jump to navigation

រដូវ​រងារ​ថ្មី​ 14/12/2016

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន.
2 comments

សួស្តីរដូវរងារ!! ខ្ញុំពិតជាចូលចិត្តសរសេរអត្ថបទនិយាយពីរដូវរងារ ហើយខ្ញុំបានសរសេរវាជារាងរាល់ឆ្នាំ។ ត្រូវហើយ!! រដូវរងារបានរម្លឹករឿងរ៉ាវនិងអនុស្សាវរីយ៍ចាស់ៗជាច្រើនដល់ខ្ញុំ។ ចាំបានថាកាលនៅរៀនវិទ្យាល័យថ្នាក់ទី១២ អាកាសធាតុពិតជាត្រជាក់នៅចុងឆ្នាំ។ ដោយសារគ្រួសាររបស់ខ្ញុំមិនសូវធូធារ ខ្ញុំមិនមានប្រាក់ទិញអាវរងារថ្មីនោះទេ។ កាលនោះបងស្រីរបស់ខ្ញុំទើបចេញធ្វើការ ហើយគាត់បានទិញអាវធំពណ៌ក្រហមមួយ ហើយពួកយើងតែងតែផ្លាស់ប្តូរគ្នាពាក់ម្នាក់ម្តង… នេះជាចែករំលែកដ៏មហិមារដែលបងស្រីផ្តល់ឲ្យខ្ញុំ ។ ភាពក្រលំបាកវាមិនអាចបញ្ឈប់សេចក្តីស្រលាញ់រវាងពួកយើងឡើយ ផ្ទុយទៅវិញពួកយើងយល់ពីតម្លែនៃការចែករំលែកឲ្យគ្នានៅពេលត្រូវការចាំបាច់មួយ។ 

ខ្ញុំជាក្មេងស្រីដែលពេញវ័យម្នាក់ត្រូវរស់នៅជាមួយភាពខ្វះខាត។ ម្តាយនិងឪពុកខ្ញុំ គ្រាន់តែជាអ្នកលក់ផ្លែឈើតូចតាចតាមចិញ្ចើមផ្លូវនៃផ្សារពោចិនតុងប៉ុណ្ណោះ គ្រប់មួយកាក់ មួយសេនគឺពិតជាពិបាករកនិងមានតម្លៃបំផុត។ ខ្ញុំមិនដែលមានសម្លៀកបំពាក់ថ្មី ទាន់សម័យ ដូចជាមិត្តភក្តិដទៃទៀតនោះទេ។ ខ្ញុំមិនដែលចំណាយពេលចេញលេង ក្រៅពីអង្គុយក្នុងបន្ទប់រៀនព្រោះខ្ញុំគ្មានប្រាក់ទិញនំ ចំណីដូចមិត្តរួមថ្នាក់ដទៃទៀត។ ខ្ញុំចាំបានថា មានមិត្តភក្តិម្នាក់បានខ្ញុំសួរពីមុខរបររបស់ពុកម៉ែខ្ញុំ ខ្ញុំប្រាប់គេថាពុកម៉ែខ្ញុំជាអ្នកលក់ផ្លែឈើមក វាពេបមាត់ហើយនិយាយថាមនុស្សប្រុសត្រូវមានការងារល្អ ចិញ្ចឹមគ្រួសារ ដូចជាពុករបស់វា… ហើយចាប់ពីពេលនោះមកវាមិនដែលនិយាយរកខ្ញុំទៀតនោះទេ មិនតែប៉ុណ្ណោះវាបានបបួលអ្នកផ្សេងទៀតឈប់និយាយជាមួយខ្ញុំថែមទៀតផង។ ខ្ញុំនៅតែឆ្ងល់ថាហេតុអ្វីបានជាវាធ្វើអញ្ចឹងនោះទេ? 

12400_1280x800

ជាទូទៅខ្ញុំចូលចិត្តមើលទៅក្រៅបង្អួចថ្នាក់រៀន នឹកដល់ពុកម៉ែខ្ញុំដែលកំពុងនៅតាមចិញ្ចើមផ្លូវ មានប៉ូលីសចាប់ផង មានឡានម៉ូតូច្រើនផង ហើយខ្ញុំពិតជាខ្វល់ចិត្តនៅរាល់ពេលមេឃភ្លៀងខ្លាំង។ ខ្ញុំដឹងថាវាពិបាកយ៉ាងណានៅពេលនោះ ព្រោះផ្លែឈើដែលដាក់នៅលើកញ្ចែងលក់ជាជីវិតរបស់ពួកយើង។ ម្តងម្កាលឆ័ត្រនឹងហើរទៅតាមខ្យល់ ហើយវាធ្វើឲ្យរលំចង្អេរផ្លែឈើជារឿយៗ…។ 
ម្តាយខ្ញុំត្រូវងើបតាំងពីព្រហាមម៉ោង៤ ដើម្បីទៅរៀបចំលក់ដូរនិងទៅយកផ្លែឈើបន្ថែមនៅស្តង់… គាត់ត្រូវអង្គុយអោបចង្អេរផ្លែឈើពីក្រោយយ៉ាងប្រផិតប្រផើយលើម៉ូតូឌុប ហើយរូបភាពនោះវាតែងតែស្ថិតក្នុងការចងចាំជានិច្ច។ រាល់ថ្ងៃសម្រាក ខ្ញុំតែងតែទៅជួយលក់ម៉ែ ខ្ញុំគ្មានពេលដើរលេងឬជប់លាងសប្បាយជួបជុំមិត្តភក្តិអីនោះទេ។ មានម្តងនោះ មិត្តភក្តិដែលជាកូនអ្នកមានម្នាក់បានហៅខ្ញុំចូលរួមកម្មវិធីជប់លាង ប៉ុន្តែដោយគ្មានប្រាក់ចូលជាមួយគេនិងគ្មានសម្លៀកបំពាក់ផង ខ្ញុំក៏បដិសេធដោយជំនួសមកជាការដុតដៃ ដុតជើង ជួយលក់ដូរម្តាយវិញ។ ក្រោយមកពួកគេក៏ឈប់និយាយរកខ្ញុំទៀត រហូតដល់ពួកយើងបែកគ្នាតែម្តង។ ខ្ញុំនៅតែចង់ពន្យល់ពីហេតុផលលំបាកដែលខ្ញុំមានឲ្យពួកគេដឹង ប៉ុន្តែខ្ញុំនៅតែមិនអាចនិយាយបាន… ហើយតបស្នងនឹងអ្វីដែលខ្ញុំមិនអាចនិយាយបានទាំងនោះ ខ្ញុំត្រូវប្រើដៃរបស់ខ្ញុំ លើកកេស ឡាំង និងចង្អេរផ្លែឈើជាច្រើនគីឡូជំនួសវិញ នេះជាចំណែកសំខាន់ដែលខ្ញុំអាចជួយគ្រួសារបាន។ មនុស្សគ្មានសិទ្ធជ្រើសរើសទីកន្លែងដែលត្រូវកើតនោះទេ ខ្ញុំកើតមកក្រក៏មិនមែនជាកំហុស ទោះបីជាភាពក្រីក្រធ្វើឲ្យតែងតោលក៏ពិតមែន ប៉ុន្តែខ្ញុំនៅតែមានមិត្តជិតសិ្នតពីរ បីនាក់ដែរ។ ពួកគេចូលមកជីវិតខ្ញុំជាមួយភាពជាក់លាក់និងមិនមែនជារឿងចៃដន្យ។ 

6950858-girl-in-snow

មានពេលមួយនោះពេលចេញពីថ្នាក់រៀន ស្បែកជើងដ៏ចាស់របស់ខ្ញុំបានដាច់ ហើយខ្ញុំត្រូវសម្រេចដើរអូសជើងរហូតមកដល់ផ្ទះ។ មនុស្សម្នានិងមិត្តភក្តិចាប់ផ្តើមមើលមកខ្ញុំដោយក្រសែភ្នែកចម្លែក… ពីរបីថ្ងៃក្រោយមក មានក្មេងប្រុសម្នាក់ដែលរៀនថ្នាក់ជាមួយខ្ញុំបានទិញស្បែកជើងថ្មីមកឲ្យខ្ញុំ វាស្អាតនិងមានតម្លៃ… នេះជាលើកទីមួយហើយដែលខ្ញុំមានរបស់ល្អនៅក្នុងដៃ។ ក្មេងស្រីៗនៅក្នុងថ្នាក់ចាប់ផ្តើមមើលមកខ្ញុំក្នុងន័យស្អប់ខ្ពើម ពួកនិយាយឲ្យខ្ញុំថា ខ្លួនទាបកុំតោង ដៃខ្លីកុំឈោងស្រវាអោបភ្នំ ។ ពួកគេថាខ្ញុំចង់តោងគេកូនអ្នកមាន ចង់បានរបស់ល្អៗយកមកប្រើដោយដោះដូរនឹងស្នេហាយុវវ័យ។ ពួកគេពេបជ្រាយឲ្យខ្ញុំស្ទើគ្រប់ពេល… ត្រូវហើយប្រហែលជើងដែលធុំក្លិនដីនិងភក់នៅផ្សារត្រីដូចខ្ញុំ មិនសមនឹងពាក់វាទេ។ 
ទីបំផុត ខ្ញុំមិនបានពាក់វាសូម្បីតែម្តង ហើយរក្សាវាទុកយ៉ាងល្អ…។ ក្រោមក្រសែភ្នែកនិងពាក្យស្តីថា វាធ្វើឲ្យខ្ញុំឈឺចាប់ ហើយខ្ញុំតែងតែលួចហូរទឹកភ្នែកម្នាក់ឯងនៅលើដំបូលផ្ទះជារឿយៗ…។ នេះជារឿងនិទាននៃជីវិតពិតរបស់ខ្ញុំ ទោះយ៉ាងណាខ្ញុំនៅតែអរគុណដល់ទឹកចិត្តក្មេងប្រុសម្នាក់ ខ្ញុំចាំក្នុងចិត្តរហូត…  រហូតដល់ពេលមួយដែលពួកយើងបានប្រលងចេញនិងបែកគ្នាទៅ។ 
យូរឆ្នាំក្រោយមក ខ្ញុំបានសម្រេចយកស្បែកជើងមួយគូនោះឲ្យទៅក្មេងស្រីម្នាក់ដែលដើរសុំទានតាមផ្លូវជាមួយជើងទទេរ ហើយនេះជាសេចក្តីសុខចុងក្រោយដែលខ្ញុំមានសម្រាប់អំណោយចុងក្រោយនៃរដូវរងារ។ 

ឆ្លងកាត់ការមើលងាយពីសំណាក់មិត្តរួមថ្នាក់និងអ្នកជិតខាង ឆ្លងកាត់ភាពគ្រោតគ្រាតនៃជីវិត ខ្ញុំបានខិតខំធ្វើការដោយប្រើកម្លាំងញើសឈាមខ្លួនឯង។ ខ្ញុំធ្វើការដូចជាលាងកែវ បូមដី ជូតតុ លើកទឹក ទទួលភ្ងៀវ…. ខ្ញុំខំតាមដែលអាចធ្វើបាន ព្រោះខ្ញុំមិនចង់ឲ្យនរណាម្នាក់មើលងាយខ្ញុំនិងមើលងាយគ្រួសារខ្ញុំទៀតទេ ហើយខ្ញុំតាំងចិត្តថានឹងទិញសម្លៀកបំពាក់ ស្បែកជើង… ថ្មីៗដោយខ្លួនឯងនៅពេលដែលខ្ញុំមានប្រាក់គ្រប់គ្រាន់។ នេះជាហេតុផលពីក្រោយរឿងស្បែកជើងមួយគូកាលពីឆ្នាំនោះ ទើបខ្ញុំមានស្បែកជើងពេញមួយទូនៅឆ្នាំនេះ ការពិតទៅវាជាកាប៉ះប៉ូវសម្រាប់ខ្ញុំខ្លួនឯង។

ខ្ញុំនិទានរឿងនេះឡើងវិញដើម្បីរំលឹកខ្លួនឯងចំពោះអ្វីដែលខ្លួនបានឆ្លងកាត់។ ខ្ញុំសូមរំលឹកទឹកចិត្តនេះដល់មនុស្សគ្រប់គ្នា ដល់ពុកម៉ែដែលបានខិតខំចិញ្ចឹមកូនៗដោយការតស៊ូ រំលឹកដល់មិត្តភក្តិ បងប្អូនទាំងអស់ដែលបានចូលមកជីវិតខ្ញុំ។ 
រីករាយរដូវរងារ សូមតស៊ូជាមួយក្តីសង្ឃឹមនិងគោលដៅដ៏ពិតប្រាកដមួយ!!

ចំណង​ដែល​ដាច់​ 25/11/2016

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន.
add a comment

ពន្លឺព្រះអាទិត្យបានចាំងតាមបង្អួចនាព្រឹកនេះ វាមានកម្តៅឧណ្ឌៗដល់ស្បែកជាមួយការដាស់តឿនសម្រាប់ថ្ងៃថ្មី ខ្ញុំត្រូវចាប់ផ្តើមគ្រប់យ៉ាងឲ្យល្អសម្រាប់ជីវិតដែលសេសសល់។ ជាងមួយឆ្នាំដែលខ្ញុំបានទទួលយកការពិតជាមួយការបរាជ័យក្នុងជីវិតគូស្រករ។ នេះជាជីវិត វាមិនហួសហេតុពេកទេព្រោះមិនមែនតែខ្ញុំដែលត្រូវបែកបាក់គ្រួសារ នៅមានមនុស្សជាច្រើនទៀតដែលទទួលយកការបរាជ័យនេះ។ 
ត្រូវហើយ! វាឈឺខ្ញុំដឹង… ហើយវាឈឺខ្លាំងទៀតផង វាឈឺរហូតដល់ខ្ញុំមិនចង់ឲ្យនរណាម្នាក់ទទួលអារម្មណ៍ឈឺបែបនេះទាល់តែសោះ។ ចំណងដប់ឆ្នាំមកនេះត្រូវបានដាច់ ព្រោះតែមនុស្សពីរនាក់មិនអាចស្រាយវាបាន។ 
women-empowerment-quotes-hd-wallpaper-17-1024x608
ជាមួយដំណើរលើវិថីថ្មីដែលមានតែម្នាក់ឯង វាជារសជាតិដែលខ្ញុំបានតាំងចិត្តថានឹងទទួលយកជាយូរណាស់មកហើយ។ កម្លាំងបន្តិចបន្តួចដែលខ្ញុំមាន ខ្ញុំនៅតែអាចតស៊ូទៅមុខទៀតបានដោយមិនចាំបាច់អំពុលទុក្ខដល់នរណាម្នាក់។ 
នៅក្នុងផ្សែងដ៏អ៊ួអាប់នៃអតីតកាល នេះជាបច្ចុប្បន្នកាលថ្មីមួយ។ ស្នាមដិតដាមនៅក្នុងបេះដូងកំពុងតែរលុបបន្តិចម្តងៗ ហើយនៅទីបំផុតពួកយើងបានក្លាយជាអ្នកដទៃដោយភាពស្ងប់ស្ងាត់។ អ្វីដែលខ្ញុំតែងតែដាស់តឿនខ្លួនឯងគឺ គ្មាននរណាម្នាក់អាចជួយខ្ញុំបានក្រៅពីខ្ញុំខ្លួនឯង។

សូមញញិមទទួលវាចុះ!!

ការតស៊ូរើបម្រះពីភាពល្ងង់ខ្លៅនិងភាពខ្ជិលច្រអូស 30/08/2016

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ.
add a comment

តស៊ូរើបម្រះនឹងការជិះជាន់នៃភាពល្ងង់ខ្លៅ

មានមនុស្សមិនតិចទេដែលត្រូវបានភាពល្ងង់ខ្លៅជិះជាន់ គាបសង្កត់លើជីវិតធ្វើឲ្យពួកគេផ្កាប់មុខជ្រុបទៅក្នុងភក់ដ៏ងងឹតនៃភាពអវិជ្ជា។ តើមានការឈឺចាប់យ៉ាងណាទៅ? តើអាចបម្រះខ្លួនបានដែរឬទេ? គ្មានអ្វីដែលថាធ្វើមិនបាននោះទេ សំខាន់ឲ្យតែមនុស្សចង់ពិតប្រាកដ។
កម្លាំងនៃភាពងងឹតវាមិនខ្លាំងប៉ុន្មានទេ តែកម្លាំងនៃភាពអវិជ្ជាមានទម្ងន់ធ្ងន់ណាស់ វាធ្វើឲ្យមនុស្សមើលមិនឃើញទាំងដែលភ្នែកនៅល្អ ហើយប្រើជីវិតដើរជួបគ្រោះថ្នាក់ក្នុងដំណើរផ្សងព្រេងដូចជាដើរធ្លាក់គ្រលុក ធ្លាក់ជ្រោះ បុកជញ្ជាំង បុកភ្នំ…។ល។

ភាពល្ងង់ខ្លៅមិនអាចឲ្យមនុស្សមើលឃើញថាពិភពលោកពណ៌អ្វីនោះទេ ហើយភាពល្ងង់ខ្លៅនេះក៏ជាឫសគល់ដើមហេតុធ្វើឲ្យក្រ ឬធ្វើឲ្យមនុស្សហ៊ានប្រព្រឹត្តអំពើពាលាអាវាសែដែរ នាំឲ្យជីវិតរបស់ពួកគេធ្លាក់ចូលទៅក្នុងពិភពអន្តរាយ។ ដូច្នេះយើងត្រូវតស៊ូរើបម្រះពីការជិះជាន់នៃភាពល្ងង់ខ្លៅតាមរយៈការរៀន។ មានតែការរៀនប៉ុណ្ណោះទើបជាអាវុធដ៏សក្តិសិទ្ធិអាចបំបែក កម្ចាត់ កម្ទេច និងបំផ្លាញភាពល្ងង់ខ្លៅបាន។

tired-teenage-boy

មនុស្សគ្រប់រូបសុទ្ធតែអាចរៀននបានគឺរៀនបាននៅគ្រប់ទីកន្លែង គ្រប់ពេលវេលាដោយមិនចាំបាច់ ទាល់តែបានរៀននៅសាលា ឬមិនចាំមានគ្រូ ព្រោះថាគ្រប់កន្លែងគឺជាសលា គ្រប់ព្រឹត្តិការណ៍គឺជាមេរៀន។ រូបអ្នកគឺជាសិស្ស ខួរក្បាលរបស់អ្នកគឺជាគ្រូបង្រៀន គ្រឿងស្រូបទាំង៥ (ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ) គឺជាឧបករណ៍សម្រាប់រៀន។ បើដូច្នេះហើយនៅមានរឿងអីទៀតដែលជាឧបគ្គសរារាំងមិនឲ្យអ្នករៀនចេះនោះ? ប្រហែលមកពីបេះដូងអ្នកមិនចង់ ខួរក្បាលមិនទាន់បើក រឿងនេះគឺជាជម្រើសរបស់អ្នក។

«ការចង់ចេះចង់ដឹងនឹងជំរុញឲ្យមានថាមពលរៀន យើងបានឃើញហើយ វាគ្មានអ្នកចង់ដឹងណាល្ងង់នោះទេ តែក៏ឃើញដែរថាគ្រប់អ្នកល្ងង់ទាំងអស់គឺជាមនុស្សមិនចង់ចេះ»

ការតស៊ូរើបម្រះនឹងភាពខ្ជិលច្រអូស
តើមានថាមពលអ្វីដែលអាចរំលាយខ្លាញ់នៃភាពខ្ជិលច្រអូសបាន? វាប្រាកដជាមាន នោះគឺថាមពល«ចំណង់» ព្រោះថាមនុស្សដែលខ្ជិលគឺជាមនុស្សដែលគ្មានចំណង់។ នៅលើលោកនេះបើមនុស្សទាំងអស់មានចំណង់ចង់មាន ចង់បានពិតប្រាកដនោះគឺគ្មានមនុស្សខ្ជិលឡើយ ឬអាចនិយាយថា នៅលើលោកនេះគឺគ្មានមនុស្សខ្ជិលទេ មានតែមនុស្សដែលគ្មានចំណង់។

ចំណង់អាចបង្កើតកម្តៅរំលាយខ្លាញ់នៃភាពខ្ជិលច្រអូសបានយ៉ាងពិតប្រាកដ។ មនុស្សខ្ជិលងើបទៅធ្វើការពីព្រលឹម សាកដាក់លុយ១,០០០,០០០ដុល្លារនៅកន្លែងធ្វើការលមើល បើមិនស្ទុះក្រោកទៅមុនគេឥឡូវហ្នឹង។ សាច់គោគឺជានុយបញ្ឆោតឆ្កែយ៉ាងណាមិញចំណង់គឺជានុយបញ្ឆោតមនុស្សខ្ជិល។

intro

មានហេតុផលមួយចំនួនដែលមនុស្សខ្ជិលត្រូវតែគិត ហើយយកមកធ្វើជាហេតុផលជំរុញចិត្តនោះគឺ កាលណាខ្ជិលនាំឲ្យក្រ ខ្ជិលនាំឲ្យល្ងង់ ខ្ជិលនាំឲ្យវិនាស ខ្ជិលនាំឲ្យគេមើលងាយ ខ្ជិលនាំឲ្យគេខ្ពើមរអើម ខ្ជិលនាំកើតចៃ ខ្ជិលនាំឲ្យថោកទាប ខ្ជិលនាំឲ្យគ្មានតម្លៃ។ល។ ខ្ជិលគឺជាឫសកែវដ៏ជ្រៅនៃភាពអន្តរាយ។

កូនពិតជាសំណាងអាក្រក់ បើកើតមកប៉ះចំឪពុកម្តាយខ្ជិល ឪពុកម្តាយក៏អភ័ព្វដែរ ប្រសិនបើមានកូនខ្ជិល ប្តីកម្សត់ប្រសិនបើមានប្រពន្ធខ្ជិល ប្រពន្ធក៏កម្សត់ដែរប្រសិនបើមានប្តីខ្ជិល… បើនិយាយទៅមនុស្សខ្ជិលគឺចង្រៃរកលេខដាក់គ្មានឡើយ។ កាលបើគ្រួសារ មានមនុស្សខ្ជិលហើយ ច្បាស់ជារងទុក្ខវេទនាជាពុំខាន។

«ចំណង់គឺជាអាវុធកម្ចាត់ភាពខ្ជិលច្រអូស»

ឳ!មនុស្សខ្ជិលទាំងឡាយអើ់យ! ចូរឆាប់ដើបឡើង កុំដេកយូរពេក កុំស៊ីច្រើនពេក កុំស៊ីញឹកពេក មច្ចុរាជកំពុងសម្លឹងរកមើលអ្នកហើយ។ សេចក្តីស្លាប់មិនអនុញ្ញាតឲ្យអ្នករស់បានយូរទៀតឡើយ បើអ្នកមិនឆាប់ក្រោកទៅធ្វើការទៀត អ្នកច្បាស់ជាស្លាប់ទាំងក្តីអាម៉ាស់បំផុត។

អត្ថបទដកស្រង់ចេញពីសៀវភៅ អំណាចដួងចិត្ត

 

ថាមពល​ចិត្ត​ប្រច័ណ្ឌ 14/06/2016

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ.
2 comments

តើនរណាម្នាក់ដែលកើតមកមិនមានចិត្តប្រច័ណ្ឌ? ទាំងខ្ញុំទាំងអ្នកសុទ្ធតែមាន ទោះមិនតិចក៏ច្រើនដែរ ហើយការសម្ដែងចេញមកក៏សុទ្ធតែខុសៗគ្នា។ ដោយសារភ្លើងប្រច័ណ្ឌបានធ្វើនៅក្នុងសង្គមខ្មែរយើងសព្វថ្ងៃ ពោរពេញដោយសោកនាដកម្ម។ មនុស្សមានកម្រិតយល់ដឹងទាបហ៊ានធ្វើទង្វើឆោតល្ងង់ដែលជាបទឧក្រិដ្ឋខុសនឹងច្បាប់ដែលមនុស្សជាតិស្អប់ខ្ពើម។ តើពួកយើងអាចយល់ពីចិត្តប្រច័ណ្ឌដោយវិធីណា? ការយល់ពីឫសគល់និងឲ្យស៊ីជម្រៅ វានឹងធ្វើឲ្យយើងមានការគិតដ៏ត្រឹមត្រូវមួយ។ នេះជាអត្ថបទដែលខ្ញុំពេញចិត្តបំផុតក្នុងចំណោមអត្ថបទជាច្រើនដែលខ្ញុំបានអាន បើអ្នកចង់យល់ដឹងឲ្យកាន់តែច្បាស់ពីការប្រច័ណ្ឌ ការគ្រប់គ្រង់អារម្មណ៍ប្រច័ណ្ឌ ការអនុវត្តន៍ឲ្យមានប្រសិទ្ធិភាពសូមអានដូចតទៅនេះ

១. តើការប្រច័ណ្ឌគឺជាអ្វី? ហើយចិត្តប្រច័ណ្ឌគឺជាអ្វី?

ការប្រច័ណ្ឌគឺជាការច្រណែនដែល កើតឡើងដោយសារភាពហួងហែងដ៏ល្ងង់ខ្លៅរបស់ចិត្តដែលទាមទារឲ្យមានភាពស្មើគ្នានៅពេលដែលមនុស្សស្រលាញ់មានទំនោរទៅអ្នកផ្សេងច្រើនជាង ឬធ្ងន់ជាង។ វាគឺជាអារម្មណ៍ធម្មជាតិរបស់មនុស្សគ្រប់រូបដែលតែងតែកើតមាន នៅពេលដែលខ្លួនយល់ ឬឃើញដៃគូស្នេហាមានទម្ងន់នៃសេចក្តីស្រលាញ់ទៅភាគីណាផ្សេង ដែលពេលខ្លះវាគ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួនប៉ុណ្ណោះ វាមិនមែនជាការពិតផង ប៉ុន្តែជូនកាលវាក៏ជាការពិតផងដែរ។

jealousy

២. តើនរណាដែលកើតមានចិត្តប្រច័ណ្ឌ?

វាមានច្រើនប្រភេទអាចជាមនុស្ស និងសត្វ ប៉ុន្តែនៅពេលនេះខ្ញុំនិយាយតែចំពោះចិត្តប្រច័ណ្ឌរវាងមនុស្សដែលត្រូវជាដៃគូស្នេហ៍រវាងគ្នានិងគ្នា ដូចជាបុរសប្រច័ណ្ឌនារីដែលត្រូវជាសង្សារ ឬភរិយារបស់ខ្លួន និង នារីប្រច័ណ្ឌបុរសដែលជាសង្សារ ឬប្តីរបស់នាង។ ចិត្តប្រច័ណ្ឌគឺជាអារម្មណ៍ធម្មជាតិម្យ៉ាងដែលកើតឡើងពីសេចក្តីស្រលាញ់ហើយហួងហែងចង់បានមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនផ្តាច់មុខតែម្នាក់ឯងដោយមិនចង់ឲ្យគូស្នេហ៍បើកចិត្តទៅចាប់អារម្មណ៍ ឬស្រលាញ់អ្នកផ្សេងចង់ឲ្យប្រើអារម្មណ៍មូលស្រលាញ់មកលើតែខ្លួនតែឯងមួយ មិនអាចចែករំលែកទៅឲ្យនរណាបានសូម្បីតែ១%។

ប៉ុន្តែមានគូស្នេហ៍ខ្លះគ្មានចិត្តប្រច័ណ្ឌ គេអាចបន្សាំចិត្តទោក្នុងស្ថានភាពដែលគូស្នេហ៍មានសេចក្តីស្រលាញ់ហើយចែករំលែកសេចក្តីស្នេហាទៅឲ្យអ្នកផ្សេង ឬក៏បន្ថែមសេចក្តីស្នេហាទោឲ្យអ្នកផ្សេង ហើយព្រឹត្តិការណ៍នេះវាអាចទៅរួចចំពោះបណ្តាប្រទេសមួយចំនួនដែលមានជំនឿទៅតាមលទ្ធិ ឬសាសនារបស់គេតែប៉ុណ្ណោះ ប៉ុន្តែទម្រាំតែបន្សាំចិត្តបាន វាមិនមែនជារឿងងាយស្រូលនោះដែរ។

៣. តើចិត្តប្រច័ណ្ឌមានកម្លាំងថាមពលយ៉ាងណា?

នៅពេលដែលបុរស ឬនារីមានចិត្តប្រច័ណ្ឌចំពោះគូសេ្នហ៍របស់គេគឺមានន័យថាភ្លើងចាប់ផ្តើមឆេះឡើង ហើយភ្លើងនោះមានអំណាចក្តៅយ៉ាងណាគឺអាស្រ័យទៅលើអំពើរបស់គូសេ្នហ៍ដែលធ្វើឲ្យដៃគូម្ខាងទៀងប្រច័ណ្ឌ និងអាស្រ័យផងដែរទៅលើកម្រិតនៃសេចក្តីស្នេហ៍របស់អ្នកប្រច័ណ្ឌ។ ភាគច្រើនគេសង្កេតឃើញថានារីប្រច័ណ្ឌច្រើនជាងបុរស ហើយបុរសប្រច័ណ្ឌខ្លាំងជាងនារី។ នារីនៅពេលដែលឃើញប្តីមានស្រីថ្មី នាងគ្រាន់តែខឹងញ៉ូងញុំាងបន្តិចបន្តួច ហើយក៏ស្ងប់ទៅវិញ។ ចំណែកបុរសវិញនៅពេលដែលឃើញនារីដែលខ្លួនស្រលាញ់មានប្រុសថ្មី ច្បាស់ជាឆេះដុំភ្លើងមិនខាងហើយអាចប្រព្រឹត្តអំពើល្មើសផ្សេងៗទៀតផង។

Fighting-Couple

នៅពេលដែលចិត្តប្រច័ណ្ឌកើតឡើងមានន័យថាកំហឹងកើតឡើង នៅពេលកំហឹងកើតឡើងមានន័យថាពួកគេកំពុងតែផលិតអាវុធបរមាណូ ឬអាវុធនុយក្លេអ៊ែរ។ អាចនិយាយបានថាអំណាចនៃភ្លើងកំហឹងមានឥទ្ធិពលខ្លាំងក្លាណាស់ ហើយអាចធ្វើឲ្យមនុស្សប្រព្រឹត្តអំពើអាក្រក់យ៉ាងសាហាវឃោរឃៅទៀតផងដូចជា៖
‍- កើតអំពើហិង្សាក្នុងគ្រួសារ
– កើតអំពើឃាតកម្មទៅលើគូប្រកួតប្រជែង ឬភាគីទីបី
– នារីហ៊ានកាត់លិង្គប្តីចោល បុរសហ៊ានកម្ទេច ឬបំផ្លាញប្រដាប់ភេទនារី
– ហ៊ានសម្រេចចិត្តលែងលះគ្នាទាំងដែលនៅស្រលាញ់

អំពើខាងលើនេះគឺជាអំពើខុសឆ្គងយ៉ាងធ្ងន់ធ្ងរបំផុត វាគឺជាអំពើដែលកើតឡើងទៅលើមនុស្សគិតខ្លី ខ្វះការពិចារណាដោយមានការប្រកាន់ហួងហែងច្រើនពេកផង ហើយវាបណ្តាលមកពីភាគីម្ខាងទៀតមានទំនោរចិត្តវិសមភាពខ្លាំងពេកដោយមិនគិតក្រែងចិត្តម្ចាស់ស្នេហ៍របស់ខ្លួន។

៤. បំប្លែងថាមពលចិត្តប្រច័ណ្ឌឲ្យមានប្រយោជន៍

យើងបានដឹងហើយចិត្តប្រច័ណ្ឌនាំឲ្យកើតកំហឹង ដូច្នេះអ្នកត្រូវគ្រប់គ្រងកំហឹងឲ្យបាន ហើយរកវិធីសាស្ត្រធ្វើយ៉ាងណាដើម្បីឈ្នះដៃគូប្រកួតប្រជែង។ នៅក្នុងចក្រភពសេរីត្រូវមានសេរីភាពក្នុងការប្រកួតប្រជែង ទោះជាមានច្បាប់ហាមប្រាមមិនឲ្យមានស្នេហាច្រើនក៏ដោយក៏ច្បាប់មិនអាចមើលឃើញចិត្តមនុស្សបានដែរ ដូច្នេះយើងត្រូវត្រៀមខ្លួនដើម្បីចូលរួមការប្រកួតប្រជែង។

ដើម្បីប្រកួតប្រជែងឈ្នះ អ្នកត្រូវធ្វើរឿងសំខាន់ពីរយ៉ាងគឺ៖ ទី១ «យកចិត្ត»ទៅប្រជែងគេត្រូវស្រលាញ់ឲ្យបានខ្លាំងអស់ពីចិត្ត ព្រោះសេចក្តីស្នេហាកើតមកពីចិត្ត គឺដោយសារតែការទាក់ចិត្ត គឺយកចិត្តទៅទាក់ចិត្ត។ ដូច្នេះអ្នកត្រូវដាក់ចិត្តស្រលាញ់គូស្នេហ៍ឲ្យបានច្រើនជាដៃគូម្ខាងទៀត។ ទី២គឺ«អំពើ» អ្នកត្រូវប្រព្រឹត្តតែអំពើល្អចំពោះគូស្នេហ៍ឲ្យបានច្រើនដូចជា ការយកចិត្តទុកដាក់គោរព ប្រតិបត្តិ ផ្តល់តម្លៃលើកតម្កើង និងជាពិសេសផ្តល់តម្លៃសេវាកម្មឲ្យបានល្អបំផុត។

ដើម្បីយកឈ្នះលើដៃគូប្រកួតប្រជែងបាន អ្នកត្រូវយកឈ្នះលើខ្លួនឯងឲ្យបានជាមុនសិន។ រាល់ចិត្តអាក្រក់ អារម្មណ៍អាក្រក់ និងអំពើអាក្រក់ត្រូវតែផ្លាស់ប្តូរនិងរលាស់ខ្លួនចេញឲ្យឆ្ងាយ ត្រូវប្រកាន់យកការគិតល្អ ចិត្តល្អ និយាយល្អ និងអំពើល្អជាប្រចាំគ្រប់ពេលវេលា ជាទម្លាប់ ជារឿយៗ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។ អំពើល្អមិនសាបសូន្យឡើយ គេតែងនឹកឃើញហើយត្រឡប់មកយកអ្នកវិញ នៅពេលណាមួយ អ្នកដែលប្រកាន់ធ្វើតែអំពើល្អឲ្យបានគ្រប់ពេលវេលា ទើបហៅថាយកឈ្នះលើខ្លួនឯងបាន។

A2G2186

កុំ កុំ កុំ បំផ្លាញអ្នកដទៃឲ្យសោះ ព្រោះជាអំពើល្មើសដែលនាំទទួលបាបកម្មធ្ងន់ធ្ងរជាងមុន។ អ្នកអាចបំផ្លាញគេបាន តែមិនអាចដណ្តើមគេបានឡើយ អ្នកអាចដណ្តើមយកបានតែរូបរាងកាយ តែមិនអាចដណ្តើមយកចិត្តគំនិតបេះដូង និងសេចក្តីស្រលាញ់ពីគេបាននោះទេ។ មានតែការប្រព្រឹត្តអំពើល្អមួយគត់ដើម្បីឆក់យកបេះដូងពីគូស្នេហ៍បណ្ដូលចិត្តអ្នកបាន។កំហឹងដែលកើតចេញពីការប្រច័ណ្ឌ ចូរយកវារក្សាទុកក្នុងចិត្តរបស់អ្នកចុះ ហើយបំប្លែងឲ្យទៅជាថាមពលដែលមានប្រយោជន៍ជុំវិញខ្លួនឯងឲ្យរួសរាន់ប្រព្រឹត្តអំពើលើស ឬឈានមុខដៃគូប្រកួតប្រជែង។ អ្នកគួរតែហ៊ានទទួលស្គាល់ខ្លួនឯងថា មានចំណុចខ្សោយនៅត្រង់ចំណុចណាហើយ ទើបបានជាគេមានទំនោរចិត្តទៅរកអ្នកផ្សេង ដូច្នេះគួរអភិវឌ្ឍខ្លួនដើម្បីបំពេញចំណុចខ្វះខាតទាំងអស់នោះ ហើយអរគុណចំពោះការបង្កើតឲ្យមានដៃគូប្រកួតប្រជែង។

អ្នកខ្លះបានសម្រេចចិត្តចុះចាញ់ការប្រណាំងប្រជែង ហើយថាស្នេហាមិនមែនជាការប្រណាំងប្រជែងដូចកីឡា ឬការធ្វើជំនួញទេ។ ការយល់បែបនេះខុសហើយពៅ នៅលើលោកនេះអ្វីៗគ្រប់យ៉ាងសុទ្ធតែមានការប្រកួតប្រជែងទាំងអស់។ ព្រះពុទ្ធបានមានព្រះបន្ទូលថា «កម្លាំងណាខ្លាំងនិងជំរុញឈ្នះកម្លាំងខ្សោយ» មិនថាកម្លាំងអ្វីនោះទេ កម្លាំងណាខ្លាំងនឹងទាញឈ្នះកម្លាំងខ្សោយដូចជាកម្លាំងទាញព្រ័ត្រ កម្លាំងទឹកហូរ កម្លាំងខ្យល់បក់ កម្លាំងទ័ព កម្លាំងមនុស្ស កម្លាំងនៃក្តីស្រឡាញ់ កម្លាំងនៃអំពើ… កម្លាំងណាខ្លាំងនឹងឈ្នះកម្លាំងដែលខ្សោយ។

អ្នកមិនត្រូវបំផ្លាញ ឬធ្វើឲ្យគេខ្សោយដោយអំពើស្មោកគ្រោកឡើយ តែអ្នកត្រូវខិតខំកសាងកម្លាំងខ្លួនឯងឲ្យខ្លាំងជាងគេ ទើបជាបុគ្គលឆ្នើមនិងពូកែអស្ចារ្យ ហើយអ្នកជាជើងខ្លាំងក្នុងចំណោមជើងខ្លាំង។ កុំធ្វើអ្នកខ្លាំងក្នុងចំណោមអ្នកខ្សោយឲ្យសោះ អត់ល្បីឈ្មោះទេ បានត្រឹមតែខ្មាសគេប៉ុណ្ណោះ។

៥. ថាមពលនៃចិត្តស្រឡាញ់ និងចិត្តប្រច័ណ្ឌ

អ្នកប្រច័ណ្ឌគេមកពីអ្នកស្រលាញ់គេ អ្នកប្រច័ណ្ឌទើបនាំឲ្យអ្នកខឹងនឹងគេ នាំឲ្យប្រច័ណ្ឌព្រោះស្រឡាញ់ ព្រោះស្រឡាញ់ នឹងខឹងព្រោះស្រឡាញ់។ ដូច្នេះវាមានថាមពលពីរយ៉ាងកើតឡើង គឺថាមពលនៃចិត្តស្រឡាញ់ផង និងថាមពលនៃចិត្តខឹងផង វាមានអំណាចខ្លាំងទ្វេដង។
អ្នកត្រូវយកវាមកធ្វើជាកម្លាំងជំរុញចិត្តដើម្បីឲ្យអ្នកមានការខិតខំប្រឹងប្រែងឲ្យខ្លាំងក្លា និងពុះកញ្ជ្រោលបំផុតដែលអាចដុតបំផ្លាញនូវខ្លាញ់នៃភាពខ្ជិលច្រអូស និងភាពទន់ខ្សោយ ហើយបំប៉នឲ្យក្លាយទៅជារឹងមាំ និងខ្លាំងពូកែ។ ថាមពលនៃចិត្តស្រឡាញ់ និងចិត្តប្រច័ណ្ឌអាចជំរុញមនុស្សឲ្យមានការខិតខំប្រឹងប្រែងកសាងកិត្តិយស កិត្តិនាម និងភាពថ្កុំថ្កើងរុងរឿងដើម្បីបង្កើតនូវភាពទាក់ទាញផ្ទាល់ខ្លួនបាន។

itm_couple-love-photos-for-facebook-and-google-plus2014-03-19_04-00-20_1

បើសិនជាអ្នកគឺជាបុគ្គលពូកែអស្ចារ្យមិនចាំបាច់ប្រឹងទៅស្រឡាញ់គេនោះទេ ប្រាកដជាគេមកស្រឡាញ់អ្នកវិញជាមិនខាន ហើយមិនមែនតែម្នាក់ទេគឺអាចមានច្រើនអ្នកទៀតផង។ ដូច្នេះពីមុនអ្នកធ្លាប់តែប្រច័ណ្ឌគេ ពេលនេះគេនឹងងាកមកប្រច័ណ្ឌអ្នកវិញជាមិនខាន ធ្វើដូច្នេះទើបទាន់សម័យ ឬដែលគេហៅថាឡូយ។ កុំកើតមកដើម្បីតែប្រច័ណ្ឌគេ ត្រូវធ្វើយ៉ាងណាឲ្យគេប្រច័ណ្ឌអ្នកវិញ។ អារឿងដែលថាធ្វើយ៉ាងណាឲ្យគេប្រច័ណ្ឌអ្នកនោះមិនមែនទៅស្រលាញ់អ្នកទី៣ អ្នកទី៤ ឬបង្កើតស្នេហាជាមួយគូស្នេហ៍ថ្មីឲ្យគេប្រច័ណ្ឌនោះទេ គឺត្រូវកសាងខ្លួនឲ្យបានល្អ ដើម្បីគេស្រលាញ់ហួងហែងនិងប្រច័ណ្ឌអ្នកវិញ។ OK!!

អត្ថបទនេះនាងខ្ញុំបានដកស្រង់ចេញដោយផ្ទាល់ពីសៀវភៅដែលមានចំណងជើងថា «អំណាចដួងចិត្ត» The Power Of Mind
ដោយចងក្រងនិងរៀបរាងឡើងដោយលោក អួន សារ៉ាត់។
សូមអរគុណសម្រាប់ការចូលរួមចំណាយពេលអានតាំងពីដើមរហូតដល់ចប់។
ជូនពរសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច!!

%d bloggers like this: