ខ្ញុំ វា​ជា​កាដូ​របស់​បង​ស្រី​ធំ (បង ម៉ុណ្ណា) របស់​ខ្ញុំ គាត់​​បី​វា​ធ្វើ​ដំណើរ​កាត់​ទូក និង រថយន្ត​ដើម្បី​យក​មក​ផ្ទះ។ រហូត​មក​ដល់​ពេល​នេះ​គ្មាន​ឆ្កែ​ណា​អាច​ជំនួស​​វា​ក្នុង​ចិត្ត​ខ្ញុំ​នោះ​ទេ ខ្ញុំ​នៅ​តែ​នឹក​វា​នឹក​រហូត………។ អាគី​ជា​ឆ្កែ​ឈ្មោល វា​មាន​សំបុរ​ពណ៌​មាស​ភ្លឺ រោម​វា​មិន​វែង​មិន​ខ្លី វា​មាន​កន្ទុយ​ស្អាត​បំផុត វា​ជា​ប្រភេទ​ពូជ​ឆ្កែ​​កូន​កាត់។

អាគី​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​គ្រួសារ​យើង ពួក​យើង​ស្រលាញ់​វា​ណាស់ វា​មិន​សូវ​ដើរ​ឆ្ងាយ​ពី​ផ្ទះ​ទេ ហើយ​ពួក​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​វត្តមាន​វា​ណាស់​ដែរ ព្រោះ​តាម​ខ្ញុំ​ចាំ​បាន​កាលណោះ​មាន​បន្ទាយ​ទាហ៊ាន​យួន​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ប៉ុន្មាន​ ហើយ​ពួក យើង​ជឿ​ថា​ពួក​គេ​ទាំង​នោះ​ចូលចិត្ត​បរិភោគ​​សាច់​ឆ្កែ​ណាស់ ជា​រឿយ​ៗ​ពួក​យើង​តែង​តែ​លឺ​អ្នក​ក្នុង​ ភូមិ​ប្រាប់​ថា​បាត់​ឆ្កែ​។

អាគី​វា​ជា​ឆ្កែ​ឆ្លាត វា​តែង​តែ​នៅ​ក្បែរ​ខ្ញុំ ពេល​លេង​មឹក ពេល​គូ​រូប ពេល​ខ្ញុំ​ដើរ​លេង​……​ជា​ពិសេស​វា​រត់​ប្រណាំង​​ជាមួយ​ខ្ញុំ និង បង​ភ័ណ្ឌ​នៅ​ពេល​ព្រឹក “ ហេតុអី​ខ្ញុំ​រត់​មិន​ដែល​ឈ្នះ​អាគី​ចឹង?” ខ្ញុំ​សួរ​បង​ភ័ណ្ឌ។ គាត់​​ប្រាប់​ខ្ញុំ​យ៉ាង Logic ថា​មក​ពី​វា​មាន​ជើង​បួន មែន​ក៏​អី? ខ្ញុំ​នឹក​ដល់​សត្វ​គោ ហេតុអី​វា​ដើរ​មួយ​ៗ ក្នុង​ខណះ​ពេល​វា​មាន​ជើង​បួន​ដែរ? ខ្ញុំ​ពិត​ជា​ចង់​សួរ​គាត់​ត​ទៅ​ទៀត ប៉ុន្តែ​ជា​ទូទៅ​ក្នុង​ករណី​សួរ​ដេញ​ដោល​ច្រើន​គឺ​ត្រូវ​គាត់​ខោក​ក្បាល ខ្ញុំ​ជា​រឿយ​ៗ វា​ឈឺ​បើ​ទោះ​ជា​ខ្ញុំ​មាន​សក់​ក្រាស់​ជួយ​ទប់ក៏​​ដោយ។

អាគី​ជា​ឆ្កែ​ឧស្សាហ៏ និង រវាស​រវៃ វា​ដេញ​ព្រូស​ចំពោះ​អ្នក​ជិត​ខាង និង​ បង​ប្អូន​ជីដូន​មួយ​ខ្ញុំ​ដែល​មក​លួច​​បេះ​ផ្កា​នៅ​ពេល​ព្រលឹម ប៉ុន្តែ​វា​មិន​ដែល​ខាំ​នរណា​សូម្បី​តែ​ម្នាក់។ វា​ស្រលាញ់​ខ្ញុំ​ណាស់ វា​ជូន​ដំណើរ​ខ្ញុំ​ពេល​ខ្ញុំ​ទៅ​រៀន​ និង ចាំ​ទទួល​ខ្ញុំ​ពេល​មក​ដល់​ផ្ទះ​ វា​លួងលោម​ខ្ញុំ​ពេល​ខ្ញុំ​យំ រឺ មិន​សប្បាយចិត្ត។ ពួក​យើង​មាន​អ្វី​ជាមួយ​គ្នា​ជា​ច្រើន ខ្ញុំ​មិន​សប្បាយ​ចិត្ត​ពេល​លឺ​ពួក​គេ​ប្រាប់​ខ្ញុំ​ថា​ឆ្កែ​​អាច​មើល​ឃើញ​ខ្មោច ខ្ញុំ​យំ​ព្រោះ​អាណិត​វា វា​នឹង​ខ្លាច​ដូច​ដែល​ខ្ញុំ​ខ្លាច​ចឹង។

ប៉ា​ក៏​សួរ​មក​ខ្ញុំ​ថា​ “កូន​ធ្លាប់​ឃើញ​ខ្មោច​ទេ​?” ខ្ញុំ​គ្រវី​ក្បាល​ហើយ​ប្រាប់​គាត់​ថា “ អត់​ទេ ” ចឹង​កូន​មិន​ត្រូវ​ជឿ​នូវ​​អ្វី​ដែល​កូន​មិន​បាន​ឃើញ​ផ្ទាល់​ភ្នែក​នោះ​ទេ វា​គ្រាន់​តែ​ជា​រឿង កុហក​ប៉ុណ្ណោះក្នុង​លោក​អត់​មាន​ខ្មោច​នោះ​ទេ។

មែន​ហើយ! ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ចឹង អាគី​ប្រាកដ​ជា​មិន​ខ្លាច​ដូច​ខ្ញុំ​បាន​គិត​ទេ​ ប៉ា​ខ្ញុំ​សើច។ សំរាប់​ខ្ញុំ​ អាគី វា​មិន​ត្រឹម​តែ​ជា​ឆ្កែ​មួយ​ក្បាល វា​មាន​តំលៃ​ខ្លាំង​ណាស់​សំរាប់​ខ្ញុំ យើង​មាន​អនុស្សាវរីយ៏​ជា​ច្រើន​ជាមួយ​គ្នា។ មាន​ពេល​មួយ​ខ្ញុំ​ទៅ​ជិះ​ទូក​លេង​ជាមួយ​អ្នក​ភូមិ​របស់​ខ្ញុំ ពួក​គេ​ចែវ​មិន​ទាន់​ឆ្ងាយ​បាន​ប៉ុន្មាន​ផង​ខ្ញុំ​ក៏​ស្រែ​កយំ ខ្ញុំ​ពិ​ត​ជា​ខ្លាច ព្រោះ​ខ្ញុំ​ធ្លាប់​លង់​ទឹក ពេល​នោះ​មាន​តែ​អាគី​ទេ​ដែល​ហែល​មក​រក​ខ្ញុំ​វា​​ដឹង​ថា​ខ្ញុំ​ខ្លាច វា​ហែល​យ៉ាង​លឿន​មក​រក​ខ្ញុំ វា​ហក់​មក​លើ​ទូក ខ្ញុំ​បាន​អោប​វា​អោប​យ៉ាង​ណែន។

ថ្ងៃ​មួយ​ពេល​ត្រលប់​មក​ផ្ទះ​វិញ ខ្ញុំ​អត់​ឃើញ​អាគី​ដូច​សព្វ​មួយ​ដង “វា​ទៅ​ណា​បាត់​ហើយ?” ខ្ញុំ​សួរ​ម៉ាក់ សួរ​បង​ស្រី តែ​ពួក​គាត់​អត់​នរណា​ដឹង​សោះ សួរ​អ្នក​ជិត​ខាង​ក៏​មិន​ឃើញ ខ្ញុំ​ដើរ​រក​វា​រហូត​ដល់​យប់ ខ្ញុំ​មិន​ញុំា​បាយ ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ា​មិន​សប្បាយចិត្ត ប៉ា​ប្រាប់​ខ្ញុំ​ថា​វា​ធំ​ហើយ វា​នឹង​ត្រលប់​មក​ផ្ទះ​វិញ ព្រោះ​វា​ស្គាល់​ផ្លូវ​ច្បាស់​ជាង​ខ្ញុំ​ទៅ​ទៀត។

ពួក​យើង​បាន​ដើរ​រក​វា​ជា​ច្រើន​ថ្ងៃ មាន​គេ​ប្រាប់​ថា​គេ​ឃើញ​ទាហាន​យួន​យក​វា​ទៅ ខ្ញុំ​ចាប់​ផ្តើម​ខ្លាច​ម្តង​ទៀត ព្រោះ​មាន​ទាហាន​យួន​ម្នាក់​ធ្លាប់​លេង​សើច​ជាមួយ​ខ្ញុំ គេ​ជា​រឿយ​ៗ​អង្គុយ​នៅ​តូប​នៅ​ដើម​ផ្លូវ រាល់​ពេល​ដែល​គេ​ឃើញ​ខ្ញុំ គេ​ចាប់​បិច​ថ្ពាល់ បិច​ច្រមុះ អង្អែល​សក់​ខ្ញុំ អោប​ខ្ញុំ គេ​ប្រាប់​ថា​ខ្ញុំ​ស្អាត ទោះ​គេ​និយាយ​ប៉ៃឡាំ​ក៏​ដោយ​ខ្ញុំ​អាច​ស្តាប់​បាន គាត់​ធ្វើ​ដាក់​ខ្ញុំ​ជា​រៀងរាល់​ពេល​ដែល​ឃើញ​ខ្ញុំ។ ពេល​នោះ​ខ្ញុំ​មិន​ហ៊ាន​កំរើក​ខ្លួន​ទេ ដក​ដង្ហើម​ក៏​មិន​ចង់​ហ៊ាន​ដកដែរ ខ្ញុំខ្លាច ខ្លាចណាស់ រហូត​មិន​ហ៊ាន​ដើរ​ពេល​ឃើញ​គាត់។

ទី​បំផុត​បង​ប្អូន​របស់​ខ្ញុំ​បាន​ដឹង​ហើយ​បាន​ទៅ​និយាយ​ជាមួយ​គាត់​ ខ្ញុំ​មិន​ដឹង​ថា​ពួក​គាត់ និយាយ​យ៉ាង​ណា​ទេ តែ​ចាប់​ពី​ពេល​នោះ​មក​ខ្ញុំ​មិន​ដែល​ឃើញ​មុខ​គាត់​ទៀត​ឡើយ ខ្ញុំ​នឹក​ឃើញ​ថា​ប្រហែល​ជា​គាត់​ចង់​សង​សឹង​នឹង​ខ្ញុំ​​ហើយ​ចាប់​អាគី​ទៅ​ធ្វើ​ម្ហូប​បាត់​ហើយ ខ្ញុំ យំ យំ​រាល់​យប់​ពេល​នឹក​ឃើញ​អាគី ខ្ញុំ​ដឹ​ង​ថា​វា​ប្រាកដ​ជា​ខ្លាច ដូច​ជា​ខ្ញុំ​ពេល​នោះ​ដែរ។ ខ្ញុំ​​អង្គុយ​ចាំ​វា​នៅ​កាំ​ជណ្តើរ​រាល់​ថ្ងែ ជា​កន្លែង​ដែល​វា​ចូលចិត្ត​ដេក ខ្ញុំ​ប្រាប់​ខ្លួន​អែង​ថា​ វា​នឹង​វិល​មក​វិញ​ ហើយ​ខ្ញុំ​នឹង​ចាំ​វា​ទីនេះ​រហូត……។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ចាំ​បាត់​ ចាំបាត់ ខ្ញុំ​មិន​ដឹង​ថា​ចាំ​យូរ​ប៉ុណ្ណា​ទេ តែ​នៅ​តែ​ចាំ​រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​បាន​​ចាកចេញ​ពី​ស្រុកកំណើត ខ្ញុំ​តែង​តែ​លួច​សំលឹង​មើល​ចាន​បាយ​របស់ អាគី​នៅ​ក្រោម​ផ្ទះ ខ្ញុំ​នឹក​វា​ណាស់ “អាគី​តើ​អែង​ទៅ​ណា​ហើយ អែង​ធ្វើ​អី…?” ទី​បំផុត​ទើប​ខ្ញុំ​ដឹង​ច្បាស់​ថា​វា​មិន​មក​វិញ​ទេ វា​ទៅ​ហើយ ទៅ​ឆ្ងាយ​សែន​ឆ្ងាយ​ពី​ខ្ញុំ​……។

ឥឡូវ​ខ្ញុំ​ចាប់​ផ្តើម​គិត​ត្រលប់​មក​វិញ ខ្ញុំ​មិន​គួរ​បន្ទោស​ទៅ​លើ​ទាហាន​យួន​ម្នាក់​នោះ​ទេ ហេតុផល​​ដែល​ប៉ា​ដែល​​បាន​ប្រាប់​ខ្ញុំ​ជា​ហេតុផល​ល្អ​បំផុត ខ្ញុំ​មិន​បាន​ឃើញ​នឹង​ភ្នែក ខ្ញុំ​មិន​គួរ​ដាក់​កំហុស​ទៅ​លើ​គាត់​ឡើយ​គាត់​ស្រលាញ់​ខ្ញុំ បិច​ថ្ពាល់​ខ្ញុំ បិច​ច្រមុះ​ខ្ញុំ…… ព្រោះ​ប្រហែល​ជា​គាត់​កំពុង​តែ​នឹក​កូន​គាត់​នៅ​ស្រុក​កំណើត ខ្ញុំ​ចង់​ជួប​គាត់​ម្តង​ទៀត ចង់​ឲ្យ​គាត់​ប្រាប់​ពី​អារម្មណ៏៏​គាត់​ឲ្យ​ខ្ញុំ​ដឹង ហើយ​ខ្ញុំ​ពេញចិត្ត​នឹង សុំទោស​គាត់​បើ​សិន​ជា​ការ​គិត​ខ្ញុំ​ជា​ការពិត តែ​គាត់​បាន​បាត់​សូន្យ​ដូច​ជា​ការ​បាត់​របស់​អាគី​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​នៅ​តែ​នឹក​វា ខ្ញុំ​បាន​ចំណាយ​ពេល​ដើរ​មើល​ឆ្កែ​​ដែល​គេ​លក់ ប៉ុន្តែ​គ្មាន​ឆ្កែ​ណា​ដូច​វា​ទេ ហើយ​ខ្ញុំ​ក៏​សំរេចចិត្ត​ថា​ឈប់​ចិញ្ចឹម​ឆ្កែ​រហូត​មួយ​ជីវិត​របស់​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​អាគី​ជា​ឆ្កែ​ដំបូង​ និង ចុងក្រោយ​បង្អស់​របស់​ខ្ញុំ​ជាង​រាង​រហូត។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: