រូបភាព ៖ ដើម្បីជីវិតរស់ 23/05/2012
Posted by មានសង្ឃឹម in ចំណេះដឹងទូទៅ.3 comments
អ្នកអាចគិតថាបានធ្វើការងារនឿយហត់ដើម្បីជីវិតរស់ ប៉ុន្តែគាត់ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ម៉ឺននាក់ដែលត្រូវធ្វើការដ៏គ្រោះថ្នាក់ និងប្រថុយប្រថានក៏ព្រោះតែដើម្បីជីវិតរស់ ។
The Empty 29/04/2012
Posted by មានសង្ឃឹម in ចំណេះដឹងទូទៅ, វីដេអូ.Tags: I Will Survive
add a comment
វង្វេង 26/04/2012
Posted by មានសង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន, រឿងខ្លីរបស់ខ្ញុំ.Tags: មួយរាត្រី សំរាប់ការវិលត្រលប់មកវិញ, វីរជនពិតប្រាកដ, អាពៅក្នុងវ័យ២១ឆ្នាំ
6 comments
ខ្ញុំកំពុងតែវង្វេងក្នងព្រៃជ្រៅមួយដែលពោរពេញទៅដោយ ដើមឈើខ្ពស់ៗសន្លឹម… ខ្ញុំមិនអាចឃើញសូម្បីតែពន្លឺថ្ងៃ ។ តើខ្ញុំស្ថិតនៅទីនេះយូរប៉ុណ្ណាទៀត ? យប់ថ្ងៃចេះតែកន្លងទៅ…. ពេលវេលាពិតជាមិនចាំនរណាម្នាក់នោះទេ វាដូចជាទឹកជ្រោះដែលហូរទៅហើយគ្នានថ្ងៃត្រលប់…. នេះជាច្បាប់របស់ធម្មជាតិដែលយើងត្រូវតែទទួលទោះជាពេលខ្លះយើងមិនចង់ក៏ដោយ ។
ខ្ញុំបានក្រលេកមើលទៅអតីតកាលដែលនៅក្រោយខ្នង វានៅតែជាស្រមោលព្រាលៗ ដែលកំពុងតែរសាត់អណ្តែតវិលវល់តាមខ្ញុំគ្រប់ពេលវេលា ។ ខ្ញុំមិនចង់ឲ្យស្រមោលព្រាលៗទាំងនោះនៅរំខានខ្ញុំទេ ខ្ញុំពិតជាខ្លាច និងមិនអស់មន្ទិល ព្រោះមិនដឹងថាវាមានបង្កប់នៅក្នុងនោះ ជាអសុកាយ ជាសត្វសាហាវ ឬជាចោព្រៃ… ។ ខ្ញុំវង្វេងហើយ ខ្ញុំមិនអាចរកផ្លូវឃើញទេ… ខ្ញុំពិតជារងារណាស់… ខ្ញុំគ្រាន់តែចង់បានពន្លឺព្រះអាទិត្យដែលអាចផ្តល់កំដៅឧណ្ហៗដល់ស្បែករបស់ខ្ញុំ ដល់រាងកាយខ្ញុំ ហើយអាចជ្រាបចូលយ៉ាងជ្រៅក្នងបេះដូងរបស់ខ្ញុំ… ។
ខ្ញុំបោះជំហានត្រេតត្រូតមួយៗតាមជ្រកដ៏ចង្រៀតនៃ ចន្លោះដើមឈើទាំងឡាយ ធម្មជាតិហាក់បីដូចជាកំពុងតែសើចចំអកឲ្យមនុស្សដ៏ទន់ខ្សោយម្នាក់នេះ ហើយទីបំផុតខ្ញុំបានដួលដេកទៅលើដី… ទឹកភ្នែកខ្ញុំបានហូរកាត់ផែនថ្ពាល់របស់ខ្ញុំស្រក់ទៅលើកំរាលស្លឹកឈើ… តើខ្ញុំនឹងស្លាប់នៅទីនេះមែនទេ? ខ្ញុំពិតជាមិនដឹង ក្នុងខណះដែលស្រមោលនៃផ្សែងព្រាលនោះកំពុងតែរសាត់មកគ្របដណ្តប់លើខ្ញុំ ។ ខ្ញុំមិនអាចរើរួចទេ តើមាននរណាម្នាក់អាចជួយខ្ញុំបាន? ដៃដ៏រឹងមុំាដែលអាចលើកបីខ្ញុំ ស្មាដ៏ធំទូលាយអាចឲ្យខ្ញុំកើយ កំដៅឧណ្ហៗចេញពីរាងកាយ និង ចង្វាក់បេះដូងដែលខ្ញុំអាចស្តាប់លឺ… តើទៅណាបាត់អស់ហើយ? ហេតុអី…? ហេតុអី ខ្ញុំគ្រាន់តែជាស្រីម្នាក់ដែលមានរូបរាងតូចមួយសោះ ឲ្យខ្ញុំរាប់រ៉ងជីវិតដ៏លំបាកលំបិនបែបនេះ ឲ្យខ្ញុំទ្រទំងន់ដ៏ធ្ងន់ និង ចំណងចាក់ស្រេះដែលមិនអាចស្រាយបាន ?
មិនមាននរណាសូម្បីតែម្នាក់នៅលើលោកអាចជួយខ្ញុំបាន គឺមានតែមានខ្ញុំម្នាក់ឯង… ខ្ញុំប្រាប់ខ្លួនឯងថា ក្រោកឡើង ឯងត្រូវតែក្រោក… បើមិនដូច្នេះមានតែផ្លូវស្លាប់ប៉ុណ្ណោះ ។ ខ្ញុំបិតភ្នែក ហើយស្រវាចាប់ដីមួយក្តាប់យ៉ាងណែន ដើម្បីជាកំលាំងចុងក្រោយសំរាប់រត់ចាកចេញពីទីនេះ ។ ពេលនេះ នាទីនេះ ខ្ញុំកំពុងតែរត់ទាំងសំលៀកបំពាក់ និង ស្បែកជើងចាស់ដែលដាច់ដោយកន្លែង… ដើម្បើចាកចេញពីព្រៃ និង ស្រមោលនៃភាពភ័យខ្លាច… ខ្ញុំត្រូវតែទៅ ទៅមុខមិនបកក្រោយទោះបីជាខ្ញុំបានលឺសំលេងអ្វីក៏ដោយ… ។
ខ្ញុំបានរត់ រត់រហូត មិនដឹងថាយូរប៉ុណ្ណា ហត់ប៉ុណ្ណា ឆ្ងាយប៉ុណ្ណានោះទេ ខ្ញុំគ្រាន់តែសង្ឃឹមថាខ្ញុំអាចចេញពីពិភពដ៏ងងឹត តូចចង្រៀតនិងគ្រោះថ្នាក់នេះ… ទីបំផុតខ្ញុំបានមើលឃើញពន្លឺតូចមួយនៅចំពោះមុខខ្ញុំ នោះជាពន្លឺព្រះអាទិត្យដែលខ្ញុំត្រូវការ…. ពន្លឺនោះកាន់តែរីកធំទៅៗនៅក្នុងកែវភ្នែករបស់ខ្ញុំ… ជំហ៊ានចុងក្រោយគឺខ្លួនខ្ញុំបានមកដល់ទីវាលមួយដែលមានស្មៅ ដ៏ខៀវស្រងាត់ មានសត្វស្លាបហោះហើរលើមេឃ… ឯនាយមានទឹកជ្រោះធ្លាក់សក្បុះ មានផ្កាដុះចំរុះគ្រប់ពណ៌ ខ្យល់បក់មកត្រសៀក នាំមកនូវក្លឹនក្រអូបប្រហើនៃរុក្ខជាតិទាំងឡាយ … នេះហើយជាអ្វីដែលខ្ញុំចង់បាន ។
ខ្ញុំបានលាដៃខ្ញុំទាំងពីដែលពោពេញទៅដោយកំទេចស្លឹកឈើ និង ដី ហើយបាចទៅលើ… ខ្ញុំបានងាកមើលមកក្រោយ ផ្សែងអាប់អ៊ួរ ភាពភ័យខ្លាច និង ការមន្ទិលទាំងឡាយបានរលាយសាបសូន្យអស់ អ្វីដែលខ្ញុំឃើញគ្រាន់តែជាព្រៃឈើខ្ពស់ៗដែលមានពណ៌បែតងចាស់… នៅមិនឆ្ងាយពីមុខខ្ញុំគឹមានផ្សែងហុយចេញពីដំបូលផ្ទះ នៅក្បែរនោះជាហ្វូងគោ ពពែរបស់អ្នកស្រុក។ ខ្ញុំបិតភ្នែក ងើយមុខទៅលើ បង្វិលខ្លួនជាច្រើនជុំ… ហើយស្រែកថា«ខ្ញុំធ្វើបានហើយ» ដូចជាខ្លួនឯងកំពុងរីករាយជាមួយគ្រប់យ៉ាងដែលនៅជុំវិញខ្លួន ទាំងអតីតកាល បច្ចុប្បន្នកាល និង អនាគត… ។
ខ្ញុំបានយកសំលៀកបំពាក់ និង ស្បែកជើងកញ្ជាស់មកមើល… ខ្ញុំមិនស្តាយក្រោយពីអ្វីនៅក្នុងអតីតកាល ធាតុពិតវាបានបង្រៀនឲ្យខ្ញុំរឹងមុំា… ជារឿយៗរាល់ពេលដែលខ្ញុំជួបឧប្បសគ្គខ្ញុំតែងក្រឡេកមើលខាងក្រោយ ថាតើខ្ញុំត្រូវធ្វើបែបណា កុំឲ្យដួលម្តងទៀត កុំឲ្យឈឺម្តងទៀត… ខ្ញុំទុករបស់ចាស់នេះជារាងរហូត ទោះបីខ្ញុំមានរបស់ថ្មីក៏ដោយ យ៉ាងហោចណាស់ក៏វាជារបស់កំសត់កំរជាមួយគ្នាពេលដែលខ្ញុំលំបាក។
ខ្ញុំលើកកែវកាហ្វេក្រេបរសជាតិ ហើយសំលឹងមើលទៅកូនៗរបស់ខ្ញុំដែលកំពុងតែរត់ លេងលើសួនច្បារក្រោយផ្ទះយ៉ាងសប្បាយ ។
មនុស្សដែលរឹងមុំាម្នាក់មិនមានន័យថា មិនធ្លាប់ដួលនោះទេ ការពិតមនុស្សដែលរឹងមុំាម្នាក់ គឺដួលហើយអាចងើបវិញដោយខ្លួនឯងបាន។
មនុស្សល្អម្នាក់មិនមែនមានន័យថាមិនធ្លាប់ខុសនោះទេ មនុស្សល្អម្នាក់គឺដឹងខ្លួនខុសហើយអាចកែប្រែវាបាន នឹងមិនធ្វើកំហុសនោះកើតឡើងម្តងទៀត។
មានពេលខ្លះអតីតកាលធ្វើឲ្យអ្នកឈឺចាប់ ភ័យខ្លាច… ប៉ុន្តែត្រូវតែរៀន និងប្រឈមមុខនិងការពិតពីវា។ ការគិត និង មើលពីអតីតកាលច្រើនពេកធ្វើឲ្យអ្នកភ្លេចគិតពីរឿងនៅខាងមុខដែលអ្នកត្រូវធ្វើ ហើយវានឹងគ្របដណ្តប់លើអ្នកគ្រប់ពេល ផ្សែងនៃអតីតកាលនឹងធ្វើឲ្យអ្នកវង្វេងដូចជាស្ថិតក្នុងភាពងងឹត មិនដឹងខាងណាឆ្វេង ខាងណាស្តាំ… ហើយពេលនោះអ្នកនឹងដួល… ត្រូវរៀនពីវា ហើយទាំងនេះប្រហែលជាអ្វីដែលព្រះជាម្ជាស់ផ្តល់ឲ្យអ្នក ដើម្បីសាកល្បងថាតើអ្នកមានភាពរឹងមុំា និង ក្លាហានប៉ុណ្ណាក្នុងការតស៊ូក្នុងឆាកជីវិត?
សួស្តីឆ្នាំថ្មី 12/04/2012
Posted by មានសង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន, វីដេអូចំរៀងខ្មែរ.4 comments
នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំថោះនឹងផុតទៅ ហើយឆ្នាំរោងកំពុងត្រៀមខ្លួនចូលមកគ្រប់គ្រងអាណាចក្រខ្មែរជាថ្មីម្តងទៀត ។ មនុស្សម្នាទាំងឡាយកំពុងតែត្រៀមចិត្ត ត្រៀមកាយជាស្រេចសំរាប់ទទួលទេវតាឆ្នាំថ្មីដែលនឹងយាងមកក្នុងពេលឆាប់ៗនេះ ។
នៅលើដងវិថីក្នុងទីក្រុងប៉ុន្មានថ្ងៃនេះ ខ្ញុំបានឃើញពួកគេចាកចេញត្រលប់ទៅស្រុកកំណើត ដើម្បីជួបជុំបងប្អូន មីងមា និងញាតិសណ្តាន… ចុងក្រោយទីក្រុងនឹងប្រែជាស្ងប់ស្ងាត់ជាងសព្វមួយដង ។
ផ្ទុយទៅវិញទីជនបទដែលធ្លាប់តែឯកោនោះនិងមានសំលេង អ៊ូអរ ហ៊ោកញ្ជៀវជាពិសេសតាមទីវត្តអារាម នឹងមានលឺភ្លេងបុរាណ និង សម័យចំរុះនាពេលរាត្រី សំរាប់ប្រជាជនរាំលេងកំសាន្ត។
ដល់ពេលហើយ ដល់ពេលដែលពួកយើងត្រូវបូកមួយលេខទៀតបន្ថែមលើអាយុដែលធ្លាប់មាន កុំខ្វល់និងបារម្ភអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ រឿងដែលសំខាន់ តើយើងមានគោលបំណង និង ចង់សំរេចការងារអ្វីខ្លះនៅឆ្នាំថ្មី ? គ្រប់យ៉ាងនៅតែស្ថិតក្នុងកណ្តាប់ដៃយើង សូមញញឹមដោយក្តីសង្ឃឹមជាមួយខ្ញុំ ហើយចូលរួមរីករាយសំរាប់ចូលឆ្នាំប្រពៃណីជាតិយើងទាំងអស់គ្នា ។
ខ្ញុំជាម្ជាស់ប្លក់ មានសង្ឃឹមជូនពរជនរួមជាតិទាំងអស់ ឆ្នាំថ្មីសូមជួបតែសំណាងល្អ សុខភាពល្អ និងជោគជ័យក្នុងជីវិត ។
ដោយក្តីស្រលាញ់ដ៏ជ្រាលជ្រៅ
សុ ចិន្តា


