jump to navigation

បណ្ណាគារ​និង​ដំណើរ​កំសាន្ត​ 13/07/2011

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន, សៀវ​ភៅ​កំណត់​ហេតុ​.
trackback

នៅល្ងាចថ្ងៃនេះខ្ញុំបានធ្វើដំណើរកំសាន្តតាមរថយន្ត នៅក្នុងទីក្រុងភ្នំពេញ អាកាសធាតុ គឺត្រជាក់ស្រួលក្រោយពេលមានភ្លៀងរលឹមនៅពេលថ្ងៃ ។ ខ្ញុំបានចំណាយពេល នៅក្នុងហាងលក់សៀវភៅ PBC មួយ​កន្លែង​ នៅតាមបណ្តោយផ្លូវ ២៧១ ។ ការពិត​ការដើរផ្សារទិញសំលៀកបំពាក់ ស្បែកជើង កាបូប គ្រឿង​សំអាង….. គឺជាចំណូលចិត្ត របស់មនុស្សស្រី សំរាប់ខ្ញុំ​មានរបស់​មួយចំនួន​នៅទីនោះ​វានឹង​ធ្វើឲ្យខ្ញុំ​មិនចូលចិត្ត និងធុញ ប៉ុន្តែសំរាប់នៅបណ្ណាគារគឺខុសគ្នា សំម្ភារះនៅទីនោះ​សុទ្ធតែគួរឲ្យចូលចិត្ត ទាំងប៊ិច សៀវភៅ រូបគំនូរ កាតជូនពរ និងសំភារះការិយាល័យ…. សូម្បីតែ ក្នៀបតូចៗ សំរាប់កៀបក្រដាសក៏ខ្ញុំចូលចិត្ត​ដែរ​ ។ វាលើសពីបណ្ណាគារ ព្រោះវា​អាចធ្វើ ឲ្យខ្ញុំនឹកដល់ពេលរៀននៅក្នុងថា្នក់ និងនឹកដល់ពេលដែលធ្វើការនៅការិយាល័យ… ខ្ញុំបានទិញសៀវភៅប៉ុន្មានក្បាលដូចជា ប្រជុំរឿងនិទានខ្មែរ រឿងចង្កៀងនិទានរឿងខ្មោច និងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់… ។ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ គឺជារឿងដែលខ្ញុំរៀននិងធ្លាប់អានកាលពី១០ឆ្នាំមុនពេលខ្ញុំនៅសិក្សារកាលនៅវិទ្យាល័យ ខ្ញុំស្រលាញ់រឿងមួយនេះណាស់ ចាំថាកាលនោះខ្ញុំអានវាត្រឹមតែ១យប់ប៉ុណ្ណោះ សំរាប់១៥៦ទំព័័រអាន​ផង​វិភាគ​ផង​វាកំសត់នឹងធ្វើឲ្យខ្ញុំយំ ។ លើកនេះខ្ញុំនឹង ចំណាយ ពេលអានវាម្តងទៀត… ខ្ញុំបានដើរមើលរបស់របរជាច្រើន ខ្ញុំពិតជាសប្បាយចិត្ត ពេលឃើញវត្ថុ​ទាំងនោះ វាដូចជាស្ងប់ស្ងាត់ ស្រគត់ស្រគុំ ប៉ុន្តែមានតំលៃ ។

ចាកចេញពី​នោះ​​មកខ្ញុំបានធ្វើដំណើរបន្ត វាមិនសូវជាកកស្ទះដូចសព្វមួយដង មានរឿងជាច្រើនដែលខ្ញុំបានជួបពេលធ្វើដំណើរលើកនេះ ខ្ញុំចំណាយពេលវេលា មើលសព្វគ្រប់ ដោយយកចិត្តទុកដាក់ ។ ខ្ញុំបានឃើញរម៉កម៉ូតូមួយដែលស្លឹកឈូកពេញ មានក្មេងប្រុសម្នាក់អាយុប្រហែល ១៦ ទៅ ១៧ ឆ្នាំ គាត់កំពុងតែគេង អោបដៃលើគំនរ ស្លឹកឈូកយ៉ាងស្កប់ស្កល់ ខ្លួនប្រាណ និងសំលៀកបំពាក់ប្រលាក់ដោយដី ខ្ញុំខំសំលឹងមើល គាត់រហូត រហូតដល់ខ្ញុំមើលគាត់លែងឃើញ ។

បន្ទាប់ពីនោះមក​ខ្ញុំបានឃើញក្មេងប្រុសម្នាក់ដែលពាក់មួក អង្គុយអោនមុខ សំកុក តាមសំយ៉ាបកន្លែងជួសជុល​រថយន្ត មួយកន្លែងជាមួយធុងការ៉េមពណ៌ទឹកក្រូច គាត់អង្គុយនៅទីងងឹតបន្តិច គាត់ហាក់ដូចជាមានរឿងពិបាកខ្លាំងក្នុងចិត្ត ព្រោះអាកាសធាតុបែបគ្នាននរណាគេនឹងទិញការ៉េមញុំាទេ ហើយមនុស្សភាគច្រើន គេចូលចិត្តញុំាការ៉េមនៅតាមហាងទំនើបដែលមានកន្លែងអង្គុយស្អាត នឹងមើលទៅឡូយ ហើយ​ទាន់សម័យ ។ ​ការ​បន្ត​ដំណើរបានទៅដល់វិមានឯករាជ្រ ខ្ញុំក៏បាន ជួប បុរស ម្នាក់ដែលកំពុងតែឈរក្រវីទង់ពណ៌ក្រហមធំមួយ គាត់បានធ្វើឲ្យមនុស្សគ្រប់គ្នា ក្រលេកមើលគាត់ ខ្ញុំឆ្ងល់ថាគាត់ធ្វើអីនឹង? ការពិតគឺគាត់ទើបតែបើកកន្លែងលក់របស់ញុំា វាមិនមែនជាហាងធំដុំអីនោះទេ ប៉ុន្តែគាត់មានទឹកមុខញញឹមស្រស់ស្រាយ ដូចជា ប្រាប់ថាគាត់សប្បាយចិត្តនឹងគ្នានការហត់នឿយ ។ ទៅដល់មាត់ទន្លេ និងហួសទៅ កោះពេជ្រ មានភ្លើងភ្លឺគ្រប់ទីកន្លែង វាស្អាតនិងមានអនាម័យ ខ្ញុំមិនបានឈប់នោះទេ គឺបើករថយន្តតាមបែបកំសាន្តរហូត… ខ្ញុំគិតពីនេះពីនោះ ស្រម័យពីរឿងនេះ រឿងនោះ… ស្រាប់​តែ​មានសំលេងស្រែកជេគ្នា គឺមានក្មេងៗប្រុសៗ ជិះម៉ូតូតាមវាយគ្នា រហូតធ្វើ​ឲ្យ​មានការភ្ងាក់ផ្អើល បន្ទាប់ពីនោះខ្ញុំបានលឺសំលេងសើចសប្បាយ និយាយលាន់លឺ​បួនដប់មែត្រ របស់ក្មេងស្រីៗដែលស្លៀកខោមហាហសែនខ្លី ដែលមើល ទៅស្លៀក ដូចជាមិនស្លៀក ជាមួយសក់គ្រប់ពណ៌ ។

ចំណាយពេលមើលនេះមើលនោះម៉ោង៩យប់ទៅហើយ ដល់ពេលត្រលប់មកផ្ទះវិញ ទិដ្ឋភាពចុងក្រោយដែលខ្ញុំក៏បានឃើញគឺពូរត់ម៉តូឌុបម្នាក់បានទៅសុំម្ហូបដែលគេនៅសល់ពីរោងពិធីជប់លាង អ្នករត់តុបានចាក់ម្ហូបដែលនៅលស់ចូលក្នុងថង់ផ្លាស្ទិចធំមួយ មានក្មេងប្រុសតូចម្នាក់ អោបគាត់ពីក្រោយ ខណះពេលដែលមានសំលេងសើចហ៊ោលាន់លឺអឺងកង នៅក្នុង រោងពិធី ជាមួយបទចំរៀងញាក់ទាន់សម័យ ។

ការពិតទាំងនេះវាគាត់តែជារូបភាពធម្មតាដែលគ្រប់គ្នាបានឃើញជារឿយៗក្នុងសង្គមមួយ នេះ ប៉ុន្តែវាមិនសមញ្ញទេសំរាប់ជីវិតមនុស្ស ។ ថ្វិបើមនុស្សគ្រប់រូបមាន ជីវិតដូចគ្នា ក៏ពិតមែន តែពួកយើងមានខ្សែជីវិតខុសគ្នា ហើយនឹងខុសគ្នាស្រលះ អ្នកខ្លះមានឡាន មានលុយ មានអំណាច… ចាយលុយដូចជាក្រដាស ប៉ុន្តែមនុស្សខ្លះមិនមាន សូម្បីតែប្រាក់ ត្រឹមតែ មួយពាន់រៀលទិញអង្ករ បានព្រឹកខ្វះល្ងាច អញ្ជឹងខ្ញុំនិងអ្នករាល់គ្នា នៅទីនេះ គឺជា មនុស្សមានសំណាងប្រើប្រៀប​​ នឹងពួកគេបើទោះជា​យើង​មិនមានអ្វី​លើសលប់យ៉ាងណា ក៏៏​ដោយ។​ ពួកគេជាកំលាំងចិត្តឲ្យខ្ញុំទៅមុខព្រោះពេលដែលខ្ញុំលំបាក ឈឺចាប់ ខ្ញុំបាននឹកដល់ពួកគេ គេមិនមានផ្ទះ មិនមានឪពុកម្តាយ មិនមានការសិក្សារ មិនដែលស្គាល់អ្វីដែលហៅថាឆ្ងាញ់ ត្រូវទទួលការប្រមាទមើលងាយសព្វបែប… ពួកគេនៅតែតស៊ូទៅមុខដើម្បីជិវិតរស់​ ការលំបាកនិងការឈឺចាប់របស់យើងគឺ​មិនអាចយក ទៅប្រៀបនឹងគេបានទេ ។ ខ្ញុំនៅតែគិតថាជីវិតពេលខ្លះគឺអយុត្តធម៌ណាស់ ហេតុអីគំលាតរវាងអ្នកមាននឹងអ្នកក្រវាមានដល់ធ្នាក់នេះតើនេះជាកម្មពៀរដែលពួកគេបាន​សាងមិនល្អ ពីជាតិមុនដូចចាស់ៗប្រាប់ខ្ញុំមែនទេ? ចឹង​មនុស្ស​ម្នាក់ៗ​ត្រូវ​ទ្រាំ​តាម​កម្មពៀរ​នេះ​ទេ សំរាប់​ខ្ញុំមិនមែនទេ ខ្ញុំមិនជឿរឿងនេះឡើយ ។​ ប៉ុន្តែខ្ញុំពិតជាសសើរ ដល់ពួកគាត់ ថ្វើបើជួបការអត់ឃ្លាន លំបាកហត់នឿយ តែពួកគាត់នៅ មានការតស៊ូ ដូចអ្វីដែល ពួកយើងតែងតែនិយាយ « មានជីវិតគឺមានការតស៊ូ មានជីវិតមានក្តីសង្ឃឹម » ។

About these ads

មតិ»

1. Senglong - 14/07/2011

ខ្ញុំធ្លាប់យំ យំដោយសារគ្មានស្បែកជើងថ្មីពាក់ យំរហូលដល់ថ្ងៃមួយដែលខ្ញុំបានឃើញបុរសពិការម្នាក់ដែលគ្មានជើងទាំងពីរ:-))

មាន​សង្ឃឹម - 15/07/2011

ស្តាប់​ទៅ​វា​ធ្វើ​ឲ្យ​គេ​រំជួល​ចិត្ត​បាន ចឹង​យើង​មាន​អ្វី​ប្រសើ​ជាង​គេ​ច្រើន​មែន​ទែន ការ​ទាមទា​ខ្លះ​វា​មិន​ហួសហេតុ​ពេក​ទេ​ តែ​បើ​មិន​មាន​ក៏​មិន​មែន​មាន​ន័យ​ថា​ធ្ងន់​ធ្ងរ​ដែរ​ ។

2. សុផាត - 15/07/2011

បងពិតជាពូកែសរសេរអត្ថបទមែនទែន ចំពោះរឿងពូម៉ូតូឌុបដែលបងនិយាយខា​ងលើ ធ្វើឲ្យខ្ញុំប៊ិះស្រក់ទឹកភ្នែក នឹកឃើញដល់ប៉ាខ្ញុំ ដែលគាត់តែងតែលះបង់គ្រប់បែបយ៉ាង លះបង់ការខ្មាស់អៀន ដើម្បីគ្រួរសារ និងកូនៗ។ គាត់ជាវីរះបុរសរបស់ខ្ញុំ។

មាន​សង្ឃឹម - 15/07/2011

អគុណ​ប្អូន​ប្រុស មាន​រឿង​កំសត់​ច្រើន​ណាស់​នៅ​លើលោក​ ។ បង​សប្បាយ​ចិត្ត​ដែល​ពួក​​យើង​មាន​លោក​ប៉ា​ដ៏អស្ចារ្យ​បែប​នេះ​ ។

3. ប្រុញ - 16/07/2011

ជីវិតមានគ្រប់រស់ជាតិ ឃើញអ្នកជិះឡានទនើបហឺហារ កុំស្មានថាជីវិតគេរីករាយតាម របស់ទំនើបនោះ

មាន​សង្ឃឹម - 16/07/2011

មាន​លុយ​មាន​ឡាន មិន​មែន​មាន​ន័យ​ថា​សប្បាយ​ចិត្ត​ មិន​មែន​មាន​ន័យ​ថា​គ្រប់​គ្រាន់​ មិន​មែន​មាន​ន័យ​ថា​មាន​សុភមង្គល​…. ។ អាច​ស្វែង​រក​ការ​រីក​រាយ​ក្នុង​​ចិត្ត​​ និង​សេចក្តី​សុខ​ដោយ​ខ្លួន​ឯង​ នោះ​បាន​ជា​រឿង​អស្ចារ្យសំរាប់​ជីវិត ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: